កម្ពុជាកំពុងកែសម្រួលព្រលានយន្តហោះអន្តរជាតិ ត្រៀមទទួលកិច្ចប្រជុំអន្តរជាតិធំៗចំនួនពីរនាពេលខាងមុខ

34

កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំកិច្ចប្រជុំគណៈកម្មការតាមដាន​ និងត្រួតពិនិត្យការសាងសង់អាកាសយាន​ដ្ឋានអន្តរជាតិទាំងអស់នៅកម្ពុជា ជាមួយនឹងក្រុមហ៊ុនសម្បទានបារាំង SCA ក្រោមអធិបតីភាពឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការ ដោយមានវត្តមានចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សរ​ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម និងសំណង់ ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ជា អូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះផ្តោតលើប្រធានបទសំខាន់ៗចំនួន៣។ ទីមួយ​ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច

អគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី​ ក្រុមហ៊ុន​ SCA បាននិងកំពុងរៀបចំចំណតយន្តហោះថ្មីមួយកន្លែង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ អោយរួចរាល់ក្នុងខែមិថុនា​ ឆ្នាំ២០១៩​ ដែលនឹងអាចទទួលអោយយន្តហោះប្រភេទ Code C (​Airbus 320, Airbus 321) ចំនួន១២គ្រឿងចតបាន​ ដើម្បីត្រៀមលក្ខណ:សម្រាប់ទទួលយន្តហោះថ្នាក់ដឹកនាំនានាដែលអញ្ជើញមកចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប​ នៅឆ្នាំ២០២០​ ខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ​

ក្រុមហ៊ុន​ SCA បាននិងកំពុងពង្រីកបន្ថែមផ្លូវ​រត់​យន្តហោះ​ ពី២៥០០ម​ ទៅ៣៣០០ម​ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ​ អោយបានរួចរាល់ទាន់ពេលសម្រាប់ទទួលយន្តហោះថ្នាក់ដឹកនាំនានាដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា​ នៅចុងឆ្នាំ២០២២​ ខាងមុខនេះ​ និងដើម្បីអោយយន្តហោះខ្នាតធំប្រភេទ​ Code E ដូចជា​ Boeing 777 អាចចុះចតបានផងដែរ​ ក្នុងគោលដៅបង្កើភ្ញៀវទេសចរមកកាន់កម្ពុជា។ សូមបញ្ជាក់ថា​ គម្រោងទាំងពីរនេះត្រូវបានយកមកជជែកពិភាក្សាអំពីផែនការថវិការបស់ក្រុមហ៊ុន​ SCA សម្រាប់ឆ្នាំ២០១៩នេះ​ សម្រាប់ព្រលានយន្តហោះអន្តរជាតិទាំង៣នៅកម្ពុជាបច្ចុប្បន្ន៖​ ភ្នំពេញ​ សៀមរាប​ និងព្រះសីហនុ។

ទី២.​ ចំពោះការគ្រប់គ្រងទូទៅនៅព្រលានអន្តរជាតិភ្នំពេញ ដែលកន្លងមកមានការរិះគន់ពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាពលរដ្ឋមួយចំនួន ពាក់ព័ន្ធនឹងប្រព័ន្ធបង់ប្រាក់សម្រាប់ចំណតយានជំនិះនៅក្នុងព្រលាន​។

ចំពោះករណីនេះ ក្រុមហ៊ុនបានពន្យល់ថា ដោយយោងលើកំណើននៃអ្នកប្រើប្រាស់ចំណត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមហ៊ុនសម្រេចដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង់ថ្លៃចំណតថ្មីនេះ ដើម្បី បញ្ជៀសការកកស្ទះនៅក្នុងអាកាសយាដ្ឋាន និងផ្តល់សេវាកាន់តែប្រសើរជាងមុនដល់អ្នកប្រើប្រាស់។ ក្នុង ករណីនេះ ក្រុមហ៊ុនបានផ្សព្វផ្សាយពីរបៀបប្រើប្រាស់ប្រព័ន្ធបង់ថ្លៃចំណតថ្មីនេះរួចរាល់ហើយ​ និងដាក់ឱ្យប្រើប្រាស់កាតសម្រាប់ទូទាត់ថ្លៃចំណតដើម្បីសម្រួលដល់ការបង់ថ្លៃចំណតថ្មីនេះផងដែរ។​ គណ:កម្មការ​ និងក្រុមហ៊ុនបានឯកភាពគ្នាអោយក្រុមហ៊ុនបង្កើនការផ្សព្វផ្សាយព័ត៌មាន​អោយបានទូលំទូលាយ​ ជូនសាធារណ:ជនជ្រាប​ និងធ្វើអោយប្រព័ន្ធបង់ប្រាក់មានលក្ខណ:កាន់តែងាយ​ស្រួល និងប្រសើរឡើង​ ដើម្បីសម្រួលដល់ការចេញចូលរបស់សាធារណ:ជន។

ទី៣​ គណ:កម្មការនឹងចុះទៅពិនិត្យ​ខ្លោងទ្វារច្រកចូល VIP របស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញបច្ចុប្បន្នដែលបានសាងសង់រួចរាល់​ និងរៀបចំកម្មវិធីសម្រាប់ការប្រគល់-ទទួលខ្លោងទ្វារនេះ​ ជាមួយភាគីពាក់ព័ន្ធ​ នាពេលឆាប់ៗខាងមុខនេះ៕