សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបបងប្អូនកូនក្មួយកម្មករជាង ១ម៉ឺននាក់ នៅខេត្តកណ្តាល

29

នៅព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ រោងចក្រដែលបានអនុញ្ញាតអោយកម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមកពីរោងចក្រសហគ្រាសក្នុងស្រុកអង្គស្នួលចំនួន៣៣ និងក្រុងតាខ្មៅចំនួន១។ រោងចក្រទាំង៣៤នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៦, ខ្មែរចំនួន៥, កូរ៉េចំនួន១, ជប៉ុនចំនួន១ និងអាមេរិកចំនួន១។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ កម្មការិនី នៅក្នុងខេត្តកណ្តាលនាពេលនេះ។ ថ្ងៃនេះ ក៏ជាថ្ងៃចុងក្រោយនៃជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងបងប្អូនក្មួយកម្មករ កម្មការិនី នៅក្នុងខេត្តកណ្តាលនេះ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រលាញ់ សម្តេចជារៀងរហូតមក។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណដល់ម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយកម្មករកម្មការនីបានឈប់សំរាកនៅល្ងាចថ្ងៃនេះ ដោយទទួលបានប្រាក់ឈ្នួលពេញ។ នេះគឺបានបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាពយ៉ាងខ្លាំងចំពោះភាពរីកចម្រើននៃវិស័យឧស្សាហកម្មកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឆ្នាំនេះផងដែរ ក៏ជាឆ្នាំដែលរាជរដ្ឋាភិបាលកំពុងតែតម្រង់ទិសនៃការអភិវឌ្ឍ និងវិនិយោគផ្សេងៗពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់បណ្តាលខេត្តនានា ដែលទាំងនេះគឺទាមទាឲ្យយើងកសាងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាអោយបានច្រើន ដូចជាផ្លូវតភ្ជាប់ជាដើម។ ជាក់ស្តែងដូចជាផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ដែលពេលនេះមានរោងចក្រ និងសហគ្រាជាច្រើនសន្ធឹកសន្ធាប់ដែលបានផ្តល់ការងារយ៉ាងច្រើនដល់កូនក្មួយកម្មករ កម្មការិនីរបស់យើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ផងដែរថាកម្ពុជាមិនពឹងផ្អែកតែវិស័យកសិកម្មមួយមុខនោះទេ យើងត្រូវពឹងផ្អែកលើវិស័យផ្សេងៗសំខាន់ៗជាច្រើនទៀតដូចជា វិស័យឧស្សាហកម្ម សេវាកម្មទេសចរណ៍ និងកសិឧស្សាហកម្មដែលមានការកែឆ្នៃផលិតផលកសិកម្មផ្សេងៗក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្មួយៗកម្មករកម្មការិនី និង បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល ក៏ដូចប្រជាពលរដ្ឋជានៅទូទាំងប្រទេសដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅតាមបែបលទ្ធិប្រជាធិបតេយ្យ ជាពិសេសបងប្អូនបានទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ សម្តេចតេជោ នៅតែបន្តចុះជួបសួរសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះបីក្នុងលក្ខ័ខ័ណ្ឌណាក៏ដោយក៏ សម្តេចតេជោ មិនទៅណាចោលប្រជាពលរដ្ឋកម្ពុជាឡើយ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យមានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ហើយអ្នកមានផ្ទុកមេរោគអេដស៍ទៀតសោត សូមកុំដើរចម្លងទៅអ្នកដទៃ គឺត្រូវចេះថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អ។ទន្ទឹមនឹងនេះដែរ សម្តេចតេជោ មានមោទនភាពយ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃអត្រាមេរោគអេដស៍ដែលពេលនេះនៅសល់ត្រឹមតែ 0.៦% តែប៉ុណ្ណោះ។ សព្វថ្ងៃនេះ ក៏មានការព្រួយបារម្ភផងដែរចំពោះកូនក្មួយភេទទី៣ ដែលស្រលាញ់ភេទដូចគ្នា។ សម្តេចតេជោ មិនជំទាស់អ្វីទេ ហើយបានសំណូមពរកុំឲ្យមានការរើសអើងចំពោះក្រុមភេទទី៣នេះ។

ដើម្បីជំរុញការអនុវត្តការងារអោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុចដូចខាងក្រោមៈ

១) ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៩ គឺ ១៨២ ដុល្លារ បើក្រុមហ៊ុនផ្តល់ជូនកម្មករលើសនេះគឺរិតតែល្អប្រសើរ និងបើកប្រាក់ខែ ២ដង ក្នុងមួយខែ។

២) ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្ម ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣) ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤) ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀលនិងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥)អនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅ ឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការ ឡើងថ្លៃពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧) អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយៗកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត) ហើយ។

៨) អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អ ប្រសើរ។

៩) ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះ ស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់ក ម្មករ កម្មការិនីអោយបានឆាប់បំផុត។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មកក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធានាដល់ សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។

១០)ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាអោយកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅ ធ្វើការនៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីនក៏បានបញ្ជូនពលរដ្ឋអោយទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅសហរដ្ឋអាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជាការខ្មាសអៀនឬអាក្រក់អ្វីទេ។បច្ចុប្បនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងបានខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូពា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាមបានទៅធ្វើការនៅទីនោះ។កន្លងរាជរដ្ឋាភិបាលក៏បានជួយដោះស្រាយនឹងនាំយកកាន់ប្រទេសវិញចំពោះបងប្អូនកម្មករមួយវចំនួនដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និង និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយ និងកម្មការិនីមានផ្ទៃពោះចំនួន (២៩៨) នាក់ផងដែរ៕