សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម

នៅព្រឹកថ្ងៃទី ៧ ធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រទេសវៀតណាម គឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីសម្តេចត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនីតិកាលទី៦ កាលពីដើមខែកញ្ញា ឆ្នាំ២០១៨។

នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលីនៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោកប្រធានហូជីមិញ។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋ ក្នុងទីក្រុងហាណូយ សាធារណ រដ្ឋសង្គមនិយមវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការទទួលគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក។

ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីមកកាន់ប្រទេសវៀតណាមនៅពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ