​ព្រះករុណាព្រះមហាក្សត្រស្ដេចយាងមកដល់មាតុប្រទេសវិញប្រកបដោយព្រះរាជសុវត្ថិភាព

23

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ — បន្ទាប់ពីបានគង់ប្រថាប់ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ ​ចាប់ពីថ្ងៃ​ទី១៨ ​ដល់​ថ្ងៃទី២១​ ខែ​ធ្នូ ឆ្នាំ២០១៨​  នៅទីក្រុង Hanoi និងទីក្រុង Danang នៃសាធារណរដ្ឋសង្គម និយម​វៀត​ណា​​មនោះ នាព្រឹកថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​ស​ម្តេ​ច​ព្រះបរមនាថ​ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈដ៏​ខ្ព​ង់​​ខ្ពស់​បំផុត ព្រះអង្គ​ទ្រង់​យាងព្រះរាជដំណើរ​និវត្តន៍​មកដល់​មាតុប្រទេស​វិញ ប្រក​ប​​ដោ​យ​ព្រះ​រាជសុវត្ថិភាព តាមព្រះទីនាំងយន្តហោះពិសេសេ។

​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរយាង​និវត្តន៍​របស់ព្រះករុណា​ព្រះមហាក្សត្រ ​ដល់​ព្រលាន​យ​ន្ត​​ហោះ​​អន្តរជាតិ​ភ្នំពេញ​ មានវត្តមាន ​​សម្តេច​វិបុល​សេនា​ភក្តី ​សាយ ឈុំ ប្រធានព្រឹទ្ធសភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧប​នា​យ​ករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ ព្រមទាំងរាជវង្សានុវង្ស​និង​ឥស្សរជន​ជាន់ខ្ពស់មួយចំនួន។ ​ដោយឡែក ​ឯ​ក​ឧត្ដម ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ក៏មាន​វត្តមាន​ក្នុង​ពិធី​នោះដែរ។

គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បា​ន​ភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ដែលរហូតមក​ដ​ល់​​ពេ​​លបច្ចុប្បន្នមានរយៈពេល ៥១ឆ្នាំហើយ។ ព្រះរាជដំណើរបំពេញ​ទស្សន​កិ​ច្ច​​ផ្លូវរដ្ឋរបស់ ព្រះ​ករុ​ណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​​រាជា​ណា​​ចក្រ​កម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ ក៏ត្រូវ​បាន​គេ​ពិព​ណ៌​នា​ថា​ ជា​ព្រះរាជដំណើរដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការពង្រឹងពង្រីកកិច្ចសហប្រ​តិបត្តិ​កា​ររវាងប្រ​ទេ​ស​ទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ហើយក៏ជាព្រះរាជទស្សនកិច្ច​ដែលធ្វើ​ឡើ​​​​ង​បន្ទាប់ពី  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ច​ក្រ​​​កម្ពុជា បាន​ដឹក​នាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ទៅបំពេញទស្សនកិច្ចផ្លូវការ​នៅ​សាធារណរដ្ឋ​ស​​ង្គមនិយមវៀតណាម កាលពីថ្ងៃទី០៧-០៨ ខែធ្នូ ឆ្នាំ២០១៨ផងដែរ៕

ដោយ ជឹម ណារី