សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍៨ចំណុចក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល

23

នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជា​អធិបតីក្នុងពិធីបិទ​សន្និបាតបូកស​រុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសុខា​ភិបាល។ ដោយមានការអញ្ជើញ​ចូលរួមពីថ្នា​ក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាព​ថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាល​ស្រុកប្រតិបត្ដិ មន្ទីរពេទ្យ​បង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសុខាភិបាលនេះ ចាប់តាំងពីក្រោយរំដោះ​ប្រទេសចេញ​ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួម​បិទសន្និបាត​សុខាភិបាលលើ​កទី៤០។ ទន្ទឹមនឹងនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ​មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេស ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ និងការ​លំបាកដើម្បី​អនុវត្ត​គោលនយោបាយ និងកម្មវិធី​របស់​រាជរដ្ឋា​ភិបាលឲ្យសម្រេច​បាន​លទ្ធផលជាច្រើន​គួរជាទីមោទនៈ ពិសេសអប់​រំសុខភាព ការពិនិត្យព្យាបាល និងយន្តការ​គាំពារ​សុខភាព​ជូនប្រជាពលរដ្ឋ ដែលទទួលបាននូវភាព​រីកចម្រើនពីមួយ​ឆ្នាំទៅមួយឆ្នាំ។ ទន្ទឹម​នឹងនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរ​គុណចំពោះកា​រគាំទ្រទាំង​ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាល អង្គការមិនមែនរដ្ឋា​ភិបាលក្នុងស្រុក អន្តរជាតិ និងវិស័យ​ពាក់ព័ន្ធនានា រួមមានរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សមាគមវិជ្ជាជីវៈសុខាភិបាល និងវិស័យឯកជន​ ដែលបានសហការចូល​រួមគាំទ្រយ៉ាងសកម្មដើម្បីអនុវត្ត​សកម្មភាព​សំខាន់ៗ នៅក្នុងវិស័យសុខាភិបាល។

ក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវ​អនុសាសន៍ និងការទូន្មានដល់ក្រសួងសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ រួមគ្នាអនុវត្តនូវចំនុចសំខាន់ៗដូចខាងក្រោម៖

ទី១- ត្រូវរួមគ្នា​លើក​កម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាល ជាពិសេស សេវាសុខភាព​បឋម សេវាសង្គ្រោះបន្ទាន់ និងបង្កើនការអភិវឌ្ឍន៍នូវហេ​ដ្ឋារចនា​សម្ព័ន្ធ​សុខាភិបាល និងបច្ចេកវិទ្យា​វិជ្ជសាស្ត្រ។ ទន្ទឹមនឹងនេះដែរ ត្រូវលើកកម្ពស់​សមត្ថភាពនិយត្ត​កម្ម​ទាំង​នៅមូល​ដ្ឋាន​សុខា​ភិបាល​សាធារណៈ និងឯកជន ហើយត្រូវទទួល​សុខត្រូវ​ក្នុងការ​ផ្តល់​សេវា​សុខាភិបាល ការស្រាវជ្រាវ​សុខាភិបាល រួមមាន ជំងឺឆ្លង និងជំងឺមិ​នឆ្លង ពង្រឹងប្រព័ន្ធអង្កេត តាមដាន ដើម្បីឆ្លើយតបគ្រោះ​អាសន្នផ្នែក​សុខភាពសា​ធារណៈឲ្យស្របតាម​ល័ក្ខខ័ណ្ឌច្បា​ប់​សុខភាព​អន្តរជាតិ។

ទី២- ត្រូវរួមគ្នារៀបចំ និងអនុវត្តឲ្យមាន​សុវត្ថិភាព​នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ធ​នធានមនុស្ស​ក្នុងវិស័យ​សុខាភិបាល ពង្រឹង​សមត្ថភាព​ជំនាញ តាមរយៈការ​បណ្តុះ​បណ្តាល​មុនពេល​ចូលបម្រើការងារ និងក្នុងពេលប​ម្រើការងារ ជាពិសេសត្រូវ​អនុវត្តប្រព័ន្ធ​ទិន្ន័យគ្រប់គ្រង​ធនធាន​មនុស្សសុខាភិបាល ការពង្រាយ​បុគ្គលិក​សុខាភិបាល ដែលមានជំនាញច្បាស់​លាស់ទៅ​កាន់ទីជន​បទ និងត្រូវលើកទឹកចិត្ត ជូនដល់បុគ្គលិកសុខាភិបាលនៅ​តាមទី​ជនបទ​ដាច់ស្រយាល។

ទី៣- ត្រូវរួមគ្នា​អនុវត្តវិធានកា​រទប់ស្កាត់ និងបង្ការជំងឺ​ដោយ​បង្កើន​កិច្ចសហការជាមួយ​សហគមន៍ និងភាគីពាក់ព័ន្ធ ដើម្បីអប់​រំនិងផ្សព្វផ្សាយ​អំពី​អនាម័យ​សុវត្ថិភាព​ចំណី​អាហារ ការថែ​ទាំសុខភាព និងផលប៉ះពាល់ ដែលបណ្ដាលមកពីការ​ប្រើប្រាស់​គ្រឿងស្រវឹង គ្រឿងញៀន ឬថ្នាំជក់ និងផលប៉ះពាល់​ដោយសារ​កត្តាប្រែប្រួលអាកាសធាតុ។

ទី៤- ពង្រឹងការ​អនុវត្តច្បាប់ បទបញ្ញាតិ​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង ការប្រើប្រាស់​ឱសថ​ដោយគ្មាន​វេជ្ជបញ្ជា ការប្រើសារធាតុ​គីមីក្នុងចំណី​អាហារ និងការប្រើប្រាស់​គ្រឿងស្រវឹង និងថ្នាំជក់។

ទី៥- ត្រូវរួមគ្នាឲ្យមានយន្តការ​ពហុវិស័យក្នុ​ងសហគមន៍ លើកម្ពស់អាហា​រូបត្ថម្ភ ដោយមានការចូល​រួមពី​សហគមន៍ និងរដ្ឋបាល​ថ្នាក់ក្រោម​ជាតិក្នុងតំបន់ ដែលមាន​បញ្ហា​ប្រឈម​កំរិតខ្ពស់ចំពោះ​កង្វះ​អាហា​ររូបត្ថម្ភ។

ទី៦- ត្រូវរួមគ្នា​អនុវត្តប្រព័ន្ធ​គាំពារ​សង្គម តាមរយៈ​ការបង្កើន​វិសាល​ភាពគ្រប​ដណ្តប់ នៃមូលនិធិ​សម​ធម៌​សុខភាព របបសន្តិសុខសង្គម ផ្នែកថែ​ទាំងសុខភាពស​ម្រាប់មន្ត្រី​សាធារណៈ កម្មករ និយោជិក នៃវិស័យ ក្នុងប្រព័ន្ធ និងការរៀបចំ​បទដ្ឋាន​គតិយុត្តិ និងយន្តការដា​ក់ឲ្យ​ដំណើរការប្រព័ន្ធ​ធានារ៉ាប់​រងសុខភាពស​ង្គមសម្រាប់​ប្រជាជន​ក្នុងវិស័យ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ទី៧- ក្រសួងសុខាភិបាល ត្រូវធ្វើវិចារណកម្ម​មុខងារ និងភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័ន និងការសម្រប​សម្រួល​អន្តរ​ស្ថាប័នតាមរយៈ ការពង្រឹងភាពជា​អ្នកដឹកនាំមានគណនេយ្យភាពច្បាស់លាស់ ពង្រឹកសាមគ្គីភាព​ផ្ទៃក្នុងស្ថាប័ន និងអង្គភាពសុខាភិបាលគ្រ​ប់ជាន់ថ្នាក់ អនុវត្តឲ្យបាន​ហ្មត់ចត់នូវក្រមប្រតិបត្តិវិជ្ជាជីវៈផ្សារភ្ជាប់​និង ក្រមអភិវឌ្ឍមូលធនមនុស្ស ជាពិសេសគុណវឌ្ឍល្អប្រសើរ សមត្ថិភាពជំនាញ ទេព្យកោសល ការលើកទឹកចិត្ត ការផ្តល់អត្ថប្រយោជន៍ផ្សេងទៀតដល់មន្ត្រីបុគ្គលិកសុខាភិបាល។

ទី៨- ក្រសួងសុខាភិបា​លត្រូវរៀប​ចំគោល​នយោបាយ និងផែនការយុទ្ធសាស្ត្រសុខា​ភិបាលឲ្យបាន​​ហ្មត់ចត់តាមរយៈ​យន្តការតាមដាន និងការវាយតម្លៃ​ដើម្បីជំរុញការ​អនុវត្ត និងការកែលម្អ​វិធាន​ការតម្រង់​ទិសយុទ្ធសាស្ត្រ និងការពង្រឹង​កិច្ចសហប្រ​តិបត្តិការ​អន្តរ​ក្រសួង​តាមគោល​នយោបាយ​របស់​រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ត្រូវលើកកម្ពស់​យន្តការចែ​ក​រំលែក​និងផ្លាស់ប្តូរព័ត៌មានក្នុង និងក្រៅវិស័យសុខាភិបាល​នៅគ្រប់កម្រិតដើ​ម្បីលើក​កម្ពស់​ប្រសិទ្ធភាពនៃ​ការគ្រប់គ្រង និងការថែទាំសុខុមាលភាព​ដើម្បីឆ្លើយតបទៅ​នឹងសេចក្តីត្រូវការ​របស់ប្រជាជន​ទូទាំង​ប្រទេស ដែលជាអ្នកប្រើប្រាស់សេវាសុខាភិបាល​រដ្ឋប្រកបដោយ​ប្រសិទ្ធភាព និងតម្លាភាព៕