ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ២ម៉ឺននាក់នៅក្នុងខេត្តតាកែវ

34

(FN)៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ២៣,៤៦៦នាក់ទៀតមកពីរោងចក្រ សហគ្រាសចំនួន២០មកតាមស្រុកនានានៅក្នុងខេត្តតាកែវ។ ពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះ គឺជាការជួបសំណេះសំណាលលើកទី២សម្រាប់កម្មករ និយោជិតនៅក្នុងខេត្តតាកែវ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា លោក អ៉ិត សំហេង បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២០ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៣, ផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើសម្លៀកបំពាក់ចំនួន១។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពន្លឿនកិច្ចចរចាជាមួយប្រទេសកូរ៉េខាងត្បូង ពន្លឿនការសាងសង់ផ្លូវជាតិលេខ២។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការងឿងឆ្ងល់ និងមិនសប្បាយចិត្តចំពោះភាពយឺតយ៉ាវក្នុងការសាងសង់ផ្លូវជាតិលេខ២នេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពក្នុងខេត្តតាកែវ បានប្តូរអស់ហើយមិនដូចពីមុននោះទេ អ្វីដែលមិនប្តូរ គឺមានតែផ្លូវជាតិលេខ២ប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពវិវឌ្ឍន៍នៅក្នុងខេត្តតាកែវ គឺបានបង្ហាញឲ្យឃើញពីការខិតខំរបស់ថ្នាក់ដឹកនាំកម្ពុជា។ សម្តេចតេជោ ថ្លែងថា ទម្រាំមានថ្ងៃនេះ គឺលំបាកខ្លាំងណាស់ ព្រោះកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញដល់ឫស្សគល់ ដែលគ្មានប្រទេសណាមួយនៅលើពិភពលោកមានស្ថានភាពដូចកម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាជាប្រទេសចម្លែកជាងគេនៅកម្ពុជា ចម្លែកត្រង់ថា ត្រូវបានលុបបំបាត់ចោលទាំងអស់ក្នុងរបបប្រល័យពូជសាសន៍ទាំងរូបិយប័ណ្ណ កម្មសិទ្ធិដីធ្លី ផ្ទះសម្បែង និងអ្វីៗសព្វបែបយ៉ាង។ កម្ពុជាបានចាប់ផ្តើមជាថ្មីឡើងវិញទាំងអស់នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលក្នុងនោះសូម្បីរូបិយប័ណ្ណក៏ត្រូវបោះឡើងវិញជាថ្មី នៅខែមីនា ឆ្នាំ១៩៨០។ សម្តេចតេជោរំលឹកថា ក្រសួងការបរទេសរបស់កម្ពុជា ត្រូវបានចាប់ផ្តើមជាថ្មីត្រឹមតែមនុស្ស៣នាក់ប៉ុណ្ណោះ ទាំងសម្តេចមិនដែលដឹងថា អ្វីទៅជាការងារ ការបរទេសនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចងភ្ជាប់វាសនាជាមួយជាតិ និងប្រជាជនជិត ៤០ឆ្នាំហើយ ហើយសម្តេចនឹងបន្តចងភ្ជាប់បន្តទៅមុខទៀតមិនតិចជាង ១០ឆ្នាំនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរទាំងអស់នៅតែចងចាំ និងដឹងនូវព្រះគុណូបការៈរបស់ព្រះបរមរតនកោដ្ឋ ដែលបានធ្វើព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

* សម្តេចតេជោ ហ៊ុន សែន បានច្រានចោលការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី ដែលថានឹងមានការដោះលែងលោក កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ហ្អែងចាំមើលទៅ ហើយអ្នកគាំទ្រចាំមើលទៅ។ មេខ្លួនឯងបោកប្រាស់ប៉ុណ្ណា?»

* សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា លោក កឹម សុខា មិនទាន់ត្រូវបានតុលាការកាត់ទោស ហើយសាលក្រមមិនទាន់ចូលស្ថាពរនៅឡើយនោះទេ ដូច្នេះលោក កឹម សុខា គ្មានទោសឯណាត្រូវស្នើព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនោះទេ។

* សម្តេចនាយករដ្ឋមន្ត្រី បានហៅទណ្ឌិត សម រង្ស៉ី ជាបិតាភូតកុហក។ សម្តេចតេជោ ថ្លែងថា សម្តេចមិនចង់ឆ្លើយឆ្លងជាមួយទណ្ឌិតរត់ចោលស្រុករូបនេះទេ តែបើមិនបញ្ជាក់នឹងមានអ្នកចាញ់បោកការភូតកុហកនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតចាប់ពីឆ្នាំ១៩៩៧ ទៅដល់ឆ្នាំ២០១៩ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកើនជាង ៤ដង។ ពោលកើនពីប្រមាណ ៤០ដុល្លារ ដល់ ១៨២ដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលដែលសម្រេចបាននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារវាងថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋ។ បើគ្មានការខិតខំទេ គឺមិនអាចសម្រេចបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងការងារពិនិត្យលើសំណុំរឿងសហជីពនានា បើរឿងសហជីពណាត្រូវចាត់ការ គួរពន្លឿនចាត់ការ ហើយរឿងណាមិនត្រូវចាត់ការគួរទម្លាក់ចោលបាន គួរតែទម្លាក់ចោល ដើម្បីឲ្យថ្នាក់ដឹកនាំសហជីពលែងព្រួយបារម្ភចំពោះរឿងទោសទណ្ឌនេះ។

* សម្តេចតេជោ ហ៊ុន សែន បានហៅការទម្លាក់ចោលបណ្តឹងនានាទៅលើថ្នាក់ដឹកនាំសហជីព គឺជាការពង្រីកលំហរនៃសេរីភាពរបស់កម្មករ និងសហជីព។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកកម្មករ កម្មការិនីថា ត្រូវប្រយ័ត្នប្រយែងក្នុងការធ្វើសកម្មភាពតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ព្រោះមានប្រទេសជាច្រើនកំពុងប្រកួតប្រជែងជាមួយយើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខនេះ គឺជាខួប ៤២ឆ្នាំ នៃការស្លាប់កូនប្រុសដំបូងរបស់សម្តេចក្នុងរបបប្រល័យពូជសាសន៍។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា រាល់ថ្ងៃទី១០ ខែវិច្ឆិកា សម្តេចមិនដែលធ្វើអ្វីទាំងអស់ ហើយជាពេលសោកសង្រេងបំផុត ដោយមិនអាចបំភ្លេចបាននោះឡើយ។

* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា នៅក្នុងរបបប្រល័យពូជសាសន៍នោះសម្តេចអន់ជាងសត្វធាតុទៅទៀត ព្រោះក្នុងនាមជាឪពុកម្នាក់សម្តេចគ្មានសិទ្ធិយកកូនទៅកប់នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថា នៅវេលាម៉ោង ៩៖៣៨នាទីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨៕