សេច​​ក្តី​ជូន​ព័ត៌​​មាន​​ស្តី​​ពី​​លទ្ធ​​ផល​​កិច្ច​​ប្រ​​ជុំ​​រដ្ឋ​​មន្រ្តី​​ការ​បរទេស​អា​ស៊ាន​ កិច្ច​ប្រ​ជុំ​លើក​ទី​១៥​របស់​ក្រុម​ប្រឹ​ក្សា​ស​ហ​គមន៌​ន​យោ​បាយ​ និង​សន្តិ​សុខ​អា​ស៊ាន​និង​កិច្ច​ប្រ​ជុំ​លើក​ទី​១៩​​របស់​ក្រុម​ប្រឹ​ក្សា​ស​ម្រប​សម្រួល​អា​ស៊ាន​ថ្ងៃ​ទី​ ២៨​ ខែ​មេ​សា​ ឆ្នាំ​២០១៧ ​ទី​ក្រុង​ម៉ា​នីល​ ប្រ​ទេស​ហ្វី​លី​ពីន

72
សេច​​ក្តី​ជូន​ព័ត៌​​មាន​​ស្តី​​ពី​​លទ្ធ​​ផល​​កិច្ច​​ប្រ​​ជុំ​​រដ្ឋ​​មន្រ្តី​​ការ​បរទេស​អា​ស៊ាន​ កិច្ច​ប្រ​ជុំ​លើក​ទី​១៥​របស់​ក្រុម​ប្រឹ​ក្សា​ស​ហ​គមន៌​ន​យោ​បាយ​ និង​សន្តិ​សុខ​អា​ស៊ាន​និង​កិច្ច​ប្រ​ជុំ​លើក​ទី​១៩​​របស់​ក្រុម​ប្រឹ​ក្សា​ស​ម្រប​សម្រួល​អា​ស៊ាន​ថ្ងៃ​ទី​ ២៨​ ខែ​មេ​សា​ ឆ្នាំ​២០១៧ ​ទី​ក្រុង​ម៉ា​នីល​ ប្រ​ទេស​ហ្វី​លី​ពីន
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៌នយោបាយ-សន្តិសុខអាស៊ាន លើកទី ១៥ និងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី១៩ ដែលបានប្រព្រឹត្តទៅនៅ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧ ដែលមានឯកឧត្តម អេនរីក ម៉ាណាឡូ រដ្ឋមន្រ្តីការបរទេសស្តីទី របស់ហ្វីលីពីន ធ្វើជាប្រធានកិច្ចប្រជុំ។
ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៌នយោបាយ-សន្តិសុខអាស៊ាន រដ្ឋមន្រ្តីបានពិភាក្សាប្រកបដោយលទ្ធផល ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាង​សហគមន៌អាស៊ាន ការរក្សាតួនាទីស្នូលរបស់អាស៊ាន ​ព្រមទាំងការធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនង របស់​​​អាស៊ានជាមួយដៃគូខាងក្រៅ ការអភិវឌ្ឍតំបន់ និងបញ្ហាអន្តរជាតិ​ ដែលជាផលប្រយោជន៍រួម។
ក្នុងចំណោមបញ្ហាតំបន់ និងអន្តរជាតិដែលបានលើកមកពិភាក្សា រួមមាន​ ការវិវឌ្ឍនៅឧបទ្វីបកូរ៉េ ស្ថានការណ៌នៅសមុទ្រចិនខាងត្បូង ឧក្រិដ្ឋកម្មឆ្លងដែន ដូចជាចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធលើនាវា អំពើហិង្សាជ្រុលនិយម និងអំពើភេរវកម្ម។
រដ្ឋមន្រ្តីការបរទេសអាស៊ានបានចេញសេចក្តីប្រកាសស្តីពីស្ថានការណ៌នៅឧបទ្វីបកូរ៉េ ដែលមាន​​ ភ្ជាប់មកជាមួយនេះ។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន  បានពិភាក្សាការតាមដានការអនុវត្តសេចក្តី សម្រេចរបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និង២៩ ដែលបានរៀបចំកាលពីឆ្នាំ២០១៦។ កិច្ចប្រជុំ ក៏បានពិចារណាពីឯកសារលទ្ធផលនានា រួមមាន សេចក្តីថ្លែងការណ៍របស់អាស៊ានក្នុងការទទួលស្គាល់ តួនាទីមុខងារសាធារណៈ​​ ដែលជាកាតាលីករដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យសហគមន៌អាស៊ាន​ឆ្នាំ ២០២៥ ក៏ដូចជា របាយការណ៌នានារបស់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខ​អាស៊ាន ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាសហគមន៌សង្គមវប្បធម៌អាស៊ាន។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក៏បានពិភាក្សាពីរបៀបថ្មីក្នុងការរៀបចំកិច្ចប្រជុំ កំពូលអាស៊ាន និងសន្និសីទក្រោយកិច្ចប្រជុំជាមួយដៃគូសន្ទនានានា ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ ២០១៧ នេះ។
នៅក្នុងអំឡុងពេលកិច្ចប្រជុំទាំងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែង​ការរីករាយដែលបានឃើញភាពរីកចម្រើនក្នុងដំណើរការព្រាងលិខិតុបករណ៌ស្តីពីការការពារ និងលើក​កម្ពស់ ​សិទ្ធិពលករទេសន្តប្រវេសន៍ ដែលនឹងអាចដាក់សុំការអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​នៅ​ខែវិច្ឆិកា ខាងមុខនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានធ្វើការផ្តួចផ្តើមក្នុងការលើកកម្ពស់ឯកសារនេះពី​ចំណងកុងសង់ស៊ុសលើផ្នែកសីលធម៌ ទៅជាលិខិតូបករណ៌ដែលមានចំណងផ្លូវច្បាប់។
ចំពោះការកសាងសហគមន៍អាស៊ាន ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអំពាវនាវដល់​រដ្ឋមន្រ្តីការបរទេស ឲ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ផែនការការងារដំណាក់កាលទី៣​ នៃគំនិតផ្តួចផ្តើម​សម្រាប់សមាហរណ៌កម្មអាស៊ាន និងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ដែលមានផលប៉ះពាល់ផ្ទាល់ដល់កិច្ចប្រឹងប្រែងរបស់អាស៊ានក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍។
ពាក់ព័ន្ធដល់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្តមទេសរដ្ឋមន្រ្តីបានរំលឹកឡើងថា ចាប់តាំងពីកិច្ចប្រជុំលើកចុងក្រោយរបស់យើង នៅទីក្រុងបូរ៉ាកាយ កាលពីខែកុម្ភៈ យើងនៅមិនទាន់ យល់ច្បាស់ពីនយោបាយការបរទេសរបស់អាមេរិកចំពោះអាស៊ីប៉ាស៊ីហ្វីក ជាពិសេសចំពោះអាស៊ាន។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងថា  “ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្រ្ត អាស៊ាន-អាមេរិកនឹងនៅតែជាអាទិភាព ដោយពិនិត្យដល់សារសំខាន់ភូមិសាស្រ្តនយោបាយ និង​សក្តានុពល​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលកាន់តែកើនឡើង នៅក្នុងតំបន់ និងក្រៅតំបន់”។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងថា​ “ក្នុងន័យនេះ ខ្ញុំទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំពិសេស
រដ្ឋមន្រ្តី​ការបរទេស​អាស៊ានអាមេរិក នៅទីក្រុង​វ៉ាស៊ីងតោន​ នៅថ្ងៃទី ៤​ ខែឧសភា នេះ ដោយសង្ឍឹមថា​អាស៊ាន និងសហរដ្ឋអាមេរិក អាច​បញ្ជាក់ជាថ្មីអំពីឆន្ទៈរួម និងដ៏រឹងមាំដើម្បីបន្តពង្រឹងភាពជាដៃគូនេះ​ឲ្យកាន់តែជិតស្និត។
ចំពោះតួនាទីស្នូលរបស់អាស៊ានក្នុងនិម្មាបនកម្មតំបន់ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន​បានគូសបញ្ជាក់ថា បច្ចុប្បន្ន​ ពិភពលោកកំពុងឆ្លងកាត់ដំណាក់កាល​ដ៏សំខាន់នៃការផ្លាស់​ប្តូរទំនាក់ទំនង អំណាច ដោយបានគូសបញ្ជាក់ថា យើងគួរតែបន្តរក្សាតួនាទីស្នូលរបស់អាស៊ាន ការឯកភាព និង
សាមគ្គីភាព។​ ចំពោះកម្ពុជា ជំហរដ៏ច្បាស់លាស់របស់យើងគឺ៖ យើងគោរពទៅតាមគោលការណ៍ស្នូល​នៃធម្មនុញ្ញអាស៊ាន​ ដែលរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាព ព្រមទាំងបន្តពង្រឹង​គុណតម្លៃដែលផ្តោតទៅលើសន្តិភាព នៅក្នុងតំបន់។
ចំពោះបញ្ហាឧបទ្វីកូរ៉េ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ស្ថានភាពឧបទ្វីប កូរ៉េកំពុង​តែដុនដាបខ្លាំង ដោយកូរ៉េខាងជើងបានសាកល្បងបាញ់មីសីលរយៈឆ្ងាយ និងការសាកល្បង​អាវុធ​​នុយក្លេអ៊ែរ។ ដូចគ្នានេះដែរ ការដាក់តម្លើងប្រព័ន្ធការពារមីស៊ីល នៅកូរ៉េខាងត្បូង និងការកើនឡើងនូវ​វត្តមាននៃកងនាវាប្រយុទ្ធសហរដ្ឋអាមេរិក កំពុងតែបង្កើតនូវភាពតានតឹងក្តៅគគុកនៅក្នុងតំបន់។​​ បើ ទោះបីការរំពឹងថានឹងមានសង្រ្គាមទ្រង់ទ្រាយធំមិនអាចកើតមានក៏មានដោយ ហេតុការណ៍នេះ​កំពុង​បង្ករការគំរាមគំហែងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាព មិនត្រឹមតែនៅក្នុងឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់អាស៊ីប៉ាសីហ្វិកទាំងមូល និងតំបន់អាស៊ានផងដែរ។  ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បន្តគូស​បញ្ជាក់ថា “ខ្ញុំយល់ស្របជាមួយរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីក្នុងការព្យាយាមបញ្ជូនសារទៅរដ្ឋមន្ត្រីការបរទេសអាមេរិកថា​ សហរដ្ឋអាមេរិកក៏ត្រូវពិចារណាក្នុងការបន្ធូរបន្ថយភាពតានតឹងផងដែរ។​កម្ពុជាអះអាងជាថ្មី នូវការគាំទ្ររបស់ខ្លួនសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។​ ប្រមុខ​ដឹកនាំ​អាស៊ានចូលរួមជាមួយសហគមន៍អន្តរជាតិ ដោយធ្វើឲ្យប្រាកដថាកូរ៉េខាងជើងត្រូវតែគោរពតាម​ទាំងស្រុងនូវសេចក្តីសម្រេចពាក់ព័ន្ធផ្សេងៗ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និង​បោះបង់ ការព្យាយាមបង្កើតអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ពាក់ព័ន្ធនឹងការវិវឌ្ឍនៃសមុទ្រចិនខាងត្បូង​ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កេត ឃើញ​ថា ស្ថានភាពបច្ចុប្បន្នមានសភាពស្ងប់ស្ងាត់ ជាពិសេស បន្ទាប់ពីការអនុម័តសេចក្តីប្រកាសរួមស្តីពីការអនុវត្តន៍ក្រមសម្រាប់ការពើបប្រទះដោយមិនបានគ្រោងទុកនៅលំហសមុទ្រ​​ (CUES) និងការបង្កើតខ្សែទូរស័ព្ទពិសេសរវាងក្រសួងការបរទេសនៃប្រទេសអាស៊ាននិងចិន និងវឌ្ឍនភាពជាវិជ្ជមាន និងដំណើរការនៃកិច្ចសន្ទនារវាងប្រមុខដឹកនាំនៃភាគីពាក់ព័ន្ធផ្ទាល់
ឯកឧត្តមទេសរដ្ឋមន្រ្តីបានអំពាវនាវឲ្យភាគីពាក់ព័ន្ធផ្ទាល់ដោះស្រាយជម្លោះដោយសន្តិវិធី តាម រយៈការពិគ្រោះយោបល់ និងការចរចា និងបានស្នើថា គួរចាប់យកវឌ្ឍនភាពជាវិជ្ជមាននេះ ដើម្បីបង្កើន ល្បឿនដំណើរការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដើម្បីដាក់​​ ចេញនូវយន្តការមួយដ៏មានប្រសិទ្ធភាព និងរឹងមាំ ក្នុងការឆ្លើយតបទៅនឹងកម្លាំងប្រែប្រួលភូមិសាស្រ្ត នយោបាយថ្មីនៅសមុទ្រចិនខាងត្បូង។
 ថ្ងៃទី ២៩ ខែ​មេសា ឆ្នាំ២០១៧

Download (PDF, 723KB)

ចែករំលែក