សុន្ទរកថា និង សម្រង់​​ប្រសាសន៍​​​​​សម្ដេច​​​តេជោ ហ៊ុន សែន ពិធី​បើក​សន្និសីទ​ថ្នាក់​តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និងអន់គុណភាព»

27

CNV: 

ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ និងអន្តរជាតិ
ឯកឧត្តម ប្រធានវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ
លោក លោកស្រី អ្នកនាងកញ្ញា និងអង្គសន្និសីទ ទាំងមូល ជាទីមេត្រី !

ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពីធីបើកសន្និសីទ ថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនាឱកាសនេះ។ នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដើម្បីលើកកម្ពស់ការងារវិស័យសុខាភិបាលនៅក្នុងកម្រិតតំបន់។ អង្គសន្និសីទនេះបានផ្តល់ឱកាសឱ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រសួងសុខាភិបាលកម្ពុជា រួមទាំងប្រទេសជាសមាជិកក្នុងតំបន់ រួមមានប្រទេសចិន ភូមា ថៃ ឡាវ និងវៀតណាម ព្រមទាំងដៃគូនានា ដូចជាវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ តំណាងអង្គការសុខភាពពិភពលោក តំណាងយូនីតៃដ និងតំណាងនគរបាលអន្តរជាតិប្រចាំតំបន់ បានរួមគ្នាពិនិត្យពិភាក្សារកដំណោះស្រាយ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាពដែលជាបញ្ហាសកល ហើយកំពុងកើតមានក្នុងតំបន់ និងក្នុងមហាអនុតំបន់មេគង្គ។

ជាការពិត ឱសថត្រូវបានចាត់ទុកជាផ្នែកសំខាន់មួយនៃប្រព័ន្ធការពារ និងព្យាបាលសុខភាពប្រជាជនដែលមិនឤចខ្វះបានក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែវត្តមានឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព សុវត្ថិភាពសង្គម និងធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីករាលដាលគួរឱ្យព្រួយបារម្ភ។ ក្នុងនោះផលិតផលឱសថមួយចំនួនកំពុងធ្វើឤជីវកម្មតាមប្រព័ន្ធអនឡាញ  ដែលជាឱសថគ្មានប្រភពច្បាស់លាស់ ក្លែងក្លាយ ហើយស្រដៀងទៅនឹងឱសថពិត ដែលធ្វើឱ្យឤជ្ញាធរពិបាកគ្រប់គ្រង។

ការរីករាលដាលជំនួញឱសថក្លែងក្លាយ និងអន់គុណភាព នេះឤចបណ្តាលមកពីកត្តាជាច្រើន រួមមានតម្លៃឱសថពិតប្រាកដ និងត្រឹមត្រូវមានតម្លៃខ្ពស់ យន្តការនៃការគ្រប់គ្រងគុណភាពឱសថ ក្នុងពេលផលិត និងចរាចរនៅលើទីផ្សារមិនមានប្រសិទ្ធភាព ការបណ្តុះបណ្តាលមន្ត្រីសុខាភិបាលស្តីពីជំនាញត្រួតពិនិត្យគុណភាព ឱសថព្រមទាំងការផ្សព្វផ្សាយដល់ប្រជាជន ឱ្យបានយល់ដឹងពីឱសថក្លែងក្លាយ និងការត្រួតពិនិត្យឱសថដោយសមត្ថកិច្ចនៅមានកម្រិត។ កត្តាទាំងអស់នេះ បានផ្តល់ឱកាសឱ្យពួកឧក្រិដ្ឋជន ឤចកេងយកផលប្រយោជន៍ពីសង្គមជាតិ ហើយបានគំ​រាមកាន់តែធ្ងន់ធ្ងរដល់សុខុមាលភាព និងឤយុជីវិតប្រជាជនយើង។

វិសាលភាពនៃគ្រោះថ្នាក់ និងផលប៉ះពាល់ជាអវិជ្ជមានទាំងអស់នេះ បានជំរុញកម្ពុជាឱ្យកាន់តែយកចិត្តទុក​ដាក់ខ្ពស់ និងរៀបចំឡើងនូវយន្តការ និងវិធានការនានាសំដៅការពារ ថែរក្សាសុខុមាលភាពប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្តាលមកពីការចរាចរឱសថក្លែងក្លាយនេះ។ ជាក់ស្តែង ក្នុងនីតិកាលទី ៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានបន្តអនុវត្តកិច្ចការសំខាន់ៗ មួយចំនួនក្នុងវិស័យសុខាភិបាល រួមមាន៖

(១) ជំរុញការអនុវត្ត និងធ្វើបច្ចុប្បន្នកម្ម «ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០១៦-២០២០» ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌ នៃសេវាសុខភាព

(២) ជំរុញវិសាលភាពគ្របដណ្តប់សុខភាពសកលនៅកម្ពុជា

(៣) លើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសេវាសុខភាព ពិសេសសេវាសង្គ្រោះបន្ទាន់ ដោយបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ

(៤) ពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពផលិតផលឱសថ ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា ការប្រើសារធាតុគីមីក្នុងចំណីឤហារ ក្នុងគ្រឿងស្រវឹង និងថ្នាំជក់ជាដើម​។

ថ្ងៃនេះ កម្ពុជាបានសហការរៀបចំសន្និសីទថ្នាក់តំបន់ ដើម្បីជំរុញឱ្យមានការចូលរួមពីសំណាក់អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍនានា ហើយបានភ្ជាប់កិច្ចខិតខំប្រឹងប្រែងទាំងនេះជាមួយយន្តការនានាក្នុងតំបន់ ដូចជា ការផ្លាស់ប្តូរព័ត៌មាន ការពង្រឹងកិច្ចសហការ ការចែករំលែកបទពិសោធន៍ ក្នុងវេទិកាអន្តរជាតិទាំងក្នុងតំបន់ និងក្នុងមហាអនុតំបន់មេគង្គ ដែលនឹងជំរុញឱ្យកាន់តែមានប្រសិទ្ធភាព នូវវិធានការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព។

ជារួម កម្ពុជាយល់ច្បាស់ថាការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការផលិត ការចរាចរ ការជួញដូរឱសថក្លែងក្លាយនេះ មិនឤចប្រទេសណាមួយធ្វើតែម្នាក់ឯង ហើយទទួលជោគជ័យទាំងស្រុងនោះទេ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវបន្តកិច្ចសហប្រតិបត្តិការ ឱ្យបានជិតស្និទ្ធថែមទៀត ទាំងការបង្កើនការផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញ ទៅមក ការអនុវត្តច្បាប់តឹងរឹង និងការទទួលខុសត្រូវដូចគ្នា រវាងប្រទេសដែលជាប្រភពផលិត ប្រទេសដែលមានការឆ្លងកាត់ និងប្រទេសដែលបានប្រើប្រាស់ឱសថក្លែងក្លាយ និងអន់គុណភាពដើម្បីទប់ស្កាត់ និងលុបបំបាត់សកម្មភាពអវិជ្ជមានទាំងអស់នេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងស្មារតីនេះ ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនដល់អង្គសន្និសីទសម្រាប់ជាមូលដ្ឋានរៀបចំយន្តការ និងវិធានការនានា រួមមាន៖

ទី ១ រៀបចំ និងចាត់វិធានការកែទម្រង់ច្បាប់ និងបទដ្ឋានគតិយុត្តនានា តាមការចាំបាច់របស់ប្រទេសរៀងៗខ្លួន ដើម្បីធានាថា ក្របខណ្ឌច្បាប់នៅក្នុងយុត្តាធិការរបស់ខ្លួន មានអនុលោមភាពជាមួយយន្តការអន្តរជាតិ។

ទី ២ អនុវត្តវិធានប្រយុទ្ធប្រឆាំងនឹងបទល្មើសឱសថក្លែងក្លាយ និងអន់គុណភាព ជាពិសេស ត្រូវផ្តន្ទាទោសយ៉ាងតឹងរ៉ឹង ចំពោះជនល្មើស និងជនទាំងឡាយណាដែលមានការពាក់ព័ន្ធ។

ទី ៣ ប្រទេសនីមួយៗគួរបង្កើតក្រុមជំនាញពាក់ព័ន្ធការងារ ប្រយុទ្ធប្រឆាំងនឹងបទល្មើសឱសថក្លែងក្លាយ និងអន់គុណភាពក្នុងគោលដៅសម្របសម្រួល បញ្ជូនព័ត៌មាន និងផ្សព្វផ្សាយអំពីហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗដល់សាធារណជន និងផ្តល់កិច្ចសហប្រតិបត្តិការខ្ពស់ក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការផលិត ការចរាចរឱសថក្លែងក្លាយ និងអន់គុណភាពឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។

ទី ៤ ឤជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមព្រំដែននៃប្រទេសនីមួយៗ ត្រូវផ្តល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ក្នុងការស្វែងរកបទល្មើសពាក់ព័ន្ធនឹងឱសថក្លែងក្លាយ និងអន់គុណភាព ហើយត្រូវបង្កើតកម្មវិធីផ្លាស់ប្តូរ​ព័ត៌មាន ដើម្បីស៊ើបអង្កេតរកខ្សែចង្វាក់ ការផលិត ការចែកចាយ និងអត្តសញ្ញាណឧក្រិដ្ឋជនទាំងអស់នោះ។

ទី ៥ បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ពិសេស ម្ចាស់ក្រុមហ៊ុនដើមដែលផលិតឱសថ ដើម្បីស្រាវជ្រាវរកឱសថក្លែងក្លាយ និងអន់គុណភាពដែលកំពុងចរាចរលើទីផ្សារ ហើយត្រូវរាយការណ៍ទៅឤជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

កង្វះនៃកិច្ចសហការរវាងក្របខណ្ឌ រវាងអាជ្ញាធរខ្លួនឯងលើបញ្ហាឱសថក្លែងក្លាយ

អនុញ្ញាតឲ្យខ្ញុំបានលើកឡើងនូវចំណុចខ្លះ ដែលកម្ពុជាខ្លួនឯងធ្លាប់ជួបប្រទះ អំពីកង្វះនៃកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌប្រទេសរបស់ខ្លួន មិនទាន់និយាយទៅដល់ការពាក់ព័ន្ធជាមួយនឹងប្រទេសដែលមានការពាក់ព័ន្ធ និងការផលិត ការចរាចរផងនោះទេ។ ខ្ញុំនៅចាំបានថា នៅទសវត្សរ៍ ៨០ នៅពេលដែលក្រសួងសុខាភិបាលចុះទៅចាប់ការលក់ឱសថគ្មានសណ្តាប់ធ្នាប់ ហើយគ្មានច្បាប់ត្រឹមត្រូវ ពេលនោះ យើងក៏បានកំណត់ឲ្យមានឱសថស្ថាន ឱសថស្ថានរង ត្រូវមានច្បាប់ទម្លាប់ មានក្រុមគ្រូពេទ្យទៅនៅជាមួយថ្នាក់ណាៗ មានការកំណត់។ ម្យ៉ាងទៀត ក៏មានឱសថមួយចំនួនលក់ទៅតាមកញ្រែ្ចងដាក់ហាលថ្ងៃ។ ចំណុចនេះ តាមជនបទមួយចំនួនរបស់យើង ក៏មាននៅសេសសល់នៅឡើយ។

ប៉ុន្តែ ខ្ញុំចង់វិលមកនិយាយថា នៅពេលដែលសុខាភិបាលចុះទៅចាប់ការលក់មិនត្រូវច្បាប់នេះ ជានិច្ចជាកាល ក្រ​សួងសុខាភិបាលតែងចាញ់អ្នកលក់នៅពេលដែលក្តីក្តាំគ្នានៅក្នុងតុលាការ។ មូលហេតុអីដែល(ធ្វើអោយ​ក្រ​សួង)ចាញ់អ្នកលក់? គឺនៅត្រង់ថា ខាងផ្នែកពន្ធដាទៅយកពន្ធនៅកន្លែងគេលក់នោះឯង។ អញ្ចឹងតុលាការត្រូវផ្អែកថា អ្នកលក់ហ្នឹងស្របច្បាប់ ដោយសារតែរដ្ឋបាលយើងទៅយកពន្ធពីគេ។ អញ្ចឹងទេ ខ្ញុំក៏សូមជម្រាបជូនដែរថា នៅមុនពេលកិច្ចព្រមព្រៀងប៉ារីសចុះហត្ថលេខា ដែលថ្ងៃនេះ មិត្តរបស់ខ្ញុំ ឯកឧត្តម ហ្សង់ ដេវីតឡឺវីត ដែលជាអ្នកចរចាដ៏ស្វិតស្វាញ ក្នុងឋានៈជាអ្នកចូលរួមកិច្ចប្រឹងប្រែងរៀបចំកិច្ចព្រមព្រៀងប៉ារីស … នៅកម្ពុជាមិនទាន់មានកំណែទម្រង់តុលាការនៅឡើយទេ។ ឧទាហរណ៍ តុលាការខេត្តត្រូវតែងតាំងដោយនាយករដ្ឋមន្រ្តី ទាំងព្រះរាជអាជ្ញា ទាំងរដ្ឋអាជ្ញា ទាំងប្រធានតុលាការ។ ខ្ញុំបានកោះប្រជុំបន្ទាន់ថា ហេតុអ្វីបានជាផ្នែកសុខាភិបាល​ទៅចាញ់ក្តីចំពោះអ្នកលក់ដូរខុសច្បាប់ទៅវិញ? នៅពេលប្រជុំ យើងបានទទួលចំលើយច្បាស់លាស់ថា តុលាការប្រ​កាសថា នេះជាការលក់ត្រឹមត្រូវតាមច្បាប់។ មូលហេតុគឺគេមានបង្កាន់ដៃគ្រប់គ្រាន់ (បញ្ជាក់)ថា ផ្នែកហិរញ្ញវត្ថុរបស់យើងទៅយកពន្ធគេ។ បើយកពន្ធមានន័យថា យើងចាត់ទុកថា គេលក់ស្របច្បាប់ទៅហើយ។

ចំណុចអស់ទាំងនេះ គឺជាកង្វះកិច្ចសហការរវាងអាជ្ញាធរខ្លួនឯងតែម្តង។ ដូច្នេះហើយបានជាក្រោយមក យើងខ្ញុំត្រូវមានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជាមួយនឹងឱសថក្លែងក្លាយនេះ ដែលមាន ១៤ ស្ថាប័នចូលរួម ហើយដឹកនាំដោយឧបនាយករដ្ឋមន្រ្តីម្នាក់ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ប្រសិនបើខ្វះចន្លោះនូវកិច្ចសហប្រតិបត្តិការណាមួយ យើងមិនអាចទប់ទល់ជាមួយនឹងឃាតករលាក់មុខនេះបានទេ ព្រោះថាឱសថអាចមកពីប្រភពនេះ អាចមកពីប្រភពនោះ ក្នុងនោះ មួយផ្នែកធំគឺឱសថហួសការកំណត់នៃការប្រើប្រាស់ ដែលលក់ចែកចាញឲ្យ​ទៅប្រជាជន (ដែលគ្នា)ខ្វះការយល់ដឹង។ ដូច្នេះហើយ​ បានជានៅក្នុងក្របខណ្ឌប្រទេសរៀងៗខ្លួន ជាពិសេសកម្ពុជាខ្លួនឯង ជាប្រទេសមួយក្នុងចំណោមប្រទេសរងគ្រោះដទៃទៀត។

គួរនាំគំនិតផ្តួចផ្តើមពីការប្រយុទ្ធនឹងឱសថក្លែងក្លាយ ទៅក្នុងក្របខណ្ឌអាស៊ាន និងយន្តការផ្សេងទៀត

ចំណុចមួយទៀតទី ៦ អំពីអនុសាសន៍ ម្សិលមិញនេះ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ឡឺវីត ក៏ដូចជាព្រឹកមិញបានទទួលគណៈប្រតិភូ ព្រមទាំងឯកឧត្តម ឡឺវីត និងប្រទេសទាំង ៥ រួមទាំងកម្ពុជា ទាំង ៦ ប្រទេសចូលរួមផងដែរ។ ខ្ញុំគិតថា មិនមែនគ្រាន់តែជាសន្និសីទនៅទីក្រុងភ្នំពេញ ដែលជាចំណុចចាប់ផ្តើម ហើយអាចមានសេចក្តីថ្លែងការណ៍នៅទីក្រុងភ្នំពេញនោះទេ។ ដោយសារបញ្ហាសុខុមាលភាព សុខភាពសាធារណៈ កំពុងជួបប្រទះនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលទទួលរងគ្រោះដោយសារតែឱសថក្លែងក្លាយនេះ និងអន់គុណភាព ដូច្នេះ ខ្ញុំគិតថា វាជាឱកាសល្អមួយសម្រាប់ផ្តើមចេញពីទីក្រុងភ្នំពេញ ហើយពង្រីកទៅកាន់វេទិកាដទៃទៀត។ ដំបូងឡើយ ខ្ញុំគិតថា នៅទីនេះ មានតំណាងមកពីតាមបណ្តាប្រទេសមេគង្គ គឺមានបណ្តាប្រទេសអាស៊ាន ហើយក៏មានឯកឧត្តម លោកជំទាវ ជាអគ្គរដ្ឋទូតបណ្តាប្រទេសអាស៊ាន។ យើងគួរនាំយកនូវគំនិតផ្តួចផ្តើម​ទាក់ទិននឹងបញ្ហាឱសថក្លែងក្លាយនេះ ចូលទៅក្នុងក្របខណ្ឌអាស៊ាន។

នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណឹង អាទិត្យចុងក្រោយនេះ ការប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធ នឹងចាប់ផ្តើមហើយ។ កិច្ចការនោះច្បាស់ជារៀបចំមិនទាន់។ ក៏ប៉ុន្តែ សង្ឃឹមថា ​ព្រះរាជាណាចក្រថៃនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០១៩។ ដូច្នេះ សុំឯកឧត្តមអគ្គរាជទូតថៃ ក៏ដូចជាតំណាងគណៈប្រតិភូថៃ ពាំនាំនូវបញ្ហានេះ គួរយើងពង្រីកនៅក្នុងក្របខណ្ឌ​នៃប្រទេសអាស៊ានតែម្តង។ នៅមានយន្តការដទៃទៀត ក្រៅពីអាស៊ាន នៅមានយន្តការដូចជាឡានឆាង-មេគង្គ ដោយសារមានការចូលរួមពីសំណាក់សាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងបណ្តាប្រទេសមេគង្គ ឬអាចចាត់ទុកថា វាស្ថិតនៅក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ ខ្វះតែធនាគារអភិវឌ្ឍន៍អាស៊ីតែប៉ុណ្ណោះ។ យើងអាចពង្រីកទៅកាន់យន្តការដទៃទៀត ដូចជានៅក្នុងក្របខណ្ឌអាស៊ាន បន្ទាប់ពីអាស៊ាន ក៏មានអាស៊ីបូព៌ាផងដែរ ព្រោះនៅក្នុងក្របខណ្ឌនោះ យើងនឹងទាក់ទាញបានការយកចិត្តទុកដាក់ និងកាត់បន្ថយគ្រោះថ្នាក់នៅតាមបណ្តាប្រទេសដទៃដែលរងគ្រោះដូចយើង។

គួរយកប្រធាបបទឱសថក្លែងក្លាយដាក់ក្នុងការប្រជុំអាស៊ីអឺរ៉ុប ឬ ICAPP ឬទេ?

ខ្ញុំសុំឲ្យមានការពិចារណា ដោយសារកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២០ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប អញ្ចឹងសុំលោកជំទាវអគ្គរដ្ឋទូតបារាំង ក៏ដូចជាឯកឧត្តម ឡឺវីត សហការជាមួយគ្នាមើល តើយើងគួរយកប្រធានបទមួយនេះ ដាក់ចូលទៅក្នុងការប្រជុំអាស៊ី-អឺរ៉ុប ឬអត់? ចំណុចនេះ ទោះបីថា យើងជាម្ចាស់ផ្ទះ តែយើងមិនបំពានលើគោលការណ៍ នៃការធ្វើដោយមានការឯកភាពគ្នា។ តែខ្ញុំយល់ថា យើងមានលទ្ធភាពនឹងធ្វើ ព្រោះគ្មានហេតុផលណាដែលនឹងជំទាស់ទេ។ ក្រៅពីនោះ យន្តការ Francophone ដែលមួយផ្នែកមានបណ្តាប្រទេសនៅអាស៊ី និងមួយផ្នែកមានបណ្តាប្រទេសនៅអាហ្វ្រិក ដែលសុទ្ធតែជាប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ប្រហែលជាកំពុងរងគ្រោះដូចយើង។ ដូច្នេះ ខ្ញុំគិតថា យើងមិនស្ថិតនៅក្នុងកម្រិតនៃសេចក្តីថ្លែងការក្រុងភ្នំពេញនោះទេ។ ខ្ញុំក៏សុំស្នើឲ្យកម្ពុជារបស់យើង ដែលខ្ញុំនឹងទៅប្រជុំចូលរួម ICAPP នៅប្រទេស Nepal និងទស្សនកិច្ចផ្លូវការនៅប្រទេស Nepal នៅចុងខែវិច្ឆិកានេះ (ពិចារណាពីបញ្ហានេះ)។ ICAPP គឺជាសន្និសីទអន្តរជាតិ នៃបណ្តាបក្សនយោបាយនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិក ដែលមានរាប់សិបគណបក្ស។ ជិតដល់រយគណបក្សនយោបាយ ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងធ្វើការនៅទីនោះ។ (តើ)យើងអាចស្នើសុំឲ្យបណ្តាគណបក្សនយោ​បាយ ដែលរៀបចំសន្និសីទនៅទីនោះ គាំទ្រសេចក្តីថ្លែងការណ៍ក្រុងភ្នំពេញ(បានទេ)? … ភាគច្រើនប្រមូលផ្តុំនៅទីនោះ ទាំងបក្សកាន់អំណាច និងទាំងបក្សក្រៅរដ្ឋាភិបាល។ ច្រើនណាស់។ ដូច្នេះ យើងអាចស្នើសុំទៅវេទិ​កា​សន្និសីទគណបក្សនយោបាយនៅ Nepal នាចុងខែវិច្ឆិកានេះ គាំទ្រសេចក្តីថ្លែងការណ៍នៅទីក្រុងភ្នំពេញ។

សង្ឃឹមប្រធានាធិបតីបារាំងចាប់អារម្មណ៍លើវិធានការណ៍ពាក់ព័ន្ធនឹងសុខុមាលភាពសាធារណៈ

សម្រាប់សេចក្តីថ្លែងការណ៍នេះ ខ្ញុំស្នើជាយោបល់ថា គួរតែមានការអំពាវនាវឲ្យដៃគូដទៃទៀត គាំទ្រចូលរួមទៅលើគំនិតផ្តួចផ្តើម នៃសេចក្តីថ្លែងការណ៍ភ្នំពេញ ដើម្បីយើងមានហេតុផល(សំអាង)លើបញ្ហានេះ។ សង្ឃឹមថាប្រធា​នា​ធិបតីបារាំង ឯកឧត្តម MACRON នឹងចាប់អារម្មណ៍ទៅលើវិធានការណ៍ទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងបញ្ហាសុខុមាលភាពសាធារណៈ ព្រោះបារាំងជាប្រទេសដែលយកចិត្តទុកដាក់ខ្ពស់ (ហើយ)ក្រៅពីបញ្ហានេះ គឺ(បារាំងក៏យកចិត្តទុកដាក់លើ)បញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ខ្ញុំគិតថា នេះជាចំណុចដែលយើងគួរត្រូវធ្វើរួមគ្នា​ ដើម្បីឲ្យក្លាយទៅជាចរន្តអន្តរជាតិ។ នៅទីនេះ យើងមានក្រុមហ៊ុនផលិតឱសថ​ប៉ុន្មាន? មានប្រទេសប៉ុន្មាន? ប៉ុណ្ណេះវាមិនគ្រប់គ្រាប់ទេ។ វាត្រូវតែទៅជារួម ទាំងប្រទេសផលិត ទាំងប្រទេសមិនផលិត។​ នេះ​ជាចំ​ណុចដែលក្នុងប្រទេសមួយ មិនអាចត្រឹមតែក្រសួងសុខាភិបាល ឬមហាផ្ទៃធ្វើបាននោះទេ។ ត្រូវមានស្ថាប័នច្រើន។ ឯនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក (ក៏)មិនអាចមានប្រទេសណាមួយទទួលបានជោគ​ជ័យ ឬត្រឹមតែយន្តការអនុតំបន់មេគង្គនេះ អាចធ្វើបាននោះទេ ត្រូវមានភាពទូលំទូលាយជាងនេះ។

[បញ្ចប់សេចក្តីអធិប្បាយ]

គោលគំនិតទាំងអស់នេះ ជាការផ្តួចផ្តើមនូវទស្សនាទានរួម ដែលខ្ញុំជឿជាក់ថា នឹងរួមវិភាគទានមួយចំណែកសម្រាប់អង្គសន្និសីទ យកទៅត្រិះរិះពិចារណាបន្ថែម និងជាទុនសម្រាប់ប្រើប្រាស់ក្នុងការរៀបចំគោលនយោ បាយសុខាភិបាល និងផែនការសកម្មភាព ដែលជាវិធានការជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព។

ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណដល់សាធារណរដ្ឋបារាំង ជាពិសេសវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិប្រយុទ្ធប្រឆាំងឱសថកែ្លងក្លាយ និងអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការ ស្ថាប័នអន្តរជាតិនានា ដែលបានឧបត្ថម្ភគាំទ្រថវិកា និងបច្ចេកទេសសម្រាប់អង្គសន្និសីទនេះ។ ជាទីបញ្ចប់ ជាមួយនឹងការប្រ​កាសបើកសន្និសីទថ្នាក់តំបន់ ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព » នៅពេលនេះ ខ្ញុំសូម​ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួមក្នុងអង្គសន្និសីទនេះ សូមទទួលបានជោគជ័យ គ្រប់ភារកិច្ចរៀងៗខ្លួន និងទទួលបាននូវអនុស្សាវរីយល្អៗ ក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕