ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ច រយៈពេលបីថ្ងៃ

27

ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្ដម មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃ​សាធារ​ណរ​ដ្ឋ​កូ​រ៉េ និងលោកជំទាវ  គីម យ៉ុងស៊ុក (Kim Jung-sook) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាហើយ នារ​សៀ​លថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃ​ទី​​១៦ ខែមីនា ឆ្នាំ២០១៩ ដែល​តប​តា​ម​ការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្ស​​ត្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដុម មូន ចេអ៊ីន នឹងចូល​គា​ល់​ព្រះករុណា ព្រះ​បាទ​សម្តេ​ចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ច​ក្រកម្ពុជា នៅព្រះ​ប​រ​ម​​រាជវាំង និងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា​។ ឯកឧត្ដមប្រធានាធិបតី មូន ចេអ៊ីន និងសម្តេចតេជោនាយករដ្ឋ​ម​ន្ត្រី​​ ហ៊ុន សែន នឹងពិ​ភា​ក្សា​​​អំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិប​ត្តិ​កា​រ​​​លើវិស័យនានា​បន្ថែ​ម​ទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាកង្វល់ និង​ផល​ប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹង​អញ្ជើញ​ធ្វើ​ជា​សាក្សីក្នុង ពិធី​ចុះ​​ហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មាន​រួម​គ្នា​។

ឯកឧត្ដម ប្រធា​នាធិបតី មូន ចេអ៊ីន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏រំពឹង​ថា​នឹង​អញ្ជើ​ញ​ថ្លែង​សុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឱ្យ​មាន​​ការវិនិ​យោ​គ​ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំង​ពីរ​។ ទស្សនកិច្ច​លើក​ដំបូងមកកាន់កម្ពុជា របស់ឯកឧត្ដមប្រធានាធិបតី មូន ចេអ៊ីន គឺជា​ព្រឹ​តិ្ត​ការ​ណ៍ ដ៏​សំ​ខាន់​ក្នុង​ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹង​ធ្វើឱ្យកិច្ចសហ​ប្រ​តិ​​បត្តិ​ការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជ​ម្រៅ​​។

គួរបញ្ជាក់ដែរថា នេះ​គឺ​ជា​ដំណើរ​ទស្សន​កិច្ច​លើក​ទី១​របស់ ឯកឧត្ដម មួន ចេអ៊ីន មក​កា​ន់​​កម្ពុជា និង​ជា​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ទី៣ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា បន្ទាប់​ពី​ឯកឧត្ដម រ៉ូ មូយុន (Roh Moo-hyun) ដែល​បាន​មក​ទស្សន​កិច្ច​នៅ​កម្ពុជា កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៦ និង​ឯកឧត្ដម លី ម្បុង​បាក់ (Lee Myung-bak) ដែល​បាន​ធ្វើ​ទស្ស​ន​កិច្ច​មក​កម្ពុជា​នៅ​ខែ​តុលា​ឆ្នាំ​២០០៩​៕

ដោយ ជឹម ណារី