សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុង​​​​​ពិធី បើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី ៤

50

CVN:

ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា( Hidehisa Horinouchi) អគ្គរដ្ឋទូតសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
លោក សូហ្កាណូ យូអ៊ីឈិ( Sugano Yuichi)ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំកម្ពុជា។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពនឹករលឹក និងជាទីស្រលាញ់។

អរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលផ្ដល់ជំនួយក្នុងរយៈពេលកន្លងទៅ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានរួមជាមួយនឹង ឯកឧត្តមអគ្គរដ្ឋទូត ក៏ដូចជា ឯកឧត្តម លោកជំទាវលោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធបើកការដ្ឋានសាងសង់ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណង ពីប្រទេសជប៉ុន។ ដូចដែលឯកឧត្តម ឃួង ស្រេង និង ឯកឧត្តមអគ្គរដ្ឋទូតជប៉ុន ក៏បានលើករួចមកហើយដែរ លើកនេះគឺជាលើកទី៤ ដែលយើងបានធ្វើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីរំដោះទឹកនិងកែលម្អប្រព័ន្ធលូ នៅក្នុងក្របខ័ណ្ឌទីក្រុងភ្នំពេញ ដែលវានឹងផ្ដល់នូវផលប្រយោជន៍យ៉ាងធំ សម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញរបស់យើង។ ខ្ញុំសូមយកឱកាសដើម្បីថ្លែងជូននូវការអរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់នូវជំនួយក្នុងរយៈពេលកន្លងទៅ។ ជានិមិត្តរូបថ្ងៃនេះ យើងកំពុងតែចាប់ផ្ដើមនូវការដ្ឋានថ្មីមួយទៀតដែលមានទំហំទឹកប្រាក់ដ៏ធំ សម្រាប់ការដោះស្រាយបញ្ហាដ៏លំបាក នៅក្នុងទីក្រុងភ្នំពេញ។

ជប៉ុនមានបទពិសោធន៍ដោះស្រាយបញ្ហាសំរាម ទឹកកង្វក់ ការកកស្ទះ រហូតដល់ចរាចរណ៍

នៅក្នុងពេលដែលខ្ញុំទស្សនកិច្ចនៅប្រទេសជប៉ុន រយៈពេលកន្លងទៅ ការរៀបចំនូវគម្រោងដំណើរទស្សនកិច្ចរបស់ខ្ញុំនោះ មិត្តជប៉ុនបានផ្ដោតការយកចិត្តទុកដាក់ ទៅលើការនាំខ្ញុំទៅទស្សនកិច្ចនៅតំបន់ដែលទាក់ទងជា​មួយនឹងការដោះស្រាយទឹកស្អុយ សំរាម អនាម័យ ក៏ដូចជាបញ្ហាដទៃទៀតដែលទាក់ទងជាមួយនឹងនគរូបនីយកម្ម ហើយដែលនោះគឺបញ្ហាប្រឈម មិនមែនគ្រាន់តែកម្ពុជាមួយទេ តែប្រទេសដទៃរាប់ទាំងជប៉ុនខ្លួនឯង ក៏មានបញ្ហាប្រឈម។ ក៏ប៉ុន្តែ ជប៉ុនក៏បានដោះស្រាយបញ្ហានេះ ហើយក៏ជាប្រទេសមានបទពិសោធន៍ ក្នុងការដោះស្រាយបញ្ហា ដែលទាក់ទងជាមួយនឹងបញ្ហាសំរាមក្ដី បញ្ហាទឹកកខ្វក់ក្ដី និងបញ្ហាការកកស្ទះ រហូតទៅដល់បញ្ហាទាក់ទងជាមួយចរាចរណ៍។ ខ្ញុំពិតជាមានមោទនភាព ដែលយើងមានដៃគូមួយ ដែលបានបន្តសហប្រតិបត្តិការ ក្នុងរយៈការជាង ២០ ឆ្នាំកន្លងផុតទៅនេះ ហើយដែលកិច្ចសហប្រតិបត្តិការនោះ ជប៉ុនមិនដែលរង់ចាំនូវសភាពការអ្វី(មួយ) នៅ(មុន)ការអនុវត្តនូវគម្រោងរបស់ខ្លួននោះទេ។

កោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ/សុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការរំខាន

ខ្ញុំពិតជាមានការរីករាយ ហើយអរគុណ នឹងថ្ងៃនេះយើងបានរួមគ្នាជាមួយប្រជាពលរដ្ឋរបស់យើងក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រិយមិត្តជប៉ុន ដើម្បីនឹងបើកការដ្ឋានសាងសង់នូវសំណង់មួយនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរគ្រប់ខ័ណ្ឌ/សង្កាត់ និងប្រជាពលរដ្ឋ ដែលចូលរួមសហប្រតិបត្តិការ ក្នុងរយៈពេលកន្លងទៅ ដើម្បីឲ្យគម្រោង ៣ មុននោះបានទទួលនូវការសម្រេចផល ហើយសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋរបស់យើង នឹងមានកាយោគយល់អធ្យាស្រ័យ ចំពោះគម្រោងមួយនេះបន្ថែមទៀត ព្រោះនៅពេលដែលមានការសាងសង់ ពិតណាស់ថាវានឹងមានការរំខាន ដោយអន្លើទៅដល់ប្រជាពលរដ្ឋដែលធ្វើដំណើរក្ដី ឬការរស់នៅក្ដី តែនេះគឺជារឿងជៀសមិនផុតទេ ហើយនេះក៏ជាផលប្រយោជន៍សាធារណៈ សម្រាប់ប្រជាជនយើងផងដែរ។

វឌ្ឍនភាពដ៏ធំសម្បើមក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ

… យើងបានដឹងហើយថា បើយើងមកកាន់ទីនេះកាលពី ៤០ ឆ្នាំមុននោះ នៅក្នុងពេលវេលាដដែលនេះ សួនច្បាររបស់យើងទាំងអស់នៅក្នុងទីក្រុងភ្នំពេញ គឺភាគច្រើនគឺក្លាយទៅជាចំការដូង។ ពួក ប៉ុល ពត បានប្រើប្រាស់សួនច្បារទាំងអស់ និងតំបន់ជុំវិញផ្សារធ្វើជាទីកន្លែងដាំដូង។ ប្រសិនបើយើងកុំរំដោះទាន់ពេលវេលា ប្រហែលជាទីក្រុងភ្នំពេញទាំងមូលក្លាយទៅជាព្រៃដែលពួកគេដាំដូងតែប៉ុណ្ណោះ។ ក៏ប៉ុន្តែក្រោយពេលដែលយើងរំដោះប្រទេសជាតិ យើងក៏បានរៀបចំកសាងជាបណ្ដើរៗ ពីដំណាក់ដែលភ្នំពេញគ្មានមនុស្សនៅ ក្លាយទៅជាទីក្រុងភ្នំពេញមួយ ដែលមានមនុស្សច្រើនកុះករ រហូតទៅដល់ការបង្កើតឲ្យមានការស្ទះចរាចរណ៍ផងដែរ។ នេះក៏បង្ហាញឲ្យឃើញអំពីវឌ្ឍនភាព ដ៏ធំសម្បើមនៅក្នុងរយៈពេល ៤០ ឆ្នាំកន្លងផុតទៅនេះ។ សូម្បីតែសួនច្បារនេះ បន្ទាប់ពីកាប់ដើមដូងចេញហើយ យើងបានកសាងសួនច្បារឡើងវិញ។ សួនច្បារទាំងអស់របស់យើងកាលពីពេលមុន គឺសុទ្ធតែជាដីក្រហមទេ ដែលប្រជាពលរដ្ឋរបស់យើងដើរលេងកម្សាន្ត ដោយមានការប្រឡាក់ជើង ប្រសិន​បើមានភ្លៀងធ្លាក់។ ប៉ុន្តែឥឡូវនេះ សួនច្បារទាំងអស់នៅក្នុងទីក្រុងភ្នំពេញយើងនេះ ក៏បានក្លាយទៅជាសួនច្បារ ដែលបានរៀបចំបានយ៉ាងល្អ ហើយផ្ដល់ជាទីកន្លែងសមរម្យ សម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្ដល់ជាទីកន្លែងហាត់ប្រាណរបស់ប្រជាពលរដ្ឋនៅតាមសួនច្បារទាំងនោះផងដែរ។

បបួលស្បថបើមានអ្នកនិយាយថា ហ៊ុន សែន ដឹកនាំប្រទេសកាន់តែក្រទៅៗ

អញ្ចឹងទេ បានជាថ្ងៃមុននេះនៅក្នុងពេលបើកការដ្ឋានកសាងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំ ខ្ញុំបាននិយាយយ៉ាងច្បាស់ថា ពីពេលនេះតទៅ បើមាននិយាយថា ហ៊ុន សែន ដឹកនាំប្រទេសកាន់តែក្រទៅៗ ខ្ញុំនឹងបបួលស្បថតែម្ដង ខ្ញុំមិនបបួលភ្នាល់ទេ។ ព្រោះភ្នាល់វាអត់បានការទេ។ ស្រេចតែគេមិនគោរពការភ្នាល់ ព្រោះការស្បថជាការល្អជាង ព្រោះគេថា ហ៊ុន សែន ដឹកនាំប្រទេសកាន់តែក្រទៅៗ ក៏ប៉ុន្តែខ្ញុំមិនយល់ទេថា តើការក្រនោះមានអ្វីដែលក្រលើសពីការក្រក្រោយឆ្នាំ១៩៧៩ ពេលដែលយើងចេញពីរបប ប៉ុល ពត កាលពីរយៈពេល ៤០ ឆ្នាំមុន​។ អញ្ចឹងទេខ្ញុំនឹងបបួលស្បថបន្ត ឲ្យតែហ៊ាននិយាយអំពីការក្រទៅៗ ខ្ញុំចាត់ទុកថាអ្នកឯងបានស្បថជាមួយខ្ញុំ ហើយនឹងទទួលនូវផលកម្មដែលអ្នកឯងត្រូវទទួល។

ទន្លេទទួលទឹកភ្លៀងពីភាគខាងលើមិនទាន់ វាបង្កជាជំនន់

វាមិនមែនព្រោះរឿង គ្រាន់តែអញ្ចេះខ្ញុំសូមលើកករណីមួយ ដើម្បីយើងមកបញ្ជាក់ ហើយបង្ហាញជូនទាំងអស់គ្នា ដើម្បីយើងមានសុចរិតភាពក្នុងការនិយាយស្ដី ក្នុងការវិនិច្ឆ័យ ក្នុងការវាយតម្លៃ ហើយនៅក្នុងការចេញសារដែលមានចរិតជាការបញ្ចេញមតិក្ដី ឬជាសារនយោបាយក្ដី។ ខ្ញុំលើកឧទាហរណ៍ បញ្ហាទាក់ទងរឿងអំពីបញ្ហាទឹកជំនន់។ ហេតុអីបានជាមានទឹកជំនន់ ?ចំណុចនេះយើងត្រូវសួរ មិនថាជំនន់ស្អីទេ មិនថាជំនន់ទឹកទន្លេឬក៏ជំនន់ទឹកភ្លៀង។ ហេតុអ្វីទៅបានជាមានទឹកជំនន់? មានតែសមុទ្រមួយទេដែលវាមិនដែលជំនន់ ប៉ុន្តែសមុទ្រ វាមានពេលនាច មានពេលជោរ (ព្រោះវា)បានរុញផលប៉ះពាល់របស់វាទៅដល់បណ្ដាទន្លេទាំងឡាយ ដូចជានៅក្នុងប្រទេសរបស់យើង ពេលដែលទឹកជោរឡើង ធ្វើឲ្យបណ្ដាព្រែកតាមទន្លេមេគង្គ និងទន្លេបាសាក់ ជា​ពិសេសទន្លេមេគង្គ ដែលជាប់ទៅនឹងព្រំដែនវៀតណាម … នៅពេលដែលទឹកសមុទ្រនាចទៅ គឺទឹកតាមបណ្ដាព្រែកទាំងឡាយដែលហូរធ្លាក់ចូលទៅក្នុងសមុទ្រ វាក៏ហូរក្នុងល្បឿនលឿន ប៉ុន្តែពេលដែលទឹកសមុទ្រចាប់ផ្ដើមជោរឡើង វាក៏ទប់ស្កាត់នូវល្បឿនការហូរធ្លាក់ចុះ ទៅក្នុងសមុទ្រនៃបណ្ដាព្រែក ឬទន្លេ ដែលវាពាក់ព័ន្ធជាមួយនឹងសមុទ្រ ហើយកំពស់ទឹកសមុទ្រនៅក្នុងប្រទេសខ្លះ ក៏មានការកើនឡើង។

… មិនទាន់ទៅដល់ការលិចលង់នៅបណ្ដាកោះនានាទេ ពិតមែនតែមានការព្យាករថា ប្រមាណជាឆ្នាំ ២០៥០ និងក្រោយឆ្នាំ ២០៥០ អាចនឹងមានកោះតាមប្រទេសមួយចំនួន មានកម្រិតទឹកទៅកាន់កាប់តំបន់ ដែលកំពុងតែជាដីគោកសព្វថ្ងៃនេះ។ ប៉ុន្តែបកមកនិយាយអំពីបញ្ហា ហេតុអ្វីបានជាមានទឹកជំនន់? បញ្ហានេះវាមិនមែននៅតែទីក្រុងភ្នំពេញទេ វានៅគ្រប់ទីកន្លែងទាំងអស់ កុំថាឡើយនៅទីក្រុងភ្នំពេញ។ ដាក់ចេញជាសំណួរ​ថា ហេតុអីបានជាមានជំនន់ទឹកទន្លេមេគង្គ? មូលហេតុ ដោយសារតែទឹកធ្លាក់ពីលើមក វាមានចំនួនច្រើនជាងទន្លេ ធំជាងទន្លេ ដូចជាទន្លេរបស់យើងត្រូវទទួលថា ក្នុងមួយវិនាទីមានចំនួន ៥ លានម៉ែត្រគូប ក្នុងមួយវិនាទី ប៉ុន្តែទឹកទន្លេរបស់យើងបែរជាធ្លាក់ក្នុងមួយនាទីរហូតទៅដល់ ១០ លានម៉ែត្រគួប បើអញ្ចឹងវាធ្វើឲ្យជំនន់មេគង្គតែម្តង។ អញ្ចឹង ស្ថានភាពដែលត្រូវតែយល់មានយ៉ាងដូច្នេះ។

កម្រិតទឹកភ្លៀង ឬទឹកមកពីផ្នែកណាមួយ លើសពីសមត្ថភាពរំដោះរបស់លូ ទើបមានជំនន់ភ្នំពេញ

ឯនៅទីក្រុងភ្នំពេញរបស់យើងនេះវាងាយណាស់ ពេលដែលទឹកធ្លាក់មក វាលើសកម្រិតនៃការទទួលបាន នៃបណ្តាលូ ដែលធ្វើឲ្យមានការលើសចំណុះ ដែលទាញស្រូបយកបាន។ ប្រទេសជប៉ុនឆ្នាំទៅនៅទីក្រុងណាមួយនោះ ស្លាប់មនុស្សប៉ុន្មានទៅ? ក្នុងទីក្រុងតែម្តង។ នេះសមត្ថភាពរបស់ជប៉ុន ដែលនៅទីក្រុង មួយស្លាប់មនុស្សអស់មិនចេះតិចទេ។ ប្រទេសជប៉ុន គឺជាប្រទេសដែលមានលូធំៗ ហើយដែលអាចរំដោះទឹកបានលឿន ប៉ុន្តែទីក្រុងមួយនេះ ត្រូវវាយប្រហារដោយជំនន់ទឹកភ្លៀង … នោះធ្វើឲ្យមនុស្សស្លាប់។ នៅប្រទេសបារាំង នៅអ៊ីតាលី នៅប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងសហរដ្ឋអាមេរិក នៅទីក្រុងមួយចំនួនក៏មានទឹកជំនន់កើតឡើង។ អញ្ចឹង សួរថា ទឹកជំនន់នោះវាកើតមកពីអី? វាកើតមកពីអាកម្រិតទទួលបានរំដោះចេញ និងរវាងការធ្លាក់ចុះនៃទឹកភ្លៀង ឬក៏ទឹកមកពីផ្នែកណាមួយនោះ វាទៅផុតពីសមត្ថភាព នៃការទទួលបាន។

កម្ពុជាខ្វះសុចរិតភាព នៃការធ្វើអត្ថាធិប្បាយ

ប៉ុន្តែ ជាអកុសលនៅកម្ពុជា ខ្វះសុចរិតភាពនៃការធ្វើអត្ថាធិប្បាយ នៅត្រង់ថា ពេលដែលចាប់ផ្តើមភ្លៀងធ្លាក់ហួសកម្រិតសមត្ថភាព ជួនកាលលេងក្នុងមួយថ្ងៃមួយយប់ ៣០០ មីលីម៉ែត្រ អីឯណោះ អញ្ចឹង ធ្វើឲ្យកម្រិតទឹកដែលយើងអាចរំដោះចេញនេះ វាចាប់ផ្តើមជួបប្រទះបញ្ហា។ អញ្ចឹងទេ បែរជាគេបង្ហោះហ្វេសប៊ុកព្រោងព្រាត ឌឺឲ្យយើងថា នេះហើយជាសមត្ថភាពគ្រប់គ្រងរបស់ ហ៊ុន សែន នេះហើយជាសមត្ថភាពគ្រប់គ្រងរបស់ ប៉ា សុជាតិវង្ស ហើយចុងក្រោយនេះ ថានេះហើយជាសមត្ថភាពគ្រប់គ្រងរបស់ ឃួង ស្រេង។ ខ្ញុំទទួលយក ប៉ុន្តែ សុំធ្វើការវិនិច្ឆ័យដោយសុចរិតភាព ក្នុងឋានៈដែលមានឈាមជ័រជាមនុស្ស។ វាមានតែតិរច្ឆានទេ ដែលវាមិនស្គាល់បញ្ហា ហើយវាឆ្លៀតពេល វេលារបស់វាតាមដែលអាចធ្វើទៅបាន ដូចជាឆ្កែឆ្កួតខាំជាដើម … យើងត្រូវយកចិត្តទុកដាក់ នៅក្នុងចំណោមការបង្ហោះហ្វេសប៊ុកទាំងនោះ (ដើម្បីពិនិត្យមើល)ចំណុចដែលយើងត្រូវទទួលយកដើម្បីយកមកកែលម្អ រួមទាំងទឹក រួមទាំងសំរាម ដែលវាហូរទៅជាមួយ អាហ្នឹងដែលយើងត្រូវគិត … មិនមែនយើងមិនទទួលយក ក៏ប៉ុន្តែ សុំកុំឲ្យគេដាក់ទម្ងន់ទាំងស្រុងមកលើរដ្ឋបាលរបស់យើង ក្នុងពេលដែលពិភពលោកទាំងមូលកំពុងជួបប្រទះដូចៗគ្នា ហើយគេមានសុចរិតភាព(ជាងនៅកម្ពុជា)។

ជប៉ុនជួយគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ ៤ ដំណាក់កាលហើយ

… ដោយសារតែយើងទទួលស្គាល់ថា កម្រិតសមត្ថភាពនៃការទទួលទឹកវាមិនគ្រប់គ្រាន់នេះហើយ បានជាយើងស្នើសុំឲ្យមានការសិក្សាពីសំណាក់ JICA ពីសំណាក់រដ្ឋាភិបាលជប៉ុន ហើយនៅទីក្រុងភ្នំពេញរបស់យើងនេះ អ្នកដែលផ្តល់ជំនួយតាំងពីដំណាក់ទី ១ ទី ២ ទី ៣ និងទី ៤ ថ្ងៃនេះ គឺបានមកពីមិត្តជប៉ុន។ ហើយដំណាក់កាលនេះ គឺសុទ្ធសឹងមានការសិក្សាជាក់លាក់ពីអង្គការសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន ដែលហៅថា JICA។ យើងត្រូវពង្រីកបន្ថែមប្រព័ន្ធលូ ធ្វើយ៉ាងម៉េចបញ្ចៀសការទម្លាក់ទឹកស្អុយពីទីក្រុងភ្នំពេញចូលទៅទន្លេមេគង្គ ទន្លេសាប ព្រោះនៅតំបន់របស់យើងនេះ ទឹកដែលធ្លាក់ទៅក្នុងទន្លេពិតប្រាកដ គឺមានខាងទន្លេសាប ហើយក៏មានខាងទន្លេបាសាក់ ឯទន្លេមេគង្គងាកទៅម្ខាង ព្រោះយើងស្ថិតនៅចំទន្លេបួនមុខ។ ឯបួនមុខរបស់យើងនេះ មេគង្គស្ថិតនៅត្រើយម្ខាងនោះ ឯទន្លេសាបស្ថិតនៅខាងនេះ និងទន្លេបាសាក់ស្ថិតនៅខាងក្រោមព្រះបរមរាជវាំង។

… យើងត្រូវទទួលស្គាល់ថា សមត្ថភាពនៃប្រព័ន្ធលូរបស់យើងវាមិនទាន់គ្រប់ទេ។ ដូច្នេះហើយបានជាយើងមានតម្រូវការនូវក្នុងការកសាងបន្ថែម តាមរយៈនៃការស្នើសុំជំនួយរបស់ជប៉ុន។ ការស្នើសុំជំនួយ ឬរកថវិកាតាមរយៈហិរញ្ញប្បទានពីប្រទេសក្រៅមកធ្វើជាលូរំដោះទឹកបន្ថែមទៀត បូកបន្ថែមទៅដោយការវិនិយោគខ្លួនឯង ដើម្បីទាញទឹកចេញពីក្នុងទីក្រុង។ ដូចជាយើងរៀបចំម៉ាស៊ីនបូមទឹកមួយចំនួន ដែលបូមទម្លាក់ចេញទៅខាងក្រៅនៅខាងកប់ស្រូវឯណោះ ធ្វើយ៉ាងម៉េចកុំឲ្យទឹកនេះវាបុកធ្លាក់ ចូលមកក្នុងទីក្រុងភ្នំពេញរបស់យើង។

ជំនន់សហសវត្សរ៍ ទាមទារឲ្យពង្រឹងសមត្ថភាពទំនប់កប់ស្រូវ

យើងបានពង្រឹងនូវសមត្ថភាព នៃទំនប់កប់ស្រូវ ដែលក្នុងឆ្នាំ ២០០០ យើងបានបង្កើតសណ្ឋាគារផ្កាយប្រាំពីរនៅលើទំនប់នោះទៀតផង។ ម៉េចបានខ្ញុំហៅថាសណ្ឋាគារផ្កាយប្រាំពីរ? នៅទីនោះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមត្រូវប្រចាំការ ព្រោះពេលនោះជំនន់សហសវត្សរ៍ បានគ្របដណ្តប់នៅទូទាំងប្រទេស ហើយគំរាមកំហែងដល់ទីក្រុងភ្នំពេញ។ អញ្ចឹង ទំនប់កប់ស្រូវងាយនឹងបាក់ខ្លាំងណាស់។ ពេលនោះ មានរូងនាគជាច្រើន ដែលងាយនឹងបុកផ្តាច់ទំនប់ អាចធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាដែលរស់ក្នុងទីក្រុងភ្នំពេញ(ជួបនឹងការលំបាក)។ (បើសិនជាកើតមានមែន)ពេលនោះ មិនដឹងថាអ្នកណាជួយអ្នកណា។ សូម្បីតែខ្ញុំក៏មិនអាចជួយអ្នកណាបានដែរព្រោះផ្ទះរបស់ខ្លួនឯងក៏ត្រូវលិច។ សំណាងល្អខ្ញុំមានវិមានឯករាជ្យ បើមានការអីខ្ញុំឡើងវិមានឯករាជ្យ …។

ដើម្បីកាត់បន្ថយសម្ពាធទឹក ដែលមួយផ្នែកបានចូលតាមលូ ព្រោះលូរបស់យើងហូរទម្លាក់ទៅក្នុងទន្លេ ដល់ទៅទឹកជំនន់វាខ្លាំង ទឹកទន្លេហ្នឹងវារុញតាមលូត្រឡប់មកវិញ … នៅចាំបានទេ នៅទីក្រុងភ្នំពេញ យើងធ្លាប់តែប្រ​មូលមន្ត្រីរបស់យើងនៅតាមស្ថាប័ននានា បូកនឹងទីក្រុងភ្នំពេញនេះ ដើម្បីធ្វើជាកូនទំនប់តាមមាត់ទន្លេទាំងអស់ ដើម្បីការពារទឹកជំនន់បុកចូលពីទន្លេមកក្នុងទីក្រុងភ្នំពេញ … មានពីរពេលដើម្បីបញ្ចៀសនូវសម្ពាធ នៃការបាក់ទំនប់កប់ស្រូវ និងការបុកទឹកចូលទីក្រុងភ្នំពេញ ដែលយើងបានលើកជាប្រព័ន្ធក្នុងពេលនោះ ខ្ញុំបានបញ្ជាទាំងយប់ឲ្យកាត់ផ្លូវជាតិលេខ ១ ពីរកន្លែង ហើយដែលកន្លែងត្រូវកាត់នោះ ក្រោយមកជប៉ុនជាអ្នកសាងសង់ស្ពាននៅទីកន្លែងនោះ … តភ្ជាប់ផ្លូវជាតិលេខ ១។ ពីដើមឡើយកន្លែងនោះ គឺជាតំបន់ដែលមានព្រែក ក៏ប៉ុន្តែ ត្រូវបានពួក ប៉ុល ពត បិតភ្ជិត។ ដើម្បីបញ្ចៀសការលិចលង់ក្នុងទីក្រុងភ្នំពេញ យើងបានកាត់ផ្លូវជាតិលេខ ១ ពីរកន្លែង ដើម្បីសង្គ្រោះនៅទីក្រុងភ្នំពេញ។ នៅពេលយើងកាត់ក្នុងរង្វង់ ប្រមាណជាម៉ោង ១២ យប់ ព្រឹកឡើងនៅទីក្រុងភ្នំពេញមានការស្រកចុះបន្តិច …។

ជំនន់ព្រែកត្នោត កាត់ផ្លូវជាតិលេខ ២ បញ្ចៀសទឹកឲ្យហូរចូលបឹងជើងលោក

ពេលឆ្នាំ ២០០០ ទន្ទឹមនឹងជំនន់មេគង្គដ៏ធំ ដែលទៅផុតពីអ្វីដែលយើងគិតថាវា(អាចកើត)មាន ហើយក្នុង ៥០ ឆ្នាំ មានតែម្តងប៉ុណ្ណោះទេ យើងត្រូវជួបប្រទះនូវទឹកជំនន់ព្រែកត្នោតពីទិសខាងលិចមក វាយលុកចូលរាជធានី ភ្នំពេញរបស់យើងនៅក្នុងខណ្ឌដង្កោថែមទៀត។ ពេលនោះខ្ញុំចេញបទបញ្ជាឲ្យកាត់ផ្លូវជាតិលេខ ២ ដើម្បី បញ្ចៀសទឹកឲ្យហូរចូលទៅបឹងជើងលោក ព្រោះព្រែកត្នោតមួយ មិនអាចគ្រប់(គ្រាន់ក្នុងការ)ទម្លាក់ទឹកចុះមកខាងក្រោម ព្រោះវានៅត្បៀត។ អញ្ចឹង ទឹកវាបុកចូលរាជធានីភ្នំពេញ ហើយអាចចំនឹងតំបន់រោងចក្រមួយចំនួន រាប់ទាំងសាកលវិទ្យាចំការដូងផងដែរ។ ប្រមាណជាម៉ោង ២ ភ្លឺ ខ្ញុំបានសម្រេចចិត្តឲ្យរដ្ឋមន្ត្រីក្រសួងធនធានទឹក (កាត់ផ្តាច់)ផ្លូវជាតិលេខ ២ ម្តុំព្រែកអាទាំង ដើម្បីទម្លាក់ទឹកហ្នឹងឲ្យចូលទៅបឹងជើងលោកនៅខាងក្រាំងយ៉ូវ ដែលតភ្ជាប់ជាមួយនឹងទន្លេបាទី និងព្រៃកប្បាសរបស់ខេត្តតាកែវ ទម្លាក់ទឹកទៅខាងហ្នឹង។

រំដោះទឹកចេញពីក្រុង ដោយលូ និងដោយការបូម ក្រោយឆ្លងកាត់ប្រព្រឹត្តកម្មចម្រោះ

អញ្ចឹង បញ្ហានេះត្រូវឃើញ។ ព្រែកត្នោតក៏ទប់វាមិនជាប់ ព្រោះទឹកវាធ្លាក់មកពីឱរ៉ាល់ ធ្លាក់មកពីផ្នែកខាងលើរបស់ខេត្តកំពង់ស្ពឺ បូកនឹងទឹកភ្លៀងនៅហ្នឹងកន្លែង ទៅហួសពីសមត្ថភាពទ្រទ្រង់បាន។ យើងត្រូវបង្កើនសមត្ថភាពបន្តធ្វើប្រព័ន្ធលូ ដើម្បីរំដោះទឹក មួយផ្នែករំដោះចេញទៅតាមទន្លេ ដែលត្រូវសម្អាតទឹកនេះឲ្យហើយស្រេចមុននឹងទម្លាក់ទៅក្នុងទន្លេ។ មួយផ្នែកទៀត យើងត្រូវបូមវាចេញទៅខាងក្រៅ ដែលធ្លាក់ទៅខាងទំនប់កប់ស្រូវ និងបឹងតាមោក ហើយក៏ត្រូវតែចម្រាញ់ឲ្យវាស្អាត ដើម្បីបូមវាចេញ។ មួយផ្នែកទៀត គឺទៅខាងបឹងទំពុន បឹងជើងឯក ដែលនៅខាងហ្នឹងក៏មានផ្នែកមួយចំនួន ដែលខ្ញុំធ្លាប់ទៅចូលរួមជាមួយឯកឧត្តម ភូមីអាគី តាកាហាស៊ី នៅក្នុងរង្វង់ឆ្នាំ ២០០៦ ឬ ២០០៧ ទៅធ្វើការសម្ពោធដាក់ឲ្យប្រើប្រាស់នូវការទាញទឹកទំលាក់ទៅខាងហ្នឹង។ នេះគឺជាចំណុចដែលយើងមិនអាចមើលរំលងទៅលើបញ្ហាទាំងឡាយ ដែលវាទាក់ទងជាមួយនឹងប្រព័ន្ធបញ្ចេញទឹកចេញក្នុងពេលទឹកភ្លៀងធ្លាក់មក និងការបញ្ចេញទឹកទាំងទៅកាន់ទន្លេ និងទៅកាន់ខាងទំនប់កប់ស្រូវ បឹងតាមោក និងទៅខាងបឹងទំពុន ជើងឯក គឺឲ្យខ្លាចទៅជាទឹកស្អាត ដែលមានការចម្រោះត្រឹមត្រូវ។

បោះសំរាមចូលលូ ទុក និងការពារកុំឲ្យសំរាមហូរចូលលូ

មួយផ្នែកទៀត ទន្ទឹមនឹងការធ្វើ(ប្រព័ន្ធទាំង)ហ្នឹងហើយ ប្រសិនបើប្រជាពលរដ្ឋរបស់យើងនៅតែមិនបានយកចិត្តទុកដាក់ ដើម្បីចូលរួមសហការសម្រាប់ទាំងអស់ទេ ដូចជាការយកសំរាមទៅចាក់ចោលចូលទៅក្នុងលូ នោះក៏វាបង្កើតការកកស្ទះ ព្រោះនៅក្នុងប្រទេសរបស់យើង វាមានលូធំ និងវាមានលូតូច។ អញ្ចឹង លូធំសម្រាប់ទទួលទឹកពីឡូតូចៗ ដែលហូរកាត់ ដូចជានៅក្នុងតំបន់យើង មិនមែនសុទ្ធតែលូធំទាំងអស់ទេ។ យើងមិនត្រូវភ្លេចថា ដើម្បីយកទឹកមកកាន់លូធំនេះ លូតូចៗ ត្រូវរុញបញ្ចូលទំនាក់ទំនងជាមួយនឹងលូធំ ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋរបស់យើងបានយកសំរាមទៅចាក់ក្នុងលូតូចៗនោះហើយ ងាយស្ទះបំផុត ដែលធ្វើឲ្យលិចលង់ទៅលើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួន។ ជួនកាល យើងមិនបានថែទាំវា ពិនិត្យវាឲ្យបានហ្មត់ចត់ ធ្វើឲ្យ​សំរាម(ចូលក្នុងលូ) សមត្ថភាពស្រូបយកទឹក វាមានល្បឿនយឺតប្រៀបធៀបជាមួយទឹកដែលមាន និងជាកត្តាអត្តនោម័តិ … ទឹកភ្លៀងល្មម ក៏វានាំគ្នាបង្កើតទៅជាការលិចលង់ដែរ។ យើងត្រូវទទួលយកការពិតអំពីចំណុចខ្វះខាតដែលបានបង្កើតដោយខ្លួនឯង។

អ្នកខ្វះសុចរិតភាព វាជារឿងមួយ … ក៏ប៉ុន្តែយើងត្រូវតែធ្វើឲ្យការពង្រីក(ប្រព័ន្ធលូ)របស់យើងទទួលបានផល។ ដើម្បីឲ្យការពង្រីក(ប្រព័ន្ធលូ)របស់យើងទទួលបានផល គឺយើងត្រូវធ្វើទាំងអស់គ្នា កុំឲ្យប្រព័ន្ធលូរបស់យើងទាំងតូចទាំងធំ ត្រូវកកស្ទះដោយសារការចោលសំរាមរបស់ប្រជាជនក្នុងស្ថានភាពខ្វះអនាម័យ … នៅពេលដែលគេបង្ហោះហ្វេសប៊ុកបង្អាប់យើង គេបានថតមក។ នេះជាសិទ្ធិរបស់គេ ហើយគេត្រូវតែបញ្ចេញមកបង្អាប់បែបនោះ។ ជួនកាល បងប្អូនមួយចំនួនបង្ហោះដើម្បីធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋ។ អរគុណចំពោះការបង្ហោះហ្វេសប៊ុកអំពីបញ្ហាទឹកដែលវាកំពុងហូរមក ហូរមកទាំងសំរាម ទាំងផ្លាស្ទិក។ នោះហើយគឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋ។ យើងមិនធុញទ្រាន់នឹងមើលការបង្ហោះហ្វេសប៊ុកអំពីបញ្ហាសំរាម ដែលវាហូរមកជាមួយទឹកដែលវាកំពុងហូរមកទេ … សំរាមទាំងនោះហើយ ដែលហូរមកទៅស្ទះនៅមាត់លូនោះ។

ពុំមានការបិទហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជាទេ

… ខ្ញុំសុំបញ្ជាក់ដែរថា ថ្ងៃមុន អាមេចោរនោះ វាមកចូលលួចហ្វេសប៊ុករបស់ខ្ញុំបានប្រហែលជាងមួយម៉ោង ស្រាប់តែវាយកផេករបស់ខ្ញុំបង្ហោះថា បើក្រុមហ៊ុនហ្វេសប៊ុកហ៊ានលុបហ្វេសប៊ុកខ្ញុំ ខ្ញុំនឹងបិទហ្វេសប៊ុកទូទាំងប្រទេសកម្ពុជា កុំឲ្យប្រើប្រាស់។ អាមេចោរ ធ្វើអីមិនកើត ដើរលួចហ្វេសប៊ុកគេ។ អ្នកឯងត្រូវដឹងថា នេះជាឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលប្រទេសនៅក្នុងពិភពលោកកំពុងតែយកចិត្តទុកដាក់ ហើយថ្កោលទោស ហើយចាត់ទុកថាជាឧក្រិដ្ឋកម្ម។ សួរថា អ្នកណាខ្លះដែលអ្នកចែករំលែក វាយករបស់ឯងទៅផូស្ដខ្លួនវាហើយ វាចែករំលែកគ្នា​វាតទៅទៀត។ … យើងអាចដាក់ការប្ដឹងបាន ប៉ុន្តែខ្ញុំមិនចង់ទៅដល់ហ្នឹងពេកទេ។ ខ្ញុំជាអ្នកលេងហ្វេសប៊ុក​ម្នាក់ រឿងអីខ្ញុំទៅបិទហ្វេសប៊ុក? សុំបញ្ជាក់ឡើងវិញ បើឯងមិនលួចរបស់អញទេ ឯងហ៊ានស្បថឲ្យងាប់ទេ? មានតែអញ្ចឹងទេ។ អញ្ចឹងបបួលពួកអាមេចោរហ្នឹងស្បថតែម្ដង។ បើពួកឯងមិនលួចរបស់អញទេ តើឯងហ៊ានស្បថទេ? ស្បថឲ្យងាប់ទាំងកូន ទាំងចៅ ងាប់ទាំងអស់ មានតែវិធីហ្នឹងមួយទេ។ រួចហើយ វាបែរជាមក​ដាក់កំហុសឲ្យខ្ញុំថា ផូស្ដរួចហើយលុបចោលវិញ …។

ផូស្តប្រវត្តិពិត អំពី អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ ជា ៦ វគ្គ

ម្សិលមិញ ខ្ញុំផូស្តមិនដឹងប៉ុន្មាន។ ផូស្ដម្ដងផូស្តវាមិនអស់។ បងប្អូនមួយចំនួន គេចង់ដឹងប្រវត្តិរបស់ខ្ញុំ។ ខ្ញុំក៏ប្រឹងប្រែងសរសេរអត្ថបទនោះ។ ម្សិលមិញនេះ ខ្ញុំក៏ផូស្ដចេញបន្តនូវអ្វីដែលខ្ញុំបានសរសេរពីមុននោះអំពី “គូព្រេងមិនព្រាត់” ហើយបញ្ចប់វគ្គអាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ។ សរសេរប៉ុន្មានឆ្នាំទៅហើយ ប៉ុន្តែបន្តទៅទៀត វាអត់បានសរសេរ។ អញ្ចឹងខ្ញុំចាប់ផ្ដើមសរសេរបន្តក្នុងផ្នែក “គូព្រេងមិនព្រាត់” ក៏ប៉ុន្តែ គឺក្នុងផ្នែកជីវិតក្រោយរៀបការ ដែលតភ្ជាប់រហូតមកដល់ជួបគ្នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៩។ ក៏បាននិយាយយ៉ាងខ្លីថា ពេលដែលខ្ញុំសរសេរនេះ ខ្ញុំមានចៅ ២០ នាក់ ដែលមានមួយចំនួនក្រមុំកម្លោះ ចូលមហាវិទ្យាល័យ និងវិទ្យាល័យទៅហើយ។ ម្សិលមិញ ផូស្តតែម្ដង ស្រាប់តែចេញមកសុទ្ធតែជើងក្ដាម ព្រោះវាវែងពេក។ អញ្ចឹងមិនដឹងធ្វើម៉េច ពេលដែលយើងផុសតាមកុំព្យូទ័រ គឺយើងមើលបាន ប៉ុន្តែមើលតាមទូរស័ព្ទ គឺជើងក្ដាមបណ្ដោយ។ អញ្ចឹងអ្នកបច្ចេកទេសរបស់យើង បានរកវិធីផូស្ដម្ដងប៉ុន្មានទំព័រៗ ដល់ទៅ ៦ វគ្គឯណោះ។ ប៉ុន្តែនៅមានខុសទៀត។ ត្រឡប់ទៅវិញ ខ្ញុំឲ្យព្រីនចេញ ដើម្បីខ្ញុំពិនិត្យកែសម្រួល ព្រោះនៅមានខុសពាក្យមួយចំនួន។ ហ្នឹងជាប្រវត្តិ នេះជាប្រវត្តិពិត មិនមែនក្លែងក្លាយ។

គិតគូរពីច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ បទឧក្រិដ្ឋអ៊ិនធើណែត/ឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន

មនុស្សលេងហ្វេសប៊ុកម្នាក់ (ឲ្យ)ទៅបិទហ្វេសប៊ុកសម្រាប់ប្រទេសរបស់ខ្លួន(យ៉ាងម៉េច?)។ ខ្ញុំមិនឲ្យបិទហ្វេសប៊ុកទេ ព្រោះប្រជាពលរដ្ឋត្រូវការអាហ្នឹង។ ប្រព័ន្ធហ្នឹង បើយើងចេះប្រើវា ច្បាស់ណាស់ថាយើងនឹងទទួលផលប្រយោជន៍ពីវា។ ប៉ុន្តែក៏មានអ្នកដែលប្រើប្រាស់នៅក្នុងផ្លូវអវិជ្ជមានដែរ។ រឿងនេះ យើងក៏ត្រូវតែធ្វើការអប់រំជាបណ្ដើរក្នុងចំណោមប្រជាពលរដ្ឋរបស់យើង ទៅលើការប្រើពាក្យសំដី ហើយក៏ដូចជាវិធានការច្បាប់មួយចំ​នួនផងដែរ។ នៅប្រទេសមួយចំនួនបានបង្កើតនូវច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយហើយ ហើយនៅប្រទេសមួយចំនួនកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋអ៊ិនធើណែត គេហៅថា ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។ អញ្ចឹង​ទេ កម្ពុជាក៏ត្រូវគិតគូរអំពីបញ្ហានោះផងដែរ។ យ៉ាងណាក៏ដោយ ខ្ញុំសុំបញ្ជាក់ជូនថា ខ្ញុំមិនបិទហ្វេសប៊ុក ឬក៏ប្រព័ន្ធបណ្ដាញសង្គមផ្សេងៗនោះទេ។ ខ្ញុំនឹងបន្តឲ្យប្រើប្រាស់ លើកលែងតែអ្នកគ្រប់គ្រងក្រោយខ្ញុំ គេគិតយ៉ាងណា អាហ្នឹងជាសិទ្ធិរបស់គេ ប៉ុន្តែក្នុងដំណាក់កាលរបស់ខ្ញុំ ខ្ញុំបើកចំហ …។

ប្រើប្រាស់ជំនួយជប៉ុន ដេញថ្លៃនៅជប៉ុន និងជ្រើសរើសក្រុមហ៊ុនដោយជប៉ុន

… មិត្តជប៉ុនបាន និងកំពុងជួយយើង។ ខ្ញុំសុំបញ្ជាក់នៅកន្លែងនេះ នៅទីនេះ ថ្ងៃនេះ យើងសាងសង់ដោយក្រុមហ៊ុន Sumitomo Mitsui Construction ដែលត្រូវចំណាយប្រាក់អស់ប្រមាណ ២ ៣៨៩ លានយ៉េន។ ខ្ញុំសូមបញ្ជាក់ឲ្យងាយយល់ ហើយឲ្យមនុស្សអគតិមួយចំនួន ដែលមានសារជាតិជាតិរច្ឆានយល់ឲ្យច្បាស់អំពីការប្រើលុយជប៉ុន។ យើងគ្រាន់តែទទួលយកការមកបើកការដ្ឋាននេះតែប៉ុណ្ណោះ។ បន្ទាប់ទៅ ចប់គម្រោង ខ្ញុំមកជាមួយនឹងអគ្គរដ្ឋទូត ដើម្បីនឹងសម្ពោធដាក់ឲ្យប្រើប្រាស់។ ប៉ុន្តែរឿងដាក់ឲ្យដេញថ្លៃ ថាអ្នកណាទទួលបានសិទ្ធិសាងសង់ គឺដេញថ្លៃនៅតូក្យូឯណោះ។ អ្នកកាន់លុយគឺជប៉ុនខ្លួនឯង។ ប្រទេសណាក៏(ជប៉ុន)គេធ្វើអញ្ចឹងដែរ។ ជប៉ុនមានគោលការណ៍របស់ជប៉ុន។ អ្នកខ្លះនៅពេលដែលខ្ញុំនិយាយអញ្ចឹង គេបែរជាឆ្លើយថា ដោយគេមិនជឿទុកចិត្តចំពោះការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ទើបបានជប៉ុនធ្វើបែបនេះ។ ប៉ុន្តែខ្ញុំសុំបង្ហាញអ្នកឯងថា បើទោះជប៉ុនទៅជួយប្រទេសចិន ជប៉ុនទៅជួយប្រទេសឡាវ ប្រទេសថៃ ឬប្រទេសណាក៏ដោយ ជប៉ុនអនុវត្តដូចគ្នា គឺប្រើប្រាស់ជំនួយជប៉ុន ដេញថ្លៃនៅប្រទេសជប៉ុន ជ្រើសរើសក្រុមហ៊ុនដោយប្រទេសជប៉ុនទាំងអស់ យើងគ្រាន់តែប្រថាប់ត្រាទេ មកបើកការដ្ឋាន និងកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់។ អញ្ចឹងបើបាត់លុយអី សុំទៅសួរនាយករដ្ឋមន្រ្តី អាបេ … មានអ្នកខ្លះនៅពេលដែលខ្ញុំបញ្ជាក់អញ្ចឹង វាបែរជានិយាយថា ដោយគេមិនទុកចិត្តរាជរដ្ឋាភិបាល ទើបគេធ្វើអញ្ចឹង។ អញ្ចឹងរដ្ឋាភិបាលលើពិភពលោក ដែលជប៉ុនជួយទាំងអស់ គឺមានស្ថានភាពដូចគ្នា។ អញ្ចឹងទេ អ្នកឯងចង់បង្អាប់កម្ពុជា វារករឿងធ្វើម៉េចឲ្យតែបានបង្អាប់ …។

អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន៖ “មិនចូលចិត្តអាអ្នកដែលមិនដឹងថាជប៉ុនចាយលុយយ៉ាងម៉េច”

ខ្ញុំសូមបញ្ជាក់កន្លែងហ្នឹង ទឹកប្រាក់នេះ ទាំងថ្លៃសិក្សា ទាំងស្អីៗនេះ … ជំហានទី ៤ គឺ(អនុវត្តដោយ)ក្រុមហ៊ុន តូអា ខូបភឺរ៉េស្យិន ហៅថា សាជីវកម្មតូអា គឺក្រុមហ៊ុន ស៊ូមីតូម៉ូ មីតស៊ូ ខនស្រ្តាក់ហ្សិន … កាលពីជំហានទី ២ មានក្រុមហ៊ុន គូបូតា ខនស្ត្រាក់ហ្សិន ហើយជំហានទី ១ គឺ បានទៅលើក្រុមហ៊ុនគូបូតា ខនស្ត្រាក់ហ្សិន ដែរ …ដែលត្រូវចំណាយទឹកប្រាក់ចំនួន ៣២៩០ លានយ៉េន … កន្លងទៅគឺគេតែងតែនិយាយ ហើយខ្ញុំនៅចាំបានអតីតរដ្ឋមន្រ្តីការបរទេសម្នាក់ នៅពេលនោះមាន CG នៅតូក្យូ ហើយខ្ញុំទទួលទានអាហារជាមួយនឹងរដ្ឋមន្រ្តីការបរទេសហ្នឹង​។ ឥឡូវគាត់នៅរស់នៅឡើយ។ គាត់តែងតែជួបខ្ញុំនៅពេលដែលខ្ញុំទៅតូក្យូ។ ពេលនោះ គេទៅតាមឲ្យជប៉ុនផ្តាច់ជំនួយចំពោះកម្ពុជា តាំងពីឆ្នាំ ៩០ ប្លាយនោះ មិនមែនទើបនឹងឥឡូវទេ។ ខ្ញុំនិយាយអញ្ចឹង​ទៅ ស្រាប់តែគាត់និយាយមកខ្ញុំថា «ខ្ញុំមិនចូលចិត្តអាអ្នកដែលមិនដឹងថា ជប៉ុនចាយលុយយ៉ាងម៉េចទេ» គាត់ប្រើពាក្យមកអញ្ចឹងតែម្តង។ តែមិនដឹងថា ភាសាជប៉ុនថាម៉េចទេ តែភាសាខ្មែរបកប្រែមកអញ្ចឹង។ អញ្ចឹងទេ បើថាល្ងង់​ៗ ឲ្យវាសមល្មមបានហើយ។

ថ្ងៃទី ៣ មីនា ២០១៩ ជាថ្ងៃចាប់ផ្តើមជំរឿនប្រជាជនកម្ពុជា និងជាទិវាវប្បធម៌ជាតិ

ដូចដែលក្នុងចម្រៀង ទទាយំឆ្លង ហើយថ្ងៃហ្នឹង មានភ្លេងដែរអី? បន្តិចទៀតដាក់ ទទាយំឆ្លង ទៅ​។ ចេះទាំង ២ បទ តែម្តង បទទី ១ កវីឆ្នេរសមុទ្រ អាហ្នឹងតែ ២ កថាខណ្ឌទេ។ បទទី ២ (មាន)៤ កថាខណ្ឌ ប្រើពេល ២០ នាទី ទាំងសរសេរ​ និងបង្ហោះចេញតាម Facebook ឥឡូវគេនាំគ្នាច្រៀងពេញហ្នឹង។ ថ្ងៃនេះ ថ្ងៃអី? ថ្ងៃទី ៤ មែនទេ? ម្សិលមិញ ថ្ងៃទីប៉ុន្មាន? ថ្ងៃទី ៣។ ថ្ងៃទី ៣ ថ្ងៃអីទៅ? អត់ទេ ខ្ញុំមិនចង់និយាយអីទេ ឥឡូវខ្ញុំដូរប្រធានបទមកវិញ។ ថ្ងៃទី ៣ គឺជាថ្ងៃចាប់ជំរឿនប្រជាជនកម្ពុជា។ យើងដឹងន័យពិតប្រាកដរបស់វាហើយ អាថ្ងៃទី ៣ ជាថ្ងៃអី? តែ​ខ្ញុំចង់សំដៅអំពាវនាវប្រជាពលរដ្ឋរបស់យើង ចូលរួមក្នុងការធ្វើជំរឿនប្រជាពលរដ្ឋនៅទូទាំងប្រ​ទេស​។ ជំរឿននោះនឹងផ្តល់ឲ្យយើងនូវការរៀបចំចក្ខុវិស័យសម្រាប់អនាគតរបស់ប្រទេស។ តាមពិត ជំរឿននេះត្រូវធ្វើនៅឆ្នាំ ២០១៨ ក៏ប៉ុន្តែ ២០១៨ យើងមានការបោះឆ្នោត ដូច្នេះបានជាយើងលើកមកធ្វើ(នៅឆ្នាំនេះ)។

ម្សិលមិញនេះវាជាការគាប់ជួនទេ រវាងថ្ងៃទាំង ២ គឺថ្ងៃ ៣ (មីនា) គេបានដឹងហើយ គឺថ្ងៃទទាយំឆ្លង។ ឯថ្ងៃ ៣ (មីនា) មួយទៀត គឺជាថ្ងៃ ៣ ដែលមានបញ្ហាដល់ទៅពីរឯណោះពីម្សិលមិញនោះ។ ទី ១ គឺថ្ងៃជំរឿន ឯទី ២ គឺថ្ងៃទិវាវប្បធម៌ជាតិរបស់យើង។ ម្សិលមិញនេះ ដោយសារតែជាប់ថ្ងៃអាទិត្យ ខ្ញុំស្នើឲ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា បើសិនជាទិវាវប្បធម៌របស់យើងត្រូវធ្វើចំថ្ងៃសៅរ៍ និងអាទិត្យ សុំលើកពេលវេលា​ ដើម្បីទុកឱកាសឲ្យបណ្តាស្ថានីយ៍ទូរទស្សន៍ និងអ្នកចម្រៀង អ្នកភ្លេងរបស់យើង គេធ្វើ concerts គេធ្វើការប្រគុំតន្រ្តីទៅតាមស្ថានីយ៍ទូរទស្សន៍ ឬទៅតាមខេត្ត្ ឬការរៀបអាពាហ៍ពិពាហ៍ បុណ្យទានអីមួយចំនួន ច្រើនតែធ្វើនៅថ្ងៃសៅរ៍ និង​អាទិត្យ។ អញ្ចឹងទេ បានជាខ្ញុំត្រូវយកពេលវេលា នៃការបិទទិវាវប្បធម៌ ៣ មីនា និងជំនួបហូបបាយសាមគ្គីជាមួយសិល្បករ/ការិនីនៅថ្ងៃទី ៦ ខាងមុខទៅវិញ …។

ទាំងអស់គ្នាចូលរួមសហការឲ្យល្អក្នុងការធ្វើជំរឿន

ក៏ប៉ុន្តែ ៣ មីនា ដដែល ក្រៅពីទទាយំឆ្លង គឺជាថ្ងៃជំរឿន ដែលខ្ញុំសូមយកឱកាសនេះអំពាវនាវទៅប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ និយាយដោយឡែក និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមមេត្តាចូលរួមសហប្រតិបត្តិការក្នុងការធ្វើជំរឿន។ ត្រូវឲ្យមន្រ្តីចូលជំរឿន ដើម្បីចូលទៅកាន់ទីកន្លែងរបស់ខ្លួន ដើម្បីនឹងធ្វើសម្ភាសន៍ទាក់ទងជាមួយនឹងអ្វីដែលជាតម្រូវការនៃការធ្វើជំរឿននោះ។ សូម្បីតែខ្លួនខ្ញុំ ពីម្សិល ដើមឡើយគិតថា ថ្ងៃអាទិត្យនេះ នឹងមានឱកាសដើម្បីបានវាយកូនហ្គោល ក៏ប៉ុន្តែ នៅទីបំផុត ខ្ញុំបានផ្អាកការវាយកូនហ្គោលនេះ ដើម្បីទុកឲ្យមន្រ្តីជំរឿនអាចចូលមកសម្ភាសន៍ខ្ញុំផង និងទុកឱកាសឲ្យអ្នកដែលលេងកូនហ្គោលជាមួយខ្ញុំទាំង​ឡាយ នៅនឹងផ្ទះរង់ចាំមន្រ្តីជំរឿនទៅធ្វើជំរឿន និងទុកឱកាសឲ្យអ្នកដែលនៅតារាងកូនហ្គោលនោះ មានឱកាសចូលរួមក្នុងការធ្វើជំរឿន។ មន្រ្តីរបស់យើង មិនថាថ្នាក់ធំ ថា្នក់តូចប៉ុណ្ណា ប្រជាពលរដ្ឋរបស់យើង ត្រូវផ្តល់កិច្ចសហ​ការនេះ ដើម្បីឲ្យបានដឹងថា ប្រជាពលរដ្ឋពិតប្រាកដរបស់យើង មកដល់ពេលនេះ នៅក្នុងប្រទេសរបស់យើង មានប៉ុន្មាននាក់? អត្រាកំណើន និងអត្រាស្លាប់របស់ប្រជាពលរដ្ឋមានប៉ុន្មាន?

មន្រ្តីជំរឿនចង់ដឹងពីចំនួនប្រជាពលរដ្ឋ និងការកើនឡើងនៃមធ្យោបាយមួយចំនួន

ឧទាហរណ៍ នៅក្នុងការធ្វើជំរឿននោះ មន្រ្តីជំរឿនបានសួរខ្ញុំថា តើរៀបការពីអាយុប៉ុន្មាន? មានកូនប៉ុន្មាន? កូនប៉ុន្មាននៅរស់ ប៉ុន្មានស្លាប់? អញ្ចឹង គេអាចដឹងបានថា ក្នុងគ្រួសារបស់ខ្ញុំ មានកូនប្រាំនៅរស់ មួយស្លាប់។ គេសួរបន្តទៅលើបញ្ហាមធ្យោបាយមួយចំនួនរបស់យើង តែគេមិនប្រើប្រាស់ចម្លើយរបស់យើងសម្រាប់ការជំរឿននោះ ទៅលើលិខិតគតិយុត្តិណាមួយសម្រាប់ការប្តឹងផ្តល់គ្នានៅតុលាការអីទេ។ គេបានបញ្ជាក់អំពីរឿងនេះ។ គេមិនសួរយើងថាមានលុយប៉ុន្មានទេ ប៉ុន្តែ គេសួរយើងថា តើយើងមានម៉ូតូប៉ុន្មាន កង់ប៉ុន្មាន ឡានប៉ុន្មាន? ម្សិលមិញ គេមិនបានសួរខ្ញុំពីម៉ូតូ និងកង់ទេ គេសួរខ្ញុំមានឡានប៉ុន្មាន? គេសួរខ្ញុំ​មានទូរទស្សន៍ប៉ុន្មាន? គេសួរខ្ញុំមានទូរស័ព្ទដាក់លើតុប៉ុន្មាន? ទូរស័ព្ទដៃប៉ុន្មាន? នេះក៏ជាផ្នែកមួយក្រៅពីចំនួនប្រជាពលរដ្ឋ ដែលយើងត្រូវដឹង យើងក៏ត្រូវដឹងថា ការកើនឡើងនូវមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋមានការកើនឡើងប៉ុណា្ណ?

ចំណូលពន្ធគយពីការនាំចូលរថយន្ត/ម៉ូតូ មាន ៣៣%, ពីប្រេងឥន្ធនៈ ៣០% ទំនិញចម្រុះ ៣០%

ឆ្នាំកន្លងទៅ ចំណូលពន្ធដែលបានច្រើន និយាយរួម មិនមែនគ្រាន់តែឆ្នាំកន្លងទៅទេ ​គឺខ្ញុំគ្រាន់តែនិយាយពីចំណូលផ្នែកគយបន្តិច ដើម្បីយើងអាចដឹងបានរួមគ្នា។ ចំណូលដែលបានមកពីការនាំចូលរថយន្ត និងម៉ូតូ មានប្រមាណប្រហែលជា ៣៣%។ ប្រជាពលរដ្ឋខ្មែរយើងឥឡូវនេះ និយាយពីរឿងម៉ូតូ បើម៉ាកហុងដា ដែលមកផលិតនៅនេះ ឆ្នាំ ២០១៩ មិនទាន់មកដល់ផង ស្រាប់តែមានស៊េរី ២០១៩ ជិះបាត់ មិនទាន់ដាច់ឆ្នាំ ២០១៨ ផង មានស៊េរី ២០១៩ ជិះ។ អញ្ចឹងបានជាក្រុមហ៊ុនហុងដារកស៊ីកាក់កបណាស់នៅកម្ពុជា។ នៅមានម៉ូតូប្រភេទដទៃៗទៀត។ រថយន្ត(ក៏)នាំចូលច្រើន ដែលធ្វើឲ្យកកស្ទះសព្វថ្ងៃ។ យើងរកវិធីដើម្បីនឹងដោះស្រាយបញ្ហាចរាចរណ៍ ហើយនិងពង្រីកផ្លូវរបស់យើងឲ្យកាន់តែប្រសើរ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍។

ប្រេងឥន្ធនៈប្រមាណជា ៣០ ភាគរយដែរ និងចំណូលដែលបានមកពីការទំនិញចំរុះប្រមាណជា ៣០ ភាគរយដែរ។  អញ្ចឹងបានជាចំណូលពន្ធគយរបស់យើង ដែលខ្ញុំនៅតែបញ្ជាក់ថា វប្បធម៌បង់ពន្ធត្រូវតែធ្វើគ្រប់មនុស្សទាំងអស់ ដើម្បីធានាថា ពន្ធរបស់យើងគឺនឹងទទួលបានជាផលប្រយោជន៍ដោះស្រាយបញ្ហាប្រទេសជាតិរបស់យើង។ ក្នុងនោះការដំឡើងបៀវត្សឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គឺបានមកពីចំណូលពន្ធនេះឯង។

យកស្លឹកត្នោតខ្ចប់ស្ករត្នោត

ការវិនិយោគសាធារណៈ ដែលយើងវិនិយោគប្រមាណរយលានដុល្លារដោយខ្លួនឯងទៅលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់វិស័យអប់រំ សុខាភិបាល ស្ពាន ផ្លូវ ប្រឡាយទឹក នៅតាមតំបន់មួយចំនួនប៉ុន្មានរយលានដុល្លារក្នុងមួយឆ្នាំៗ គឺបានមកពីការដែលយើងខិតខំប្រមូលចំណូល និងគ្រប់គ្រងចំណាយឲ្យចំទិសដៅ … ដែលឃើញទីក្រុងភ្នំពេញមិនមែនអ្វីសុទ្ធតែកើតឡើងដោយជំនួយបរទេសទេ។ ស្ពានអាកាសទាំងអស់នៅក្នុងទីក្រុងភ្នំពេញ គឺបានមកអំពីថវិកាជាតិ ដែលក្នុងនោះ ខ្ញុំប្រើពាក្យថា យកស្លឹកត្នោតខ្ចប់ស្ករត្នោត។ ចំណូលបានមកពីរាជធានីភ្នំពេញ ត្រូវយកមកកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញ។ ផ្លូវមួយចំនួនជាបេតុង យើងមានស្ពានអាកាស ដែលស្ពានអាកាស ទាំងនោះគឺអត់មានជំនួយបរទេស ប៉ុន្តែមានអាមួយនោះមានហិរញ្ញប្បទានពីចិន គឺក្រវាត់ក្រុងទី ៣ ប៉ុន្តែប៉ុន្មានទៀតចោមចៅកំពុងសាងសង់នេះគឺអត់(មែនជំនួយបរទេស)ទេ។ តាំងពីអាទី ១ ទី ២ ទី ៣ ទី ៤ អញ្ចឹងយើងចេះតែកើន។ បានមកអំពីការខិតខំរបស់យើង។

សូមអំពាវនាវប្រជាពលរដ្ឋចូលរួមធ្វើជំរឿន

ត្រឡប់មកវិញសូមអំពាវនាវប្រជាពលរដ្ឋចូលរួមធ្វើជំរឿន ដែលចាប់ផ្តើមពីថ្ងៃទី ៣ មីនា រហូតទៅដល់ថ្ងៃទី ១៣ មីនា។ យើងនៅសល់ពេល ៩ ថ្ងៃទៀតដើម្បីនឹងបញ្ចប់នូវការធ្វើជំរឿននេះ។ ដូច្នេះប្រជាពលរដ្ឋរបស់យើងបើអាចចៀសវាងបាន ខិតខំកុំធ្វើដំណើរឆ្ងាយ ហើយសុំមេត្តាយោគយល់រាល់ការអនុគ្រោះឲ្យមន្រ្តីជំរឿនចូលទៅតាមលំនៅដ្ឋាននៅក្នុងពេលយប់។ ពេលថ្ងៃបងប្អូនចេញមកធ្វើការ។ មន្រ្តីជំរឿនមិនអាចមានឱកាស ដើម្បីនឹងចូលទៅលំនៅដ្ឋានរបស់បងប្អូន និងជួបអ្នកធ្វើជំរឿនទេ។ កន្លែងខ្លះ ដោយសារប្រជាពលរដ្ឋធ្វើដំណើរមកទីជន​បទ ហើយគាត់មិនអាចត្រឡប់ទៅវិញទាន់ពេល គាត់អាចស្នាក់អាស្រ័យនៅកន្លែងនេះ នៅកន្លែងនោះ ក៏សុំមេត្តាអធ្យាស្រ័យ ធ្វើការយោគយល់ចំពោះមន្រ្តីជំរឿន ផ្តល់ឱកាសឲ្យគាត់បានធ្វើបទសម្ភាសន៍ ហើយសម្រេចនូវគ្រប់ការកត់ត្រាសម្រាប់ជំរឿនមួយនេះ។

យើងនឹងដឹងអំពីស្ថានភាពពិតចំនួនប្រជាជនពិត (ដើម្បី)យកទៅប្រៀបធៀបជំរឿនពេលមុន អត្រាមនុស្សនៅជនបទប៉ុន្មាន? អត្រាមនុស្សនៅទីក្រុងកើនឡើងប៉ុន្មាន? អត្រាស្លាប់នៅក្នុងរយៈពេលមុនប៉ុន្មាន? អត្រាស្លាប់នៅក្នុងរយៈពេលក្រោយប៉ុន្មាន? ចំនួនប្រជាពលរដ្ឋដែលមុននេះ ពេលនេះមានមធ្យាបាយធ្វើដំណើរប៉ុន្មាន? បើគិតទៅពេលមុនកើនឡើងចំនួនប៉ុន្មាន? អ្នកប្រើប្រាស់ទូរស័ព្ទដែលមុននោះប្រើប្រាស់ប៉ុន្មាន ពេលនេះប៉ុន្មាន? យើងក្តាប់បានយ៉ាងដូច្នេះ យើងនឹងអាចដឹងបានចរន្តវិវឌ្ឍនៅពេលខាងមុខរបៀបម៉េច? យើងត្រូវគ្រប់គ្រងសភាពការណ៍នោះយ៉ាងដូចម្តេច? ឧទាហរណ៍ ការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ដែលចាកចេញពីតំបន់ជនបទមកកាន់បណ្តាទីក្រុង បានធ្វើឲ្យចំនួនមនុស្សនៅក្នុងទីក្រុងមិនថាតែទីក្រុងភ្នំពេញទេទីក្រុងដទៃមានការកើនឡើង ជាមួយនឹងការថយចុះនៃចំនួនប្រជាពលរដ្ឋ ដែលត្រូវធ្វើកសិកម្មនៅតាមទីជនបទ។

ផ្សព្វផ្សាយសារៈសំខាន់នៃការធ្វើជំរឿន

វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការចូលរួមធ្វើជំរឿនលើកនេះ ដែលរាជរដ្ឋាភិបាលបានប្រើប្រាក់កាសយ៉ាងច្រើន … សូមប្រជាពលរដ្ឋចូលរួមក្នុងការធ្វើជំរឿនរបស់យើង ហើយយើងសុំឲ្យបណ្តាស្ថានីយវិទ្យុ ទូរ​ទស្ស​ន៍ បណ្តាញផ្សព្វផ្សាយទាំងអស់ចូលរួមក្នុងយុទ្ធនាការនៃការធ្វើជំរឿននេះ។ ខ្ញុំសង្កេតឃើញថា មុននេះយើងបានធ្វើដែរ តែចំនួនហាក់ដូចជាមិនផុលផុសប៉ុន្មានទេ។ ពីម្សិលមិញនេះ ខ្ញុំបានណែនាំឯកឧត្តម ស្វាយ ស៊ីថា និងណែនាំឯកឧត្តម ឆាយ ថន ឲ្យប្រឹងប្រែងព្រោះប្រជាពលរដ្ឋរបស់យើងមួយចំនួនមិនទាន់បានទទួលព័ត៌​មាន​ទេ។ មួយចំនួនទទួលបានតាមរយៈ calltune នៅតាមទូរស័ព្ទមួយចំនួន។ អរគុណណាស់ដែលក្រុមហ៊ុនទូរស័ព្ទបានអនុញ្ញាតឲ្យក្រសួងផែនការបានបញ្ចូលសម្លេងទៅក្នុងទូរស័ព្ទ នៅពេលដែលហៅទូរស័ព្ទ នៅក្នុងប្រព័ន្ធទូរស័ព្ទនោះគេប្រាប់ថាសូមរួមធ្វើជំរឿន ប៉ុន្តែគឺវាខ្លីពេក បើវែងពេកក៏វាលំបាកដែរនៅក្នុងទូរស័ព្ទនោះ។ មានតែការផ្តល់ជំនួយឧបត្ថម្ភពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មិនថាប្រព័ន្ធគាំទ្ររដ្ឋាភិបាល ប្រព័ន្ធអាព្យាក្រឹត្យ ឬប្រព័ន្ធប្រចាំរដ្ឋាភិបាលទេនេះជាផលប្រយោជន៍ដូចគ្នា។

ការធ្វើជំរឿនអត់ទាក់ទិននឹងនយោបាយទេ

ការធ្វើជំរឿននេះវាអត់ទាក់ទិននឹងនយោបាយទេ ក៏ប៉ុន្តែខ្ញុំក្តាប់បានថាមានរឿងអកុសលមួយកើតឡើង នៅឯខេត្តតាកែវ រវាងមន្រ្តីគណបក្សមួយ ដែលងាប់ទៅហើយ ទៅវាយមន្រ្តីជំរឿន ហើយដុតចោលឯកសារជំរឿន។ អញ្ចឹងទេ តើវាមកពីអីអាហ្នឹង? តើវាមកពីឆ្កួត(ឬ)? ប៉ុន្តែ បើវាឆ្កួត វាគួរតែទៅវាយម៉ែវា ហេតុអីបានវាទៅវាយមន្រ្តីជំរឿន។ ហើយមន្រ្តីជំរឿនឮថាបងប្អូនសាច់ញាតិខ្លួនឯងទៀត។ អញ្ចឹងទេ បើប្រភេទឆ្កួតៗបែបហ្នឹងវាមិនមែនជារឿងនយោបាយទេ។ ជាបទល្មើសព្រហ្មទណ្ឌ។ ដូច្នេះ សូមឲ្យអ្នកទាំងឡាយធ្វើការវិនិច្ឆ័យឲ្យច្បាស់។ មន្រ្តីជំរឿនមិនមែនជាមន្រ្តីធ្វើនយោបាយទេ។ បក្សណាក៏ដោយ ឲ្យតែរស់នៅលើទឹកដីកម្ពុជាត្រូវធ្វើជំរឿនទាំងអស់ ប៉ុន្តែហេតុអីបានគេទៅវាយមន្រ្តីធ្វើជំរឿន?

កម្ពុជាគ្មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌ

បើសិនជាអ្នកនោះត្រូវកាត់ឲ្យជាប់ទោស សុំអ្នកទាំងឡាយកុំសន្និដ្ឋាននេះជារឿងនយោបាយ ព្រោះសុខៗអ្នកឯងទៅវាយគេ។ អាវាយគេមានទោសព្រហ្មទណ្ឌ។ ប្រទេសកម្ពុជាគ្មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ … អ្នកឯងធ្វើអំពើក្បត់ជាតិ អ្នកឯងធ្វើអំពើបទល្មើសព្រហ្មទណ្ឌអ្នកឯងត្រូវទទួលទោស មិនអាចអ្នកឯង(ឲ្យអ្នកឯង)ប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ(ហើយ)បែរជាយកកាតគណបក្ស ឬកាតសារព័ត៌មានយកមកធ្វើជាអាវក្រោះ ដើម្បីការពារខ្លួនឲ្យផុតពីសំណាញ់ច្បាប់ទេ … ខ្ញុំបានទទួលលិខិតសារភាពដ៏ជាក់លាក់ពីស្រ្តីម្នាក់ដែលបានថតខ្សែភាពយន្តអាសអាភាស សារភាពផ្ញើមកសុំការយោគយល់ … ប៉ុន្តែផ្ទុយទៅវិញគេនាំគ្នាអះអាងថា រឿងនេះជាសេរីភាពនៃអ្នកសារព័ត៌មានទៅវិញ។

កុំសង្ឃឹមថា នឹងមានការលើកលែងទោស ឬលើកលែងការចោទប្រកាន់

នេះជារឿងមិនធម្មតានៅក្នុងប្រទេសរបស់យើង … ខ្ញុំក៏សូមនិយាយដែរ ទ្វារបានបើកហើយ។ អ្នកចូលឬមិនចូលស៊ីសងលើអ្នក។ តែអ្នកក៏ត្រូវគិតថា ទ្វារដែលបានបើកហើយ វាក៏អាចបិទទៅវិញដែរ។ បើអ្នកព្រងើយកន្តើយ ហើយចង់ទាមទារនេះទាមទារនោះ លក្ខខណ្ឌនេះលក្ខខណ្ឌនោះ អ្នកក៏ត្រូវដឹងថារង់ចាំដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ទើបទទួលបាន។ ប្រទេសនេះ គឺកំពុងស្ថិតក្នុងប្រទេសស្ថានភាពឯករាជ្យអធិបតេយ្យ។ ប្រទេសមានប្រជាធិបតេយ្យ និងនីតិរដ្ឋ។ រាជរដ្ឋាភិបាល បានខិតខំបើកទ្វារសម្រាប់អស់លោកអ្នក។ ប៉ុន្តែ រឿងអស់លោកអ្នកចូល ឬមិនចូល គឺជារឿងអស់លោកអ្នក ហើយអស់លោកអ្នកកុំសង្ឃឹមថានឹងមានការលើកលែងទោស ឬលើកលែងការចោទប្រកាន់ចំពោះអ្នកណានោះ។ មានអ្នកខ្លះកំពុងរង់ចាំថា ចាំមើលក្រោយថ្ងៃ ៣។ ខ្ញុំឲ្យអ្នកឯងចាំមើលក្រោយឆ្នាំ ២០២២ និង ២០២៣ ឯណោះ។ លោកឯងចូលឬមិនចូលរឿងរបស់លោកឯងទេ។ (តែបើមិនចូល ក្នុងពេលដែល)សិទ្ធិនយោបាយ(ត្រូវបាន)ហាមឃាត់ (បើ)អ្នកឯងហ៊ានធ្វើនយោបាយខ្ញុំវាយខ្នោះ។ រឿងហ្នឹង វាតែប៉ុណ្ណឹង។ ទ្វារបើកហើយអ្នកឯងមិនចូល រឿងរបស់អ្នកឯង ហើយកុំរង់ចាំថានឹងមានការសម្របសម្រួលខាងនយោបាយណាមួយ។ នេះមិនមែនជារឿងនយោបាយទេ តែគឺជារឿងផ្លូវច្បាប់។ តុលាការត្រូវកាត់ទោសជនដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីសំណាក់តុលាការជាបន្ត នៅពេលដែលគេបិទនូវការស៊ើបអង្កេត គេនឹងដំណើរការក្ដីតាមអំណាចរបស់តុលាការ។

ទ្វារនឹងបិទមុនចូលឆ្នាំ ឬក្រោយចូលឆ្នាំ

ខ្ញុំគ្រាន់តែឲ្យសារចុងក្រោយ … បើអ្នកព្រងើយកន្តើយ ទ្វារនឹងអាចបិទមុនចូលឆ្នាំខ្មែរ និងក្រោយចូលឆ្នាំខ្មែរ ទោះបីអ្នកដាក់លិខិតសុំ ក៏ខ្ញុំមិនអើពើ។ ខ្ញុំគ្រាន់តែបញ្ជាក់ឲ្យអ្នក ហើយបញ្ជាក់មុខទូតជប៉ុនទៀតផង ដើម្បីឲ្យអ្នកបានដឹង។ ខ្ញុំដឹង អ្នកខ្លះរង់ចាំមើលប៉ុន្មានថ្ងៃទៀត ប៉ុន្មានអាទិត្យទៀត។ ខ្ញុំថាបើអ្នកឯងរង់ចាំ ត្រូវរង់ចាំរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២២។ ដូច្នេះអ្នកគ្មានលទ្ធភាពនឹងចូលរួមការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ ២០២២ ដែលគ្រោងនឹងធ្វើខែឧសភា ឆ្នាំ ២០២២ នោះទេ។ បើអ្នកនៅប្រើសំដីឈ្លើយ ទ្វារនឹងត្រូវបិទមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរ ឆ្នាំ ២០១៩។ ច្បាប់គឺច្បាប់ … គេអនុញ្ញាតឲ្យរដ្ឋមន្ត្រីមហាផ្ទៃ ហើយចុងក្រោយស្នើមកនាយករដ្ឋមន្ត្រី​​។ អញ្ចឹងទេ ជួនកាលរដ្ឋមន្ត្រីមហាផ្ទៃបដិសេធតាំងពីហ្នុង។ មកដល់នាយករដ្ឋមន្ត្រីៗ ថាទេ ហ្អែងព្រហើនពេកទុកហ្អែងនៅហ្នឹង។ ខ្ញុំដឹង កំពុងតែរត់ ប៉ុន្តែមានអ្នកដែលស្ទាក់ស្ទើរ ហើយជាពិសេស អ្នកដែលស្ទាក់ស្ទើរនោះ គឺបានទទួលនូវអនុសាសន៍អំពីអ្នកវិភាគមួយ ដែលថារង់ចាំមើលប៉ុន្មានថ្ងៃ ប៉ុន្មានអាទិត្យទៀត។

ឬមួយចូលរួមការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០២២ ឬមួយចូលរួមការបោះឆ្នោតជាតិ ខែកក្កដា ២០២៣

បើរង់ចាំទៀត សុំរង់ចាំរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២២ គឺថា(ទៅតាមថេរ)វេលានៃសាលដីកាតុលាការកំពូល ដូច្នេះអ្នកអត់មានឱកាសមកបង្កើតបក្សនយោបាយដើម្បីចូលរួមបោះឆ្នោតឃុំ-សង្កាត់ទេ។ ខ្ញុំបានប្រាប់ ១៦ គណបក្ស ដែលចូលរួមក្រុមឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ នៅក្នុងតុបាយខ្ញុំបានប្រាប់ច្បាស់ថា ជម្រើសមានតែ ២ ទេ សម្រាប់អ្នកទាំងនោះ ទី ១ គឺសុំសិទ្ធិធ្វើនីតិសម្បទា ហើយរៀបចំបក្សនយោបាយ ដើម្បីត្រៀមរៀបចំចូលរួមការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ ២០២២។ ទី ២ គឺរង់ចាំឲ្យផុតនូវសាលដីកាតុលាការ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ហើយត្រូវរៀបចំបក្សនយោបាយ ដើម្បីរៀបចំការបោះឆ្នោតនៅក្នុងខែកក្កដា ឆ្នាំ ២០២៣។ ខ្ញុំបានចង្អុលប្រាប់ទៅបណ្តាប្រធានបក្សនយោបាយដែលបានចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅពេលបាយជាមួយគ្នានោះថា ផលចំណេញបានទៅអស់លោកអ្នកទេ បើគេមិនចូលមកបោះ អាសន្លឹកឆ្នោតដែលគេមិនបោះឲ្យគណបក្សប្រជាជន គេបោះឲ្យលោកអ្នកនោះ … កុំភ្លេចថា មិនមែនកម្ពុជាមានតែគណបក្ស ១ ឬ ២ ទេ មានគណបក្សរាប់សិប។ ឥឡូវមានអ្នកខ្លះទើបបង្កើតគណបក្សថ្មីៗ។ ខ្ញុំក្តាប់បាន។

គ្មានការចរចានយោបាយ, ទុកសិទ្ធិឲ្យតុលាការកាត់ក្តី

ឥឡូវមានអ្នកខ្លះនៅបាងកក។ អ្នកខ្លះនៅនេះ(នៅនោះ)។ គេប្រជុំគ្នានៅសៀម​រាប គេប្រជុំគ្នានៅភ្នំពេញ គេទៅប្រជុំគ្នានៅបាងកក។ ភាគច្រើនមានគំនិតថាធ្វើ ប៉ុន្តែមានមនុស្សម្នាក់ដែលមិនស្ថិតនៅក្នុង ១១៨ ឬថាឥឡូវហ្នឹងនៅសល់ ១១៥ នៅសល់ ១១៤ ព្រោះប៉ុន្មានថ្ងៃមុន មានម្នាក់គេសុំហើយ …ថា ដូចជាមានសញ្ញានយោ​បាយអីធ្វើដំណោះស្រាយ។ អត់(មាន)ទេ។ ខ្ញុំអត់ត្រូវការចរចានយោបាយអីទាំងអស់។ ខ្ញុំត្រូវទុកសិទ្ធិឲ្យតុលាការកាត់ក្តី សម្រាប់អ្នកដែលត្រូវបានចាប់ខ្លួន និងកំពុងដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការ។ នេះជាសារនយោបាយជាក់លាក់ដែល ហ៊ុន សែន មិនអាចធ្វើផ្ទុយពីនេះ។

ដាស់តឿនពង្រីកលំ​ហនយោបាយ ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងក្នុងក្របខណ្ឌនីតិរដ្ឋ

ខ្ញុំសូមឲ្យសារទៅអ្នកទាំងឡាយ ដែលលើកមតិនេះលើកមតិនោះ (ថា)សិទ្ធិចុះហត្ថលេខានៅលើដៃ ហ៊ុន សែន​។ បើអ្នកព្រហើន ហើយវាយតម្លៃខុស សូម្បីតែដាក់ ១៥ នាក់មក ត្រូវសរសេរលិខិតម្នាក់មួយៗ ព្រោះអាហ្នឹងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែដោយដឹងថាក្នុងចំណោម ១៥ នាក់ មាន ២ នាក់ ដែលជាមនុស្សក្បាលរឹង ហើយប្រឆាំងជាមួយសាលដីកា ខ្ញុំនឹងអាចទាត់ចោល ២ នាក់នេះចេញ ហើយខ្ញុំដោះស្រាយឲ្យ ១៣ នាក់។ នេះជាសិទ្ធិអំណាចរបស់ខ្ញុំ។ ត្រូវពិនិត្យដែរ។ ពេលដែលអ្នកមិនទាន់មាននីតិសម្បទាខាងនយោបាយ អ្នកធ្វើសកម្ម​ភាពនយោបាយគឺនឹងខុស។ នេះមិនមែនជាការបង្ក្រាបខាងនយោបាយទេ ជាការដាស់តឿនដើម្បីពង្រីកនូវលំ​ហខាងនយោបាយ សម្រាប់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងក្នុងក្របខណ្ឌនីតិរដ្ឋ។

អញ្ចឹង សូមអភ័យទោសពីឯកឧត្តមអគ្គរដ្ឋទូតជប៉ុន ដែលខ្ញុំឲ្យសារនេះ ខ្ញុំមិនចង់ឲ្យសារទៅឯកឧត្តមតាមរយៈជំនួបផ្ទាល់ទេ ខ្ញុំនិយាយចំហដើម្បីឲ្យឯកឧត្តមក៏បានលឺ អគ្គរដ្ឋទូតប្រទេសនានា គឺតែងតែតាមដានសំដីរបស់ខ្ញុំ និងអ្នកនយោបាយមួយចំនួន។ ខ្ញុំបានបើកទ្វារហើយ។ ធ្វើច្បាប់។ មុននេះគេសុំមក យើងអត់ធ្វើនីតិសម្បទាបាន ព្រោះអញ្ចេះ ច្បាប់ស្តីពីពន្ធនាគារអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីចុះហត្ថលេខាលើកលែងទោសពេលណាក៏បានដែរ ប៉ុន្តែក្នុងច្បាប់ស្តីពីបក្សនយោបាយ មិនបានបើកច្រកណាមួយសម្រាប់នាយករដ្ឋមន្ត្រី ស្នើទៅព្រះមហា​ក្សត្រ ដើម្បីធ្វើនីតិសម្បទា សម្រាប់អ្នកនយោបាយបានធ្វើនយោបាយឡើងវិញមុនកាលកំណត់នៃសាលដីការតុលាការកំពូលទេ។ ដូច្នេះបានជារាជរដ្ឋាភិបាលប្រឹងប្រែងធ្វើច្បាប់ វិសោធនកម្មច្បាប់ បើកច្រកសម្រាប់ការធ្វើនីតិសម្បទា ដែលត្រូវស្នើឲ្យរដ្ឋមន្ត្រីមហាផ្ទៃ ទៅនាយករដ្ឋមន្ត្រី ស្នើថ្វាយព្រះមហាក្សត្រ។ យើងបានធ្វើសម្រាប់មនុស្ស ៣ នាក់ហើយ។ ឥឡូវមនុស្សមួយចំនួនកំពុងរត់ការ។ មានមួយចំនួនឈ្លើយទៀត។ គេថាសុំឲ្យ​ដោះមេគេមុនទៅ គេនឹងធ្វើ។ ឯងមិនមកទេហី។ មិនមែនមុខដូចម៉ែអញទេ។ ពួកអានេះទាល់តែនិយាយធន់ហ្នឹង។ និយាយចឹងគេថា មើលសំដីអសុរោះ។ ប៉ុន្តែត្រង់វាជេរយើង វាអត់អសុរោះទេ …។

(តើអ្នកឯងជា)ស្អីក៏មានតម្លៃសម្បើម រហូតដល់យករដ្ឋមួយទៅនៅក្រោមបង្គាប់

ឯងថាចាំ ចាំទៅ … ខ្ញុំដឹង អ្នកឯងប្រជុំពីទីក្រុងភ្នំពេញតាមឡាន bus ទៅភ្នំតាម៉ៅ។ តើខ្ញុំដឹងទេ បើខ្ញុំចង់ធ្វើ ខ្ញុំចាប់លើឡាន bus ទាំងអស់។ អ្នកនៅភ្នំពេញ លោកស្រីប្រធានចលនាស្ត្រី លោកស្រីត្រូវដឹងមិនអាចលាក់បាំងអ្វីនឹងយើងបានទេ។ ដូចជានៅកំពង់ចាមគេប្រជុំលើឡាន bus ទៅខាងកំពង់ធំ ត្រឡប់មកវិញចូលចំការលើ។ ថ្ងៃស្អែកគេត្រូវប្រជុំនៅបឹងត្រកួន។ ស្មានតែគេមិនដឹង។ គ្រាន់តែគេមិនធ្វើទេ។ ប៉ុន្តែបើសិនមាននីតិសម្បទាខាងនយោបាយ គឺនាំគ្នាធ្វើទៅ។ គេបើកឲ្យហើយ … មិនមកទេហី។ កាន់តែស្រួលគ្រប់គ្រងសភាពការណ៍ … (តើអ្នកឯងជា)ស្អីក៏មានតម្លៃសំបើមខ្លាំងម្ល៉េះ រហូតដល់យករដ្ឋមួយទៅនៅក្រោមបង្គាប់របស់អ្នកឯង ក្នុងពេលដែលទោសរបស់អ្នកឯងមិនទាន់បានត្រូវកាត់ផង …។

ប្រព័ន្ធសង្គមតាមប្រទេសនីមួយៗចាប់យកទិន្នន័យ បើយើងប្រើវា

… ខ្ញុំគិតថា ជប៉ុនរាល់ថ្ងៃ អ្នកណានិយាយតាម line ជប៉ុនស្តាប់ទាំងអស់។ line ជារបស់ជប៉ុន … វាគ្មានអីជាអាថ៌កំបាំងទេ។ WhatsApp Viber ជារបស់អាមេរិក … telegram ជារបស់រុស្ស៊ី … Wechat ជារបស់ចិន …(បច្ចេកវិទ្យាសម័យឥឡូវ)គ្រាន់តែបង្ហោះ (មានសមត្ថភាព)ពង្រីកចំងាយ(ទទួល)របស់វា ៥ ពាន់ដង។ ដូចជាខ្ញុំនិយាយអញ្ចឹងលឺត្រឹម ១០ម៉ែត្រ។ ១០ ម៉ែត្រត្រូវគុណនឹង ៥ពាន់ដងទៅ។ យើងពិនិត្យមើលហេតុអីបានជាអ្នកនៅក្នុងនាវាមុជទឹកក្រោមសមុទ្រ គេអាចមានទំនាក់ទំនងជាមួយគ្នាបាន មើលរូបភាពគ្នាបាន។ អ្នកឡើងទៅដល់ឋានព្រះច័ន្ទ ឋានព្រះអង្គារ៍ ឋានអីនោះគេទាក់ទងមកខាងក្រោម និយាយគ្នាឆ្លើយឆ្លងគ្នាដោយឃើញរូបភាពបាន។ ម៉េចក្នុងបន្ទប់យើងគេមើលមិនឃើញ។ រាល់ថ្ងៃនេះខ្ញុំព្រួយដែរ ក្រែងលោគេឃើញក្នុងបន្ទប់ខ្ញុំ។ ព្រោះយើងវាអត់ទាន់មានអាបច្ចេកវិទ្យាដល់ហ្នឹង។ ប៉ុន្តែប្រទេសធំៗគេមានទៅហើយ។

ប្រើ Location ដើម្បីងាយស្រួលក្នុងការស្វែងរកគ្នា

ខ្ញុំបាននិយាយម្តង ខ្ញុំថា ៨ នាទី គ្រប់គ្រាន់ដើម្បីដឹងថាអ្នកឯងនៅកន្លែងណា។ (ពួក)វាបែរជាបកស្រាយថា ៨នាទីអាចចាប់ខ្លួនបាន។ ខ្ញុំសូមជម្រាបបើកក្នុងទូរស័ព្ទខ្លួនឯងមើលទៅ វាមាន Location វានៅហ្នឹងមែនទេ។ នៅពេលណាដែលថាយើងវង្វេងគ្នានៅក្នុងទីក្រុងភ្នំពេញ បាញ់ Location ឲ្យគ្នាភ្លាម អាចដឹងថានៅទីតាំងណា ហើយគេនឹងស្វែងរកគ្នា។ ខ្ញុំនិយាយពីរឿង ប៊ីនឡាដិន អត់ប្រើទូរស័ព្ទ។ ពិបាករក ប៊ីនឡាដិន។ ទម្រាំរកឃើញកន្លែងលាក់ខ្លួន ប៊ីនឡាដិន គឺត្រូវប្រើពេលប៉ុន្មានឆ្នាំឯណោះ ដោយសារ បីនឡាដិន អត់ប្រើទូរស័ព្ទ។ អត់មាន Location អីទាំងអស់។ បើអ្នកឯងកាន់ទូរស័ព្ទហើយ ត្រូវច្បាស់ថា ទូរស័ព្ទអ្នកឯងបាននាំទៅជាមួយនូវទីកន្លែង។ អញ្ចឹងបានជាបង ហោ ណាំហុង តែងតែសួរខ្ញុំថាម៉េចបានពួក អ៊ីស្រាអ៊ែល វាពូកែខ្លាំងម្លេះ ពួកហាម៉ាស់បើកឡានទៅ (ក៏អាច)បាញ់ចំៗឡាន។ អាហ្នឹង Location បង … សូម្បីតែខ្ញុំទៅទីក្រុងតូក្យូ ខ្ញុំបាញ់ Location មកផ្ទះ ហើយពេលដែលខ្ញុំបាញ់ Location ភ្លាម ខ្ញុំចាប់ផ្តើមមើលទីតាំងខ្លួនឯងឈរជើងកំពុងនៅ ញូវអូតានី …។

អាចចាប់ ហ៊ុន សែន ថើប ប៉ុន្តែមិនអាចចាប់ខ្លួន ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានទេ

… អស់លោកធ្វើសកម្មភាពនៅទីក្រុងភ្នំពេញ មិនមែនគេមិនដឹងថាអស់លោកកំពុងធ្វើអីទេ។ ឥឡូវកំពុងរើសមនុស្សមួយសង្កាត់ ៥ នាក់ … ដើម្បីត្រៀមទទួលស្អី … ចុះចាប់ ហ៊ុន សែន … ឲ្យតែទៅរួច។ បងស្រី ប្អូនស្រី អ្នកមីង លោកអ៊ំ ចាប់ខ្ញុំបាន ចាប់ឱប ចាប់ថើប។ ក្នុងពេលដែលខ្ញុំចុះជួនកម្មករ ប្រមាណ ៩០ ម៉ឺននាក់ ប្រហែលមិនតិចជាង ៥ ពាន់នាក់ ទេ ដែលនារីៗថើបខ្ញុំ។ ចាប់ថើបដូចគុំមកពីកន្លែងណាមកតែម្តង។ ប៉ុន្តែមិនទាន់ខ្លាំងដូចនៅ អូស្ត្រាលី ទេណា អូស្ត្រាលី មិនដឹងមកពីកន្លែងណាថើបយកតែម្តង រួចអាសូរតែក្រែម មិនដូចក្រែមនៅស្រុកខ្មែរ ក្រែមស្រុកខ្មែរពេលដែលថើប ២ ឬ ៣ នាក់ អញ្ចឹងមកទៅគេឃើញ គេយកអាកន្សែងមកជូត ប៉ុន្តែក្រែមនៅអូស្ត្រាលី ចូលបន្ទប់ទឹកខ្វេះចេញ។ អាហ្នឹងចាប់បាន។ ប៉ុន្តែចាប់ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី បញ្ជាទ័ព និងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស វាដូចជាងាយពេកដឹង។ ក្នុងពេលដែលមានអតីតមេបញ្ជាការមួយនេះ បញ្ជាកងទ័ពចូលប្រយុទ្ធដោយមិនខ្លាចស្លាប់អ្វីទាំងអស់? មិនមែនជាមេទ័ពទេ គឺជាអ្នកបង្កើតទ័ពតែម្តង។ គោលដៅ ប៉ុល ពត ធ្វើ(សកម្មភាពមកលើ)ខ្ញុំ រហូតដល់ចុងក្រោយប្រើ បេ ៤៤ គ្រាប់បាញ់មកលើខ្ញុំ​។ ប៉ុន្តែ ហ៊ុន សែន មិនស្លាប់ទេ។ ហ៊ុន សែន ចុះដល់សមរភូមិប្រយុទ្ធ។ រឿងអីដែលបណ្តោយឲ្យគេចាប់លេងៗ … ស្មានតែកងទ័ពហ្នឹងតាមនរណាផ្សេងអី។ រង់ចាំមើលទៅ …។

សូមកុំលើកបញ្ហាយកកម្ពុជាឲ្យធ្វើជា ម៉ូឌែលនេះ ម៉ូឌែលនោះ

យើងក្នុងឋានៈជារដ្ឋឯករាជ្យ អធិបតេយ្យ យើងត្រូវការពារប្រជាពលរដ្ឋរបស់យើង ហើយសូមកុំលើកបញ្ហាយកកម្ពុជាឲ្យធ្វើជាម៉ូឌែលនេះ ម៉ូឌែលនោះ … សូម្បីតែប្រទេសជប៉ុន ថ្ងៃមុនបានខ្ញុំនិយាយនៅក្នុងអង្គប្រជុំ … ឯកឧត្តម ឯកអគ្គរដ្ឋទូត ជប៉ុន បានដឹងហើយ … ថាប្រទេសមួយៗ វាមិនដូចគ្នាទេ។ ខ្ញុំប្រាប់អង្គប្រជុំនៅក្នុងប្រទេសអំពីប្រទេសជប៉ុន។ ឆ្នាំ ២០១២ ចូលរួមប្រជុំអាស៊ាន នៅទីក្រុងភ្នំពេញ គឺគណបក្សប្រជាធិបតេយ្យជប៉ុន ដែលជាគណបក្សប្រឆាំងបច្ចុប្បន្ន ដែលមុននោះក៏ជាគណបក្សប្រឆាំងដែរ ក៏ប៉ុន្តែក្រោមការដឹកនាំរបស់លោក ហាតូយ៉ាម៉ា បានឈ្នះឆ្នោត ហើយបានកាន់អំណាច។ នាយករដ្ឋមន្ត្រីដែលចូលរួមប្រជុំអាស៊ាន-ជប៉ុន នៅទីក្រុងភ្នំពេញ គឺឈ្មោះ នាយករដ្ឋមន្រ្តី ណូដា នៅក្នុងបក្សប្រជាធិបតេយ្យ។ ពេលនោះបក្សប្រជាធិបតេយ្យ​របស់ ណូដា មិនទាន់អស់អាណត្តិទេ។ មកពីអីបានជានាយករដ្ឋមន្រ្តី ណូដា បង្ខំចិត្តត្រូវរំលាយសភា … ដោយសារតែគាត់មានសម្លេងភាគច្រើននៅសភាជាន់ទាប ប៉ុន្តែមានសម្លេងភាគតិចនៅសភាជាន់ខ្ពស់។

ឯកឧត្តម អាបេ ក្នុងពេលដែលគាត់វិលត្រឡប់មកធ្វើជាប្រធានបក្ស បន្ទាប់ពីការដែលគាត់លាចេញម្តងហើយនោះ គឺគាត់កាន់កាប់សភាជាន់ខ្ពស់។ ឯច្បាប់ថវិការបស់ជប៉ុនត្រូវបានអនុម័តដោយសភាជាន់ខ្ពស់មែនទេ? ឯកឧត្តម អគ្គរដ្ឋទូត។ ពេលហ្នឹង អាបេ បានដាក់លក្ខខណ្ឌថា បើអ្នកឯងមិនព្រមរំលាយសភា បោះឆ្នោតមុនអាណត្តិ ខ្ញុំមិនព្រមអនុម័តច្បាប់ថវិកាឲ្យ។ អញ្ចឹងហេតុអី? បាន អាបេធ្វើបាន? អញ្ចឹងមែនទេ? ខ្ញុំអត់និយាយពន្លើសទេ។ ខ្ញុំនិយាយចំពោះមុខ អគ្គរដ្ឋទូតជប៉ុន ព្រោះខ្ញុំជាអតីតរដ្ឋមន្រ្តីការបរទេសម្នាក់ ហើយធ្វើនាយករដ្ឋមន្ត្រី ក៏ត្រូវតែធ្វើជាមេដឹកនាំផ្នែកការទូត បន្ទាប់ពីព្រះមហាក្សត្រមក គឺនាយករដ្ឋមន្ត្រីហើយ។  អញ្ចឹងខ្ញុំតាមដាន​។ អញ្ចឹងពេលនោះដែល ណូដា បង្ខំចិត្តរំលាយសភាចេញពីទីក្រុងភ្នំពេញ បានតែ ២ ថ្ងៃ គាត់រំលាយសភា បោះឆ្នោត។ បោះឆ្នោតហើយបានបក្សរបស់ អាបេ ឈ្នះរហូតដល់ឥឡូវ តាំងពី ២០១២ មក អាបេ នៅរហូតដល់ថ្ងៃនេះ។ នៅឯម៉ាឡេស៊ី ដែលមុនបោះឆ្នោតរដ្ឋាភិបាលរបស់ ណាស៊ីប បានធ្វើវិសោធនកម្មច្បាប់ និងកែប្រែមណ្ឌលបោះឆ្នោត ដើម្បីធានាថាគាត់ឈ្នះ។ នោះនៅត្រង់ថាមណ្ឌលណាដែលធ្លាប់ចាញ់ បើចាញ់ពីរមណ្ឌលជាប់គ្នា គាត់ផ្គង់ពីរមណ្ឌលហ្នឹងឲ្យទៅជាមួយមណ្ឌល បើចាញ់ៗ តែមួយកៅអីទេ។ មណ្ឌលណាដែលគាត់ធ្លាប់ឈ្នះគាត់កាត់ចេញទៅជាពីរវិញ … ប៉ុន្តែដោយសារបញ្ហាវាធ្ងន់ធ្ងរពេក គឺធ្វើឲ្យ អ៊ូណូ ជួបប្រទះនូវការលំបាក។

កម្ពុជាគ្រាន់តែដំណើរការផ្លូវច្បាប់ប្រឆាំងនឹងគណបក្សមួយដែលបំពានច្បាប់របស់ប្រទេស

នៅប្រទេសថៃ កំពុងតែធ្វើយុទ្ធនាការបោះឆ្នោត។ ដែលមុននោះបក្សនយោបាយមួយៗ មានសិទ្ធិទទួលបានសម្លេងទាំងសមាមាត្រផង និងតាមឯកត្តនាមផង។ ប៉ុន្តែឥឡូវនេះច្បាប់ត្រូវបានកែប្រែ ឲ្យទៅជាបក្សមួយ បក្សណាទទួលឯកត្តនាម គឺទទួលតែឯកត្តនាម បក្សណាទទួលសមាមាត្រ គឺទទួលតែសមាមាត្រ។ ក្រៅពីនោះដើម្បីធានា គេហៅថាការចូលរួមជ្រើសរើសនាយករដ្ឋមន្ដ្រី រដ្ឋធម្មនុញ្ញប្រទេសថៃថ្មី តម្រូវឲ្យសមាជិកសភាដែលត្រូវបានតែងតាំងដោយយោធា មានសិទ្ធិបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ដ្រី ដូច្នេះទោះបីបក្សចាញ់ឆ្នោតក៏អាចធ្វើនាយករដ្ឋមន្ដ្រីបានដែរ។ ម៉េចបានប្រទេសនានា មិនលើករឿងនេះ(ចរចា)ជាមួយប្រទេសថៃ? មិនមែនជារឿងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង តែខ្ញុំគ្រាន់តែលើកឧទាហរណ៍ ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចយល់អំពីសភាពការណ៍។ ឯនៅប្រទេសមីយ៉ានម៉ា រដ្ឋធម្មនុញ្ញ ច្បាប់របស់គេ បញ្ជាក់ប្រាប់ថា ២៥% មិនបាច់មានការបោះឆ្នោតទេទុកឲ្យពួកយោធាតែងតាំងតែម្ដង។ តើវាយ៉ាងម៉េចអាហ្នឹង? ឯកម្ពុជាគ្រាន់តែធ្វើត្រឹមកម្រិតនៃដំណើរការផ្លូវច្បាប់ប្រឆាំងនឹងគណបក្សមួយដែលរំលោភបំពានជាមួយនឹងច្បាប់របស់ប្រទេស ហេតុអ្វីយើងគ្មានសិទ្ធិធ្វើ? គ្មានសិទ្ធិអនុវត្ដ? តើយើងជារដ្ឋមួយទេ? ហើយយើងមានបក្សនយោបាយ លំហប្រជាធិបតេយ្យនៅកម្ពុជាធំណាស់ គ្រាន់តែត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។

អ្នកវិភាគសូមវិភាគដោយសត្យានុម័តិ ដោយមិនលាយធាតុនយោបាយ /វិភាគខុស ទើបមិនដឹង ហ៊ុន សែន បត់ទៅខាងណា

អ្នកវិភាគមួយចំនួនថ្ងៃនេះ បានឱកាសយកទៅវិភាគហើយ ដូចជាស្អី ឡៅ ម៉ុងហៃ មាស នី។ ឡៅ ម៉ុងហៃ វិភាគ ១០ អាក្រក់ ៩។ មាស នី វិភាគ ១០ អាក្រក់ទាំង ១០។ ជេម សុខ វិភាគ ១០ អាក្រក់ ៧។ ត្រូវ ៣។ ខ្ញុំក៏មិនដែលស្គាល់គាត់ដែរ។ ប៉ុន្ដែវិភាគទៀតទៅ។ កន្លែងខ្លះយើងយកបាន។ លោក ជេម សុខ នៅអាមេរិក។ ឃ្លីបរបស់គាត់កាលពីមុនយកមកមើលឡើងវិញ ប៉ុន្ដែខ្ញុំមិនខឹងទេ។ មនុស្សកាលណាគ្មានធាតុនយោបាយចូលខ្លួនគឺវិភាគសត្យានុម័តជាង។ ក្រុមវិភាគមួយចំនួននយោបាយនៅពេញខ្លួន (ក៏ចេះ)តែវិភាគឡើងមកហើយ។ សូមផ្ដាំអ្នកវិភាគខ្លះតាំងខ្លួនជាអ្នករួបរួមតែសូម្បីប្រពន្ធវាមួយ វារួមមិនកើតផង តើធ្វើម៉េច?ជាពិសេសចោទសួរអញ្ចេះ បើប្រពន្ធលោកឯង លោកឯងមិនត្រូវផង រឿងអីមកត្រូវជាមួយអញ?

… ដូច ជេម សុខ មានទាំងវិជ្ជមាន និងអវិជ្ជមាន។ យើងទទួលយកទាំងអវិជ្ជមាន និងវិជ្ជមានមកមើល​ទាំងអស់​។ ជួនកាល អ្វីដែលគេវិភាគហ្នឹង មិនមែនសុទ្ធតែអាក្រក់ទាំងអស់ទេ។ វាមានករណី ដែលយើងអាចទទួលយកបាន។ ដូចជាករណី ជេម សុខ ករណី មាស នី គាត់វិភាគ ១០ កំហុសយើងស្ទើរតែ ១០ (ទោះ)គ្មានចំ​ណុចវិជ្ជមានក៏យើងទទួលមកគិតគូរ។ ឡៅ ម៉ុងហៃ ក៏យើងទទួលយកមកគិតគូរមើលយ៉ាងម៉េច។ ខ្ញុំអំពាវនាវឲ្យអ្នកវិភាគទាំងឡាយមានសត្យានុម័តិឲ្យច្បាស់ កុំប្រើធាតុនយោបាយអត់បានការទេ។ ដោយសារអស់​លោកអ្នកវិភាគខុសនឹងហើយដែលអស់លោកអ្នកមិនអាចយកឈ្នះ ហ៊ុន សែន បាន។ មិនដឹងថា ហ៊ុន សែន បត់ឆ្វេង ឬបត់ស្ដាំ។ ខ្ញុំចង់ឲ្យលោកធ្វើដំណើរវិភាគតាមបែបខុសតទៅទៀតចុះ … ខ្ញុំគា្មនការចាំបាច់ប្រដៅអស់លោកទេ។ គ្រាន់តែ(ចង់ដាស់តឿន)អស់លោកអ្នកឲ្យមានសុចរិតភាព។ ខ្ញុំពីថ្ងៃនេះទៅគឺបបួលអស់លោកស្បថទាំងអស់។ ទម្លាប់ខ្មែរយើងគឺស្បថ បើមានរឿងអីទៅព្រះអង្គដងកើទៅ វត្ថុសក្ដិសិទ្ធទាំងឡាយកាច់អ្នកណាដែលមួលបង្កាច់ កាច់ឲ្យអស់ទៅ ព្រោះធុននឹងវាមិនមានច្រើនទេវាតិចទេ។

ហេតុអ្វីប្រទេសដទៃប្រឆាំងការជៀតជ្រែកបរទេសបាន ហើយកម្ពុជាប្រឆាំងមិនបាន?

… សូមអភ័យទោសពីឯកឧត្តមអគ្គរដ្ឋទូត ព្រោះខ្ញុំត្រូវលើក(មកបកស្រាយ)។ ប្រទេសនានា ប្រឆាំងការជ្រៀតជ្រែក(បាន) ហេតុអីកម្ពុជាមិនអាចប្រឆាំងការជ្រៀតជ្រែក ដើម្បីការពាររដ្ឋរបស់ខ្លួនបាន។! អូស្ដ្រាលីប្រកាសប្រ​ឆាំងការជ្រៀតជ្រែក សឹង្ហបុរីប៉ុន្មានថ្ងៃមុនមានរដ្ឋមន្ដ្រីមួយថានឹងធ្វើច្បាប់ប្រឆាំងការជ្រៀតជ្រែក។ សូម្បីតែសហរដ្ឋអាមេរិកខ្លួនឯង ថារុស្ស៊ីជ្រៀតជ្រែកការបោះឆ្នោតនៅអាមេរិក។ រួចហើយកម្ពុជាគ្រាន់តែសុំមួយសុខ និងធ្វើការគោរពគ្នាទៅវិញទៅមក ហេតុយើងមិនអាចធ្វើបាន។ ពលរដ្ឋរបស់ខ្ញុំវេទនាច្រើនពេកហើយ ខ្ញុំអត់ចង់ឲ្យពលរដ្ឋរបស់ខ្ញុំណាម្នាក់ទទួលគ្រោះថ្នាក់ទេ ខ្ញុំមិនចង់ឲ្យពលរដ្ឋរបស់រងគ្រោះ សូម្បីតែជាប់ពន្ធនាគារ …។

ក្រុមមេធាវីសម្ដេច តេជោ ការពារក្ដីស្ដ្រីក្រីក្រ ចាប់ផ្ដើម

ឥឡូវនេះ មេធាវីរបស់ ហ៊ុន សែន បានចាប់ផ្ដើមដំណើរការហើយ មនុស្សជាង ៦០ នាក់ ដើម្បីការពារស្ដ្រីក្រីក្រ ខ្ញុំចាប់ផ្ដើមពីស្ដ្រីមុន ព្រោះស្ដ្រីនៅមន្ទីរឃុំឃាំងខ្លះ មិនត្រូវទាន់បានកាត់ទោស ដោយសារតែរឿងខ្វះមេធាវី បើខ្វះមេធាវីកាត់មិនបាន បើអញ្ចឹងភាពកកកុញនៅពន្ធនាគារ វាច្រើន។ ខ្ញុំសូមបញ្ជាក់សាជាថ្មី ជាសាធារណៈ សូមឲ្យបណ្ដាពន្ធនាគារទាំងឡាយបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទទៅ។ រឿងខ្ញុំបែកឲ្យដឹងទៅ។ ស្ដ្រីម្នាក់កូនប្រាប់ថា ម៉ាក់ឈប់និយាយទូរស័ព្ទទៅ។ ខ្ញុំបានឲ្យ ឯកឧត្តម អង្គ វង្សវឌ្ឍនា ឆៃ ស៊ីណារិទ្ធិ អ៊ឹង កន្ថាផាវី បានដឹងហើយ។ អារឿងប្រើប្រាស់ទូរស័ព្ទចេញពីពន្ធាគារ វានៅតែមានបន្ដ។ រត់ការដើម្បីយករួចខ្លួន។ តើសូកប៉ាន់អ្នកណា? វ៉ៃក្បាលអាអ្នកហ្នឹង។ ហ្នឹងដូចជាបទល្មើសហិង្សាស្អីនោះ។ វ៉ៃគេមកជាប់គុក ហើយឥឡូវកំពុងរត់ការ។ កូននោះប្រាប់ថា ម៉ាក់កុំនិយាយតាមទូរស័ព្ទ គាត់នៅតែនិយាយ មិនជឿកូន ថាគ្មានអាណាចាប់បានទេ …។

សម័យបច្ចេកវិទ្យាលែងមានអាថ៌កំបាំង

ខ្ញុំនិយាយបច្ចេកវិទ្យាព័ត៌មាន សូម្បីតែ Line ខ្ញុំសង្ស័យខ្ញុំសរសេរផ្ញើតាម Line ជប៉ុនចាប់យកទាំងអស់។ ខ្ញុំមានរឿងមួយកាលខ្ញុំទៅចរចានៅប្រទេសជប៉ុន ចេញពីបន្ទប់ភ្លាមមានអ្នកចូលទៅឆែកតាមបន្ទប់ អាធុងសំរាម ដល់នៅក្នុងធុងសំរាមមានក្រដាស ដល់យកចេញមកសុទ្ធតែលេខ។ ខ្ញុំសូមជម្រាបពេលហ្នឹង ពីទីក្រុងតូក្យូមកភ្នំពេញគ្រាន់តែតាមទូរស័ព្ទ តាម Fax ក៏វាយតាមអក្សរសំងាត់ដែរ។ ចាក់សោរ ៣ ជាន់ ។ ឧទាហរណ៍ អក្សរ ក មិនមែនចាប់ផ្ដើមអក្សរ ក ចេញពីលេខមួយទេ ដើម្បីស្មើនឹងអក្សរ ក ២ បូក ២ គុណ នឹងប៉ុន្មាន ចែកនឹងប៉ុន្មាន ដើម្បីស្មើនឹងអក្សរ ក។ ប៉ុន្ដែឥលូវនេះ ស្អីក៏បែកដែរ។ គ្រាន់តែ ហ៊ុន សែន បញ្ជូនសារពឹប បែកចេញក្រៅធ្លាយលឿនណាស់។ ពីដើមចារកម្មត្រូវយកសោរចាក់ទូរ ឥលូវមិនបាច់ទេ។ ឡាស៊ែសោន បង្ហោះ(ទទួលបានចម្ងាយ) ៥០០០ ដង … ទៅអង្គុយស្ដាប់នៅតាខ្មៅ។ វាគ្មានអីអាថ៌កំបាំងកើតទេ …។

កុំចាត់តាំងបណ្ដាញលួចលាក់បែបកុបកម្ម …

ការប្រជុំនៅបឹងត្រកួន អ្នកមេក្លោង រដ្ឋ សុធី ឥលូវផ្ដាំពីហ្នឹងទៅឲ្យហើយ រដ្ឋ សុធី កុំធ្វើ ប្រយ័ត្នជាប់ខ្នោះ។ នៅ​នេះ ស្រីមួយដើរតួរខ្លាំង ប្រជុំតាមឡាន Bus។ ថ្ងៃមុនប្រជុំពីភ្នំពេញទៅភ្នំតាម៉ៅ ឥឡូវកំពុងដំណើរការរៀបចំបន្ដទៀត។ សកម្មខ្លាំងណាស់។ ប្រយ័ត្ន។ បើបានជាជ្រុលធ្វើចេញមុខបណ្តោយទៅ។ កុំចាត់តាំងបណ្តាញលួច​លាក់ ដើម្បីត្រៀមរៀបចំកុបកម្ម។ អត់ត្រូវបានអនុញ្ញាត ហើយមិនត្រូវបានលើកលែងដាច់ខាត។ នេះជាបែបកុបកម្ម។ អានៅខាងក្រៅប្រកាសថា នឹងមកចាប់ ហ៊ុន សែន។ អញ្ចឹងគេរៀបចំមួយសង្កាត់ ៥ នាក់។ ផ្តាំឲ្យ​ហើយ មើលមុខ ហ៊ុន សែន ឲ្យច្បាស់។ និយាយអី ធ្វើហ្នឹង។ មានអ្នកតាមមើល។ តាមទាំងក្រៅប្រទេស និងក្នុងប្រទេស … ការពិត មាស នី នេះ អត់សូវបានមើលទេ។ ឡៅ ម៉ុងហៃ នេះ អត់សូវបានមើលទេ។ ដល់ទៅពេលដែលគេសរសេរ ដល់ពេលគេសម្ភាសន៍ អាម្សៀរនេះស្អីក៏ដឹងដែរ តែអត់ដឹងថា ហ៊ុន សែន និយាយពីអីផង​។ ខ្ញុំអាចនិយាយបានថា ជេម សុខ មើលខ្ញុំនិយាយ ពេលដែលខ្ញុំថ្លែងការ អញ្ចឹងបានជា ជេម សុខ ក្តាប់ជាប់ណាស់នូវចំណុច ដែលខ្ញុំនិយាយថ្ងៃណា អីថ្ងៃណា ជេម សុខ ក្តាប់បាន។ បើខ្លួនឯងក្ដាប់គេនិយាយមិនបានផង ហើយសម្ភាសន៍ពាសណាពាសណី។ គេប្រតិកម្មថាគេបិទសិទ្ធិ។ ខ្លួនឯងមួលបង្កាច់សម្តីគេសោះ។

បីដូចជាគេដណ្តើមសិទ្ធចាត់ចែងវាសនា មិនគោរពឆន្ទៈប្រជាជនកម្ពុជាជាង ៨៣%

… កុំភ្លេចថា បរិស្ថានជាទឹក បរិស្ថានជាលូ ទឹកស្អុយ អនាម័យ សម្អាតទីក្រុង អភិវឌ្ឍទីក្រុង អភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ វាផ្តើមចេញពីសុខសន្តិភាព និងស្ថិរភាពនយោបាយ វាផ្តើមចេញពីការអនុវត្តច្បាប់របស់ប្រទេស ក្នុងឋានៈជារដ្ឋឯករាជ្យ អធិបតេយ្យ។ ប្រទេសយើងដូចជាត្រូវគេដណ្តើមយកសិទ្ធិមកចាត់ចែងជោគវាសនាលើក្បាលរបស់យើងទៅវិញ ដោយមិនផ្តល់សិទ្ធិឲ្យប្រជាជនជាង ៨៣% ដែលចូលរួមបោះឆ្នោត ប្រើប្រាស់នូវអំណាចរបស់ខ្លូន ដើម្បីចាត់ចែងជោគវាសនារបស់ខ្លួនទេ។ ប៉ុន្តែ ខ្ញុំមិនខ្វល់ថា រឿងអីកើតឡើងទេ អ្វីដែលសំខាន់យើងត្រូវងើបឈរឡើង ក្នុងការឈានទៅមុខ។

អភិក្រម ៥ បាវចនា ២៖ កែទម្រង់ក្នុង ពង្រីកមិត្តខាងក្រៅ លើមូលដ្ឋានឯករាជ្យ និងអធិបតេយ្យភាព

ខ្ញុំបាននិយាយហើយ អភិក្រម ៥ បាវចនា ២ គឺកែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅ លើមូលដ្ឋាននៃឯករាជ្យ និងអធិបតេយ្យភាពជាតិ។ អភិក្រមទាំង ៥ រួមមាន ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់ ហើយអាទិត្យកន្លងទៅក៏មានការវះកាត់ដែរ។ សូមផ្ញើសារឲ្យមន្រ្តីនានាប្រយ័ត្នប្រយែង។ ខ្ញុំគ្មានការចាំបាច់នឹងនិយាយជាមួយរដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីមហាផ្ទៃ ក្នុងការដកចៅហ្វាយស្រុក ដកខេត្ត ដកមេទាហាន មេប៉ូលីស ក្នុងដែនសមត្ថកិច្ចរបស់ខ្ញុំទេ។ រវល់តែសួរអស់លោក ៥ ខែ ក្រោយមក មិនទាន់ឆ្លើយតប។ អញ្ចឹងទេ ខ្ញុំប្រើប្រាស់ត្រឹម ១៥ នាទី គឺគ្រប់គ្រាន់។ វាយ(លិខិតបញ្ជា) បោះត្រា និងស៊ីញ៉េព្រឹប។ Facebook ខ្ញុំនៅក្នុងដៃ បង្ហោះគឹប ហើយបញ្ជូនឲ្យ Fresh News ដោយសារវាលឿនជាងគេ។ បើឲ្យតាមទូរទស្សន៍ ទាល់ដល់ម៉ោង(ព័ត៌មាន)បានវាផ្សាយ។ ប៉ុន្តែ Facebook ខ្ញុំលឿន។

អំណោយ

ចុងក្រោយ ថ្ងៃនេះ មានការចូលរួមពីកាយាឬទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៤០០ នាក់ ក្នុងម្នាក់ៗសូមជូនថវិកាចំនួន ២ ម៉ឺនរៀល។ ហើយជូនសាលាខណ្ឌដូនពេញ ថវិកា ២ លានរៀល ក្រុម តន្រ្ដីសម័យថវិកា ៥ លានរៀល។ ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហាន ៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ខ្ញុំសូមជូនពរចំណងមិត្តភាពកម្ពុជា-ជប៉ុនស្ថិតស្ថេរ ចេរកាល និងជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមនៅក្នុងឱកាសនេះ សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕