សម្ដេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្ត្រីវៀតណាមថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជានោះទេ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​ប្រា​ប់​នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូវៀតណាម ព្រមទាំងអ្នកសារព័ត៌មានថា រដ្ឋធម្ម​នុ​ញ្ញ​របស់កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជានោះទេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ពីជំនួបកំពូលទ្វេភាគី និងការចុះហត្ថ​លេ​ខាលើឯកសារមួយចំនួន ដែលផ្សាយបន្តផ្ទាល់ពីទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិ​យ​ម​​វៀតណាម ដោយទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេច​តេ​ជោ​នា​យ​ក​រដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា មានរឿងមួយដែលខ្ញុំគួរជម្រាបជូនអ្នកសារព័ត៌មានទាំង​អ​ស់​​ឱ្យបានជ្រាបថា ក្នុងរយៈពេលប្រមាណជាងមួយខែនេះ មានការឃោសនាច្រើនណាស់អំពី​ការ​រៀបចំត្រៀមដើម្បីកសាងមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏បានជម្រាប​ជូ​នបញ្ហានេះ ជូនឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូវៀតណាមឱ្យបានជ្រាប អំ​ពី​ព័ត៌មាន មិនពិត ហើយជាការកុហក និងបំផ្លិចបំផ្លាញ។

សម្ដេចថ្លែងថា «ខ្ញុំសូ​ម​ប​ញ្ជា​ក់​ជូ​ន​នៅ​ទីនេះ​ប​ន្ថែ​មថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានកង​ទ័ពបរទេស​នៅ​កម្ពុ​ជា​នោះទេ ហើយក៏មិនអនុញ្ញាតឱ្យ កងទ័ពកម្ពុជាចេញទៅក្រៅប្រទេស ក្រៅក្របខ័​ណ្ឌ​រប​ស់​​អង្គការ​សហប្រជាជាតិនោះដែរ»។ ចំណុចនេះវាមិនមែនជាបញ្ហាដាច់ដោយឡែក​របស់​កម្ពុ​ជា​នោះទេ តែវាអាចនឹងក្លាយទៅជា កង្វល់នៃបណ្ដាប្រទេសជិតខាង រួមទាំង​ប្រទេស​ក្នុង​តំប​ន់​ផង​ដែរ ប្រសិនការឃោសនានេះ វានឹងបន្តតទៅទៀត ហើយខ្ញុំសង្ឃឹមថានិងបញ្ចប់នូវពាក្យ​ច​ចា​មអារ៉ាមដ៏អាក្រក់មួយនេះ សម្រាប់កម្ពុជា។ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានអរគុណ​ខ្ញុំ ចំពោះព័ត៌មានដែលខ្ញុំបានផ្ដល់ជូន សម្រាប់គាត់។

នៅក្នុងសន្និសីទសារព័ត៌មាន​នេះដែរ​ស​ម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្ដម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី​វៀ​ត​ណាម ក៏បានបង្ហាញជំហរប្រឹងប្រែងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំ​ង​ពីរកាន់តែល្អប្រសើរ ពិសេសការខិតខំរួមគ្នា ក្នុងការ​ជំរុញ​កំណើន​សេ​ដ្ឋកិច្ច ពាណិជ្ជកម្ម វិ​និ​​យោគ ទេស​ចរណ៍ ការដឹកជញ្ជូន អប់រំ សន្តិ​សុខតាមព្រំដែន និងកិច្ចសហ​ប្រ​តិ​បត្តិ​ការ​ដទៃ​ទៀ​ត។ល។ ចំពោះការងារបោះបង្គោលព្រំដែនដែលបច្ចុប្បន្នសម្រេចបាន៨៤ភាគរយ ហើយនោះ ក៏ត្រូវបាននា​យករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ អះ​អាង​ថា ​នឹងជំរុញឱ្យបានចប់សព្វ​គ្រប់នៅក្នុងឆ្នាំ​២០១៩​ផងដែរ។

គួរបញ្ជាក់ដែរថា សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង ១ ២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែនសរុបចំនួន ៣១៤បង្គោល ហើយ​បើ​តា​ម​ការបញ្ជាក់ របស់គណៈកម្មការព្រំដែន បានឱ្យដឹងថា រហូតដល់ពេលនេះ ការរៀប​ចំបោះ​ប​ង្គោ​លព្រំដែន រវាងកម្ពុជា-វៀតណាម បានសម្រេចជាង ៨៤ភាគរយ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ