សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន

38

នៅព្រឹកថ្ងៃពុធ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា គ.ស ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន។

ក្នុងជំនួបនោះ លោក ឡ ស៊ូកាង បានសំដែងនូវការអបអរសាទរចំពោះសម្តេចតេជោ ដែលបានទទួល ជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកន្លងមក។ លោកបានមានប្រសាសន៍ថា ក្នុងជំនួបរវាងសម្ដេចជាមួយនឹងឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង គឺបានចង្អុលនូវផ្លូវដ៏ត្រឹមត្រូវ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ដោយឡែកក្នុងជំនួបជាមួយនឹង ឯកឧត្តម លី ខឺឈាំង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួននោះគឺអនុវត្តទៅតាមការចង្អុល បង្ហាញដ៏ត្រឹមត្រូវរបស់ប្រធានាធបតី ស៊ី ជិនពីង។ លោកបានបន្តថាដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះជាណាចក្រកម្ពុជាពេលនេះគឺតាមការអនុញ្ញាតពីឯកឧត្តម ស៊ី ជិនពីង ក៏ដូចជា ឯកឧត្តម លី ខឺឈាំង ដើម្បីប្រកាសនៅឆ្នាំវប្បធម៌ និងទេសចរណ៍រវាង ចិន និងកម្ពុជា ក្នុងន័យនេះដែរលោកក៏បានគោរពជំរាបរាយការណ៍ជូនសម្ដេចថា លោកនឹងធ្វើការជាមួយនឹងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏ដូចជាលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដើម្បីរៀបចំនូវសកម្មភាពផ្សេងៗសម្រាប់ឆ្នាំវប្បធម៌ និងទេសចរណ៍យើងឆ្នាំ២០១៩ នេះ ដែលរួមមានទាំងការរៀបចំឲ្យមានរបាំនិងសកម្មភាពផ្សេងៗទៀត ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងសម្ដែងនូវការគាំទ្រចំពោះការរៀបចំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោក ជំ ទាវ ក្រសួងវប្បធម៌កម្ពុជា។ សម្ដេចតេជោក៏បានចង្អុលបង្ហាញថាគប្បីធ្វើយ៉ាងណាឲ្យឆ្នាំទេសចរណ៍ និងវប្បធម៌យើង២០១៩នេះ អោយមានភាពរស់រវើក ហើយលើសពីនោះទៅទៀត សូមពិនិត្យមើលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរដែលមានតាំងពីអតីតកាលក៏ដូចជាទំនាក់ទំនងដែលមានចរិកជាប្រវត្តិសាស្ត្រនេះ៕