សម្តេច​តេជោ​​នាយក​រដ្ឋមន្រ្តី ពិធីបើក​កិច្ច​ប្រជុំ​កំពូលអា​ស៊ាន​លើកទី៣០ កិច្ចប្រជុំកំពូល​ពេញអង្គអាស៊ាន កិច្ចប្រជុំចង្អៀត និងកិច្ច​ប្រជុំកំពូល​ពាក់​ព័ន្ធនានា​របស់អាស៊ាន

96

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ក្រោមប្រធានបទ ភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរ ការចូលរួមជាមួយ​ពិភព​លោក បានប្រារព្វពិធីបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៩មេសា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហ្វីលីពីន ចំ​កណ្តាល​​​ទី​ក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ មេដឹកនាំនៃប្រទេស​អាស៊ានទាំង​១០ប្រទេស បានយាងនិ​ងអញ្ជើញ​​ចូលលរួម​​ក្នុងកិច្ច​ប្រជុំកំពូលប្រចាំឆ្នាំ ដែលហ្វីលីពីនធ្វើជាប្រ​ធានប្តូរវេន​របស់អាស៊ាន​ក្នុងឆ្នាំ២០១៧ ពោលនេះគឺ​ជា​​លើកទី៤ហើយ ដែលប្រទេសហ្វីលីពីន​បានដើរតួនាទី​ជាប្រធាន​ប្តូរវេន​អាស៊ាន ដែលលើកទី១​នៅឆ្នាំ១៩៨៧ លើកទី​២ឆ្នាំ១៩៩៩ និង​លោកទី៣​នៅឆ្នាំ២០០៦។

កិច្ចប្រជុំកំពូលអាស៊ានក្នុង​ឆ្នាំ២០១៧ គឺស្របពេលទៅ​នឹងការ​ប្រារ​ព្វ​ខួប​​លើក​ទី៥០ នៃការបង្កើតសមាគន៍​អាស៊ាន។ នៅមុនពិធីបើកកិច្ច​ប្រជុំកំពូល​អាស៊ាន​លើកទី៣០ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋា​ភិបាល​អាស៊ានទាំង១០ប្រទេស ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ពីសំណាក់​ឯកឧត្តម រ៉ូទ្រីហ្គោ ឌូទើតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ។

សូមបញ្ជាក់ដែរថា មេដឹកនាំអា​ស៊ាន ទាំង១០ប្រទេស ដែលបានយាងនិងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១០ នៅទីក្រុងម៉ានីល សា​ធារណរដ្ឋហ្វីលីពីន នៅពេលនេះរួមមាន ព្រះករុណាស៊ុលតង់ នៃព្រះរាជាណាចក្រប្រ៊ុយណៃដារ៉ុយសាឡាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យូកូ យូដូយូណូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងលោកជំទាវ ឯកឧត្តម ថង់លួន ស៊ីសូលីត នាយករដ្ឋមន្រ្តី នៃសាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ ឯកឧត្តមដាតុប៊ីន ណាជីបរ៉ាហ្សាក់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងលោកជំទាវ លោកជំទាវ អ៊ុង ស៊ានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណ​រដ្ឋសហភាំពមីយ៉ាន់ម៉ារ ឯកឧត្តម លី សៀនឡុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបុរី ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រថៃ និងលោកជំទាវ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោកជំទាវ រួមទាំងអគ្គលេខាធិការអាស៊ាន និងលោកជំទាវ។

​នៅក្នុងពិធីបើកនោះដែរ បណ្តាមេដឹកនាំអាស៊ានទាំង១០ប្រទេស រួមទាំងឥស្សរជន​ឆ្នើមអាស៊ាន និងបណ្តា​មេ​ដឹកនាំទាំងអស់ ដែល​មានវត្តមានក្នុង​ពិធីបើកកិច្ចប្រជុំ​កំពូលអាស៊ានលើកទី៣០ បានអញ្ជើញគោរព​ភ្លេង​ជាតិ​​អាស៊ាន និងបានទស្សនានូវរបាំប្រ​ជាប្រិយរ​បស់សាធារណរដ្ឋហ្វីលីពីន ដែលបានសំដែងក្នុងព្រឹត្តិការណ៍ នៃពិធីបើក កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០។

ថ្លែងសុន្ទរកថាបើក​កិច្ចប្រជុំកមពូលអាស៊ានលើកទី៣០ ឯកឧត្តម រ៉ូទ្រីហ្គោ ឌូទើតេ ប្រធានាធិបតីនៃ​សាធា​រណ​រដ្ឋ​ហ្វីលីពីន និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ បានធ្វើការអំពាវនាវដល់បណ្តារដ្ឋ​ជាសមាជិក​អាស៊ានទាំអស់ សូមធ្វើការឧទ្ទិសនិងប្តេជ្ញាចិត្តជាថ្មីចំពោះគិលការណ៍ និងគោលបំណងស្ថិតនៅពីក្រោយការបង្កើត អាស៊ាន ដោយប្រកាន់ខ្ជាប់នូវនីតិរដ្ឋ។ ឯកឧត្តមប្រធានមាន​ប្រសាសន៍បន្តថា ស្មារតីជាសហគមន៍អាស៊ាន នឹងបង្ក​លទ្ធភាពឲ្យអាស៊ានជម្នះបាននូវរាល់បញ្ហាប្រឈមនានា។ ជាមួយគ្នានេះឯកឧត្តមប្រធានក៏បានអំពាវនាវដល់ដៃគូ​សន្ទនាទាំងអស់របស់អាស៊ាន បន្តគាំទ្រដោយឥតងា​ករេសម្រាប់​ការអភិវឌ្ឍ​របស់អាស៊ាន និងសម្រាប់តួនាទីរបស់ខ្លួន នៅក្នុងកិច្ចការសន្តិសុខ ស្ថិរភាព និងការរីកចម្រើនក្នុងតំបន។ ទន្ទឹមនឹងនេះឯកឧត្តមប្រធាន​ក៏បានអំពាវនាវដល់ បណ្តាដៃគូសន្ទនាទាំងអស់របស់អាស៊ាន ឧទ្ទិសជាថ្មីចំពោះគោលបំណង និងគោលការណ៍ដែលមានចែងក្នុងសន្ធិ សញ្ញាមិត្តភាព និងសហប្រតិបត្តិការ រួមទាំងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង សំដៅលើកកម្ពស់សន្តិភាព និង​ស្ថេរភាពក្នុងតំបន់ តាមរយេះការគោរពនីតិរដ្ឋ។ ជាមួយនិងការថ្លែង​សុន្ទរកថាបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំនោះដែរ ឯកឧត្តមប្រធានកិច្ចប្រជុំក៏បានលើកឡើងពី ស្ថានភាពសេដ្ឋកិច្ច​របស់អាស៊ានក្នុងឆ្នាំ២០១៦ ក្នុងនោះផលិតផលក្នុង ស្រុកសរុប មានចំនួន ២,៥៥ ទ្រីលាន​ដុល្លាអាមេរិក មានការកើនឡើងចំនួន ៤,៥% ធៀបនឹងឆ្នាំ២០១៥ បើទោះបី បរិយាកាសសកលលោកមានបញ្ហាប្រឈមក៏ដោយ។ ឯកឧត្តមប្រធានកិច្ចប្រជុំ​ក៏បានរំពឹងដែរថា ក្នុងឆ្នាំ២០១៧នេះ កំណើនសេដ្ឋកិច្ចនឹងកើនឡើងដល់ ៤,៦% ដោយសារកំណើន​រឹងមាំ​នៃការ​ប្រើប្រាស់ និងវិនិយោគ​ឯកជន ព្រម​ទាំងគោល​នយោបាយសារពើពន្ធ​ត្រូវបានពង្រីក។ នៅពាក់កណ្តាលឆ្នាំ២០១៦ ពាណិជ្ជកម្មរបស់អាស៊ាននៅតែខ្លាំង ពោលគឺមានទំហំ ១,០៦ទ្រីលានដុល្លា ក្នុងនោះ២៤,១៩% គឺជាការវិនិយោគក្នុងអាស៊ាន។ ទន្ទឹមនឹងនេះនៅពាក់ កណ្តាលឆ្នាំ២០១៦ អាស៊ានបានទាក់ទាញវិនិយោគ​ផ្ទាល់ពីបរទេស សរុបចំនួន ៥៤,០៧ពាន់លានដុល្លា ក្នុង២១, ២៦% គឺជាការវិនិយោគក្នុងអាស៊ាន។ ជាមួយគ្នានេះអាស៊ាន​ផ្តោតសារសំខាន់ ទៅលើការជំរុញកម្មវិធី​ផ្តួចផ្តើមនានា ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់​ដល់ប្រជាជន​អាស៊ាន និងការបង្កើនកិច្ចខិត​ខំប្រឹងប្រែង​ទ្វេដង ដើម្បីបង្កើន ពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់។

បន្ទាប់មក​បណ្តាមេដឹកនាំ​អាស៊ាន បានយាងនិងអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក​កិច្ច​ប្រជុំកំពូល ពេញ​អង្គ នៃកិច្ចប្រជុំកំពូល​អាស៊ានលើកទី៣០ ស្តីពីការអនុវត្តចក្ខុវិស័យ​សហគមន៍អាស៊ានឆ្នាំ២០២៥ និងមាគ៌ា​ឆ្ពោះ​ទៅមុខ។ នៅក្នុងកិច្ចប្រជុំកំពូល​ដ៏មានសារសំខាន់នោះ មេដឹកនាំអាស៊ានបាន​សំដែងនូវអំណរសាទរ ចំពោះតួនា​ទីជាប្រធានអាស៊ាន របស់សាធារណរ​ដ្ឋហ្វីលីពីន ដែលបានដាក់ចេញនូវមូលបទ​ដ៏មានសារសំខាន់ សម្រាប់ជាត្រី​វិស័យ​ ក្នុងការសំរេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។ ស្របនិងខួបអនុស្សាវរីយ៍៥០ឆ្នាំ នៃការ​បង្កើតអាស៊ាន ដែលហ្វីលីពីនក្នុងឋានះជាប្រធានអាស៊ានឆ្នាំ២០១៧ បានដាក់ចេញនូវចំណុចជាអាទិភាពចំនួន៦ ក្នុងនោះរួមមាន ១ការយកចិត្តទុក​ដាក់លើប្រជាជន និងការយក​ប្រជាជនជាស្នូល ២សន្តិភាពនិង​ស្ថេរភាពនៅក្នុង​តំបន់ ៣កិច្ចសហប្រតិបត្តិការ និងសន្តិសុខក្នុងលំហរសមុទ្រ ៤ការរីកចម្រើនដោយគំនិត​ច្នៃប្រឌិតថ្មីសម្រាប់​ទាំងអស់​គ្នា ៥ភាពរឹងមាំរបស់អាស៊ាន និង៦អាស៊ានជាគំរូនៃសមាហរណកម្មតំបន់ តួអង្គមួយក្នុងសកលលោក ដើម្បីគាំទ្រ​ដល់ដំណើរការពង្រឹងការអនុវត្ត​សសរស្តម្ភ នៃសហគមន៍នយោបាយ សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌​អាស៊ាន។ ជាមួយគ្នានេះកិច្ចប្រជុំកំពូល​អាស៊ានលើកទី៣០ ក៏បានផ្តោតកា​រយកចិត្តទុក ដាក់លើការផ្លាស់ប្តូរ​ទស្សនះលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់និងផលប្រយោជន៍រួមរបស់អាស៊ាន ក្នុងន័យ សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងការពង្រឹងទំនាក់ទំនងដៃគូក្រៅតំបន់ អាស៊ាន។ ពាក់ព័ន្ធនឹងការអនុវត្ត​ចក្ខុវិស័យ​សហគមន៍អាស៊ាន​ឆ្នាំ២០២៥ និងមាគ៌ាឆ្ពោះទៅមុខ មេដឹកនាំអាស៊ាន បានធ្វើការកោតសរសើរដល់កា​រងារ​របស់ស្ថាប័នជំនាញ និងអង្គការផ្សេងៗរបស់អាស៊ាន ចមពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវផែនការ​លំអិត​សហគមន៍អាស៊ានឆ្នាំ២០២៥ និង​បានកត់សំគាល់ដល់កិច្ចខិ​តខំប្រឹងប្រែង និងកិច្ចការជា​បឋមរ​បស់គណះកម្មាធិការសម្របសម្រួល​ការតភ្ជាប់អាស៊ាន និងក្រុមការងារគំនិត​ផ្តួចផ្តើមសមាហរ​ណកម្មអាស៊ាន(២០១៦-២០២០)។

ជាមួយគ្នានេះមេដឹកនាំអាស៊ានបានអនុ​ម័តលើទិសដៅ ដែលរដ្ឋមន្រ្តីការ​បរទេសអាស៊ាន បានដាក់ចេញ​សម្រាប់ជាមធ្យោបាយ​ជាក់លាក់ និងប្រកប​ដោយការ ប្រុងប្រយ័ត្ន ក្នុងការ​ធ្វើបច្ចុប្បន្នភាពនៃ​ធម្មនុញ្ញ​អាស៊ាន ដោយពិចារណាលើជំហរនិង​ទស្សនះរបស់ប្រជា​សមាជិក​ទាំងអស់។ ជាមួយគ្នានេះមេដឹក​នាំអាស៊ាន បានសំដែងនូវការរីករាយជាមួយនិងកិច្ចខិតខំ​ប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយអំពីសិទ្ធិ​មនុស្សទៅក្នុងសសរស្តម្ភ​ទាំងបី នៃសហគមន៍អាស៊ាន និងបានកត់​សំគាល់លើកិច្ចសហប្រតិ បត្តិការ និងកិច្ចពិគ្រោះយោ​បល់អន្តរសសរស្តម្ភ និងអន្តរវិស័យ​របស់គណះកម្មាធិការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តី​ពី​សិទ្ធិមនុស្ស។

នៅក្នុងកិច្ចប្រជុំ​កំពូលនោះ​ដែរ មេដឹកនាំអាស៊ានបានស្វា​គមន៍ចំ​ពោះ​ការចូលជា​ធរមាន នៃអនុសញ្ញា​អាស៊ាន ស្តីពីការប្រយុទ្ធ​ប្រឆាំងការ​ជួញដូរមនុស្ស ជាពិសេស​ស្រ្តីនិង​កុមារ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ និង បានស្វាគមន៍ចំពោះ​ការអនុម័ត​ផែនការ​ការងារអាស៊ាន ស្តីពីការធានា​ចំពោះសហគមន៍ ក្នុងការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនខុសច្បាប់(២០១៦-២០២៥) ដើម្បីដោះស្រាយបញ្ហាសកម្មភាព​គ្រឿងញៀនខុសច្បាប់ និងជួយកាត់ បន្ថយផលវិបាកចំពោះសង្គម។ ទាក់ទិនទៅនិងបញ្ហាក្រៅតំបន់អាស៊ាន មេដឹកនាំអាស៊ាន​បានគូសបញ្ជាក់ជាថ្មី អំពី សារសំខាន់នៃការរក្សាតួនាទីស្នូល​របស់អាស៊ាន ក្នុងនិម្មាបនកម្មតំបន់។ ជាមួយគ្នានេះលើបញ្ហា​តំបន់និងអន្តរជាតិ មេដឹកនាំអាស៊ានបានកត់សំគាល់​អំពីសភាពការណ៍ វិវត្តន៍ប្រកបដោយភាព​វិជ្ជមានក្នុងសមុទ្រចិន​ខាងត្បូង ជា​ពិសេសបន្ទាប់ពី​ការអនុម័តសេ​ចក្តីប្រកាសរួម ស្តីពីការអនុវត្តក្រមសម្រាប់​ការពើបប្រទះ ដោយមិនបានគ្រោងទុកក្នុង លំហរសមុទ្រ នៅសមុទ្រចិនខាងត្បូង។ ចំពោះភាពតានតឹងនៅឧបទ្វីបកូរ៉េ មេដឹកនាំអាស៊ានបានសំដែងនូវការព្រួយ បារម្ភជាខ្លាំងទៅលើការវិវត្តន៍​នាពេលបច្ចុប្បន្ន​នៅក្នុងឧបទ្វីបកូរ៉េ ដែលអាចក្លាយ​ជាការគំរាម​កំហែងដល់​សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន។ លើបញ្ហាក​ង្វល់នោះ មេដឹកនាំអាស៊ានបានធ្វើការអំពាវ​នាវដល់ភាគីពាក់ព័ន្ធ​ទាំងអស់ រក្សាភាពអត់ធ្មត់ និងបង្កើតបរិយាកាសអំ​ណោយផលសម្រាប់​ការចាប់ផ្តើមឡើងវិញ នូវការចរចាប្រាំមួយ​ភាគី ដើម្បីឈានទៅសម្រេចបាននូវការ​លុបបំបាត់អាវុធ​នុយក្លេអ៊ែរដោយសន្តិវិធី នៅឧបទ្វីបកូរ៉េ។

បន្ទាប់ពីបញ្ចប់នូវ​កិច្ចប្រជុំកំពូលពេ​ញអង្គអាស៊ានលើកទី៣០ កិច្ចប្រជុំកំពូលពេញអង្គចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០​រួច​មក មេដឹកនាំអាស៊ានទាំងអស់ បានយាងនិងអញ្ជើញ​ឡាយព្រហត្ថ និងចុះហត្ថលេខា​លើសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីតួនាទីរបស់​មុខងារសាធារណះ ជាកាតាលីករ​សម្រាប់ការសម្រេចបាននូវ ចក្ខុវិស័យ​សហគមន៍​អាស៊ាន ឆ្នាំ​២០២៥ ដែលជាឯកសារគោ​លផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុម​ឧត្តមមន្រ្តីអាស៊ាន ក៏ដូចជាក្រុមការងារ​​បច្ចេក​ទេសរបស់អាស៊ាន សំរេចបានក្នុងរយៈពេលកន្លងមក ដើម្បីយកទៅអនុវត្តក្នុ​ងចំណោម​ប្រទេសអាស៊ាន​​ទាំង​អស់។

បន្ទាប់មកនៅរ​សៀលថ្ងៃដដែលនោះដែរ មេដឹកនាំ​អាស៊ាន បានជួបសន្ទនាដោយផ្ទា​ល់ជាមួយ​គណៈប្រតិភូ តំណាងអន្តរសភាអាស៊ាន និងតំណាងយុវជនអាស៊ាន ដែលក្នុងជំនួប​ទាំងពីរនោះ មេដឹកនាំអាស៊ាន​បានស្តាប់នូវ របាការណ៍និងអ​នុសាសន៍នានា ស្តីពីការងារពាក់ព័​ន្ធរៀងៗខ្លួន សំដៅរួម​ចំណែកសំរេចឲ្យ​បាននូ​វដំណើរ​ការ សហគមន៍​អាស៊ាន ដ៏ពេញលេ​ញមួយ ដែលយកចិត្ត​ទុកដាក់ចំពោះ​ប្រជាជន និងយកប្រជាជនជា​ស្នូល។ នៅក្នុងកិច្ច សន្ទនាដោយផ្ទាល់នោះដែរ មេដឹកនាំអាស៊ានបានលើក​ទឹកចិត្តដល់ស្ថាប័នអន្តរសភាអាស៊ាន និងយុវជនអាស៊ាន ទាំងអស់ ត្រូវតែជំរុញឲ្យកាន់តែខ្លាំងឡើង ដើម្បីបន្តពង្រឹងទំនាក់ទំនង​រវាងរដ្ឋនិងឯកជន ពិសេសទៅទៀតនោះពាក់ ព័ន្ធទៅនិងសហគមន៍ សង្គម​វប្បធម៌អាស៊ាន មេដឹកនាំអាស៊ាន​បានគូសបញ្ជាក់ជាថ្មី អំពីសារសំខាន់ក្នុង​ការលើក កំពស់ការ​បំពេញឲ្យគ្នាទៅវិញទៅមក រវាងចក្ខុវិស័យ​សហគមន៍​អាស៊ានឆ្នាំ២០២៥ និងរបៀបវារៈសហប្រជាជាតិឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍ​ប្រកបដោយចីរភាព។

ជាមួយគ្នានេះមេដឹកនាំអាស៊ានបានស្វាគមន៍​ចំពោះគំនិតផ្តួចផ្តើម របស់ក្រុមប្រឹក្សាសហគមន៍​សង្គម វប្បធម៌អាស៊ាន ដើម្បីលើកកម្ពស់ វប្បធម៌របៀបវារៈបង្ការ ក្នុងគោលបំណង​សម្រេចឲ្យ​បានពេញលេញ នូវការចូលរួមចំណែកប្រក​បដោយ​សក្តានុពលនៃក្របខណ្ឌការងារ តាមវិស័យពាក់ព័ន្ធ ដែលស្ថិតក្រោមក្រុមប្រឹក្សា​សហគមន៍សង្គម វប្បធម៌អាស៊ាន។

សូមបញ្ជាក់ផងដែរថា កិច្ចសន្ទនារវាង​មេដឹកនាំ​អាស៊ាន ជាមួយនិងតំណាងប្រតិភូអន្តរសភាអាស៊ាន និងគណៈ​ប្រតិភូ​យុវជន​អាស៊ាន ត្រូវបានប្រារព្វ​ធ្វើជារៀងរាល់ ឆ្នាំ ដើម្បីពិនិត្យមើល​ពីកាលនុវត្តភាព​ដែលក្រុមកា​រងារ​សម្រេចបាន និងការងារពាក់ព័ន្ធមួយ​ចំនួនដែលមិនត្រូវបាន ពិនិត្យដោះស្រាយ ដើម្បីផ្តល់ជាយោបល់​និងអនុសាសន៍មួយចំនួន ដល់មេដឹកនាំ​អាស៊ានយកទៅ​ធ្វើការពិចារណា និងស្នើដល់​បណ្តាប្រជាជា​ដៃគូសន្ទនា ដែលទាក់ទិន​ទៅនិងបញ្ហាមួយ​ចំនួនដែល​ជាកង្វល់ពិតប្រាកដ របស់ស្ថាប័ន នីមួយៗ។ នៅក្នុងកិច្ចសន្ទនាដោយផ្ទាល់នេះ មេដឹកនាំអាស៊ាន​​ និងតំណាងគណះប្រតិភូអន្តរ​សភាអាស៊ាន និងគណៈប្រតិភូ​យុវជនអា​ស៊ាន ក៏បានវាយ​តម្លៃរួមគ្នា​ចំពោះ​កាលានុវត្ត​ភាពដែល​សំរេចបាន ពីចន្លោះកិ​ច្ចប្រជុំកំពូល អាស៊ានលើកទី២៨-២៩ នៅសាធារណរដ្ឋ​ប្រជាធិប​តេយ្យប្រជាមានិត​ឡាវ និងកិច្ចប្រជុំកំ​ពូលអាស៊ាន​លើកទី៣០ នៅទីក្រុងម៉ានីល សាធារណ​រដ្ឋហ្វីលីពីន។

បន្ទាប់មកនៅរសៀលថ្ងដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិ​បាលកម្ពុជា អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ​ឯកឧត្តម រ៉ូទ្រីហ្គោ ឌូទើតេ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានកិច្ចប្រជុំ​កំពូកអាស៊ាន​លើកទី៣០។

ឯកឧត្តមប្រធានាធិបតីហ្វីលីពីន​ រ៉ូទ្រីហ្គោ ឌូទើតេ មានប្រសាសន៍សំដែងនូវការ​វាយតម្លៃខ្ពស់ ចំពោះប្រទេស​កម្ពុជា និងបានចាត់ទុកថា កម្ពុជាគឺជាមិត្តដ៏ស្ម័គ្រ ស្មោះគួរឲ្យទុកចិត្ត និងជាមិត្ត​ដ៏ល្អបំផុត។ នៅក្នុង​កិច្ចពិភាក្សា​គ្នានោះដែរ មេដឹកនាំនៃប្រទេស​នៃប្រទេសហ្វីលីពីន បានថ្លែងជំរាបជូន​សម្តេច​តេជោដែរថា ហ្វីលីពីននឹងបើក​ចំហរទូរស័ព្ទសម្រាប់​ការពិភាក្សាគ្នាភ្លាមៗ ជាមួយនិង​សម្តេច​តេ​ជោនាយករដ្ឋមន្រ្តី នៅពេលមានការចាំ​បាច់អ្វីមួយដែលត្រូវពិភាក្សា។

ជាមួយគ្នានេះឯកឧត្តមប្រធានាធិបតីបាន បញ្ជាក់ដែរថា ឯកឧត្តមនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅថ្ងៃទី​១០ដល់ថ្ងៃទី១២ឧសភា តបតាមការអញ្ជើញ​របស់សម្តេច​តេជោនាយករដ្ឋមន្រ្តី។ នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា ហ្វីលីពីន ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើ ការពង្រឹងនិង​ពង្រីក នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការជំរុញនូវការវិនិយោគ និងពាណិជ្ជកម្ម ដែល​នឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការ​ពិភា​ក្សា​គ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

បន្ទាប់មកនៅរាត្រីថ្ងៃ​ដដែលនោះដែរ ឯកឧត្តម រ៉ូទ្រីហ្គោ ឌូទើតេ ប្រធានាធិបតីសាធារណរដ្ឋហ្វីលីពីន និងជា​ប្រ​ធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ​និងលោកជំទាវ បានប្រារព្វពិធីលាងសាយភោជន៍ជា​មហាកិត្តិយសខ្ពស់ បំផុត ជូនដល់បណ្តា​មេដឹកនាំអាស៊ាន ឧត្តមមន្រ្តីអាស៊ាន និងគណេះប្រតិភូផ្នែកធុរកិច្ច នៃបណ្តាប្រទេសអា​ស៊ាន​ទាំងអស់ ដែលបានយា​ងនិងអញ្ជើញចូល​រួមកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣០ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលី​ពីន។

ឯកឧត្តម រ៉ូទ្រីហ្គោ ឌូទើតេ មានប្រសាសន៍ក្នុងពិធីលាង​សាយភោជន៍ជា​មហាកិត្តិយសនោះថា ក្នុងនាមប្រជា​ជន​ហ្វីលីពីន និងក្នុងនាមឯកឧត្តម​ផ្ទាល់និងភរិយា ឯកឧត្តមសូមសំដែងនូវ​ការគោរពដោយស្មោះថ្វាយនិង ជូនចំពោះ ព្រះករុណាស៊ុលតង សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានទាំងអស់ ដែលបានចំណាយ នូវព្រះរាជពល ព្រះបញ្ញាញាណ និងកម្លាងកាយចិត្ត ក្នុងការយាងនិង​អញ្ជើញមកចូលរួមកិច្ច​ប្រជុំកំពូលអាស៊ាន​លើក ទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលនោះបានបង្ហាញ​ពីការយកចិ​ត្តទុកដាក់ខ្ពស់ ពីករុណា​ស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ចំពោះអាស៊ាន ដែលបានយក​ប្រជាជនជាស្នូល។

ឯកឧត្តមប្រធានាធិបតីក៏បានសំដែង នូវការវាយតម្លៃខ្ពស់ ចំពោះបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដែលបានខិតខំអស់ពីសមត្ថភាព ក្នុងការសំរេចបាននូវ មហាសមិទ្ធផលដ៏ធំធេង ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ពិសេសការចេញនូវសេចក្តីថ្លែង​ការណ៍អាស៊ាន ស្តីពី តួនាទីមុខងារសាធារណះ ជាកាតាលីករសម្រាប់​ការសម្រេច​បាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

ចែករំលែក