សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិសារអាហារពេលរាត្រីជាមួយ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងលោកជំទាវ

21

ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ -កាលពីរាត្រីថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០១៩ នៅសណ្ឋាគារហ្ក្រេតឌួក សម្តេចអគ្គមហាសេ​នា​ប​តី​​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន បានប្រារព្ធរៀបចំពិធី​លៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូន​ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃ​សាធារណរដ្ឋកូរ៉េ និងលោកជំទាវ ក្នុងឱកាស​ដែ​ល​ឯក​ឧត្តមប្រធានាធិបតី និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណា​ចក្រ​កម្ពុ​ជា។

 

នៅក្នុងពិធីលៀងសាយភោជន៍ជាលក្ខណៈគ្រូសារនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូន​ចំ​ពោះ​​​ឯកឧត្តម ប្រធានាធិបតី និងលោកជំទាវ ដែល​បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានចាត់ទុកថា ដំណើរបំពេញទស្សនកិច្ច​ផ្លូវរដ្ឋ រប​ស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺ​ជា​ការផ្តល់នូវមហាកិត្តិយសខ្ពស់ខ្លាំងណាស់សម្រាប់កម្ពុជា ពិសេសការបន្តពូនជ្រុំនូវចំណង​សា​មគ្គីភាពនិងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់​តែ​រឹង​​មាំ និងរីកចម្រើនទ្វេឡើងថែមទៀត បន្ទាប់ពីប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនង​ការទូត​ជា​មួ​យ​គ្នា ពីស្ថានតំណាងបេសកកម្មការទូតនៅឆ្នាំ១៩៩៦ និងដំឡើងជាស្ថានបេសកកម្មការទូត​នៅ​ ឆ្នាំ​១៩៩៧។ នៅក្នុងពិធីលៀងសាយភោជន៍នោះដែរ បើទោះបីមិនមានការថ្លែងសុន្ទរក​ថា​ក៏​​ពិត​មែន ប៉ុន្តែមេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ បានធ្វើការពិភាក្សាគ្នា​យ៉ា​ង​ ស៊ីជម្រៅលើទំនាក់ទំនងទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុក​ដា​ក់​​ដូចគ្នា ពិសេសការរិះរកគ្រប់មធ្យោបាយក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​នៃ​ប្រ​ទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងនាមជា​ប្រ​ទេស​​ដន្លង នឹងគ្នា។ នៅក្នុងពិធីលៀងសាយភោជន៍នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី​បា​ន​ស្នើ​ដល់ឯកឧត្តមប្រធានាធិបតីកូរ៉េ ពិនិត្យលទ្ធភាពក្នុងការទទួលទិញ​កសិផលពីប្រទេស    កម្ពុ​ជា ដែល​សំ​ណើនេះ ត្រូវបានឯកឧត្តមប្រធានាធិបតីទទួលនូវការស្វាគមន៍ និងបាន សន្យាថា ​នឹង​ជំរុញអ្នក​វិនិយោគសាធារណរដ្ឋកូរ៉េ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់ តែមានចំនួ​ន​​ច្រើនឡើង​ថែមទៀត ដើម្បីធ្វើការនាំចេញនូវមុខទំនិញ ដែលជាកសិផលកសិកម្ម ឧស្សា​ហក​ម្ម ពីកម្ពុជា​ទៅ​កាន់សាធារណរដ្ឋកូរ៉េ និងទៅកាន់ទីផ្សារ​អន្តរ​ជាតិ។

សូមបញ្ជាក់ដែរថា ឯក​ឧត្តមប្រធានាធិបតី នៃ សាធារណរដ្ឋកូរ៉េ និងលោកជំទាវ បាន​អ​ញ្ជើ​ញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦មី​នា ឆ្នាំ២០១៩។ ទន្ទឹមនេះ នាព្រឹកថ្ងៃទី១៥ ខែមីនានេះដែរ ឯកឧត្តមប្រធានាធិបតីនិង​លោក​ជំទាវ បានអញ្ជើញ​ចូ​ល​ថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រក​ម្ពុ​ជា និងអញ្ជើញជំនួបទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-សាធារណ​រដ្ឋ​កូរ៉េ។ ដោយឡែកនៅថ្ងៃទី១៦ ខែមីនា ឯកឧត្តមប្រធានាធិបតី និង​លោកជំទាវ នឹងអញ្ជើញទស្សនា​ប្រា​ង្គ​ប្រា​សា​ទ​មួយចំនួននៅទីក្រុងសៀមរាប មុនពេលដែលឯកឧត្តម​ប្រធានាធិបតី និងលោកជំទាវ អញ្ជើញនិវត្តន៍ ទៅកាន់សាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃ​ដដែលនោះដែ៕

ដោយ ជឹម ណារី