សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុង​​​​ពិធីពិសាអាហារជាមួយកម្មករធាក់ស៊ីក្លូ ដែលជាសមាជិក នៃមូលនិធិស៊ីក្លូ

29

CNV:

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងៗ ប្អូនៗ ដែលជាអ្នកធាក់ស៊ីក្លូទាំងអស់ ជាទីមេត្រី!

មិនចង់ឲ្យមូលនិធិស៊ីក្លូដំណើរការដូចភ្លើងចំបើង

ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានជួបជុំគ្នាសាជាថ្មីម្តងទៀត បន្ទាប់ពីមូលនិធីរបស់យើងចាប់ ដំណើរការកាលពីឆ្នាំកន្លងទៅ។ ខ្ញុំពិតជាមានអារម្មណ៍រីករាយ ដោយសារតែឃើញវឌ្ឍនភាព និងការរីកធំធាត់ ហើយបានដំណើរការ។ ដំណើរការនេះ មិនមែនជាដំណើរការមួយថ្ងៃពីរថ្ងៃ ឬក៏ដំណើរការតាមរបៀបភ្លើងចំបើងទេ។ អ្វីដែលខ្ញុំចង់បាន ខ្ញុំចង់ឲ្យដំណើរការនេះ បានប្រព្រឹត្តទៅក្នុងរយៈពេលវែង ដែលកម្មករស៊ីក្លូរបស់យើងទទួលបាននូវផលប្រយោជន៍ពីមូលនិធិ ដែលយើងបានរៀបចំនេះ។

អរគុណអ្នកឧបត្ថម្ភគាំទ្រទាំងឡាយ ដែលបានរួមចំណែកចូលក្នុងមូលនិធិនេះ

ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះ ឯកឧត្តម ឃួង ស្រេង ដែលបានដឹកនាំនូវមូលនិធិនេះ ហើយដែលបានធ្វើកិច្ចការទាំងប្រាំបួន ដូចដែលបានរៀបរាប់មកនេះ ដែលខ្ញុំចាត់ទុកថា នេះជាកិច្ចការស្នូលមួយ ដែលយើងត្រូវធ្វើបន្តទៅទៀត សម្រាប់បម្រើឲ្យនូវសេចក្តីត្រូវការ និងការបន្តដំណើរឈានទៅមុខ នៃមូលនិធិ ដើម្បីជាប្រយោជន៍ចំពោះកម្មករធាក់ស៊ីក្លូរបស់យើង។ ខ្ញុំអរគុណជាមួយនឹងអ្នកឧបត្ថម្ភគាំទ្រទាំងឡាយ ដែលបានរួមចំណែកចូលក្នុងមូលនិធិនេះ ជាមួយនឹងថវិការបស់ខ្ញុំ ថវិការបស់ឯកឧត្តម ឃួង ស្រេង និងថវិកាដែលចូលទៅដោយអ្នកឧកញ៉ា ក៏ដូចជា សប្បុរសជននានា ដែលចូលប្រចាំឆ្នាំ។ ថ្ងៃនេះ ខ្ញុំក៏សូមបញ្ជាក់ថា មានក្រុមហ៊ុនថ្មដាមួយ ដែលបន្តិចទៀតនឹងយកប្រាក់មកជូននៅទីនេះ បានស្ម័គ្រចិត្តចូលរួមក្នុងមួយឆ្នាំ ៧ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក បន្ថែមទៀត។ ក្រុមហ៊ុននេះ បើមិនបានមកផ្ទាល់គេ ក៏ចូលតាម ឧកញ៉ា ទ្រី ភាព ដែលឧកញ៉ា ទ្រី ភាព ក៏បានចូល ៥ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។ ក្រៅពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ចូលរួមក្នុងថ្ងៃនេះ ចំនួន ៥ ពាន់ដុល្លារ (សហរដ្ឋអាមេរិក) និងឯកឧត្តម កុយ ស៊ីឌឿន ចូល(ចំនួន) ៤ ពាន់ដុល្លារ (សហរដ្ឋអាមេរិក) ដូច្នេះ មានប្រាក់ ៩ ពាន់ដុល្លារ (សហរដ្ឋអាមេរិក) បន្ថែមទៀត។

អាទិភាពនៃនយោបាយ របស់ ហ៊ុន សែន ក្នុងគោលនយោបាយថ្មីលើវិស័យសង្គម

បើអ្នកណាចង់ចូលទៀតអត់មានអីលំបាកទេ ចេះតែចូលមក លុយហ្នឹងត្រូវប្រើប្រាស់ ដើម្បីបម្រើឲ្យផលប្រយោជន៍របស់កម្មករស៊ីក្លូរបស់យើង ដែលខ្ញុំចាត់ទុកថា គ្មានអ្នកណាដែលមានស្ថានភាពងាយរងគ្រោះ និងផុយស្រួយជាងកម្មករស៊ីក្លូនោះទេ។ ឥឡូវនេះ ក្នុងរយៈពេល ១ ឆ្នាំ កន្លងផុតទៅ កម្មករស៊ីក្លូនៅក្នុងទីក្រុងភ្នំពេញរបស់យើង បានទទួលនូវការធានារ៉ាប់រងមួយផ្នែក ដែលខ្ញុំចាត់ទុកថា នេះគឺជាផ្នែកនៃកិច្ចគាំពារសង្គម ដែលជាអាទិភាព នៃនយោបាយរបស់រាជរដ្ឋាភិបាល ឬអាចនិយាយបានថា ជាអាទិភាព នៃនយោបាយរបស់ ហ៊ុន សែន នៅក្នុងគោលនយោបាយថ្មីលើវិស័យសង្គម។ សូម្បីតែបញ្ហាស៊ីក្លូ យើងក៏បានកែលំអតាំងពីអាចាប់ហ្វ្រាំងនៅខាងក្រោយ កែលំអឲ្យវាមកខាងមុខ។ សូម្បីតែស្ថានភាពស៊ីក្លូបច្ចុប្បន្ននេះ ក៏វាល្អជាងពេលមុន ហើយធានាជាងពេលមុន ដែលមិននាំទៅដល់ការគ្រោះថ្នាក់ដល់អ្នកជិះ ក៏ដូចជាអ្នកបញ្ជាស៊ីក្លូផងដែរ។

ប្រាក់ចំណូលដែលកម្មករស៊ីក្លូទទួលបានពីមូលនិធិ

ពិនិត្យទៅលើប្រាក់ចំណូល ដែលបងប្អូនកម្មករស៊ីក្លូរបស់យើងទទួលបានក្នុងមួយថ្ងៃ ៧ ពាន់រៀល បើយើងគិតតែមួយថ្ងៃ ៧​ ពាន់រៀល គឺវាតិច ប៉ុន្តែ សូមអ្នកទាំងអស់គ្នាគិតជាមួយខ្ញុំយ៉ាងដូច្នេះទៅវិញ។ ១ ខែ អ្នកទាំងអស់គ្នាបានបើកចំនួន ២១ ម៉ឺនរៀល។ ប៉ុន្តែ បើយើងគិតជាថ្ងៃ ថា ១ ថ្ងៃ ៧​ ពាន់រៀល លុយវាច្រើនជាងនេះ រហូតទៅដល់លើសពីនេះ ប៉ុន្តែ យើងគិតជា ១២ ខែ នោះបងប្អូនទទួលបានចំនួន ២ លាន ៥ សែន ២ ម៉ឺនរៀល/១ ឆ្នាំ។ អញ្ចឹង បើគិតជាប្រាក់ដុល្លារ បងប្អូនទទួលបានប៉ុន្មានទៅ? ២ លាន(រៀល) យើងស្មើនឹង ៥០០ (ដុល្លារសហរដ្ឋអាមេរិក) ហើយ ៥ សែនរៀល ទៀត បូកជាមួយប្រាក់ឧបត្ថម្ភពេលចូលឆ្នាំ និងពេលភ្ជុំបិណ្ឌ និងបូកជាមួយនឹងសំលៀកបំពាក់ ដែលយើងផ្តល់សម្រាប់អ្នកនៅទីនេះ ចំនួនប្រាក់ដែលខ្ញុំ គិតថាជាមធ្យម យើងទទួលប្រមាណជា ៦០០ ដុល្លារ សហរដ្ឋអាមេរិក។

សមាជិកមូលនិធិអ្នកធាក់ស៊ីក្លូពេលនេះមានដើមទុននៅក្នុងដៃ

អញ្ចឹង បានជាខ្ញុំនិយាយអម្បាញ់ម៉ិញ នេះមិនខុសពីអ្វីដែលមុននេះគេប្រើពាក្យថា អ្នកសុំទានមានលុយអាប់ បានសេចក្តីថា ឥឡូវនេះ អ្នកធាក់ស៊ីក្លូរបស់យើងមានដើមទុនក្នុងដៃ ដែលមុននេះ ជួនកាលធាក់បាន ជួនកាលធាក់មិនបាន ក៏ត្រូវទទួលទានទៅតាមហ្នឹង។ ប៉ុន្តែឥឡូវនេះ ថ្លៃជួលស៊ីក្លូ ២ ពាន់(រៀល) និងថ្លៃម្ហូបអាហារ ៥ ពាន់(រៀល) ជាចំនួនមួយមិនតូចទេ។ អាចថា ធ្វើស្រែមានពេលខ្លះខាត ក៏ប៉ុន្តែ អ្នកធាក់ស៊ីក្លូ ដែលជាសមាជិកមូលនិធិ មិនមានថ្ងៃណាដែលខាតទេ បើទោះបីមិនបានធាក់ស៊ីក្លូថ្ងៃហ្នឹង ក៏មានប្រាក់ចំណូល ៧ ពាន់រៀល ក្នុង ១ ថ្ងៃដែរ។

តាំងពីក្រោយរំដោះ ៧ មករា ១៩៧៩ បានធ្វើកិច្ចការមនុស្សធម៌រៀងរហូតមក

ខ្ញុំពិតជាមានសេចក្តីរីករាយ ជាមួយនឹងស្មារតីដ៏សកម្មរបស់កម្មករស៊ីក្លូរបស់យើង ហើយខ្ញុំសង្ឃឹមថា អ្វីដែលយើងត្រូវបន្ត សង្គមត្រូវមើលឃើញដោយមិនត្រូវទុកចោលអ្នកណាម្នាក់នៅឃ្លាតពីយើងនោះទេ។ ពិតហើយ មានអ្នកខ្លះគេថា ខ្ញុំធ្វើប្រជាភិថុតិ ក៏ប៉ុន្តែ តើគេបានឃើញខ្ញុំធ្វើប្រជាភិថុតិរបៀបណាទៅ? បើក្នុងមួយជីវិតរបស់ខ្ញុំតាំងពីក្រោយរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ខ្ញុំបានធ្វើកិច្ចការមនុស្សធម៌រៀងរហូតមក ហើយមិនមែនធ្វើកញ្ឆក់កណ្តៀតតាមរបៀបមនុស្សខ្លះនោះទេ។ ក៏ប៉ុន្តែ ខ្ញុំធ្វើទៀងទាត់ដោយបង្កើតជាមូល និធិសម្រាប់ការធានារ៉ាប់រងរយៈពេលវែង ដែលមូលនិធិនេះ គឺឥឡូវនេះ ខ្ញុំបានមើលកាតវីងសម្រាប់បើក ប្រាក់ប្រចាំ ១០ ថ្ងៃ ម្តង នោះជាការធានារ៉ាប់រងក្នុងរយៈពេលវែង។

ប្រសិនបើ ហ៊ុន សែន មិនមែនជានាយករដ្ឋមន្រ្តីមូលនិធិស៊ីក្លូអាចនឹងរលាយទៅវិញ

ក៏ប៉ុន្តែ បញ្ហានេះក៏អាចមើលឃើញផង ដែរថា ប្រសិនបើ ហ៊ុន សែន មិនមែនជានាយករដ្ឋមន្រ្តីបន្តទៀត ក៏អាចនិយាយបានថា វាក៏រលាយទៅវិញ ដែរ។ ព្រោះបើអ្នកទាំងអស់គ្នាលែងត្រូវការខ្ញុំហើយ តើខ្ញុំមានការចាំបាច់នឹងបន្តវាធ្វើអីទៀត អញ្ចឹងទុកឲ្យ នាយករដ្ឋមន្រ្តីក្រោយធ្វើកិច្ចការមួយនេះទៅ។ ប៉ុន្តែ ខ្ញុំជឿជាក់ថា ប្រសិនបើនៅតែនាយករដ្ឋមន្រ្តីដែលចេញ ពីគណបក្សប្រជាជន ខ្ញុំគិតថាមូលនិធិនេះមិនត្រូវបាត់បង់ទេ។

គ្រោងសាងសង់អគារ និងទទួលរ៉ាប់រងរបបសម្រាប់មណ្ឌលក្មេងស្រីរងគ្រោះដោយការរំលោភបំពានផ្លូវភេទ

ខ្ញុំទទួលបន្ទុកទៅលើបញ្ហាមជ្ឈមណ្ឌល កុមារកំព្រា កុមារគរថ្លង់ និងទីកន្លែងដទៃទៀតយ៉ាងធំក្នុងរយៈកាលមិនមែនមួយឆ្នាំ ឬ ២ ឆ្នាំទេ ខ្ញុំអាចប្រើពាក្យថារាប់ សិបឆ្នាំរួចមកហើយ។ ខានស្អែកនេះ ខ្ញុំត្រូវទទួលរ៉ាប់រងនូវមជ្ឈមណ្ឌលពិសេសមួយ ដែលភរិយាខ្ញុំទើបនឹងទៅពីម្សិលមិញ ហើយត្រឡប់មកវិញ គាត់និយាយទាំងទឹកភ្នែកប្រាប់ខ្ញុំ នោះជាទីកន្លែងមួយដែលក្មេងស្រីត្រូវទទួលរងការរំលោភពីឪពុកបង្កើត ពីជីតាបង្កើត និងពីអ្នកដទៃទៀត។ ប៉ុន្តែ ឥឡូវស្ថិតក្នុងស្ថានភាពដែលមានការលំបាក។ ដូច្នេះ ខ្ញុំកំពុងឲ្យចុះសិក្សាអំពីអគារដែលត្រូវសាងសង់ ដែលខ្ញុំអាចនឹងសាងសង់អគារសម្រាប់ពួកគេ ហើយនឹងត្រូវផ្គត់ផ្គង់របបពួកគេ។ បើទោះបីជាអង្គការនៅក្រៅប្រទេសមិនផ្តល់នូវការទ្រទ្រង់សម្រាប់មណ្ឌលនេះក៏ដោយ ក៏ប៉ុន្តែ ក្នុងឋានៈខ្ញុំនឹងភរិយា នឹងចូលរួមធ្វើកិច្ចការងារមួយនេះ ដើម្បីកាត់បន្ថយនូវការឈឺចាប់ និងបង្កើតនូវការបណ្តុះបណ្តាលសម្រាប់ចៅៗ និងកូនៗទាំងឡាយ ដែលទទួលរងគ្រោះដោយសារតណ្ហាបិសាច។ រឿងនេះជារឿងមួយដ៏អកុសល អញ្ចឹងខ្ញុំយកពេលព្រឹកថ្ងៃអាទិត្យនេះ ដើម្បីនឹងទៅទីកន្លែងនោះ។ ម្សិលមិញ ភរិយាខ្ញុំទៅទីនោះហើយ ក៏ប៉ុន្តែ ខ្ញុំមិនអស់ចិត្ត ខ្ញុំត្រូវតែទៅដើម្បីធ្វើកិច្ចការសង្គមមួយនេះថែមទៀត ទៅលើកិច្ចការសង្គមជាច្រើនដែលខ្ញុំបាន និងកំពុងធ្វើរួចមកហើយ។

បន្តអនុវត្តស្មារតីចែករំលែក

សង្ឃឹមថាសង្គមជាតិរបស់យើង និងអនុវត្តនូវស្មារតី នៃការចែករំលែកដើម្បីឲ្យប្រទេសរបស់យើងក្លាយទៅជាប្រទេស ដែលមានវប្បធម៌ស្រលាញ់រាប់អាន ដោយមិនមានអ្នកណាមើលងាយគ្នា ក្នុងឋានៈជាមនុស្សដូចគ្នានោះទេ។ អ្នកមាន អ្នកក្រ តម្រូវការដូចគ្នា។ ដូច្នេះ ដោយសារសេចក្តីស្រលាញ់ ដោយសារការយល់ និងដោយសារខ្លួនធ្លាប់មានការលំបាក បានជាខ្ញុំត្រូវខិតខំជាមួយនឹងកិច្ចការទាំងឡាយ ម្ខាងគឺរាជរដ្ឋាភិបាលត្រូវអនុវត្តនយោបាយគាំពារសង្គមជាក់លាក់ ប៉ុន្តែម្ខាងទៀតខ្ញុំត្រូវតែធ្វើក្នុងនាមជាសប្បុរសជនម្នាក់ ដែលរួមជាមួយសប្បុរសជនដទៃទៀត ដើម្បីបង្កើតឡើងនូវស្ថានភាពដ៏ល្អប្រសើរ។

មូលនិធិនៅបន្តឧបត្ថម្ភ ១ លាន ៥ ម៉ឺនរៀល ទៅដល់ក្រុមគ្រួសារ នៅពេលសមាជិកមរណភាព

សូមបងៗប្អូនៗ ដែលជាអ្នកធាក់ស៊ីក្លូទាំងអស់ ជឿជាក់ទៅលើអ្វីដែលជាការប្តេជ្ញាចិត្តរួមគ្នារបស់យើង។ ខ្ញុំជាប្រធានមូលនិធិនេះ ហើយយ៉ាងហោចណាស់ ខ្ញុំនឹងបន្តក្នុងរយ

ៈពេល ១០ ឆ្នាំតទៅទៀត ដើម្បីរួមជាមួយអ្នកទាំងអស់គ្នា។ មូលនិធិរបស់យើងមិនមែនគ្រាន់តែជួយឧបត្ថម្ភមួយថ្ងៃ ៧០០០ រៀលទេ ប៉ុន្តែមូលនិធិរបស់យើងក៏បានផ្តល់សម្រាប់នៅពេលដែលកម្មករស៊ីក្លូរបស់យើងទទួលមរណភាព ពួកគាត់នៅទទួលប្រាក់ជាង ១ លានរៀល ថែមទៀតពីមូលនិធិ ដែលនេះអាចចាត់ទុកថាជាមូលនិធិមានលក្ខណៈពិសេសរបស់វា ដែលមានមូលនិធិខ្លះ បន្ទាប់ពីការស្លាប់ទៅ គេចប់ត្រឹមប៉ុណ្ណឹងតែម្តង។ ប៉ុន្តែ មូលនិធិនេះត្រូវតាមថែទាំទៅដល់ក្រុមគ្រួសារ រហូតទៅដល់ប៉ុន្មានខែក្រោយ គឺដែលមានទឹកប្រាក់រហូតទៅដល់ ១ លាន ៥ ម៉ឺនរៀល ថែមទៀត។ ប៉ុន្តែ សុំអ្នកទាំងអស់គ្នាកុំទាន់ទៅណាអី នៅរស់ជាមួយខ្ញុំនៅហ្នឹងសិនហើយ ព្រោះអម្បាញ់មិញពិតមែនតែសក់ស្កូវ ក៏ប៉ុន្តែខ្ញុំសួរទៅអាយុតិចជាងខ្ញុំទេ។ ខ្លះឆ្លើយមក ៦៦ ខ្លះឆ្លើយមក ៦៥ ខ្លះឆ្លើយមក ៦០ ខ្លះឆ្លើយមក ៥០ ជាងហ្នឹង។ បើអញ្ចឹងអាយុតិចជាងខ្ញុំទេ មានតែម្នាក់ទេអាយុច្រើនជាងខ្ញុំអម្បាញ់មិញនេះ អាយុគាត់ ៦៨ អញ្ចឹងគាត់ច្រើនជាងខ្ញុំត្រឹមតែ ១ ឆ្នាំប៉ុណ្ណឹង។ ហើយមិនប្រាកដទេ ៦៨ គាត់រាប់ក្បាលឆ្នាំក៏មិនដឹងទេ។ ក៏ប៉ុន្តែដោយសារពលកម្មរបស់យើងគឺមានភាពធ្ងន់ធ្ងរ ដូច្នេះធ្វើឲ្យវ័យរបស់យើងចាស់មុនអាយុ។

អំណោយសម្រាប់សមាជិកមូលនិធិ

ខ្ញុំសប្បាយរីករាយ ហើយថ្ងៃនេះទទួលទានអាហាររួមគ្នាជាមួយនឹងកម្មករស៊ីក្លូ ដែលជាសមាជិកនៃមូលនិធិ និងសប្បុរសជន និងអ្នកទទួលខុសត្រូវទាំងឡាយដែលបានរួមវិភាគទានសម្រាប់ដំណើរការ នៃមូលនិធិនេះ។ ហើយថ្ងៃនេះ សមាជិកមូលនិធិត្រីចក្រយានយន្ត ដែលមាន ៣២០ នាក់ ដែលបងប្អូនបានដាក់នៅលើស៊ីក្លូរួចហើយនោះ ក្នុងម្នាក់ទទួលបានអាវភ្លៀងមួយ មុងមួយ ភួយមួយ ក្រមាមួយ មីមួយកេស អង្ករ ៣០ គីឡូក្រាម និងថវិកា ២០​ ម៉ឺនរៀល សម្រាប់ម្នាក់ៗ។ ប៉ុន្តែ ខ្ញុំសូមនិយាយឲ្យហើយណា ដោយសារ​តែនេះជាការជួបគ្នាមុនចូលឆ្នាំ អញ្ចឹងទេ ៥ ម៉ឺនរៀល បើកសម្រាប់ចូលឆ្នាំ គឺអត់ត្រូវបើកទៀតទេ បើក ២០ ម៉ឺនរៀល យកថ្ងៃហ្នឹងទៅហើយ។ ប៉ុន្តែ ឥឡូវខ្ញុំសុំដកពាក្យទុកវិញទៅចុះ អានេះចាត់ទុកថាជាពេលវេលាដែលខ្ញុំមកសួរសុខទុក្ខ ខ្ញុំផ្តល់ តែ ៥ ម៉ឺនរៀលសម្រាប់ចូលឆ្នាំ នៅតែផ្តល់ដដែលវិញ កែពាក្យកន្លែងហ្នឹង។ គិតមើលទៅថា វាដូចជាចិត្តអាក្រក់ម្ល៉េះ ត្រូវបាន ៥ ម៉ឺន ពេលចូលឆ្នាំ ស្រាប់តែបាត់ទៅវិញ កាត់កងនៅក្នុងហ្នឹង។ ឥឡូវមិនបាច់កាត់ទេ ថ្ងៃនេះ ខ្ញុំឧបត្ថម្ភ ប៉ុន្តែ ៥ ម៉ឺនរៀល ដែលកំណត់នៅក្នុងលក្ខខន្តិកៈ នៃមូលនិធិរបស់យើងនៅមុនពេលចូលឆ្នាំ ដើម្បីបើកយកទៅចាយវាយពេលចូលឆ្នាំកម្សាន្តសប្បាយយ៉ាងម៉េច អានោះរឿងរបស់យើងទេ។

បើស្រវឹង សូមកុំធាក់ស៊ីក្លូទៅផ្ទះវិញ

ហើយយើងមានម្ហូបអាហាររួមគ្នានៅថ្ងៃនេះ ហើយថ្ងៃនេះ ក៏មានសិល្បករ/ការិនី តែខ្ញុំឃើញថាមានចម្រៀងមួយបទ ដូចជា អ៊ឹង ប៊ុនលាភ ច្រៀង ជិវិតអ្នកធាក់ស៊ីក្លូ ចាក់នៅប៉ុស្តិ៍ CNC តើមានយកបទហ្នឹងមកទេ? ​អាហ្នឹងបទបង ហ៊ុន ហេង និពន្ធសម្រាប់កម្មករស៊ីក្លូហ្នឹងតែម្តង។ ហើយថ្ងៃនេះ ដោយសារថ្ងៃទី ៨ មីនា ទិវានារីផងដែរ ថ្ងៃនេះក៏មានសិល្បការិនីច្រើនមកដែរ អញ្ចឹងក៏សុំឧបត្ថម្ភទៅខាងក្រុមតន្រ្តីសម័យដែលមកកំដរនៅថ្ងៃនេះ ចំនួន ១០ លានរៀលផងដែរ។ ហើយបងៗ ប្អូនៗកម្មករស៊ីក្លូ បើត្រូវការរាំវង់ គឺសាកល្បងទៅ អត់អីទេ សំណូមពរតែម្យ៉ាងគត់ គឺបើសិនជាស្រវឹង សុំកុំធាក់ស៊ីក្លូទៅ ហើយរកវិធីយ៉ាងម៉េចឲ្យនាំស៊ីក្លូទៅដល់កន្លែង ព្រោះស៊ីក្លូហ្នឹងត្រូវដឹងអង្ករផង ដឹងអីៗផង ហើយថ្ងៃនេះ នៅតាមទីផ្សារនានាអត់សូវមានស៊ីក្លូ ព្រោះស៊ីក្លូមកនេះដល់ទៅ ៣២០ ស៊ីក្លូទៅហើយ។ ក៏ប៉ុន្តែ ប្រាក់ចំណូលថ្ងៃនេះ ដែលកម្មករធាក់ស៊ីក្លូរបស់យើងទទួលបាន ដែលធ្លាប់បាន ១ ឬ ២ ម៉ឺន ក្នុងមួយថ្ងៃ ឬចូលដល់ ៣ ម៉ឺន តែថ្ងៃនេះបានទទួលដល់ទៅ ២០ ម៉ឺនឯណោះ និងទទួលបានការជួបជុំគ្នាមួយ ដែលយើងបានបង្ហាញនូវទំនាក់ទំនងរវាងថ្នាក់ដឹកនាំ សប្បុរសជន ជាមួយនឹងអ្នកធាក់ស៊ីក្លូ ដោយគ្មានការរើសអើង។

មន្ទីរពេទ្យរដ្ឋពិនិត្យ និងព្យាបាលជំងឺ ដល់កម្មករស៊ីក្លូដោយឥតគិតថ្លៃ, មូលនិធិផ្តល់អាវភ្លៀងនៅខែភ្លៀង អាវរងានៅខែរងា និងឯកសណ្ឋាន ២ សម្រាប់

ខ្ញុំនៅតែទាមទារឲ្យបណ្តាមន្ទីរពេទ្យទាំងអស់យកចិត្តទុកដាក់ ទៅលើការផ្តល់នូវការពិនិត្យព្យាបាលដោយឥតគិតថ្លៃ តាមរយៈការផ្តល់រួចមកហើយនូវប័ណ្ណទាំងនោះ ប៉ុន្តែ ម្សិលមិញ ឃើញ Fresh News ទៅសម្ភាសន៍ជាមួយនឹងកម្មករស៊ីក្លូរបស់យើង។ … គាត់ថា គាត់មានប័ណ្ណហ្នឹង តែគាត់មិនដែលឈឺផង។ អញ្ចឹងបើមិនឈឺទេ កុំចាំបាច់ទៅឲ្យពេទ្យឆ្កឹះ​អី ថែទាំសុខភាព។ ខ្ញុំបញ្ជូនទៅឥឡូវនេះ ភ្លៀងមិនទាន់ធ្លាក់ទេ ក៏ប៉ុន្តែ ខែនេះខែ ៣ ទៅហើយ យើងពាក់អាវភ្លៀងនេះ ដើម្បីធានាថានៅពេលដែលភ្លៀងធ្លាក់ កម្មករស៊ីក្លូរបស់យើងមានអាវភ្លៀងដើម្បីគ្របដណ្តប់ ចៀសវាងនូវជំងឺឈឺថ្កាត់កើតឡើង។ អញ្ចឹងទេ បានជាយើងត្រូវពិនិត្យថា ពេលខែភ្លៀង យើងត្រូវបំពាក់អាវភ្លៀងជូន ពេលខែរងា យើងត្រូវបំពាក់អាវរងាជូនចំពោះអ្នកធាក់ស៊ីក្លូរបស់យើង ហើយនេះគឺស្មើនឹងរបបកងទ័ព ដែលខែភ្លៀងត្រូវទទួលអាវភ្លៀងមួយ ខែរងាត្រូវទទួលអាវរងាមួយ ដែលមូលនិធិយើងត្រូវទទួលខុសត្រូវទៅលើបញ្ហានេះ។ បន្ថែមទៅលើឯកសណ្ឋានស៊ីក្លូចំនួន ២ សម្រាប់ ក្នុងមួយឆ្នាំ។

អរគុណសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភចូលមូលនិធិ, អរគុណសមាជិកមូលនិធិ ដែលផ្តល់ជំនឿទុកចិត្ត និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមូលនិធិ

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណជាមួយនឹងសប្បុរសជនទាំងអស់​ ដែលបានចូលរួមនៅក្នុងមូលនិធិ ដែលជាការផ្តល់នូវការស្រឡាញ់ និងអាណិត ចំពោះអ្នកក្រីក្រ ដែលងាយរងគ្រោះ ហើយកាត់បន្ថយនូវស្ថានភាពដ៏លំបាក ឲ្យពួកគាត់អាចប្រើប្រាស់នូវទុនទាំងនេះ ដែលគាត់រកបានសម្រាប់បញ្ជូនទៅគ្រួសារ ហើយបើទោះបីជាមានបញ្ហាអ្វីកើតឡើង ក៏គាត់នៅតែមានប្រាក់កម្រៃរហូតដល់ពេលគាត់មរណភាព ក៏ក្រុមគ្រួសារនៅទទួលបានប្រាក់ជាង ១ លានរៀល ថែមទៀត។ អរគុណចំពោះកម្មករស៊ីក្លូទាំងអស់ ដែលចូលរួមជាសមាជិក នៃមូលនិធិ ដែលនេះក៏បានផ្តល់នូវជំនឿទុកចិត្ត និងការលើកទឹកចិត្ត ចំពោះថ្នាក់ដឹកនាំនៃមូលនិធិ។

ក្រុមដើរសួរសុខទុក្ខ ត្រូវតាមដានជាប្រចាំពិនិត្យមើលស្ថានភាពកម្មករស៊ីក្លូ, បើមន្ទីរពេទ្យរដ្ឋណាមួយទារប្រាក់ ត្រូវផ្តល់ដំណឹងមកមូលនិធិ

ហើយខ្ញុំសុំឲ្យឯកឧត្តម ឃួង ស្រេង តាមដានកិច្ចការងារនេះឲ្យជាប់ជាប្រចាំ ដែល​យើងមានក្រុមអ្នកដើរសួរសុខទុក្ខ ពិនិត្យមើលស្ថានភាព ហើយស្ថានភាពទាំងនោះក៏ត្រូវតែពិនិត្យឲ្យច្បាស់លាស់ផងដែរ ជាមួយនឹងបណ្តាមន្ទីរពេទ្យ នៅពេលដែលអ្នកកម្មករស៊ីក្លូរបស់យើងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យតើបានទទួលការពិនិត្យដោយឥតគិតថ្លៃ ឬក៏ត្រូវចាប់បង្ខំឲ្យមានការបង់ប្រាក់? អញ្ចឹងក៏សុំបានជាការល្អ ប្រសិនជាមានការទាមទារប្រាក់ណាមួយ ពីមន្ទីរពេទ្យរបស់រដ្ឋ មន្ទីរពេទ្យឯកជនយើងមិនអាចទៅធ្វើបានទេ តែមន្ទីរពេទ្យរដ្ឋទាំងអស់​ត្រូវតែផ្តល់សេវាដោយឥតគិតថ្លៃ។ ប្រសិនបើគេហ៊ានទារប្រាក់ សូមផ្តល់នូវព័ត៌មាននេះ សម្រាប់មូលនិធិ ដើម្បីមូលនិធិនិយាយទៅកាន់ក្រសួងសុខាភិបាល។

ខ្ញុំសូមយកឱកាសនេះ ជូនពរដល់អ្នកចូលរួមទាំងអស់នៅទីនេះ ជាពិសេស បងៗ ប្អូនៗ ដែលជាកម្មករធាក់ស៊ីក្លូ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕