សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុង​​​​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​-​កម្មការិនី និងនិយោជិត នៅខេត្តកំពត

85

CNV: 

ការជួបក្នុងខេត្តកំពតត្រូវបានអាក់ខានដល់ជាង ១ ឆ្នាំ

… ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងក្មួយៗកម្មករ/ការិនីរបស់យើង ដែលក្នុងរយៈពេលកន្លងទៅ ក្មួយៗត្រូវរង់ចាំអស់រយៈពេលជាងមួយឆ្នាំ។ តាមការរៀបចំកាលពីចុងឆ្នាំ ២០១៧ នៅក្នុងពិធីបុណ្យសមុទ្រ នៅឯខេត្តកែប ពេលនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានរៀបចំឲ្យជួបតាំងពីក្នុងខែធ្នូ ឆ្នាំ ២០១៧ ឯណោះ ប៉ុ​ន្តែដោយសារតែពេលនោះ គឺមានការងាររវល់នៅទីក្រុងភ្នំពេញផង ហើយការធ្វើដំណើរមកកាន់ខេត្តកែបរបស់យើងនេះ ក៏ត្រូវធ្វើដំណើរតាមរថយន្ត។ អញ្ចឹងទេ បានជាស្នើសុំផ្អាកសិន … រហូតមកដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំ។ ចំណុចនេះ ក៏សុំអធ្យាស្រ័យពីសំណាក់ក្មួយៗកម្មករ/ការិនី ដែលទន្ទឹងរង់ចាំក្នុងការជួបនេះ។ ប៉ុន្តែដូចដែលធ្លាប់បាននិយាយហើយថា “មកយឺត ប្រសើរជាងមិនមក”។ យ៉ាងហោចណាស់ ថ្ងៃនេះ បើទោះបីជាយើងមានការយឺតយ៉ាវបន្ដិចក្នុងការជួប ក៏ប៉ុន្តែយើងនៅតែជួបគ្នាបាន ហើយនៅក្នុងស្ថានភាពដ៏ល្អប្រសើរមួយ គឺធាតុអាកាស ដែលមិនមានភ្លៀងធ្លាក់ ហើយក៏ចម្លែកត្រង់ថា ប៉ុន្មានថ្ងៃនេះ រងាបន្ដិចនៅខេត្តមួយចំនួន តែសម្រាប់ខេត្តនៅតាមមាត់សមុទ្រនេះ មិនសូវជារងាប៉ុន្មានទេ អនុគ្រោះសម្រាប់ការជួបគ្នាបែបនេះ។

ខេត្តកំពតមានឧស្សាហកម្មធុនធ្ងន់ គឺរោងចក្រស៊ីម៉ង់ត៍ ៣ និងវារីអគ្គិសនី ១

ថ្ងៃនេះ ខ្ញុំពិតជាមានការអរគុណជាមួយនឹងម្ចាស់រោងចក្រ កសិដ្ឋានទាំងឡាយ ដែលបានអនុញ្ញាតឲ្យកម្មករ/ការិនីមកជួបខ្ញុំនៅក្នុងពេលនេះ ហើយក៏បានទទួលការឈប់សម្រាករយៈពេលមួយល្ងាចនេះ បន្ទាប់ពីការជួបនេះទៅ។ នៅក្នុងការជួបនៅថ្ងៃនេះ ដំបូងខ្ញុំចង់ធ្វើការកត់សម្គាល់បន្ដិច អំពីលក្ខណៈពិសេស នៃខេត្តកំពតរបស់យើង។ ខេត្តកំពត បើនិយាយពីចំនួនរោងចក្រ ក៏ប្រហាក់ប្រហែលជាមួយនឹងខេត្តខ្លះ ប៉ុន្តែ អ្វីដែលខេត្តដទៃមិនមាននោះ នៅត្រង់ថា ខេត្តកំពតរបស់យើងនេះ គឺមានឧស្សាហកម្មធុនធ្ងន់ ក្នុងនោះ រោងចក្រស៊ីម៉ង់ត៍មានរហូតទៅដល់ ៣ រោងចក្រ និងវារីអគ្គិសនី ១។ នេះគឺជាចំណុចដែលខេត្តដទៃមិនមានលក្ខណៈយ៉ាងដូច្នេះទេ។

អ្នកធ្វើកសិដ្ឋានម្រេច និងចេក ខេត្តកំពត នឹងមានទីផ្សារល្អនៅចិន

បន្ថែមលើនោះ គឺមានកសិដ្ឋាន ខាងផ្នែកវិស័យកសិកម្ម ក៏បានមកចូលរួមនៅទីនេះផងដែរ។ ហើយក្នុងនេះ មានកសិដ្ឋានដំណាំម្រេចនាំចេញ និងក៏មានកសិដ្ឋានចំការចេក។ អញ្ចឹងអ្នកដែលចាប់យកនូវកសិកម្មចំការចេក ដែលចរិតជាកសិពាណិជ្ជកម្ម នៅពេលខាងមុខ អាចនឹងក្លាយទៅជាអ្នកដែលមានទីផ្សារដ៏ល្អ ដោយសារតែក្នុងទស្សនកិច្ចរបស់ខ្ញុំនៅឯប្រទេសចិនប៉ុន្មានថ្ងៃមុននេះ មិត្តចិនបានសន្យាទិញច្រើនណាស់ពីយើង ក្នុងហ្នឹងរាប់ទាំងចេក ក៏ប៉ុន្តែមិនមែនចេកកាប់មួយស្ទង ហើយបោះនាំចេញទៅដល់ស្រុកចិន រលួយអស់នោះទេ។ គេមានការវេចខ្ចប់ត្រឹមត្រូវ។ យើងនឹងត្រូវនាំទៅកាន់ទីផ្សាររបស់ចិននៅក្នុងមុខទំនិញនៅក្នុងវិស័យកសិកម្មនេះមានចំនួនច្រើន ដែលចំណុចនេះ ដែលជាចំណុចមានលក្ខណៈពិសេស។

ចំណុចពិសេសរបស់កំពត គឺខេត្តផលិតអំបិល

លក្ខណៈពិសេសមួយទៀតនៅខេត្តកំពតរបស់យើងនេះ គឺជាខេត្តតែមួយគត់នៅក្នុងប្រទេសកម្ពុជា​ ដែលជាខេត្តផលិតអំបិល។ ចំណុចនេះ គឺដោយសារឆ្នាំទៅការផលិតអំបិលលំបាក គឺដោយសារភ្លៀងច្រើន។ ហើយឆ្នាំនេះ ប្រហែលជាអំបិលរបស់យើងអាចនឹងមិនមានបញ្ហាទេ​ ដោយសារការព្យាករអាកាសធាតុទៅលើការដែលត្រូវធ្លាក់ភ្លៀង ប្រហែលជាត្រូវយឺត។ បើភ្លៀងយឺត ការផលិតអំបិលរបស់យើងដើម្បីផ្គត់ផ្គង់ទូទាំងប្រទេសនេះ គឺមិនមានបញ្ហាទេ។

អំពាវនាវ អំពីបញ្ហារដូវភ្លៀងមកយឺត សុំធ្វើស្រូវប្រាំងតែម្តងបានហើយ

ឆ្លៀតឱកាសនេះ … អំពាវនាវចំពោះបងប្អូនកសិករនៅទូទាំងប្រទេស អនុវត្តនូវសារាចរណ៍ណែនាំ ដែលខ្ញុំបានចុះហត្ថលេខា ហើយផ្សព្វផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះ នៅត្រង់ថា សុំមេត្តាធ្វើស្រែប្រាំងតែមួយដងបានហើយ បើមិនដូច្នោះទេ នឹងប្រឈមជាមួយនឹងបញ្ហាខ្វះទឹក។ ជិះតាមឧទ្ធម្ភាគចក្រពីទីក្រុងភ្នំពេញ មកដល់ខេត្តកំពតរបស់យើងនេះ ក្នុងតំបន់ខេត្តតាកែវមានតំបន់មួយចំនួន ទោះបីទឹកតិច ក៏ប៉ុន្តែនៅបន្តធ្វើស្រែប្រាំង។ តែបើបានជាជ្រុលធ្វើទៅហើយ សុំតែធ្វើម្ដងហ្នឹងបានហើយ។ ប្រជាជនរបស់យើងនៅតំបន់មួយចំនួន គាត់ឧស្សាហ៍ ឲ្យតែមានទឹក គាត់ធ្វើ(ស្រូវប្រាំង)។ អញ្ចឹងទេ ប្រសិនបើធ្វើ(ស្រូវប្រាំង) នឹងប្រឈមនឹងការខ្វះខាតទឹក ហើយគ្មានប្រភពទឹកបូមទៀតផង។ ប្រសិនបើជាការបូមទឹក ដើម្បីស្រោចស្រព ដើម្បីសង្រ្គោះស្រូវដែលមានការខូតខាត ផលស្រូវដែលយើងទទួលបាននោះ វាមិនគ្រប់គ្រាន់ស្មើនឹងប្រេង ដែលយើងបានចំណាយ ដើម្បីបូមទឹកនោះផង។ ដូច្នេះ បានជាឆ្លៀតឱកាសនេះ អំពាវនាវប្រជាកសិកររបស់យើងធ្វើស្រូវប្រាំងតែមួយដងបានហើយ បន្ទាប់ពីនោះ ឆ្លៀតដាំបន្លែបង្កាដទៃទៀតវិញ ជាជាងការផលិតដំណាំស្រូវ។ កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កសិកររបស់យើង ក៏ប៉ុន្តែ ប្រសិនបើមិនមានការណែនាំច្បាស់លាស់ទេ ទឹកនឹងមានការខ្វះ។ ឆ្នាំនេះ តាមការព្យាករធាតុអាកាស អាចនឹងឈានដល់ខែឧសភា ទើបនឹងមានភ្លៀងធ្លាក់។ អញ្ចឹងភ្លៀងកក់ខែ អាចនឹងមានចំនួនតិចទៅវិញ។ នេះគ្រាន់តែជាការជម្រាបជូនបន្ដិច។

កម្ពុជាធ្វើពហុវិស័យ

នេះក៏បង្ហាញឲ្យឃើញថា កម្ពុជារបស់យើងមិនមែនគ្រាន់តែពឹងពាក់តែលើវិស័យណាមួយដោយផ្ដាច់មុខនោះទេ យើងធ្វើពហុវិស័យ។ សូម្បីតែក្នុងវិស័យកសិកម្ម ក្រៅពីស្រូវនៅក្នុងខេត្តរបស់យើងនេះ បើនិយាយពីចូលទឹកដីខេត្តកំពត គឺគេនិយាយរឿងបានច្រើនណាស់ និយាយពីម្រេចក៏កំពត និយាយធូរេនក៏កំពត និយាយពីសាវម៉ាវក៏កំពត ប៉ុន្តែអកុសលតែខ្ញុំទេ មិនបានស៊ីនឹងគេនោះ។ បើនិយាយពីកំពត មានលក្ខណៈពិសេសរបស់ខេត្តកំពត។

ជំរុញការផលិតតាមស្ដង់ដារអន្តរជាតិ ដើម្បីការនាំចេញ

ម្រេចកំពតនេះល្បីល្បាញណាស់ ចូលទីផ្សារជប៉ុន។ នៅពេលដែលខ្ញុំទៅប្រជុំ​មេគង្គ-ជប៉ុន សម្រាប់តែគេដាក់តាំងបង្ហាញម្រេចរបស់ខេត្តកំពតចូលទីផ្សាររបស់ជប៉ុន។ យើងនៅមានផលិតផលច្រើនណាស់សម្រាប់ការនាំចេញ គ្រាន់តែបញ្ហាត្រូវដោះស្រាយឲ្យស្របទៅនឹងស្ដង់ដារជាមួយនឹងតម្រូវការរបស់ប្រទេសនីមួយៗ​។ ត្រូវចុះហត្ថលេខាក្នុងការទាក់ទងជាមួយនឹងចត្តាឡីស័ក ភូតគាមអនាម័យ ដែលត្រូវដោះស្រាយឲ្យត្រូវ យើងមិនអាចនាំជំងឺពីស្រុកខ្មែរទៅទេ។ នាំទំនិញ នាំផលិតផលពីស្រុកខ្មែរចូលទៅប្រទេសគេ ប៉ុន្តែទីចុងបំផុតនាំជំងឺទៅ។ សព្វថ្ងៃនេះ គ្រាន់តែផ្លែស្វាយ យើងនាំទៅប្រទេសចិនផង នាំទៅកូរ៉េខាងត្បូងផង ទៅបារាំងទៀត​។ ប៉ុន្តែ បើនិយាយពីប្រទេសចិន មានតំបន់ដែលផលិតបានជាផ្លែស្អីៗអញ្ចឹងទៅ ប៉ុន្តែ តំបន់ខ្លះមិនអាចផលិតបាន។ អ្វីដែលគាត់ត្រូវការ ដូចជាគាត់នាំចេកពីប្រទេសហ្វីលីពីន មួយឆ្នាំៗចូលប្រទេសចិនមិនតិចទេ។

សេដ្ឋកិច្ចក្រៅប្រព័ន្ធខ្លះអនុវត្តបៀវត្សរ៍អប្បបរមាគោល ១៨២ ដុល្លារដែរ, បើឲ្យលើស ១៨២ រឹតតែល្អ

អញ្ចឹងបានជាខ្ញុំចាប់អារម្មណ៍កសិដ្ឋានចំការចេកមួយនេះ ដែលមានកម្មករ ៨០០ នាក់។ ប្រាក់ខែ ១៨២ ដុល្លារដូចគ្នា និងមាន​ ប.ស.ស ដូចគ្នា។ ចំណុចនេះ ខ្ញុំសូមអបអរសាទរ កោតសរសើរ។ អ្វីដែលយើងត្រូវគិត ដែលហៅថា កម្មករក្រៅប្រព័ន្ធ យើងក៏ត្រូវយកចិត្តទុកដាក់កំណត់ប្រាក់ឈ្នួលអប្បបរមានៅពេលខាងមុខ។ បើស្ថិតនៅក្នុងវិស័យកសិកម្ម បើទោះបីជាលោកឯងឲ្យ ៣០០ ទៅ ៤០០ ដុល្លារក៏ដោយ អាហ្នឹងរឿងរបស់លោកឯងទេ ក៏ប៉ុន្តែធ្វើម៉េចកុំឲ្យទាបជាងការកំណត់គោល ១៨២ ដុល្លារ។ មិនបានសេចក្ដីថា ចាប់បង្ខំថា ឲ្យ ៣០០ ដុល្លារហើយ មកអនុវត្ត(ប្រាក់ខែអប្បបរមា) ១៨២ ដុល្លារ អត់ទេ។

ខ្ញុំសុំបញ្ជាក់ក្មួយៗទាំងអស់គ្នាបន្ដិច ឥឡូវ ក្មួយៗកំពុងអនុវត្តបៀវត្សរ៍ ១៨២​ ដុល្លារ។ ឆ្នាំទៅ ១៧០ ដុល្លារ ឆ្នាំនេះ ១៨២ ដុល្លារ។ សួរក្មួយ ២ នាក់ ដែលមកតាមផ្លូវអម្បាញ់មិញថា បានបើកម្ដងហើយ ហើយបើកម្ដងហ្នឹងបានប៉ុន្មាន? បើកម្ដងថា បាន ១០០ ដុល្លារ ទាំង ២ នាក់ឆ្លើយដូចគ្នា។ អញ្ចឹងមិនដឹងថា របៀបបើកយ៉ាងម៉េចទេ ប៉ុន្តែគេបើកម្ដងគឺបាន ១០០ ដុល្លារ។​ ប៉ុន្តែក្មួយៗត្រូវចាំប្រាក់ខែ បើក ១៨២ ដុល្លារ អាហ្នឹងគឺត្រូវច្បាប់ បើបើកទាបជាង ១៨២ ដុល្លារ គឺខុសច្បាប់។ ប៉ុន្តែបើបើកខ្ពស់ជាង គឺត្រូវ។ ចាំឲ្យបានកន្លែងហ្នឹង​។ យើងកំណត់ ១៨២ ដុល្លារនេះ គ្រាន់តែជាការកំណត់ថា កុំឲ្យទាបជាងហ្នឹង ប៉ុន្តែបើសិនរោងចក្រ/សហគ្រាស និងនៅកន្លែងណា ដែលឲ្យលើស រាជរដ្ឋាភិបាលស្វាគមន៍ និងលើកទឹកចិត្តឲ្យមានការធ្វើបែបនោះ។ ១៨២ ដុល្លារ គឺត្រូវ, ក្រោម ១៨២ ដុល្លារ គឺខុស, លើ ១៨២ ដុល្លារ លើកាន់តែច្រើន កាន់តែត្រូវ។ ឃើញថា កសិដ្ឋានក្នុងវិស័យ​កសិកម្ម ហើយចាប់មកចូលទៅក្នុងប្រព័ន្ធ នៃការអនុវត្តតាមច្បាប់តាមការកំណត់ នៃប្រាក់គោល។

អំពាវនាវឲ្យបណ្ដារោងចក្រ/សហគ្រាសទាំងអស់ មកចុះឈ្មោះជាមួយនឹងបេឡាសន្ដិសុខសង្គម

ចំណុចនេះ វាបានផ្ដល់ឲ្យកម្មកររបស់យើងទទួលបានអត្ថប្រយោជន៍ រាប់ទាំងការពិនិត្យព្យាបាលដោយមិនគិតប្រាក់ រាប់ទាំងស្រ្តីមានផ្ទៃពោះ ដែលនឹងទទួលបាននូវរបបឧបត្ថម្ភពីរាជរដ្ឋាភិបាល។ ចំណុចនេះ សូមអំពាវនាវឲ្យបណ្ដារោងចក្រ សហគ្រាស ក៏ដូចជាផ្នែកដទៃទៀត ដែលមានការពាក់ព័ន្ធនឹងការប្រើប្រាស់កម្មករ មកចុះឈ្មោះជាមួយនឹងបេឡាសន្ដិសុខសង្គមរបស់យើង ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។

ប្រជាពលរដ្ឋ (១) គាំទ្រលទ្ធិប្រជាធិបតេយ្យ (២) ជឿលើសន្ដិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ

ឥឡូវខ្ញុំបកមកនិយាយរឿងគួរត្រូវនិយាយនោះ។ ដំបូង ពូសុំយកឱកាសនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនពូផ្ទាល់ សុំថ្លែងអំណរគុណចំពោះក្មួយៗកម្មករ/ការិនី និយាយដោយឡែក និងប្រជាជននៅក្នុងខេត្តកំពត ក៏ដូចជាខេត្តកែប និងនិយាយដោយឡែកមួយផ្នែក ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារយៈពេលកន្លងទៅ។ ការដែលកម្មករ/ការិនី ក៏ដូចជាប្រជាជនរបស់យើងចូលរួមបោះឆ្នោតរយៈពេលកន្លងទៅ បានបង្ហាញចេញនូវចំណុចសំខាន់ពីរយ៉ាង។ ទី ១ គឺចូលរួមគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបោះឆ្នោតទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ។ អ្នកដែលចូលរួមបោះឆ្នោត គឺអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ឯអ្នកប្រឆាំងនឹងការបោះឆ្នោត គឺជាអ្នកប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ។ ប្រជាពលរដ្ឋបំពេញនូវការងារនោះ រាប់ទាំងក្មួយៗដែលនៅទីនេះ ជាង ១ ម៉ឺននាក់ ដែលជាកម្មករ/ការិនីរបស់យើងនៅក្នុងខេត្តកំពត និងខេត្តកែបផងដែរ។ ចំណុចទី ២ ក្មួយៗបានជ្រើសរើសរក្សាទុកនូវសន្ដិភាព និងការអភិវឌ្ឍតាមរយៈនៃការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានតម្លៃនឹងការបោះឆ្នោតរក្សាទុកសន្ដិភាព និងការអភិវឌ្ឍ។​ ម្យ៉ាងទៀត ការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា វាជាការបោះឆ្នោតឲ្យខ្លូនឯង វាជាការបោះឆ្នោតរក្សាទុកនូវស្នាដៃរបស់ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ក៏ដូចជារបស់ក្មួយៗផងដែរ។

មិនមានភាពក្រីក្រណាជាង ជំនាន់ ប៉ុល ពត ទេ

យើងទើបនឹងធ្វើបុណ្យខួបថ្ងៃរំដោះ ៧ មករា (ខួបទី)៤០ ឆ្នាំ។ តើ ៤០ ឆ្នាំ វាចេញពីណា? វាមិនមែនចេញពី ហ៊ុន សែន ម្នាក់នោះទេ មិនមែនចេញពីសម្ដេចប៉ុន្មាននាក់ ដែលដឹកនាំចលនានោះទេ ឬថ្នាក់ដឹកនាំមួយចំនួនដែលដឹកនាំចលនានោះទេ​។ បើគ្មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនោះទេ គឺពិតជាមិនអាចកើតឡើងនូវសមិទ្ធផល ៧ មករា ដែលសង្រ្គោះជីវិតមនុស្សរាប់លាននាក់។ បន្តមកទៀត ទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត និងកសាងនូវសមិទ្ធផលទាំងឡាយបន្សល់ទុកឲ្យយើងរហូតដល់សព្វថ្ងៃនេះ​។ តើអ្នកនោះជាអ្នកណា? មិនមែន ហ៊ុន សែន ម្នាក់ឯងទេ ហើយមិនមែន ជា ស៊ីម, ហេង សំរិន និងមនុស្សមួយក្រុមនោះដែរ ប៉ុន្តែនេះ គឺជាចំណែកដែលជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ជាអ្នកចូលរួមដំណើរការនេះ។ ដូច្នេះ ការបោះឆ្នោតជូនគណ​បក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ។ ពិតហើយ វាមានមេមានកើយ។ មិនអាចអ្នកណាមកធ្វើប្រធានគណបក្សតែទាំងអស់គ្នានោះទេ ហើយក៏មិនអាចប្រទេសមួយ មាននាយករដ្ឋមន្រ្តីដល់ ១៦ លាននាក់នោះដែរ មាននាយករដ្ឋមន្រ្តីតែមួយទេ។ ក៏ប៉ុន្តែ កម្លាំងរួមរបស់ជាតិរបស់យើងបានបង្កើតឡើងនូវសមិទ្ធផលទាំងអស់នោះ។

ខ្ញុំសុំយកឱកាសនេះ តាមរយៈក្មួយៗ ក៏សុំផ្ដាំផ្ញើថ្លែងអំណរគុណចំពោះជីដូនជីតា​ និងឪពុកម្ដាយ ក៏ដូចជាក្រុមគ្រួសារ ជាពិសេសជីដូនជីតា ឪពុកម្ដាយ ប្រសិនបើគាត់នៅរស់។ ពួកគាត់បានប្រឹងប្រែងខ្លាំងណាស់ រួមជាមួយថ្នាក់ដឹកនាំរបស់ប្រទេស ដើម្បីងើបឈរឡើងរើបម្រះ។ ខ្ញុំឥឡូវនេះ មិនយល់ បើពួកគេហ៊ាននិយាយ ហើយពួកគេហ៊ានស្បថ ប៉ុន្តែ ជាធម្មតា ពួកអ្នកដែលនិយាយមួលបង្កាច់ គេមិនដែលហ៊ានស្បថជាមួយយើងទេ។ គេមិនដែលហ៊ានស្បថទេ អ្នកខ្លះនិយាយថា “ធ្វើទៅ កាន់តែក្រទៅៗ”។ ឥឡូវ ហ៊ានស្បថទេ? អ្នកទាំងឡាយដែលហ៊ាននិយាយថា ធ្វើទៅ កាន់តែក្រទៅៗ។ ពួកគេមិនហ៊ានស្បថទេ។ ដោយសារអី? ឆ្នាំ ១៩៧៩ គេមិនមានអីដែរ ធ្វើម៉េចគេហ៊ានស្បថ។ ស្បថទៅមិនរន្ទះបាញ់ងាប់? តែ(កាលណា)ខ្ញុំបបួលស្បថ គឺមិនស្បថតូចទេ ស្បថឲ្យងាប់ទាំងខ្លួនឯង ងាប់ទាំងម៉ែ ទាំងឪ ទាំងពូជ ទាំងប៉ុន្មានផៅសណ្តាននោះ។ ប៉ុន្តែឥឡូវសួរការពិតនោះ អ្នកដែលនិយាយថា ធ្វើទៅ កាន់តែក្រទៅៗ វាមានឡានជិះ វាមានម៉ូតូជិះ វាមានផ្ទះនៅ វាមានខោអាវស្លៀកពាក់ វាមានចូលហាងទៀត។​ គ្មានពេលណាក្រជាងជំនាន់ ប៉ុល ពត ទេ និងបន្ទាប់ពីរបប ប៉ុល ពត ទេ។

បើចង់ថតភាពយន្តពាក់ព័ន្ធ ប៉ុល ពត ត្រូវយកតួទៅបង្អត់បាយ ២ ខែសិន

យប់មិញ ខ្ញុំមើលប្រទះក្នុងវគ្គមួយរបស់ទូរទស្សន៍ PNN ដូចជារឿង និស្ស័យបងប្អូន។ ក្នុងរឿងនេះ ស្រាប់តែ បើកទៅប៉ះចំវគ្គកុមារជំនាន់ ប៉ុល ពត។ ប៉ុន្តែ រឿងនេះ ដូចជាបានផ្សារភ្ជាប់គ្នាមកសម័យឥឡូវ។ ប៉ុន្តែ យ៉ាងហោចណាស់ក៏បានរំលឹកអំពីសម័យ ប៉ុល ពត។ រឿងដែលវាមិនដូច គឺវានៅត្រង់នេះ។ បើចង់ថតកុនឱ្យបានត្រឹមត្រូវ ត្រូវយកតួ(អង្គ)ទៅបង្អត់បាយ ៦ ខែសិន ព្រោះទាំងមិត្តនារីក៏(មាន)សាច់ ប្រហែលជាយកភក់ទៅប៉ាតបន្តិចបន្តួច ប៉ុន្តែ វាមិនដូច ព្រោះវាដូចជាថ្លាបន្តិច ហើយវាធាត់។ ហ្នឹងម្យ៉ាង។ ប៉ុន្តែ ជាពិសេស កុមារៗវាអត់ស្គមដូចសម័យ ប៉ុល ពត ឯណា? ឥឡូវ ពិបាកបំផុតក្នុងការថតខ្សែភាពយន្ត ដែលពាក់ព័ន្ធនឹងរឿងពីសម័យ ប៉ុល ពត។ ពិបាករកតួថត ពិបាករកសម្ភារៈបរិក្ខាឱ្យដូចជំនាន់ ប៉ុល ពត។ អញ្ចឹង បានជាខ្ញុំតែងនិយាយលេងថា បើចង់ថតឱ្យបានត្រឹមត្រូវ ត្រូវយកតួទៅធ្វើពលកម្ម និងបង្អត់អាហារ ៦ ខែសិន ចាំយកមកថត។ សម្ភារៈ ដូចជាអាចានស្អីៗនេះ ជំនាន់ហ្នឹងគេហៅចានអាលុយមីញ៉ូម ត្រូវយកវាយ រួចហើយទម្លាក់ក្នុងស្រះទឹក ហើយចាំយកចេញមកវិញ អាហ្នឹងបានត្រូវ។ ប៉ុន្តែ​ បើធ្វើអញ្ចឹង តួបច្ចុប្បន្ននេះមិនទៅទេ។

តួកុនមានច្រើនប្រភេទ

មានរឿងមួយអញ្ចេះ និយាយលេងបន្តិចទៅចុះ … ប្រពន្ធខ្ញុំគាត់ឧស្សាហ៍និយាយ គាត់មើលឃើញអ្នកនេះ/នោះ គាត់ថា «ស្អាតមើលតែតួកុន»។ ខ្ញុំថា ចូលចិត្តប្រៀបធៀបតែអាតួកុន? ម៉េចបានជាខ្ញុំចូលចិត្តបៀបធៀបជាមួយតួកុន? ព្រោះតួកុនវាមានតួច្រើនប្រភេទ។ តួខ្លះតួចាប់រំលោភ តួខ្លះគេឱ្យដើរតួស្រីឆ្នាស់ តួខ្លះតួយក្ខិនី ពាក្យថាតួកុនវាមានតួច្រើនប្រភេទ ខ្លះទៅក៏វាស្អាត ខ្លះទៅក៏វាមិនស្អាត អញ្ចឹង បានខ្ញុំថា កុំចាំបាច់ទៅប្រៀបធៀបជាមួយតួកុន។ បើតួកុន ត្រូវតែកំណត់ថា តួនេះដូចតួកុនតួចាប់រំលោភ ឬក៏តួមេចោរ។ គេមានជំនាញរបស់គេ។ អ្នកខ្លះជំនាញខាងកាចតែម្តង … សូម្បីក្នុងផ្នែកភាពយន្ត ក៏គេមានជំនាញរបស់គេដែរ។ អាហ្នឹងនិយាយលេងបន្តិចទៅចុះ ព្រោះបន្តិចៗលឺសូរតែ គេថា អ្នកនេះដូចតួកុន យី! ប្រៀបធៀបតែតួកុន? ចុះតួកុនវាមានតួស្អាត មានតួយក្ស(ដែរ)។

សូម្បីតែល្ខោនវាមានរឿងរបស់វាទៀត។ រឿងហ្នឹងវាកើតចេញពី ប៉ែន ស៊ីម៉ន ទៅវាយកូនហ្គោលជាមួយខ្ញុំ មិនដែលខ្វះរឿង។ ជួនកាលវាយម្តងអញ្ចឹងទៅ បានមួយរឿង វាយពីរដង បានពីររឿង​។ និយាយពីបញ្ហាទាក់ទងជាមួយក្រុមល្ខោនមួយវង់ហ្នឹង ត្រូវប្រជាពលរដ្ឋជួលទៅលេង។ ដល់ទៅគាត់ឆាប់វ៉ា(សា)រោងពេក។ ដល់ថ្ងៃក្រោយ អ្នកនៅភូមិក្បែរខាងធ្លាប់ដឹងរឿងហ្នឹង គាត់ទៅកុងត្រាជាមួយនឹងក្រុមល្ខោនថា លេងទាល់តែអស់មនុស្សបានឈប់។ អញ្ចឹងទេ លេងមែន មនុស្សគេទៅអស់ហើយ នៅសល់ម្នាក់នៅខាងមុខ។ អញ្ចឹង អាយក្សនោះចេញមក ហ្អែងមិនខ្លាចយក្សាទេហ្អី? អាអ្នកមើលវា ស្រែកមកវិញថា អញ! មិនមែនខ្លាចហ្អែងទេ អញចាំយកមេក្រូទៅផ្ទះ …។

ឆ្នាំ ១៩៩៩ តម្រង់ទិសវិនិយោគ ទៅតាមខេត្តមានសក្តានុពល

ឥឡូវនេះ សម្រាប់យើងទាំងអស់គ្នាបានមកដល់ដំណាក់កាលនេះហើយ។ អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ជូនពាក់ព័ន្ធជាមួយនឹងការរីកចម្រើនក្នុងក្របខណ្ឌទូទាំងប្រទេស ហើយក៏បាន និយាយអំពីការរីកចម្រើននៅក្នុងខេត្តកំពតរបស់យើងនេះ ដែលក្នុងនោះ ថ្ងៃនេះមានរហូតទៅដល់ ១២ រោងចក្រ ដែលមកជួប ហើយដែលមានកម្មកររហូតទៅដល់ ១១.៧៣៨ នាក់ ហើយក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះចំនួន ៣៥៧ នាក់ ផងដែរ។ ចំណុចនេះ គឺជាចំណុចដែលយើងត្រូវមើលឃើញ បញ្ហាតម្រង់ទិសក្នុងរយៈពេល ២០ ឆ្នាំមុន គឺនៅឆ្នាំ ១៩៩៩ ដែលពេលនោះ ខ្លួនខ្ញុំផ្ទាល់បានចាប់ផ្តើមធ្វើការតម្រង់ទិសអំពីតំបន់វិនិយោគ គឺកុំសំដៅតែទៅលើទីក្រុងភ្នំពេញ ត្រូវសំដៅទៅលើកន្លែងដទៃទៀត ដែលមានលទ្ធភាពដែលអាចធ្វើទៅបាន។ ជាពិសេស ទៅតាមខេត្តដែលមានសក្តានុពល សម្រាប់ការវិនិយោគ។ អញ្ចឹងទេ ការពង្រាយរោងចក្រទៅតាមខេត្ត វាមានប្រយោជន៍សម្បើមណាស់ ដែលផ្តល់ការងារធ្វើសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តនោះ និងនៅខេត្តជិតខាង។ ក្នុងជាង ១ ម៉ឺននាក់នេះ ប្រហែលជាមានអ្នកកំពតភាគច្រើនហើយ ប៉ុន្តែ នៅមានអ្នកកែប នៅមានអ្នកខេត្តព្រះសីហនុ នៅមានអ្នកតាកែវអាចមកកាន់ទីនេះ ដើម្បីរកការងារធ្វើ។ អញ្ចឹង ការរៀបចំរបស់យើងត្រូវសម្លឹងមើលសក្តានុពលរបស់ខេត្តកំពតនៅពេលអនាគតផងដែរ។

ខេត្តកំពតអនាគតនឹងមានកំពង់ផែសមុទ្រទឹកជ្រៅ

អ្នកទាំងអស់គ្នាអាចមើលឃើញនូវការកសាងផ្លូវជាតិលេខ ៣ ដែលចេញពីភ្នំពេញមកបែកគូសពីរទៅពីរមក ពូពិតជាមានការរីករាយ នៅពេលដែលបើកការដ្ឋានហើយ អម្បាញ់មិញបានហោះឆ្លងកាត់ ហើយមើលផ្លូវជាតិលេខ ៣ ក្នុងចំណែកណាមួយនោះ ឃើញថាពង្រីកធំ ហើយយើងបន្តពង្រីកមកខេត្តកំពត និងតភ្ជាប់ទៅឯខេត្តព្រះសីហនុតទៅទៀត។ អនាគតរបស់ខេត្តកំពត លទ្ធភាពរបស់វានឹងមានកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីបង្កើតឡើងនូវស្ថានភាពងាយស្រួលនៅក្នុងផលិតកម្ម។ បើនិយាយពីកំពត អាចនិយាយបានថា ជាចំណុចដែលមានការងាយស្រួលនៅក្នុងការទាក់ទាញវិនិយោគ សម្រាប់ចុះមកខេត្តកំពតរបស់យើងនេះ។ ដោយក្នុងនោះ បើនិយាយពីផ្នែកដឹកជញ្ជូន វាមានទាំងផ្លូវគោកផង មានផ្លូវដែកផង ហើយមានផ្លូវទឹកផង។

នយោបាយពង្រាយរោងចក្របានទទួលផ្លែផ្កា ២០ ឆ្នាំហើយ

អញ្ចឹងទេ នយោបាយពង្រាយរោងចក្រ បានទទួលផ្លែផ្កាហើយក្នុងរយៈ(ពេល) ២០ ឆ្នាំនេះ។ ពូបានទៅកាន់ខេត្តមួយចំនួន មានខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តតាកែវចប់ហើយ ថ្ងៃនេះ មកសងបំណុលអ្នកខេត្តកំ​ពត ប៉ុន្តែ ជំពាក់ខេត្តកោះកុង នៅជំពាក់ខេត្តពោធិសាត់ នៅជំពាក់ខេត្តបន្ទាយមានជ័យ ហើយនៅជំពាក់ខេត្តកំពង់ចាមមួយចំនួនទៀត និងនៅជំពាក់ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលមួយចំនួនផ្សេងទៀត ដែលនឹងបន្តដោះនៅពេលខាងមុខ ព្រោះពូត្រូវធ្វើដំណើរជួបជាមួយកម្មករ/ការិនីរបស់យើងនៅទូទាំងប្រទេស នេះគ្រាន់តែជាជុំទី ១ តែប៉ុណ្ណោះ។ ពូសូមបញ្ជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំ ទៅមុខទៀត នៅពេលដែលពូកាន់តំណែងជានាយករដ្ឋមន្ត្រី ពូនឹងបន្តដើរជួបជាមួយនឹងកម្មករ/ការិនីរបស់យើង ដើម្បីជម្រុញការអនុវត្តគោលនយោបាយវិស័យឧស្សាហកម្ម ២០១៥-២០២៥។

គ្រប់កាលៈទេសៈ តែងមានវត្តមាន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

ប្រហែលជាក្មួយៗនឹកគិតថា ហេតុអ្វីទើបនឹងឆ្នាំ ២០១៧ បានជា លោក ហ៊ុន សែន ធ្វើដំណើរជួបជាមួយកម្មករ? ក្មួយអើយ! រឿងមានធ្ងន់មានស្រាល មានមុនមានក្រោយ ក្នុងពេលដែលពូមានខ្លួនតែមួយ។ ក្មួយអាចសង្កេតឃើញហើយថា បើយោងទៅលើឯកសារដែលបានបញ្ចាំង ឬក៏ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗគង់​នៅ​ចាំបាន នៅក្នុងកាលៈទេសៈប្រទេសមានសង្គ្រាម គេបានឃើញពូនៅឯខ្សែត្រៀមជួរមុខសួរសុខទុក្ខកងទ័ព ដោះស្រាយបញ្ហាលំបាករបស់កងទ័ព និងដោះស្រាយនូវបញ្ហាលំបាករបស់ប្រជាជនដែលនៅតំបន់ក្បែរសមរភូមិប្រយុទ្ធ។ ក្រៅពីនោះ គេក៏បានឃើញមានវត្តមានរបស់ពូនៅឯតុចរចា ស្វែងរកសន្តិភាពសំរាប់ប្រទេសដ៏កម្សត់មួយនេះ ដើម្បីបញ្ចប់ការកាប់សម្លាប់គ្នា។ នេះជារឿងដែលត្រូវធ្វើនៅកាលៈទេសៈនោះ ហើយកាលៈទេសៈនោះ វិស័យកសិកម្ម គឺជាវិស័យស្នូល ដែលយើងត្រូវយកចិត្តទុកដាក់។

គេឃើញវត្ត​មានរបស់ពូភាគច្រើននៅជាមួយនឹងកសិករ ធ្វើវេទិកាសាធារណៈជាមួយនឹងកសិករ ដើម្បីដោះស្រាយបញ្ហាទាក់ទងជាមួយនឹងការផលិតស្បៀង ដែលពេលនោះយើងមានប្រជាជនតែ ៧-៨ លាននាក់ តែប៉ុណ្ណោះ ក៏ប៉ុន្តែ យើងខ្វះអង្ករ អត់មានអង្ករស៊ីគ្រប់គ្រាន់ទេ។ យើងក៏បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យ​កសិកម្ម ក្រោយមកយើងហៅថា គោលនយោបាយផលិតស្រូវ និងការនាំចេញអង្ករ ដែលទីបំផុតមកដល់ពេលនេះ យើងមានអង្ករទទួលទានគ្រប់គ្រាន់ សម្រាប់ប្រជាជនប្រមាណជា ១៦ លាននាក់ យើងមិនទាន់ធ្វើជំរឿនឡើងវិញទេ ខែ មីនា នេះ ទើបចាប់ធ្វើជំរឿន។ ប៉ុន្តែ ការប៉ាន់ស្មានតាមតួលេខ នៃអត្រាកំណើតពីក្រសួងសុខាភិបាល ១ ឆ្នាំ យើងមានកំណើតជាង ៤០ ម៉ឺននាក់ គ្រាន់តែក្នុងកម្មករយើងនេះ កម្មករ/ការិនី ៦ ម៉ឺននាក់ជាង ដូចដែល ឯកឧត្តម អ៊ិត សំហេង បានលើកឡើងអម្បាញ់មិញ។

ឆ្នាំ ២០១៩ ចិនទទួលទិញអង្ករពីកម្ពុជា ៤០ ម៉ឺនតោន

យើងមានអង្ករគ្រប់គ្រាន់ហើយ យើងសល់អង្ករសម្រាប់នាំចេញទៅក្រៅប្រទេសទៀតផង។ ឆ្នាំនេះ ឯកឧត្តម វេង សាខុន មើលទៅយើងអាចបានប៉ុន្មានលានតោន? ឆ្នាំទៅសល់ ៥ លាន ៥ សែនតោន គិតជាស្រូវ ឆ្នាំនេះ អាចនឹងលើសពី ៦ លានតោន ហើយបើគិតជាអង្ករ ប្រមាណជា ៤ លានតោន។ អញ្ចឹង បានជាយើងស្វះស្វែង​រកទីផ្សារ។ ប្រទេសចិនមិនខ្វះអង្ករទទួលទានទេ។ ចិនមានផ្ទៃដីត្រឹមតែ ៥% នៃផ្ទៃដីពិភពលោកទេ ក៏ប៉ុន្តែចិនមានលទ្ធភាពចិញ្ចឹមប្រជាជន ២០% នៃប្រជាជនពិភពលោក។ ប៉ុន្តែ ដើម្បីជួយដល់ប្រជាជនកម្ពុជា ប្រធានាធិបតី ស៊ី ជិនពីង បានប្រកាសទទួលទិញអង្ករពីកម្ពុជានៅឆ្នាំ ២០១៩ នេះ ចំនួន ៤០ ម៉ឺនតោន។ ឡើងជាបន្តបន្ទាប់ ពី ១០ ម៉ឺនតោន ទៅ ២០ ម៉ឺន តោន ទៅ ៣០ ម៉ឺនតោន ឥឡូវដល់ ៤០ ម៉ឺនតោន ដែលយើងត្រូវផលិត ដើម្បីនាំចេញទៅក្រៅប្រទេស។

កសិកម្មរួមចំណែកតែ ២៣% ប៉ុន្តែ សល់ស្រូវសម្រាប់ការនាំចេញ

បន្ទាប់ពីជោគជ័យនូវនយោបាយផលិតស្បៀង និងការនាំចេញអង្ករ យើងដាក់ចេញនូវកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់យើង តាមរយៈនៃការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ ព្រោះបញ្ហាត្រូវមើលឃើញ អ្នកខ្លះអាចមានការពេបជ្រាយ ក៏ប៉ុន្តែ​ សូមបញ្ជាក់ សម័យ ប៉ុល ពត គេនិយាយថា “មានស្រូវ គឺមានអ្វីៗទាំងអស់” ក៏ប៉ុន្តែ សម្រាប់យើងៗមិនត្រូវធ្វើតែមួយមុខក្នុងវិស័យកសិកម្មនោះទេ យើងមិនមើលរំលងក្នុងវិស័យកសិកម្មទេ ក៏ប៉ុន្តែ យើងត្រូវខិតខំជម្រុញវិស័យដទៃទៀត។ អត្រារួមចំណែក នៃវិស័យកសិកម្មមកដល់ពេលនេះនៅត្រឹមកម្រិត ២៣% តែប៉ុណ្ណោះ ប៉ុន្តែ មានអង្ករទទួលទានគ្រប់ និងនៅមានសល់ស្រូវនាំចេញ។ ប៉ុន្តែ គេចង់និយាយអំពីការរួមចំណែកខាងផ្នែកមួយៗ ដែលយកបីផ្នែកយកមកបញ្ចូលគ្នា។ កសិកម្ម ដែលមុននេះ គ្របដណ្តប់ដល់ ៨០% នៃផលិតផលរបស់ជាតិ ប៉ុន្តែ ពេលនោះ ៨០% មែន តែយើងខ្វះអង្ករទទួលទាន ឥឡូវ នៅសល់តែ ២៣% ទេ ប៉ុន្តែ យើងសល់ស្រូវសម្រាប់ការនាំចេញ។ យើងមានដំឡូងមី យើងមានកៅស៊ូ យើងមានម្រេច យើងមានផ្លែស្វាយ និងមានផ្នែកដទៃទៀត ដែលស្ថិតក្នុងវិស័យកសិកម្ម សម្រាប់ការនាំចេញរបស់យើង។

ពឹងផ្អែកលើវិស័យកសិកម្មមួយមុខ មិនអាចក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់បាន

វិស័យឧស្សាហកម្ម មានកំណើនរួមចំណែករហូតទៅដល់ ៣២% ទៅហើយៗសល់ប៉ុន្មានទៀត គឺវិស័យសេវាកម្ម។ អញ្ចឹងទេ បើគ្រាន់តែធ្វើក្នុងវិស័យកសិកម្ម មិនអាចធ្វើអ្នកមានបានទេ គ្រាន់តែមួយរស់បាន ក៏ប៉ុន្តែ ឱ្យមានការរីកលូតលាស់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ គឺមិនគ្រប់គ្រាន់ទេ។ ប៉ុន្តែ និយាយយ៉ាងដូច្នេះមិនមែនយើងមើលស្រាលវិស័យកសិកម្មទេ។ យើងលើកទឹកចិត្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងដោះស្រាយបញ្ហាកសិកម្មជាបន្ត សម្រាប់ប្រជាពលរដ្ឋរបស់យើង។ មិនមែនគ្រាន់តែកសិកម្មផលិតស្រូវតែមួយមុខទេ កសិកម្មដែលផលិតនូវវត្ថុធាតុដើមផ្សេងៗ ឬក៏តម្រូវការទីផ្សារទាំងក្នុងស្រុក និងតម្រូវការទីផ្សារនៅក្រៅប្រទេស។ យើងត្រូវឈានឲ្យដល់កម្រិតជាឋានៈប្រទេស(មានចំណូលមធ្យមកម្រិតខ្ពស់)។ យើងបានចេញផុតហើយពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ យើងចង់រំដោះខ្លួន ឲ្យចេញពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ដែលយោងទៅតាមការកំណត់ក្រោម ៩០០ (ដុល្លារ) គឺស្ថិតនៅក្នុងប្រទេសដែលមានចំណូលទាប។ ចាប់ពី ៩០០(ដុល្លារ) ឡើងលើ គឺដល់ទៅ ៣៨០០ (ដុល្លារ) គឺស្ថិតនៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ដែលពេលបច្ចុប្បន្ននេះ យើងកំពុងស្ថិតនូវក្នុងឋានៈជាប្រទេសដែលប្រជាជនម្នាក់ៗមានចំណូល ១៦៣៦ ដុល្លារ អាហ្នឹងសម្រាប់ឆ្នាំទៅ …។

កម្មករមានចំណូលលើសពី ១៥០ ដុល្លារក្នុងមួយខែ រួចផុតពីបន្ទាត់ក្រីក្រ

សម្រាប់ក្មួយៗ ឥឡូវប្រាក់ខែក្នុងមួយខែ ១៨២ ដុល្លារ បូកនឹងអត្ថប្រយោជន៍ដទៃទៀត គឺម្នាក់ៗសុទ្ធតែជាង ២០០ ដុល្លារ ក្នុងមួយខែ។ អញ្ចឹងក្នុងមួយឆ្នាំ ក្មួយៗនឹងបានទទួលប្រាក់ចំណូលជាង ២ ពាន់ដុល្លារ។ ការកំណត់របស់អង្គការសហប្រជាជាតិទៅលើអ្វីដែលហៅថាអត្រានៃភាពក្រីក្រ គឺ កាលពីមុន គេកំណត់ថា អ្នកដែលរកបាន ១ ដុល្លារ/ថ្ងៃ ចុះក្រោម ចាត់ទុកថា នៅក្រោម​បន្ទាត់ភាពក្រីក្រ​។ ប៉ុន្តែ ឥឡូវនេះគេកំណត់ ១ ដុល្លារ ២៥ សេន គឺគេកំណត់ត្រឹមប៉ុណ្ណឹង បើអ្នកឯងរកបានក្រោម ១ ដុល្លារ ២៥ សេន គឺនៅក្រោមបន្ទាត់នៃភាពក្រីក្រ ប៉ុន្តែ បើរកបានលើសពីហ្នឹង គឺបានឆ្លងផុតពីបន្ទាត់នៃភាពក្រីក្រហើយ​។ អញ្ចឹងទេ សម្រាប់កម្មកររបស់យើងនៅក្នុងវិស័យឧស្សាហកម្ម មិនថា វិស័យឧស្សាហកម្មកាត់ដេរ ឬវិស័យអ្វីផ្សេងទេ ចំនួនក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវា ភាគច្រើនទទួលបានលើសពី ១៥០ ដុល្លារ (ក្នុងមួយខែ)។ អញ្ចឹងទេ បានសេចក្ដីថា ក្មួយៗមិនមែនទទួលបានក្នុងមួយថ្ងៃ​ ១ ដុល្លារ ឬ ២ ដុល្លារទេ គឺឥឡូវបើគិត ១៨២ ដុល្លារ មួយថ្ងៃប៉ុន្មាន? មួយថ្ងៃ ៦ ដុល្លារ។ អញ្ចឹងទេ ចំណុចនេះ យើងធ្វើស្រូវមួយហិកតា ថាបាន ៣ តោន ក្នុងមួយតោនយើងអាចលក់បាន ៣០០ ដុល្លារ យើងថាអញ្ចឹងទៅចុះ។ អញ្ចឹងក្នុងមួយហិកតានោះ យើងបានប្រមាណជា ១ ពាន់ដុល្លារ ប៉ុន្តែ កាត់ថ្លៃពូជ ជី ពលកម្មអីគ្រប់បែបយ៉ាង ភាពចំណេញរបស់វាមិនច្រើនទេ។

ទាក់ទាញឧស្សាហកម្ម ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ផលិតចេញជាផលិតផលសម្រេច នាំចេញ

ដូច្នេះហើយបានជាយើងត្រូវរកវិធីគួបផ្សំគ្នា រវាងការជំរុញការផលិតក្នុងវិស័យកសិកម្ម ហើយនិងជំរុញការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្ម ដើម្បីគួបផ្សំគ្នា ធ្វើឲ្យខឿនសេដ្ឋកិច្ចយើងរឹងមាំឡើង។ ក្នុងចំណែកនៃការអនុវត្តទាំងនោះ ដូចជាការទាក់ទាញវិស័យឧស្សាហកម្មចូលក្នុងស្រុក យើងមិនភ្លេចក្នុងការទាក់ទាញឧស្សាហកម្មដែលប្រើវត្ថុធាតុដើមក្នុងស្រុក។ ដូចជាយើងមានដំឡូងមី យើងត្រូវខិតខំធ្វើយ៉ាងម៉េច ទាញយករោងចក្រ ដែលប្រើប្រាស់វត្ថុធាតុដើមចេញពីដំឡូងមី ឲ្យគេផលិតទៅជាម្សៅមី ឬទៅជាផលិតផលសម្រេចចេញពីស្រុកខ្មែរតែម្ដង ដើម្បីនាំចេញទៅក្រៅប្រទេស។ យើងមានកៅស៊ូជាវត្ថុធាតុដើម យើងចង់ឲ្យគេមកផលិតមិនមែនគ្រាន់តែកៅស៊ូក្រែបទេ ឲ្យគេផលិតអ្វីដែលអាចចេញជាផលិតផលសម្រេច។ ដូចជាគ្រឿងបង្គុំរថយន្តខ្លះធ្វើពីកៅស៊ូ យើងចង់ឲ្យគេមកផលិតអាហ្នឹង ឬក៏គេមកផលិតកង់រថយន្ត ឬក៏កង់ម៉ូតូនៅក្នុងប្រទេសរបស់យើង ដើម្បីយើងប្រើប្រាស់នៅក្នុងប្រទេសរបស់យើងផង ហើយយើងនាំចេញទៅក្រៅប្រទេសផង។ នេះសុទ្ធតែជាវិធីដើម្បីរកឱកាសជំរុញសេដ្ឋកិច្ចរបស់យើងឲ្យកើនឡើង។

ក្រៅពីអតិពលកម្ម យើងក៏ចង់ទាញយក ឧស្សាហកម្មបច្ចេកវិទ្យាទំនើប/សកល មកស្រុកយើងផងដែរ

យើងធ្វើទាំងវិស័យកសិកម្ម ហើយកសិកម្មមិនមែនធ្វើតែមួយមុខទេ ធ្វើច្រើនមុខច្រើនផ្នែក។ យើងជំរុញទៅលើវិស័យឧស្សាហកម្ម ដែលទាញយកឧស្សាហកម្ម មិនមែនគ្រាន់តែឧស្សាហកម្មដែលហៅថា ឧស្សាហកម្មអតិពលកម្មដែលប្រើតែពលកម្មច្រើន ដូចដែលយើងកំពុងធ្វើនេះទេ យើងចង់ទាក់ទាញយកឧស្សាហកម្មបច្ចេកវិទ្យាទំនើប ចូលមកកាន់ប្រទេសយើង។ ដូចជាខ្ញុំទៅតាកែវ ខ្ញុំហៅថាបុប្ផាលាក់ខ្លួននៅតាកែវ ដោយសារអី? ដោយសារគ្រឿងបង្គុំផ្នែកទូរស័ព្ទស្មាតហ្វូន​ វាផលិតនៅនឹងខេត្តតាកែវ រួចហើយគេយកទៅផ្គុំចេញជាទូរ​ស័ព្ទស្មាតហ្វូនម៉ាកនេះម៉ាកនោះ ប៉ុន្តែ គេមកផលិតអាគ្រឿងបង្គុំរបស់វានៅក្នុងខេត្តតាកែវ។ ម៉ូទ័រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ អ្វីដែលនៅក្នុងគ្រឿងពាក់ព័ន្ធរបស់វា ពីដើមខ្ញុំស្មានតែម៉ូទ័រប៉ូមទឹក ប៉ុន្តែអានេះអត់ទេ សូម្បីតែក្នុងនាឡិកាដៃ ក៏មានម៉ូទ័រ ក្នុងទូរស័ព្ទ ក៏មានម៉ូទ័រ ក្នុងម៉ាស៊ីនថត ក៏មានម៉ូទ័រ មានតាមតូចតាមធំ រហូតទៅដល់បច្ចេកវិទ្យា ដែលអាចចេញពីក្រុមហ៊ុនផលិតម៉ូទ័រនេះ។ យើងតែងតែថតក្រពះ ឬថតពោះវៀន តែងតែត្រូវផឹកថ្នាំអីបញ្ចុះឲ្យរាគអស់ ហើយបង្អត់បាយមួយយប់ បានចាប់ផ្ដើមថត។ ថ្ងៃក្រោយ គេត្រូវការប្រើអាកូនម៉ូទ័រតូចមួយ ហើយលេបចូលទៅ ពេលដែលវាដំណើរការនោះ គឺគេថតទាំងអស់ ព្រោះបច្ចេកវិទ្យាកាន់តែទំនើប។

យើងក៏ចង់បានខ្នាតឧស្សាហកម្មសកល ដូចជានៅប្រទេសរបស់យើងមានរោងចក្រមួយចំនួន ផលិតគេហៅថា ខួរក្បាលឡាន ដូចជានៅតំបន់ឧស្សាហកម្មនាងកុក របស់ខេត្តកោះកុង។ អាហ្នឹងផលិតខួរក្បាលឡានតែម្ដង​។ ផលិតចេញពីហ្នឹងហើយ គេយកទៅអាមេរិក ព្រោះថារោងចក្រហ្នឹងផលិត(ប្រព័ន្ធ)អាម៉ាកហ្នឹងសំរាប់យកទៅអាមេរិក ឬគេយកទៅប្រទេសនានា ដែលចេញពីរោងចក្រនៅស្រុកខ្មែរ។ សូម្បីតែឥឡូវនេះ ក្មួយ​ៗ ដែលលេងបាល់ទះ សូមកុំភ័ន្តច្រឡំ ពេលខ្លះលេងបាល់ទះ ដែលផលិតនៅស្រុកខ្មែរហ្នឹង។ បាល់ទះផលិត​នៅស្រុកខ្មែរ ប៉ុន្តែ យកទៅប្រកួតនៅក្នុងអូឡាំពិក នៅក្នុងការប្រកួតបាល់ទះពិភពលោក ព្រោះមានមួយភាគណានោះ ផលិតផលរបស់យើងបានទៅដល់ហ្នឹងដែរ។ ផលិតផលដែលផលិតនៅកម្ពុជាត្រូវពាក់នៅពេលដែល World Cup ទាត់នៅប្រទេសរុស្សី មានប្រទេសមួយចំនួនឯកសណ្ឋានរបស់គេដេរនៅប្រទេសកម្ពុជា …។

ដើម្បីបាន ១៨២ ដុល្លារ រដ្ឋទម្លាក់ថ្លៃភ្លើង, ចុះថ្លៃអគ្គិសនីក៏បានផលដល់ប្រជាជនផង

យើងត្រូវបន្តតទៅទៀត ដើម្បីជំរុញការប្រកួតប្រជែង។ ហើយថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ជាសារ ដើម្បីជូនទៅកាន់ធុរជន ទៅអ្នកវិនិយោគទាំងឡាយឲ្យនឹងនចិត្ត នៅក្នុងការចាប់យកកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុង ដើម្បីដោះស្រាយបញ្ហាការប្រកួតប្រជែងទៅលើទីផ្សារ។ ក្នុងហ្នឹង តម្លៃអគ្គិសនីបានចាប់ផ្ដើមចុះហើយ នៅក្នុងឆ្នាំនេះហើយនោះក៏ជាសមិទ្ធផល ដែលនាំទៅដល់សម្រាប់កំណើនប្រាក់ឈ្នួលអប្បបរមាឲ្យកម្មករ/ការិនីរបស់យើង ១៨២ ដុល្លារសហរដ្ឋអាមេរិក ព្រោះខាងរោងចក្រ/ឯកជនមានលទ្ធភាពត្រឹមតែ ១៧៧ ដុល្លារ ប៉ុន្តែ រាជរដ្ឋាភិបាលចង់បាន ១៨២ ដុល្លារ។ ខាងរោងចក្រខាងវិស័យឯកជន គេថា គេធ្វើបាន ក៏ប៉ុន្តែគេសុំឲ្យអគ្គិសនីចុះថ្លៃមកដល់កម្រិតនេះ។ អញ្ចឹង រាជរដ្ឋាភិបាលសុខចិត្តខាតបង់តម្លៃអគ្គិសនី ទម្លាក់ថ្លៃអគ្គិសនីចុះ ទូទាត់ធ្វើយ៉ាងម៉េចឲ្យថៅកែតម្លើងឲ្យបាន ១៨២ ដុល្លារ។ ចំណុចនេះក៏ប្រជាពលរដ្ឋរបស់យើងកំពុងបាន និងទទួលផល មិនថាតែនៅក្នុងវិស័យឧស្សាហកម្មទេ ប្រជាពលរដ្ឋនៅក្នុងប្រទេសកំពុងទទួលផល នៃការធ្លាក់នៃថ្លៃអគ្គិសនី។ ចុងខែនេះ នៅពេលដែលទៅបង់ថ្លៃអគ្គិសនី នឹងថោកជាងពីមុន …។

ចុះហត្ថលេខាលើអនុក្រឹត្យបញ្ចប់វត្តមានកាំកុងត្រូលតាមមាត់ច្រក

ម្សិលមិញ ខ្ញុំបានធ្វើការសម្រេចទី ១ ចុះហត្ថលេខាលើអនុក្រឹត្យ ដើម្បីបញ្ចប់វត្តមានកាំកុងត្រូលនៅតាមមាត់ច្រកទាំងអស់ កាត់បន្ថយភាពសាំញ៉ាំ នៃការនាំចេញនាំចូល ក្នុងដំណើរការធ្វើធុរកិច្ច។ ចេញជាអនុក្រឹត្យ ហើយយើងនឹងបន្តពិនិត្យទៀត។ គោលដៅរបស់ខ្ញុំទុកតែ ២ ទេ គឺនគរបាលអន្តោប្រវេសន៍ ជាមួយនឹងគយ។ ឥឡូវបើសិនជាមាននៅសល់ខាងផ្នែកកសិកម្ម ខាងផ្នែកអីទៀត ដកទៀត តែនឹងធ្វើនៅពេលក្រោយ។ ឥឡូវបញ្ចប់វត្តមាននៃកាំកុងត្រូលសិន។ បើយោងទៅលើចំណុចនោះ ​ផ្នែកកាំកុងត្រូល ដែលធ្លាប់មានវត្តមាននៅទីនោះ ប្រាក់ចំណូលប្រមាណជា ៣០ លានដុល្លារអាមេរិក ក៏នឹងត្រូវបាត់​បង់ … រដ្ឋបាត់បង់ប្រាក់ចំណូលប្រ​មាណជា ៣០ លានដុល្លារអាមេរិក តែវិស័យឯកជន គេនឹងចំណេញ ៤០ លានដុល្លារសហរដ្ឋអាមេរិក។ ព្រោះអី? បង់ផ្លូវការប្រហែល ៣០ លានដុល្លារ តែមិនផ្លូវការប្រហែល ១០ លានដុល្លារទៀត …។

ជម្រើសទី ១ សម្រាប់កាំសាប គឺទុកនៅដដែល តែទម្លាក់ថ្លៃសេវា

មួយទៀត ក៏សូមផ្ដាំទៅថ្នាក់ដឹកនាំ និងបុគ្គលិកកាំសាប ដែលបានបំពេញមុខងាររយៈពេល ៤០ ឆ្នាំរួចមកហើយ ក្នុងការនាំនាវាចូលកំពង់ផែ។ កាលពីសម័យមុននោះ នាវាកាលណាមកដល់ point zero ត្រូវឈប់នៅកន្លែងនោះ។ កាំសាបត្រូវធ្វើដំណើរទៅ រួចហើយលើកទង់ជ័យរបស់យើងឡើង នឹងនាំផ្លូវសម្រាប់នាវាចូលកំ​ពង់ផែ។ ឥឡូវបានដាក់ជម្រើស អោយធ្វើការជ្រើសរើស។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាទំនើបណាស់មិនមានការចាំបាច់ដើម្បីឲ្យមានការនាំផ្លូវបែបនេះទៀតទេ។ នាវា និងកំពង់ផែ ធ្វើទំនាក់ទំនងជាមួយគ្នាដោយផ្ទាល់បាន។ ដូច្នេះ អង្គប្រជុំដែលដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន មានជម្រើស ៣ ឲ្យខ្ញុំរើស​។ ជម្រើសទី ១ គឺ ទុកកាំសាបឲ្យនៅដដែល ប៉ុន្តែទម្លាក់ថ្លៃមួយចំនួន និងសេវាមួយចំនួន ដែលមិនចាំបាច់។

ជម្រើសទី ២ ដាក់ឲ្យមានការប្រកួតប្រជែងរវាងភ្នាក់ងារច្រើន

ជម្រើសទី ២ គឺដាក់ឲ្យមានការប្រកួតប្រជែងរវាងភ្នាក់ងារច្រើន ព្រោះកាំសាបមិនមែនជាប្រភេទសេវាអធិប​តេយ្យដូចគយនោះទេ។ មុននេះមានគេបបួលខ្ញុំឲ្យលក់គយ ដល់ខ្ញុំមិនព្រមគេខឹងជាមួយខ្ញុំ។ ប៉ុន្តែឥឡូវសុំប្រាប់​បងប្អូន ក្នុងមួយខែ(ចំណូលពី)គយ ហោចបំផុត ២០០ លានដុល្លារ។ អាហ្នឹងក្នុងឆ្នាំ​ ២០១៨។ ឥឡូវគយឆ្នាំនេះនឹងមានចំនួនកើនឡើងទៀត។ ចុះបើខ្ញុំព្រមលក់តាមគេដូចកាលនោះ ៥០% រដ្ឋ ៥០% ឯកជន អញ្ចឹង ១០០ លានដុល្លារ នឹងបានទៅឯកជន រដ្ឋនៅសល់តែ ១០០ លានដុល្លារ។ ខ្ញុំសម្រេចចិត្តត្រូវ ខ្ញុំអត់លក់ទេព្រោះគយជាសេវាអធិបតេយ្យ គយត្រូវបំពាក់អាវុធ គយប្រទេសខ្លះមានទាំងឧទ្ធម្ភាគចក្រ និងនាវាប្រដេញទៀត​។ យើងក៏មាននាវាប្រដេញដែរ ប៉ុន្តែគយប្រទេសខ្លះ គឺមាននគរបាលយុត្តិធម៌ មានទាំងឧទ្ធម្ភាគចក្រ … កាលហ្នឹងជំនាន់ ប៉ែន ស៊ីម៉ន ធ្វើមេគយ។ ក៏ប៉ុន្តែ មានបរទេសពីរនាក់សរសេរលិខិតផ្ដាំទុកតែម្ដង ថាបើសិនជារាជរដ្ឋាភិបាលសម្រចតាមមតិរបស់គេនេះ គេសុំដកខ្លួនមិនទទួលខុសត្រូវ។ គេឲ្យយើងរក្សាការសំងាត់។ មកដល់អង្គប្រជុំ ប្រាប់ថាអត់ទេ។ យកត្រឡប់ទៅវិញ។ លុយគេឲ្យប៉ុននេះ បើសិនមិនទទួលតាមគេ គេមិនឲ្យ​ចាយ​លុយទេ។ និយាយក្នុងអង្គប្រជុំ អញខ្ពើម។ តាំងពីទីស្ដីការគណៈរដ្ឋមន្ត្រីចាស់ តាំងពីជំនាន់នោះ …។

ឥឡូវឃើញផលទេ? ២០០ លានដុល្លារ យ៉ាងតិចក្នុងមួយខែ។​ អញ្ចឹងក្នុងមួយខែ យើងត្រូវឲ្យទៅឯកជនអស់ ១០០ លានដុល្លារ។ ឥឡូវ យើងនៅសល់ខ្លួនឯងទាំងអស់ សឿង ឬមិនសឿង? មិនទាន់ប្រាកដទេ អស់​លោក! គ្រាន់តែអស់លោកមានសំណាងកើតនៅក្នុងប្រទេសអ្នកមាន មកប្រដៅខួរក្បាល ហ៊ុន សែន។ តែឲ្យខួរក្បាលលោកឯងពូកែជាងខួរក្បាលកូនខ្មែរ មិនប្រាកដទេ។ ដូនតាយើងធ្វើប្រាសាទនៅពាសពេញតំបន់តា​កែវ​ស្អីៗហ្នឹងតាំងពីសតវត្សរ៍ប៉ុន្មាន មុននឹងប្រទេសខ្លះមិនទាន់កើតផង។ សល់អង្គរវត្តមួយប៉ុនណាប៉ុនណី ហើយមិនមែនមួយទេ ជាង ១ ពាន់ ប្រាសាទនៅស្រុកខ្មែរ។

ជម្រើសទី ៣ លុបចោលអង្គភាពកាំសាប ផ្ទេរបុគ្គលិកទៅក្របខណ្ឌក្រសួងសាធារណការ

ប៉ុន្តែ ឥឡូវបកមកនិយាយអំពីបញ្ហាកាំសាប ថាដាក់ឲ្យមានការប្រកួតប្រជែង ព្រោះវាមិនមែនជាសេវាអធិប​តេយ្យ ប៉ុន្តែខាងកាំសាបបានបញ្ជាក់ថា បើប្រកួតប្រជែង គឺច្បាស់ជាក្ស័យធន ធ្វើមិនឈ្នះឯកជន។ ធម្មតាទេឲ្យតែរបស់រដ្ឋ គឺវាតែងតែអញ្ចឹង ឲ្យតែរបស់រដ្ឋគឺដឹងតែវាងាប់អញ្ចឹង អាហ្នឹងជម្រើសទី ២។ ជម្រើសទី ៣ គឺលុបចោលអង្គភាពកាំសាបតែម្ដង ហើយផ្ទេរបុគ្គលិកនេះទៅឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកទៅបំ​ពេញឲ្យផ្នែកនេះផ្នែកនោះទៅតាមតម្រូវការ។ មិនមែនបណ្តេញបងប្អូនចេញពីក្របខណ្ឌរដ្ឋទេ។ អង្គភាពនេះជាអង្គភាពស្វយ័តហិរញ្ញវត្ថុ។ ចំណេញ ឬខាតនៅហ្នឹង។ សូមបងប្អូនកូនក្មួយនៅក្នុងអង្គភាពកាំសាប(យល់) ពូបានសម្រេចលុបចោលអង្គភាពកាំសាបហើយ។

អភិក្រម ៥ ដើម្បីការរស់រាន និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ និងសម្រួលពាណិជ្ជកម្ម

នេះហើយដែលហៅពាក្យថា អភិក្រម ៥ យ៉ាង ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ មិនមែនបងប្អូននោះជាអ្នកធ្វើកំហុសទេ ក៏ប៉ុន្តែ ដើម្បីការរស់រាននៃសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ សម្រួលពាណិជ្ជកម្មនៅក្នុងក្របខណ្ឌនៃការសម្រួលពាណិជ្ជកម្មដែលនៅគ្រប់វេទិកានៃការសន្ទនាទាំងអាស៊ាន ទាំងក្រប​ខណ្ឌ សូម្បីតែនៅក្នុងពេលប្រជុំ G20 អាប្រទេសគេហៅថាប្រទេសសេដ្ឋកិច្ចធំទាំង ២០។ ខ្ញុំទៅចូលរួមក្នុងនាមជាប្រធានអាស៊ាន ក៏និយាយ។ ប្រធានអគ្គនាយក WTO ក៏បានស្នើខ្ញុំឲ្យមានយោបល់ទាក់ទិនជា​មួយកិច្ចការសម្រួលពាណិជ្ជកម្ម។ បញ្ហាកាំសាបនេះ ក៏ទាក់ទងជាមួយនឹងការសម្រួលពាណិជ្ជកម្ម។ អញ្ចឹងការលុបចោលនូវអង្គភាពកាំសាប ក៏មានចំណែកឆ្លើយតបទៅនឹងការសម្រួលពាណិជ្ជកម្មសម្រាប់អ្នកវិនិយោគ ដែលមករកស៊ីនៅកម្ពុជា។ កាំសាប ពិនិត្យមើលនៅក្នុងប្រទេសអាស៊ានសព្វថ្ងៃ នៅសល់តែយើង និងមីយ៉ាន់ម៉ាទេ។ ក្រៅពីនោះគេលុបចោលអស់ហើយ។ វៀតណាម គេក៏លុបចោលតាំងពីណាពីណីអស់ទៅហើយ។ ឡាវគាត់អត់មានទេ ព្រោះគាត់អត់ផ្លូវទឹក។ អញ្ចឹងទេ យើងលុបចោល។ តម្លៃស្កេននៅតាមកំពង់ផែ ក៏ត្រូវទម្លាក់ចុះ ដើម្បីផលចំណេញនៃបណ្តារោងចក្រ សហគ្រាស ដែលរកស៊ីនាំចេញនាំចូល។ ផលចំណេញនោះហើយជាការប្រកួតប្រជែង សម្រាប់ទាក់ទាញវិនិយោគមកកាន់ប្រទេសយើង។ ដោយការផលិតនៅក្នុងប្រទេសយើងតម្លៃថោក ការដឹកជញ្ជូននាំចេញក៏តម្លៃថោក ឧទាហរណ៍៖ ទម្លាក់ចោលនូវតម្លៃ គេហៅថា សេវាកាំសាប សេវាផ្នែកកាំកុងត្រូល អញ្ចឹងវាបាត់ហើយ។ អាធ្លាប់បង់ដូចថា ពួកនាវាគេធ្វើផ្ទាល់ នៅសល់នាវាតែប៉ុន្មានទេ ដែលគេមិនធ្វើផ្ទាល់ជាមួយកំពង់ផែ។ កាលណាយើងបាត់អាហ្នឹង ទម្លាក់ថ្លៃហ្នឹងចុះ បូកនឹងតម្លៃកាំកុងត្រូល បូកនឹងទម្លាក់តម្លៃជាមួយនឹងតម្លៃស្កេន វានឹងធ្វើឲ្យកាន់តែធូរថ្លៃសម្រាប់អ្នកវិនិយោគនៅក្នុងស្រុកខ្មែរ។ អញ្ចឹងភាពប្រកួតប្រជែងរបស់យើងកាន់តែខ្ពស់។

ចន ឃែរី ជាមិត្តភក្តិដ៏ល្អ

… ខ្ញុំអត់ទាន់បានជួបរដ្ឋមន្ត្រីក្រសួងសាធារណការទេ ព្រោះគាត់កំពុងប្រជុំនៅហ្សឺណែវ ម្សិលមិញប្រជុំនៅហ្សឺណែវ ហើយជួបអតីតបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក ចន ឃែរី ដែលក្រោយមក គាត់ធ្វើរដ្ឋមន្ត្រីការបរទេស និងគាត់មកទស្សនកិច្ចនៅស្រុកខ្មែរ។ ច្បាប់ទាក់ទងនឹងការកាត់ទោសខ្មែរក្រហម ចន ឃែរី នេះ ជាអ្នករៀបចំជាមួយខ្ញុំតែម្តង អំពី ស៊ុបពែម៉ាហ្សូរីតេ (super-majorité) នេះគឺថាជារូបមន្តរបស់ ចន ឃែរី។ ម្សិលមិញ គាត់ថតរូបជាមួយគ្នាហ្នឹង។ គាត់ផ្ញើមក។ ចន ឃែរី មានបំណងមកទស្សនកិច្ចនៅស្រុកខ្មែរ។ គាត់គឺជាមិត្តភក្តិដ៏ល្អម្នាក់ ធ្លាប់ជាទាហានមកប្រយុទ្ធនៅវៀតណាម ហើយត្រូវរបួសនៅវៀតណាម​។ ប៉ុន្តែ នៅពេលដែលទៅទស្សនកិច្ចនៅប្រទេសចិន ឯកឧត្តម ស៊ុន ចាន់ថុល គាត់សូមចេញពីចិនទៅស្វ៊ីសតែម្តង។ ប៉ុន្តែដោយសារមានការប្រជុំហ្មត់ចត់​ ខ្ញុំយកការសម្រេចក្នុងចំណោមជម្រើស ៣ យ៉ាងនេះ យកអាជម្រើស ដែលចំណេញជាងគេ ជម្រើសណាដែលចំណេញឲ្យសេដ្ឋកិច្ច យកជម្រើសហ្នឹង។

សុខចិត្តឲ្យងាប់ក្រុមហ៊ុនមួយ ដើម្បីសេដ្ឋកិច្ចជាតិទាំងមូល

… តិចទៅគិតថា លុបចោល កាំសាប នឹងបាត់បង់ចំណូលក្នុងមួយឆ្នាំប្រមាណ ២ លានដុល្លារ ហើយបង់ចូលថវិកាជាតិប្រហែលជា ៥០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ បើយល់ឃើញថាខាត ក្រុមហ៊ុននេះ ដោយមិនគិតពីសេដ្ឋកិច្ចជាតិទាំងមូល នេះមិនមែនដឹកនាំសេដ្ឋកិច្ចទេ។ ខ្ញុំសុខចិត្តឲ្យ រ៉ូយ៉ាល់អ៊ែរកាំបូដ ងាប់។ ពីដើម រ៉ូយ៉ាល់អ៊ែរ​កាំ​បូដ ទារផ្តាច់មុខហោះហើរ ភ្នំពេញ-សៀមរាប ទារហោះហើរ​ ដោយមិនឲ្យក្រុមហ៊ុនដទៃហោះទេ។ បានខ្ញុំថា ធ្វើអញ្ចឹងមិនមែន(ល្អ) ធ្វើគ្រាន់តែរស់ រ៉ូយ៉ាល់អ៊ែរកាំបូដ តែវាងាប់សេដ្ឋកិច្ច។ មនុស្សត្រូវការធ្វើដំណើរ ប្រជាជនត្រូវការធ្វើដំណើរ ឯយើងត្រូវការឲ្យរស់ រ៉ូយ៉ាល់អ៊ែរកាំបូដ មួយ វាមិនងាប់សេដ្ឋកិច្ចរបស់ប្រទេស? កាលពីឆ្នាំ ១៩៨៧ តាំងពីជាង ៣០ ឆ្នាំ មុននោះ ប្រជុំគណៈរដ្ឋមន្រ្តី អតីតរដ្ឋមន្ត្រីឧស្សាហកម្ម លោកជំទាវ ហូ ណូន និងអនុរដ្ឋមន្ត្រីប៉ុន្មាននាក់មាន អ៊ិត ប្រាង, សុខ​ ឥសាន ដើម្បីការរស់រាននៃរោងចក្រផលិតកង់ឡាន កង់ម៉ូតូ សំ​បក​កង់ ពោះវៀនកង់ នៅតាខ្មៅ ស្នើឲ្យខ្ញុំបិទសិប្បកម្មផលិតសំបកកង់ និងពោះវៀនកង់។ បានខ្ញុំប្រាប់ទៅវិញថា ខ្ញុំសុខចិត្តឲ្យងាប់រោងចក្រ។ មើលនៅក្នុងអាសៀវភៅ ១០ ឆ្នាំ នៃដំណើរកម្ពុជា ខ្ញុំសរសេរ។ បន្ទាប់ពីប្រជុំហើយ ខ្ញុំសរសេរបញ្ចូលក្នុងសៀវភៅនោះតែម្តង។ ព្រោះអាហ្នឹងអត់បានទេណា ត្រូវគិត។

បុគ្គលិកកាំសាប នៅជាមន្រ្តីរាជការទទួលបៀវត្សរ៍ពីក្រសួងសាធារណការ

អញ្ចឹងសូមអ្នកដឹកនាំកាំសាប ក៏ដូចជាកូនក្មួយធ្វើការងារនៅក្នុងកាំសាប សូមកុំគិតថា ផលប្រយោជន៍របស់អញត្រូវបាត់។ ខ្លួនមិនបាត់ទៅណាទេ។ ខ្លួននៅតែជាមន្ត្រីរាជការ ទទួលបៀវត្សរ៍។ គ្រាន់តែពីមុនទទួលបៀវត្សរ៍ត្រង់ពីកាំសាប ឥឡូវទទួលបៀវត្សរ៍ចេញពីក្រសួងសាធារណការ។ ប៉ុន្តែ សេដ្ឋកិច្ចនឹងមានភាពប្រកួតប្រជែង​។ រដ្ឋត្រូវបាត់ប្រាក់ត្រឹមតែកន្លះលានដុល្លារទេ ដែលកាំសាបបង់នៅក្នុងមួយឆ្នាំនោះ … ប៉ុន្តែដើម្បីធានាឲ្យការប្រ​កួត​ប្រជែង។ យើងយកការកែទម្រង់ដាច់ណាត់ កុំឲ្យពាំត្រណោត។ ឥឡូវគ្រាន់តែលើកថា គ្រាន់តែចេញអាជម្រើសទី ២ ថាឲ្យមានការប្រកួតប្រជែងដោយភ្នាក់ងារច្រើន កាំសាបបច្ចុប្បន្នឆ្លើយតបភ្លាមថានឹងក្ស័យធន ប្រកួតប្រជែងមិនឈ្នះគេ។ តែប៉ុណ្ណឹងយើងអាចដឹងបានពីសមត្ថភាពនៃអង្គភាពរដ្ឋហើយ។ បើអញ្ចឹង ចាំបាច់ទុកធ្វើអី … ទុកទៅវាជាបន្ទុករបស់រដ្ឋទៅថ្ងៃក្រោយទេ។ ដើម្បីកុំឲ្យមានភាពសាំញ៉ាំ គឺកំពង់ផែ ទំនាក់ទំនងជាមួយនាវាឯណោះ ហើយឥឡូវហ្នឹងប្រដាប់នាំផ្លូវ វាស្រួលនោះមហាស្រួល។ គ្រាន់តែអស់​លោកអ្នកចង់ឲ្យខ្ញុំដឹងថានៅឯណា បាញ់តែ Location មួយមក ខ្ញុំដឹងថានៅឯណាបាត់ទៅហើយ …។

ព័ត៌មាន វាត្រូវការមានល្បឿនលឿន ហើយជាក់លាក់

នេះក៏ជាការជូនសារទៅកាន់ធុរជន ដែលធ្វើការវិនិយោគនៅកម្ពុជា និងមានគោលដៅមកស្វែងរកការវិនិយោគនៅកម្ពុជា។ ព្រោះអញ្ចេះ ហេតុអីខ្ញុំចាំបាច់ជូនសារ? រឿងវាអញ្ចេះនៅស្រុកខ្មែរ។ ឯកសារខ្លះគឺគេអត់(ផ្សាយចេញលឿន)នេះទេ ប៉ុន្តែបើថា លោក ហ៊ុន សែន និយាយ គឺថាលឿនតែម្តង រហ័ស។ ឥឡូវសូម្បីតែអា Fresh News ប្រហែលជាចាប់ផ្តើមផ្សាយហើយ​ សាកបើកមើលជួនកាលអា Fresh News ផ្សាយបាត់។ ទន្ទឹមនឹងវាផ្សាយផ្ទាល់នេះ តែផ្សាយផ្ទាល់ គឺផ្សាយជាទូរទស្សន៍ Fresh News និង ហ្វេសប៊ុក Fresh News ប៉ុន្តែ វាមាន​ព័ត៌មានមួយចេញភ្លាម វាយព័ត៌មានជាលាយលក្ខណ៍អក្សរចេញ ចេញជាខ្មែរ ចេញជាអង់គ្លេស ចេញជាចិនតែម្តង អញ្ចឹងវាមានល្បឿនលឿនរបស់វាអញ្ចឹង។  ប៉ុន្តែ បើអ្នកដទៃនិយាយ គឺសូម្បីតែសារព័ត៌មានក៏មិនទាន់ហ៊ានប្រញាប់ប្រញាល់ (…) Fresh News ចេញបាត់ទៅហើយ អាហ្នឹងល្បឿនលឿន។ អញ្ចឹងបាន ខ្ញុំថាព័ត៌មានត្រូវការជាក់លាក់ហើយលឿន។ បើរង់ចាំ AKP របស់ក្រសួងព័ត៌មានសូមរង់ចាំរាត្រីនេះ ហើយបើគេអត់តាមដាន ​សូមរង់ចាំសប្តាហ៍ក្រោយ …​ អញ្ចឹងខ្ញុំត្រូវការរបស់ណាដែលលឿន … ដោយសារព័ត៌មាន(Fresh News) ចេញជាភាសាខ្មែរផង ភាសាអង់គ្លេសផង ជាភាសាចិនផង គឺធ្វើឲ្យអ្នកដែលចង់មកវិនិយោគ និងអ្នកវិនិយោគនៅស្រុ​កខ្មែរ នឹងនចិត្ត។ គេដឹងថា ប្រសិនបើមានបញ្ហាស្អីកើតឡើង គឺគេនៅតែមានលទ្ធភាពមានប្រាក់ចំណេញ ហើយបើគ្មានអីកើតឡើងទេ គេកាន់តែមានប្រាក់ចំណេញ ហើយប្រាក់ចំណេញនេះមួយផ្នែកនឹងបានក្លាយទៅប្រាក់រង្វាន់​ ឬក៏ដំឡើងបៀវត្សរ៍ឲ្យ​កម្មករ/ការិនីរបស់យើង …។

នៅពេលខាងមុន នឹងមានការលុបចោលការិយាល័យថ្នាក់ស្រុករបស់ក្រសួងមួយចំនួន

ខ្ញុំនឹងបន្តដើម្បីដឹកនាំកំណែទម្រង់នេះតទៅទៀត។ ចូលកន្លែងណាត្រូវវះកាត់ គឺកាត់ចេញតែម្តង។ អង្គភាពរដ្ឋមួយចំនួន ដែលមិនចាំបាច់ គឺលុបចេញពីបញ្ជីតែម្តង។ សូម្បីនៅពេលខាងមុខ​ អភិបាលខេត្តនានាស្ដាប់​ឲ្យ​ហើយ ជាពិសេសគឺនៅថ្នាក់ស្រុក ក្រសួងនានាក៏ត្រូវស្តាប់ឲ្យបានដែរ នៅក្នុងរចនាសម័្ពន្ធក្រសួងមួយៗ មានក្រៅពីក្រសួង មានអគ្គនាយក មាននាយកដ្ឋាន មានការិយាល័យ ហើយមានមន្ទីរនៅតាមខេត្ត និងមានការិ​យា​ល័យនៅតាមស្រុក នឹងលុបចោលការិយាល័យនៃអង្គភាពរបស់ក្រសួងមួយចំនួននៅថ្នាក់ស្រុកតែម្តង។ របស់ដែលត្រូវទុក តំបន់ប្រតិបត្តិការគឺ​ផ្នែកកងទ័ព នគរបាលត្រូវទុក ខាងសុខាភិបាលត្រូវទុក អប់រំត្រូវទុក រៀបចំដែនដីត្រូវទុក ព្រោះអាហ្នឹងវាសំខាន់ គ្រប់គ្រងដីធ្លី ទំនាស់ច្រើនណាស់។ ក្រៅពីនោះ យកមករៀបចំជាកញ្ចប់របស់វា។ ឥឡូវផ្នែកផលិតកម្ម ឧទាហរណ៍៖ កសិកម្ម​ ធនធានទឹក អភិវឌ្ឍន៍ជនបទ ដាក់វាម្តុំ ឬក៏ថែមទាំងឧស្សាហកម្ម រ៉ែ ផ្នែកហ្នឹងដាក់វាម្តុំចូលកន្លែងហ្នឹង ឲ្យវាទៅជាមួយគ្នាមួយចង្កោមសេដ្ឋកិច្ចហ្នឹងទៅ។ ផ្នែកអីទៀត? សង្គមកិច្ច វប្បធម៌ស្អីៗហ្នឹង ដាក់វាមួយចង្កោមទៅ ឲ្យវានៅជាតួអង្គ គេហៅថា រដ្ឋបាលឯកភាព​ តែម្តងទៅ។ ឥឡូវក្នុងមួយ Office  មាន ២ នាក់ យើងយកទៅធ្វើម៉ាំអី? អញ្ចឹងបង្កើតឲ្យនៅហ្នឹងទៅ ហើយបម្រើសេវាឲ្យប៉ុន្មានក្រសួង? ឧទាហរណ៍៖ ក្រសួងណាពាក់ព័ន្ធនៅហ្នឹង បម្រើសេវាឲ្យចូលមកមន្ទីរណា អាហ្នឹងអាចធ្វើទៅរួច។

លើសចំនួនអ្នកគ្មានសមត្ថភាព ខ្វះអ្នកមានសមត្ថភាព

បើមិនអញ្ចឹងទេ ក្រសួងមួយៗគិតតែពីសុំក្របខណ្ឌៗ​ ហើយក្របខណ្ឌយកទៅណា យកក្របខណ្ឌបង្កើននៅថ្នាក់ស្រុក ការងារជាន់គ្នាទាំងអស់។ សូមកុំភ្លេចណា ពាក្យក្របខណ្ឌមួយម៉ាត់ ត្រូវគិតចាប់ពីពេលដែលគេចូល គិតប្រាក់ខែឲ្យគេ ​ដល់ទៅពេលគេចូលនិវត្តន៍ ក៏ត្រូវរក្សាទុកនូវប្រាក់បៀវត្សរ៍។ អញ្ចឹងបានជានៅក្នុងគណៈរដ្ឋមន្ត្រី ខ្ញុំនិយាយហើយនិយាយទៀត ឲ្យយកចិត្តទុកដាក់សន្សំសំ​ចៃលើបញ្ហាការប្រើក្របខណ្ឌ។ ថ្នាក់ក្រោមជាតិក៏ដូចគ្នាដែរ កុំចេះតែប្រមូលមនុស្សដាក់។ កាលពីដើម មនុស្សប៉ុណ្ណឹងក៏ធ្វើការកើត ឥឡូវមនុស្សច្រើន។ យើងលើសហើយខ្វះ។ លើសគឺលើសចំនួនមនុស្សដែលគ្មានលទ្ធភាពធ្វើការ គ្មានសមត្ថភាព។ ឯខ្វះគឺខ្វះអ្នកដែលមានលទ្ធភាពពិតប្រាកដក្នុងការធ្វើការ។ នេះជាចំណុចដែលខ្ញុំគួរតែនិយាយ ជាការផ្ញើសារជូន។ នៅពេលខាងមុខ នឹងមានការកែសម្រួលរចនាសម័្ពន្ធនៅថ្នាក់ស្រុក ដោយមិនមានការិយាល័យ នៃមន្ទីរនានា ដែលធ្លាក់ទៅដល់ក្រោមទៀតទេ។

ការិយាល័យ អប់រំ សុខាភិបាល ដែនដី នគរបាល និងយោធា នៅរក្សាធម្មតា

សម្លឹងមើល ទុកតែ ៣ ផ្នែកទេ​ អប់រំត្រូវតែមានការិយាល័យអប់រំហើយ សុខាភិបាលត្រូវតែមានការិយាល័យ ព្រោះអាហ្នឹងទាក់ទងជាមួយនឹងសេវាព្យាបាលជំងឺប្រជាជន ដែនដីត្រូវតែមានហើយ ព្រោះអាហ្នឹងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដីធ្លី នគរបាល ហើយនិងយោធា អាហ្នឹងត្រូវតែមានហើយ ប៉ុន្តែក្រៅពីនោះរៀបចំជា​​​ អាណាស្រដៀងៗគ្នា ដូចគ្នា ប្រហែលគ្នា ដាក់មួយកញ្ចប់។ សូម្បីតែរៀបចំមន្ទីរការប្រើទឹក ប្រើភ្លើង ក៏តិចជាងមុនដែរ ប្រើបុគ្គលិកក៏តិចជាងមុន ទឹកភ្លើងក៏តិចជាងមុន មធ្យោបាយធ្វើការក៏តិចជាងមុន ដាក់វាជាចង្កោមៗទៅអញ្ចឹងតែម្តង។ ធ្វើការកែទម្រង់ បើយើងធ្វើការកែទម្រង់អាហ្នឹង យើងមានលទ្ធភាព ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិយើងស្ទុះឡើង ហើយប្រសិទ្ធភាពកាន់តែខ្ពស់។

រវល់ច្រើន មិនបានហាត់ប្រាណ គីឡូឡើង

… អាទិត្យនេះអត់មានបានសម្រាកអីបន្តិច។ ចេញដំណើរថ្ងៃអាទិត្យ ទៅដល់ឯណោះជួបសំណេះសំណាលជាមួយនិស្សិត ថ្ងៃច័ន្ទ ទស្សនកិច្ចផ្លូវការ ថ្ងៃ អង្គារ៍ ទស្សនកិច្ចផ្លូវការ ថ្ងៃពុធ ត្រឡប់មកវិញ។ អារម្មណ៍គិតថា អ្នកដែលរៀបចំតាក់តែងឯកសារឲ្យខ្ញុំប្រហែលជាមិនគ្រប់ទេ ព្រោះគ្នាក្តាប់អត់បានបញ្ហាទាំងអស់។ អញ្ចឹងត្រូវ Note ខ្លួនឯងលើយន្តហោះហ្នឹង ដល់មកដល់មើលឯកសារ ដែលគេត្រៀមទុកឲ្យ (ឃើញថា)អត់មែន។ ឧទា​ហរណ៍ សូម្បីតែប៉ុណ្ណេះក៏ខុសដែរ ក្រសួង និងអគ្គសេនាធិការ ត្រូវបានបង្កើតឡើង។ បង្កើតអី? បើយើងបង្កើតតាំងពីឆ្នាំ ១៩៧៩ មក។ ការដែលបង្កើតហ្នឹង គឺចេញមកពីឈរលើរចនាសម័្ពន្ធរដ្ឋកម្ពុជាទាំងអស់។ ម្សិលមិញ ត្រូវឈរនិយាយពេលព្រឹក ពេលល្ងាចត្រូវទៅជួបភ្ញៀវ ហើយ dossiers មិនចេះតិច។ ថ្ងៃនេះមកនេះទៀត។ មិន​ចង់លើកពេលទេ កុំឲ្យជំពាក់អ្នកកំពតយូរពេក … ប្រុងលើកទៅអាទិត្យក្រោយតើ ប៉ុន្តែថាអត់ទេ។ ទ្រាំ។ ប៉ុន្តែ ថ្ងៃស្អែកសុំហើយ។ ប៉ុន្តែថ្ងៃមុនស្រួល ដល់គីឡូវាឡើង ម្សិលមិញហាត់ប្រាណដល់ទៅ ១ ម៉ោង ម្សិលម្ង៉ៃហាត់បាន ៩៥ នាទី ធ្លាក់បានតែជាង ៦០០ កាឡូរី ហើយគីឡូធ្លាក់បានតែ ១ គីឡូ។ ដល់ម្សិលមិញប្រឹងធ្លាក់ជាង ៧០០ ធ្លាក់បាន ១ គីឡូកន្លះ។ ប៉ុន្តែ ធ្លាក់តែគីឡូ ប៉ុន្តែពោះនៅតែធំ ឥឡូវធ្វើម៉េច? ម្សិលមិញ ណែនាំកងទ័ពឲ្យទម្លាក់ក្បាលពោះ ឥឡូវពោះខ្លួនឯងវានៅតែធំ … ទៅវាយកូនហ្គោលនេះ ទម្លាក់ទំងន់បានល្អណាស់ តាមរយៈការហូរញើស ហើយធាតុអាកាសក៏វាល្អទៀត អញ្ចឹងទៅបានហើយស្អែក។ ប៉ុន្តែ វាបែរទៅជាឈរនិ​យាយ វាក៏ធ្វើឲ្យយើងមិនស្រួលខ្លួនដែរ។ ប៉ុន្តែ ក្មួយៗដែលអង្គុយស្តាប់ពូ ជាពិសេសក្មួយៗដែលមានផ្ទៃពោះក៏មិនស្រួលខ្លួនដែល ជួនណាអាកូនធាក់។ ច្បាស់ណាស់ហើយ មានហើយ កូនវាធាក់។ ពូក៏ធ្លាប់មានប្រពន្ធ …នៅពេលដែលកូនវាធាក់ ប្រពន្ធប្រាប់ថា អានេះវាធាក់។ ប៉ុន្តែ កាលនោះ អត់ដឹងថា ប្រុស ឬស្រីទេ? កើតឡើងប្រឹងម៉ិមើលថាប្រុស ឬស្រី? រួចហើយប្រឹងមើលថាមាត់វាឆែប ឬអត់? ម្រាមដៃ ម្រាមជើងវាគ្រប់គ្រាន់ ឬអត់?

មិនឲ្យបរទេសលូកដៃ រួមនឹងអ្នកនៅខាងក្នុង ប៉ុនប៉ងបំផ្លាញសន្តិភាព ដែលរកបានដោយលំបាក

ថ្ងៃនេះ បានជួបជាមួយនឹងទាំងថៅកែ ជួបជាមួយនឹងកម្មករ/ការិនី អ្វីដែលខ្ញុំស្នើសុំ នៅតែបន្តស្នើសុំដូចគ្នា។ នោះគឺសុំឲ្យអ្នកទាំងអស់គ្នារួមចំណែករក្សានូវសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍរបស់ប្រទេស។ គ្មានសន្តិភាព មិនអាចមានការអភិវឌ្ឍបានទេ។ ខ្ញុំអត់យល់ទេ អ្វីដែលកំពុងកើតនៅវេណេហ្សូអេឡា ប្រធានាធិប​តីមួយជាប់ឆ្នោតកំពុងកាន់តំណែង ឥឡូវបែរជាសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនប្រកាសទទួលស្គាល់ប្រធានាធិបតីមេបក្សប្រឆាំងធ្វើប្រធានាធិបតី ហើយស្បថចូលកាន់តំណែងខ្លួនឯង។ អញ្ចឹងប្រទេសនេះបន្តិចទៀតនឹងវាយគ្នាតែម្តង។ ខ្ញុំប៉ាន់ស្មានថានឹងវាយគ្នា ព្រោះប្រធានាធិបតីក្នុងតំណែងគាត់នឹងមិនដកថយទេ។ ហេតុអីវិញបានមានរឿងបែបនេះកើតឡើង? ប្រវត្តិសាស្រ្តលើលោកនេះវាមិនដែលអាច​មានអារឿងហ្នឹង។ មេបក្សប្រឆាំង ដែលមិនបានចូលរួមការបោះឆ្នោត បែរទៅជាគេប្រកាសទទួលស្គាល់ថា ជាប្រធានាធិបតី ហើយអានោះមុខក្រាស់ទៀតស្បថចូលកាន់តំណែងខ្លួនឯង។ តិចនៅកម្ពុជាគេទារធ្វើអញ្ចឹង? សូមអញ្ជើញធ្វើមើលទៅ។ ប្រកាសទទួលស្គាល់អ្នកណាមួយធ្វើនាយករដ្ឋមន្រ្តីទៅ ជំនួសឲ្យព្រះមហាក្សត្រកម្ពុជាទៅ។ នៅឯនោះ ប្រធានាធិបតីអាមេរិក និងប្រទេសមួយចំនួនប្រកាសជំនួសប្រជាជនវេណេហ្សូអេឡា។ អស់ឆ្ងល់តែម្តង។ នោះហើយជាការបង្កើត(បញ្ហា)។ ត្រង់ហ្នឹងហើយ ដែលខ្ញុំទាមទារឲ្យមានការប្រយ័ត្នប្រយែងសម្រាប់សន្តិភាពរបស់កម្ពុជា មិនត្រូវឲ្យបរទេសលូកដៃជាមួយនិងអ្នកដែលនៅខាងក្នុងប៉ុនប៉ងបំផ្លាញចោលសន្តិភាព ដែលយើងរកបានដោយលំបាក។

ខេត្តកំពតទើបបញ្ចប់សង្គ្រាមនៅឆ្នាំ ១៩៩៦ នេះទេ

កុំភ្លេចណា នៅកំពត សង្រ្គាមទើបតែបញ្ចប់ឆ្នាំ ១៩៩៦ នេះ។ នៅចាំបានទេ? ឆ្នាំ ១៩៩៤ ខ្មែរក្រហមស្ទាក់រថភ្លើង សម្លាប់ជនជាតិបរទេស ៣ នាក់ បារាំងម្នាក់ អង់គ្លេសម្នាក់ អូស្រ្តាលីម្នាក់ នៅភ្នំវល្លិ៍។ តាកែនកោះស្លាយើង ទើបនឹងធ្វើសមាហរណកម្ម ១៩៩៦។ ប៉ុន្តែ ហេតុអីបានជាអញ្ចឹង? សុំឲ្យទូរទស្សន៍ជាតិ រកមើលឡើងវិញ ក្នុងសំណុំឯកសារទាំងអស់ នៃការធ្វើសមាហរណកម្ម អត់មានឯកសារតាកែនកោះស្លាសោះ។ សូម្បីតែទឹកដីកំពត ខ្មែរក្រហមឈរជើងនៅហ្នឹងនៅឡើយ។ អ៊ុនតាក់ចេញពីឆ្នាំ ១៩៩៣ នៅបន្តសង្រ្គាមសូម្បីតែនៅក្នុងខេត្តកំពតមានកម្លាំងខ្មែរក្រហមបោះនៅហ្នឹង វាយដាច់ខ្សែរថភ្លើង។ អញ្ចឹងទេ ត្រូវរួមគ្នារក្សាសន្តិភាពនេះឲ្យ​បាន ដើម្បីធានាដល់ការអភិវឌ្ឍ។

រោងចក្រជាសហគមន៍សុខសាន្ត ដោះស្រាយគិលានដ្ឋាន កន្លែងទទួលទានអាហារ និងកន្លែងបំបៅកូន

ជាមួយគ្នានេះ ត្រូវខិតខំធ្វើយ៉ាងណាឲ្យរោងចក្ររបស់យើងទាំងអស់ ឲ្យរោងចក្រមួយក្លាយជាសហគមន៍សុខសាន្តមួយ ដោយមានទំនាក់ទំនងល្អរវាងម្ចាស់រោងចក្រ អ្នកគ្រប់គ្រងរោងចក្រជាមួយកម្មករ/ការិនី។ ធ្វើយ៉ាងម៉េចធានាបញ្ហានេះ ម្ចាស់/ថៅកែរោងចក្រ ឬម្ចាស់/ថៅកែកសិដ្ឋាន ត្រូវយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់កម្មករ ជីវភាពរបស់កម្មករ ដែលខ្ញុំនៅតែបន្តស្នើដោយទទូចឲ្យចាត់ចែងទៅលើបញ្ហាគិលានដ្ឋាននៅក្នុងរោងចក្រ ដើម្បីដោះស្រាយជាបឋមលើបញ្ហាសុខភាព ទីកន្លែងទទួលទានអាហាររបស់កម្មករ ហើយបើអាចកាន់តែប្រសើរ អាចធ្វើទៅរួច កន្លែងបំបៅកូន។ ចំណុចទាំងអស់នេះ ម្ចាស់រោងចក្រត្រូវយកចិត្តទុកដាក់លើបញ្ហានេះ សុខទុក្ខកម្មករ ជាបញ្ហាសំខាន់របស់យើង។ ថៅកែត្រូវយល់ឲ្យច្បាស់ថា បើមានតែរោងចក្រអត់កម្មករ យើងមិនមែនថៅកែរោងចក្រទេ គឺគ្រាន់តែជាថៅកែឃ្លាំងតែប៉ុណ្ណោះ។ ឯចំពោះកម្មករវិញ បើអត់មានថៅកែវិនិយោគមកទេ ក្មួយៗក៏អត់មានការងារធ្វើដែរ។

បើគ្មានរោងចក្រនៅកំពត (១) ទៅរកការងារធ្វើនៅកន្លែងផ្សេង ឬក្រៅប្រទេស (២) នៅធ្វើជាកសិករ

ក្មួយនៅទីនេះ បើគ្មានរោងចក្រនៅទីនេះទេ តើក្មួយៗកំពុងធ្វើអ្វី? ចម្លើយឆ្លើយមកមានតែ ២ ទេ ពេលនេះ កំ​ពុងនៅទីក្រុងភ្នំពេញ ឬកំពុងនៅខេត្តផ្សេង ដើម្បីរកការងារធ្វើនៅកន្លែងនោះ ព្រោះមានមួយចំនួនទៅធ្វើការនៅទីក្រុងភ្នំពេញ មួយចំនួនធ្វើការនៅកន្លែងផ្សេង ដែលមានការងារធ្វើ ខ្លះទៅដល់ប្រទេសថៃ ឬម៉ាឡេស៊ី ឬប្រ​ទេសក្រៅរកការងារធ្វើ អាហ្នឹងជាចម្លើយទី ១ ។ ចម្លើយទី ២ បើគ្មានរោងចក្រទេ ពេលនេះក្មួយគឺជាកសិករដែលធ្វើការក្នុងវិស័យកសិកម្ម។ អញ្ចឹងគូភាគីទាំង ២ ទាំងម្ចាស់ ទាំងកម្មករ គឺបំពេញឲ្យគ្នា  មិនអាចខ្វះមួយណាបានទេ។

កែច្បាប់តម្រូវឲ្យទូទាត់ប្រាក់អត្ថប្រយោជន៍ ៦ ខែ ម្តង

សុំឲ្យរឿងនេះបន្តក្នុងភាពសុខដុមរមនា ដោះស្រាយបញ្ហាដោយការយោគយល់ ហើយដោយយកច្បាប់ការងារធ្វើជាគោល។ ការញុះញង់ ការបង្កហេតុណាមួយ ពីសំណាក់អ្នកនេះ នៅអ្នកនោះកូនក្មួយត្រូវជាកម្មករ/ការិនី គួរតែត្រូវគិតឲ្យច្បាស់។ ឧទាហរណ៍កន្លងទៅ ទាមទារឲ្យមានការបើកផ្តល់នូវអត្ថប្រយោជន៍តែមួយពេល វាមិនអាចធ្វើទៅរួចទេ។ ឥឡូវរឿងនេះវាបានស្ងប់ស្ងាត់ហើយ ៦ ខែ យើងបើកម្តង សន្សំលុយក៏បានច្រើនដែរ។ មុននេះ រហូតដល់គេបញ្ឈប់យើងពីការងារបានគេបើកឲ្យ។ តែឃើញថាច្រើនពេក វាពន្យារពេលពេក។ រដ្ឋខាតបង់ថវិកាប្រមាណ ២២ លានដុល្លារសហរដ្ឋអាមេរិកទៅហើយ។ ថៅកែរត់ចោលកម្មករ អញ្ចឹងបានជាយើងកែច្បាប់របស់យើង តម្រូវឲ្យមានការទូទាត់ក្នុងរយៈពេល ៦ ខែម្តង។

អំពាវនាវ ស្នើសុំរោងចក្រ កុំឲ្យក្លាយទៅជាទីកន្លែងមានបងតូចបងធំ

ប៉ុន្តែ រឿងអញ្ចេះ ខ្ញុំឃើញដូចជាមានអត្ថបទកាសែតណាទេចុះ រឿងបើកប្រាក់ខែ ២ អាទិត្យម្តងនេះ។ កម្មករខ្លះថាសប្បាយចិត្ត កម្មករខ្លះថាដូចមិនសូវល្អ ព្រោះយកមកចាយអស់។ អីក៏ពិបាកម្ល៉េះ មានលុយមិនចេះសន្សំ ឥឡូវអញ្ចេះ អ្នកដែលរពឹសដៃខាងចាយ ធ្វើតាមពូ រកកូនជ្រូកញាត់វាហ្មង កុំឲ្យរពឹសដៃខាងចាយពេកមើល បើកមកបើមិនទាន់មានតម្រូវការទេ ញាត់ ឬរកអាកូនជ្រូក ឬកេសណាមួយដាក់។ ហើយដាច់ខែ បើកថែមមកទៀត បើយើងមិនត្រូវការទេ យើងដាក់ថែមចូលទៅក្នុងហ្នឹង ចាំមួយឆ្នាំយើងបើកម្តង ច្រើនហ្មង។ ប៉ុន្មានពាន់ដុល្លារឯណោះ។ អញ្ចឹងទេ នេះជាការអំពាវនាវស្នើសុំ ហើយសុំរោងចក្រ កុំឲ្យក្លាយទៅជាទីកន្លែងមានបងតូចបងធំ កាប់ចាក់គ្នា កុំឲ្យរោងចក្រ កុំឲ្យទីកន្លែងកសិដ្ឋានដែលយើងកំពុងធ្វើការ ក្លាយទៅជាកន្លែងសេពគ្រឿងញៀន ជួញដូរគ្រឿងញៀន ឬជាតំបន់ចម្លងមេរោគអេដស៍តគ្នា។ រឿងនេះវាតែងមាន។ យើងមិនរើសអើងទេ។

សុំកុំចម្លងមេរោគអេដស៍ទៅអ្នកដទៃ

យើងអំពាវនាវ ទោះបីអ្នកកើតមេរោគអេដស៍ ឬអ្នកពិការ យើងអំពាវនាវឲ្យទទួលយកធ្វើការ ក៏ប៉ុន្តែ ប្រសិនបើអ្នកមានមេរោគអេដស៍។ ឧទាហរណ៍ថាបុរសដែលមានផ្ទុកមេរោគអេដស៍ សុំកុំទៅចម្លងសម្រាប់ស្រ្តីដែលជាដៃគូ។ ស្រ្តីដែលជាដៃគូ បើសិនជាមានមេរោគអេដស៍ ក៏មិនត្រូវចម្លងទៅដៃគូជាបុរសនោះទេ។ តិចគិតថា ដោយ​សារតែពួកប្រុសៗហ្នឹងហើយ បានអញមានមេរោគអេដស៍ អញ្ចឹងអ្នកឯងមិនបាច់ការពារខ្លួនអីទេ មកចម្លងពីអញយកទៅ។ កុំគិតអាធុនហ្នឹង។ ធ្វើម៉េចឲ្យប្រទេសរបស់យើងឈានចូលដំណាក់កាលគេហៅថាសូន្យ(ជំងឺអេដស៍)។ ឥឡូវ យើងមើលប៉ុន្មានថ្ងៃមុន ០,៦ ដល់ឆ្នាំប៉ុន្មានយើងត្រូវបញ្ចប់អត្រាសូន្យ ២០៣៥។ យើងអាចនឹងទៅលឿនលើសពីនេះផង បើសិនមិនមានការចម្លងបន្ថែម។ យើងមានជោគជ័យធំណាស់ បន្ទាប់ពីអ៊ុនតាក់ចេញទៅ បន្សល់ទុកមេរោគអេដស៍មិនតិចទេ។

សុំឲ្យអ្នកមានផ្ទៃពោះចេញមុនយ៉ាងតិច ១៥ នាទី

ដូចដែលឯកឧត្តម អ៊ិត សំហេង បានធ្វើការលើកឡើង ត្រូវបន្តតាមដានកិច្ចការទាំងអស់ដែលយើងបានធ្វើកន្លងទៅ។ ឥឡូវហ្នឹងសុំសួរក្មួយៗមានផ្ទៃពោះបន្តិច គេឲ្យចេញមុនប៉ុនា្មននាទី? ១៥ នាទី។ ហើយកាលពីពេលមុនប៉ុន្មាន? មុនពេលដែលពូស្នើសុំ កាលពីឆ្នាំ ២០១៧ ពូដឹងកន្លែងខ្លះឲ្យ ៥ នាទី កន្លែងខ្លះ ២០ នាទី កន្លែងខ្លះរហូតដល់ ៣០ នាទី ប៉ុន្តែ ក្រោយមកពូបានស្នើសុំគ្រប់រោងចក្រទាំងអស់អនុវត្តដូចៗគ្នា ១៥ នាទី។​ សុំបញ្ជាក់ករណីដូចប្រាក់ខែអញ្ចឹង ឲ្យក្រោម ១៥ នាទី ខុស ឲ្យលើស ១៥ នាទីត្រូវ។ អញ្ចឹងសុំថៅកែរោងចក្រ ហើយនិងម្ចាស់កសិដ្ឋានទាំងឡាយ បើសិនថាឃើញគ្នាមានផ្ទៃពោះអញ្ចឹង យើងឲ្យចេញមុនម៉ោងបន្តិចទៅ។ ឥឡូវយើងថា បើសិនជារោងចក្រសហគ្រាសខ្លះ ឬកសិដ្ឋានខ្លះ គេកំណត់ថា ពី ១ ខែដល់ ៤ ខែ ឲ្យចេញ ១៥ នាទី មុន ប៉ុន្តែ ចាប់ពី ៤ ខែ ដល់ ៦ ខែ ឲ្យប៉ុន្មានថា ២០ នាទី ក្នុងចន្លោះ ៦ ខែ ទៅ ៧ ខែ ឲ្យប៉ុន្មានទៀត បើធ្វើអញ្ចឹងបានកាន់តែល្អ ដើម្បីធានាសុខភាពរបស់មាតា។

នយោបាយគាំពារសង្គមចាប់ពីស្រ្តីមានផ្ទៃពោះ សម្រាក ៣ ខែ បៀវត្សរ៍ ១២០% និងឧបត្ថម្ភ ៤០ ម៉ឺនរៀល

គោលដៅរបស់ពូលើគោលនយោបាយគាំពារសង្គម គឺចាប់យកស្រ្តីមានផ្ទៃពោះ ធ្វើមុន។ អញ្ចឹងបានជាក្មួយៗត្រូវបានទទួលរួចមួយឆ្នាំហើយ អ្នកដែលឆ្លងទន្លេត្រូវទទួលបានប្រាក់មួយរយដុល្លារស្មើនឹង ៤០ ម៉ឺនរៀល ពីរាជរដ្ឋាភិបាលផ្តល់ជូនតែម្តង។ ជាមួយគ្នានោះនៅតាមបណ្តារោងចក្រសហគ្រាសត្រូវបានទទួលការឈប់សម្រាក ៣ ខែជាមួយនឹងប្រាក់បៀវត្ស ១២០%។ អញ្ចឹងចំណុចនេះ ត្រូវតាមមើលឲ្យបានដិតដល់។ ពូសង្ឃឹមថាក្មួយៗនឹងបានកូនប្រុស កូនស្រី គួរឲ្យស្រលាញ់ និងពួកគេវ័យឆ្លាតនៅពេលក្រោយ។ សាលារៀនបច្ចុប្បន្ននេះនៅគ្រប់ទីកន្លែង ដែលមាន។ ខេត្តកំពតនេះមានមិនតិចទេសាលា ពូធ្វើសាលានៅកំពតមិនតិចទេ។ ពីមុននយោបាយពង្រាយសាលា ឥឡូវនយោបាយពង្រាយរោងចក្រសហគ្រាស និងបណ្តាកសិដ្ឋាន ដើម្បីជំរុញផលិតកម្ម ដើម្បីបង្កើតការងារធ្វើឲ្យប្រជាពលរដ្ឋយើង។

បដិវត្តន៍ឧស្សាហកម្មទី ៤ កំពុងជាបញ្ហាប្រឈមរបស់ពិភពលោក

មានអ្នកខ្លះនៅពេលដែលពូនិយាយជាមួយកម្មករ គេថាមិនដឹងជាស្អីទេ និយាយឡើង និយាយថាឲ្យកូនខ្មែរធ្វើខ្ញុំគេ។ ឱ! ព្រះអើយ ចុះបើយើងមិនធ្វើការ សួរថាអ្នកណាឲ្យប្រាក់ខែយើង? ពេលដែលពួកគេកាន់អំ​ណាចទៅ បែបធ្វើដូច ប៉ុល ពត ទៀតហើយ។ (និយាយពី)មានប្រដាប់បញ្ចុកបាយទៀត។ តែរកអីស៊ីមិនបានផង មានប្រដាប់បញ្ចុកបាយ។ ខ្ញុំមិនឲ្យបញ្ចុកទេ។ បញ្ចុកខុសបាក់ធ្មេញ។ តែគ្រឿងយន្ត ប៉ុន្តែឥឡូវគេមានអា robotសម្រាប់លើកម្ហូប។ ទៅប្រទេសចិនកន្លងទៅ បន្តិចទៀត គឺថាអ្នកជំងឺត្រូវបានប្រើ robot យកស្អីៗទៅឲ្យ។ បច្ចេក​វិទ្យាបច្ចុប្បន្ន គេកាត់បន្ថយការប្រើមនុស្ស ដែលនោះហើយជាបញ្ហាប្រឈមរបស់ពិភពលោក។ មនុស្សធ្លាប់មានការងារធ្វើ ប៉ុន្តែគេបង្កើតគ្រឿងយន្តធ្វើការជំនួស ដែលគេហៅថា បដិវត្តន៍ឧស្សាហកម្មទី ៤ នោះ។

ប្រាក់ខែឡើងហើយ កម្មករក៏ត្រូវពង្រឹង/ពង្រីកសមត្ថភាពការងារផង

យើងនៅបន្តជាមួយនឹងកិច្ចការដែលត្រូវដោះស្រាយ តាមរយៈការងារធ្វើ ប៉ុន្តែ យើងក៏ត្រូវរកទិន្នផល។ ក្មួយ​ៗជាកម្មករ/ការិនី ក៏ត្រូវហ្វឹកហាត់បង្កើនសមត្ថភាពដែរ។ ប្រាក់ខែចេះតែឡើង ប្រសិនបើសមត្ថភាពមិនឡើង ផលិតផលខ្វះគុណភាព គឺរោងចក្របិទទ្វារ គ្មានអ្នកបញ្ជាទិញពីរោងចក្ររបស់យើង ក៏ក្លាយទៅជាបញ្ហាដែរ។ អញ្ចឹងទេ រឿងទាំងអស់នេះ ដែលយើងត្រូវរួមគ្នាធ្វើតទៅទៀត។

អំពាវនាវកុំឲ្យឡើងថ្លៃជួលផ្ទះហួសពេក

ខ្ញុំក៏អំពាវនាវសម្រាប់ម្ចាស់ផ្ទះឈ្នួលទាំងអស់ ឆ្នាំទៅមិនតម្លើងទេក្នុងមួយឆ្នាំ អរគុណណាស់ តែឆ្នាំនេះ សូមមេត្តាកុំតម្លើងហួសមាឌ ដើម្បីធ្វើយ៉ាងម៉េចឲ្យកម្មករ/ការិនីរបស់យើង ដែលបានទទួលការឡើងបៀវត្សរ៍នេះ ទទួលបានអត្ថប្រយោជន៍។ ពិតហើយ ក្មួយៗ​មួយចំនួនមកធ្វើការនៅពេលថ្ងៃ យប់ទៅសម្រាកផ្ទះ។ នេះហើយជានយោបាយដាក់ពង្រាយ​រោងចក្រនៅតាមជនបទ តាមខេត្ត។

សក្តានុពលខេត្តកំពតមានច្រើន ទាំងអគ្គិសនី និងទេសចរណ៍

នៅនេះមានវារីអគ្គិសនី​ស្រាប់ និយាយរួម សក្តានុពលរបស់ខេត្តកំពតនៅច្រើនណាស់។ លោក (ជាវ) តាយ ខិតខំធ្វើយ៉ាងម៉េច ឥឡូវទេសចរកើនគួរសម ប៉ុន្តែ ត្រូវធ្វើម៉េចកែលម្អ។ ឥឡូវទីក្រុងកំពតស្អាតបន្តិចហើយ។ សាលាខេត្តធ្វើរួចហើយ អាចាស់ទៅណា? ក្លាយជាសាលសន្និសីទ … អាហ្នឹងអនុស្សាវរីយ៍ខ្ញុំ ព្រោះអាកន្លែងហ្នឹងខាងលើអត់មានបង្គន់ទេ មានតែនៅខាងក្រោម។ យប់ហើយនរណាទៅចុះពីលើ មកបត់ជើងតូចនៅខាងក្រោម? នោមដាក់កែវ។ និយាយមែន។ ហើយមួយកែវហ្នឹងមិនអស់ ដាក់មួយកែវទៀត ព្រលឹមឡើងប្រពន្ធផឹក ច្រឡំស្មានតែទឹកតែ។ អញ្ចឹងខេត្តកំពត ឥឡូវទៅជាទីក្រុង។ ជំនាន់នោះ សោម ចិន ដែលធ្វើអភិបាលខេត្ត … (សួរនាំ សោម ចិន) … រឿងប្រវត្តិកំពតនេះ។

មានរោងចក្រស៊ីម៉ង់ត៍ ៣ នៅកំពត, សូមឲ្យអ្នកដឹកស៊ីម៉ង់ត៍ជួយចូលរួមថែទាំផ្លូវផង

ឥឡូវហ្នឹង វារីអគ្គិសនីក៏នៅហ្នឹង រោងចក្រស៊ីម៉ង់ត៍ក៏នៅហ្នឹង ប៉ុន្តែ មើលផង អ្នកដែលធ្វើរោងចក្រស៊ីម៉ង់ត៍ ដឹកធ្ងន់តាមណា ឲ្យអ្នករោងចក្រស៊ីម៉ង់ត៍ហ្នឹងធ្វើផ្លូវតាមហ្នុង ឲ្យថែទាំផ្លូវតាមហ្នុង ធ្វើម៉េចឲ្យគាត់ចូលរួមចំណែក ព្រោះរោងចក្រនៅនេះ ដល់ទៅ ៣ រោងចក្រ អញ្ចឹង គាត់ដឹកជញ្ជូនតាមណា គឺឲ្យគាត់ជួយថែទាំផ្លូវហ្នឹង ចូលរួមថែទាំ ព្រោះដឹកធ្ងន់ៗណាស់។ ប៉ុន្តែ បើមិនឲ្យដឹកធ្ងន់ គឺយកស៊ីម៉ង់ត៍ទៅមិនរួច។ ពីដើម យើងប្រើប្រាស់ស៊ីម៉ង់ត៍ទាំងអស់នាំចូល ឥឡូវយើងផលិតខ្លួនឯងជាង ៧ លានតោន។ ផ្ទះឥឡូវមកតាមផ្លូវនេះ ដូចជាមិនឃើញដំបូលស្បូវ និងស្លឹកទេ គឺស័ង្កសី និងក្បឿងទាំងអស់ ព្រោះអី? ឥឡូវនេះ ពិបាករកស្បូវជាងពិបាករកស័ង្កសី និងក្បឿង ពិបាករកស្លឹកត្នោត ស្លឹកទ្រាំង ជាងពិបាករកក្បឿង និងស័ង្កសី ឬ fiber cement។ អញ្ចឹងទេ ផ្ទះរបស់ប្រជាពលរដ្ឋត្រូវបានកែលម្អ ពីដំបូលស្បូវ ស្លឹក ទៅជាដំបូលស័ង្កសី fiber cement និងក្បឿង …។

«ខន្តីញោម» តែហួសកម្រិត ច្បាស់ជាអស់ខន្តីហើយ

ប៉ុណ្ណឹងហើយ មិនទៅទៀតទេ បើនិយាយមិនហត់ ក៏អ្នកអង្គុយហត់អ្នកនិយាយដែរ … ២ ម៉ោងត្រឹម អាហ្នឹងមកពីនិយាយតាំងពីរឿងយក្ស តាំងពីតួកុន។ មកដល់កំពត ចង់តែនិទានរឿង។ នៅមានរឿងមួយទៀត និទានតែម្តង ព្រោះវាជាប់ទាក់ទិននឹងគតិលោកមួយដែរ​។ រឿង ខន្តីញោម។ រឿងនេះជាគតិលោក សូម្បី​តែព្រះសង្ឃ ក៏មិនអាចទប់ចិត្តបានដែរ។ រឿង​ដំណាលអញ្ចេះ។ ព្រះសង្ឃមួយអង្គលោកមន្តបិណ្ឌបាត្រ ស្រាប់តែឃើញស្រី ២ នាក់ ដេញវាយគ្នា។ មួយរាងមាឌធំ ដេញវាយអ្នកមាឌល្អិត។ ដល់អ្នកមាឌល្អិតមកឈរពីក្រោយលោក​។ លោកចេះតែថា ខន្តីញោមៗ។ ដល់ទៅពេលអ្នកមាឌធំនោះវាយមិនកើត ទាញដុំថ្មគប់ … ដល់គប់មិនត្រូវស្រីនោះ ត្រូវព្រះកេសលោក។ លោកចាប់ផ្តើមទាញបាត្រចុះ។ មើលញោម! ជួយកាន់បាត្រឲ្យអាត្មាៗវាយមីហ្នឹងតិច។ នេះគ្រាន់តែចង្អុលបង្ហាញ(ទៅថា) អាត្មា ហ៊ុន សែន នេះ មិនមែនជាសង្ឃទេ តែមានចិត្តប្រាប់ថាឲ្យខន្តី តែដល់កម្រិតណាមួយ ក៏មិនខន្តីដែរ។ ជួយកាន់បាត្រឲ្យបន្តិច។ តែខ្ញុំអត់ត្រូវចាំមានអ្នកកាន់បាត្រទេ ព្រោះមិនមែនជាព្រះសង្ឃ។

អំណោយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ បាននាំមកសម្រាប់កម្មករ/ការិនីរបស់យើង ដែលមកទាំងអស់ ១១៧៣៨ នាក់ ១២ រោងចក្រ និង​កសិដ្ឋាន មិនច្រើនទេក្មួយ គ្រាន់តែជាអនុស្សាវរីយ៍ម្នាក់ៗតែ ២ ម៉ឺនរៀលប៉ុណ្ណឹងទេ តិចណាស់។ ប៉ុន្តែ ក្មួយៗមិនមែនសំដៅមករកថវិការបស់ពូទេ សំខាន់ចង់ជួប ហើយមួយចំនួនថើបពូមិញនេះជាអនុស្សាវរី៍យ៍ល្អណាស់។ សុំទោសណា មិញពេលដែលថើបរួចហើយ មានអ្នកមកជូត មិនមែនបានសេចក្តីថាខ្ពើមក្មួយៗទេ តែក្មួយៗមកទាំងក្រែមវាប្រឡាក់។ ក្រែមនៅនេះគ្រាន់បើហើយ ក្រែមនៅអូស្រ្តាលី ពេលគេថើបនៅអូស្រ្តាលី ពូត្រូវចូលបន្ទប់ទឹកខ្វេះ។ ស្រាប់តែមកប្រុចពីណានោះ ថើបយកតែម្តង រួចហើយត្រូវសុំពន្យារពេល(ជួបភ្ញៀវ)ឡើងទៅបន្ទប់ទឹកតិចខ្វេះ។ នៅនេះធូរបន្តិច គ្រាន់តែជូតបន្តិចស្អាតបាន។

ឈរជើង ៤០ ឆ្នាំ ធ្វើនាយករដ្ឋមន្រ្តី ៣៤ ឆ្នាំ នឹងបន្ត ១០ ឆ្នាំទៀត ដោយសារមានប្រជាជនគាំទ្រ

ឥរិយាបទរបស់ក្មួយៗចំពោះពូ បានទៅលើសពីទំនាក់ទំនងរវាងមេដឹកនាំ និងពលរដ្ឋ វាក្លាយទៅជាទំនាក់ទំ​នងដូចឪ និងកូន ដូចជាតា និងចៅ ដូចពូ/អ៊ំ និងក្មួយទៅវិញ ដែលនេះហើយគឺជាមោទនភាព ដែលពូឈរជើង ៤០ ឆ្នាំ ជាមួយនឹងតំណែងនាយករដ្ឋមន្រ្តី ៣៤ ឆ្នាំ។ អ្នកដទៃ ដែលយល់ថា លោក ហ៊ុន សែន អត់ប្រជាប្រិយអញ្ចេះអញ្ចុះ ប្រើការគិតមើលទៅ។ លន់ នល់ បានជាង ៥ ឆ្នាំ ប៉ុល ពត សាហាវឃោឃៅ ប្រើអាវុធ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ហ៊ុន សែន កាន់តំណែងសរុប ៤០ ឆ្នាំ ប៉ុន្តែ តំណែងស្នូល អំណាចខ្ពស់បំផុត ៣៤ ឆ្នាំ នៅសល់ ៥ ឆ្នាំ បន្តទៅមុខទៀត និងបូក ៥ ឆ្នាំ បន្តទៅទៀត អ្នកឯងចាំមើលទៅ។ បើ ហ៊ុន សែន គ្មានប្រជាជនគាំទ្រទេ ហ៊ុន សែន មិនអាចមកឈររបៀបនេះបានទេ។

សាលក្រមតុលាការចេញហើយ មកភ្លាមចាប់ភ្លាម

អ្នកខ្លះថា ហ្វេសប៊ុក ហ៊ុន សែន ជួនកាលបង្ហោះចេញទៅ មានគេមើលតែ ២ នាក់។ សូម្បីតែម្នាក់នៅនេះ ឈ្មោះ ហេង សើ ថ្ងៃមុនបន្ទាប់ពីហ្នឹងទៅ វាភ័យវា។ មិនបាច់ភ័យទេ។ អាសើ កុំតែធ្វើខុសទៅបានហើយ។ រួចហើយវាទៅចោទថា ជិន ឈូករ័ត្ន ជាអ្នករាយការណ៍ … ម៉េចបានដឹងដល់លោក ហ៊ុន សែន? អ្នកឯងនិយាយនៅកំពត ដឹងដល់ខ្ញុំតើ។ កុំធ្វើតែផ្តេសផ្តាស​ទៅ។ ខ្ញុំរង់ចាំពេលមួយនឹងមកដល់។ ជំនួបមួយនឹងមកដល់។ បើសិនអ្នកឯងចង់ជួបពិត អត់អីទេ។ ប្រកាសទៅផែនការ រៀបចំយ៉ាងម៉េច អីយ៉ាងម៉េច នរណាទៅពីខាងណា ទៅព្រលានយន្តហោះណា ទៅរង់ចាំឯណា អង្គការសហប្រជាជាតិអមដំណើរមកពេលណា អីពេលណា។ ធ្វើទៅ។ តើ ហ៊ុន សែន ចាត់ការរបៀបណា? ខ្ញុំអត់ចង់តមាត់តកអីទេ ព្រោះក៏ខ្ញុំចង់ឲ្យអ្នកមកទីកន្លែងដែលអ្នកត្រូវនៅ តាមសាលក្រមរបស់តុលាការ។ ខ្ញុំចាំយ៉ាងអន្ទះសារ។ ម្សិលមិញ សម្តេចក្រឡាហោម បានប្រកាសហើយថា បានទទួលដីកាឲ្យចាប់ខ្លួនអ្នកហ្នឹងហើយ។ ដូច្នេះមានស្អីទៀត? ស្តាយណាស់ដែលឲ្យអ្នកឯងរត់រួច។ ឥឡូវបើអ្នកឯងមកវិញ គឺវាស្មើនឹងការដើររកអុស ប្រទះឈើងាប់។ អ្នកដែលមិនពាក់ព័ន្ធ មិនចង់ចូលគុក កុំចង់ចូលប្រថុយជាមួយ …។

បទចម្រៀងមានច្រើនណាស់, ខេម មកដែរ កុំភ្លេចច្រៀងបទ អរគុណមករា

និយាយដល់ណាទៅហើយ? ២ ម៉ឺនតិចណាស់ក្មួយអើយ គ្រាន់តែជាអនុស្សាវរីយ៍ទេ ឯចំពោះក្មួយៗដែលមានផ្ទៃពោះ គឺពូនឹងជូនមួយកញ្ចប់ៗ ស្រោមសំបុត្រមួយ តែមិនប្រាប់ថាប៉ុន្មានទេ។ ប៉ុន្តែ អ្នកណាដែលមានកូនភ្លោះប្រាប់ពូថាភ្លោះ នឹងជូន ២ កញ្ចប់ ព្រោះខ្លះមកអង្គុយមុខ ខ្លះអង្គុយក្រោយ។ ក្រៅពីនោះ សម្រាប់​ក្រុមគ្រូពេទ្យមាន ៥ លានរៀល និងក្រុមតន្រ្តីសម័យ ៥ លានរៀល។ ក្រុមតន្រ្តីសម័យនេះ អូសតាំងពីភ្នំពេញមកនោះ ព្រោះគេមានក្រុមតន្រ្តីសម័យឧបត្ថម្ភដោយអង្គភាពប្រឆាំងភេរវកម្ម ហើយក៏មានអ្នកចម្រៀងផ្សេងៗទៀតចូលរួមដែរ។ ចាប់ផ្តើមដំបូង កុំភ្លេច កន្សែងក្រហម … ខេម មក … ក្រែងគេចាប់ខ្លួនបាត់ហើយអី? កុំភ្លេច អរគុណមករា។ ចេះច្រៀងឬនៅ លិខិតដែលពិបាកសរសេរបំផុត? មានអ្នកចេះ។ ថ្ងៃនេះ ដូចជា (ទៀង មុំសុ)ទ្ធាវីមកដែរ អាហ្នឹងរបស់គាត់គឺ កន្សែងក្រហម រួចហើយបើសិនជាចេះ ពាមកោះស្នា វាចាប្រុសស្នេហ៍។ ចេះអស់ហើយ គ្រប់បទទាំងអស់។ ច្រើនណាស់។ ខេម កំពុងដើរច្រៀងនៅក្រៅប្រទេស ស្រាប់តែគេថា លោក ហ៊ុន សែន បញ្ជាឲ្យចាប់ ខេម។ វាទៅជាអញ្ចឹង។ បានថា ព័ត៌មានវាអញ្ចឹង។ ឥឡូវ ខេម នៅនេះ។ ថ្ងៃមុន ឃើញចូលច្រៀង រងាផ្កាគ។ សម្លេង ខេម ឯង ពិសេស។ ស្អកមែន តែពិសេស។ បើព្យាណូបាក់ខ្ទង់ ដែលបញ្ជូនឲ្យពូនោះ អាហ្នឹងពិរោះប្លែកតែម្តង។ ដាក់ឥឡូវហ្នឹងក៏បានដែរ។ សាក ព្យាណូបាក់ខ្ទង់ មួយទៅមើល។ ប៉ុន្តែ បើជ្រុលជាបាន ព្យាណូបាក់ខ្ទង់ ហើយ ក៏សុំឲ្យដាក់ចម្រៀង រៃលាបង្គង មួយបទខាងស្រី តបវិញភ្លាម​។

ជើងលេងខាង(ចម្រៀងដែរតើ) គ្រាន់តែមិនចេះច្រៀងតែប៉ុណ្ណោះមួយជីវិតនេះ។ ប៉ុន្តែ និពន្ធ ឬក៏ចេះស្តាប់ភ្លេង ហើយរបស់ ខេម ហ្នឹង ដាក់មួយជួរមកក្នុងហ្នឹង។ មានមួយបទ លើលោកនេះ គ្មាននរណាចង់ក្រ គឺវាទាក់ទងទៅនឹងជីវិតកម្មករនេះ។ ក្នុងហ្នឹងកម្មករក្រៅស្រុក អាចដាក់បាន ក៏ដាក់ទៅ។ ថ្ងៃហ្នឹងបានមកហើយ ឲ្យច្រៀងឲ្យ​ច្រើនបន្តិចទៅ។ អរគុណណាស់។ ស្រុកសម័យនេះហើយ។ នេះជាសមិទ្ធផល ៧ មករា ណា បើកុំមាន ៧ មករា មាន ខេម មកនេះដែរ? អាហ្នឹងនិយាយពិត។ បានជាគេនិពន្ធឲ្យ ខេម ច្រៀងមួយបទ “អរគុណមករា” ហើយអត្ថន័យរបស់វាល្អណាស់។ អរគុណម្តងហើយម្តងទៀតនោះ។ ភ្ជាប់ទៅនឹងនយោបាយឈ្នះឈ្នះចុងក្រោយទៀត អ្នកនិពន្ធហ្នឹងគឺល្អ។

ចុងបញ្ចប់ហើយ។ ថ្ងៃនេះថ្ងៃសុក្រហើយ។ អស់លោកនេះ រួចហើយ គ្មានទៅភ្នំពេញទេ(មុខតែទៅ)កែបហើយ។ ប៉ុន្តែ អ្នកដែលមានប្រពន្ធមកតាម ច្បាស់ជាទៅភ្នំពេញវិញហើយ គ្មានទៅណារួចទេ។ ឯមួយចំនួនទៀតហ្នឹង ហេតុផលត្រង់ថា ចុះបើគង់តែអស់សាំងមកទៅហើយ ចាំបាច់ត្រឡប់ទៅវិញធ្វើអី? ឆ្លៀតបានមួយយប់នៅនេះ ស្អែកសៅរ៍ ខានស្អែកអាទិត្យ ល្ងាចខានស្អែកបានគាត់ទៅវិញ។ ល្ងាចនេះ ភ្នំពេញចាប់ស្ទះចរាចរណ៍ហើយ ព្រោះអី? គេចេញមកតាមខេត្ត កំពត កែប កំពង់សោម មានគ្រប់កន្លែង។ ឯយើងអត់មានកន្លែងទៅ មានតែតារាងកូនហ្គោលហ្នឹង។ កម្សត់ដល់ប៉ុណ្ណឹង។ អញ្ចឹងបានជាចូលចិត្តស្តាប់ចម្រៀង ហើយចម្រៀងនេះក្នុងទូរស័ព្ទខ្លះមានដល់ទៅ ៤ ពាន់បទឯណោះ និយាយពីដោនឡូត​បញ្ចូល … ជូនពរចំពោះអ្នកចូលរួមទាំងអស់ សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕