សារលិខិត​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱ​កាស​ខួប​អនុស្សាវ​រីយ៍ លើក​ទី​១៣១ នៃទិវាពល​កម្ម​អន្តរ​ជាតិ ថ្ងៃទី០១ ឧសភា ២០១៧

149

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកដោះបំណុល មុនពេលដែល ខ្ញុំព្រះករុណាខ្ញុំ ចាក​ចេញពីប្រទេសនៅថ្ងៃស្អែក ទៅចូលរួមប្រជុំអាស៊ាននៅប្រទេសហ្វីលីពីន។ បើទោះបីថា ក្រោយ​​ចូល​ឆ្នាំ​ខ្មែរ សូម្បីតែថ្ងៃឈប់សម្រាកនៅថ្ងៃអាទិត្យ ក៏មិនមានផងនោះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ដោះបំណុល​អោយ​ហើយ នៅសាកលវិទ្យាល័យធនធានមនុស្ស ដែលយើងបានរៀបចំកម្មវិធីរួមមកហើយ។

លើកនេះ គឺជាលើកទី​ ១៤ ដែល ខ្ញុំព្រះករុណាខ្ញុំ បានមកចូលរួមជាមួយសាកលវិទ្យាល័យដើម្បីប្រគល់​ជូននូវសញ្ញាបត្រ សម្រាប់ជ័យលាភី ដែលបានបញ្ចប់ការសិក្សា តាំងពីនៅក្នុងក្របខណ្ឌនៃអង្គ​ការ​ក្រៅ​រដ្ឋាភិបាលមួយ រហូតមកដល់ក្លាយខ្លួនជាសាកលវិទ្យាល័យមួយ ដែលរួមចំណែកផ្ដល់ការបណ្ដុះ​បណ្ដាល​នូវធនធានមនុស្ស។

ការធ្វើអោយកើតឡើង ជារឿងលំបាក តែការធ្វើអោយមាននិរន្តភាព ទើបជាការលំបាកជាង

បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ បានធ្វើរបាយការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងដំណើរ​រីក​​ចម្រើនរបស់សាកលវិទ្យាល័យនេះ។ ខ្ញុំព្រះករុណាខ្ញុំ តែងតែលើកជារឿយៗថា ការធ្វើអោយកើតឡើង វា​ជា​រឿងលំបាកមួយហើយ ក៏ប៉ុន្តែ អ្វីដែលលំបាកជាងនេះទៀត គឺនិរន្តរភាពរបស់វា។ ការធ្វើអោយកើតឡើង​នូវ​សាលាមួយ ឬមន្ទីរពេទ្យមួយ ឬក៏ប្រឡាយទឹកមួយ វាជាការលំបាក ប៉ុន្តែ លំបាកជាងនេះទៀត តើត្រូវ​ធ្វើ​យ៉ាងម៉េចអោយមាននិរន្តរភាព? កន្លែងខ្លះធ្វើបានហើយ ប៉ុន្តែមិនអាចដំណើរការទៅបាន។ កន្លែង​ខ្លះ​ធ្វើ​អោយ​ខូតខាត និងលុបឈ្មោះបាត់ទៅវិញតែម្ដង។ កន្លងទៅ សម្រាប់គ្រឹះស្ថានអប់រំ(មួយចំនួន)ឈាន​ដល់កម្រិតក្ស័យធន។ ប៉ុន្តែសំរាប់សាកលវិទ្យាល័យធនធានមនុស្ស ខ្ញុំព្រះករុណាខ្ញុំ ទទួលស្គាល់នូវការរីក ធំធាត់របស់ខ្លួន … សម្តេចក្រឡាហោម ស ខេង បានជួយឧបត្ថម្ភ …។

ជម្រុញអោយបង្កើតថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ

ថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំ ចូលរួមជាមួយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលចាប់ផ្ដើមពីអង្គការក្រៅរដ្ឋាភិ​បាល​ដូចគ្នា។ ពាក់ព័ន្ធជាមួយនឹងបញ្ហាការបន្តជាមួយការបណ្ដុះបណ្ដាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់​បរិញ្ញា​បត្ររង សង្ឃឹមថា សាកលវិទ្យាល័យនឹងបន្តការបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់បរិញ្ញាបត្ររងជា​បន្ត​ទៀត បើកឱកាសអោយក្មួយៗ ចៅៗ ដែលប្រឡងមធ្យមសិក្សាទុតិយភូមិមិនជាប់ បានចូលរៀន ទាញ​យក​ចំណេះដឹង ដើម្បីស្វែងរកការធ្វើ។

វិស័យឯកជនចូលរួមបណ្តុះបណ្តាលធនធានមនុស្ស

រាជរដ្ឋាភិបាលបានគិតគូរលើបញ្ហានេះយ៉ាងខ្លាំង ដែលផ្ដល់ឱកាសសម្រាប់វិស័យឯកជន ចូលរួមបណ្ដុះ​ប​ណ្ដាលធនធានមនុស្ស​។ ប្រសិនបើយើងមិនបើកឱកាសបែបនេះ ហើយនៅពេលដែលសាកលវិទ្យាល័យ​របស់រដ្ឋ គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ មានអាហារូបករណ៍មានកម្រិត សួរថា តើយុវជនដែលបានប្រឡង​ជាប់​មធ្យម​សិក្សាទុតិយភូមិ តើក្មួយៗ និងចៅៗទាំងនោះទៅរៀនឯណា? ជារឿងត្រូវតែគិត។ មានតែ​ការ​រួមចំ​ណែក​របស់វិស័យឯកជន បើកឡើងនូវគ្រឹះស្ថានឧត្តមសិក្សា ដើម្បីផ្ដល់ឱកាសអោយយុវជនទាំងនោះ​ទទួល​បាននូវការបន្តការសិក្សា នូវថ្នាក់ឧត្តមសិក្សានៅក្នុងគ្រឹះស្ថានឧត្តមសិក្សាឯកជន។

គ្រឹះស្ថានរដ្ឋ អោយរៀនបង់ថ្លៃ

បន្ថែមលើនោះ រដ្ឋក៏បានផ្ដល់ឱកាសសម្រាប់គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ដើម្បីយកមួយផ្នែក​ទទួល​អោយ​និស្សិតរបស់យើងរៀនបង់ថ្លៃ។ ធ្វើយ៉ាងដូច្នេះវាបានរួមចំណែកជួយអោយការអនុវត្ត នៃគោលនយោ បាយ​បណ្ដុះបណ្ដាលធនធានមនុស្ស បានរីកធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចំនួនអ្នកចេះដឹងរបស់​យើង​​កាន់តែច្រើន ហើយដែលវាជាតម្រូវការចាំបាច់ខានមិនបាន សម្រាប់ការអភិវឌ្ឍប្រទេស។ នេះគឺជាវិធី​ដោះ​ស្រាយបញ្ហាដ៏សមហេតុសមផល ហើយត្រូវនឹងគោលដៅនៃការអភិ​វឌ្ឍរបស់យើង។

មនុស្ស យកជាអាទិភាពទី ១

ម្យ៉ាងទៀតឱ​កាស​ដ៏កម្រ សម្រាប់កម្ពុជានៅក្នុងរយៈពេលកន្លងទៅ គឺសន្ដិភាព ដែលយើងរកបានដោយ​លំ​បាក វាបាន​ផ្ដល់​ឱកាសអោយកម្ពុជាមានលទ្ធភាពដើម្បីនឹងធ្វើការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះ ការ​បណ្ដុះ​បណ្ដាលធនធានមនុស្ស គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នៅពេលនេះ យើងមាន​អាទិ​ភាព ៤ ដែលបានប្រកាសចេញ សម្រាប់ផ្ដោតការយកចិត្តទុកដាក់​ទៅលើការវិនិយោគ។​ មុននេះ​យើង​ប្រើ​ពាក្យ​បួនម៉ាត់ ទឹក ផ្លូវ ភ្លើង​ មនុស្ស ដែលទាមទារផ្ដល់អាទិភាពសម្រាប់ការអភិវឌ្ឍ។ ខ្ញុំបញ្ជាក់​ឡើង​វិញ ទឹក ផ្លូវ ភ្លើង មនុស្ស។ ក្នុងអាណត្តិទី ៥ នេះ យើងប្ដូរមុំរបស់វាមកជា មនុស្ស ទឹក ផ្លូវ ភ្លើង ទៅវិញ គ្រាន់​តែ​លំដាប់លេខរៀងនេះ ក៏គូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់យើង ទៅលើការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស។ សហគមន៍សេដ្ឋកិច្ចអាស៊ានបានដើរមកដល់។

សសរស្តម្ភនៃអាស៊ានមានបី

ថ្ងៃស្អែក ខ្ញុំព្រះករុណាខ្ញុំនឹងចេញទៅចូលរួ​ម​​ប្រជុំកំពូលអាស៊ាន។ ឯកឧត្តម ហង់ ជួនណារ៉ុន ក៏ត្រូវរួម​ដំ​ណើរ ដោយសាររដ្ឋមន្ត្រីអប់រំរបស់យើង ជាប្រ​ធានសហគមន៍សង្គម/វប្បធម៌។ សសរស្ដម្ភនៃអាស៊ានមាន​បី។ នយោបាយ និងសន្ដិសុខ ដឹកនាំ​ដោយរដ្ឋមន្រ្ដីក្រសួងការបរទេស។ សសរ​ស្ដម្ភលើវិស័យសេដ្ឋកិច្ច ដឹកនាំដោយរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ដែលជារដ្ឋមន្រ្ដីសេដ្ឋកិច្ចអមអាស៊ា​ន និង​សសរ​ស្ដម្ភសង្គម និង​វប្បធម៌ ដែលជ្រើសរើសក្នុងចំណោមអ្នក​ពាក់ពន្ធ័លើវិស័សអប់រំ និងវប្បធម៌ ហើយ​ បណ្ឌិត ហង់ ជួន​ណា​រ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា​ ត្រូវបានជ្រើសរើស​ធ្វើជាប្រធាន​ដែល​ត្រូវ​ចេញ​ដំណើរនៅ​ថ្ងៃ​ស្អែក។

រាជរដ្ឋាភិបាល ខិតខំរកទីផ្សារការងារនៅខាងក្រៅ

ក្នុងក្របខណ្ឌនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន លំហូរនៃទំនិញ សេវា មនុស្ស ប៉ុន្តែ យើងត្រូវយល់​អោយ​បាន​ថា បញ្ហាមនុស្សមិនមែនចេះតែហូរតាមចិត្តទេ គឺមនុស្សដែលមានវិជ្ជាជីវៈ ដែលអាចទៅធ្វើការជាមួយ​គេ​បាន។ ដូច្នេះ បាន ឬមិនបាន យើងទៅធ្វើការនៅប្រទេសគេ ក៏ទាមទារនូវសមត្ថភាព ទើបអាចទៅរួច​ ព្រោះពលរដ្ឋនៃ​ប្រទេសដទៃគេក៏មានសមត្ថភាពរបស់គេដែរ មិនចាំបាច់យើងនោះទេ។ ការងារនៅក្រៅប្រ​ទេស​មានមួយចំនួន​បានអោយយើងថា ជាការងារចំណាកស្រុក ប៉ុន្តែ ខ្ញុំសុំជម្រាបជូនបងប្អូនប្រជាពល​រដ្ឋ​របស់​យើង ចំណាកស្រុកទៅ​តាមរយៈឈ្មួញ មេខ្យល់បោកប្រាស់យកទៅ​ នេះជាប្រភេទចំណាកស្រុក​(ខុសច្បាប់)។ ប៉ុន្តែ កុំភ្លេចឲ្យសោះថា ទីផ្សារការងារនៅខាងក្រៅ ក៏ជាផ្នែកមួយនៃការខិតខំរបស់រាជរដ្ឋាភិ​បាល ដើម្បី​រក​ការ​ងារធ្វើឲ្យពលរដ្ឋរបស់យើងផងដែរ។ នៅប្រទេសថៃ បងប្អូនខ្មែរយើងមួយចំនួនទៅពីមុន​នេះ ធ្វើការមិន​ស្រប​ច្បាប់​នៅក្នុងប្រទេសរបស់គេ។ រាជរដ្ឋាភិបាលប្រឹងណាស់ ដើម្បីអោយពលកររបស់​យើងទទួល​បាន​នូវ​ភាពស្របច្បាប់​ សម្រាប់ការរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ នៅម៉ាឡេស៊ី​ក៏ដូច​គ្នា ខ្មែរយើងមួយ​ចំ​​នួន​​បានទៅ​ដល់ទីនោះដោយមិនស្របច្បាប់ យើងបានប្រឹងប្រែងធ្វើការ​ជាមួយ​រដ្ឋា​ភិ​បាលម៉ាឡេស៊ី ដើម្បី​អោយ​បងប្អូនខ្មែរយើងទទួលបាននូវការងារស្របច្បាប់។

លំហរកាងារ តាមរយៈសមាហរណកម្មតំបន់ និងទំនាក់ទំនងនានា

ក្រៅពីនោះ យើងកំពុងស្វែងរកនូវកន្លែងការងារ ដូចជាបានដឹងហើយ ដែលខ្ញុំនិយាយកាលពីប៉ុន្មានថ្ងៃមុន នៅទីនេះ ​កម្មកររបស់យើង ពីប៉ុន្មានរយនាក់ ឥឡូវឡើងដល់ជាង ៤ ម៉ឺននាក់ នៅឯប្រទេសកូរ៉េខាងត្បូង។ ហើយនៅប្រទេសកូរ៉េខាងត្បូងមិនត្រូវភ្លេចថា ​គឺជាការប្រកួតប្រជែង រវាងប្រទេសជាច្រើន​ ដើម្បីបានកូតា​​សម្រាប់ការងារធ្វើរបស់កម្មករតាមប្រទេសមួយៗ​។ ម្សិលមិញ ខ្ញុំបានសួរនាយករដ្ឋមន្រ្តីវៀតណាម នៅ​ពេល​ស្រស់​ស្រូបអាហារពេលព្រឹក ដើម្បីពិភាក្សាគ្នាបន្ថែមលើកិច្ចការខ្លះ។ ខ្ញុំបានសួរថា តើពេលពលករ​វៀត​ណាមនៅកូរ៉េខាងត្បូងមានប៉ុន្មាន? វៀតណាម មានដល់ ១៣ ម៉ឺននាក់។ ថៃក៏មានចំនួនច្រើន។ បង​ប្អូនយើងមួយចំនួន បង្អាប់រាជរដ្ឋាភិបាល ថាកសាងចុះកសាងឡើងទៅធ្វើខ្ញុំគេ។ គប្បីពិនិត្យ​មើល​នូវលំហ​ការ​ងារ ដែលវាកាន់តែបើកទូលាយព្រំដែន តាមរយៈនៃការធ្វើសមាហរណកម្មក្នុងក្របខណ្ឌតំបន់​ និងទំ​នាក់​ទំនងជាមួយនឹងបណ្តាប្រទេសនានា។ យើងកំពុងខិតខំ ដើម្បីជម្រុញរកការងារធ្វើអោយប្រជាពលរដ្ឋ​របស់​យើង ដែលអាចមានឱកាសទៅកាន់មជ្ឈិមបូព៌ា ដែលក្នុងនោះអាចដោះស្រាយការងារធ្វើមួយចំនួន សម្រាប់បងប្អូនយើងក្នុងសហគមន៍ឥស្លាម។

ពាក្យរបស់ អោង សានស៊ូឃ្យី តើអាចទៅរួចទេ?

នៅក្នុងបណ្តាប្រទេសអាស៊ានរបស់យើងនេះ ប្រទេសដែលខ្វះពលកម្មពិតប្រាកដ គឺប្រទេសម៉ាឡេស៊ី និង​សាំង​ហ្គាពូរ។ ឯក្រៅពីនោះ គឺសុទ្ធតែជាប្រទេសដែលសល់ពលកម្ម។ មិនមែនប្រទេសថៃខ្វះពលកម្មទេ ប៉ុន្តែ កុំភ្លេចថា ប្រទេសថៃគេបានបញ្ជូនពលកររបស់គេទៅធ្វើការនៅប្រទេសដែលមានតម្លៃឈ្នួលខ្ពស់ រួច​ហើយ​ជំនួសមកវិញដោយពលករកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ មានពេលមួយ លោកជំទាវ អោង សាន​ស៊ូ​ឃ្យី គាត់មកទស្សនកិច្ចក្នុងប្រទេសថៃ គាត់បានប្រើពាក្យថា “តោះទៅស្រុកវិញ”។ មនុស្សមួយចំនួនងាក​មកវាយប្រហារខ្ញុំ … ចំណុចនេះ អស់លោកកាប់ថ្មចំណាំទៅ កម្ពុជាឥឡូវកំពុងអនុវត្តនូវ​ប្រាក់បៀ​វត្សរ៍​អប្ប​បរមា ១៥៣ ដុល្លារ បន្ថែមដោយអត្ថប្រយោជន៍ដទៃទៀត​។ កម្មកររបស់យើងទទួលបាននូវអត្ថប្រយោជន៍ ក្នុងរង្វង់ ១៧០ ទៅ ១៨០ ដុល្លារ។ ប៉ុន្តែ នៅឯមីយ៉ាន់ម៉ា ពេលនេះ កំពុងអនុវត្តនូវបៀវត្សរ៍អប្ប​បរមា​ត្រឹម​តែ​ប្រមាណ ៨០ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ សំណួរសួរថា តើពលករមីយ៉ាន់ម៉ាប្រមាណជា ២ លាននាក់ ដែល​កំពុងធ្វើការក្នុងប្រទេសថៃ យល់ព្រមទៅធ្វើការងារនៅក្នុងប្រទេសរបស់ខ្លួន ដែលមានប្រាក់បៀវត្សរ៍​ត្រឹម ៨០ ឬ ១០០ ដុល្លារ នោះទេ? នៅក្នុងពេលដែលគេអាចរកបាន ២០០ ទៅ ៣០០ ដុល្លារ នៅក្នុង​ប្រ​ទេស​ថៃ។ អស់លោកកាប់ថ្មចំណាំទៅ។

នៅកម្ពុជា ដាក់ផ្លែឲ្យខ្ញុំថា «ទៅ! យើងទៅប្រទេសថៃរកការងារធ្វើ»។ ការបង្កើតការងារជាង ២ លានកន្លែង សម្រាប់មនុស្សទៅពីប្រទេសថៃ វាជារឿងមួយលំបាកទៅហើយ។ ប៉ុន្តែ ​ការលំបាកជាងទៀត តើ ២ លាន​នោះ ប្រសិនបើបង្កើតបាននៅក្នុងទឹកប្រាក់​ ៨០ ទៅ ១០០ ដុល្លារ តើពួកគេវិលត្រឡប់ទេ? រឿងនេះ​សង្ឃឹម ថា បងប្អូនប្រជាពលរដ្ឋរបស់យើង ក្នុងហ្នឹងក៏មានពលករ/ការិនីរបស់យើង ដែលកំពុងធ្វើការនៅ​ក្រៅ​ប្រទេសដោយស្របច្បាប់ ទោះបីដោយមិនស្របច្បាប់​ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការជាមួយ​នឹង​បណ្តា​ប្រទេសដើម្បីបង្កើតស្ថានភាពស្របច្បាប់ យល់ដឹងអំពីបញ្ហានេះ។

លំហូរប្រាក់តាមរយៈពលករ ជាចំណូលរបស់គ្រួសារ

ក្រៅពីប្រាក់ចំណូលរបស់កម្មការិនី នៅតាមបណ្តារោងចក្រសហគ្រាសនៅកម្ពុជា មានចូលដល់ពាន់លាន​ដុល្លារ ស្របនឹងលំហូរប្រាក់ពីបរទេស តាមរយៈពលកររបស់យើង ធ្វើការនៅក្រៅប្រទេស មកកាន់គ្រួសារ វា​ក៏​ជាចំណូលរបស់ជាតិយើងដែរ។ កុំភ្លេចថា នៅប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានចំនួន​ពលករ​ច្រើនជាងគេ ដែលនាំចេញនូវពលករទៅគ្រប់ទីកន្លែង។ នៅ​ពេល​ដែល ឯកឧត្តម ប្រធានាធិបតី Duterte មក​ទស្សនកិច្ចនៅកម្ពុជា ពលករហ្វីលីពីនដែលធ្វើការនៅកម្ពុជា ប្រមាណជា ៨ ពាន់នាក់ សព្វថ្ងៃ​នេះ បាន​ទទួលស្វាគមន៍គាត់។ អញ្ចឹងទេ ចំណុចនេះត្រូវមើលអោយឃើញ។ មានអ្នកខ្លះសូម្បីតែតាមរយៈហ្វេស​ប៊ុក​ឡាយ​ (Facebook Live)​ ឬក៏តាមរយៈ Fresh News អាចនឹង ​Comment ចូលថា ធ្វើយូរៗ​ធ្វើ​ខ្ញុំ​គេ។ ប៉ុន្តែ យើងមិនត្រូវភ្លេចថា សូម្បីតែអាមេរិកក៏ចេះដើរស៊ីឈ្នួលគេដែរ។ ឥឡូវ សូម្បីតែទូរទស្សន៍បាយ័ន ក៏ជួលអាមេរិកមកជួយធ្វើការដែរ។ អញ្ចឹងមិនដូចមកស៊ីឈ្នួលខ្មែរ។

ពង្រឹងសមត្ថភាព ឆ្លើយតបតម្រូវការអភិវឌ្ឍ

នេះជាទិដ្ឋភាពរួមនៃការប្រកួតប្រជែង។ ទាល់តែយើងមានជំនាញ មាន​​សមត្ថ​ភាព មិនមែនយើងទៅគ្រាន់​តែ​យក​ប្រាក់ខែរបស់គេនោះទេ។ ខ្ញុំទៅ ទីម័រ​លេស្ត ក៏បានជួបជាមួយនឹងពលរដ្ឋខ្មែរយើង មិនមែន​ជា​ពល​ករ​ទេ តែគឺជាទីប្រឹក្សាបច្ចេកទេស ដែលអង្គការមួយចំនួន រាប់ទាំងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បាន​​ជួលបងប្អូនទៅធ្វើការនៅទីនោះ។ នៅក្នុងពេលធ្វើដំណើររបស់ខ្ញុំទៅសាំងហ្គាពួរ ខ្ញុំបានជួបជាមួយ​ខ្មែរ​យើង​ម្នាក់​បានធ្វើការនៅធនាគារពិភពលោក នៅទីក្រុងភ្នំពេញនេះ ប៉ុន្តែ ធនាគារពិភពលោកក៏បានចាត់​អោយ​មន្រ្តីរបស់ខ្លួនដែលជាជនជាតិខ្មែរនេះ ទៅបំពេញការងារមួយចំនួននៅឯហ្វីលីពីនឯណោះ។ នេះ​ហើយ​គឺជាអ្វីដែលយើងចង់បាន សម្រាប់ការចូលរួមនានា  ដែលពលរដ្ឋកម្ពុជាកាន់តែច្រើន​ត្រូវ​បាន​ជ្រើស​រើស ហើយចូលធ្វើការនៅក្នុងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិនានា។ ការពង្រឹង​សមត្ថ​ភាពរបស់យើង ដើម្បីឆ្លើយតបជាមួយតម្រូវការ នៃការអភិវឌ្ឍប្រទេសរបស់ខ្លួន សុទ្ធតែមានការ​ចាំ​បាច់​ខ្លាំងណាស់។

គ្មានអ្វីចែកឲ្យដែលគង់វង្សជាងការចែកចំណេះវិជ្ជាទេ

ខ្ញុំពិតជាសប្បាយរីករាយ ដែលនៅក្នុងដំណាក់កាលប្រៀបធៀបជាមួយនឹងដំណាក់កាលនៃការចាប់ផ្តើម ជា​មួយនឹងពេលវេលា ដែលយើងបាន និងកំពុងមាននៅពេលនេះ ខុសគ្នាដាច់ស្រលះតែម្តង។ សូម្បីតែ​រដ្ឋ​មន្រ្តី​អប់រំនៅពេលនេះ កាលពេលនោះ មិនមែនត្រឹមតែរដ្ឋមន្រ្តីអប់រំទេ ទាំងរដ្ឋមន្រ្តីអប់រំ ទាំងរដ្ឋមន្រ្តីក្រសួង​សេដ្ឋ​កិច្ច (និង)ហិរញ្ញវត្ថុ សុទ្ធតែត្រូវបន្តការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ ដើម្បីបញ្ចប់មធ្យមសិក្សា ហើយ​បញ្ជូន​ទៅសិក្សានៅឯអតីតសហភាពសូវៀត។ ឥឡូវការរីកធំធាត់ទាំងនោះ បានផ្តល់ផ្លែផ្កាឲ្យយើង យក​មក​រៀបចំដើម្បីធ្វើការងារ។ អ្នកជំនាន់មុនបានប្រឹងប្រែងបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ ហើយចេះតែ​បណ្តុះ​តគ្នា។ គ្មានអ្វីចែកឲ្យដែលវាគង់វង្សជាងការចែកចំណេះវិជ្ជាទេ។ ឪពុកម្តាយអាចចែកជូននូវទ្រព្យ​សម្បត្តិ​អោយកូនចៅជាការល្អហើយ ប៉ុន្តែ បើសិនជាចែកទ្រព្យសម្បត្តិ ហើយមើលស្រាលទៅ​លើការចែក​នូវ​ចំណេះវិជ្ជា គឺជាការខុសឆ្គង។

ប្រាក់កាស មាសប្រាក់ អាចចាយវាយបានអស់ ខ្លះចាញ់ល្បែង ខ្លះប្រើ​មិន​ចំគោលដៅ ខ្លះត្រូវចោរលួច ចោរប្លន់ ខ្លះត្រូវភ្លើងឆេះ ក៏ប៉ុន្តែសម្រាប់ចំណេះវិជ្ជាវិញ កណ្តៀរក៏វាមិនកោរ កណ្តុរក៏វាមិនកាត់បានដែរ។ ប៉ុល ពត សម្លាប់មនុស្ស ធ្វើបាបផ្លូវចិត្ត ផ្លូវកាយ ប៉ុន្តែ ពួកគេ​មិន​អាច​យក​ចំ​ណេះ​វិជ្ជាចេញពី​ខួរ​ក្បាល​មនុស្ស​​ ដូច្នេះទាំងរដ្ឋ ទាំងក្រុមគ្រួសារ និងបុគ្គលម្នាក់ៗ ទាមទារនូវការ​ខិតខំ​ជាបន្ត។ ឥឡូវ ផ្នែករដ្ឋ​បានរក​ពេល​វេ​លាល្អណាស់ សម្រាប់ប្រទេស ក៏ដូចជា សម្រាប់ក្រុមគ្រួសារ នោះគឺសន្តិភាព ដែលយើងបានប្រែ​ក្លាយ​ពី​ប្រទេសមួយតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសមួយតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហា​ក្សត្រ​តែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។ ប្រទេសកម្ពុជារបស់​យើង​មុនឆ្នាំ ១៩៩៨ ប្រទេសកម្ពុជា ជាប្រទេសមួយ ដែលមានតំបន់ត្រួតត្រាច្រើន មិនតិចជាង ២ ក្នុងពេលតែមួយ។ តែឥឡូវនេះ មិនដូច្នោះទេ។

ស្តង់ដាអប់រំនៅទីក្រុង និងនៅតាមបណ្តាខេត្ត គឺតែមួយ

ឱកាសមានសម្រាប់ទាំងទីក្រុង និងជនបទ។ នៅពេល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ក្នុងប៉ុន្មានឆ្នាំ​កន្លង​ទៅ​នេះ មានប្រឡងជាប់ ហើយទទួលបាននិទ្ទេស A ផងដែរ មិនមែនគ្រាន់តែទីក្រុងភ្នំពេញទេ តែ​មាន​និទ្ទេស A ដែលចេញពីតំបន់ដាច់ស្រយាល ខេត្តដាច់ស្រយាល។ ចំណុចនេះ វាបានបង្ហាញឲ្យឃើញ អំពី ការកាត់បន្ថយគម្លាត។ ព្រោះវិស័យអប់រំស្តង់ដានៅទីក្រុងភ្នំពេញរៀនយ៉ាងម៉េច នៅតាមបណ្តាខេត្តក៏មាន ឱកាសបែបនោះ។ ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរចាកចេញពីរតនគិរី ទៅកាន់ស្ទឹងត្រែង ឆ្លងកាត់វិទ្យាល័យ​មួយ នៅស្រុកកូនមុំ ជារឿងអច្ឆរិយៈ គឺនៅត្រង់ថាសិស្សប្រឡងជាប់ ១០០ ភាគរយ ឆ្នាំទៅប្រឡង​ជាប់ ៩៨ ភាគរយ ឆ្នាំសិក្សា ២០១៥-២០១៦ (ជាប់)៩៨ ភាគរយ។ ២០១៦-២០១៧ (ជាប់)១០០ ភាគ​រយ គ្រាន់​តែ​អត់មាននិទ្ទេស A។ បានខ្ញុំប្រាប់ថា​ បានជាការល្អ។

បន្តធ្វើដំណើរចូលវិទ្យាល័យមួយនៅស្រុករវៀង របស់ខេត្តព្រះវិហារ អត្រានៃការជាប់បាក់ឌុបរបស់វិទ្យា​​ល័យ​​​នៅទីនោះ ខ្ពស់ជាងវិទ្យាល័យតាំងគោក នៅកំពង់ធំ។ អញ្ចឹង មិនទាន់ប្រាកដទេថា  នៅទីកន្លែង​ស្រួល​អត្រាជាប់ខ្ពស់ នៅទីកន្លែងលំបាកអត្រាជាប់ទាប មិនប្រាកដទេ។ គ្រួសារមួយនៅមណ្ឌលគិរី ថ្ងៃ​នោះសោកស្តាយ កូនគាត់ជាប់បាក់ឌុបដល់ទៅ ២ នាក់ ប៉ុន្តែ កូនមួយជាប់និទ្ទេស A យើងអត់​បាន​ដឹង​ថា​កូន​មួយទៀតជាប់ដែរនោះ មិនបានហៅមកបាយជាមួយ។ ខ្ញុំហៅមកបាយជាមួយ ទាំងឪពុកម្តាយ ដូច​មាន​ទាំងជីដូនផងថ្ងៃនោះ …។

មិនទុកអោយកុមារ និងយុវជន អភ័ព្វដូចក្មេងសម័យមុន

យើងពិនិត្យមើលស្ថានភាពនៃការបង្រៀននៅឯមណ្ឌលគិរី ក៏មិនអន់ជាងការបង្រៀននៅទីក្រុងភ្នំពេញ និង​កន្លែង​ដទៃទៀតនោះទេ។ នេះហើយជាឱកាសរបស់យុវជន នេះហើយជាឱកាសរបស់កុមារ។ រឿងនេះ មិនមែនជារឿងចៃដន្យនោះទេ។ ខ្ញុំតែងនិយាយថា ខ្ញុំមិនទុកអោយកុមារ និងយុវជន អភ័ព្វដូច​​ខ្ញុំនៅ​ក្នុង​អតីត​កាលនោះទេ។ ដោយសារតែអត់សាលារៀន ខ្ញុំត្រូវធ្វើដំណើរចាកចេញពីឪពុកម្តាយ តាំងពីអាយុ ១៣ ឆ្នាំ។ ពេលមេឃភ្លៀងម្តងៗ ពិតជាកម្សត់ខ្លួន ពិសេសពេលលោកវាយម្តងៗ។ ព្រះតេជព្រះគុណ​អើយ! បើមាន​កូន​សិស្សកុំវាយអី។ ខ្ញុំព្រះករុណាខ្ញុំ ឈឺណាស់ គ្រាន់តែដាំបបរមិនទាន់ក៏វាយដែរ។ អញ្ចឹង ដោយសារបទពិសោធន៍ជូរចត់នៃអតីតកាលរបស់ខ្លួន បានជានៅពេលមានឱកាសដឹកនាំប្រទេស សាលា​រៀនគឺជាគោលដៅធំបំផុត ដែលខ្ញុំព្រះករុណាខ្ញុំឮត្រូវធ្វើអោយខានតែបាន ដើម្បីបង្ខិតសាលា​រៀនចូលទៅ​​កាន់​ក្បែរផ្ទះកូនសិស្ស។

មាតាបិតា អាណាព្យាបាលអោយកូនចូលរៀន និងមិនបោះបង់ការសិក្សា

ឥឡូវនេះ បញ្ហា​​ធំរបស់យើង គឺធ្វើយ៉ាងណា មាតាបិតា អាណាព្យាបាល ខិតខំចុះឈ្មោះអោយ​​កូន​​ចូល​​រៀន នៅពេលដែលកូនដល់អាយុចូលរៀន ខិតខំយ៉ាងណាកុំអោយកូនបោះបង់ចោលសាលា យើង​​កំ​ពុង​តែធ្វើវិនិយោគបន្ថែមទៀតទៅលើវិស័យអប់រំសិក្សាធិការនេះ។ សាលារៀនថ្មីៗ ក៏បាន និងកំពុងកើតជាបន្ត សាលាចាស់ ត្រូវធ្វើជំនួសដោយសាលាថ្មី បន្ថែមទៅការបំពេញថ្មី ជាតម្រូវការចាំបាច់ខានមិនបាន ការរីក​លូតលាស់នៃប្រទេសរបស់យើង។ ពិតហើយគ្រួសារខ្លះតម្រូវអោយកូនបោះបង់ចោលការសិក្សា ដើម្បីជួយ​​ទៅ​ដល់កិច្ចការ តែរឿងនេះ យើងត្រូវខិតខំពន្យល់មាតាបិតាអោយយល់អំពីសារៈសំខាន់ នៃការបណ្តុះ​បណ្តាល​​កូនចៅ។ យុវជនបច្ចុប្បន្ន ជំទង់បច្ចុប្បន្ន មិនកំសត់ដូចជំនាន់ ខ្ញុំព្រះករុណាខ្ញុំ ទេ។ អ្នកនៅទីនេះ​ស្គាល់​ហើយវត្តនាគវ័ន្ត ទឹកល្អក់ កាលដំណាក់កាលនោះ មិនមែនដូចដំណាក់កាលបច្ចុប្បន្ន ដែលមាន​ទឹក​ភ្លើង​ទៅដល់នោះទេ។ ល្ងាចឡើងត្រូវទៅអូសទឹកពីផ្លូវកម្ពុជាក្រោម ដើម្បីយកទៅចាក់បំពេញពាង​អោយ​លោក។ ព្រះសង្ឃខ្លះក៏យល់ការលំបាករបស់សិស្ស ស្រង់ទឹកដោយសន្សំសំចៃ តែព្រះសង្ឃអង្គខ្លះ ក៏លេង​មួយ​​ទំហឹង។

ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់និយាយខ្លះហើយ បើមកត្រឹមម៉ោង ១១ ចង្ហាន់មកដល់ ឆាន់មិនព្រមឈប់ យើង​​អង្គុយ​លេបទឹកមាត់នៅហ្នឹង … កាលពីតូច ខ្ញុំព្រះករុណាខ្ញុំ ក៏មិនធាត់ដុះក្បាលពោះដូចឥឡូវដែរ។ មិន​មែន​ព្រលឹមទេ ព្រះតេជព្រះគុណ ត្រូវក្រោកទន្ទេញមេរៀនផង ដាំបបរផង បោសសំរាមផង ដើមឈើនៅ​​ក្បែរកុដិហ្នឹងវាធ្វើបាបទៀត។ បោសហើយវាធ្លាក់មកទៀត លោកងើបពីសិង ឃើញអាហ្នឹងមិនព្រមបោស វ៉ៃ​ឯងបីបន្ទះភ្លាម កាត់ព្រឹក។ ប៉ុន្តែ ដើម្បីចំណេះវិជ្ជា ត្រូវទ្រាំ។ ឥឡូវ ក្មួយៗ ចៅៗ មានឱកាសធំណាស់ ដែល​សន្តិភាពមានហើយ ហេដ្ឋារចនាសម្ព័ន្ធមាន សាលានៅគ្រប់ទីកន្លែង។

ការខិតខំផ្ទាល់ខ្លួន និងការខិតខំជាក្របខណ្ឌនយោបាយដឹកនាំជាតិ ដើម្បីការបណ្តុះបណ្តាល

ថ្ងៃនេះ ទន្ទឹមនឹងនិយាយទៅលើបញ្ហា ខ្ញុំព្រះករុណាខ្ញុំ សូមអបអរសាទរជាមួយជ័យលាភី ដែលទទួល​សញ្ញា​បត្រនៅថ្ងៃនេះ។ នេះជាការខិតខំរបស់សាមីជនម្នាក់ៗ ជាការខិតខំរបស់ក្រុមគ្រួសារ ជាមាតាបិតា អា​ណាព្យាបាល ជាភរិយា ជាស្វាមី នឹងផ្តល់​ឱកាសឲ្យយើងបានរៀន។ នៅទីនេះ ខ្ញុំព្រះករុណាខ្ញុំ បានផ្តល់​​ក្នុង​មួយខែ អង្ករ ២ តោន និងប្រាក់ ៥ លានរៀល សម្រាប់ជួយទ្រទ្រង់ដល់សិស្សនិស្សិតរបស់យើង ដែល​ជួប​​ការលំបាក។ … នេះហើយជាការខិតខំ ទន្ទឹមនឹងការខិតខំជាក្របខណ្ឌនយោបាយដឹកនាំជាតិ ក៏មាន​ការ​​ខិតខំផ្ទាល់ជាគ្រួសារ ដើម្បីចូលរួមចំណែក​ទៅដល់និស្សិតក្រីក្រ ដើម្បីអោយទទួលបាននូវ​ការបណ្តុះ​បណ្តាល។ អញ្ចឹងការងារមាន ២ មួយជាការងារដឹកនាំ ដែលត្រូវធ្វើអោយមានសន្តិភាព មានហេដ្ឋា​រចនា​សម្ព័ន្ធ និងប្រព័ន្ធអប់រំមួយដែលអនុគ្រោះ សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ប៉ុន្តែ នៅមានចំ​ណែក​​នៃកិច្ចការផ្ទាល់របស់គ្រួសារ ដើម្បីជម្រុញផ្តល់ឱកាសជួយទៅដល់និស្សិតក្រីក្រ អោយពួកគេបាន​រៀន។ សិល្បៈនៃការចែករំលែក ដែលគណបក្សប្រជាជនបានធ្វើក្នុងរយៈពេលកន្លងទៅ ការចូលរួមកសាង​សា​លារៀន ការចូលរួមដើម្បីអោយសិស្ស និស្សិត (និង)យុវជនរបស់យើងទទួលបាននូវការបណ្តុះ​បណ្តាល គឺជារឿងដែលយើងបានជាមោទនភាពរបស់យើងទាំងអស់។

អាជ្ញាធរគ្រប់ថ្នាក់យកចិត្តទុកចំពោះប្រជាពលរដ្ឋ លើការដោះស្រាយគ្រោះមហន្តរាយធម្មជាតិ

ថ្ងៃនេះ ជាមួយនឹងការអបអរសាទរ នៃវឌ្ឍនភាព ដែលខ្ញុំព្រះករុណាខ្ញុំ បាននិយាយមួយផ្នែ​កផ្ទាល់​វិស័យ​អប់រំ​ទូទៅ មួយផ្នែកនិយាយដល់សាកលវិទ្យាល័យនេះ ​និងមួយផ្នែកបានអបអរសាទរ ជាមួយនឹងជ័យ​លា​ភី ក៏ដូចជា ក្រុមគ្រួសារនៃជ័យលាភី។ អនុញ្ញាតឲ្យ ខ្ញុំព្រះករុណាខ្ញុំ បានយកឱកាសនេះ អំពាវនាវចំពោះប្រ​ជា​ពលរដ្ឋ អាជ្ញាធរដែនដី អាជ្ញាធរថ្នាក់ក្រោមជាតិ អាជ្ញាធរគ្រប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យក​ចិត្តទុកដាក់ទៅលើការដោះស្រាយ សម្រាប់គ្រោះមហន្តរាយធម្មជាតិ ដែលបានកើតឡើងក្នុងប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ហើយត្រៀមនឹងកើតជាបន្តបន្ទាប់ទៀត។ ភាពកាចសាហាវ នៃធាតុអាកាសឆ្នាំនេះ បានបង្កើត​នូវការលំបាក សម្រាប់ប្រជាជននៅតំបន់មួយចំនួន។

ឥឡូវ តាមការព្យាករណ៍ ព្យុះទី ១ ឈ្មោះ Muifa បានចាប់ផ្តើមចេញដំណើរ។ ប្រទេសនីមួយៗ មានសិទ្ធិ​ដាក់​(ឈ្មោះព្យុះ)។ យើងមានសិទ្ធិដាក់ពីរ។​ ព្យុះនេះកំពុងស្ថិតនៅខាងកើតហ្វីលីពីន សង្ឃឹមថា ស្អែកនេះ​យន្ត​ហោះមិនហោះទៅរកកន្លែងព្យុះទេ។ ប៉ុន្តែ ឥទ្ធិពលនៃព្យុះនេះមិនមកដល់កម្ពុជាទេ វាវិលទៅ​រក​សមុទ្រ​វិញ។ ប៉ុន្តែ សម្រាប់ផ្ទៃក្នុងកម្ពុជាខ្លួនឯង សម្ពាធប៉ះពាល់គ្នា រវាងអាត្រជាក់ និងអាក្តៅ រកយល់មិនបានទេ ទាល់​តែ ឯកឧត្តម លឹម គានហោ។ ថ្ងៃ ២៨/២៩ មេសា នេះ វានឹងធ្លាក់ក្នុងកម្រិតមួយ កាន់តែសាយភាយ និងខ្លាំង គួបផ្សំផ្គររន្ទះ ខ្យល់កន្ត្រាក់ នេះហើយជាបញ្ហា​។ … ខ្ញុំសូមស្នើឲ្យបង្កើនការយកចិត្តទុកដាក់ ធ្វើ​អន្ត​រាគមន៍បន្ទាន់ទៅលើតំបន់រងគ្រោះ តាមរយៈមួយផ្នែកកាកបាទក្រហមកម្ពុជា ដែលជាជំនួយការអោយ​អាជ្ញា​​ធរ​សាធារណៈលើវិស័យមនុស្សធម៌ ដែលមានសាខា និងអនុសាខានៅគ្រប់ទីកន្លែង។

មិន​ត្រូវ​​ភ្លេចថា ការបាក់ផ្ទះសម្បែងរហូតទៅដល់មានស្លាប់មនុស្ស និងរបួសមនុស្ស តម្រូវអោយមាន​អន្តរា​គមន៍​ដោយកម្លាំង ដូចជាការរៀបចំផ្ទះសម្បែងឡើងវិញ ឬការជួយដោះស្រាយក្នុងស្ថានភាពជាក់ស្តែង​នៅ​តំបន់នីមួយៗ។ ដូច្នេះ តាមរយៈ ឯកឧត្តមអគ្គបញ្ជាការកងទ័ព ប៉ុល សារឿន ក៏ដូចជា កម្លាំងប្រដាប់​​អាវុធ​នានា ត្រូចផ្តល់នូវបទបញ្ជាទាំងនេះ សម្រាប់កម្លាំងប្រដាប់អាវុធនៅគ្រប់មូលដ្ឋាន ឈ្លាសវៃ (និង)ក្តាប់​ជាប់​សភាពការណ៍ ដើម្បីអន្តរាគមន៍សព្វគ្រប់ អាជ្ញាធរដែនដីត្រូវធ្វើសកម្មភាពបន្ទាន់។ ស្ថានភាពនេះ វាជា​ការ​ប្រែប្រួលអាកាសធាតុពិតប្រាកដហើយ។​ ឆ្នាំទៅខ្ញុំមកកាន់កន្លែងនេះ បន្ទាប់ពីការប្រកាសយុទ្ធនាការ​នៅ​ឯ​ខេត្តបន្ទាយមានជ័យ ក្នុងពេលដែលសម្ពោធផ្លូវលេខ ៥៦ តភ្ជាប់ពីបន្ទាយមានជ័យទៅ​កាន់ឧត្តរ​មាន​ជ័យ។ យើងធ្វើយុទ្ធនាការផ្គត់ផ្គង់ទឹកជូនប្រជាជន ដោយសារអណ្តូងរាប់ម៉ឺនអណ្តូងរីងស្ងួត។ យើង​ប្រើ​យុទ្ធនាការនេះរយៈពេល ២ ខែ។ ពេលនោះ មិនមែនគ្រាន់តែខ្វះទឹកស្រោចស្រពទេ ខ្វះទឹកផឹកតែម្តង។ តែឆ្នាំនេះផ្សេង ភ្លៀងរហូត។ រដូវវស្សាមកដល់យ៉ាងឆាប់។

អំពាវនាវចំពោះបណ្តាប្រព័ន្ធផ្សព្វផ្សាយ ផ្តល់នូវព័ត៌មានអំពីអាកាសធាតុទៅដល់ប្រជាពលរដ្ឋ

ខ្ញុំក៏សូមអំពាវនាវ ចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងវិទ្យុ ទូរទស្សន៍ និងអនឡាញ(Online) ជួយផ្តល់​ ព័ត៌​មានស្តីពីអាកាសធាតុ សម្រាប់ប្រជាពលរដ្ឋរបស់យើងទទួលបាននូវព័ត៌មាន ទាក់ទងទៅនឹងអាកាស ធាតុ។ បច្ចុប្បន្ននេះ ការផ្តល់ព័ត៌មាន​តាមរយៈទូរទស្សន៍ក្តី វិទ្យុក្តី អនឡាញ(Online) ឬក៏វ៉ែបសាយត៍ គឺ ប្រជាជនយើងទទួលបាន។ (ប្រជាពលរដ្ឋ)ភាគច្រើនប្រើស្មាតហ្វូន(Smart Phone) ដែលភ្ជាប់ដោយ អាំងទែណែត គេអាចមើលឃើញបានភ្លាមៗនូវព័ត៌មាន ដែលផ្សាយចេញតាមប្រព័ន្ធទាំងនោះ រាប់ទាំង ទូរ​ទស្សន៍ផងដែរ។ ឥឡូវហ្នឹង អាវិទ្យុធម្មតាហ្នឹងចាប់មិនបានតែម្តង វាជាន់ប៉ុស្តិ៍គ្នា។ ឥឡូវមានតែបញ្ជូល។ ទូរ​ស័ព្ទយើងមួយ យើងអាចប្រើបាន។ វិទ្យុយើងទៅដល់ណា ក៏ចេះតែទៅជាមួយយើង។ ទូរទស្សន៍ យើង​ទៅដល់ណា ក៏វាចេះតែទៅតាមយើង។

អក្ខរកម្មព័ត៌មានវិទ្យា​ធ្វើ​អោយ​ការងារមានល្បឿនលឿន

ខ្ញុំចេះតែអំពាវនាវថា អោយធ្វើអក្ខរកម្មព័ត៌មានវិទ្យា។ មិនចាំបាច់ទៅបើកទូរទស្សន៍ឯណា? គ្រាន់តែយើង​ចេះ​ប្រើឬមិនចេះ(ប្រើ)? របស់វាទំនើបហើយ ប៉ុន្តែអោយមនុស្សវាទំនើបផង។ អ្នកខ្លះអត់ចេះបើកទេ។ បាន​ឥឡូវ​ខ្ញុំមានលក្ខខណ្ឌរបស់ខ្ញុំដែរ។ ពីមុនខ្ញុំឲ្យធ្វើអក្ខរកម្មកុំព្យូទ័រ ឥឡូវ មិនបាច់ទេ អោយចេះតែមួយប្រព័ន្ធ​ទូរ​ស័ព្ទទៅបានហើយ បើមិនអញ្ចឹងទៅអត់ទាន់គេទេ។ ឧទាហរណ៍៖ ក្រុមដែលសម្រាប់ទទួលព័ត៌មាន មិនមែនវ៉ៃម្តងមួយទេ វ៉ៃម្តងចូលក្រុម ហើយក្រុមហ្នឹងគាត់មិនទាំងចេះផង អោយវ៉ៃធ្វើម៉េច? តែមិនស្រួល​វ៉ៃ​ទៅ​ធ្លាយទៅឯណាឯណោះ។ មិនដឹងលេខទូរស័ព្ទពីណា ចេះតែពួយទៅ។​ អញ្ចឹង អំពាវនាវអោយយកចិត្ត​​ទុក​ដាក់ប្រុងប្រយ័ត្នទៅលើគ្រោះមហន្តរាយ។ ប្រជាជនចេះការពារខ្លួនឯង។ ខ្យល់កន្ត្រាក់រឿងមួយ ប៉ុន្តែ រន្ទះ គឺជារឿងមួយទៀត។

កម្ពុជាសុំធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋខ្មែរជាប់ទោសនៅអាមេរិកត្រឡប់មកកម្ពុជា

ចំណុចមួយទៀត ខ្ញុំព្រះករុណាខ្ញុំ គួរតែត្រូវបកស្រាយបន្តិច។ ក្រសួងមហាផ្ទែ និងក្រសួងការបរទេស មាន​ការ​បកស្រាយខ្លះហើយ។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងរវាងកម្ពុជា និង​សហ​រដ្ឋអាមេរិក លើបញ្ហាទទួលពលរដ្ឋខ្មែរ ដែលជាប់ទោសនៅអាមេរិកត្រឡប់មកកម្ពុជាវិញ។ កម្ពុជា មាន​កិច្ចព្រមព្រៀងជាមួយអាមេរិក ​សម្រាប់ទទួលពលរដ្ឋខ្មែរដែលទៅរស់នៅអាមេរិក ហើយប្រព្រឹត្តទោស ជាប់គុក បន្ទាប់ពីការជាប់គុក ត្រូវបញ្ជូនមកកម្ពុជា។ មនុស្សមួយចំនួនបានលើកឡើងថា កម្ពុជាបានលុប ចោលនូវកិច្ចព្រមព្រៀងរវាងកម្ពុជា និងអាមេរិក ជាឯកតោភាគី។

កិច្ចព្រមព្រៀងនេះមិនត្រូវបានលុបចោលទេ តែយើងសុំធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងនេះ។ ដោយសារ​មូល​ហេតុមនុស្សធម៌ និងសិទ្ធិមនុស្ស។ ព្រះតេជព្រះគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជួយគិតជាមួយខ្ញុំទៅមើល? តើជាភាពអាណោចអាធ័មទេ? រឿងជាប់គុកនៅអាមេរិក គឺជា​រឿង​មួយហើយ តែរឿងធំជាងនេះ នៅពេលដែលគេបញ្ជូនអ្នកជាប់គុកនេះមកកាន់ប្រទេសកម្ពុជា កូន/ប្រពន្ធ​ត្រូវ​បន្តរស់នៅអាមេរិក នេះគឺជាការបែកបាក់ដ៏គួរអោយអាណិត។ បើនិយាយពីសិទ្ធិវិញ ក៏វាជាផ្នែក​មួយ​​នៃ​សិទ្ធិ​មនុស្ស ដែលកម្ពុជាត្រូវចូលរួមចំណែក ដើម្បីរកអោយពលរដ្ឋរបស់ខ្លួនផងដែរ។ យើងចង់ធ្វើវិសោធន​កម្ម​ចំណុចហ្នឹង។ នេះគឺជាការបែកបាក់រហូតមួយជីវិតហើយ ព្រោះអ្នកដែលមកកម្ពុជា មកតែសាម៉ីខ្លួន​ដែល​ជាប់គុក ប៉ុន្តែ កូន/ប្រពន្ធត្រូវនៅអាមេរិក។ នេះវាជាការអគុណធម៌ អសីលធម៌។

យើងមានតម្រូវការត្រឹមប៉ុណ្ណឹងទេ។ សង្ឃឹមថា រដ្ឋបាលអាមេរិក និងមានការយល់អំពីគោលបំណងដ៏ត្រឹម ត្រូវរបស់រាជរដ្ឋាភិបាលលម្ពុជា ក្នុងគោលដៅមនុស្សធម៌ និងសិទ្ធិមនុស្ស។ នេះជាការអនុវត្តគោលការណ៍ មនុស្សធម៌ជាក់ស្តែង និងសិទ្ធិមនុស្សជាក់ស្តែង មិនមែននិយាយអោយពិរោះស្តាប់ទេ។ អ្នកដែលទៅរស់​នៅ​អាមេរិក បំពានច្បាប់អាមេរិករួចហើយ ទទួលទោសនៅអាមេរិករួចហើយ គួរតែត្រូវបានបន្តអោយស្នាក់ នៅជួបជុំគ្រួសារនៅនឹងងអាមេរិកតែម្តងទៅ។ អាមេរិកឆ្លាតណាស់ ឆ្លាតត្រង់ថា​ គាត់ទុកតែអ្នកដែលល្អ អ្នកជាប់គុកគាត់រុញចេញពីប្រទេសគាត់មកអោយយើង អាហ្នឹងមួយទៅ។ មួយទៀតអនុសញ្ញាក្រុងរ៉ូម អំពី លក្ខន្តិកៈ ​ស្តីពីតុលាការឧក្រិដ្ឋកម្ម មាត្រា ៩៨ អាមេរិកស្នើសុំអោយរដ្ឋមួយៗចុះហត្ថលេខាជាមួយនឹង អាមេរិក ថាមិនចាប់ជនជាតិអាមេរិកផ្តន្ទាទោសនៅលើទឹកដីរបស់ខ្លួន នៅពេលដែលគេប្រព្រឹត្តបទល្មើស។ គាត់ឆ្លាតរបស់គាត់។ អាហ្នឹងមាត្រា ៩៨ នៃលក្ខន្តិកៈក្រុងរ៉ូម។

យើងមិនបានស្នើសុំលុបចោលកិច្ចព្រមព្រៀងជាមួយអាមេរិកលើមាត្រា ៩៨ នៃលក្ខន្តិកៈតុលាការឧក្រិដ្ឋ កម្មអន្តរជាតិ ដែលមិនចាប់ទាហានអាមេរិក​ ដែលធ្វើសកម្មភាពខុស(នៅ)លើទឹកដីយើងកាត់ទោសនោះ ទេ តែយើងស្នើសុំអោយធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋខ្មែរ ដែលជាប់ទោសនៅអាមេរិក ត្រឡប់មកកម្ពុជា។ ដែលនេះ គឺជាការធ្វើអោយព្រាត់ប្រាស់ នៃប្រជាជនរបស់យើង។ នៅអាមេរិក ទោះបី គាត់ជាប់ទោស កូន/ប្រពន្ធក៏អាចទៅសួរសុខទុក្ខនៅក្នុងពន្ធនាគារ ក៏ប៉ុន្តែ នៅពេលបំបែកគ្នាបែបនេះ គឺជា​រឿងដែលរាជរដ្ឋាភិបាលត្រូវគិតចំពោះពលរដ្ឋរបស់ខ្លួន។

នេះជាការបញ្ជាក់ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋរបស់យើងអោយយល់ ព្រោះថា កន្លងទៅក្រសួងការបរ​ទេស​ចេញមកពន្យល់ខ្លីៗ មិនបានក្បោះក្បាយទេ ហើយជួនកាលតាមរយៈលាយលក្ខណ៍អក្សរ។ ក្បាល​(និង)​កន្ទុយ​របស់វានៅទីណា? ក៏អត់ដឹង។ ឥឡូវ ខ្ញុំព្រះករុណាខ្ញុំ បញ្ជាក់អំពីក្បាល និងកន្ទុយរបស់​វា។ យើង​មិនលុបចោលនូវកិច្ចព្រមព្រៀងនេះទេ តែសុំធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ដែលផ្តើមចេញ​ពី​មនុស្ស​ធម៌ និងសិទ្ធិមនុស្ស។ សង្ឃឹមថា អាមេរិកដែលតាំងខ្លួនជាបិតាសិទ្ធិមនុស្ស និងគោរពដល់សិទ្ធិមនុស្ស ទទួល​យកនូវសំណើសុំធ្វើវិសោធនកម្ម នៃកិច្ចព្រមព្រៀងនេះ ដើម្បីផ្តល់ឱកាសអោយពលរដ្ឋខ្មែរដែល​មាន​ការ​ជាប់ទោស បានបន្តស្នាក់នៅលើទឹកដីអាមេរិក ជួបជុំគ្រួសារនៅក្នុងទឹកដីអាមេរិក​ ហើយមិនត្រូវទទួល​នូវ​ទណ្ឌកម្មអស់មួយជីវិត នៃការបែកបាក់ដោយសារតែការបញ្ជូនអ្នកទាំងនេះត្រឡប់មកកម្ពុជា ក្នុងពេល​ដែល​ប្រពន្ធ/កូន ក្រុមគ្រួសារកំពុងស្ថិតនៅអាមេរិកនោះទេ។

ពាំនាំ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននាំមកសម្រាប់ សិស្ស និស្សិត ជាជ័យលាភី (ចំនួន) ១.៦២៥ អង្គ/នាក់ ក្នុងមួយនាក់ៗ ថវិកា ៣ ម៉ឺនរៀល ផងដែរ។ ជូនបុគ្គលិក និងសាស្ត្រាចារ្យ ចំនួន ៤២៦ នាក់ ក្នុងមួយនាក់ៗ ថវិកា ៤ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ធនធានមនុស្ស ថវិកា ចំនួន ៣ លានរៀល។ ជូនវិទ្យាស្ថាន ជាតិអប់រំ ថវិកា ចំនួន ២ លានរៀល។ ជាមួយនឹងការអបអរសាទរ នៃវឌ្ឍនភាព នៃសាកលវិទ្យាល័យ ធនធានមនុស្ស និងការអបអរសាទរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រ​នៅ​ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ក្នុងឱកាសចូលឆ្នាំថ្មី ដែលទើបបានមកដល់កន្លះខែនេះ សូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕