សម្រង់ប្រសាសន៍​​​សម្ដេច​តេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកមុខកំពូល ខេត្តកណ្តាល

13

CNV: 

ការអាក់ខានជួបកម្មករជាង ៣ ខែ ពីយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់រៀបចំរាជរដ្ឋាភិបាល

សុខសប្បាយទេទាំងអស់គ្នា? ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានបន្តធ្វើនូវកិច្ចការ ដែលខ្ញុំបានធ្វើតាំងពីឆ្នាំ ២០១៧ ក្នុងជំនួបជាបន្តបន្ទាប់ជាមួយនឹងកម្មករ/ការិនីរបស់យើង។ ប៉ុន្តែក៏ត្រូវមានការអាក់ខានមួយរយៈ។ ការអាក់ខានលើកទី ១ ទាក់ទងនឹងយុទ្ធនាការនៃការបោះឆ្នោត ដែលពេលនោះ ពូមិនអាចធ្វើសកម្មភាពនៅក្នុងចំណោមកម្មករបានទេ។ បើសិនពូធ្វើបែបនេះ គេនឹងអាចពិន័យទៅលើពូដែលទាក់ទងនឹងការផ្ដល់ជំនួយឧបត្ថម្ភសម្រាប់កម្មករ ជាពិសេសក្មួយៗដែលមានផ្ទៃពោះ។ ឯការអាក់ខានទី ២ គឺរយៈពេលក្រោយពីបង្កើតរាជ​រដ្ឋាភិបាល។ បើនិយាយពីការបង្កើតរាជរដ្ឋាភិបាលមកដល់ពេលនេះ គឺមានអាយុ ៥៣ ថ្ងៃ នៃការបង្កើតរាជរដ្ឋាភិបាល។ ដូច្នេះ គិតសរុបពីថ្ងៃបោះឆ្នោតរហូតមកដល់ពេលនេះ យើងមានរយៈពេលជាង ៣ ខែបន្ដិច។ ចាប់តាំងពីការបង្កើតរាជរដ្ឋាភិបាលហើយ​ សកម្មភាពមួយចំនួនត្រូវបានប្រកាន់យកនៅឯក្រៅប្រទេសទៅវិញ ដោយសារវាពាក់ព័ន្ធជាមួយនឹងការប្រជុំនានាក្នុងកម្រិតអន្តរជាតិ ដែលពូត្រូវធ្វើកិច្ចការងារនោះ។ ការជួបជុំជា​មួយនឹងកម្មករ/ការិនី ក៏ត្រូវពន្យារពេល រាប់ទាំងក្មួយៗ ដែលមុននេះ អាចថា មកឆាប់ជាង ប៉ុន្តែបែរជាពន្យាររហូតដល់ថ្ងៃជិតដាច់ខែតុលា ទើបយើងបានមកជុំគ្នា។ ប៉ុន្តែការជួប មកយឺត ប្រសើរជាងមិនមក … ថ្ងៃនេះ គឺជាថ្ងៃមួយល្អ។ បើយើងពិនិត្យ ថ្ងៃនេះ គួរអ្នកចម្រៀងត្រៀមច្រៀងបទ រងាផ្កាគ … និយាយពីរឿងធ្លាក់ខ្យល់ពីជើង នឹកស្រមៃកាលខ្លួននៅកំលោះ។ តើត្រូវការអីកំលោះ​ៗ នៅពេលធ្លាក់ខ្យល់ពីជើង? ប៉ុន្តែនិយាយយ៉ាងដូច្នេះ ពូដឹងតែរឿងកំលោះទេ តែរឿងនារីវិញ មិនដឹងថា ត្រូវការអ្វីទេ?

ទៅបោះឆ្នោត ស្មើនឹងបំពេញកាតព្វកិច្ច ២

ក្នុងឱកាសនេះ អនុញ្ញាតអោយពូបានសុំនូវការថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏រាក់ទាក់របស់ក្មួយ​ៗ ដែលជាកម្មករ/ការិនីនៅស្រុកមុខកំពូលរបស់យើងនេះ ដែលក្នុងនោះ ពូសុំយក​ឱកាសនេះ ថ្លែងអំណរគុណចំពោះក្មួយៗជាកម្មករ/ការិនី និយាយដោយឡែក និងនិយាយរួម សម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលរយៈពេលកន្លងទៅជាង ៣ ខែមុននេះ បានបំពេញកាតព្វកិច្ច ២ សំខាន់៖ ទី ១ បានចូលរួមគាំទ្រដំ​ណើរ​ការប្រជាធិបតេយ្យ តាមរយៈនៃការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ដែលធ្វើឲ្យអត្រានៃអ្នកដែលបានទៅបោះឆ្នោតមានរហូតទៅដល់ជាង ៨៣% នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោត។ នេះជាអត្រាមួយខ្ពស់ បើប្រៀបធៀបជាមួយនឹងប្រទេសដទៃ រាប់ទាំងប្រទេសដែលមានការជឿនលឿនផង។ ការចូលរួមបោះឆ្នោត គឺជាការគាំទ្រដំណើរការប្រជាធិបតេយ្យ ហើយដែលធ្វើអោយនយោបាយ ដេកផ្ទះ ឈ្នះឯង ត្រូវបរាជ័យយ៉ាងជូរចត់ ហើយរហូតដល់រត់ចោលស្រុកទៀតផង។ ទី ២ ក្មួយៗបានបំពេញកាតព្វកិច្ច ជួយរក្សាសន្ដិភាព និងការអភិវឌ្ឍ តាមរយៈការបោះឆ្នោតយ៉ាងសន្ធឹកសន្ធាប់ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានអត្រារហូតដល់ជិត ៧៨% សម្រាប់គណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជានោះហើយ ដែលជាការបោះឆ្នោតដើម្បីរក្សាទុកនូវសន្ដិភាព និងការអភិវឌ្ឍ។

ភាពខុសគ្នាក្រោយការបោះឆ្នោតឆ្នាំ ២០១៣ និងឆ្នាំ ២០១៨

ដូច្នេះហើយ បានជានៅពេលនេះ យើងអាចធ្វើការប្រៀបធៀបបានហើយ កាលពីឆ្នាំ ២០១៣ តើវាមានរឿងអ្វីកើតឡើង ក្រោយការបោះឆ្នោត? ពេលនេះ តើវាមានរឿងអ្វី ក្រោយការបោះឆ្នោត? មុននេះ សូម្បីតែប្រជាជននៅទីក្រុងភ្នំពេញ ហើយដែលពេលនោះ មានមួយចំនួនបោះឆ្នោតអោយគណបក្សប្រឆាំង ក៏ប៉ុន្តែផ្ទុយទៅវិញ គេមិនអាចរកស៊ីអ្វីបាន ព្រោះច្រាលចុះ ច្រាលឡើង បាតុកម្មចុះ បាតុកម្មឡើង រហូតដល់ប្រើប្រាស់ហឹង្សា ដុតរថយន្ត និងទៅទំលាយទ្វាររោងចក្រ ដើម្បីកៀរគរកម្មករ ចេញមកធ្វើបាតុកម្មទៀ​តផង។ ប៉ុន្តែឆ្នាំនេះ បន្ទាប់ពីការបោះឆ្នោតហើយ ស្ថិរភាពក្នុងជីវភាពនយោបាយ សេដ្ឋកិច្ចសង្គមរបស់ប្រជាជននៅគ្រប់ទីកន្លែង ប្រព្រឹត្តទៅបានយ៉ាងល្អ។ នោះហើយ ជាការកត់សំគាល់ ដែលក្មួយៗទាំងអស់ ប្រជាជនយើងត្រូវចងចាំ មិនត្រូវអោយការបោះឆ្នោតមួយសន្លឹកហើយ បែរជានាំគ្នាភ័យព្រួយអំពីអស្ថិរភាពសម្រាប់ស្រុកទេសរបស់យើងនោះទេ។ ជាភ័ព្វសំណាងរបស់កម្ពុជា ដែលមិនមានការបង្ហូរឈាម និងមិនមានចលា​ចលបន្ទាប់ពីការបោះឆ្នោត។ ឆ្នាំ ២០១៣ ពិតជាមានការបង្ហូរឈាម ហើយអ្នកដែលបង្កអោយមានការបង្ហូរឈាមនោះ យើងបានចាប់ខ្លួនរួចហើយ ព្រោះពួកគេបានសាងនូវអំពើបាបទាំងនេះ។ ដូច្នេះ ផ្លូវច្បាប់ត្រូវតែបន្តនីតិវិធីតទៅទៀត ដើម្បីដោះស្រាយបញ្ហាទាំងអស់។ ទ្រព្យសម្បត្តិឯកជន ទ្រព្យសម្បត្តិសាធារណៈមួយចំនួនត្រូវបានបំផ្លាញ។ ពួកគេត្រូវមានការទទួលខុសត្រូវ។ ប៉ុន្តែឆ្នាំ ២០១៨ គឺជាឆ្នាំដ៏មានមោទនភាព ជាឆ្នាំជោគ​ជ័យជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចរហូតទៅដល់ ៧,៣% ឯណោះ។ ស្ថិរភាពនយោបាយ​ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការលូតលាស់របស់យើងនៅបន្តទៀត។

ឆ្នាំនេះ កម្ពុជារងគ្រោះដោយសារបញ្ហាទឹកជំនន់ ទឹកភ្លៀងផង និងទន្លេមេគង្គផង

ពិតមែនហើយ ឆ្នាំនេះ ប្រទេសរបស់យើងត្រូវបានវាយ​​ប្រហារដោយទឹកជំនន់ ទាំងជំនន់ទឹកភ្លៀង និងទាំងជំ​នន់ទន្លេមេគង្គ ដែលអម្បាញ់មិញ ក្មួយៗមួយចំនួនបាននិយាយអំពីបញ្ហា​សុំផ្លូវខាងស្រុកស្រីសន្ធរឯណោះទេ។ ប៉ុន្តែ មិនមែនគ្រាន់តែនៅស្រីសន្ធរមួយទេ ឆ្នាំនេះ ផ្លូវរបស់យើងជាច្រើនខ្សែបានទទួលរងផលប៉ះពាល់ ដោយ​សារទឹកច្រើនហួស ហើយត្រាំត្រែងយូរ ដូច្នេះវាធ្វើអោយផ្លូវជាតិ ផ្លូវលំទទួលការបំផ្លិចបំផ្លាញ។ ពេលនេះ កម្លាំងទាំងអស់ ប្រមូលផ្ដុំ ខិតខំធ្វើការស្ដារ និងជួសជុលឡើងវិញនូវផ្លូវដែលរងការខូចខាតទាំងនោះ ទន្ទឹមនឹងការកសាងបន្ថែមទៀត។ ពូពិតជាមានការអរគុណ ជាមួយនឹងការខិតខំទាំងអស់របស់បណ្ដាស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ក៏ដូចជាវិស័យឯកជន ដែលប្រឹងប្រែងសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។

អរគុណចំពោះម្ចាស់រោងចក្រទាំងអស់

ថ្ងៃនេះ ខ្ញុំសុំអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ ដែលផ្ដល់ឱកាសអោយកម្មករ/ការិនី បានមកជួបជុំ សំ​ណេះសំណាលជាមួយខ្ញុំនៅទីនេះ ហើយនិងផ្ដល់ការអនុញ្ញាតអោយក្មួយៗជាកម្មករ/ការិនីបានឈប់សម្រាកមួយល្ងាចនេះទៀត បន្ទាប់ពីការជួបជុំនេះទៅ ដោយមានប្រាក់បៀវត្សពេលលេញ។ ពូបានសួរក្មួយៗមួយចំនួនថា បានមកតាំងពីម៉ោង ៣ ឬ ៤ ភ្លឺឯណោះ ដើម្បីបានមកជួបជុំ។ ដូច្នេះ វាជាការសមល្មមហើយ ដើម្បីបានសម្រាកក្នុងមួយល្ងាច​ទៀត។ ក៏អរគុណចំពោះម្ចាស់រោងចក្រទាំងអស់ អនុវត្តនូវវិធីបែបនេះ​ ដើម្បីយើងដំណើរការទៅជាមួយគ្នា ព្រោះគ្មានជោគជ័យណាមួយ ដែលខ្វះការចូលរួមពីតួអង្គពាក់ព័ន្ធនោះទេ។ អម្បាញ់មិញ ក្មួយៗចាប់ពូថើប មិនដឹងជាក្លិនរបស់ពូយ៉ាងម៉េចទេ ព្រោះពូមិនអាចដឹងក្លិនខ្លួនឯង។ ពូដឹងតែក្លិនរបស់មីងតែប៉ុណ្ណោះ។ តែមីងទៅវិញទេ បានដឹងក្លិនរបស់ពូយ៉ាងម៉េច ប៉ុន្តែឥឡូវហ្នឹង ប្រហែលពូក្លាយទៅជាបុរសថ្ពាល់ផ្អែម មិនថានៅក្នុងប្រទេស ឬក្រៅប្រទេសទេ​ (ថើបពូ)។

ការកោះប្រជុំរដ្ឋសភាលឿនជាងឆ្នាំមុន ដើម្បីមានឱកាសចេញទៅប្រជុំនៅអង្គការសហប្រជាជាតិ

ឥឡូវ ពូចង់និយាយបន្ដិច ដែលទាក់ទងជាមួយនឹងបេសកកម្មនៅក្រៅប្រទេសរបស់ពូ ដែលតម្រូវអោយពូត្រូវចេញទៅក្រៅប្រទេស ដែលវាមិនអាចអាក់ខានបាន។ ឆ្នាំនេះ យើងប្រឹង ព្រោះថា ក្នុងមួយអាណត្តិ យើងអាចទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិមួយដង ​ឬពីរដង។ ប៉ុន្តែអាណត្តិមុននេះ គឺទៅបានតែម្ដងទេ នៅឆ្នាំ ២០១៥។ បើអាណត្តិមុនៗនោះទៀតនោះ គឺបែរជាអត់តែម្ដង ដោយសារកិច្ចការរវល់ខ្លាំងពេក។ តែអាណត្តិទី ៥ ទៅបានម្ដង ដល់អាណត្តិទី ៦ ទៅដើមអាណត្តិតែម្ដង។ ដើម្បីបានទៅអង្គការសហប្រជាជាតិ ធ្វើសេច​ក្ដីថ្លែងការណ៍នៅទីនោះ ក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ពូត្រូវស្នើចូលទៅគាល់ព្រះមហាក្សត្រ ដើម្បីសុំព្រះអង្គកោះប្រជុំរដ្ឋសភាជាលើកដំបូង អោយបានលឿនបន្ដិច ដើម្បីមានឱកាសសម្រាប់ចេញទៅអង្គការសហប្រជាជាតិ។ បើយោងលើប្រក្រតិទិនដែលធ្លាប់បានធ្វើកាលពីឆ្នាំ ២០១៣ រាជរដ្ឋាភិបាល​បង្កើតនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ឯណោះ ប៉ុន្តែឆ្នាំនេះ រាជរដ្ឋាភិបាលបង្កើតថ្ងៃទី ៦ ខែកញ្ញា ទៅវិញ។ ដូច្នេះ បានផ្ដល់ឱកាសសម្រាប់អោយពូចេញទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិ។

បានជួបមេដឹកនាំសំខាន់ៗ ២ ពេលទៅថ្លែងការនៅ UN

នៅទីនោះ យើងមានកិច្ចការងារមួយចំនួនដែលត្រូវធ្វើ ជាពិសេស គឺការថ្លែងការណ៍អំពីគោលជំហររបស់កម្ពុជា ទាក់ទងជាមួយនឹងសភាពការណ៍ថ្មីៗ នៅលើឆាកអន្តរជាតិ ដែលបញ្ហាសំខាន់ទាក់ទងទៅនឹងសង្រ្គាមពា​ណិជ្ជ​កម្ម ដែលបាន និងកំពុងកើតឡើងនៅក្នុងក្របខណ្ឌពិភពលោកទាំងមូល ដែលធ្វើអោយបញ្ហានេះក្លាយទៅជាបញ្ហាធ្ងន់ធ្ងរមែនទែន។ (ពូ)ក៏បានជួបជាមួយនឹងមេដឹកនាំមួយចំនួន។ អគ្គលេខាធិការអង្គការសហប្រជាជាតិជារឿងត្រូវជួបទៅហើយ ក៏ប៉ុន្តែ យើងក៏បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីពីរផ្សេងទៀត ហើយត្រូវបានពួកប្រឆាំងដែលនៅក្រៅប្រទេសនោះ គេថា លោក ហ៊ុន សែន មានជំនួបត្រឹមតែប្រទេសតូចៗពីរតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ខ្ញុំចង់និយាយប្រាប់អស់លោកទៅវិញថា កាលពីពេលមុនៗ ខ្ញុំមិនដែលជួបទេ ក៏ប៉ុន្តែ លើកនេះ ខ្ញុំត្រូវមានការជួប (១) ត្រូវបើកស្ថានទូតមួយទៀតនៅឯទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្ការី គឺជួបនាយករដ្ឋមន្ត្រីប៊ុលហ្ការី។ ប៉ុន្តែ (២) មួយទៀត នៅចុងខែ វិច្ឆិកា ខាងមុខនេះ នឹងត្រូវទៅទស្សនកិច្ច នៅប្រទេសនេប៉ាល់ ហើយដែលមានការប្រជុំសន្និសីទអន្តរជាតិនៅទីនោះទៀតផង។

ភូតបីរបស់ក្រុមប្រឆាំងក្រៅប្រទេសនៅអង្គការសហប្រជាជាតិ

បើនិយាយពីរឿងភូតរបស់ពួកគេវិញ អាភូតនៅអង្គការសហប្រជាជាតិ ភូតដល់ទៅរឿងបីឯណោះ។ ភូតទី ១. ថា ជាន់ដីអាមេរិកអត់បាន។ ប៉ុន្តែ ទីចុងបំផុត សន្តិសុខរបស់អាមេរិកត្រូវផ្តល់ការគាំពារពេញលេញ សម្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅអង្គការសហប្រជាជាតិ ព្រោះជាទឹកដីរបស់អាមេរិក។ អាមេរិកមិនភ្លេចកាតព្វ​កិច្ចរបស់ខ្លួនក្នុងកិច្ចគាំពារ សម្រាប់មេដឹកនាំ ដែលទៅប្រជុំនៅអង្គការសហប្រជាជាតិទេ។ ឯទី ២. គេថា អាសនៈ(កម្ពុជានៅ)អង្គការសហប្រជាជាតិត្រូវបានព្យួររួចស្រេចទៅហើយ។ នេះជាការភូតទី ២។ ឯការភូតទី ៣. គេថា អាសនៈ(កម្ពុជានៅអង្គការសហប្រជាជាតិ)មិនត្រូវបានព្យួរទេ ក៏ប៉ុន្តែ ប្រតិភូ លោក ហ៊ុន សែន មិនត្រូវបាន(អោយ)ចូល​។ អញ្ចឹងទេ ការភូតទាំងបីនេះ ត្រូវបានរំលត់ចោលនៅឯទីក្រុងញូវយ៉កតែម្តង តាមរយៈវត្តមាន និងសេចក្តីថ្លែងការណ៍នៅឯអង្គការសហប្រជាជាតិ។ អញ្ចឹង បានសេចក្តីថា ការភូតជាបន្តបន្ទាប់ ភូតហើយភូតទៀត ភូតប្រចាំថ្ងៃ/អាទិត្យ ឬក៏ភូតប្រចាំម៉ោង ប៉ុន្តែ ភូតច្រើនៗចាញ់អាត្មា។ (ឯ)ដែលហៅថា មហាបាតុកម្មរបស់គេ វា(មាន)ចំនួន(អ្នកចូល)តិចតួចណាស់ បើប្រៀបធៀប(ជាមួយ)អ្នកដែលមកចូលរួមទទួល(ខ្ញុំ)។ មានបាតុកម្មពីរគេដាក់នៅក្បែរគ្នា។ បាតុកម្មមួយអ្នកគាំទ្រ ឯបាតុកម្មមួយ(ទៀត)អ្នកប្រឆាំង។ អញ្ចឹងទេ ស្ថានភាពនេះ បង្ហាញឱ្យឃើញចរិតមេដឹកនាំដែលនិយមបោកប្រាស់ …។

កម្ពុជាត្រៀមកម្លាំងរួចហើយ ដើម្បីចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ

យើងកំពុងគិតបន្ថែមកម្លាំងរបស់កម្ពុជា ទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅឯអង្គការសហប្រជាជាតិ។ ពេលនោះ ខ្ញុំបានប្រាប់អគ្គលេខាអង្គការសហប្រជាជាតិថា កម្ពុជាបានត្រៀមកម្លាំងរួចហើយ តើឯកឧត្តមចង់ឱ្យ​ខ្ញុំទៅប្រទេសណា? យើងកំពុងតែពិនិត្យមើលថា តើយើងគួរចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅឯប្រទេសណាទៀត? ប៉ុន្តែ ខ្ញុំក៏អាចយកឱកាសនេះ ថ្លែងទៅកាន់បងប្អូនកងទ័ពរបស់យើងនៅឯប្រទេសម៉ាលី ដែលប៉ុន្មានថ្ងៃមុននេះ រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមឧទ្ទាមរហូត ទៅដល់មានការប្រើប្រាស់រថយន្ត Pick up ៨ គ្រឿង ទៅព័ទ្ធពីខាងក្រៅ ហើយ ២ គ្រឿង បើកសម្រុក វាយប្រហារអត្តឃាតចូលទៅក្នុងបន្ទាយ​កងទ័ពរបស់អង្គការសហប្រជាជាតិ ដែលមានកងទ័ពកម្ពុជានៅទីនោះ។ ប៉ុន្តែ ជាភ័ព្វសំណាង កងទ័ពកម្ពុជារបស់យើងមិនមានទទួលគ្រោះថ្នាក់អ្វីទេ។ មានអ្នកទទួលគ្រោះថ្នាក់ គឺកងទ័ពប្រទេស Burkina Faso គឺស្លាប់ ២ នាក់ និងរបួស ៥ នាក់។ ប៉ុន្តែ ត្រូវបានអន្តរាគមន៍ទាន់ពេលវេលា។ នៅអាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី គឺជាស្ថានភាពដែលលំបាកប៉ាន់ស្មាន ទាមទារឱ្យមានការទទួលខុសត្រូវកាន់តែខ្ពស់របស់អង្គការសហប្រជាជាតិ … យើងក៏ត្រូវតាមដានចំពោះសភាពការណ៍ផ្សេងៗ ដែលទាក់ទងទៅនឹងកម្លាំងរបស់យើងនៅក្រៅប្រទេស។ ពេលនេះ មានទាំងនៅអាហ្វ្រិកកណ្តាល មានទាំងនៅប្រទេសម៉ាលី មានទាំងនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង និងនៅប្រទេសលីបង់ផងដែរ។ អង្គការសហប្រជាជាតិចង់ណាស់ (អោយមាន)ការរួមចំណែករបស់យើង បញ្ជូនកម្លាំងទៅទីនោះ។

បន្ទាប់ពីទៅ UN នៅមានការចេញទៅប្រជុំលក្ខណៈអន្តរជាតិធំៗច្រើន

បន្ទាប់ពី(បេសកកម្មនៅ)អង្គការសហប្រជាជាតិ ពូត្រូវត្រឡប់ចូលក្នុងប្រទេស មិនទាន់បានធ្វើអ្វីច្រើនផង យើងក៏បានចេញទៅប្រជុំមេគង្គ-ជប៉ុន នៅឯតូក្យូ ដែលពេលនោះ ត្រូវចំណាយពេលប៉ុន្មានថ្ងៃ។ បន្ទាប់មក មិនទាន់បានចូលប្រទេសទេ ហោះចេញពីប្រទេសជប៉ុន ក៏មកចូលប្រទេសឥណ្ឌូនេស៊ី ដើម្បីជួបប្រជុំជាមួយប្រមុខរដ្ឋ ប្រ​មុខរដ្ឋាភិបាលអាស៊ាន ជាមួយនឹងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗ ដូចជា ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។ ចូលមកដល់ក្នុងប្រទេសមិនទាន់បានប៉ុន្មានផង យើងក៏ត្រូវចេញដំណើររហូតទៅដល់ ៩ ថ្ងៃ ដើម្បីធ្វើកិច្ចការនៅក្រៅប្រទេសទៀត គឺចូលរួមប្រជុំអាស៊ី-អឺរ៉ុប លើកទី ១២ ប្រព្រឹត្តទៅនៅប្រទេសប៊ែល​ហ្សិក​។ នៅទីនោះ ក៏សូមជម្រាបជូនបងប្អូនជនរួមជាតិថា កម្ពុជាបានទទួលនូវការគាំទ្រជាឯកច្ឆន្ទឱ្យធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះ នៃការប្រជុំអាស៊ី-អឺរ៉ុប លើកទី ១៣ នៅឆ្នាំ ២០២០ ខាងមុខនេះ។

បន្ទាប់ពីការប្រជុំនេះហើយ យើងក៏មានទស្សនិច្ចទៅប្រទេសតួគី ដែលជាប្រទេសមួយដែលអតីតកាល គឺជាប្រទេសដែលមានចក្រភព Ottaman ឯនៅយើងមានចក្រភពអង្គរ។ ប្រទេសទាំងពីរមានចំណងទាក់ទង កាន់តែស៊ីជម្រៅទៅៗ ហើយលទ្ធភាពដែលនឹងអាចមានទស្សនកិច្ចរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់យើង ជា​មួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់យើង អាចនឹងទៅដោយឡែកៗពីគ្នា ព្រោះនេះជាកិច្ចពិភាក្សាជាមួយនឹងប្រធានាធិបតីរបស់ប្រទេសតួគី។

ចេញពីប្រទេសតួគី យើងបានមកចូលរួមនៅក្នុងសន្និសីទ នៃអង្គការពាណិជ្ជកម្ម និងវិនិយោគរបស់អង្គការសហប្រជាជាតិ ដែលហៅថា UNCTAD នោះ ពាក់ព័ន្ធនឹងការវិនិយោគ ដែលគេអញ្ជើញប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេស ដែលមានជោគជ័យមួយចំនួន ពីទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន ទៅកាន់ទីនោះ។ ពូក្លាយទៅជាវាគ្មិន នៃគូសន្ទនាបែបសាកលនៅទីនោះ។ នៅគ្រប់ទីកន្លែង យើងក៏បានជួបជាមួយប្រជាពល​រដ្ឋរបស់យើងដែលស្កាត់មកជួប។ នៅសហរដ្ឋអាមេរិកក៏មានការជួបនៅអាមេរិក។ នៅឯប្រទេសប៊ែលហ្សិកក៏មានការជួបជាមួយបងប្អូនខ្មែរ ដែលរស់នៅឯអឺរ៉ុប (និង)ពីប្រទេសមួយចំនួន។ ហើយមកដល់ ប្រទេសស្វ៊ីស ក៏មានការជួបជាមួយបងប្អូនខ្មែរយើង ដែលមកពីប្រទេសមួយចំនួន រាប់ទាំងស្វ៊ីសខ្លួនឯង។

អ្នកធ្វើអត្ថាធិប្បាយមួយចំនួន បើខ្លួនភ្លើ កុំទាញគេទៅតាមខ្លួន

មានអ្នកធ្វើអត្ថាធិប្បាយថា លោក ហ៊ុន សែន ថាជាជោគជ័យ ប៉ុន្តែ មិនឃើញមានអ្វី។ អានេះគិតថាទៅស្ទួច​ត្រី? ស្ទួចហើយវាទាល់តែបានត្រីមកផ្ទះបានវាជោគជ័យ។ បើលោកបណ្ឌិត គិតតែពីខ្លួនឯង ទម្រាំបានបណ្ឌិត តើត្រូវរៀនអស់ប៉ុន្មានឆ្មាំ? ខ្ញុំទៅនេះ ទៅរកបានអាហារូបករណ៍ សម្រាប់បណ្តុះបណ្តាលនិស្សិតរបស់យើង ទៅរកបាននូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងនយោបាយ សេដ្ឋកិច្ច រហូតដល់វិស័យការពារជាតិ និងសន្តិសុខទៀតផង។ ប៉ុន្តែ អស់លោកបែរជាធ្វើជាអ្នកវិភាគថា មិនទាន់ឃើញនូវលទ្ធផលជាដុំកំភួន។ ប៉ុន្តែ លោកមានដែលគិតថា តើការប្រជុំអាស៊ី-អឺរ៉ុប វាធ្លាប់មានកើតនៅកម្ពុជាទេ ក្នុងប្រវត្តិរបស់កម្ពុជា? តើការប្រជុំអាស៊ី-អឺ​រ៉ុប​នេះ វាជោគជ័យ(វិស័យ)ការទូតកម្ពុជាឬយ៉ាងណា? ខ្ញុំគិតថា បើសិនជាការវិភាគឡប់ៗបែបនេះ គួរតែ(ទុកអោយ)វិភាគទៅតាមអស់លោកទៅចុះ ក៏ប៉ុន្តែ ខ្ញុំមិនចង់ឱ្យកូនខ្មែរមានការភ័ន្តច្រឡំ ឬមានការយល់ខុស រហូតទៅដល់បង្រៀនកូនខ្មែរឱ្យចេះភ្លើនោះទេ។ ប្រសិនបើភ្លើៗតែម្នាក់ឯងទៅចុះ គួរកុំនាំកូនខ្មែរទៅភ្លើ។ ខ្ញុំមិនចង់ឱ្យ​លោក​បណ្ឌិតភ្លើនោះទេ ក៏ប៉ុន្តែ បើលោកភ្លើទៅហើយ គួរកុំទាញអ្នកដទៃឱ្យភ្លើតាមខ្លួន។ ប៉ុន្តែ ខ្ញុំគិតថា យុវជនកម្ពុជា កុមារកម្ពុជា និងប្រជាជនកម្ពុជាទូទៅ មិនភ្លើតាមអស់លោកទេ។

ចាប់ពីថ្ងៃទី ០១ មករា ២០១៩ នឹងអនុវត្តបៀវត្សរ៍អប្បបរមា កម្មករ/និយោជិត ១៨២ ដុល្លារ

លើការជាក់ស្តែង សង្គ្រាមចិត្តសាស្ត្របក់បោកយ៉ាងខ្លាំងចំពោះសម្រាប់ជី​វិតកម្មករ/ការិនីរបស់យើង។ ឥឡូវនេះ សួរថា តើកម្មករ/ការិនីរបស់យើងបាត់បង់ការងារធ្វើ បាត់បង់ប្រាក់ចំណូលហើយឬនៅ មកដល់ពេលនេះ? មិនទាន់មានទេ។ ដូចដែល ឯកឧត្តម អ៊ិត សំហេង លើកឡើងអម្បាញ់មិញ រួចទៅហើយថា ការចរចាដែលបានធ្វើក្នុងយន្តការត្រីភាគី រាជរដ្ឋាភិបាល តំណាងកម្មករ និងតំណាងម្ចាស់រោងចក្រ បានចរចា ត្រូវរ៉ូវគ្នារួចស្រេចទៅហើយនូវប្រាក់បៀវត្សអប្បបរមា ដែលបច្ចុប្បន្នមាន ១៧០ ដុល្លារ(អាមេរិក) និងឆ្នាំក្រោយ ចាប់ពីថ្ងៃទី ០១ មករា ២០១៩ តទៅ នឹងអនុវត្តរហូតទៅដល់ ១៨២ ដុល្លារសហរដ្ឋអាមេរិក។ សូមអបអរសាទរជាមួយនឹងកំណើន នៃប្រាក់បៀវត្ស។

ចម្លែកទៅដល់ស្វ៊ីស អត់មានបាតុកម្ម

សូមអស់លោកភ្លឺភ្នែកបន្តិច ខ្ញុំយល់ថា ខ្ញុំមិនចម្លែកទេ។ ពេលដែលមកដល់ស្វ៊ីសបានខ្ញុំចម្លែក រឿងអស់​លោកទៅសុំឱ្យគេកាត់ជំនួយ វាមិនមែនជារឿងថ្មីថ្មោងទេ។ រឿងអស់លោកធ្វើបាតុកម្មប្រឆាំងខ្ញុំនៅកន្លែងនេះ/នោះ ខ្ញុំអត់ចម្លែកទេ តែរឿងដែលចម្លែក មកដល់ស្វ៊ីស មកដល់ហ្សឺណែវ បែរជាអត់មានបាតុកម្ម? អាហ្នឹងបានជាការចម្លែកអស់ទាស់។ កុំភ្លេចឱ្យសោះ ពួកប្រឆាំងបើគេប្រឆាំងអត់ចម្លែកទេ តែរឿងដែលគេអត់ប្រឆាំង ទើបវាចម្លែក​។ គេគួរតែធ្វើបាតុកម្មនៅហ្សឺណែវតែម្តង ព្រោះជាកន្លែងដែលពេញនិយម សម្រាប់ការធ្វើបាតុកម្មរបស់ពួកគេ។ មុនពេលដែលខ្ញុំទៅដល់ គេធ្វើបាតុកម្មពីរ (ឬ)បីដងទៅហើយនៅហ្សឺណែវ ក៏ប៉ុន្តែ មកដល់ហ្សឺណែវបែរជាអត់មានបាតុកម្មទៅវិញ។ មូលហេតុអី? ធ្វើក៏វាអត់ន័យ ហើយសំខាន់វាអត់ចូលរួម ហើយចូលមកវាចំ​នួន​តិចជាងអ្ន​កទៅទទួលស្វាគមន៍នោះ។ អញ្ចឹងវាអន់ពេក។ អញ្ចឹងបាន(ជាគេ)ធ្វើដូចមិនដឹង។ ប៉ុន្តែការពិតគេបាននិយាយអំពីបញ្ហាបាតុកម្មនៅញូវយ៉ក ប្រកាសមួយថ្ងៃថា ដឹកនាំបាតុកម្ម មួយថ្ងៃក្រោយប្រកាសថា អត់ដឹកនាំទេ គេមានការងារផ្សេង។ តាមពិតគេនៅនោះ។ ប៉ុន្តែ ដល់ឃើញមនុស្សវាតឹកឡឹកពេក …។

អង្គការពាណិជ្ជកម្មពិភពលោកនៅតែមានឥទ្ធិពលក្នុងការដោះស្រាយបញ្ហា

យើងបានប្រឹងប្រែងកសាងប្រទេសក្នុងពេលដែលគេមានរឿងតែបីទេ។ ទៅប្រាប់កុំអោយផ្ដល់ជំនួយមកកម្ពុជាទី ១។ ទី ២ កុំមកវិនិយោគនៅកម្ពុជា និងទី ៣ គឺកុំទិញទំនិញរបស់កម្ពុជា។ រឿងរបស់គេមានតែ ៣ រឿងហ្នឹងទេ។ ប៉ុន្តែ តើពួកគេបានទៅដល់ណាហើយ បង្ហិនបង្ហោចកម្ពុជាទៅដល់ណាហើយ។ បរទេសមិនមែនចេះតែជឿនោះទេ ព្រោះនៅលើពិភពលោកបច្ចុប្បន្ន (មាន)យន្តការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ជាពិសេស បើទោះ​បីជាមានការបំពានពីប្រទេសខ្លះ ប្រកាសជាឯកតោភាគីនិយមទៅលើការដាក់ពន្ធ ឬរារាំងទំនិញពីប្រទេសនេះប្រទេសនោះ ក៏ប៉ុន្តែអង្គការពាណិជ្ជកម្មពិភពលោក នៅតែជាអង្គការដ៏មានឥទ្ធិពលដោះស្រាយបញ្ហា និងប្រ​ទេសជាច្រើន ជាទូទៅ គោរពនូវវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក ដែលមានទៅមានមក មានភាពអនុ​គ្រោះ និងមានភាពមិនអនុគ្រោះ តាមលក្ខខណ្ឌនៃកត្តាសេដ្ឋកិច្ច និងនយោ​បាយសម្រាប់ប្រទេសនីមួយៗ។ នោះហើយជាចំណុចដែលយើងបានរួមគ្នាធ្វើ។

ការងារហត់នឿយ ចេញក្រៅច្រើន តែបាននាំមកវិញនូវសេចក្តីសុខសម្រាប់ប្រជាពលរដ្ឋ

រឿងនេះ មិនមែនជាជោគជ័យដាច់ដោយឡែករបស់ ហ៊ុន សែន នោះទេ។ ពិតហើយ ក៏សូមបញ្ជាក់ជូនក្មួយៗថា និងជូនចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស អោយបានជ្រាបថា អាទិត្យនេះ គឺមានវត្តមាននិយាយជាមួយក្មួយៗនៅទីនេះ តែអាទិត្យក្រោយនេះត្រូវចេញទៅសាំងហ្គាពួរ ប្រជុំអាស៊ានទៀតហើយ … នៅចេញក្រៅប្រ​ទេស​ ពីនេះទៅដល់ចុងឆ្នាំ អាចចេញយ៉ាងតិច ៣ ដងទៀត។ ទី ១ ត្រូវទៅប្រជុំអាស៊ាននៅសាំងហ្គាពួរ។ ទី ២ ត្រូវទៅទស្សនកិច្ចនៅនេប៉ាល់ និងការប្រជុំអន្តរជាតិនៅនេប៉ាល់នៅចុងខែវិច្ឆិកានេះ និងទី ៣ មានទស្សនកិច្ចផ្លូវការ និងប្រជុំនៅឯវៀងចន្ទន៍ និងមិនទាន់គិតការបញ្ចូលបន្ថែមទស្សនកិច្ចនៅប្រទេសខ្លះទៀត។ នោះហើយគឺជាកិច្ចការរបស់នាយករដ្ឋមន្ត្រីត្រូវធ្វើ ក្នុងប្រទេសផង ​និងក្រៅប្រទេសផង។ ខ្ញុំបានប្រកាសតាមហ្វេសប៊ុក ពីប្រ​ទេសស្វ៊ីស ពី(ទីក្រុង)ហ្សឺណែវ ម្សិលមិញនេះ និយាយរួមតាំងពីមកដល់ ឯកសារដែលត្រូវចុះហត្ថលេខាប្រ​ហែលជាង ១០០។ ម្សិលមិញនេះ មានជិត ៤០ ពេលល្ងាច និងពេលព្រឹកប្រហែលជា ២០ ដើម្បីចុះហត្ថលេខា។ គ្រប់តែក្រសួងមានទាំងអស់។ កាលណាយើងចេញផុតទៅ ឯកសារត្រូវកក។ គរចាំ។ ដូច្នេះត្រូវចាំយើងត្រឡប់មកវិញទើបបានធ្វើ។ នោះគឺការហត់នឿយ ដោយសារតែការហត់នឿយនោះហើយ  បានជានាំសេចក្ដីសុខសម្រាប់ប្រជាពលរដ្ឋរបស់យើង។

អ្នកកាន់កាប់ក្រសួង អភិបាលខេត្ត/ស្រុក មិនអាចស្រែកថាហត់

ខ្ញុំយល់ថា អ្នកដទៃកាន់កាប់ក្រសួង ឬអភិបាលខេត្ត/ស្រុក មិនអាចប្រើពាក្យថាហត់ណាស់។ ពាក្យថាហត់ណាស់និយាយមិនបានទេ ព្រោះថា គ្មានអ្នកណាហត់ជាងនាយករដ្ឋមន្ត្រីទេ។ អស់លោកកាន់ក្រសួងមួយហើយស្រែកថាហត់ កាន់ខេត្តមួយហើយស្រែកថាហត់។ ចុះខ្ញុំកាន់ប្រទេសមួយមិនស្រែកថា ហត់ផង​។ អញ្ចឹងទេបើថាហត់ គិតដល់ ហ៊ុន សែន ផង តើហត់ប៉ុណ្ណា? ហ្នឹងនិយាយអោយវាឃើញទៅ។ អស់លោក(អង្គុយ)នៅពីក្រោយ សុទ្ធតែកាន់ក្រសួងមួយទេ អស់លោកស្រែកថាហត់។ ត្រូវហើយខ្ញុំយល់ពីហត់ បើលោកហត់មួយ ខ្ញុំហត់ដល់ ១០ ឯណោះ ព្រោះក្រសួងទាំងអស់ត្រូវនៅក្នុងដៃ ត្រូវសុំការសម្រេចរបស់(នាយករដ្ឋមន្ត្រី)។ ពិតហើយសមត្ថកិច្ចគឺរដ្ឋមន្ត្រីមួយៗ ប៉ុន្តែអ្វីដែលផុតពីសេចក្ដីសម្រេចរបស់រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីជាអ្នកសម្រេចទៅលើរឿងនោះ។ អញ្ចឹងទេបានជាគេថាពាក្យ ធ្វើជ្រូកមិនរាទឹកក្ដៅ ប៉ុន្តែខ្ញុំមិនមែនជាជ្រូកទេ។

២០១៩ បៀវត្សរ៍អប្បបរមា ១៨២ ដុល្លារ

ពេលនេះ ខ្ញុំក៏សូមអរគុណ​កោតសរសើរជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានខិតខំធ្វើកិច្ចការទាំងឡាយ រួមជាមួយស្ថាប័នពាក់ព័ន្ធ និងរួមជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ដែលបានរៀប​ចំអោយខ្ញុំសំណេះសំណាល ហើយបានដោះស្រាយបញ្ហាជាច្រើន ដែលក្នុងនោះនៅពេលដែលពូចាប់ផ្ដើមចុះជួបកម្មករ … មិនមែនរឿងថ្មីថ្មោងរបស់ពូទេ គ្រាន់តែមិនមានទ្រង់ទ្រាយធំ។ តែពូបានចាប់ផ្ដើម(ធ្វើក្នុងទ្រង់​ទ្រាយធំ)ពីខែសីហា។ ពេលនោះ នៅចាំទេថា ឆ្នាំ ២០១៧ ក្មួយៗមានបៀវត្សរ៍ត្រឹមតែ ១៥៣ ដុល្លារសហរដ្ឋអាមេរិកទេ។ ប៉ុន្តែឆ្នាំ ២០១៨ ប្រាក់បៀវត្សអប្បបរមាបានឡើងមកដល់ ១៧០ ដុល្លារ ឥឡូវនេះសល់តែប៉ុន្មានខែទៀតទេ គឺប្រាក់ខែរបស់ក្មួយនឹងឡើងទៅដល់១៨២ ដុល្លារ។

ប្រៀបធៀបបៀវត្សរ៍កម្មករ/ការិនី នឹងបណ្ដាប្រទេសមួយចំនួន

បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួន ៦៧ ដុល្លារ គឺអត់ឡើងរយៈកាល ៥-៦ ឆ្នាំ ហើយ។ នៅប្រទេសបង់ក្លាដែសនៅ ៦៧ ដុល្លារ ឥឡូវមិនដឹងថាបង់ក្លាដេសបានឡើងដល់ប៉ុន្មាន? ឥឡូវ ឡើងដល់ ៩០ ដុល្លារជាងនៅឆ្នាំក្រោយ។ អញ្ចឹងយើងឃើញថា ប្រទេសនានាសុទ្ធតែមានការឡើង ប៉ុន្តែបើទោះបីមានឡើងដល់ ៩០ ដុល្លារ ប្រៀបជាមួយ ១៨២ ដុល្លារ បានសេចក្ដីថា ខុសគ្នាមួយជាពីរ។ រវាងយើងជាមួយនឹងដៃគូពាក់ព័ន្ធ ដូចជាប្រ​ទេសបង់ក្លាដេស ដូចជាប្រទេសស្រីលង្ការ ឬប្រទេសឥណ្ឌា។ ឥណ្ឌាអាចឡើងដល់ប៉ុន្មាន? ឥណ្ឌាគាត់នៅពី ៧៧ ដុល្លារទៅ ១៣០ ដុល្លារ ប៉ុន្តែរង់ចាំមើលក្រែងលោមានឡើង។ ប៉ុន្តែ បង់ក្លាដេសដឹងតែឡើង។ ចុះស្រីលង្ការ? ស្រីលង្ការនៅ ៦៧ ដុល្លារដដែល។ មីយ៉ាន់ម៉ាឡើងទេ? មីយ៉ាន់ម៉ាឡើងដល់ ១០៨ ដុល្លារហើយ។ នៅឡាវ? នៅដដែល។ វៀតណាមក៏ឡើង ឡើងបាន ៤ ដុល្លារ។ ហ្នឹងអាទាបឡើងដល់ ១២៨ ដុល្លារ អាខ្ពស់ឡើងដល់ ១៨៤ ដុល្លារ។ អញ្ចឹងទេ ក៏សូមបញ្ជាក់ថា យើងនៅក្នុងក្របខណ្ឌអាស៊ាននេះ ឥឡូវវៀតណាមមានកន្លែង ១២៨ ដុល្លារទាបបំផុត និង១៨៤ ខ្ពស់ មានគេចែកជាតំបន់​។ ប៉ុន្តែសម្រាប់យើង គឺបៀវត្សរ៍ស្មើគ្នានៅក្នុងក្របខណ្ឌទូទាំងប្រទេស គ្មានតំបន់ដែលទាប និងគ្មានតំបន់ដែលខ្ពស់នោះទេ។

សូមម្ចាស់ផ្ទះជួលទាំងឡាយ កុំដំឡើងថ្លៃខ្លាំងពេក

អញ្ចឹងទេ ឥឡូវនេះ បន្ថែមពីលើប្រាក់ឈ្នួលដែលបានកើនជាបន្តបន្ទាប់ ឆ្នាំ ២០១៨ កន្លងទៅនេះ ម្ចាស់ផ្ទះមិនបានដំឡើងថ្លៃនោះទេ។ ខ្ញុំក៏សូមអំពាវនាវ ចំពោះម្ចាស់ផ្ទះទាំងអស់ គឺប្រសិនបើឡើង សូមមេត្តាកុំឡើងខ្លាំងពេក​។ តិចទៅបូកថា ចាំឆ្នាំ ២០១៩ បូកឡើងទាំង ២០១៨ អត់បានឡើង បូកថែមទាំងអា ២០១៩ ទៀត។ ដូច្នេះ សូមអោយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជួយពិនិត្យមើលបញ្ហានេះផង ដែលខ្ញុំសូមអំពាវនាវចំពោះម្ចាស់ផ្ទះជួលទាំងឡាយ សូមមេត្តាយោគយល់ទៅដល់ការចាំបាច់ ក្នុងការបង្កើនជីវភាពរស់នៅរបស់កម្មករ/ការិនីរបស់យើង។

ម្ចាស់រោងចក្រហ៊ាន ១៧៧ ដើម្បីអោយអោយកម្មករ/ការិនីបានថែម ៥ ដុល្លារ រដ្ឋត្រូវទម្លាក់ថ្លៃអគ្គិសនី

ថ្លៃភ្លើងយើងបានបញ្ចុះហើយ ការចរចាថ្លៃភ្លើងនេះហើយ ដែលយើងបាននាំទៅដល់ប្រាក់បន្ថែមសម្រាប់អោយកម្មករ/ការិនីរបស់យើង ៥ ដុល្លារ ថែមទៀត។ សមាគមរោងចក្រ ហ៊ានត្រឹមតែ ១៧៧ ដុល្លារទេ។ ក៏ប៉ុន្តែ ដើម្បីអោយកម្មករ/ការិនី ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសរបស់យើង បានទទួលអត្ថប្រយោជន៍ពីថ្លៃភ្លើង គឺរដ្ឋត្រូវទទួលបន្ទុកពីការខាតបង់មួយចំនួន អំពីការទម្លាក់ថ្លៃអគ្គិសនីចុះ ដើម្បីទាញបៀវត្សរ៍អោយកម្មករ/ការិនីរបស់យើង បាន ៥ ដុល្លារថែមទៀត ជាមួយនឹងអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរបស់យើង ដែលទទួលបានការប្រើប្រាស់ភ្លើងថោកជាងពេលនេះ។

បន្តពិនិត្យតាមដាន គោលការណ៍ព្យាបាលឥតគិតថ្លៃជូនកម្មករ និងអត្ថប្រយោជន៍ជូនកម្មការិនីឆ្លងទន្លេ

ខ្ញុំនៅតែបន្តស្នើសុំអោយក្រសួងធ្វើការត្រួតពិនិត្យតាមមុខសញ្ញាទាំងអស់ ដែលឯកឧត្តម អ៊ិត សំហេង បានលើកឡើងក្នុងវិស័យសុខាភិបាល។ ក្រសួងសុខាភិបាលតាមពិនិត្យគ្រប់ទីកន្លែងទាំងអស់ ដើម្បីអនុវត្តតាមគោលការណ៍ព្យាបាលចំពោះកម្មករ/ការិនីដោយមិនគិតប្រាក់ ទាំងកម្មករក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយត្រូវត្រួតពិនិត្យអោយបានដិតដល់ចំពោះកម្មការិនីឆ្លងទន្លេ ដែលត្រូវទទួលបាននូវការឈប់សម្រាកសម្រាប់ ៣ ខែ ជាមួយនឹងប្រាក់បៀវត្ស ១២០% ឯណោះ។ អញ្ចឹងទេ បានសេចក្ដីថា នៅពេលដែលចាប់ផ្ដើមក្មួយៗកំពុងធ្វើការមានប្រាក់បៀវត្សត្រឹមតែ ១០០%។ ឧទាហរណ៍ថា ១៧០ ដុល្លារ … ៣ នាក់ មិញនេះ (ពរពោះកូន)ភ្លោះ ហើយសុទ្ធតែស្រីទៀត។ ៦ តែម្ដង …។

ពិនិត្យអោយបានដិតដល់ ការផ្តល់នូវថវិកាសម្រាប់ស្រ្តីឆ្លងទន្លេ

… ត្រូវតាមដានមើលអោយបានដិតដល់ ហើយជាមួយនោះក៏ត្រូវពិនិត្យអោយបានដិតដល់ នូវការផ្តល់នូវថវិកាសម្រាប់ស្រ្តីឆ្លងទន្លេ កម្មការិនីឆ្លងទន្លេ ដែលទទួលបាននូវប្រាក់ឧបត្ថម្ភចំនួន ៤០ ម៉ឺនរៀល សម្រាប់ស្រ្តីម្នាក់ ដែលឆ្លងទន្លេបានកូនមួយ និង ៨០ ម៉ឺនរៀល​ សម្រាប់ស្រ្តីម្នាក់ដែលបានកូនពីរ និង ១២០ ម៉ឺនរៀល សម្រាប់ស្រ្តីម្នាក់ដែលឆ្លងទន្លេបានកូនភ្លោះបី។ អ្នកកូនភ្លោះបានកូនបី នឹងទទួលបានបន្ថែម ៥ លានរៀល ពីខ្ញុំទៀត។ ប៉ុន្តែវាកម្រកើតណាស់ ឥឡូវដោយសារភ្លើងវាភ្លឺពេក។ កាលពីមុន កើតភ្លោះបីនោះ ១ ខែៗ និយាយពីកើត។ កាលពេលមុននោះ វាអត់មានភ្លើងភ្លឺដូចឥឡូវ អញ្ចឹងវានាំគ្នាទៅចាប់កំណើតអញ្ចឹង។ ដល់ឥឡូវភ្លើងភ្លឺ ខែហ្នឹង ៣ គ្រួសារ ហើយកើតចំអាភ្លឺ ឬអាងងឹត កើតនៅមន្ទីរពេទ្យណា? ទៅវិញគិតចូលមើលអាភ្លោះបីបន្តិច បើមានពេល ព្រោះអាហ្នឹងវាទៅជាកូនរបស់ខ្ញុំទៅហើយ។ ថារកពិធីជួបជុំអាភ្លោះបីម្តង ព្រោះអោយតែភ្លោះបី កើតតែមួយវាលំបាកណាស់ទៅហើយ អោយតែកូនញឹក ពូធ្លាប់និយាយរឿងហ្នឹងអោយស្តាប់ អារឿងបញ្ហាអញ្ចឹងបានជាថា បងគង់ដឹងខ្លួនពេលអត់អូន។ រឿងនេះវាកើតចំពូតែម្តងនៅត្រង់ថា កូន ១៣ ខែ ដឹងតែកើត ១។ វាមក ៤ ជាប់គ្នាតែម្តង។ ថ្ងៃមួយប្រពន្ធទៅវៀងចន្ទន៍បាត់ទៅ ទុកកូនអោយនៅជាមួយយើង កូនស្រីពៅនោះវាយំឃ្លានបៅ។ ខំទៅឆុងទឹកដោះគោអោយ។ ខ្លាចអាល្អិតៗ ២ នាក់នោះ វានៅពីក្រោយ ក្រែងវាលោទឹកក្តៅ​រលាក។ ខំយកទៅឆុងនៅឯណោះ។ ងាកមកវិញ អស់ម្សៅទឹកដោះគោរលីង។ បើវាស៊ីអស់ទៅ។ មីល្អិតនោះ កាន់តែស្រែកលឺ។ យើងមានអីអោយវា បើអស់រលីងពីកំប៉ុងហើយ​។ ជំនាន់នោះវាអញ្ចឹង។ នេះកើតតែមួយម្តងផង គ្រាន់តែវាញឹក ចុះទម្រាំគ្នាកើតម្តងពីរ ឬម្តងបី អាហ្នឹងវាលំបាក អញ្ចឹងបានមានការឧបត្ថម្ភខុសៗគ្នា។

ត្រៀមថវិការហូតដល់ ១០ លានដុល្លារសម្រាប់ស្រ្តីឆ្លងទន្លេ, អំពាវនាវមកចុះបញ្ជី ទើបបានអត្ថប្រយោជន៍

ឥឡូវនេះ ក្នុងឆ្នាំនេះ យើងបានត្រៀមថវិការហូតទៅដល់ ១០ លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែមកដល់ពេលនេះ ចំនួនកូនដែលបានកើត បានត្រឹមតែជាង ៥ ម៉ឺន ២ ពាន់ នាក់ តែប៉ុណ្ណោះ។ អ្នកដែលឆ្លងទន្លេគឺ ៥ ម៉ឺន ១ពាន់នាក់ តែកូនជិត ៥ ម៉ឺន ២ ពាន់នាក់ ដោយសារតែមានកូនភ្លោះ។ យើងអាចប៉ាន់ស្មានបាន។ ក៏ប៉ុន្តែប្រាក់នេះចាយមិនអស់ មិនមែនបានសេចក្តីថា កូនមិនកើតទេ គឺសហគ្រាសមួយចំនួនមិនទាន់បានមកចុះបញ្ជីជា​មួយបេឡាជាតិសន្តិសុខសង្គម។ យើងអំពាវនាវអោយម្ចាស់សហគ្រាសទាំងឡាយទាំងក្នុងប្រព័ន្ធ និងក្រៅប្រ​ព័ន្ធ មកចុះបញ្ជី ដើម្បីអោយស្រ្តីជាកម្មការិនីទទួលបាននូវអត្ថប្រយោជន៍ ពីគោលនយោបាយគាំពារសង្គមរបស់យើង។

ត្រួតពិនិត្យការបង់វិភាគទានកាតព្វកិច្ចរបបសន្តិសុខសង្គម ថែទាំសុខភាព ឈ្នួលផ្ទះ អគ្គិសនី/ទឹក

បន្តត្រួតពិនិត្យនូវការបង់វិភាគទានកាតព្វកិច្ចរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដែលមុននេះកម្មករបង់ ៥០% និងម្ចាស់រោងចក្របង់ ៥០% ក៏ប៉ុន្តែក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ម្ចាស់រោងចក្រត្រូវបង់ជំនួសកម្មករចំ​នួន ១០០% តែម្តង ដែលធ្វើអោយកម្មកររបស់យើងបានទទួលនូវប្រាក់ចំណេញក្នុង​មួយខែ ពី ៨០០០ រៀល ទៅ ១៣០០០ រៀល ក្នុងមួយខែ។ ត្រូវបន្តរឿងនេះនៅក្នុងឆ្នាំជាបន្តទៀត។ ត្រូវពិនិត្យជាប្រចាំនូវថ្លៃឈ្នួល ថ្លៃផ្ទះ ថ្លៃអគ្គិសនី ដែលនៅតាមតំបន់កម្មករស្នាក់នៅ។  សូមអោយបន្តការខិតខំដើម្បីតទឹក តភ្លើង ទៅជាមួយផ្ទះកម្មករដែលពង្រីកថ្មីៗ ដែលសូមអោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម បន្តការយកចិត្តទុកដាក់តបណ្តាញទឹក ទៅកាន់តំបន់ផ្ទះកម្មករដែលកសាងថ្មីៗ និងខាងផ្នែកក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនអគ្គិសនី ត្រូវបន្តតភ្លើង ទៅកាន់ទីកន្លែងដែលមានផ្ទះកម្មករកសាងថ្មីៗ ដែលនៅទីនោះធ្វើយ៉ាងណាអោយកម្មកររបស់យើងទទួលនូវប្រាក់ចំណូលខ្ពស់ ប៉ុន្តែចំណាយទៅវិញតិចជាង។

ឈានទៅអនុវត្តប្រាក់សោធនិវត្តន៍សម្រាប់កម្មករនិយោជិតនៅឆ្នាំ ២០១៩

បន្តការយកចិត្តទុកដាក់ទៅលើការដាក់អោយអនុវត្តអំពីសោធនិវត្តន៍សម្រាប់កម្មករនិយោជិតនៅឆ្នាំ ២០១៩ ខាងមុខនេះ។ ក្មួយៗជាកម្មករ/ការិនីរបស់យើង ក៏មានប្រាក់សោធនិវត្តន៍ដូចមន្ត្រីរាជការស៊ីវិលផងដែរ​។ ក៏ប៉ុន្តែចំណុចនេះ ពូនៅតែបញ្ជាក់ហើយបញ្ជាក់ទៀតថា មិនមែនធ្វើការមួយថ្ងៃ មួយខែ ឬមួយឆ្នាំ គ្រប់លក្ខណសម្បត្តិដើម្បីទទួលបានប្រាក់សោធនិវត្តន៍ នៅពេលចាស់ទៅនោះទេ។ ត្រូវធ្វើការអោយគ្រប់ចំនួនកំណត់តាមច្បាប់ ដើម្បីបានទទួលនូវផលប្រយោជន៍ នៃប្រាក់ចូលនិវត្តន៍ ដែលជាធម្មតា នៅពេលមុននេះ ពេលដែលកម្មករបាត់បង់ការងារទៅ គឺពុំមានការធានារ៉ាប់រងណាមួយទេ។ យើងចង់អោយកម្មកររបស់យើងទទួលបាននូវអត្ថប្រយោជន៍ នៅពេលដែលខ្លួនចាស់ទៅ ដោយមិនពឹងពាក់ច្រើនពេកទៅលើកូន។ ក្នុងគ្រួសារ យើងដឹងហើយ កូនខ្លះក៏ចិត្តបាន កូនខ្លះក៏ចិត្តមិនបាន ក៏ប៉ុន្តែនៅពេលដែលកម្មករ/ការិនីរបស់យើងជាមាតាបិតាចាស់ទៅ មិនមានការពឹងផ្អែកហួសហេតុទៅលើកូន ដែលត្រូវទទួលបន្ទុកចិញ្ចឹមឪពុកម្តាយនោះទេ ដោយសារតែយើងមានប្រាក់បៀវត្សរបស់យើង ដែលបន្តពីការងារ ដែលយើងចប់ពីកម្មករទៅ។ ក្មួយៗត្រូវរក្សាទុកនូវសៀវ​ភៅការងារនេះអោយបានជាប់នៅក្នុងដៃ ព្រោះអញ្ចេះ សៀវភៅការងារនេះវាជាសៀវភៅសម្រាប់ជីវិតរបស់យើងតែម្តង។ ឧទាហរណ៍៖ យើងធ្វើការនៅក្នុងរោងចក្រនេះបាន ៥ ឆ្នាំ រោងចក្រនេះត្រូវបិទ អញ្ចឹងផ្ទេរទៅកាន់រោងចក្រមួយទៀត គេមិនកត់ត្រាពីមួយថ្ងៃឡើងទៅទេ គេកត់ត្រាពី ៥ ឆ្នាំ ១ ថ្ងៃឡើងទៅ ហើយ ៣ ឆ្នាំ ក្រោយ រោងចក្រនោះត្រូវបិទ ផ្ទេរទៅកាន់រោងចក្រមួយទៀត រោងចក្រនោះគេមិនកត់ពី ១ ថ្ងៃ ឡើងទៅទេ គេកត់ពី ៨ ឆ្នាំ ១ ថ្ងៃ ឡើងទៅ។ ដូច្នេះគ្រប់គ្រាន់ហើយ ទើបបានមានលក្ខណសម្បត្តិទទួលនូវប្រាក់សោធនិវត្តន៍ សម្រាប់ពេលដែលខ្លួនចាស់ទៅ។

រដ្ឋាភិបាលចំណាយជាង ២២ លានដុល្លារ លើការដែលថៅកែរោងចក្ររត់ចោលកម្មករ

… ជាមួយគ្នានេះ ម្សិលមិញ ខ្ញុំបានចុះហត្ថលេខាលើការស្នើសុំបុរេប្រទានប្រាក់ដូចជាត្រឹមតែជាង ១៤ ម៉ឺនដុល្លារទេ។ មានរោងចក្រណាមួយ ថៅកែរត់ចោលទៀតហើយ។ ដល់ថៅកែរត់ចោល គឺវិធីតែមួយគត់ រាជរដ្ឋាភិបាលចេញលុយជំនួសសិន គិតមកដល់ពេលនេះជិត ២២ លានដុល្លារអាមេរិកទៅហើយ។ អញ្ចឹងទេ ការសងមកវិញ មិនដឹងបានប៉ុន្មានទេ? ប៉ុន្តែបើតាមខ្ញុំដឹង ពេលដែលចុះហត្ថលេខា អោយខ្ចីប្រាក់យកទៅដោះស្រាយអោយកម្មករជាង ២២ លានដុល្លារ។ អញ្ចឹង ដោយសារតែហេតុផលនេះហើយបានជា យើងចាប់ផ្តើមធ្វើវិសោ​ធនកម្មច្បាប់ ទាក់ទិនជាមួយនឹងអត្ថប្រយោជន៍ ដែលកម្មករ/ការិនីទទួលបាន។ ដែលខាងមុននេះត្រូវអនុវត្ត ៦ ខែ ត្រូវបើកអោយម្តង កុំទុកអោយ​ជំពាក់ ៥ ឆ្នាំ ១០ ឆ្នាំ យ៉ាងដូច្នេះ ដែលធ្វើកម្មករម្នាក់ៗត្រូវថៅកែជំពាក់ដល់រាប់ពាន់ ចូលដល់ម៉ឺនដុល្លារ។ ពេលថៅកែជំពាក់ច្រើនពេក រត់ចោលទៅ បន្ទុកធ្លាក់លើរដ្ឋាភិបាលដដែល …។

បន្តការអំពាវនាវ ចំពោះអ្នកដឹកជញ្ជូនកម្មករទាំងឡាយ សូមមេត្តាសុវត្ថិភាពសម្រាប់កម្មករ

ជាមួយគ្នានេះ ក៏នៅបន្តការអំពាវនាវ ចំពោះអ្នកដឹកជញ្ជូនកម្មករទាំងឡាយ ផ្តល់សុវត្ថិភាពសម្រាប់កម្មករ/ការិនី ដែលឥឡូវពិតមែនតែមានការកាត់បន្ថយនូវគ្រោះថ្នាក់ ក៏ប៉ុន្តែ យើងមិនមែនគ្រាន់តែចង់កាត់បន្ថយទេ យើងចង់បញ្ចប់តែម្តងទៅលើការគ្រោះថ្នាក់កម្មករ ដោយសារតែបញ្ហាការដឹកជញ្ជូន។ គ្រោះថ្នាក់ចរាចរណ៍បានក្លាយទៅជាប្រធានបទដ៏ធំសម្រាប់ប្រទេសរបស់យើង។ ឥឡូវជីវិតរបស់ប្រជាជនយើងបានរងគ្រោះ បានស្លាប់ច្រើនជាងសម័យសង្គ្រាមទៅទៀត។ សម័យមានសង្គ្រាមមានថ្ងៃខ្លះអត់មានអ្នកស្លាប់ និងអត់មានរបួសទេ ដោយ​សារ​អត់មានការប្រយុទ្ធគ្នា ប៉ុន្តែពេលនេះ គ្មានថ្ងៃណាមួយដែលគ្មានថាស្លាប់ និងគ្មានរបួសនោះទេ គឺមានទាំងអស់។ ដូច្នេះសូមប្រជាជនទូទាំងប្រទេសខិតខំធានាយ៉ាងណា កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ គេហៅថា ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍។ ប្រសិនបើធ្វើយ៉ាងណាកុំអោយបើកបរក្រោមនូវឥទ្ធិពល នៃគ្រឿង​ស្រវឹង។ ក្នុងចំណោមនោះគឺមានចំនួនកម្មកររបស់យើង ដែលនៅទីកន្លែងមួយចំនួនគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តដឹកជញ្ជូន ឬដោយ​សារការធ្វើដំណើរតាមរបៀបនេះ របៀបនោះ។ សុវត្ថិភាពជាចម្បង ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហានេះ។

ខួបលើកទី ២០ នៃការដាក់ចេញចក្ខុវិស័យស្តីពីការពង្រាយរោងចក្រទៅកាន់មូលដ្ឋាន

ថ្ងៃនេះ យើងមកជួបនៅក្នុងស្រុកមុខកំពូល ក្របខណ្ឌខេត្តកណ្តាល ដែលមាន​ចំនួនរោងចក្រច្រើនណាស់ មិនចាញ់ទីក្រុងភ្នំពេញប៉ុន្មានទេ។ រោងចក្រនៅក្នុងខេត្តកណ្តាលមានប៉ុន្មាន? មានរហូតទៅដល់ ៤៦៤ រោងចក្រ/សហគ្រាស ដែលមានកម្មកររហូតទៅដល់ជាង ១៥ ម៉ឺននាក់។ ប្រាក់ឈ្នួលក្នុងមួយឆ្នាំ មានរហូតទៅដល់ ៣៧២ លាន(ដុល្លារ)។ ក្នុងនោះ រោងចក្រផលិតស្បែកជើង និងសំលៀកបំពាក់ ១៧០ (រោងចក្រ) ដែលមានកម្មករ/ការិនីចំនួន ១៣ ម៉ឺន ៧ ពាន់នាក់ ដែលប្រាក់ឈ្នួល ៣៣០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ។ នេះ​ជាជោគជ័យ នៃគោលនយោបាយពង្រាយរោងចក្រទៅតាមមូលដ្ឋាន ដែលពូបានប្រកាសឲ្យយកចិត្តទុក​ដាក់លើបញ្ហានេះកាលពី ១៩ ឆ្នាំមុន នៅសល់តែប៉ុន្មានខែទៀតទេ វាជាខួបលើកទី ២០ នៃការដាក់ចេញចក្ខុវិស័យ ស្តីពីការពង្រាយរោងចក្រទៅកាន់មូលដ្ឋាន។

ការដឹកនាំប្រទេស គឺវាដូច្នេះឯង។ វាមិនមែនឃើញត្រង់ណា ធ្វើត្រង់ហ្នឹងទេ។ បើនិយាយពីចក្ខុវិស័យនៃអាទិភាពទាំង ៤ គឺឆ្នាំនេះ គឺជាខួបលើកទី ៣១ នៃការដាក់ចេញចក្ខុវិស័យ អំពីអាទិភាព នៃការវិនិយោគ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលឥឡូវទៅជា មនុស្ស ផ្លូវ ភ្លើង ទឹក វិញម្តង។ ៣១ ឆ្នាំ រួចមកហើយ បើនិយាយពីការពង្រាយរោងចក្រ គឺរយៈពេល ១៩ ឆ្នាំហើយ។ សុំអ្នកមួយចំនួន ដែលមិនស្គាល់បញ្ហា សិក្សាឡើងវិញ …។ មិនមែនចាប់​នេះបន្តិច ចាប់នោះបន្តិច ហើយយកមកធ្វើជារឿងលេងសើច តាមរបៀបវិភាគបន្តុះបង្អាប់ ដោយគ្មានន័យស្ថាបនានោះទេ។ ខ្ញុំនៅចាំបាន ការប្រជុំបើកវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជន ដែលឆ្នាំនេះជាខួបលើកទី ២០ នៃថ្ងៃបើកវេទិការវាងរាជរដ្ឋាភិបាល និងឯកជន។ (វេទិកានេះ)ចាប់ផ្តើមពីឆ្នាំ ១៩៩៨។ ដល់ឆ្នាំ ១៩៩៩ យើងដាក់ចេញចក្ខុវិស័យ ត្រូវពង្រីករោងចក្រទៅទីកន្លែងផ្សេង ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ បន្ទាប់ពីយើងពង្រាយសាលារៀនទៅតាមគ្រប់ទីកន្លែង។

មានចម្លើយតែ ២ ទេ បើសិនគ្មានរោងចក្រនៅតាមមូលដ្ឋាន

អញ្ចឹងក្មួយៗនៅតាមភូមិតាមឃុំ ដែលមុននេះត្រូវទៅរកការងារនៅទីកន្លែងឆ្ងាយ បើទោះបីជាមុខកំពូលមិនឆ្ងាយពីក្រុងភ្នំពេញ ក៏ប៉ុន្តែចំណោទចោទចេញមកថា បើសិនមិនមានរោងចក្រនៅស្រុកមុខកំពូល ហើយមិនមានរោងចក្រនៅស្រុកខ្សាច់កណ្តាល ដែលពូបានទៅប៉ុន្មានខែមុននោះ តាំងពីឆ្នាំទៅនោះ សួរថា តើពេលនេះ ក្មួយកំពុងធ្វើអី? ចម្លើយមានតែ ២ ទេ បើសិនគ្មានរោងចក្រតាមមូលដ្ឋាន ចម្លើយទី ១ គឺខ្លួនកំពុងតែចេញពីភូមិកំណើត ទៅរកការងារធ្វើនៅទីក្រុងភ្នំពេញ ឬនៅកន្លែងផ្សេងទៀត ដែលអាចរកការងារធ្វើបាន ឆ្ងាយពីផ្ទះសំបែង។ ហ្នឹងចេញជាចម្លើយទី ១ បើសិនជាក្មួយៗចេញទៅរកការងារធ្វើក្នុងក្របខណ្ឌឧស្សាហកម្មក្តី ក្នុងក្របខណ្ឌសិប្បកម្មក្តី ឬផ្នែកសេវាក្តី។ ឯចម្លើយទី ២ គឺពេលនេះ ក្មួយៗកំពុងដកស្ទូង និងកំពុងដាំដុះជាមួយក្រុមគ្រួសារក្នុងវិស័យកសិកម្ម។ ចំណុចនេះ គេត្រូវមើល(អោយ)ឃើញ អំពីចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជន ដែលដឹកនាំរាជរដ្ឋាភិបាលតាំងពីដើមរហូតមកដល់ពេលនេះ។ វាជាជោគជ័យ (ដែល)យើងពង្រាយរោងចក្របានច្រើនខេត្តរួចមកហើយ។ ខេត្តព្រះសីហនុ យើងមានរោងចក្រ និងចំនួនកម្មករច្រើន។ ខេត្តស្វាយរៀង យើងមានរោងចក្រ និងកម្មករក៏ច្រើន។ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត ខេត្តកោះកុង ខេត្តពោធិសាត់ ខេត្តបន្ទាយមានជ័យ ដែលជាខេត្តពូត្រូវបន្តធ្វើដំណើរតទៅទៀត។

បន្តការចុះជួបកម្មករ ដើម្បីជម្រុញអនុវត្តនយោបាយឧស្សាហកម្ម ២០១៥-២០២៥

យើងនៅជំពាក់អ្នកខេត្តកណ្តាលនេះ ក៏មិនតិចដែរ នៅអង្គស្នួលមួយទៀត នៅពញាឮមួយទៀត នៅកណ្តាលស្ទឹងមួយទៀត។ អញ្ចឹងនៅជំពាក់ខេត្តកណ្តាល ៣។ រួចចុះកំពង់ស្ពឺនៅជំពាក់ប៉ុន្មានទៀត? ២ ទៀត។ ជំពាក់តាកែវ កំពត កោះ​កុង ពោធិសាត់ បន្ទាយមានជ័យ។ ទៅទៀត ទៅឲ្យដល់។ ពូនឹងដើរជុំ។ ពូនឹងបន្តជានាយករដ្ឋមន្ត្រីរយៈពេលមិនតិចជាង ១០ ឆ្នាំទៀតទេ។ ពូនឹងធ្វើកិច្ចការងារនេះ។ ពូអត់ចោលទេ។ ទៅហើយមកវិញៗ ដោយសារតែក្មួយ។ រឿងហ្នឹងត្រូវធ្វើ ព្រោះយើងដល់ដំណាក់កាលនៃការអភិវឌ្ឍផែនការគោលដៅ ក្នុងនោះនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលយើងចង់ធ្វើឲ្យសេដ្ឋកិច្ចរបស់យើងមានការរួមចំណែកកាន់តែធំ ពីវិស័យឧស្សាហកម្ម និងសេវា ដែលវាជាផ្នែកដ៏សំខាន់មួយ ជួយទ្រទ្រង់ទៅដល់ការអភិវឌ្ឍវិស័យកសិកម្ម។

រដ្ឋាភិបាលកំពុងជម្រុញ និងយកចិត្តទុកដាក់លើ សិប្បកម្មធុនតូច និងមធ្យមផងដែរ

ទឹកដីនៃស្រុកមុខកំពូលរបស់យើង កំពុងតែមានការប្រែប្រួល ហើយកន្លងទៅនេះ តាមរយៈឯកឧត្តម វង្សី វិសុទ្ធ ខ្ញុំក៏បានបញ្ជូនសាលារៀនទៅឃុំព្រែកអញ្ចាញ ដូចជាយើងឲ្យទៅ នូវសាលា ៣ ជាន់ ២ ខ្នង នៅវិទ្យាល័យ​ ជា ស៊ីម ព្រែកអញ្ចាញ សម្រាប់បង្កើតជាសាលាជំនាន់ថ្មី របៀបបង្រៀនតាមបែបថ្មីរបស់គេនោះ។ អញ្ចឹងទេ បន្ទាប់ពីការពង្រាយសាលារៀន យើងចាប់ផ្តើមឈានទៅដល់ការពង្រាយរោងចក្រ ហើយការពង្រាយរោងចក្រនេះ ក៏សុំពិនិត្យឲ្យបានដិតដល់។ បញ្ហារបស់យើងមិនមែនគ្រាន់តែជាការរង់ចាំរោងចក្រមកពីក្រៅទេ ការបង្កើតសិប្បកម្ម ដែលមានចរិតមួយផ្នែកជាលក្ខណៈពាក់កណ្តាលស្វ័យប្រវត្តិ ឬស្វ័យប្រវត្តិ មានចរិតជាសិប្បកម្ម ដែលបានបង្កើតនូវក្របខណ្ឌទូទាំងប្រទេស កំពុងតែមានការរីកធំធាត់។ ឥឡូវរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការដាក់ទុនបន្ថែម គាំទ្រឲ្យឧស្សាហកម្ម និងសិប្បកម្មខ្នាតតូច ដែលវានឹងពង្រាយទៅគ្រប់មូលដ្ឋាន ដែលអាចធ្វើទៅរួច។ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលមានផ្លូវ មានអគ្គិសនី សម្រាប់ទ្រទ្រង់ឲ្យការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានបន្តធ្វើ …។

ស្រុកមុខកំពូលមិនសូវសំបូរអ្នកមានផ្ទៃពោះ

ថ្ងៃនេះ ជាមួយនឹងការជួបជាមួយនឹងកម្មករ/ការិនីនៅស្រុកមុខកំពូលថ្ងៃនេះ ពូហាក់ដូចជាមិនសូវហត់ប៉ុន្មានទេ ដោយសារចំនួនកម្មកររបស់យើង គឺមានត្រឹមតែ ៦៧៨៥ នាក់ប៉ុណ្ណោះ។ ក្មួយៗដែលមានផ្ទៃពោះមានត្រឹមតែ ២៩៧ នាក់។ ដូច្នេះការហត់នឿយមិនជាខ្ពស់ … មុនៗនោះ អ្នកមានផ្ទៃពោះម្តងជួនកាលលើស ១ ពាន់នាក់ ជួនកាលលើសជិតដល់ ២ ពាន់នាក់។ ប៉ុន្តែគង់តែជួបឡើងវិញទេ។ ថ្ងៃនេះ បើគិតអត្រានេះ អ្នកមុខកំពូលដូចមិនសូវចង់បានកូន? ៦៧៨៥ នាក់ អ្នកមានផ្ទៃពោះតែ ២៩៧ នាក់ … អ្នកស្រុកមុខកំពូលមិនសូវចង់បានកូនប៉ុន្មានទេ ព្រោះកាលពេលមុន បើកាលណាយើងជួបចាប់ពី ១ ម៉ឺន ២ ពាន់នាក់ឡើង គឺចំនួនអ្នកដែលមានផ្ទៃពោះដល់ទៅ ៨០០ នាក់។ អញ្ចឹងទេបានសេចក្តីថា ឥឡូវជិត ៧ ពាន់នាក់ មានថា ៣០០ ចុះ។ បើអញ្ចឹងអត្រាអ្នកមានផ្ទៃពោះនៅស្រុកមុខកំពូលគឺទាបជាង។ ប្រហែលគេមានពន្យារកំណើត។ តែបន្តិចទៀតច្បាស់ជាមានច្រើន ធ្លាក់ខ្យល់ពីជើង …។ ថ្ងៃនេះ ពិតជារងារផ្កាគមែន ប៉ុន្តែ អ្នកចម្រៀងកុំភ្លេចចម្រៀង កន្សែងក្រហម ដែលជាចំណងដៃនិពន្ធពិសេសសម្រាប់កម្មករ/ការិនីរបស់យើងតែម្តង។

បញ្ចេញរថយន្តរដ្ឋពេលបុណ្យទាន ដើម្បីកុំឲ្យខាងឯកជនតម្លើងថ្លៃ

នៅពេលដែលបានជួបជាមួយនឹងកម្មករ/ការិនី ហើយក៏ជាការថ្លែងនៅក្នុងប្រទេស បន្ទាប់ពីការអាក់ខានមួយរយៈ ខ្ញុំសូមយក​ឱកាសនេះថ្លែងនូវការដំបូងអបអរសាទរ និងកោតសរសើរចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលកន្លងទៅនេះ បានខិតខំឆ្លងកាត់នូវការលំបាក ដើម្បីជួយដោះស្រាយនូវការលំបាករបស់ប្រជាជន ហើយជាពិសេស ការពារនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កលក្ខណ

ៈងាយស្រួលឲ្យប្រជាពលរដ្ឋ ប្រព្រឹត្តការធ្វើបុណ្យធ្វើទានតាមប្រពៃណីព្រះពុទ្ធសាសនារបស់យើង គឺការភ្ជុំបិណ្ឌបានយ៉ាងល្អ។ ថ្ងៃភ្ជុំ ពូនៅឯប្រទេសជប៉ុនឯណោះ ភ្ជុំនៅឯប្រទេសជប៉ុនឯណោះ ប៉ុន្តែមិនមែនបានសេចក្តីថា ទៅភ្ជុំទេ ថ្ងៃហ្នឹងចំថ្ងៃប្រជុំជប៉ុន-មេគង្គតែម្តង។ ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំរថយន្ត ១២០ គ្រឿង ដើម្បីជួយជូនដំ​ណើរប្រជាពលរដ្ឋ ក៏ដូចជាកម្មករ/ការិនីរបស់យើងទៅលេងស្រុក … និយាយរួមយើងដាក់តែពីរដងទេ ដាក់ពេលចូលឆ្នាំខ្មែរម្ដង ភ្ជុំម្ដង។ ដាក់រថយន្ដរដ្ឋ ដើម្បីកាត់បន្ថយពាក្យថា​ ម្ចាស់រថយន្ដឈ្នួល​​តម្លើង​ថ្លៃ។ បើទោះជានៅមានការតម្លើងថ្លៃ ក៏មិនហ៊ានតម្លើងថ្លៃខ្ពស់ដែរ​។ ដូច្នេះ ធ្វើឲ្យប្រជាជនរបស់យើងមាន​ការ​សប្បាយ​រីករាយ និងសន្សំ​បានប្រាក់​សម្រាប់ការចំណាយផ្សេងៗ រដ្ឋសុខចិត្ដខាតបង់ ដើម្បីជួយ​ប្រជាពល​រដ្ឋ​សម្រាប់​ដំណើរ​​កម្សាន្ដ​របស់គាត់។​ នេះជាការ​ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ កងកម្លាំង​ប្រដាប់​​អាវុធ​គ្រប់​ប្រភេទ​​ ដែលបានទទួលខុសត្រូវទៅលើកិច្ចការងារនេះ​។

ជួបសិស្សនិទ្ទេស A ជាទម្លាប់ប្រចាំ ក្នុងអាជីពនាយករដ្ឋមន្រ្តី

ទីពីរ ថ្លែងនូវការកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា និងផ្នែកពាក់ព័ន្ធ​ លោកគ្រូ អ្នកគ្រូ មាតា​បិតា ពិសេស សិស្សដែលបានប្រឡង​យ៉ាងល្អនៅក្នុងសម័យប្រឡង(កន្លងទៅ) ពិតមែនតែមាន​បញ្ហាកុំ​ព្យូទ័​រ វាមិនព្រមរត់ ធ្វើឲ្យមានការភាន់ច្រឡំ​នូវតួលេខមួយរយៈ ប៉ុន្ដែ ឆ្នាំនេះ សិស្សនិទ្ទេស A មានរហូតដល់ជាង ៤០០ នាក់​ ដែលខ្ញុំនឹងត្រូវជួបនៅថ្ងៃទី ​៨ (វិច្ឆិកា) ខាងមុខនេះ។ នៅប៉ុន្មានថ្ងៃទៀត។​ (ការនេះ)បាន​ក្លាយ​ទៅ​ជាទ​ម្លាប់ជាប់ជាប្រចាំ ក្នុងអាជីពនាយករដ្ឋមន្ដ្រី ប៉ុន្មានឆ្នាំជាប់គ្នា​។ នៅសល់ ១០ ឆ្នំា ទៀតនឹងបន្ដជួបតទៅ​ទៀត​។ នៅ​ពេល​ក្មួយៗជាប់និទ្ទេស A នឹងត្រូវបានទទួល​នូវការសំណេះសំណាលពីនាយករដ្ឋមន្ដ្រី។ ថ្ងៃទី ៨ បានកំណត់​ហើយ ​នឹងមានការជួបក្មួយនិទ្ទេស A​។ ពេលនោះ ក៏ត្រូវនាំកូនសិស្ស​ដែលត្រូវឲ្យ​រដ្ឋ​បាល​ខេត្ដ មន្ទីរ​អប់រំ​ខេត្ត ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវជូនចំពោះក្មួយៗ ​ដែលប្រឡងបាននិទ្ទេស A នេះ មកកាន់ទីក្រុងភ្នំពេញ​ ដោយសុវត្ថិភាព ទាំងទៅទាំងមក។

ជោគជ័យអាណត្តិទី ៥ កំណើនសេដ្ឋកិច្ច ៧,៣% លើសការព្យាករ

​សូមកោតសរសើរជាមួយនឹងការខិតខំទាំងអស់​ របស់បណ្ដាស្ថាប័នជាតិ​របស់យើង​ ដែល​ឆ្លងកាត់ជោគជ័យ​អាណត្ដិទី ៥ គឺជាជោគជ័យ នៃការរីកលូតលាស់​ខាងសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា​របស់យើង ដែលយើង​ទៅផុតពីការព្យាករកាលពីដើមឆ្នាំ ត្រឹមតែ ៧%។ ឥឡូវនេះ យើងសម្រេចបាន ៧,៣% ដែល​ជាទំហំមួយ​ អាចចាត់ទុកជាជោគជ័យ​ ធ្វើអោយប្រជាពលរដ្ឋម្នាក់នៅឆ្នាំ ២០១៩ មានប្រាក់ចំណូល​រហូត​ទៅដល់​ ១៧០៦ ដុល្លារ​។ ឆ្នាំនេះមានត្រឹមតែ ១៥៥៦ ដុល្លារតែប៉ុណ្ណោះ។ ខ្ញុំកំពុងគិតថា ​ យើងអាចនឹងសម្រេចមុនចប់អាណត្តិ​ទី ៦ (គោលដៅដែល)ប្រជាជនកម្ពុជានឹងមានប្រាក់ចំណូលក្នុងម្នាក់ៗ លើសពី ២០០០ ដុល្លារសហរដ្ឋអាមេរិក​។ ចំនួននេះ វាតិចជាងទំហំ ដែលក្មួយៗទទួលបាន។ ក្មួយៗទទួលបានក្នុងមួយខែប្រមាណជា ២០០ រាប់ទាំងប្រាក់បៀវត្សអប្បបរមា និងប្រាក់អត្ថប្រយោជន៍ដទៃទៀត ដែលក្មួយៗទទួលបានលើសពី ២០០០ ដុល្លារសហរដ្ឋ​អាមេរិក/ឆ្នាំ។ តាមការរៀបចំវាយតម្លៃរបស់អង្គការសហប្រជាជាតិ កាលពីមុននេះ រកប្រាក់ចំណូលបានត្រឹម ១ ដុល្លារ គេចាត់ទុកថា ឆ្លងកាត់បន្ទាត់នៃភាពក្រីក្រ … ឥឡូវនេះ គេគិតមួយថ្ងៃរកបាន ១,២៥ ដុល្លារ គេចាត់ទុកថា ឆ្លងផុតពីភាពក្រីក្រ។ ក៏ប៉ុន្តែ ក្មួយៗឥឡូវនេះមួយថ្ងៃរកបាន ៧ ទៅ ៨ ដុល្លារអាមេរិកទៅហើយ … ជោគ​ជ័យ​មិនអាចកើតបាន តាមរយៈត្រឹមតែនាយករដ្ឋមន្រ្តី​ម្នាក់និយាយនោះទេ ក៏ប៉ុន្តែគ្រប់ស្ថាប័នជាតិទាំងអស់បានប្រឹងប្រែង ប្រជាជនទាំងអស់បានប្រឹងប្រែង។

ព្រួយបារម្ភ ទឹកទន្លេចតុមុខអាចទាបពេក ពិបាកដល់ការប្រណាំងទូក

ឥឡូវ យោងទៅលើអ្វីដែលយើងបានឃើញ ទឹកស្រកដល់ណា មានសន្ទូងដល់នោះ។ មានសេចក្តីថា ធ្វើស្រែបណ្តេញទឹក។ ទឹកស្រកដល់ណា គឺស្ទូងដល់កន្លែងនោះ។ ឥឡូវ យើងកំពុងតែព្រួយបារម្ភ។ ទឹកថ្ងៃនេះ នៅចតុមុខ នៅត្រឹមតែ ៦,២​០ ប៉ុន្មានម៉ែត្រប៉ុណ្ណោះ។ យើងកំពុងតែព្រួយថា នៅពេលបុណ្យអុំទូក ទឹកនឹងទាបពេក។ មុន​នេះមួយខែ យើង​ព្រួយបារម្ភថា បុណ្យអុំទូកទឹកខ្ពស់ពេក ក្រែងលោ​គ្រោះថ្នាក់ប្រជាជន ប៉ុន្តែ ឥឡូវនេះ តាមការព្យាករ ទឹកនៅថ្ងៃបុណ្យអុំទូកអាចនៅត្រឹម ៥, ២ ទៅ ៥,៣ ម៉ែត្រប៉ុណ្ណោះ គឺទឹកទាប។ ប៉ុន្តែ វាប្រហាក់ប្រ​ហែលនៅឆ្នាំ ១៩៩៣ ដែលយើងអាចអុំបាន។ តែបើធ្លាក់លើសពីហ្នឹង មកនៅត្រឹមតែ ៤,៥ ម៉ែត្រអី អាហ្នឹងអុំលែងកើតហើយ។ អុំចេះតែបាន ប៉ុន្តែ វា​ដាច់ខ្យល់អ្នកអុំនោះ។ មកមិនដល់ទី។ វាឆ្ងាយ។

នៅមានបុណ្យធំៗច្រើន នាំគ្នាសប្បាយទាំងអស់គ្នា

ឆ្នាំនេះ យើងចាត់តាំងឲ្យសប្បាយរីករាយ យើងនៅសល់បុណ្យធំៗចំនួនប៉ុន្មានបុណ្យទៀត។ ទីមួយ បុណ្យឯករាជ្យជាតិ ដែលនឹងមកដល់នៅថ្ងៃទី ៩ វិច្ឆិកា ដល់ ១១ វិច្ឆិកា នេះ។ ទី​ពីរ បុណ្យអុំទូក បន្ទាប់ទៅ យើងនៅមានពិធីរំលឹកខួបលើកទី ៤០​ នូវថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅស្រុកស្នួល។ ឃើញសម្តេច ហេង សំរិន សរសេរសំបុត្រមកសុំថវិកា ដើម្បីធ្វើពិធីនៅទីនោះ ដែលជាចំណុចចាប់ផ្តើមមួយដ៏សំខាន់ នៃការគោះជួងឆ្ពោះទៅកាន់ការរំដោះជាតិ ថ្ងៃ ៧ មករា ១៩៧៩។ បន្ទាប់ទៅ យើងនឹងធ្វើបុណ្យ ៣ យប់ ៣ ថ្ងៃ នៅជិត … វិ​មាន​ឈ្នះឈ្នះ។ អញ្ជើញអ្នកមុខកំពូលទៅរាំវង់ ដាក់អ័រកេសឲ្យច្រើនជុំ … បើកឲ្យរាំវង់ពេញហ្នឹង។ ទូរទស្សន៍ទាំងប៉ុន្មានម៉ៅយក(ផ្សាយ) ទូរទស្សន៍ភ្នំពេញក៏មាន ហើយអង់តែនទូរទស្សន៍ PNN នៅនោះស្រាប់ ដាក់ទៅ ឆាកណាទូរទស្សន៍ណាផ្សាយ រាំវង់ឲ្យពេញហ្នឹងទៅ ថ្ងៃ ២៩, ៣០, ៣១ ធ្នូ ឆ្លងឆ្នាំ(ទៀត) យើងរួមគ្នាឆ្លងឆ្នាំមកបាញ់កាំជ្រួច ឆ្លងឆ្នាំ ២០១៨ ចូល ២០១៩ នៅវិមានឈ្នះឈ្នះរបស់យើង ជាខួបលើកទី ២០ នៃថ្ងៃដែលយើងបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ។ នយោបាយឈ្នះឈ្នះនោះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជារបស់យើងទទួលបានសន្តិភាព និងការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ តាមរយៈ​សន្តិភាព​ ដែលយើងរកបានដោយលំបាក តាមរយៈនយោបាយឈ្នះឈ្នះនេះ ដែលនាំមកនូវការអភិវឌ្ឍ ទាំងសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ និងប្រជាជនមិនស្លាប់ដោយសារសង្គ្រាមទៀតទេ ប៉ុន្តែ បែរមកស្លាប់ទៅលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។

ខួប ៤០ ឆ្នាំ នៃថ្ងៃរំដោះ ៧ មករា, បោះឆ្នោតឲ្យ CPP ស្មើនឹងបោះឆ្នោតឲ្យជីដូនជីតា ឪពុកម្តាយ និងខ្លួនឯង

បន្តទៅ យើងនឹងឈានទៅខួបលើកទី ៤០ នៃថ្ងៃរំដោះ ៧ មករា ១៩៧៩-២០១៩ គឺ ៤០ ឆ្នាំ។ ក្មួយៗ និងមនុស្សមួយចំនួននៅទីនេះ ក៏កើត​​ទាន់ មួយចំនួនក៏កើតមិនទាន់។ ក៏ប៉ុន្តែ ​ក្មួយៗអាចសួរជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ បានដឹងរឿង។ ពួកគាត់នោះហើយគឺជាអ្នកដែលបានរួមចំណែកដ៏ធំធេងសម្រាប់ជោគជ័យនៅថ្ងៃនេះ មិនមែនមានត្រឹមតែ ហ៊ុន សែន ហេង សំរិន និង ជា ស៊ីម និងអ្នកដទៃទៀតគ្រប់គ្រាន់នោះទេ។ បាតដៃរបស់ជីដូនជីតា របស់ឪពុកម្តាយក្មួយៗនោះហើយ ដែលបន្សល់ទុកនូវមត៌កឲ្យក្មួយៗនូវសន្តិភាព និងការអភិ​វឌ្ឍ រហូតដល់សព្វថ្ងៃ។ ក្មួយៗបោះឆ្នោតជូ​នគណបក្សប្រជាជន គឺជាការបោះឆ្នោតជូនជីដូនជីតា ​​បោះឆ្នោតឲ្យឪពុកម្តាយរបស់ក្មួយៗ ដែលបានរួមដំណើរជាមួយគណបក្សប្រជាជនរយៈពេល ៤០ ឆ្នាំ កន្លងទៅ។ គ្មានបោះឆ្នោតឲ្យអ្នកណាផ្សេងទេ បោះឲ្យខ្លួនឯងតែម្តង ព្រោះវាជាកិច្ចការដែលពួកគាត់បានរួមចំណែកធំណាស់។ ផ្តួល​រំលំ ប៉ុល ពត ទប់ស្កាត់កុំឲ្យ ប៉ុល ពត ត្រឡប់មកវិញ ខិតខំរកសន្តិភាព ស្តារឡើងវិញនូវជីវភាពតាមក្រុមគ្រួ​សារនីមួយៗ សុទ្ធតែមានបាតដៃពួកគាត់។

តាមរយៈក្មួយៗ ក៏សូមផ្តាំផ្ញើសួរសុខទុក្ខចំពោះជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ បើសិនជាគាត់នៅរស់។ ពួកគាត់ពិតជាបានធ្វើពលិកម្មដ៏ធំធេង ឥឡូវ ចៅរបស់គាត់ កូនរបស់គាត់នៅបន្តបុព្វហេតុបន្តពីគាត់តទៅទៀត។ យើងមិនត្រូវភ្លេចទេថា គ្មានជោគជ័យណាមួយ ដែលកើតចេញពីតួអង្គបុគ្គលម្នាក់ ឬ ២ នាក់ទេ។ ពិតហើយ គេត្រូវការបុគ្គលដឹកនាំ ក៏ប៉ុន្តែ បុគ្គលដឹកនាំតែម្នាក់ឯងមិនគ្រប់គ្រាន់ទេ ត្រូវមានអ្នកគាំទ្រ ហើយអ្នកគាំទ្រនោះជានរណា? គឺជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗនោះហើយ ដែលជាអ្នកគាំទ្រ រហូតមកដល់ក្មួយៗ ដែលពូសូមយកឱកាសនេះអរគុណសាជាថ្មីម្តងទៀត ជាមួយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ បើមិនមានក្មួយៗទេ បើមិនមានជីដូនជីតា ឪពុកម្តាយក្មួយៗ​ ពូក៏មិនអាចសម្រេចជោគជ័យបានដែរ។

ដរាបណាកម្មករនៅមានការងារធ្វើ មានចំណូល កុំទៅខ្វល់ពីការឃោសនាអ្នកផ្សេង

ឥឡូវនេះ យើងកំពុងស្ថិតនៅក្នុងស្ថានភាព ដែលត្រូវឈានទៅមុខជាបន្ត គ្មានអ្វីត្រូវព្រួយបារម្ភនោះទេ។ ពេលណាដែលក្មួយៗនៅតែមានការងារធ្វើ នៅតែមានប្រាក់ចំណូល ក្មួយៗបន្តទៅ។ កុំស្តាប់។ រឿងអ្នកណាឃោសនា រឿងរបស់គេ។ សូមផ្តាំទៅមនុស្សខ្លះ (អោយ)រង់ចាំទៅ។ ខ្មោចដែលវាងាប់ហើយនោះ វាមិនអាចរស់បានវិញទេ។ អ្នកឯងចាំទៅ។ អ្នកខ្លះហ៊ាននិយាយដល់ទៅប៉ុណ្ណេះ ពេលដែលឯងមិននៅក្នុងប្រទេស វាថា ​ដល់តែពេលលោក ហ៊ុន សែន មក(វិញ) ច្បាស់ជាគាត់ប្រកាស បន្ធូរបន្ថយសភាពការណ៍។ ពេលដែលលោកឯងនិយាយហ្នឹង ព័ត៌មានដែលលោកឯងនិយាយភ្លាមហ្នឹង វាបានចូលមកក្នុងទូរស័ព្ទរបស់ ហ៊ុន សែន រួចស្រេចទៅហើយ។ ចេះតែទៅរួច។ ប៉ុន្មានកន្លែងនោះ នៅក្នុងនោះមានអ្នកនៅកោះកុង ដែលនិយាយថា ពេលដែលលោក ហ៊ុន សែន ត្រឡប់មកវិញ ច្បាស់ជាប្រកាសបន្ធូរបន្ថយហើយ។ ពេលដែលឯងនៅក្រៅប្រទេស វាថាចាំដល់ពេលគាត់ត្រឡប់មកវិញ ដល់ពេលឯងនៅក្នុងប្រទេស វាថាបន្តិចទៀត ពេល(ដែល)គាត់ទៅក្រៅប្រទេស។ គេសង្កត់ពីនោះមកហើយ។ វាទៅជាអញ្ចេះ។ អានេះភូតជាប្រចាំថ្ងៃ … ដល់មនុស្សអញ្ចឹងពេក មិនដឹងថាតមាត់ជាមួយវាម៉េច? ឆ្កែខាំជើង យើងយកមាត់ទៅខាំជើងឆ្កែវិញវាអត់កើត …។

សេដ្ឋកិច្ចកម្ពុជា ធ្វើពហុវិស័យ, ប្រជាជនខ្លះមិនចាំការផ្តល់ពូជពីរដ្ឋទេ គាត់មានពូជបម្រុងរបស់គាត់ស្រេច

ដំណើរសេដ្ឋកិច្ចរប​ស់យើង បន្តទៅមុខគ្មានឈប់ឈរទេ (ដោយ)យើង(ខិតខំ)ធ្វើពហុវិស័យ ទាំងកសិកម្ម ទាំងឧស្សាហកម្ម ទាំងសេវា។ ឆ្នាំនេះ សង្ឃឹមថា ទេសចររបស់យើងនឹងកើនទៅប្រមាណ ៦ លាននាក់ ដែលវានឹងផ្តល់នូវប្រាក់ចំណូល និងការងារធ្វើយ៉ាងច្រើនសម្រាប់ពលរដ្ឋរបស់យើង។ កសិកម្មរបស់យើងឆ្នាំនេះ ក៏ល្អដែរ ពិតមែនតែកន្លែងមួយចំនួនខូចដោយទឹកជំនន់ តែកន្លែងដែលមិនខូច វាបែរជាល្អលើសដើម ហើយកន្លែងដែលខូច ត្រូវបានផ្គត់ផ្គង់ស្រូវពូជ។ កន្លែងភាគច្រើន ប្រជាជនម្ចាស់ការទុកស្រូវពូជ ព្រោះខ្មែរយើងទម្លាប់ប្រើពាក្យថា «កុំស៊ីអស់ស្រូវពូជ»។ អញ្ចឹងទេ កន្លែងដែលមានការខូចខាត មិនរង់ចាំស្រូវពូជរបស់រដ្ឋទេ គឺប្រជាជនម្ចាស់ការធ្វើដោយខ្លូនឯង។

អ្នកទន្លេកើតទុក្ខបំផុត គឺទឹកមិនលិចភូមិ

… អរគុណណាស់ ហើយល្មមដល់ទីបញ្ចប់ហើយ ព្រោះវាជិត ២ ម៉ោងដែរ។ គ្រាន់តែក្មួយៗអើយ! អុំទូកហ្នឹងសប្បាយ។ កំពូលសែនជ័យ នៅវត្តមួយណា? (សម្តេចមានប្រសាសន៍ពីការប្រណាំងទូកង) …។ ហ្នឹងរឿងរបស់អ្នកទន្លេ។ បើមិន​និយាយរឿងអុំទូកទេ គេមិនមែនហៅអ្នកទន្លេទេ។​ អ្នកទន្លេ បើមិនបានលិចទឹកមិនហៅអ្នកទន្លេទេ​។ អ្នក​ទន្លេ​កើតទុក្ខបំផុតគឺ រឿងទឹកអត់លិចភូមិ។ រឿងអ្នកទន្លេវាអញ្ចឹង​។ តិចទៅឃើញលិចភូមិថា អ្នកទន្លេរងគ្រោះ មិនមែន​ទេ។ ​អ្នកទន្លេរងគ្រោះ គឺទឹកអត់លិចភូមិ ព្រោះអត់មានដីល្បាប់ សត្វល្អិត​ក៏អត់ងាប់។ ហ្នឹងហើយ អ្នកទន្លេជួបការ​លំបាក​។ ប៉ុន្ដែ ទឹកកន្លងទៅបាន និងធ្វើឲ្យអ្នកទន្លេរីកលូតលាស់ក្នុងកំឡុងពេល​ ៣ ទៅ ៤ ឆ្នាំទៀត។

ចូលរួមរំលែកទុក្ខគ្រួសារមួយនៅខេត្តកណ្ដាលដែលបាត់បង់កូន ៣ នាក់

ជាការគួរឲ្យសោក​ស្ដាយ ​ដែលកាលពីម្សិលម្ងៃនេះ មានសោកនាដកម្ម ដែលបានកើតនៅឯឃុំស្វាយរលំ ស្រុកស្អាង ដែលមួយ​គ្រួសារកូនទាំងបីបានស្លាប់អស់។ ថ្ងៃនោះ តាមរបាយការណ៍ ឯកឧត្តម ម៉ៅ ភិរុណ មកខ្ញុំ ចាប់ផ្ដើមពី​គូដណ្ដឹងខាងស្រី មកលេងផ្ទះខាងប្រុស ដល់ចង់ជិះទូក ហើយអត់ចេះ​បញ្ឆេះ​ម៉ាស៊ីន​។ អញ្ចឹងឲ្យ​ឪ​ពុក​ជូន។ ដោយសារស្រឡាញ់កូន​ និងអនាគតកូនប្រសារ ឪពុកក៏ចុះទៅ ហៅទាំងកូនស្រី ២ នាក់មកជាមួយថែមទៀត។ ដល់​តែ​ចេញទូកទៅបានត្រឹមតែ ៤០ ម៉ែត្រ វាក្រឡាប់ទូកទៅ​ សង្រ្គោះបានតែ ២ នាក់។ ឪពុក និងកូនស្រី(ប្រសារ) ឯកូនប្រុស​ និងកូនស្រី ២ នាក់ទៀតបាត់តែម្ដង។ ស្លាប់ទាំង ៣ នាក់។​ ជាការ​គួរឲ្យសោកស្ដាយ។ សូមចូលរួមមរណទុក្ខ​រឿងនេះ​។ អ្នកទន្លេ ក៏ត្រូវប្រយ័ត្នប្រយែងទាំង​អស់ មិនថាពេលណាក៏ដោយ រឿង​ ទឹក​នេះ។ នេះជារឿងដែលមិនគួរកើត។ ឯកឧត្តម ម៉ៅ ភិរុណ មើលគ្រួសារហ្នឹងផង ព្រោះនេះជាការបាត់បង់​មួយធំណាស់ ព្រោះបាត់កូនអស់រលីង​ក្នុងមួយប៉ប្រិចភ្នែក​ ដែលខំចិញ្ចឹមបីបាច់ នេះជារឿងសោកសៅ។

អំណោយជូនដល់កម្មករ/ការិនី និងអ្នកចូលរួម

ហើយថ្ងៃនេះ សម្រាប់ក្មួយៗដែលជាកម្មករ/ការិនី ដែលមកទាំងអស់ ពី ៤ រោងចក្រ ដែលមានខ្លះនៅ​ភ្នំពេញ​និងខ្លះនៅខេត្ដកណ្ដាល ដែលមានចំនួន ៦​៧៨៥ នាក់ ក្នុងម្នាក់ៗ ជូនថវិកាតែ ២ ម៉ឺនរៀល ប៉ុណ្ណោះ ដែលហៅ​ថាកាដូ ក្មួយៗដែលមកជួបពូ ក៏មិនមែនដើម្បីលុយពូទេ សំខាន់បានជួបមុខគ្នាតែប៉ុណ្ណឹ្ងងទេ។​ សម្រាប់​ក្មួយៗដែលមានផ្ទៃពោះ ក្រៅពី ២ ម៉ឺនរៀល ពូនឹងដើរទៅជួបផ្ទាល់ នឹងជូនម្នាក់ ១ ស្រោមសំបុត្រ​ ប៉ុន្ដែ​មិនប្រកាសថាប៉ុន្មានទេ។ តែសូមប្រាប់ថា អ្នកមានកូនភ្លោះ អង្គុយខាងមុខអស់ហើយ។ ថ្ងៃមុន ​មាន​អ្នកអង្គុយមុខ និងមានអ្នកអង្គុយក្រោយដែរ មានកូនភ្លោះត្រូវប្រាប់ ដើម្បីពូជូនពីរស្រោមសំបុត្រតែម្ដង​។ ចំពោះគ្រូពេទ្យប្រចាំការក្នុងអង្គពិធីនេះ សូមជូន ៥ លានរៀល និងក្រុមតន្ដ្រីសម័យចំនួន ៥ លានរៀល។

ផ្ទះសម្ដេច ហ៊ុន សែន កើតជិតបាក់ចូលទន្លេ

មិញនេះបានដឹងហើយ កន្សែងក្រហម បន្ទាប់ទៅកុំភ្លេច រងាផ្កាគមួយ។ បុរសច្រៀង។ ព្រោះខែហ្នឹងត្រូវច្រៀងបទហ្នឹងហើយ ​បានវាត្រូវរឿង។ បន្ទាប់ទៅ កុំភ្លេចចំរៀងប្រចាំត្រកូល ពាមកោះស្នា វាចាប្រុសស្នេហ៍។ បទហ្នឹងកប់បាត់យូរហើយ​។ ​ថ្ងៃមុន ចូលក្នុង page ចំរៀងគ្រួសារខ្មែរ​ កាលនៅប៊ែលហ្ស៊ិក comment សុំបទចំរៀងពីប៊ែលហ្សិកមក ព្រោះគេលេងតាមហ្វេសប៊ុក។ ​​យប់ម្សិល សុំអោយច្រៀងបទ ពាមកោះស្នាវាចាប្រុសស្នេហ៍ អាហ្នឹងវាទាក់ទងនឹងជីវិតអ្នកមាត់ទន្លេហ្នឹង​ “ចំការដីដុះ កាលប្រុសពីក្មេង អូនធ្លាប់ចូលលេង​ ជួយកាច់ពោតបង” ប៉ុន្ដែ ដីដុះហ្នឹងពីដើមវាបាក់អស់ហើយ បាក់ទាំងវត្ដចាស់ កើតវត្ដថ្មី ​វា​ប្រុងតែបាក់វត្ដថ្មីទៅទៀត។ ផ្ទះខ្ញុំកើត ចេះ​ទប់ទាន់។ (បាក់)ដល់កន្លែងហ្នឹង វានៅទ្រឹងកន្លែង​ហ្នឹងទៅ។​ នៅសល់ប្រហែល ៣០ ម៉ែត្រ … ជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស ក្មួយៗកម្មករ/ការិនី ទាំងអស់ សូមជួបប្រទះពុទ្ធពរ និងពរទាំង ៥ ប្រការ​ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕