សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១

បន្ទាប់មក​នៅរសៀលថ្ងៃទី១៤ វិច្ឆិកា ​ដដែលនោះដែ​រ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង​​និងអញ្ជើញចូលរួម ក្នុងពិធីបើក​កិច្ចប្រជុំកំពូលអា​ស៊ាន-ជប៉ុនលើកទី២១ ជា​មួយ​​ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។

ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រ​ទេស​​អាស៊ានទាំងអស់ បានសំដែង​នូវការតស្វា​គមន៍​យ៉ាងកក់​ក្តៅចំពោះ ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ក្នុង​កិច្ចប្រជុំ​កំពូលអា​ស៊ាន-ជប៉ុនលើក​ទី២១ ដ៏មានសារ​សំខាន់នេះ​។ ប្រមុខរដ្ឋ / ​ប្រមុខរដ្ឋាភិ​បាល នៃប្រ​ទេស​​អាស៊ានទាំងអស់ បាន​សំដែង​នូវសេចក្តី​សោមនស្ស​រីករាយយ៉ាងខ្លាំង ដែលបាន​ឃើញកិច្ច​សហប្រតិបត្តិការ​អាស៊ាន-ជប៉ុន មានវឌ្ឍនភាពគួរឲ្យកត់​សំគាល់ ក្នុងរយៈ​ពេល​៤៥ ឆ្នាំកន្លងមក។ ក្នុងស្មារតី​នេះមេដឹកនាំ​អាស៊ានទាំងអស់ បានស្វាគមន៍​ និងគាំទ្រចំពោះ​ការចេញ ផ្សាយសេចក្តីប្រកាស​រួម ស្តីពីកិច្ច​ប្រជុំកំពូល​អាស៊ាន-ជប៉ុនលើកទី២១ ដើម្បី​អបអរសាទរខួប លើកទី៤៥ នៃមិត្តភាព​និងកិច្ចសហប្រតិបត្តិការ​អាស៊ាន-ជប៉ុន។

ជាមួយគ្នានេះមេដឹកនាំ​អាស៊ាន ក៏បានគាំទ្រនូវកា​របន្តធ្វើការ​យ៉ាងជិតស្និទ្ធ​រវាងស​មាជិកអាស៊ាន និងជប៉ុន ដើម្បី​អនុវត្តការកែ​សម្រួល ផែនការអនុវត្ត​ចក្ខុវិស័យស្តី​ពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែល​ត្រូវបានអនុម័តកាល​ពីខែសីហា ឆ្នាំ២០១៧ ឲ្យបានពេញលេញ និងប្រក​បដោយប្រ​សិទ្ធភាព សំដៅពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការ និងភា​ពជា​ដៃគូយុ​ទ្ធ​សាស្រ្តរវាង​អាស៊ាន​និងជប៉ុន ឲ្យកាន់តែ​ស៊ីជម្រៅថែ​មទៀត។ នៅក្នុងកិច្ចប្រជុំ​កំពូលនោះដែរ មេដឹកនាំ​អាស៊ាន​និងជប៉ុន បាន​សំដែងនូវកា​ររីករាយដោយ​បានឃើញ​កំណើន នៃទំហំ​ពាណិជ្ជ​កម្មអាស៊ាន-ជប៉ុន មានទឹកប្រាក់ រហូតដល់ ២១៧,៩ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៧។ ​នេះបាន​បញ្ជាក់ឲ្យឃើញ យ៉ាងច្បាស់ថា ជប៉ុននៅតែជា​ដៃគូសេដ្ឋកិច្ច​ដ៏សំខាន់របស់អាស៊ាន។ ដូចគ្នា​និងបណ្តាមេដឹកនាំ​​អាស៊ានដទៃ​ទៀតនោះដែរ​ សម្តេចតេជោ នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ថា ក្នុងស្មារតីនៃ​ការ​​បង្កើនទំហំ ក៏ដូចជា​ពង្រីក​វិសាលភាព នៃពាណិជ្ជកម្មអាស៊ាន-ជប៉ុន កម្ពុជាសូម​ស្វាគមន៍ការចុះ​ហត្ថលេខាលើ​ពិធីសារទី១ ដើម្បីធ្វើវិសោធន​កម្មកិច្ចព្រម​ព្រៀង ស្តីពីភាពជា​ដៃគូសេដ្ឋកិច្ច​ទូលំ​ទូលាយ​រវាងអាស៊ាន និងជប៉ុន។ លើសពីនោះ​ទៅទៀត កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះការរួម​ចំណែកដ៏​សំខាន់​របស់ជប៉ុន ក្នុងការ​កសាង​សហគមន៍អា​ស៊ាន និងការធ្វើ​សមាហរណកម្ម​អាស៊ាន តាមរយៈ​មូលនិធិជ​ប៉ុនសម្រាប់​សមាហរណកម្ម​អាស៊ាន ក៏ដូចជាក្នុងការ​បន្តគាំទ្រដល់​ការអនុវត្ត ផែនការ​មេ តភ្ជាប់អាស៊ាន ២០២៥ និងផែនការ ការងារទី៣ នៃគំនិតផ្តួច​ផ្តើម​សម្រាប់​សមាហ​រណកម្ម​អាស៊ាន​២០១៦-២០២០ ដើម្បី​កាត់​បន្ថយគ​ម្លាត់អភិវឌ្ឍន៍ក្នុ​ងតំបន់ ជាពិសេស​ការ គាំទ្រដល់​ការកសាង​ធនធាន​មនុស្សរបស់​អាស៊ាន និងការលើក​កម្ពស់ទំនាក់​ទំ​នងរវាងប្រជាជន និងប្រជាជន។

ក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំអាស៊ាន ក៏បានកោត​សរសើរចំពោះ​ការគាំទ្ររបស់ ជប៉ុន ដល់មជ្ឈ​ភាព​អាស៊ាន និងបានកត់​សំគាល់នូវ​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វីក បើកទូលាយ និង ចំហ របស់ជប៉ុន ព្រមទាំងបានលើកទឹ​កចិត្តឲ្យបន្ត​កិច្ចសន្ទនា ដើម្បីបង្កើត​ការយោគ​យល់ឲ្យកាន់ តែប្រសើរឡើង។ នៅក្នុងកិច្ចប្រជុំ​កំពូលអាស៊ាន-ជប៉ុន លើកទី២១​នោះដែរ មេដឹកនាំ នៃប្រ​ទេសអាស៊ាន-ជប៉ុន បានឯកភាពគ្នា ក្នុងការឈាន​ទៅចេញសេ​ចក្តីប្រកាសរ​បស់ ប្រធានកិច្ច​ប្រ​ជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១។

សេចក្តីប្រកាសរួម កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើក​ទី​២១ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍​៤៥ឆ្នាំ នៃមិត្តភាព​និងកិច្ចសហ​ប្រតិបត្តិការអាស៊ាន ជប៉ុន។ របាយការណ៍​សង្ខេប ស្តីពីវឌ្ឍនភាពនៃការ​អនុវត្តសេចក្តីថ្លែងកា​រចក្ខុវិស័យ អំពីមិត្តភាព និងកិច្ចសហប្រតិ​បត្តិការអាស៊ាន ជប៉ុន និងពិធីសារទី១ នៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋ កិច្ចទូលំទូលាយរវាងអាស៊ាន និងជប៉ុន។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ