សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងវៀងច័ន្ទ

12

ច្បាស់ណាស់ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរវាង អស់រយៈពេល២ម៉ោងមក គឺ ឯឧ ថង លូនស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅក្នុងវិមានរដ្ឋាភិបាលឡាវនាទីក្រុងវៀងច័ន្ទ។

ឯឧ ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្តីឡាវ បានមានប្រសាសន៍ថា ភាគីទាំងពីរបានឯកភាពក្នុងការចុះហត្ថលេខាលើកឯកសារមួយចំនួននៅថ្ងៃនេះរួចហើយ ដើម្បីយកទៅអនុវត្តឲ្យបានចេញជារូបរាងនៅពេលឆាប់ៗនេះ។ ចំពោះការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរគឺបានស្ងប់ស្ងាត់ហើយ។ ភាគីទាំងពីរឡាវកម្ពុជាបានរួមគ្នាដោះស្រាយមិនឲ្យមានអ្វីកើតឡើងនោះទេ។ ហើយចំពោះអ្វីដែលនៅសេសសល់ខាងមុខនោះគឺប្រទេសទាំងពីរនឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត។

ឯឧ ថងលូន ស៊ីសូលីត បានមានប្រសាសន៍ថា រដ្ឋាភិបាល ក៏ដូចជាប្រជាជនឡាវបានចាត់ទុកថា ដំណើរ ទស្សនកិច្ចរបស់ សម្តេចតេជោ មកកាន់ប្រទេសឡាវនេះ គឺជាកិត្តិយសដ៏ធំធេងក្នុងការពង្រឹងនូវទំនាក់ទំនងឡាវ-កម្ពុជា ដែលជាមិត្តស្និទ្ធស្នាលនិងជាប្រទេសភូមិផងរបងជាមួយ។ ឯឧ ថងលូន ស៊ីសូលីត ក៏បានអបអរសាទរចំពោះសម្តេចតេជោ ដែលបានជាប់ជានាយករដ្ឋមន្រ្តីកម្ពុជាជាថ្មីម្តងទៀត ហើយបានជ្រើសរើសប្រទេសឡាវជាប្រទេសទីមួយក្នុងតំបន់អាស៊ាន ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចមុនគេនាពេលនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលឡាវដែលបានទទួលបដិសណ្ឋារកិច្ចសម្ដេច និងគណៈប្រតិភូដ៏កក់ក្តៅក្នុងពេលធ្វើដំណើរទស្សនកិច្ចរ បស់សម្ដេចតេជោ មកទីក្រុងវៀងច័ន្ទប្រទេសឡាវនាពេលនេះ។ សម្ដេចតេជោក៏បានឯកភាពចំពោះការលើកឡើងរបស់ លោក ថងលូន ស៊ីសូលីត ពាក់ព័ន្ធទៅនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ហើយសម្ដេចបានបញ្ជាក់នូវចំណុចបន្ថែមមួយចំនួន ដែលបានបញ្ជាក់នៅក្នុងការពិភាក្សា និងការចុះហត្ថលេខានៅថ្ងៃនេះ។ ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមនៃប្រទេសយើងទាំងពីរថ្ងៃនេះ គឺមិនមែនជាការចាប់ផ្ដើមនូវទំនាក់ទំនងរបស់យើងនោះទេ ប៉ុន្តែនេះគឺជាការពង្រីក និងពង្រឹងបន្តទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអោយកាន់តែល្អប្រសើរឡើង។។

សម្តេចតេជោនាយករដ្ឋមន្ត្រី រីករាយ និងបានអបអរសាទរចំពោះការរស់ឡើងវិញនៃប្រជាជនយើងទាំងពីរជាពិសេសនៅតាមព្រំដែនហើយនៅថ្ងៃនេះ គឺយើងក៏បានចុះហត្ថលេខាស្ដីអំពីការផ្គត់ផ្គង់អគ្គិសនីពីឡាវមកផ្គត់ផ្គង់នៅកម្ពុជា ដែលជាផ្នែកមួយសំខាន់នៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្មនៃប្រទេសយើងទាំងពីរផងដែរ។ មួយទៀតយើងក៏បានឯកភាពគ្នាពីការតភ្ជាប់ស្ពានតភ្ជាប់ពីភាគខាងជើងនៃខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ រហូតដល់ខេត្តចំប៉ាសាក់ ដែលផ្ដល់ឱកាសឲ្យប្រជាជនប្រទេសទាំងសងខាងងាយស្រួលក្នុងការធ្វើដំណើរ ហើយទំនាក់ទំនងក្នុងវិស័យអប់រំ ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗទៀតដែលបានគ្របដណ្ដប់រួចហើយនៅក្នុងការការពិភាក្សាកាលពីព្រឹកមិញនេះ។

ទាក់ទងទៅនឹងការដោះស្រាយបញ្ហាព្រំដែនវិញរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំរាំងស្កាត់នូវបទល្មើសផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន។ ប្រទេសទាំងពីរបានចាត់ទុកតំបន់អូរតាង៉ាវ ជាតំបន់ដែលមិនទាន់បានដោះស្រាយ ដោយផ្តោតទៅលើលក្ខខ័ណ្ឌៈ

ទី១)គឺគ្មានវត្តមានកងទ័ពនៃប្រទេសនៅតំបន់នោះ
ទី២)គឺគ្មានប្រជាជនធ្វើអាជីវកម្មនៅទីនោះ និង
ទី៣)នៅពេលចុះត្រួតពិនិត្យ គឺភាគីត្រូវតែធ្វើរួមគ្នា រួមទាំងលើគោក ផ្លូវទឹក និងផ្លូវអាកាស។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអះអាងផងដែរថា ក្នុងដំណើរបំពេញទស្សនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃស្អែក ភាគីទាំងពីរកម្ពុជា-ឡាវ នឹងពិភាក្សាគ្នាបន្តលើបញ្ហាព្រំដែន ដើម្បីពង្រាងឯកសារផ្ញើទៅកាន់ភាគីបារាំងពាក់ព័ន្ធបញ្ហាព្រំដែន។ ពោលការងារនេះទុកឲ្យរដ្ឋមន្ដ្រីក្រសួងការបរទេស នៃប្រទេសទាំងពីរជាអ្នកអនុវត្ត។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា រដ្ឋមន្ដ្រីក្រសួងការបរទេសទាំងពីរ ត្រូវរៀបចំបែបបទបច្ចេកទេសយ៉ាងណាឲ្យភាគីបារាំងផ្ទេរ ផែនទីពីរ ខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 ដែលជាចំណុចត្រូវធ្វើមុនគេ ហើយចំណុចទី២ បន្ដស្នើសុំទៅបារាំងផ្ដល់នូវឯកសារនានាដែលទាក់ទងជាមួយបញ្ហាព្រំដែនកម្ពុជា-ឡាវ ជាពិសេសគឺតំបន់ចំនួន១៦% ដែលនៅសេសសល់។

នាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរ បានអំពាវនាវ និងស្នើសុំដល់ ប្រធានាធិបតីបារាំង ក៏ដូចជារដ្ឋាភិបាលបារាំងសូមជួយបញ្ចូនឯកសារពាក់ព័ន្ឋទាំងអស់ ដែលផ្ដល់នូវផលប្រយោជន៍ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ។ ទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីឡាវ ក៏បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីរួមគ្នាដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរឲ្យចប់កាន់តែឆាប់បំផុត៕