លោកជំទាវ ម៉ែន សំអន៖ ទំនាក់ទំនងកម្ពុជា-ចិន បានបង្ហាញពីជំហរ​ជួយ កម្ពុជាលើវិស័យសេដ្ឋកិច្ចឱ្យមានការរីកចម្រើនទៅថ្ងៃអនាគត

26

ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តម  វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំកម្ពុជា បានជម្រាបជូន​ លោក​ជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី  ពីវឌ្ឍន ភាពថ្មីរបស់កម្ពុជាជាមួយនឹងចិន ដែល​ត្រូវ​​ចាប់​ផ្តើម​នៅ​ឆ្នាំ២០១៩នេះ ដោយ​ចិនប្រកាស គាំទ្រជួយកម្ពុជាលើ​វិស័យ​សេដ្ឋកិច្ច។

នេះបើតាមការ​បញ្ជាក់​​ពី ឯកឧត្តម  ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នក​នាំ​ពាក្យ នៅ​ក្រោយ​ជំ​នួប​​​រវាងឯកឧត្តម  វ៉ាង វិនធាន និងលោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

ឯកឧត្តមអគ្គរដ្ឋទូតថ្មីបានបញ្ជាក់ថា ភាគីទាំងពីរ​ កម្ពុជា​​-ចិន បានចុះហត្ថលេខាលើ​អនុ​ស្សរណៈចំនួន៨រួចហើយ នៅក្នុងអំឡុងពេលនៃដំណើរ​ទស្សនកិច្ចរបស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​​​ ទៅកាន់ប្រទេស​ចិនជាលើកដំបូងក្នុងឆ្នាំ២០១៩នេះ។

នៅក្នុងជំនួបសម្តែងការគួរសមនេះដែរ ឯកឧត្តម វ៉ាង វិនធាន បានរម្លឹកពីខ្លឹមសារ សំខាន់ៗនៃ​ដំ​ណើរទស្សន​កិច្ច​របស់​សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន ជូនលោកជំទាវឧបនាយរដ្ឋមន្ត្រី ម៉ែន សំអន ពិ​សេស​ការ​​ជួយ​លើក​កម្ពស់​​សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំអង្ករពីកម្ពុជាចំនួន៤០ម៉ឺនតោនក្នុងឆ្នាំ២០១៩​ទៅកាន់​ប្រ​ទេស​ចិន ហើយចិន​នឹង​​ជួយ​កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ៦០០លាន​ដុល្លា​រអាម៉េរិក​​​ចាប់​ពីឆ្នាំ​២០១៩ដល់ឆ្នាំ២០២១ និង​បង្កើន​​ភ្ញៀវ​ទេស​ចរ​​ចិន​មក​កាន់​​កម្ពុជាឱ្យ បាន៥លាននាក់ ក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ ព្រមទាំងការពង្រឹងការអនុវត្ត​ច្បាប់​រវាង​ប្រ​​ទេស​ទាំង​២ផងដែរ។

ឯកអគ្គរដ្ឋទូតចិនថ្មីរូបនេះ បានថ្លែងអំណរគុណ ចំពោះលោកជំទាវ ម៉ែន សំអន ដែលបានសហការជួយ​ដល់​បេស​​កកម្មរបស់មន្ត្រីការទូតចិនកន្លងមកឱ្យទទួលបានជោគជ័យ ហើយក៏សុំការណែនាំបន្តទៀតដើម្បីឱ្យបេសក​កម្ម​ការ​​ទូត​របស់ឯកឧត្តម លើក​នេះ កាន់តែល្អប្រសើរឡើងថែមទៀត ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឯកភាព គាំទ្រចំពោះបេសកម្មការទូតរបស់ឯកឧត្តម វ៉ាង វិនធាន ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន កម្ពុជា និងចិន នៅតែជាមិត្តល្អ ពិសេសគ្រា​ដែលកម្ពុជា​ជួបការ​លំ​បាក​ រដ្ឋា​ភិ​​បាល​ចិន តែងតែជួយជ្រោមជ្រែងដល់កម្ពុជាជាបន្តបន្ទាប់ លើការអភិវឌ្ឍគ្រប់វិស័យ ។

លោកជំទាវបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវការគាំទ្រ នយោបាយចិនតែមួយ និង​នយោ​បាយ ​ផ្លូវមួយ ខ្សែ​ក្រវាត់​មួយ ហើយពេលនេះលោកជំទាវ ម៉ែន សំអន សូមគាំទ្រ អនុវត្តចំពោះអនុស្សរណៈចំនួន៨ ដែល​បានចុះហត្ថលេខារួចហើយ ក្រោម​អធិ​ប​​តីភាពប្រមុខរដ្ឋាភិបាលទាំងពីរ កាលពីដំណើរទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅប្រទេសចិន ព្រោះ​ក្រ​សួង​ទំ​នាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ​និងអធិការកិច្ច មានភារកិច្ច​ធ្វើ​ជា​សេ​នាធិការឱ្យ រាជរដ្ឋាភិបាលកម្ពុជា លើការ​ងារ​តាមដានការ​អនុវត្ត​​ច្បាប់ ទប់​ស្កាត់​អំ​ពើ​​ពុក​រលួយ ភាព​អយុត្តិ​ធម៌​ក្នុង​សង្គម និងការរំលោភ​បំពានដោយប្រើ​អំណាច ដើម្បី​បម្រើប្រយោជន៍​បុគ្គល និងបក្សពួក និង​ការ​ពារសិទ្ធ​របស់​ពល​រដ្ឋ ពោល​គឺ​​ពង្រឹង អភិបាលកិច្ចល្អ ដែលជាស្នូល​ នៃ​យុទ្ធ​សាស្ត្រ​ចតុ​កោណ ដើម្បី​កំ​ណើន​ការ​ងារ សមធម៌និង​ប្រសិទ្ធ​ភាព​៕

ដោយ សួស សំរិត