សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១

បន្ទាប់មកនៅ​ព្រឹក​ថ្ងៃទី១៤ វិច្ឆិកាដដែលនេះដែរ បណ្តា​ប្រមុខ​រដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បាន​អញ្ជើញចូល​រួមក្នុង​ពិធី​បើក​​កិច្ចប្រជុំកំពូល​អាស៊ាន-ចិនលើកទី២១។ ជាថ្មីម្តងទៀត ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រ​ទេស​អាស៊ាន បានស្វាគមន៍យ៉ា​ងកក់ក្តៅ​ចំពោះ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណ រដ្ឋប្រជាមានិតចិន ដែលមានវត្តមាន​អញ្ជើញចូលរួមកិច្ច​ប្រជុំកំពូល​ប្រចាំឆ្នាំរបស់អាស៊ាន។ កិច្ច ប្រជុំ​កំពូល​អាស៊ាន-ចិន​លើកទី២១ បានប្រព្រឹត្តិទៅក្រោម​ប្រធានបទ ការពិនិត្យ​ឡើងវិញ នូវកិច្ច សហប្រតិ​បត្តិការ​អាស៊ាន-ចិន និងទិសដៅ​អនាគត។

ក្នុងឱកាសខួបលើកទី១៥ នៃភាពជាដៃគូ​យុទ្ធសាស្រ្ត​អាស៊ាន-ចិន មេដឹកនាំអាស៊ាន​បានវាយតម្លៃខ្ពស់ប្រកប​ដោយ​​សេចក្តីសោមនស្ស ចំពោះ​សមិទ្ធផល​​ជាផ្លែផ្កាជា​ច្រើន ដែលកើត​ចេញពីកិច្ច​ស​ហ​ប្រតិ​បត្តិការ​អាស៊ាន-ចិន ហើយ​​ដែល​បាន​និង​​កំពុង​ចូលរួមចំ​ណែក​ក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិ​យោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ដូចគ្នានិង​បណ្តា​មេដឹកនាំ អាស៊ាន-ចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​បាន​ធ្វើបទអន្តរាគមន៍ លើប្រធានបទ ការ​ពិនិត្យឡើងវិញ នូវកិច្ចសហប្រ​តិបត្តិការ​អាស៊ាន-ចិន និងទិសដៅ​អនាគត បាន​ធ្វើការ​គូស​បញ្ជាក់យ៉ាងដូច្នេះថា កម្ពុជាមានជំនឿយ៉ាងមុតមាំថា ចិនគឺជាដៃគូ​យុទ្ធសាស្រ្កមួយមិ​នអាចខ្វះ​បាន​របស់អាស៊ាន ទោះស្ថិតក្នុងកាលៈ​ទេសៈនិង​បរិការណ៍​ណាក៏ដោយ ហើយស​ង្ឃឹមថា​ទំនាក់ទំនង​នេះ នឹងកាន់តែជ្រាលជ្រៅ ក្នុងស្មារតី​តម្កល់​ផលប្រយោជន៍​រួម និងការអភិវឌ្ឍ​ប្រកបដោយ ចីរ​ភាព និងបរិយាប័ន្ន ជូនប្រជាជាតិ​ទាំងអស់។ នៅក្នុងបទ​អន្តារាគមន៍​នោះដែរ​សម្តេចតេជោ នាយករដ្ឋមន្រ្តីបានរំលេច​នូវចំណុចគន្លឹះសំខាន់ៗចំនួន៤ ក្នុងក្របខណ្ឌ នៃការបន្តពង្រឹង​និង ពង្រីកកិច្ចសហប្រតិបត្តិការ​រវាងអាស៊ាន-ចិន ក្នុងនោះ​រួមមានទី១ កម្ពុជាសូមគាំទ្រសេចក្តីថ្លែង​ការណ៍ ស្តីពីចក្ខុវិស័យភាពជា​ដៃគូយុទ្ធសា​ស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០ និងសេចក្តីប្រកាស​រួម ស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនិងជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការ បន្ថែមទៀត។

ក្នុងន័យនេះ កម្ពុជានឹងបន្តធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយប្រទេស​សមាជិកអាស៊ាន និងចិន ដើម្បីអនុវត្តឲ្យបាន​ពេញលេញ និងមានប្រសិទ្ធភាព នូវចក្ខុវិស័យយន្តការ និងទិសដៅ ខាងលើ សំដៅរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរីកចម្រើន ទី២ កម្ពុជាសូម ស្វាគមន៍ការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំផ្លាស់ប្តូរសារ​ព័ត៌មាន​អាស៊ាន-ចិន ដោយ​សង្ឃឹមថា សមាជិកអាស៊ាន​ និងចិន នឹងផ្តល់អាទិភាពខ្ពស់​ក្នុងការអនុវត្ត នូវសកម្មភាព​និងគម្រោង​នានា ពាក់ព័ន្ធនិងវិស័យព័ត៌មាន សំដៅជំ​រុញការយ​ល់ដឹងអំពីទំ​នាក់ទំនងអា​ស៊ាន-ចិន លើគ្រប់វិស័យ ជាពិសេសរួ​មចំណែក​ដល់ការក​សាងជំនឿ និងទំនុកចិត្ត ដើម្បីជាស្ពានមិត្តភាព​រវាងប្រជាជន និង ប្រជាជន ទី៣កម្ពុជា​សូមវា​យត​ម្លៃខ្ពស់​ចំពោះការ​ពង្រឹង កិច្ចសហប្រតិ​បត្តិការ​របស់ចិន ពាក់ព័ន្ធ និងវិស័យ​តភ្ជាប់ និងការបន្តគាំទ្រ​របស់ចិន ក្នុងការ​អនុវត្តផែ​នការមេ​ស្តីពីការត​ភ្ជាប់អាស៊ាន ឆ្នាំ ២០២៥ ជាពិសេសកិច្ចខិតខំប្រឹងប្រែង​រិះរកភាពរួ​ម​បញ្ចូលគ្នា និងការបំពេញឲ្យ​គ្នាទៅវិញទៅ​មក រវាងគំនិតផ្តួច​ផ្តើម នៃផែនការមេស្តីពីការ​តភ្ជាប់​អាស៊ាន និងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ និងវិថីមួយ​របស់ចិន និងទី៤ កម្ពុជាគាំទ្រការបន្ត​ពង្រឹងនិងពង្រីកវិសាលភាព កិច្ចសហប្រតិ​បត្តិការ ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ រវាងអាស៊ាននិងចិន ឲ្យកាន់តែ​ខ្លាំង​ឡើងមួយកម្រិតទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋ​កិច្ច និងសង្គម​របស់​យើង ប្រកប​ដោយ ចិរ​ភាព និងបរិយាប័ន្ន។

នៅក្នុងកិច្ចប្រជុំកំពូល​អាស៊ាន-ចិនលើកទី២១នោះដែរ កិច្ចប្រជុំបាន ឯកភាពគ្នាក្នុងការឈានទៅចេញ សេចក្តីប្រកាសព័ត៌មាន​​របស់ប្រធានកិច្ចប្រជុំអាស៊ាន-ចិន លើកទី២១។ ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០ សេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស និងនវា​នុ​វត្តន៍អាស៊ាន-ចិន របាយការណ៍ វឌ្ឍនភាពស្តីពីការអនុវត្ត​ផែនការ​សកម្មភាព២០១៦-២០២០ ដើម្បីអនុវត្តសេចក្តី​ថ្លែងការណ៍ រួម ស្តីពីភាព​ជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ដើម្បីសន្តិភាពនិង វិបុលភាព។ បញ្ជីសកម្មភាព សម្រាប់រំលឹកខួបអនុស្សាវរីយ៍១៥ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ធ​សាស្រ្តអាស៊ាន-ចិន និងបញ្ជី សកម្មភាពសម្រាប់ឆ្នាំ នៃនវានុវត្តន៍អាស៊ាន-ចិន។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ