ឆ្នាំវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ចិន នឹងពង្រឹងឱ្យទំនាក់ទំនងផ្នែកវប្បធម៌ ទេសចរណ៍ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ

29

ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ឆ្នាំវប្បធម៌ទេសចរណ៍ កម្ពុជា-ចិន ក្នុងឆ្នាំ២០១៩នេះ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ទេសចរណ៍​នៃប្រទេសទាំងពីរ កាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀតនាពេលអនាគត។ នេះបើយោង តាមការផ្សាយរបស់ក្រសួងទេសចរណ៍។

ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីនេះ ធ្វើឡើងក្នុងឱកាសផ្សព្វផ្សាយ គោលដៅទេសចរណ៍រួមគ្នាកម្ពុជា-ចិន នៅសណ្ឋាគារ សុខា ភ្នំពេញ កាលពីយប់ថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឡ ស៊ូកាង រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រ សិល្បៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា តាងនាមឱ្យប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីសម្ពោធទិវា ឆ្នាំវប្បធម៌-ទេសចរណ៍ កម្ពុជា-ចិន ដែលជាកម្មវិធីធ្វើឡើងរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យវប្បធម៌ និងទេសចរណ៍។ ទន្ទឹមនេះ កាលពីឆ្នាំ២០១៨ កន្លងទៅកម្ពុជា និងចិនបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើត ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលមាន សកម្មភាពវប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ដថា នៅក្នុងរយៈពេល៦០ឆ្នាំនេះ ប្រទេសទាំងពីរ បានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់រូបភាព ដើម្បីរក្សាសន្តិភាព ការអភិវឌ្ឍ និងការរីក ចម្រើនលើគ្រប់វិស័យដែលមានផលប្រយោជន៍ ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការរួមចំណែកកសាងសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់។ ឯកឧត្ដមបានបន្ដទៀតថា កន្លងមក កម្ពុជា និងចិនបានធ្វើការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំ ផ្សេងទៀតជាច្រើន ដើម្បីពង្រីកពង្រឹងមិត្តភាពដ៏យូរលង់ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជន និងប្រទេសទាំងពីរ។

ជាក់ស្តែង ដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្មានថ្ងៃមុននេះ នៅប្រទេសចិន បានទទួលលទ្ធផលដ៏ធំធេង ក្នុងការពង្រីក ពង្រឹងមិត្តភាពយ៉ាងកក់ក្ដៅ និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានផ្លែផ្ការវាងប្រទេសយើងទាំងពីរ ហើយឆ្នាំវប្បធម៌-ទេសចរណ៍កម្ពុជា-ចិនក្នុងឆ្នាំ២០១៩នេះ ក៏ជាលទ្ធផលនៃការឯកភាពរវាងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុង ឱកាសទស្សនកិច្ចនេះដែរលោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន បានប្រកាសផ្ដល់ជំនួយដល់កម្ពុជាចំនួន៤.០០០លានយ័ន និងទិញអង្ករពីកម្ពុជា ចំនួន៤០ម៉ឺន តោន ក្នុងឆ្នាំ២០១៩នេះ រួមទាំងការប្ដេជ្ញាការពារមិនឱ្យមានបដិវត្ដន៍ពណ៌ និងការការពារ សុខសន្ដិភាពនៅក្នុងតំបន់។

ឯកឧត្តមបានលើកឡើងថា វិស័យទេសចរណ៍កម្ពុជាមានសក្ដានុពលធំធេងណាស់ ដែលមានប្រាសាទជាង១.០០០ សមនឹងកិត្តិនាមជាព្រះរាជាណាចក្រអច្ឆរិយៈ រួមទាំងសម្បត្តិ វប្បធម៌ អរូបី និងតំបន់អេកូ-ទេសចរណ៍សម្បូរបែប។ រដ្ឋាភិបាលចិនក៏បានរួមចំណែកយ៉ាង ធំធេង ជួយជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ជាអាទិ៍ ជួសជុលប្រាសាទចៅ សាយទេវតា និងប្រាសាទតាកែវ ដែលបន្ដជួយជួសជុលប្រាសាទបុរាណផ្សេងៗទៀត​ពិសេស ប្រាសាទព្រះវិហារ។ សម្រាប់សម្បត្តិវប្បធម៌ទាំងអស់នេះ របស់កម្ពុជាជាប្រភពកាត់មិនដាច់ពី ការរីកចម្រើនអត់ឈប់ឈរនៃទេសចរណ៍កម្ពុជា។

ជាក់ស្តែងកាលពីឆ្នាំ២០១៨កន្លងមក កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ​៦.២លាន នាក់ ដែលក្នុងនោះទេសចរចិនប្រមាណ១.៩លាននាក់ ស្ថិតក្នុងលំដាប់លេខ១ ទាំងក្នុងឆ្នាំ ២០១៧ និងឆ្នាំ២០១៨។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ថែមថា កម្ពុជាសង្ឃឹមថា នឹងទទួល បានទេសចរចិនប្រមាណ៣លាននាក់ នៅឆ្នាំ២០២០ ហើយនឹងកើនដល់៥លាននាក់ នៅឆ្នាំ ២០២៥ និងប្រមាណ៨លាននាក់នៅឆ្នាំ២០៣០។ ជាមួយគ្នានេះដែរ ការកើនឡើងនៃទេសចរ ចិនមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ក៏ដោយសារមានការហោះហើរត្រង់ពីចិនមក កម្ពុជា ដោយក្រុមហ៊ុនអាកាសចរចិនចំនួន១២ ដែលក្នុងមួយអាទិត្យមានការហោះហើរមក កម្ពុជាចំនួន២០៧ជើង សរុបក្នុងមួយឆ្នាំមាន១.៥០៤ជើង ព្រមទាំងថ្មីៗនេះ មានការហោះហើរ ត្រង់ពីប៉េកាំងមកភ្នំពេញ ផងដែរ៕

ដោយ អ៊ុន រិទ្ធី