សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​​​ក្នុងខួបលើកទី ១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម

64

  • សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនសមាជិក សមាជិកា ដែលបាន​ចូល​រួម​នៅក្នុងឱកាសនេះជាទីមេត្រី។

ឆ្នាំមុន ចំពេលយើងកំពុងធ្វើយុទ្ធនាការទ្រង់ទ្រាយធំសង្គ្រោះប្រជាពលរដ្ឋ​ពី​គ្រោះ​ខ្វះខាតទឹក

ថ្ងៃនេះខ្ញុំពិតជាមានការសប្បាយរីករាយដែលបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមទាំងអស់ ដើម្បីប្រារព្ធពិធីខួបលើកទី ១៥៤ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម នៅទីនេះ។ មួយឆ្នាំមុននេះ យើងបានជួបជុំគ្នានៅទីនេះ។ ខ្ញុំនៅចងចាំមិនភ្លេចទេ នៅពេលដែលយើងប្រារព្ធនូវទិវាខួបលើកទី ១៥៣ គឺចំពេលវេលា ដែលយើងកំពុង​ធ្វើ​យុទ្ធ​នាការទ្រង់ទ្រាយធំ ដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើងពីការខ្វះខាតទឹកផឹកតែម្តង។ ឆ្នាំកន្លងទៅ គឺជា​ឆ្នាំ​មិនត្រឹមតែខ្វះទឹកសម្រាប់ស្រោចស្រពប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងខ្វះរហូតដល់ទឹកប្រើប្រាស់ និងទឹក​សម្រាប់​ផឹក​ទៀតផង។ យុទ្ធនាការទ្រង់ទ្រាយធំនេះ បានប្រើកម្លាំងយ៉ាងធំ ទាំងកម្លាំងប្រដាប់អាវុធ ក៏ដូចជារដ្ឋបាល​គ្រប់​ជាន់ថ្នាក់ ការចូលរួមដ៏ខ្លាំងក្លារបស់កាកបាទក្រហម ក៏ដូចជាវិស័យឯកជនរបស់កម្ពុជា។

តាមរយៈនៃការខិតខំទាំងអស់នេះ វាក៏បានបន្សល់ទុកឲ្យយើងក្រៅពីសង្គ្រោះប្រជាពលរដ្ឋ រួចហើយនោះថវិកា ដែលកាកបាទក្រហមបានប្រមូលបានកាលពីឆ្នាំទៅ បានប្រើប្រាស់មួយភាគធំ ដើម្បីជួយជីកអណ្តូងទឹក ស្រះ​ទឹក​នៅតាមមូលដ្ឋាន ដែលបច្ចុប្បន្ននេះ ក៏បានជួយសម្រួលទៅឲ្យប្រជាពលរដ្ឋរបស់យើងនៅច្រើនទីកន្លែង ដែល​ធ្លាប់តែខ្វះខាតទឹកគ្មានទឹកប្រើប្រាស់។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះកាក​បាទ​ក្រហមកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសប្បុរសជនទាំងអស់ ដែល​បាន​ចូលរួមដោះស្រាយបញ្ហាកាលពីឆ្នាំទៅមិញ។

កាកបាទក្រហម នៅគ្រប់កន្លែង និងសម្រាប់ទាំងអស់គ្នា/កាកបាទក្រហម និងរាជរដ្ឋាភិបាល បំពេញអោយគ្នា

ការជួបជុំថ្ងៃនេះទៀត អនុញ្ញាតឲ្យខ្ញុំ តាងនាមរាជរដ្ឋាភិបាល សំដែងនូវការស្វាគមន៍ចំពោះវត្តមានឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ដែលមានវត្តមាននៅថ្ងៃនេះ ហើយ​ក៏បង្ហាញឲ្យឃើញអំពីសាមគ្គីភាពដែលយើងបាន និងកំពុងធ្វើរយៈពេលកន្លងទៅ។ អម្បាញ់មិញលោកប្រ​ធានកាកបាទក្រហម ក៏ដូចជាតំណាងកាកបាទក្រហមអន្តរជាតិប្រចាំកម្ពុជា បានធ្វើរបាយការណ៍ និងមានចំ​ណាប់​អារម្មណ៍រួចហើយ ប្រធានបទដែលត្រូវជ្រើសរើសរយៈពេលកន្លងទៅ និងឆ្នាំនេះ គឺ «កាកបាទក្រហម មាន​នៅគ្រប់កន្លែង និងសម្រាប់ទាំងអស់គ្នា»។ ប្រធានបទនេះ ពិតជាប្រធានបទត្រឹមត្រូវបំផុត ព្រោះថា វាមិន មែនគ្រាន់តែត្រូវនឹងសភាពការណ៍របស់កម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែវាត្រូវគ្រប់ជាមួយនឹងប្រទេសទាំងអស់។ ការ កើតនូវគ្រោះមហន្តរាយ បង្កឡើងដោយធម្មជាតិក្តី ដោយមនុស្សក្តី គឺតែងកើតឡើងនូវមូលដ្ឋានឯណោះ។ ដូច្នេះ​វត្តមាននៃកាកបាទក្រហមដែលមាននៅគ្រប់ទីកន្លែងធ្វើសកម្មភាពភ្លាមៗ គឺជាការចាំបាច់បំផុត​សម្រាប់​ដោះស្រាយបញ្ហាទាំងអស់នោះ។

ខ្ញុំអរគុណជាមួយនឹងការខិតខំប្រឹងប្រែងរៀបចំនូវបណ្តាញរបស់កាកបាទក្រហមកម្ពុជា ដែលខ្ញុំបានលើក​ថាជា​ការ​ឈ្លាសវៃបំផុតមួយ ដែលកាកបាទក្រហមកម្ពុជាបានធ្វើការគួបផ្សំ រវាងចលនារបស់ខ្លួនជាមួយនឹងយន្ត​ការ​របស់រាជរដ្ឋាភិបាលដែលនៅក្រោមជាតិ ដែលនេះគឺជាការបំពេញឲ្យគ្នា និងដោះស្រាយបញ្ហាជាមួយគ្នា។ ការ​ដោះស្រាយបញ្ហា គឺមិនអាចដោះស្រាយបញ្ហាដាច់ដោយឡែកគ្នារួចទេ ក៏ប៉ុន្តែ សកម្មភាពនៅតាមបណ្តា​ខេត្ត​នានា និងនៅតាមស្រុកនានា ដែលបង្កើតបានទៅជាកម្លាំងដ៏ខ្លាំងមួយ នៃកាកបាទក្រហមរបស់យើង គឺ​ជា​ស្មារតីយកចិត្តទុកដាក់ និងប្រើកម្លាំងមិនខ្ជះខ្ជាយ គឺជាការប្រើកម្លាំងសរុប មធ្យោបាយសរុប ដើម្បីដោះ ស្រាយបញ្ហាដែលបានកើតឡើងនៅគ្រប់ទីកន្លែង។ ខ្ញុំលើកទឹកចិ​ត្តឲ្យបន្តការរៀបចំពង្រឹងនូវយន្តការ​នេះជាបន្ត​ទៀត ដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍ ដែលចេះតែកើតឡើងនូវគ្រោះមហន្តរាយ ពីប្រភេទមួយទៅ​កាន់​ប្រភេទមួយ ឆ្នាំទៅរាំងស្ងួត ខ្វះទឹកទទួលទាន ឆ្នាំនេះទឹកច្រើន ហើយក៏មានខ្យល់កន្ត្រាក់ និងរន្ទះថែម​ទៀត​ផង។

យុវជនកាកបាទក្រហម រួមចំណែក​ជួយ​អប់រំ​មិត្ត​នៅក្នុងក្របខណ្ឌភូមិ ឃុំ ថ្នាក់រៀន

ខ្ញុំលើកទឹកចិត្ត ចំពោះកាកបាទក្រហមកម្ពុជា ហើយជាពិសេសក៏សូមកោតសរសើរចំពោះចៅៗ ក្មួយៗ ដែល​ជា​យុវ​ជនកាកបាទក្រហមកម្ពុជា ដែលមានវត្តមាននៅគ្រប់ទីកន្លែង។ កាលពីប៉ុន្មានខែមុននេះ ខ្ញុំបានធ្វើដំ​ណើរ​ទៅ​គ្រប់​ខេត្តតាមរយៈនៃការប្រើប្រាស់រថយន្តជាង ៥០០០ គីឡូម៉ែត្រ ហើយដែលត្រូវចូលទៅតាមវិទ្យា​ល័យ​មួយចំនួនធំ គឺថានៅគ្រប់ទីកន្លែងមានវត្តមាន នៃយុវជនកាកបាទក្រហម ហើយនោះហើយគឺជា​កម្លាំង​ដែល​ធ្វើសកម្មភាពបច្ចុប្បន្នផង ហើយក៏​ក្លាយទៅជាកម្លាំងបន្តវេន សម្រាប់ចលនាកាកបាទក្រហម​នាពេល​អនា​គតផង។ កម្លាំងដ៏មានវិន័យ នៃយុវជនកាកបាទក្រហមពិតជាបាននាំមកនូវការ​ចូលរួមចំណែក​ជួយ​អប់រំ​មិត្ត​នៅក្នុងក្របខណ្ឌភូមិ ឃុំ ហើយជាពិសេសនៅក្នុងថ្នាក់រៀនជាមួយគ្នា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ស្តីអំពី​បញ្ហា​គ្រឿងញៀន និងបញ្ហាភាពមិនប្រក្រតីផ្សេងទៀតរបស់មិត្តភក្តិ គឺមិត្តជួយមិត្តនោះឯង។

ថវិកាដែលប្រមូលបាន គឺពិតជាប្រើប្រាស់បានចំគោលដៅ

ថ្ងៃនេះ ជំនួបរបស់យើង គឺជាជំនួបគ្របដណ្តប់ទូទាំងប្រទេស ហើយជំនួបនេះ ក៏ជាជំនួបរវាងអ្នកត្រូវការឲ្យគេ​ជួយ និងអ្នកដែលមានលទ្ធភាពជួយ។ ខ្ញុំបានឃើញពាក្យស្លោកដែលដាក់នៅខាងក្រៅ​ក៏បានលើកឡើងថាវប្ប​ធម៌​ចែក​រំលែក​ចាប់ផ្តើមចេញពីខ្ញុំ។ វាពិតប្រាកដណាស់ នៅក្នុងប្រទេសរបស់យើង ខ្ញុំពិតជាអរគុណជាមួយ​នឹង​​សប្បុរសជន ដែលបានតែងចូលរួមចំណែកជាមួយនឹងកាកបាទក្រហមកម្ពុជា ដើម្បីជួយឲ្យកាកបាទ​ក្រ​​ហម​កម្ពុជាមានលទ្ធភាពប្រើប្រាស់នូវថវិកាទាំងនោះ ជួយទៅដល់ប្រជាជនក្រីក្រ។ ថវិកាដែលប្រមូលបាន​មក​នេះ គឺពិតជា​ប្រើប្រាស់បានចំគោលដៅ ហើយជួយបានពិតប្រាកដទៅដល់ជនក្រីក្រ។ ឥឡូវនេះ កាកបាទ​ក្រ​ហម​ហាក់ដូចជាបានឈានមួយជំហានថែមទៀត នោះត្រង់ថា អាចឈានទៅដល់ការជួយ​ធ្វើផ្ទះសម្បែងជូន​អ្នក​ក្រីក្រគ្មានលទ្ធភាព។ ពិតមែនតែថវិកាមានកម្រិត ក៏ប៉ុន្តែ វិធីសាស្រ្តនៃការដោះស្រាយបញ្ហាទាំងអស់នេះ គឺ​ជា​ជម្រើសដ៏ល្អបំផុតជួយដល់ប្រជាជនកម្ពុជាខ្លួនឯង។ ខ្ញុំក៏អរគុណប្រិយមិត្តបរទេស និងធុរជនបរ​ទេស ដែល​បាន​មករកស៊ីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា។

ព្រះសង្ឃក៏បានរួមចំណែកក្នុងសកម្មភាពមនុស្សធម៌

ខ្ញុំមិនភ្លេចជាមួយនឹងការខិតខំរបស់ព្រះសង្ឃ ដែលរយៈពេលកន្លងទៅ បានបង្ហាញនូវការយកចិត្តទុកដាក់​ចូល​រួ​ម​ក្នុងសកម្មភាពមនុស្សធម៌ តាមរយៈនៃការផ្តល់ជំនួយដោយផ្ទាល់ជូនចំពោះអ្នកខ្វះខាត ហើយក៏តាម​រយៈ​នៃ​ការផ្តល់​នូវជំនួយទៅដល់កាកបាទក្រហម។ តាមទម្លាប់ធម្មតា ព្រះសង្ឃបានទទួលនូវទេយ្យទាន និង​វត្ថុ​នានា។ ព្រះសង្ឃមិនបានប្រើប្រាស់ខ្លួនឯងទេ ក៏ប៉ុន្តែ លៃទុកដើម្បីជួយមកកាកបាទក្រហមកម្ពុជា ដូចជា ចាន ឆ្នាំង វែក ជាដើម។ តាមរយៈនោះ កាកបាទក្រហមកម្ពុជាក៏បានជូនរបស់ទាំងនោះ ទៅដល់ជនដែល​មាន​សេចក្តីត្រូវការ។ ខ្ញុំពិតជាមានការរីករាយ ដែលសង្កេតឃើញថា ជនរួមជាតិរបស់យើងចេះជួយគ្នា។ ពិត​ហើយ វាមិនអាចធ្វើ​បានគ្រប់ៗគ្នាទេ។ រដូវកាលដែលយើងកំពុងតែប្រមូលថវិកាដើម្បីជួយដល់ជនរងគ្រោះ ក៏​មាន​ជារដូវកាលដែលមនុស្សមួយចំនួនបានធ្វើបុណ្យផ្កា ឬក៏រៃអង្គាសដើម្បីជួយបក្សនយោបាយនោះដែរ។

សង្គ្រាមនៅមជ្ឈឹមបូព៌ាកាន់តែឡើងកម្តៅ

​នៅប្រទេសមួយចំនួន ក៏បានធ្វើការរៃអង្គាសគ្នា ដើម្បីទិញអាវុធដើម្បីវាយគ្នាផងដែរ។ ដូចដែលលោកតំណាង​កាក​បាទ​ក្រ​ហម​អន្តរជាតិប្រចាំកម្ពុជាបានលើកអម្បាញ់មិញ នៅលើពិភពលោកនេះ មានបញ្ហាច្រើនណាស់ ដែល​វាមិនត្រឹមតែបានកើតឡើងនូវគ្រោះធម្មជាតិទេ ប៉ុន្តែ វាកើតឡើងដោយសារមនុស្សជាអ្នកបង្ក។ សង្គ្រាម​នៅ​អាហ្វហ្កានីស្ថានមិនទាន់ត្រូវបានបញ្ចប់ទេ ហើយវាកាន់តែឡើងកម្តៅទៀតផង។ សង្គ្រាម​នៅមជ្ឈឹមបូព៌ា ទាំង​នៅស៊ីរី ទាំងនៅអ៊ីរ៉ាក់ ទាំងនៅលីប៊ី ទាំងនៅយេម៉ែន ទាំងនៅប្រទេសមួយចំនួនផ្សេងទៀត គឺកើនឡើង    កម្តៅ​។ ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានទទួលលិខិតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីអញ្ជើញ​ឲ្យចូល​រួម​ប្រជុំសន្និសីទអន្តរជាតិ ដើម្បីរកជំនួយផ្តល់ទៅដល់ប្រទេសយេម៉ែន នៅឯទីក្រុងហ្សឺណែវ។ នោះតើមកពីអ្វី? គឺសង្គ្រាម​ដែលបង្កដោយមនុស្ស មិនមែនជាកត្តាធម្មជាតិទេ។ បញ្ហានេះ សង្ឃឹមថា ប្រជាជាតិ​របស់យើង យល់ឲ្យបានច្បាស់អំពីតម្លៃនៃសន្តិភាព។

ថ្ងៃនេះ កាកបាទក្រហមរបស់យើងបានប្រឹងប្រែងរកជំនួយ ជួយទៅ​ដល់​ប្រជាជនក្រីក្រ ប្រជាជនដែលជួប​​ប្រ​ទះ​​នូវគ្រោះមហន្តរាយធម្មជាតិ ហើយក៏មានមួយផ្នែកបានផ្តល់ជំនួយ​ទៅ​ដល់​ប្រជាជនរងគ្រោះបណ្តាលមកពី​សង្គ្រាម​ពី​អតីតកាល ដែលគេទម្លាក់គ្រាប់បែក និងកប់គ្រាប់មីន ​ដែល​ធ្វើឲ្យប្រជាជនយើងបន្តការស្លាប់ និង​របួស​តទៅទៀត។ សូមកុំឲ្យការប៉ុនប៉ងណាបង្កើតឡើងវិញនៅស្ថានភាព​សង្គ្រាម​​ឲ្យសោះ។ វត្តមាននៃសន្តិ​ភាព​គឺ​ផ្តល់ឱកាសឲ្យយើងកែលម្អនូវស្ថានភាពទាំងឡាយ ដែលយើងត្រូវកែលម្អ ប៉ុន្តែ ប្រសិនបើប្រទេសកើត​សង្គ្រាម​វិញ វាមិនត្រឹមតែគ្មានឱកាសដើម្បីកែលម្អ ជាមួយឧទាហរណ៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់បម្រើ​សេច​ក្តីត្រូវការរបស់ប្រជាជននោះទេ ក៏ប៉ុន្តែ សូម្បីតែជីវិតរបស់យើង ក៏មិនអាចគង់វង្សបានដែរ។

ភាពមិនប្រាកដប្រជាលើបញ្ហាឧបទ្វីបកូរ៉េ

នៅក្នុងតំបន់អាស៊ីរបស់យើង កំពុង​ប្រឈមនឹងភាពមិនប្រាកដប្រជាលើបញ្ហាឧបទ្វីបកូរ៉េ។ ប៉ុន្មាន​ថ្ងៃ​មុននេះ ការ​ជួបជុំរបស់មេដឹកនាំអាស៊ាន ក៏មានវាគ្មិនថ្នាក់ដឹកនាំដែលបានលើកឡើងថា នៅពេលដែលយើងភ្ញាក់ពី​ដេក​ តើវាមានអ្វីនឹងកើតឡើង? ខ្ញុំគិតថា ទាំងសហរដ្ឋអាមេរិក ទាំងកូរ៉េខាងជើង មិនគួរគម្រាមគ្នាទៅវិញទៅ​មក​យ៉ាងដូច្នេះ បង្កឲ្យមានការភ័យខ្លាចនៃប្រជាជននៅក្នុងឧបទ្វីបកូរ៉េផង និងនៅក្នុងតំបន់នោះផងទេ។ ការ​គម្រាម​កំហែងគ្នាទៅវិញទៅមក សម្រាប់ការប្រើប្រាស់ទាំងអាវុធនុយក្លេអ៊ែរ ទាំងមិននុយក្លេអ៊ែរ គឺសុទ្ធតែជា​ការ​បំ​ភិត​បំភ័យទៅដល់ពិភពលោក ឬឈានទៅដល់ការបំផ្លាញពិភពលោក។ លទ្ធផលចុងក្រោយ គឺមាន​តែ​អ្នក​ចាញ់ប៉ុណ្ណោះ។ សង្ឃឹមថា ប្រទេសមហាអំណាចនុយក្លេអ៊ែរ ហើយដែលកំពុងតែបង្អួតសាច់ដុំដាក់គ្នា ជា​ម៉ែគ្រាប់បែក និងជាឪគ្រាប់បែក ជានុយក្លេអ៊ែរ និងមិននុយក្លេអ៊ែរ គប្បីត្រូវគិតគូរឡើងវិញ​អំពីជម្រើស​នយោ​បាយ​ផ្សេងៗគ្នា ជាជាងជម្រើសនៃការប្រើប្រាស់អាវុធ និងការគម្រាមកំហែងប្រើប្រាស់អាវុធ។

សូម្បីតែកម្ពុជាខ្លួនឯ​ងក៏​ត្រូវគិតគូរ ចំពោះពលកររបស់ខ្លួនដែលកំពុងរស់នៅកូរ៉េខាងត្បូង។ ពិត​ហើយ ខ្ញុំបាន​និ​យាយ​ថា វាគ្រាន់តែជាការគម្រាមតែប៉ុណ្ណោះ ឯលទ្ធភាពមានសង្គ្រាមវាតិចណាស់ ប៉ុន្តែពាក្យសំដី​របស់​ប្រ​ធា​នា​ធិបតី របស់មេដឹកនាំដែលគម្រាមប្រើអាវុធនុយក្លេអ៊ែរ ឬគម្រាមវ៉ៃប្រហារគ្នា មិនមែនជាពាក្យសំដីកូន​ក្មេង​ទេ។ ខ្ញុំមិនមែនប្រដៅចំពោះប្រធានាធិបតី ឬមេដឹកនាំនៃប្រទេសផ្សេងនោះទេ ក៏ប៉ុន្តែសំដីរបស់អស់​លោក​អ្នក​បាន​ធ្វើឲ្យប៉ះពាល់ ប៉ះទង្គិចមកលើប្រទេសដទៃទៀត មិនមែនគ្រាន់តែប៉ះទង្គិចរវាងអ្នកទាំងពីរដែលជា​សត្រូវ​នឹង​គ្នាទេ។ សង្គ្រាមវាបំផ្លាញ។ ឥឡូវនេះយើងវិលមកគិតអំពីបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង គ្រោះ​មហន្ត​រាយបានកើតឡើងជាបន្តបន្ទាប់។ យើងត្រូវដោះស្រាយបញ្ហានេះជាអាទិភាព នៅក្នុងចំណោមនយោ​បាយ​អាទិភាពរបស់យើង។

សូមយុវជន/នារី កុំប្រើប្រាស់គ្រឿងញៀន

ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីអំពាវនាវចំពោះយុវជន យុវនារី និងមាតាបិតា ជាពិសេសខ្លួនផ្ទាល់របស់យុវជន និង​យុវនារី សូមគេចវេស និងជៀសវាងអំពីបញ្ហាគ្រឿងញៀន។ គ្រឿងញៀនបានធ្វើឲ្យយើងពិបាក ដោយសារ​​តែ​យុវជនដែលប្រើប្រាស់គ្រឿងញៀនទាំងនោះ បានខូចខ្លួនប្រាណ ប៉ុន្តែមួយផ្នែកទៀត រាជរដ្ឋាភិបាលក៏ត្រូវ​ទាញ​ថវិកា​មួយចំនួនដែលធ្លាប់តែយកទៅប្រើប្រាស់ក្នុងគោលដៅនៃការអភិវឌ្ឍ ឬគោលដៅដទៃទៀត យកមក​ព្យា​បាលគ្រឿង​ញៀន។ នេះមិនគ្រាន់តែជាការរំខាននៅក្នុងគ្រួសារទេ តែវារំខានចំពោះប្រទេសជាតិទាំងមូល​ដែល​តម្រូវឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ទាញយកថវិកាមួយចំនួនដែលសម្រាប់យកទៅអភិវឌ្ឍ យកមួយ​ផ្នែក​ត្រ​ឡប់មកវិញ ដាក់បញ្ចូលទៅដោះស្រាយបញ្ហារឿងនេះ។ នេះមិនមែនជាជំងឺអត់ឃ្លានទេ ក៏ប៉ុន្តែជាជំងឺ​ដែល​សប្បាយជ្រុលរបស់យុវជន ដែលត្រូវចាញ់បោកគេ ជាពិសេសចាញ់បោកចំពោះក្រុម ដែលលក់​គ្រឿង​ញៀន។ មាតាបិតាជួយពិនិត្យមើល ហើយក៏សូមយោគយល់ កុំបន្ទោសការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ … កូន​យើងតែបីនាក់ផង អប់រំមិនបាន ​ដើរលេងផ្តេសផ្តាស បង្ហោះម៉ូតូ កាប់ចាក់ បងធំ ជក់គ្រឿងញៀន ខ្លះទៀត​ក៏​ល្អទៅ ខ្លះទៀតក៏ក្លាយទៅជាស្រីរកស៊ីផ្លូវភេទ។

… ត្រឹមបីនាក់ យើងលំបាកប៉ុណ្ណេះ ហើយមក​ស្តី​បន្ទោស​ឲ្យ​រដ្ឋា​ភិបាលដែលគ្រប់គ្រងប្រជាពលរដ្ឋ រហូត​ទៅ​ដល់ ១៥ លាននាក់ …​គួរស្តីបន្ទោសខ្លួនឯង​ដែលខ្វះ​ការ​ទទួល​ខុសត្រូវនៅក្នុងការអប់រំកូនចៅ។ កាលពី​ប៉ុន្មាន​ឆ្នាំ​នោះ ថវិការបស់យើងមួយទៀត ក៏បានវិភាគទៅលើជំងឺអេដស៍ ក៏ប៉ុន្តែឥឡូវនេះ ជំងឺអេដស៍បានថមថយចុះ នៅសេសសល់មួយចំនួនដែលយើងត្រូវបន្តការយកចិត្តទុកដាក់។ រឿងនេះក៏ជាបន្ទុករាជរដ្ឋាភិបាលសម្រាប់​ការ​ផ្តល់​ជំនួយ​សម្រាប់ជនរងគ្រោះ ទាំងគ្រឿងញៀនក៏ដូចជាការកើតនូវជំងឺអេដស៍។ (តើ)គួរប្រើប្រាស់ថវិកា​នេះ​លើ​​ការ​​អភិវឌ្ឍ ជាជាងការប្រើប្រាស់ថវិកានេះ មកព្យាបាលនូវការសប្បាយរបស់ក្រុមយុវជនមួយចំនួន​នោះ​ឬ​ទេ?

ប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍

ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមឲ្យគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់​បន្ថយ​គ្រោះថ្នាក់ដោយសារចរាចរណ៍។ ឥឡូវ នេះជាមធ្យម ៦ នាក់ ឬ ៧ នាក់ ក្នុងមួយ​ថ្ងៃនៃ​ការ​ស្លាប់​របួស​រាប់​ពាន់នាក់។ វាច្រើនជាងដំណាក់កាលនៃប្រទេសកម្ពុជាដែលមានសង្គ្រាមទៀតផង។ គ្រូពេទ្យមិនបាន​ឈប់​សម្រាកទេ។ មន្ត្រីនគរបាលរបស់យើងបានប្រឹងប្រែងខ្លាំងហើយ ក៏ប៉ុន្តែក្នុងចំណោមមួយរយនាក់ មាន​បី​នាក់​មិនគោរពច្បាប់ចរាចរណ៍ វាក៏អាចបំផ្លាញ ទៅដល់អ្នក ៩៧ នាក់ផ្សេង។ ខ្ញុំអំពាវនាវខិតខំ​ធ្វើយ៉ាង​ណា​ការ​ពារ​ជីវិតខ្លួនឯង និងការពារជីវិតអ្នកដទៃ។ មួយថ្ងៃៗត្រូវការឈាមច្រើនណាស់ ដើម្បីសង្គ្រោះអ្នកគ្រោះថ្នាក់​​ចរា​ចរណ៍នេះឯង។ … ការកាត់បន្ថយការប្រើប្រាស់ ការជិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការបើកបរ​ក្រោមឥទ្ធិ​ពល​នៃគ្រឿងស្រវឹង និងការមិនគោរពច្បាប់ចរាចរណ៍ គឺជាការកាត់បន្ថយការប្រើប្រាស់ឈាមដើម្បីទុកឈាម​នោះ ប្រើប្រាស់សម្រាប់ជំងឺដទៃទៀត។

ដោយកាកបាទក្រហមរបស់យើង ក្រោមប្រធានបទ «មាននៅគ្រប់ទីកន្លែង និងសម្រាប់ទាំង​អស់​គ្នា» មាន​ន័យ​ថា យើងជាមនុស្សម្នាក់ ចាត់ទុកថា ជាផ្នែកមួយនៃកោសិកានៃកាកបាទក្រហមដែរ បើទោះបីយើងមិនពាក់​ស្លាក​កាក​បាទក្រហម។ ខ្ញុំរីករាយដែលប្រធានកាកបាទក្រហម បានលើកឡើងអម្បាញ់មិញ អំពីការបន្តផ្តល់​ថវិកា ១ លានដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីការចូលរួមវិភាគទាននៅថ្ងៃនេះ សម្រាប់មន្ទីរពេទ្យ​គន្ធ​បុប្ផា។ ខ្ញុំក៏សូមអរគុណចំពោះសប្បុរសជននានា ដែលបានយកទៅជូនមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់ បើទោះ​បី​ជា​លោកវេជ្ជបណ្ឌិត Richner ដែលជាអ្នករៀបចំមន្ទីរពេទ្យនេះ កំពុងស្ថិតនៅក្នុងស្ថានភាពមានជំងឺ តែយើង​មិន​ត្រូវ​​​ទុកឲ្យមន្ទីរពេទ្យមួយនេះដួលរលំ ដោយសារអវត្តមានរបស់វេជ្ជបណ្ឌិត​ Richner នោះទេ …។

សង្ឃឹមថាទំនាក់ទំនងរវាងកម្ពុជា និងបារាំងនឹងបន្ត, អរគុណសារជូនពរពីសុខភាព

ខ្ញុំគិតថា ខ្ញុំមិនគួរនិយាយ​បន្តទៅ​ទៀត​ទេ តែខ្ញុំសុំយកឱកាសនេះ ទី ១ ដោយសារលទ្ធផលនៃការបោះឆ្នោត​នៅប្រទេសបារាំងបានដឹង​រួចហើយជាបណ្ដោះអាសន្ន គឺលោក Emanuel Macron ទទួលជោគជ័យ នៅក្នុង អត្រាសំឡេងឆ្នោត ប្រមាណជា ៦៥​%។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរ ចំពោះអនា គតប្រធានាធិបតី ដែលនឹងចូលកាន់តំណែង​ក្នុងប្រមាណថ្ងៃខាងមុខនេះ ព្រោះថានៅប្រទេសបារាំង គឺមិនរង់ ចាំយូរទេ គឺភ្លាម ហែរក្បួនភ្លាម។​ ក្រុមប្រឹក្សា​ធម្មនុញ្ញប្រកាសភ្លាម គឺក្លាយទៅជាប្រធានាធិបតីភ្លាមហើយ។ សង្ឃឹម​ថាទំនាក់ទំនង រវាងកម្ពុជា និងបារាំង​នឹងបន្តតទៅទៀត ទោះបីជាប្រធានាធិបតីនោះចេញ​​ពីបក្សនយោ​បាយ​ណាក៏ដោយ។

ឯចំណុចចុងក្រោយ ខ្ញុំសុំអរគុណចំពោះបងប្អូនទាំងឡាយ ដែលបញ្ជូនសារជូនពរខ្ញុំតាមរយៈហ្វេកប៊ុកក្ដី តាម​រយៈនៃសារជូនពរ​ចូលមកក្នុងទូរស័ព្ទដៃរបស់ខ្ញុំក្ដី ក៏ដូចជាបងប្អូននៅទូទាំងប្រទេស ដែលបារម្ភពីសុខភាព​របស់​ខ្ញុំ​ប៉ុន្មានថ្ងៃ​កន្លងទៅ។ នេះបង្ហាញអំពីការយកចិត្តទុកដាក់ទៅវិញទៅមក។ ហើយក៏ខ្ញុំផ្ដាំផ្ញើទៅអ្នកដែល​មិន​ត្រូវការខ្ញុំ ហើយចង់ផ្ដួលរំលំខ្ញុំ សុំកុំសង្ឃឹមថារង់ចាំឱកាសនៃសុខភាពរបស់ ហ៊ុន សែន ហើយសុំកុំរង់ចាំ​ការស្លាប់របស់ ហ៊ុន សែន ឲ្យសោះ។ អ្នកមិនអាចបន់ស្រន់ឲ្យទេវតា ឆក់យកជីវិតរបស់ខ្ញុំទេ ព្រោះទេវតាបាន​ចារ​មកឲ្យខ្ញុំនៅទីនេះច្រើនឆ្នាំ ហើយរាប់ទាំងអស់លោកដែលប្រមាថជីវិតរបស់ខ្ញុំផងដែរ ដែលធ្វើឲ្យលោក​បាន​រស់ ជីដូនជីតាឪពុកម្ដាយរបស់លោកបានរស់។ ការប្រមាថរបស់អស់លោក ឬអ្នកទាំងឡាយវាក្លាយ​ទៅជា​បណ្ដា​សារសម្រាប់អស់លោកទៅវិញទេ។

ថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ ក្នុងពិធីចម្រើនព្រះជន្ម ១៤ ឧសភា

ជាថ្មីម្ដងទៀតអរគុណចំពោះការ​ចូលរួមនៃឯក​ឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា លោកស្រី អស់លោក ដែល​​ថ្ងៃនេះ​សង្ឃឹមថានឹងមានការចូលរួម​វិភាគទានសម្រាប់សកម្មភាពកាកបាទក្រហម។ សូមឧទ្ទិសទិវាកាកបាទ​ក្រ​ហម​លើកទី ១៥៤ ជាចំណងសាមគ្គីភាពរវាងអ្នកត្រូវការឲ្យគេជួយ និងអ្នកដែលមានលទ្ធភាពជួយ និង​មាន​​ចិត្តសប្បុរសធម៌ដើម្បីជួយ។ ចុងបញ្ចប់ សូមជូនពរ ថ្វាយព្រះពរ ចំពោះព្រះករុណាព្រះមហាក្សត្រនៅក្នុង​ពិធី​ចម្រើនព្រះជន្មរបស់ព្រះអង្គ​នៅថ្ងៃទី ១៤ ខែឧសភាខាងមុខនេះ។ សូមព្រះអង្គគង់ប្រថាប់នៅជាម្លប់របស់​ប្រ​ជាជនកម្ពុជា ហើយក៏ជាព្រះរាជគំរូនៃសកម្មភាពមនុស្សធម៌សម្រាប់មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏​ដូច​​ជាប្រជាជន កម្ពុជានៅទូទាំងប្រទេស។ ព្រះអង្គតែងធ្វើសកម្មភាពទៅដល់មូលដ្ឋានជួបប្រជាជន​ដោយ​ផ្ទាល់។ ប្រជាពលរដ្ឋនៅទូទាំងប្រទេសនឹងផ្ដល់នូវពរជ័យថ្វាយចំពោះព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​របស់យើង។ សូមអរព្រះគុណចំពោះសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ ដែលបានគង់​ប្រ​ថាប់ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងតែងតែជួយដល់កាកបាទក្រហមកម្ពុជា តាំងពីកាកបាទ​ក្រ​ហមកម្ពុជាកើតចេញជារូបរាង ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ ​ព្រះបរមរតនកោដ្ឋ សូម​ព្រះអង្គមានព្រះជន្មយឺនយូរ ដើម្បីជាម្លប់សម្រាប់កូនចៅរបស់ព្រះអង្គ។ ជូនពរចំពោះ​សម្ដេច ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់​ សូមប្រកប​ដោយពុទ្ធពរ​ទាំង​បួនប្រការ​អាយុ  វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក