សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

23

សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រដល់​និស្សិតសាក​លវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ចំនួនសរុប ៣,០៤៣នាក់ ដែលមានថ្នាក់បរិញ្ញាបត្រ ២,៥០១នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ៥៤២នាក់ ក្នុងនោះក៏មាននិស្សិត​អាហាររូប​ករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៣៩ នាក់ផងដែរ ដែលពិធីនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹក​ថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវ​ក្តីរីករាយក្រៃលែង ដែលបានអញ្ជើញមក​ប្រគល់សញ្ញាប​ត្រដល់ក្មួយៗ និស្សិតនៃ សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច​នៅថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងអបអរសារ​ដល់និស្សិត​ជ័យលាភីទាំងអស់ និងបានថ្លែង​អំណរ​គុណចំពោះ​មាតាបិតា និងអាណាព្យាបាល ដែលបា​នផ្តល់​ឱកាស​អោយកូន​ចៅបាន​សិក្សារៀនសូត្រ​រហូត​បញ្ចប់ទទួល​បានជោគ​ជ័យនៅថ្ងៃនេះ។

សម្តេចតេជោ បានបញ្ជាក់​ផងដែរថា សម្តេចក៏ធ្លាប់​ជាសាស្រ្តា​បង្រៀនវគ្គ​ខ្លីៗនា​ទសវត្សឆ្នាំ ១៩៨០ លើឯកទេស​ផ្នែក​នយោបាយ​ការ​បរទេស នៅសាកលវិទ្យាល័យ​ខាងលើនេះ​ផងដែរ។ សម្តេចតេជោ មានមោទនភាព​ដែលបាន​ចូលរួមចែករំលែក​នូវចំណេះដឹង និងបទពិសោធន៍​ផ្ទាល់ដល់​និស្សិត។

សម្ដេចតេជោ​នាយករដ្ឋមន្ត្រី ក៏បានមាន​ប្រសាសន៍កត់​សំគាល់ពីបញ្ហា​យ៉េនឌ័រ (Gender) ដោយ​ក្នុងនោះ សម្តេចតេជោ បានកត់សម្គាល់​ឃើញថា ចំនួនសិស្សស្រី​នៅកម្រិត​ថ្នាក់វិទ្យាល័យ និងកម្រិតថ្នាក់​បរិញ្ញាបត្រ មាន​ចំនួន​ច្រើន​ជាងបុរស។ ប៉ុន្តែផ្ទុយទៅវិញ នៅពេល​ដែលពួក​គេ​ បន្តការ​សិក្សានៅថ្នាក់អនុបណ្ឌិត និងបណ្ឌិត​វិញ ចំនួននិស្សិត​ស្រីមានការ​ធ្លាក់ចុះទៅវិញ។ ដូច្នេះត្រង់​ចំណុចនេះ សម្តេចតេជោបានអំពាវ​នាវ ក៏ដូច​ជាសំណូមពរ​ឲ្យនិស្សិត​ស្រីនៅបន្តការ​សិក្សាអោយ​បាន​រយៈពេលវែង ជាពិសេស អាណាព្យាបាល ឬបុរ​ស​ជាប្តី គួរតែផ្តល់ឱកាស​ដល់កូនស្រី និងដល់ប្រពន្ធរ​បស់ខ្លួន​អាចបន្តការ​សិក្សាឲ្យបាន​ច្រើន ដើម្បីអោយ​គេមានល​ទ្ធភាព​ទទួលបាន​នូវចំណេះដឹងខ្ពង់​ខ្ពស់ទូលំទូលាយ និងឱកាស​ទទួលបាន​ការងារ​ល្អៗនាពេលខាងមុខ។

នៅក្នុង​ឱកាស​នោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​ទៅកាន់ព្រះសង្ឃ ដែលបានបញ្ចប់ការសិក្សា ដោយ សម្តេចមាន​ប្រសាសន៍ថា ទោះបី សម្តេច គាំទ្រនិងជំរុញ​អោយនិស្សិត​បន្តការសិក្សា​កាន់តែខ្ពស់ទៅមុខ ប៉ុន្តែនោះ​ជាជម្រើស​ផ្ទាល់ខ្លួនរបស់​និស្សិតម្នាក់ៗ រួមទាំងព្រះសង្ឃផង ព្រោះប្រទេសជាតិបានផ្តល់​ឱកាស និងសិទ្ឋិសេរីភាព​ពេញលេញ​ទូលំទូលាយ​តាមបែប​លទ្ឋិប្រជាធិបតេយ្យ ដែលពល​រដ្ឋម្នាក់​ៗមានសិ​ទ្ឋិក្នុង​ការសម្រេច​ចិត្តជ្រើសរើស ដោយគ្មានការ​កៀបសង្កត់​ឡើយ ទោះបីចង់​បន្តកាសិក្សា ឬចង់លាចាក​សិក្ខាបទ​មានប្រពន្ឋ ឬបន្តជា​ព្រះសង្ឃបូជា​ចំពោះព្រះពុទ្ឋ​សាសនានោះ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កា​ររីកលូតលាស់ នៃសាកលវិទ្យាល័យ និងលទ្ឋផល នៃការខិតខំប្រឹងប្រែង​បណ្តុះបណ្តាល​ធនធានមនុស្ស ព្រមទាំងជូនពរ​ដល់និស្សិតជ័​យលាភី ដែលបានទទួល​សញ្ញាបត្រ​នៅថ្ងៃនេះទាំងអស់ ទទួលបានជោគជ័យ​ក្នុងការសិក្សា និងការងារជា​បន្តបន្ទាប់​ទៀត​។ បន្ទាប់​មក សម្ដេចតេជោ បានអញ្ជើញផ្តល់កិត្តិយស​ប្រគល់សញ្ញាបត្រជូន​ដល់តំណាងនិស្សិត​នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅក្នុងបរិយាកាស ស្និទ្ឋស្នាល និង សប្បាយរីករាយក្រៃលែង៕