លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ពោធដាក់ឱ្យប្រើប្រាស់ មណ្ឌលសុខភាពគគីរ នៅខេត្តស្វាយរៀង

12

ស្វាយរៀង ថ្ងៃទី២៨ ខែមករា ​ឆ្នាំ២០១៩ -ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង បានសម្តែងការត្រេកអរយ៉ាងពន់ពេក និងបានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់មណ្ឌលសុខភាពថ្មីស្រឡាង ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះពួកគាត់ នៅតំបន់នេះជាទីរងគ្រោះគ្រាប់បែកគីមីអាម៉េរិកកាលពីសម័យសង្គ្រាម។ 

ពិធីសម្ពោធនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋជាង ១.០០០នាក់។

លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកោតសរសើរដោយស្មោះ ចំពោះសប្បុរសជន ដែលតែង​​តែបានចូលរួមចំណែក​អស់ពីកម្លាំងកាយចិត្ត ក្នុង​កិច្ចអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងពេលកន្លងមក រហូតធ្វើឱ្យ​មូល​ដ្ឋានភូមិ-ឃុំ នេះសម្រេច​បាន​នូវសមិទ្ធ​ផលថ្មីៗជាច្រើន។  ជាក់ស្តែង អគារមណ្ឌលសុខភាពគគីរថ្មីស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ បានរួមចំណែកយ៉ាងសំខាន់​ ក្នុងការផ្តល់សេវាថែរទាំ និង​ព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជា​ពិសេ​សស្រ្តី និង​កុមារ ។ មិនត្រឹមតែផ្តល់ការថែទាំ និងព្យាបាលជំងឺនៅក្នុងឃុំគគីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​អាច​ផ្តល់សេវាព្យាបាលជូនដល់បងប្អូន នៅតាម​បណ្តាឃុំនានាក្នុងស្រុករមាសហែកផងដែរ ពោលគឺនឹងរួមចំណែកជំរុញការផ្តល់សេវាថែទាំ​សុខភាព នៅក្នុងខេត្តស្វាយ​​រៀងកាន់​តែប្រសើ​រ​ឡើង។

លោកជំទាវបានបន្ដថា អគារមណ្ឌលសុខភាព ដែលបាននិងកំពុងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាពេនេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បើទោះបីជាចំនួនប្រជាពលរដ្ឋនៅឃុំគគីរ នៅពុំទាន់សមាមាត្រសមស្របនឹងបង្កើតមណ្ឌលសុខ​ភាព​យ៉ាងណាក្តី​។ ប៉ុន្តែដោយមានការគិតគូរអំពីសុខទុក្ខ ពិសេសបញ្ហាសុខភាពរបស់បងប្អូន ដែលរងគ្រោះដោយសារគ្រាប់បែកគីមី ដែលអាម៉េរិកបានទម្លាក់នៅចន្លោះ​ឆ្នាំ១៩៧០-១៩៧៥​ ទើបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្តល់ជូនអគារមណ្ឌ​លសុខភាពគគីរ ដ៏ថ្មីស្រឡាងនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

បន្ទាប់ពីក្រសួង​សុខាភិបាល បានរកឃើញថា មានបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារធាតុគីមី ឈ្មោះ អឺជែន អូរ៉េន (Agent Orange) ជាសារធាតុ ហឺបីសាយ (Herbicide) ដ៏សាហាវដែលបានប្រើប្រាស់នៅក្នុងសង្គ្រាម ដោយសារសហរដ្ឋអាមេរិកទម្លាក់ ​ដើម្បីកំទេចគម្របព្រៃឈើ និងកងទ័ពវៀតណាមខាងជើង និងទ័ពវៀតកុងនៅចន្លោះឆ្នាំ១៩៦១-១៩៧១។

លោកជំទាវ ម៉ែន សំអន បានថ្លែងបន្ថែមថា សារធាតុគីមីនេះបានបណ្តាលឱ្យកើតចេញជារោគស​ញ្ញាមិនប្រក្រតីមួយចំនួនដូចជា៖ ក្បាលធំ ស្វិតដៃ ស្វិតជើង ថប់ដង្ហើម ប្រតិកម្មស្បែក និងរមាស់ជាដើម។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែ​នាំទៅក្រសួងសុខាភិបាល ដាក់បងប្អូនប្រជាពលរដ្ឋក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលរងគ្រោះដោយសារសារធាតុគីមីអាម៉េរិក ទៅក្នុងកម្មវិធីសមធម៌ ពោលគឺទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ។ ក្នុងរយៈពេល៤០ឆ្នំា​កន្លងមកនេះ រាជរដ្ឋាភិបាលបានរួមគ្នាជាកម្លំាងកសាង ​និងអភិវឌ្ឍន៍ប្រទេ​ស​ឡើងវិញលើគ្រប់​វិស័យ ​ក្នុង​នោះ ក៏មាន​វិស័យសុខាភិបាល ​ជា​វិស័យ​​អាទិភាព​មួយយ៉ាងសំខាន់​ ដែលរាជរដ្ឋា​ភិបាលបានយកចិត្តទុក​ដាក់ និងត្រូវ​បាន​អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គួរឱ្យកត់​សម្គាល់ ​ទំាងការស្តារ​ ​ការពង្រីកហេដ្ឋារចនា​សម្ព័ន្ធមូល​​​ដ្ឋាន​សុខាភិបាល​ ការអភិវឌ្ឍនិងការ​ពង្រីក​​សមត្ថភាពស្ថាប័ន ​​ការបង្កើន​សមត្ថ​ភាព​ធន​ធាន​មនុស្ស ឱ្យបាន​ឆ្លើយ​តប​ទៅ​នឹង​​​តម្រូវការ​ ផ្នែកសុខភាព​ជា​សា​​រ​វ័ន្ត របស់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​​ ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី​៦​​ នៃរដ្ឋសភា បាន​ប្តេជ្ញាចិត្តយ៉ាង​​មោះ​មុត​ជាបន្តទៀត ក្នុងការកាត់បន្ថយភាព​ក្រីក្រឱ្យបា​នជាអតិបរមា ​និងការធានា​នូវសូច​នាករ​សំខាន់​ៗ ​ក្នុងវិស័យសង្គមកិច្ច ជាពិសេសវិស័យសុខាភិបាល និងបន្ត​អនុវត្តន៍នូវគោលនយោ បាយបង្កើន​វិ​សាល​​ភាព ប្រសិទ្ធភាព​ និងសេវាសុខភាពសាធារណៈឱ្យកាន់​តែប្រសើរ​ឡើ​ង​ ទទួល​បាននូវការជឿទុកចិត្ត ពីប្រជាពលរដ្ឋតាមរយៈការធ្វើកំណែទម្រង់ កាន់តែ​ស៊ីជម្រៅ​​​ខ្លំាង​ក្លា​ និងប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ ៕

ដោយ សួស សំរិត