ពិធីពិសារពេលព្រឹកការងារ នៃកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ទា ក្រោមប្រធានបទ ការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ទា និងទិសដៅអនាគត

46

នៅព្រឹកថ្ងៃទី១៥វិច្ឆិកា ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង​និង​អញ្ជើញចូលរួមក្នុង ពិធីពិសារ​ពេលព្រឹក​ការងារ នៃកិច្ចប្រជុំកំពូលក្រៅ​ផ្លូវការ​អាស៊ាន-ឥណ្ទា ជា​មួយឯកឧត្តម ណារិនដ្រា មូឌី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា។

ពិធីពិសារពេល​ព្រឹកការងារ នៃកិច្ចប្រជុំកំពូលក្រៅផ្លូវការ​អាស៊ាន-ឥណ្ទា ស្ថិតក្រោម​ប្រធានបទ ការ​ពិនិត្យ​ឡើងវិញ នូវកិច្ច​​សហ​ប្រតិ​បត្តិការ​អាស៊ាន-ឥណ្ទា និងទិសដៅ​​អនាគត។ មេដឹកនាំនៃប្រទេសអាស៊ាន បាន​ស្វា​គមន៍ចំពោះលទ្ធផល​ជាផ្លែផ្កា នៃកិច្ចប្រជុំកំពូលរំ​លឹក​ខួបអនុស្សាវរីយ៍ អាស៊ាន-ឥណ្ទា កាលពីខែ មករា ឆ្នាំ២០១៨ នៅទីក្រុងញ៉ូដែលី ជាពិសេស​ការ​អនុម័ត​សេចក្តី​ថ្លែង​ការណ៍​ដែលី ដើម្បី​អបអរសាទរ​ខួបអនុស្សាវរីយ៍​២៥ឆ្នាំ នៃទំនាក់ទំនង​ដៃគូសន្ទនាអាស៊ាន-ឥណ្ទា។ ក្រោមក្រប​ខណ្ឌ នៃកិច្ចសហប្រតិបត្តិការ​អាស៊ាន-ឥណ្ទា មេដឹកនាំទាំងអស់ បានអះអាងថា បានសម្រេចនូវ​សមិទ្ធផលជាផ្លែផ្កាជាច្រើ​នលើគ្រប់វិស័យ ដែលបានរួមចំណែក​ដល់ការ​លើកកម្ពស់​សន្តិភាព ស្ថិរ​ភាព និងវិបុលភាព​ក្នុងតំបន់។

មេដឹកនាំអាស៊ាន និងឥណ្ឌា បានសំដែងនូវការ​មិនពេ​ញចិត្តលើ វិស័យសេដ្ឋកិច្ច នៃតំបន់ទាំងពីរ​អាស៊ាន-ឥណ្ទា ដែលទើប​សម្រេចបាន​នូវទំហំពាណិជ្ជកម្មត្រឹម​តែ ៧៣,៥ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៧ ពោលគឺតិចជាង​ពាក់ក​ណ្តាល នៃគោលដៅ ពាណិជ្ជកម្ម ដែលអាស៊ាននិងឥណ្ឌា បានកំណត់ថា នឹងសម្រេចឲ្យបានចំនួន ២០០ប៊ីលានលាន​​ដុល្លាអាមេរិក នៅត្រឹមឆ្នាំ២០២០។ មេដឹកនាំអាស៊ាន-ឥណ្ទា បានសន្យារួមគ្នាថា យើងត្រូវ​ខិតខំ រួមគ្នា​បន្ថែមទៀត ក្នុងការ​ជំរុញកិ​ច្ចសហ​ប្រតិបត្តិការសេដ្ឋកិច្ច ឲ្យកាន់តែ​ច្រើន​និង​ទូលំទូលាយ តាមរយៈ​ការ​ពង្រឹងនិង​ពង្រីក​សកម្មភាព​ធុរកិច្ច ការវិនិយោគ​និងពាណិជ្ជកម្ម ក្នុងវិស័យ​ដែល​មាន សក្តានុពល ដូចជា កសិ-ឧស្សាហកម្ម ទេសចរណ៍ ផលិតផលឱសថ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាដើម។

ដូចគ្នា​និងបណ្តា​មេដឹកនាំអាស៊ាន-ឥណ្ទា សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋ​មន្រ្តីបាន​ថ្លែងក្នុងកិច្ច ប្រជុំដ៏មាន​អត្ថន័យ​នោះថា កម្ពុជាសូម​វាយតម្លៃខ្ពស់ចំពោះកា​រប្តេជ្ញាចិត្ត​របស់ឥណ្ឌា ក្នុង​ការ​ពង្រឹ​ងចំណងមិត្តភាព​រវាងប្រជាជន​អាស៊ាន-ឥណ្ទា តាមរយៈ​កម្មវិធីអប់​រំបណ្តុះប​ណ្តាល​នានា សម្រាប់យុវជន និងនិស្សិតអាស៊ាន។ ជាមួយគ្នានេះកម្ពុជា​សូមស្វាគមន៍​ក្នុងការកំណត់​យកឆ្នាំ ២០១៩ ជាឆ្នាំទេសចរណ៍​អាស៊ាន-ឥណ្ទា និង​សង្ឃឹមថា នឹងមាន​សកម្មភាពនិងគម្រោងនានា ដើម្បីពង្រឹង​នូវការផ្លាស់​ប្តូររវាង​ប្រជាជន និងប្រជាជន ក៏ដូចជា​លំហូរ​ទេសចរនៃតំបន់​យើង​ទាំង​ពីរ។

នៅក្នុងពិធី​ពិសារ​ពេលព្រឹកការងារ នៃកិច្ចប្រជុំកំពូលក្រៅ​ផ្លូវការអាស៊ាន-ឥណ្ទា ក្រោម​ប្រធានបទ ការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ទា និងទិសដៅអនាគត មេដឹកនាំអាស៊ាន-ឥណ្ទា បានឯកភាពគ្នាក្នុងការឈាន​ទៅចេញសេចក្តីប្រកាសរ​បស់ប្រធានកិច្ច​ប្រជុំក្រៅ​ផ្លូវការ អាហារពេលព្រឹក​អាស៊ាន-ឥណ្ទា ក្នុងបរិយាកាសស្និ​ទ្ធស្នាលរ៉ាក់ទាក់បំផុត។