សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវារីអគ្គិសនីសេសានក្រោម២នៅខេត្តស្ទឹងត្រែង

127

នៅព្រឹកថ្ងៃចន្ទ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ដែលជាវារីអគ្គិសនីផ្តល់ថាមពលអនុភាព 400មេហ្គាវ៉ាត់ ខ្ពស់ជាងគេនៅកម្ពុជា។

វារីអគ្គិសនីនេះ វិនិយោគរួមគ្នារវាងរវាងក្រុមហ៊ុនចំនួនបី រួមមានក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់ខ្មែរ ដាក់ទុន៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន ៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង៤០ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។

បន្ទាប់របាយការណ៍របស់រដ្ឋមន្ត្រីរ៉ែ និងថាមពល និងភាគីក្រុមហ៊ុនប្រទេសចិន រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងខ្លឹមសារថា សម្តេចពិតជារីកណាស់ថ្ងៃនេះ បានមកជួបបងប្អូនប្រជាពលរដ្ឋនៅទីនេះសារជាថ្មី បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់, ពិធីបិទទ្វាទឹកទំនប់, និងពិធីសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ សម្តេចបានបញ្ចាក់ថា នេះជាវារីអគ្គសនីទី៧ ដែលសម្តេចបានចូលរួមទាំងបើកការដ្ឋាន, បិទទំនប់, និងពិធីសម្ពោធដាក់អោយប្រើប្រាស់។

សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះការវិយោគគម្រោងវារីអគ្គសនីនេះ ដែលមានការចូលរួមពីបីប្រទេស ហើយគម្រោងនៃការសាងសង់នេះមិនមែនដោយប្រថុយប្រថានឡើយ គឺយើងបានគិតគូរយ៉ាងម៉ាត់ចត់ និងច្បាស់លាស់ យើងបានគិតពីការសាងសាងនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវធ្វើដំណើរ និងដោះស្រាយផលប៉ះពាល់ផ្សេងៗមួយចំនួនទៀត។ នេះជាគម្រោងមួយស្ថិតនៅក្នុផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការអភិវឌ្ឍធនធានមនុស្ស, ផ្លូវ , ទឹក និងភ្លើង ដែលជាអាទិភាពដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈវារីអគ្គសនីនេះ មិនត្រឹមតែផ្គត់ផ្គង់តែក្នុងខេត្តស្ទឹងត្រែងប៉ុណ្ណោះនោះទេ គឺអាចផ្គត់ផ្គង់ទៅតាមបណ្តាខេត្តមួយចំនួនទៀតដូចជាខេត្តព្រះវិហារ , រតនគិរី ។ល។

ទន្ទឹមនឹងការទទួលបាននូវប្រភពអគ្គិសនីនាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍រំលឹកពីអតីតកាលរបស់ប្រទេសកម្ពុជា ដែលក្រោយពីយើងងើបពីសង្រ្គាមមក គឺយើងមិនមានអគ្គិសនីប្រើប្រាស់នោះទេ គឺនៅប្រើចង្កៀងប្រេងកាត, ចង្កៀងមាំងសុង, ដុតជ័រ និងចន្លុះខ្លាញ់ត្រីជាដើម ប៉ុន្តែក្រោយពីប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពគឺយើងចាប់ផ្តើមមានអគ្គិសនីប្រើប្រាស់ជាបន្តបន្ទាប់។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា កម្ពុជាត្រូវតែជំរុញការអភិវឌ្ឍវិស័យអគ្គិសនីនេះបន្ថែមទៀត ពីព្រោះបច្ចប្បន្ននេះ កម្ពុជាមានតម្រូវការអគ្គិសនីកាន់តែច្រើន ដូចជាក្នុងវិស័យឧស្សាហកម្ម, កសិឧស្សាហកម្មសេវាកម្ម, និងផ្គត់ផ្គង់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមទីជនបទ។ ដូច្នេះសម្តេចតេជោ បានជំរុញអោយអាជ្ញាធរអគ្គិសនី និងផ្នែកពាក់ព័ន្ធបង្កើនការតបណ្តាញអគ្គិសនីជាច្រើនទៀតដល់ទីជនបទដាច់ស្រយាលផ្សេងៗ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនទាំងបីប្រទេស និងផ្នែកពាក់ព័ន្ធទាំងអស់ក្នុងការរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍វារីអគ្គិសនីសេសានក្រោម២នេះអោយទទួលបាននូវភាពជោគជ័យ។ ឆ្លៀតក្នុងឱកាសនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងដែលបានបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ក្រុមហ៊ុនវិនិយោគទាំងអស់សូមទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត និងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងឱកាសចូលឆ្នាំសកលខាងមុខ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា។ មុននឹងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនតំណាងក្រុមសាងសង់ និងមន្រ្តីពាក់ព័ន្ធដែលមានស្នាដៃក្នុងការកសាងវារីអគ្គិសនីនេះ និងបន្ទាប់មកបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ ចាប់ពីពេលនេះតទៅ៕