សមាជិកព្រឹទ្ធសភាបារាំង សន្យាតស៊ូមតិ ជាមួយប្រទេសនៅសហភាពអឺរ៉ុប ដើម្បីផ្តល់ភាពយុត្តិធម៌ដល់កម្ពុជា

43

ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្ដម ហ្រ្វង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ (François  Grosdidier)  សមាជិកព្រឹទ្ធសភាបារាំងនិង ជាអនុប្រធានក្រុមមិត្ត ភាពព្រឹទ្ធសភាបារាំង-កម្ពុជា បានអះអាងថា នឹងជួប ពិភាក្សាបន្តបន្ទាប់​ជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីឱ្យ​ពិនិត្យឡើងវិញ នៃការ​ដាក់​សម្ពាធ​មកលើ​កម្ពុជា ក្រោមលេសចោទប្រកាន់ពីបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។ 

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបពិភាក្សាការងារ ​រវាង​លោកជំទាវកិត្ដិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង  ឯកឧត្ដម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភា-ព្រឹទ្ធ​សភា និងអធិការកិច្ចបានបញ្ជាក់ថា ឯកឧត្ដម ហ្រ្វង់ស្វ័រ ហ្គ័រ៉ូស ឌីឌីយេ បានចាត់ទុកថា    ​ អ្វី ដែលសហភាពអឺរ៉ុបបានលើកឡើងគឺជាលេសពិតប្រាកដ​ដើម្បី​​ដាក់​​​គំ​នាបមកលើប្រទេស កម្ពុជា តាមរយៈការគំរាមដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)​​ ដែល​ជាក់ស្តែងនៅចំពោះ មុខនេះ គេកំពុងនិយាយពីវិស័យអង្កររបស់កម្ពុជា។  ឯកឧត្ដមបានបន្តថា បើនិយាយពីប្រជាធិបតេយ្យ និងការគោរព​សិទ្ធិមនុស្សនៅកម្ពុជា គឺមានលក្ខណៈល្អប្រសើរជាងប្រទេសនៅអឺរ៉ុប​និងនៅ​ប្រទេស ប្រជាធិបតេយ្យមួយ​ចំនួន​ទៅ​ទៀត ដែលប្រទេសខ្លះមានការឡើងកាន់ អំណាចមិន​មានការបោះឆ្នោតផង។ ទន្ទឹមនេះ សហភាពអឺរ៉ុប មកនិយាយ​តែ​កម្ពុជា ខណៈកម្ពុជារៀបចំ ការ​បោះឆ្នោតគ្រប់អាណត្តិ និងមាន គណបក្សនយោបាយជាច្រើន​ចូលរួមប្រកួតប្រជែង ពិសេស​ការ​បោះ​ឆ្នោតកាលពី​ឆ្នាំ​២០១៨កន្លងមក ដែលមានគណបក្សនយោបាយរហូតដល់​​ទៅ២០បានចូលរួម និងមាន​ប្រ​ជា​​ពល​រដ្ឋ​ទៅ​បោះឆ្នោតជាង ៨៣ភាគរយ។ ឯកឧត្ដម ហ្រ្វង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ បាន​ធ្វើ​ការប្រៀបធៀបចំៗទៅនឹងប្រទេសអ៊ីតាលី ដែលជា​ប្រ​ទេស​​​​សមាជិក​អឺរ៉ុប ដែលមិនបានគោរព និងអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពេញ លេញនៅឡើយទេ​មក​​​​ដល់​ពេល​នេះ  តែបែរជាបណ្តាប្រទេសនៅក្នុងអឺរ៉ុបខ្លួនឯង និង សហរដ្ឋអាមេរិក ធ្វើមិនដឹង មិនលឺទៅវិញ។ ឯកឧត្ដមបានបន្ថែមទៀតថា សហភាពអឺរ៉ុប គួរតែ​ពិនិត្យ​រួម​គ្នា ដើម្បីបន្ថយ កម្ដៅនយោបាយនៅកម្ពុជា។

ឯកឧត្ដម ហ្រ្វង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ បានថ្លែងទៀតថា នេះជាដំណើរទស្សនកិច្ចលើកទី២ របស់ ឯកឧត្ដមនៅ​កម្ពុជា ដែលតាម​រយៈទស្សនកិច្ចនេះ  បានមើលឃើញច្បាស់ពីសភាពការណ៍ ពិតនៅកម្ពុជា ទាំងល្បឿន នៃការអភិវឌ្ឍ ការរីកចម្រើនវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាគឺមានភាពធូរធារ ពិសេសឃើញពីជីវភាពរស់នៅរបស់​ប្រជាជន​កម្ពុជា ដែល​ផ្ទុយ​ពីការលើកឡើងរបស់បុគ្គលមួយចំនួនថាជា ប្រទេស គ្មានការ​គោរព​សិទ្ធិមនុស្ស និងមិនមាន​លទ្ធិប្រ​​ជាធិបតេយ្យ ។

​ជាការឆ្លើយតប លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណចំពោះ ការយកចិត្តទុក​ដាក់​របស់ភាគីបារាំង ដែលគាំទ្រកម្ពុជាលើយន្តការអនុវត្តន៍លទ្ធិប្រជាធិប​តេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលកំពុង​មាន​ភាពល្អប្រសើរនៅកម្ពុជា។ លោកជំទាវបន្ដថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិង កំពុងខិតខំបន្ថែមទៀត ក្នុង​ការ​ពង្រឹង​​សន្តិ​ភាព ការពារ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមរយៈការដោះស្រាយ និងបញ្ចប់ទំនាស់ គ្រប់​រូប​ភាព ដើម្បីប្រ​យោជន៍​ជាតិ និងប្រជាជនកម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ថា រយៈពេល២០ឆ្នាំចុងក្រោយនេះ ក្រោមយុទ្ធសាស្ត្រ នយោបាយឈ្នះ ឈ្នះ របស់សម្តេច​តេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ៕

ដោយ សួស សំរិត