សម្រង់ប្រសាសន៍​​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​ជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅប្រទេសស្វ៊ីស

cnv: 

បានជួបបងប្អូនជាត្រកូល ហ៊ុន ដែលបែកគ្នាយូរហើយ

ដំបូងអនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងឱកាសនេះ។ យើងសង្កេតឃើញថា មានអ្នកនៅប្រទេសស្វ៊ីសនេះហ្នឹងតែម្តង មានមកពីបារាំង អាឡឺម៉ង់ ហុងគ្រី កាណាដា ឆេក។ សម្រាប់និស្សិតក៏មានមកពី​បារាំង ស្វ៊ីស អាឡឺម៉ង់ ហុងគ្រី និងឆេក ផងដែរ។ ខ្ញុំពិតជាមានការអរគុណជាមួយនឹងការគាំទ្រទាំងឡាយរបស់បងប្អូនទាំងអស់ ដែលបានធ្វើដំណើរ ឆ្ងាយ ក្នុងពេលវេលាដែលបងប្អូនមួយចំនួនក៏ត្រូវធ្វើការ ហើយក៏ត្រូវសុំច្បាប់គេមកកាន់ទីនេះ។ ថ្ងៃមិញនេះ ខ្ញុំពិតជាមានការរំភើបដោយចេញពីទីស្នាក់ការរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីការធ្វើសេចក្តីថ្លែងការណ៍ និង​ការឆ្លងឆ្លើយនូវសំណួរហើយនោះ ខ្ញុំបានឃើញបងប្អូនបានមកឈរនៅជិតសណ្ឋាគារនេះ។ ខ្ញុំឡើងទៅដល់ក្នុងបន្ទប់ទៅហើយ ប៉ុន្តែលឺសូរសម្រែកនៅខាងក្រៅ ខ្ញុំក៏បកចុះក្រោមវិញ ដើម្បីទៅជួបជាមួយបងប្អូន។ ពេលនោះ យើងបានថតរូបមួយចំនួនជាមួយគ្នា។

ជាការគាប់ជួនណាស់ ដែលខ្ញុំបានជួបជាមួយសាច់ញាតិរបស់ខ្ញុំមួយចំនួន គឺអ្នកពាមកោះស្នា។ ឥឡូវនេះ ត្រកូល ហ៊ុន នៅឯ Lyon គឺច្រើន ដែលខ្ញុំហៅព្រឹកមិញនេះ។ បើ ចែឡេង នេះ បែកគ្នាមិនមែនតិច(ឆ្នាំ)ទេ បែកប្រហែលជារហូតដល់ ៥០ ឆ្នាំជាង ទើបនឹងជួបគ្នាព្រឹកមិញ។ ជួបនៅប៉ារីសបានម្តងដែរ តែដូចចង់ភ្លេចមុខ …។ ថ្ងៃ​នេះ ខ្ញុំក៏បានជួបកូន ហើយនិងចៅរបស់អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល តាំងពីថ្ងៃចាប់ផ្តើមជាមួយគ្នាដំបូង គឺថ្ងៃទី ៨ មករា ឆ្នាំ ១៩៧៩ ពេលដែលបង្កើតរដ្ឋាភិបាល ក្រោយពេលផ្តួលរំលំរបបប្រល័យពូជសាសន៍​ ប៉ុល ពត បានមួយថ្ងៃ គឺឯកឧត្តម នូ បេង ដែលថ្ងៃនេះ មានកូន និងចៅរបស់គាត់។ គាត់​បានផ្តល់រូបថតមួយចំនួន ដែលមានតម្លៃខ្លាំងណាស់ ព្រោះបាត់បង់អស់រូបថត។​ ឥឡូវបានទទួលរូបថតហ្នឹង មានទាំងរូបគាត់​ មានទាំងរូបខ្ញុំ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវ ហើយនិងនៅកន្លែងមួយចំនួនទៀត។ បានជួបជាមួយបងប្អូនមួយចំនួន ដែលយើងបានស្គាល់គ្នាកាលពីពេលមុន។

មិនបោះចោលនូវការជួបប្រជាពលរដ្ឋនៅតាមប្រទេសនានា ដែលបានទៅដល់នោះទេ

ខ្ញុំពិតជាមានការរីករាយ ដែលបានជួបប្រាស្រ័យជាមួយបងប្អូននៅគ្រប់ទីកន្លែងនៅពេលដែលខ្ញុំទៅដល់។ ដូច​ដែល​ខ្ញុំធ្លាប់បានបញ្ជាក់ហើយថា បើទោះបីខ្ញុំបោះបង់ចោលកម្មវិធីខ្លះ ប៉ុន្តែ ខ្ញុំមិនអាចបោះបង់ចោលនូវកម្មវិធីជួបជាមួយប្រជាពលរដ្ឋរបស់យើង ដែលមានបំណងប្រាថ្នាជួបខ្ញុំនោះទេ។ ដូច្នេះហើយ បើទោះបីជាមានការហត់នឿយយ៉ាងណា ក៏ខ្ញុំត្រូវតែសម្រេចឲ្យបាននូវជំនួបនោះ។ ជាភ័ព្វសំណាង សណ្ឋាគារនេះអាចដាក់បានអស់មនុស្សសម្រាប់ការជួបរបស់យើង ប៉ុន្មានរយនាក់នេះ។ ប៉ុន្តែ នៅប្រទេសដទៃទៀត ជួនកាលត្រូវប្រើពេល ២ ដង ដើម្បីជួប តែខ្ញុំមិនស្ទាក់ស្ទើរជាមួយនឹងការជួបនោះទេ។ បងប្អូនមកពីទីឆ្ងាយ ហើយបែកពីស្រុកទេស ក៏ចង់ដឹងចង់យល់អំពីសភាពការណ៍ស្រុកទេសរបស់ខ្លួន។ ពិតមែនហើយ ​បច្ចុប្បន្នគឺថា ពិភពលោកតូចណាស់ ហើយមើលទៅគឺងាយស្រួលក្នុងការទំនាក់ទំនងថែមទៀត ផ្ញើបញ្ជូនរូបភាពតែប៉ុន្មានវិនាទី គឺរូបភាពបញ្ជូនដល់ហើយ។ សូម្បីតែពេលនេះ ការផ្សព្វផ្សាយកំពុងតែធ្វើការផ្សាយបន្តផ្ទាល់នៅឯទីក្រុងភ្នំពេញ ហើយមិនដឹងថា មកដល់ពេលនេះ សូមឲ្យអ្នកនៅទីក្រុងភ្នំពេញ ដែលកំពុងស្តាប់ ជាពិសេសអ្នកដែលទទួលខុសត្រូវផ្នែកខាងព័ត៌មានបញ្ជូនឲ្យខ្ញុំ តើមានវិទ្យុ និងទូរទស្សន៍ប៉ុន្មាន ដែលកំពុងផ្សព្វផ្សាយការផ្សាយបន្តផ្ទាល់នេះ?

ចេញមកចោលប្រទេសច្រើនថ្ងៃ តែវាជាបេសកកម្មសម្រាប់ប្រទេសជាតិយើង

យើងពិតជាមានការច្បាស់ណាស់ថា ថ្ងៃនេះ ជាថ្ងៃធ្វើការចុងក្រោយរបស់ខ្ញុំ។ ស្អែកទើបចេញដំណើរ(ទៅប្រ​ទេស​វិញ)។ ខ្ញុំយកឱកាសនេះសូមអធ្យាស្រ័យជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលជាម្ចាស់ឆ្នោត ដោយ​​សារ​តែបន្ទាប់ពីការបង្កើតរដ្ឋាភិបាលរួចហើយនោះ ប្រើពេលច្រើនហួសទៅលើការចេញមកក្រៅប្រទេស។ ប៉ុន្តែ នេះជាបេសកកម្មដែលមិនអាចអាក់ខានបានសម្រាប់ប្រទេសជាតិរបស់យើង។ យ៉ាងណាក៏ដោយ ខ្ញុំនៅតែ​អាច​ទំនាក់ទំនង និងបញ្ជាលើគ្រប់​កិច្ចការ។ ទោះបីជាមាននាយករដ្ឋមន្រ្តីស្តីទីនៅក្នុងប្រទេសក៏ដោយ បញ្ហាធំៗ​​ក៏ត្រូវបានសុំយោបល់មកកាន់ទីនេះ។

មក ហ្សឺណែវ  ទៅអង្គការពាណិជ្ជកម្មពិភពលោក និងស្នងការសិទ្ធិមនុស្សសហប្រជាជាតិ

ការធ្វើបេសកកម្មរបស់ខ្ញុំ អាចចាត់ទុកថា​ សុទ្ធតែចំបេះដូងនៃចំណុចពិភពលោក ដែលមនុស្សមួយចំនួនថា(យើងជា)រដ្ឋា​ភិបាលមិនស្របច្បាប់។ ខ្ញុំមិនយល់ពាក្យដែលថា រដ្ឋាភិបាលមិនស្របច្បាប់នោះ។ អញ្ចឹង បើថា នាយករដ្ឋមន្រ្តី ហ៊ុន សែន មិនស្របច្បាប់ តើនរណាស្របច្បាប់ទៅវិញ? ខ្ញុំទៅអង្គការសហប្រជាជាតិ កន្លែងនោះជាបេះដូងខាងនយោបាយ និងការទូតរបស់ពិភពលោកតែម្តង។ នៅហ្សឺណែវនេះ វាក៏ជាបេះដូងខាងនយោ​បាយ សិទ្ធិមនុស្ស ពាណិជ្ជកម្ម សេដ្ឋកិច្ច ជាមជ្ឈមណ្ឌលច្រើនណាស់ ដែលសូម្បីតែពីម្សិលមិញ​នេះ ខ្ញុំត្រូវទៅកាន់ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកដោយផ្ទាល់ ហើយក៏ទៅទីស្នាក់ការនៃស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដែលឥឡូវមានប្រធានថ្មី ជាអតីតប្រធានាធិបតីរបស់ Chile ដែលយើងយល់គ្នាយ៉ាងច្បាស់។ យើងបានចុះកិច្ចព្រមព្រៀងដើម្បីពន្យារអាណត្តិ ពន្យារស្ថានបេសកកម្មមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅកម្ពុជាថែមទៀតផង។

ប្រជុំ ASEM ប្រ៊ុចសែល, ពិព័រណ៍អាស៊ាន-ចិន, ប្រជុំ WEF នៅហាណូយ

ខ្ញុំធ្វើដំណើរទៅប្រ៊ុចសែល គឺជាបេះដូង នៃសហប្រតិបត្តិការរវាងអាស៊ី​-អឺរ៉ុប ហើយកម្ពុជាបានទទួលឋានៈធ្វើជាម្ចាស់ផ្ទះ នៃការប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ ២០២០ ដែលជាការប្រជុំមួយធំ។ មុនចេញទៅអង្គការសហប្រជាជាតិ ខ្ញុំបានធ្វើដំណើរទៅចិនដែលមានលក្ខណៈជាការទំនាក់ទំនងទ្វេភាគីផង ហើយមានលក្ខណៈ​​​ជាទំនាក់ទំនងរវាង​អាស៊ាន និងចិនផង ដោយសារនៅទីនោះ មានពិព័រណ៍អាស៊ាន-ចិន នៅទីក្រុងណាននីង ដែលឆ្នាំនេះ កម្ពុជាធ្វើជាប្រទេសកិត្តិយសនៅក្នុងពិព័រណ៍នោះ។ ចាកចេញពីប្រទេសចិន ក៏ធ្វើដំណើរទៅទីក្រុងហាណូយ (ចូលប្រ​ជុំ)វេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានស្នាក់ការនៅ Davos ប្រទេសស្វ៊ីសនេះ និងដែលឆ្នាំទៅរៀបចំធ្វើវេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum នៅទីក្រុងភ្នំពេញ តែឆ្នាំនេះ គេធ្វើនៅហាណូយ។ មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក្នុងអាស៊ាន និងមានការចូលរួមពីថ្នាក់នាយករដ្ឋមន្រ្តី ទៅពីស្រីលង្ការ ទៅពីកូរ៉េខាងត្បូង បណ្តាគណៈប្រតិភូមកពីប្រទេសជប៉ុន និងប្រទេសដទៃទៀត។ នេះជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ។

ប្រជុំមេគង្គ-ជប៉ុន និងចូលបាលីប្រជុំជាមួយ WB/IMF

បន្ទាប់ទៅ ខ្ញុំទៅអង្គការសហប្រជាជាតិ ចេញពីអង្គការសហប្រជាជាតិ ចេញដំណើរទៅជប៉ុន​ ដែលនៅទីនោះ ទំ​នាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុនម្ខាង។ ម្ខាងទៀត វាជាទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាងបណ្តាប្រទេសតាមទន្លេមេគង្គ និងជប៉ុន។ ចេញពីជប៉ុន ត្រូវមកចូលរួមប្រជុំ​រវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ជាមួយនិងអង្គការ ស្ថាប័នហិរញ្ញវត្ថុសំខាន់ៗ ដែលរួមមាន ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាស្ថាប័នមួយចំនួនផ្សេងទៀត។ ដូច្នេះហើយបានជាសុំអធ្យាស្រ័យពីបងប្អូនដែលនៅក្នុងប្រទេសថា គឺដើរនៅក្រៅច្រើនពេក ប៉ុន្តែ ខ្ញុំគិតថា ប្រជាពលរដ្ឋនៅក្នុងប្រទេសពិតជាមានការយល់ ហើយនេះមិនមែនតែជាផលប្រយោជន៍ផ្ទាល់របស់ខ្ញុំទេ តែជាផលប្រយោជន៍ប្រទេសជាតិរបស់យើងតែម្តង។ ថ្ងៃនេះ បងប្អូនបានមកជួបជុំខ្ញុំនៅទីនេះ មួយចំនួនក៏ត្រូវចាកចេញ។ តាមដឹងមួយចំនួននៅអាឡឺម៉ង់ត្រូវជិះយន្តហោះត្រឡប់ទៅវិញនៅម៉ោង ៨ នេះ បើចេញម៉ោង ៨ ត្រូវចេញពីនេះឲ្យបានមុនម៉ោង ៨ ក្នុងរង្វង់ ១ ម៉ោង …។

សូមអោយចៅស្រី កំពុងរៀននៅអង់គ្លេស យកបានដល់ថ្នាក់បណ្ឌិត

ថ្ងៃនេះ ខ្ញុំចង់បង្ហាញរឿងមួយ ប៉ុន្តែប្រហែលជាអ្នកដែលខ្ញុំត្រូវបង្ហាញនោះ គេមិនសប្បាយចិត្តទេ ព្រោះគេមិនចង់ចេញមុខ។ ខ្ញុំមានចៅស្រីម្នាក់ ដែលកំពុងរៀននៅចក្រភពអង់គ្លេស ហើយដែលបានធ្វើដំណើរមកកាន់ទីនេះដោយសារនឹកជីតា។ បានសេចក្តីថា ឥឡូវដល់ដំណាក់កាលដែលខ្ញុំមានចៅចូលមហាវិទ្យាល័យហើយ។ បន្តទៅទៀត ខ្ញុំនឹងមានចៅជាបន្តបន្ទាប់ ដែលនឹងត្រូវចូលមហាវិទ្យាល័យ។ ស្រីពេជ្រ ងើបឡើងបន្តិចឲ្យ​គេស្គាល់មុខចៅ … តាមជំនឿ ម្តាយរបស់ខ្ញុំបានវិលមកចាប់ជាតិ ហើយក្លាយជាចៅរបស់ខ្ញុំ តែឥឡូវគេភ្លេចអស់ហើយ។ ជា​ម្តាយរបស់ខ្ញុំពិត ដែលគាត់ចែកឋានទៅនៅឆ្នាំ ១៩៩៨ ប៉ុន្តែ ឆ្នាំ ២០០០ បានវិលត្រឡប់មកនៅជាមួយខ្ញុំ​។ អញ្ចឹងជានិច្ចជាកាល គេនៅជាមួយជីដូនជីតា តែឥឡូវគេបានម្ចាស់ការមកធ្វើការនៅខ្លួនឯង ចេះដាំស្លរ រស់នៅម្នាក់ឯង។ ម្សិលមិញ ត្រូវទៅយក Visa របស់ស្វ៊ីស រួចហើយទិញសំបុត្រកប៉ាល់ហោះមកខ្លួនឯង។ អញ្ចឹងបានសេចក្តីថា ចៅអាចម្ចាស់ការបានហើយ ដាក់ចេញគោលដៅឲ្យចៅច្បងមួយនេះ យកថ្នាក់បណ្ឌិតឲ្យបាន … សួរពីម្សិល ប្រព័ន្ធអប់រំនៅប្រទេសអង់គ្លេសអាចឆាប់រហ័សជាង ព្រោះបរិញ្ញាតែ ៣ ឆ្នាំទេ រៀន ៤ ឆ្នាំ ចូលបរិញ្ញាជាន់ខ្ពស់ អញ្ចឹង យើងអាចយកថ្នាក់បណ្ឌិត ដែលត្រូវថែម ៣-៤ ឆ្នាំថែមទៀត។

ដាក់គោលដៅឲ្យចៅរៀនដល់បណ្ឌិត និងអនុបណ្ឌិត

… កូនប្រុសរបស់ខ្ញុំ ៣ នាក់ បណ្ឌិតម្នាក់ និងអនុបណ្ឌិត ២ នាក់។ ឥឡូវនេះ ខ្ញុំសង្ឃឹមថា ចៅខ្ញុំទាំង ២០ នឹងសម្រេច។ ខ្ញុំកំពុងតែសង្ឃឹមថា នឹងមានចៅ ២ បន្ថែមទៀត ប៉ុន្តែ មិនទាន់ប្រាកដ គឺខ្ញុំហាក់ដូចជាទុកចិត្តមិនបាន ក្រែងលោគេផ្លាស់ប្តូរគំនិតមិនចង់បានថែមនោះ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំបានសម្រេចគោលដៅរបស់ខ្ញុំ ចង់បានក្រុមបាល់ទាត់ត្រកូល ហ៊ុន មួយ។ ឥឡូវបានហើយ។ អញ្ចឹងខ្ញុំអាចបង្កើតបាននូវក្រុមបាល់ទាត់មួយក្រុម បាល់ទះមួយក្រុម បាល់បោះមួយក្រុម។ យកអាក្រុមបាល់ទាត់ដដែលហ្នឹង ឲ្យវាបាល់ទះដែរទៅ។ ចៅប្រុស ១២ នាក់ ហើយបាល់បោះក៏វាលេងទៅ អញ្ចឹងមួយក្រុមហ្នឹងវាអាចចេះទាំងបាល់ទាត់ បាល់ទះ និងបាល់បោះ។ ឯចៅស្រីមាន ៨ នាក់។ អញ្ចឹងទេ ដាក់ចេញគោលដៅ ធ្វើម៉េចឲ្យក្នុងចំណោមចៅប៉ុន្មានហ្នឹង សម្រេចឲ្យ​បាន ចៅប្រុសៗគេថា ៣០% ត្រូវតែឲ្យមានថ្នាក់បណ្ឌិត ឯ ៧០% ទៀត ត្រូវឲ្យមានថ្នាក់អនុបណ្ឌិត។ អាហ្នឹងជាគោលដៅដែលខ្ញុំត្រូវតែផ្តាំផ្ញើទុកសម្រាប់កូនៗរបស់ខ្ញុំ។ ឯសម្រាប់ចៅស្រី ហោចណាស់ឲ្យមាន ១/៣ នៃចៅស្រីឲ្យមានថ្នាក់បណ្ឌិត ហើយក្រៅពីនោះ ឲ្យមានអនុបណ្ឌិត បរិញ្ញាជាន់ខ្ពស់។ អញ្ចឹងទេ នេះជាគោលដៅដែលយើងបានដាក់ចេញ។

ខួបទី ២៧ នៃថ្ងៃចុះហត្ថលេខាកិច្ចព្រមព្រៀងប៉ារីស

ថ្ងៃនេះ ខ្ញុំសប្បាយរីករាយណាស់ ដែលបងប្អូនយើងមិនភ្លេចអំពី ខួបលើកទី ២៧ នៃថ្ងៃចុះហត្ថលេខាកិច្ចព្រមព្រៀងប៉ារីស។ ២៧ ឆ្នាំមុន ពេលនេះ យើងមិនទាន់ចេញពីសាលសន្និសីទ ក្លេប៊ែរ នៅទីក្រុងប៉ារីសទេ។ ខ្ញុំនៅចាំបានថា ពេលនោះ សន្និសីទយើងចាប់ផ្តើម នៅក្នុងរង្វង់ក្រោយម៉ោង ៣ បន្តិច ប៉ុន្តែ យើងត្រូវមានសុន្ទរកថាច្រើន និងការចុះហត្ថលេខា។ ដូច្នេះ ២៧ ឆ្នាំមុន គឺនៅថ្ងៃនេះឯង ម៉ោងនេះឯង យើងមិនទាន់ចេញពីសាលសន្និសីទ ក្លេប៊ែរ នៅទីក្រុងប៉ារីស។ ការចុះហត្ថលេខានៅទីនោះ មានវត្តមានរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ មានវត្តមានប្រធានាធិបតី François Mitterrand របស់បារាំង និងមានវត្តមានប្រទេសជាច្រើន​។ អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពេលនោះ គឺឈ្មោះ (Javier) Pérez de Cuéllar មុនពេល Boutros Boutros-Ghali ចូលកាន់។ ពេលចុះហត្ថលេខា គឺជាពេលវេលារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅតំបន់អាមេរិកឡាទីន ដែលពេលនោះ គឺឈ្មោះ Pérez de Cuéllar។ ប៉ុន្តែ នៅពេលដែលអនុវត្តនូវកិច្ចព្រមព្រៀងប៉ារីស អគ្គលេខាធិការអង្គការសហប្រជាជាតិទៅជា Boutros Boutros-Ghali ទៅវិញ។

អញ្ចឹងទេ ខ្ញុំគ្រាន់តែយកឱកាសនេះ ដើម្បីធ្វើការរំលឹកបន្តិចពាក់ព័ន្ធជាមួយនឹងអ្វីដែលហៅថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ព្រោះអញ្ចេះ ខ្ញុំចង់ចែករំលែកនូវបញ្ហាខ្លះ ដែលបងប្អូនយើងមិនទាន់បានយល់ មិនទាន់បានដឹង ហើយក៏ចង់កែតម្រូវទៅលើក្រុមមួយចំនួន ដែលតាំងខ្លួនជាអធិរាជនៃកិច្ចព្រមព្រៀងប៉ារីស។ ជួនកាល ពុកមាត់ស្រមូម ក្បាលទំពែក ហើយវិភាគកិច្ចព្រមព្រៀងប៉ារីសទៅឆ្កួតៗ ដែលនាំទៅដល់ការគិតខុស … បើចង់វិភាគឲ្យបានត្រឹមត្រូវ ត្រូវឈរលើទស្សនៈកណ្តាលមួយ ហើយចែករំលែកការចេះដឹងរបស់ខ្លួន ចែករំលែកអ្វីដែលជាស្មារតីពិត នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យគេបានដឹង។

នៅ ហ្សឺណែវ អត់មានអ្នកមកបាតុកម្មប្រឆាំង ហ៊ុន សែន?

មុននឹងចូលដល់បញ្ហានេះ ខ្ញុំហាក់ដូចជាបង្ហាញនូវការចាប់អារម្មណ៍ប្លែករបស់ខ្ញុំ ត្រង់ថា ហេតុអ្វីបានជានៅហ្សឺណែវ អត់មានបាតុកម្មប្រឆាំងខ្ញុំទៅវិញ? នេះជាសំណួរ ដែលគួរឲ្យឆ្ងល់ខ្លាំងណាស់ ព្រោះអ្នកប្រឆាំង ដែលមានទម្លាប់ធ្វើបាតុកម្មហើយ អត់ប្លែកទេរឿងគេធ្វើបាតុកម្មប្រឆាំងយើង មិនប្លែកទាល់តែសោះ រឿងដែលប្លែកគឺអត់បាតុកម្ម។ តើជាឆន្ទៈរបស់គេ ឬក៏គេប្រមូលមនុស្សមិនបាន? នេះជាបញ្ហា។ អ្នកឯងធ្លាប់ធ្វើបាតុកម្មគ្រប់កន្លែងទាំងអស់ មិនមែនទើបនឹងឥឡូវទេ។ បង សួស សាម៉េត នៅចាំទេ តាំងពីសម័យបងឯងនៅធ្វើជាតំណាង ADB ប្រចាំកម្ពុជា ខ្ញុំទៅប៉ារីសនោះ ប្រមូលមនុស្សបានប៉ុន្មាននាក់យកមកធ្វើបាតុកម្មមុខធនាគារពិភពលោក ពេលដែលសហប្រធានជប៉ុន បារាំង ជាមួយនឹងធនាគារពិភពលោក កំពុងតែប្រមូលកៀងគរជំនួយសម្រាប់យើង។ ហើយ le commissaire បារាំង មកដល់ប្រាប់(ខ្ញុំ)ថា សូមឯកឧត្តមអញ្ជើញតាមទ្វារក្រោយ ខ្ញុំបានចង្អុលទៅមុខប៉ូលីសបារាំង ខ្ញុំថា បើខ្ញុំចូលតាមទ្វារមុខ ត្រូវចេញតាមទ្វារមុខ អត់ត្រូវចេញតាមទ្វារក្រោយទេ។ បើលោកគ្មានលទ្ធភាពទេ សូមភ្ជាប់ទូរស័ព្ទឲ្យខ្ញុំនិយាយជាមួយប្រធានាធិបតី Jacque Chirac។ ខ្ញុំនិយាយអញ្ចឹង។ ដល់អញ្ចឹង មិនដឹងធ្វើម៉េច គាត់ហ្នឹងទូរស័ព្ទហៅប៉ូលីសអាវខ្មៅ មកដាក់ព្រនង់វាយតែម្តង។ ខ្ញុំអត់ឆ្ងល់ទេរឿងធ្វើបាតុកម្មប្រឆាំងខ្ញុំនោះ សូម្បីតែគេហ៊ានហៅមីស៊ីលបាញ់ចូលផ្ទះខ្ញុំតាំងពីឆ្នាំ ១៩៩៨ តើគេខ្លាចអីនឹងធ្វើរឿងអស់អញ្ចឹងៗ ឲ្យតែគេធ្វើបាន។ ប៉ុន្តែ ចម្លែកត្រង់ថា រឿងមកហ្សឺណែវលើកនេះ វាអត់មានបាតុកម្ម។ ចម្ងល់​ថ្ងៃនេះ យើងនឹងស្វែងយល់នៅថ្ងៃក្រោយ។

ហ៊ានស្បថ អ្នកចូលរួមបាតុកម្មនៅប៊ែលហ្ស៊ិកជាង ១៣០០ នាក់ ជាតួលេខពិតទេ?

នៅប៊ែលហ្ស៊ិក ប្រកាសចំនួនមនុស្សធ្វើបាតុកម្មប្រឆាំងជាមួយនឹងខ្ញុំ អាស៊ីសេរីប្រកាស ១៣០០ នាក់។ ឥឡូវ សុំផ្តាំទៅ បើ ១៣០០ ពិត អ្នកឯងហ៊ានស្បថឲ្យរន្ទះបាញ់ទេ? ឥឡូវឲ្យតែអ្នកឯងនិយាយអី បបួលស្បថតែម្តង … ១៣០០ នាក់ មិនមែនតិចតួចទេ។ យើងថា​ឲ្យអស់ខ្យល់ទៅ ៣០០ នាក់។ ប្រកាសថា ១៣០០ មិនចេះខ្មាសគេ។ ឥឡូវបើ ១៣០០ ពិត អ្នកឯងហ៊ានស្បថជាមួយខ្ញុំឲ្យរន្ទះបាញ់ស្លាប់ទាំងអ្នកឯង ប្រពន្ធអ្នកឯង និងគ្រួសារអ្នកឯង និងអ្នកជិតស្និទ្ធអ្នកឯង ១០០ នាក់។ អ្នកឯងហ៊ានស្បថទេ? សម័យបច្ចេកវិទ្យាព័ត៌មាន កុំមកភូត ព្រោះ​ គេថតភ្លាម គេអាចនឹងមើលឃើញភ្លាម គេរាប់ទាំងក្បាលមនុស្ស ហើយមុខអ្នកណាធ្វើបាតុកម្ម គេ save ទុកទៅទៀត ដើម្បីចំណាំអ្នកធ្វើបាតុកម្មនោះ … ចាំមើលអ្នកពីក្នុងស្រុក គេវាយមក ឬនៅពីរឿងមានទូរទស្សន៍ណាផ្សាយខ្លះ? នេះមកហើយ។ (អានសារក្នុងទូរស័ព្ទ) នៅខាងក្នុងប្រទេស ទូរទស្សន៍ដែលផ្សាយបន្តផ្ទាល់មាន ប៉ុស្តិ៍លេខ ៣ ប៉ុស្តិ៍លេខ ៥ ប៉ុស្តិ៍លេខ ៩ ប៉ុស្តិ៍ ១១ អប្សរា ប៉ុស្តិ៍ CNC MYTV Bayon ETV BTV ហង្សមាស រស្មីហង្សមាស PNN … សឹងតែទាំងអស់ហើយហ្នឹង។ អញ្ចឹងទេ នេះបាឋកថាមួយមិនមែនសម្រាប់តែមនុស្សជាង ១០០០ នាក់នៅទីនេះទេ អាចថា បាឋកថាមួយអំពីការយល់ដឹង អំពីបញ្ហាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ទស្សនៈប្រវត្តិសាស្រ្ត៖ ដឹងពីអតីតកាល បច្ចុប្បន្នកាល ដើម្បីព្យាករអនាគតកាល

… បញ្ហាដំបូងយើងត្រូវសួរថា ហេតុអ្វីបានចាំបាច់មានកិច្ចព្រមព្រៀង​ទីក្រុងប៉ារីសធ្វើអី? … មានអ្នកដែលយល់ដឹងហើយ ដែលធ្វើជាមិនដឹង ប៉ុន្តែ ក៏មានអ្នកដែលមិនដឹងពិតប្រាកដ គឺក្មេងដែលបានកើតក្រោយ។ ក្មួយៗ ចៅៗ ដែលបានកើតក្រោយ ដែលមិនបានយល់ដឹងអំពីបញ្ហានេះ ព្រោះ ២៧ ឆ្នាំមុននោះ សូម្បីតែចៅខ្ញុំក៏វាមិនអាចដឹងបានដែរ។ អញ្ចឹង យើងត្រូវស្រាវជ្រាវប្រាប់ពីសាវតារ ព្រោះបើគ្មានទស្សនៈប្រវត្តិសាស្រ្តទេ គឺយើងមិនអាចធ្វើអ្វីបានទេ។ អ្វីទៅដែលហៅថា ទស្សនៈប្រវត្តិសាស្រ្ត? អ្នកឯងត្រូវដឹងពីអតីតកាល អ្នកឯងត្រូវដឹងពីបច្ចុប្បន្នកាល ដើម្បីព្យាកររកអនាគតកាល។ បើអ្ន​កឯងច្បិចយកតែមួយដុំ អ្នកឯងមិនបានដឹងរឿងអតីតកាល អ្នកឯងមិនអាចនឹងឆ្លុះបញ្ចាំងការពិតមួយបានទេ ហើយមិនអាចព្យាករទៅអនា​គតបានដែរ ព្រោះត្រូវដឹងសំណុំរឿងអតីតកាលរបស់វា។ យើងអាចនិយាយដោយខ្លីថា ​បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ទេ វាគ្មានអ្វីកើតឡើងទេ របប លន់ នល់ ក៏មិនកើត អត់មានសង្គ្រាមទេ បើវាអត់សង្គ្រាមរវាង លន់ នល់ និងរណសិរ្សរំដោះជាតិនាពេលនោះ ក្រោយមក ប៉ុល ពត ប្លន់អំណាចនោះ ក៏គ្មានរបប ប៉ុល ពត កើតឡើងដែរ ហើយក៏គ្មានការចាំបាច់ដើម្បីយើងទៅផ្តូលរំលំរបប ប៉ុល ពត ទេ។ ប៉ុន្តែ មូលហេតុឫសគល់ ដែលយើងមិនត្រូវភ្លេច គឺរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ដែលជាព្រះប្រមុខរដ្ឋស្របច្បាប់របស់ប្រទេស។

អឺរ៉ុប កុំសាងកំហុសលើកទី ៣ លើកម្ពុជា

រឿងគួរអោយសោកស្ដាយ ដែលខ្ញុំតែងតែនិយាយ ខ្ញុំផ្ដាំពួកអឹរ៉ុប ថាសុំកុំធ្វើកំហុសលើកទី ៣ អី។ កំហុសលើកទី ១ ខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែគាំទ្ររដ្ឋប្រហារយោធាមួយនៅកម្ពុជា។ នេះជាកំហុសទី ១។ កំហុសទី២ នៅពេលដែលយើងបានផ្ដួលរំលំរបប ប៉ុល ពត ហើយ ពួកគេបានគាំទ្រអោយពួក ប៉ុល ពត អង្គុយនៅអង្គការសហប្រជាជាតិ ១២ ឆ្នាំទៀត ហើយ embargo ហ៊ុំព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ចចំពោះប្រទេសយើង។ អញ្ចឹង ឥឡូវសូមកុំធ្វើកំហុសលើកទី ៣។

ទស្សនវិជ្ជា ដោះស្រាយបញ្ហាដោយសន្តិវិធី

អញ្ចឹងចំណុចដែលយើងត្រូវចាំ មូលហេតុដែលនាំអោយមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយសាររដ្ឋប្រហារដែលជាការចាប់ផ្ដើមផ្ទេរប្រទេសពីសន្ដិភាព ទៅកាន់សង្គ្រាមទាំងស្រុង។ បន្ទាប់ទៅ មានរបប ប៉ុល ពត ដែលសម្លាប់ជីវិតមនុស្សរាប់លាននាក់។ យើងខិតខំរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែដោយសារ(មាន)សង្គ្រាមបន្ត។ (ការមាន)សង្គ្រាមបន្តដោយសារអ្នកណា? ការដួលរលំនៃរបបនេះ វាគួរតែត្រូវបានបញ្ចប់។ សង្គ្រាមព្រៃអាចថានៅមានខ្លះ ក៏ប៉ុន្តែដោយសារការទ្រទ្រង់នៃប្រទេសខ្លះ និងអង្គការសហប្រជាជាតិផ្ទាល់​តែម្ដង ខ្មែរក្រហមនៅសេសសល់។ ដូច្នេះហើយបានជាមានតម្រូវការអោយមានការចរចា។ ខ្ញុំសូមបញ្ជាក់ថា សម្រាប់ខ្ញុំ ខ្ញុំមិនដែលមានជំនឿម្ដងណាថា យកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ។ ទស្សនវិជ្ជារបស់ខ្ញុំដោះស្រាយបញ្ហាដោយសន្តិវិធី។ ដូច្នេះហើយ តាំងពីខ្ញុំនៅជារដ្ឋមន្ត្រីការបរទេស ខ្ញុំតែងខិតខំដើម្បីស្វះស្វែងរកការសន្ទនា។ វាជាការគាប់ជួនណាស់ ដែលអតីតព្រះប្រមុខរដ្ឋ ព្រះមហាក្សត្ររបស់យើង សម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានចាប់យកខ្ញុំធ្វើជាដៃគូរបស់ព្រះអង្គ តាំងពីខ្ញុំនៅធ្វើជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសឯណោះ​។ ប្រ​ហែលជាព្រះអង្គទ្រង់គិតថា ហ៊ុន សែន មិនមែនជាអ្នករឹងរូសនោះទេ។ ប៉ុន្តែ អ្វីដែលព្រះអង្គទ្រង់គិតឈ្វេងយល់ ហ៊ុន សែន គឹជាមនុស្សម្នាក់ក្នុងចំណោមនុស្សរាប់ម៉ឺន រាប់សែននាក់ ដែលដើរតាមការអំពាវនាវរបស់ព្រះអង្គ ចូល​រួមចលនាតស៊ូ ដើម្បីប្រឆាំងនឹងបរទេសឈ្លានពាន ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០។

ស្វះស្វែងរកគ្រប់វិធី ដើម្បីមានការចរចា រវាងសម្ដេចព្រះនរោត្តម សីហនុ និង ហ៊ុន សែន

អញ្ចឹងទេ បានជាពេលនោះមានការគ្រោងជំនួបមួយ ដោយអតីតរដ្ឋមន្ត្រីការបរទេសបារាំង ក្លូដ សេសុង នៅទីក្រុងប៉ារីស។ ខ្ញុំមកធ្វើទស្សនកិច្ចនៅប្រទេសស៊ុយអែត បន្ទាប់ទៅខ្ញុំបន្តមកប្រទេសបារាំង ដើម្បីត្រៀមចាំជួបជា​មួយនឹងសម្ដេចព្រះនរោត្តម សីហនុ ដែលព្រះអង្គយាងទៅអង្គការសហប្រជាជាតិ ក៏ប៉ុន្តែ ព្រះអង្គបានធ្វើសេច​ក្ដីប្រកាសមួយថា សូមអធ្យាស្រ័យពីឯកឧត្តម ហ៊ុន សែន ព្រោះមានការជំទាស់មិនអោយមានជំនួបបែបនេះ។ សំខាន់បំផុត គឺជំទាស់ពីខ្មែរក្រហម។ ព្រោះ ពេលនោះ ព្រះករុណាព្រះបិតារបស់យើង ព្រះអង្គគឺជាប្រធានរដ្ឋាភិបាលចម្រុះត្រីភាគី ហើយត្រូវទៅអង្គុយនៅលើកៅអីរបស់ខ្មែរក្រហម ប្រើទង់ជាតិ និងប្រើរដ្ឋធម្មនុញ្ញរបស់ខ្មែរក្រហម នៅឯអង្គការសហប្រជាជាតិ។ ដូច្នេះ ការជំទាស់នេះធ្វើឡើងការជួបគ្នាត្រូវអាក់ខាន។ ប៉ុន្តែព្រះអង្គ និងខ្ញុំមានចំណុចរួមមួយ នៅត្រង់ថា មិនបោះបង់ចោលនូវការខិតខំស្វែងរកការជួបគ្នាទេ។ ខ្ញុំមិនពិបាកទេ នៅពេលដែលខ្ញុំឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃ ១៤ ខែ មករា ឆ្នាំ ១៩៨៥។ អញ្ចឹងពេលហ្នឹង លទ្ធភាពដើម្បីនឹងជំរុញឆ្ពោះទៅរកដំណោះនយោ​បាយ តាមផ្លូវចរចាសន្តិភាព គឺកាន់តែមានធំ ដោយសារអំណាចរបស់នាយករដ្ឋមន្ត្រីនៅពេលនោះ គឺអាចនឹងធ្វើកិច្ចការងារទាំងអស់នេះ ជាមួយនឹងការគាំទ្រពីសម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម ឯកឧត្តម សាយ ភូថង និងអ្នកដទៃទៀត។ ប៉ុន្តែ ព្រះករុណាទេ ដែលព្រះអង្គជួបការលំបាកណាស់។ ព្រោះអី? នៅក្នុងក្របខ័ណ្ឌត្រីភាគី ដែលមានទាំង ខៀវ សំផន មានទាំង សឺន សាន នៅទីនោះ ដូច្នេះតើត្រូវធ្វើយ៉ាងម៉េច? អញ្ចឹងព្រះអង្គបានស្វះស្វែងរកគ្រប់វិធីទាំងអស់ រាប់ទាំងការគាំទ្រពីឥស្សរជន ៨ រូប មានទាំងអតីតមេដឹកនាំជំនាន់ដើម ៨ រូប ខ្ញុំនៅចាំរឿងនេះ ហើយស្វះស្វែងរកការចរចា។

ជំនួប សីហនុ-ហ៊ុន សែន ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៨៧ ជាការចាប់ផ្ដើមបើកច្រកសំខាន់បំផុត

ខ្ញុំសូមយកឱកាសនេះថ្លែងអរគុណសាជាថ្មីម្ដងទៀតចំពោះបងស្រី ពង់ ឈីវហ្កិច​ ដែលឥឡូវជាប្រធានរបស់អង្គការលីកាដូ។ ពេលនោះ គាត់មានស្វាមីរបស់គាត់ជាអតីតអគ្គរដ្ឋទូតបារាំងនៅអង់ហ្គូឡា។ គាត់បានខិតខំរត់ការងារហ្នឹងខ្លាំងណាស់ ដើម្បីអោយមានការជួបសន្ទនាគ្នា រវាងខ្ញុំ និងសម្ដេចព្រះ នរោត្តម សីហនុ។ ទីចុងបំផុតជំនួបមួយបានកើតឡើងលើកដំបូងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ Fère-en-Tardenois។ ចាប់ផ្តើមពីចំណុចនៃការជួបគ្នារវាង សីហនុ-ហ៊ុន សែន នេះហើយ ទើបនេះជាការចាប់ផ្ដើមបើកច្រកសំខាន់បំផុត។ បើគ្មានការសន្ទនារវាងតួអង្គ ២ នេះទេ តើមានអ្នកណាគេមកធ្វើជំនួសយើងបាន? ពេលនោះ សូម្បីតែប្រទេសខ្លះក្នុងអាស៊ាន ជំទាស់នឹងការចរចានេះ។ ភាគីលោកតា សឺន សាន ខូចជាងគេ។ ឲ្យ ថាច់ រ៉េន ធ្វើលិខិតឧទ្ទេសនាមអោយ ថាច់ រ៉េន ដើររកការចរចា។ (កាញារីទ្ធ នៅនេះទេ?) … (សួរឯកឧត្តម ខៀវ កាញារីទ្ធ ពីការផ្សាយព័ត៌មាន)។

កិច្ចព្រមព្រៀង ៤ រវាង សម្ដេចព្រះនរោត្តម សីហនុ និង ហ៊ុន សែន

ការចាប់ផ្ដើមជំនួប ២ លើកដំបូង មួយនៅ Fère-en-Tardenois ថ្ងៃ ២ ខែ ធ្នូ ឆ្នាំ ១៩៨៧។ បន្ទាប់ទៅខែមករានៅ១៩៨៨នៅ សាំងហ្សែរម៉ាំងអង់ឡៃ (SaintGermain-en-Laye)។ បន្ទាប់ពីការចរចារវាងសម្ដេចឪ ជាមួយនិងខ្ញុំហើយ ទើបចាប់ផ្ដើមមានចរន្តនៅក្នុងក្របខ័ណ្ឌអាស៊ាន។ ត្រូវចងចាំនូវកត្តាប្រវត្តិសាស្ត្រ នៃដំណើរឆ្ពោះទៅកាន់កិច្ចព្រមព្រៀងប៉ារីស។ ក្នុងជំនួបរវាងតួអង្គសម្ដេចព្រះនរោត្តម សី​ហនុ ជាមួយនិងខ្ញុំ (យើង)មានកិច្ចព្រមព្រៀង ៤ ដែលខ្ញុំសូមរំលឹក។ មានបងប្អូនខ្លះក៏បានដឹងហើយ ឬក៏ភ្លេច  ឬក៏ភាគច្រើនដែលមិនបានដឹង។ កិច្ចព្រមព្រៀង ៤ នោះ រួមមាន ទី ១ សេចក្ដីថ្លែងការណ៍ Fère-en-Tardenois រវាង ហ៊ុន សែន និង សីហនុ ឬគេប្រើពាក្យកាត់ទេ សូមអភ័យទោស ព្រោះយើងត្រូវហៅតាមព្រះរាជស័ព្ទ ប៉ុន្តែ ពេលនោះ គេហៅតែ សីហនុ-ហ៊ុន សែន តែប៉ុណ្ណឹង។ នេះជាសេចក្ដីថ្លែងការលើកទី ១ ដែលជាប្រភេទកិច្ចព្រមព្រៀងដែរ។ កិច្ចព្រមព្រៀងទី ២ គឺនៅដើមឆ្នាំ ១៩៩០ នៅបាងកក ទាក់ទងនឹងការបង្កើត SNC ដែលជាជំនួបតទល់រវាង សីហនុ-ហ៊ុន សែន នៅទីក្រុងបាងកក គឺជាការបន្តយកគំនិត ដែលខ្ញុំបានស្នើតាំងពីឆ្នាំ ១៩៨៨ ពេលនោះប្រើពាក្យថា ក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់។ ប៉ុន្តែ ដើម្បីជៀសវាងនូវការភាន់ច្រឡំ គឺ Chavalit Yongchaiyudh ដែលពេលនោះជាមេបញ្ជាការជើងគោក នៃកងទ័ពថៃ បានជួយសម្រួលអោយប្រើពាក្យ «ក្រុមប្រឹក្សាជាន់ខ្ពស់ SNC» ឬ « Supreme National Council» … ព្រោះមិនមែនភាសាយើង កុំឆ្ងល់ពេក។ ខ្លះគេថា ខ្ញុំហ្នឹងអត់និយាយ។ បើមិនមែនភាសាជាតិរបស់ខ្ញុំៗនិយាយធ្វើម៉េចច្បាស់។ ខ្ញុំវាគ្រាន់បើហើយ។ អ្នកខ្លះគេមិនចេះភាសាយើងមួយម៉ាត់ផងហ្នឹង។ ខ្ញុំគ្រាន់តែរកបាយស៊ីពិបាកបន្តិច បើរឿងចូលនយោបាយអាចទៅរួច។

កិច្ចព្រមព្រៀងទី ៣ ចុះហត្ថលេខាដោយ ហ៊ុន សែន-សីហនុ ទៀត គឺនៅតូក្យូ ដែលពេលនោះត្រីភាគីចុះហត្ថលេខាដោយប្រមុខរដ្ឋ នរោត្តម សីហនុ  អមដោយនាយករដ្ឋមន្ត្រី សឺន សាន ពហិកាដោយអនុប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេស ខៀវ សំផន ហ្នឹងនៅតូក្យូ។ នោះជាកិច្ចព្រមព្រៀងបង្កើតឡើងនូវ SNC នោះតែម្ដង។ នៅបាងកកគ្រាន់តែជាកិច្ចព្រមព្រៀងរវាង សីហនុ-ហ៊ុន សែន ដែលមិនមែនជាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលចំរុះត្រីភាគី ជាមួយនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញទេ។ អញ្ចឹងបានជាតម្រូវអោយមានការចរចានៅទីក្រុងតូក្យូ ដើម្បីចុះហត្ថលេខាម្ដងទៀត ដែលពេលនោះ រូបមន្តស្មើគ្នា ខ្ញុំបាននិយាយថា ៥ និង ៥ ក៏ប៉ុន្តែខ្ញុំក៏បានបញ្ជាក់វិញថា បើ ៥ និង ៥ ពិបាកខាងព្រះអង្គ ទូលបង្គំអត់ពិបាកទេ … ៥ របស់ខាងព្រះអង្គគឺពិបាក ដោយសារអី? ៣ ភាគី ត្រូវចែកគ្នាយ៉ាងម៉េច ៥?  អញ្ចឹងទេបានជាចេញរូមមន្ត ៦+៦ ឬ ៦+២+២+២ នេះជារូបមន្ត។ កិច្ចព្រមព្រៀងទី ៤ គឺកិច្ចព្រមព្រៀង រវាង សីហនុ-ហ៊ុន សែន ទៀត ធ្វើឡើងនៅប៉េកាំង ១៩៩១ ដែលពេលនោះឯកឧត្តម ចែម វិទ្យា ត្រូវនាំយកនូវពង្រាងកិច្ចព្រមព្រមព្រៀងនោះ ទៅថ្វាយព្រះករុណា នៅព្រះរាជដំណាក់ ហើយត្រៀមចុះហត្ថលេខា នៅថ្ងៃទី ១៧។ ព្រះករុណាព្រះអង្គឃើញល្អពេក ព្រះអង្គក៏ឡាយព្រះហស្ថលេខាមុនបាត់ទៅ។ ខ្ញុំក៏ស៊ីញ៉េតាមក្រោយ។

SNC ជាគំនិតដើមរបស់ ហ៊ុន សែន

រឿងនេះ ខ្ញុំសូមនិយាយពីបញ្ហា SNC បន្តិចដើម្បីអោយវាដឹងថា មិនមែនអ្វីក៏ចេញពីអ្នកដទៃ បរទេសធ្វើទាំងអស់ទេ។ វាត្រូវគួបផ្សំរវាងកិច្ចការរបស់អន្តរជាតិ ជាមួយនឹងកិច្ចការរបស់ជនជាតិកម្ពុជាធ្វើ។ ផ្ទុយទៅវិញ ជនជាតិបរទេស ដែលគេផ្ដួចផ្ដើមគំនិតដោយប្រទេសធំ និងប្រទេសមួយចំនួនផ្សេងទៀត បូកនឹង Gareth Evans (អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី) នោះ គឺត្រូវយករបស់អ្នកដែលជនជាតិកម្ពុជាព្រមព្រៀងគ្នា យកទៅដាក់ក្នុងជាឯកសារប្រទេសធំទាំង ៥ ទៅវិញទេ។ SNC នេះ គំនិតដើមរបស់ជាគំនិតរបស់ ហ៊ុន សែន បង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់ ដែលពេលនោះខ្ញុំស្នើអោយមានប្រធាន ១ អនុប្រធាន ៣ ប៉ុន្តែ ត្រីភាគីទាត់ចោលជានិច្ចជាកាល។ អញ្ចឹង ក្រោយមក ខាងថៃ Chavalit Yongchaiyudh នៅរស់ទេសព្វថ្ងៃនេះ គាត់ឃើញថា សមហេតុសមផល ក៏បង្កើតអោយ​មានការប្រជុំនៅទីក្រុងបាងកក គ្រាន់តែដូរឈ្មោះទេ ពីក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់ទៅជា ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ តែប៉ុណ្ណឹងទេតើ។ ប៉ុន្តែ គំនិតដើមរបស់វា គឺគំនិត ហ៊ុន សែន។

ផ្ដាំទៅក្រុមជើងកាងខាងកិច្ចព្រមព្រៀងទីក្រុងប៉ារីស … មានទាំងខ្សែអាត់ថតសម្លេងនៅសេសសល់ថែមទៀតផងនៅរាល់ពេលប្រជុំ​។ ឥឡូវ កែវ បាភ្នំ ជាអ្នកគ្រប់គ្រងនូវបណ្តាឯកសារទាំងនោះ រាប់ទាំងឯកសារចរចានៅ SaintGermain-en-Laye នៅ Fère-en-Tardenois មានជាខ្សែអាត់ថតសម្លេងនៅពេលនោះ។ បានយកវាចេញពីគំនិតហ្នឹងទៅព្រមព្រៀង រវាងព្រះករុណាបិតា ជាមួយនិងខ្ញុំនៅបាងកក។ ប៉ុន្តែ ដើម្បីរុញបញ្ហានេះថែមទៀត ​ជប៉ុនត្រូវដើរតួនាទីបង្កើត​អោយមានការចុះហត្ថលេខានៅឯទីក្រុងតូក្យូ។ តែនោះគ្រាន់តែជាការបង្កើតដោយលាយលក្ខណ៍អក្សរទេ រហូតដល់ទៅពេលរៀបចំឈ្មោះ(សមាជិក) រៀបចំនៅឯហ្សាកាតា។ អញ្ចឹង SNC នេះផ្ដើមគំនិតនៅប៉ារីស និងហ្សាកាតា តាមរយៈ JIM-I JIM-II និង IMC នេះ។ ចុះហត្ថលេខាដំបូងនៅបាងកក ចុះហត្ថលេខាបន្ថែមនៅតូក្យូ រៀបចំបញ្ជីឈ្មោះសមាជិក SNC គឺនៅហ្សាកាតា​។

ប្រទេសអាស៊ីអាគ្នេយ៍បែងចែកជា ២ ប្លុក

ខ្ញុំសង្ឃឹមថា អ្នកដែលស្គាល់មិនច្បាស់ពីកិច្ចព្រមព្រៀងប៉ារីសនឹងកត់ត្រាទុក ​ហើយក៏អាចថតសម្លេងទុកបានដែរ … ព្រោះនេះមិនដឹងថាប៉ុន្មានវិទ្យុ  ប៉ុន្មានទូរទស្សន៍ ប៉ុន្មានអនឡាញទេ ដែលផ្សាយ …។ ក្រោយពេលនៃការចាប់ផ្ដើម(ចរចា)រវាងព្រះករុណា និងខ្ញុំ ទើបអាស៊ានចាប់ផ្ដើមធ្វើការប្រជុំរវាងបណ្ដាប្រទេសអាស៊ានជាមួយនឹងបណ្ដាប្រទេសនានា។ កាលពីពេលនោះបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ (ត្រូវបាន) បែងចែកជាប្លុក ២។ ប្លុកមួយគឺមានអាស៊ាន ៦ រួមមានថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី​ សាំងហ្កាពួរ ហ្វីលីពីន ប្រ៊ុយណេ។ ប្លុកមួយទៀតគឺឥណ្ឌូចិន មានកម្ពុជា​ មានឡាវ មានវៀតណាម។ មួយទៀតគឺ មីយ៉ាន់ម៉ា អត់មានមកពាក់ព័ន្ធទេ។ អញ្ចឹងបង្កើតអោយមានជំនួបរវាងគេហៅថា JIM (Jakarta Informal Meeting) ឬការប្រជុំក្រៅផ្លូវការនៅហ្សាកាតា ក៏ប៉ុន្តែដល់ពេលប្រជុំ ទៅប្រជុំនៅ Bogor ឯណោះ។ បានប្រជុំចប់ ខ្ញុំប្រាប់ (រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី) Ali Alatas ខ្ញុំថាហ្នឹងគួរហៅ BIM (Bogor Informal Meeting) ទើបបានវាត្រូវ ព្រោះជាទីក្រុងមួយផ្សេង។ ដល់ JIM-II បានទៅប្រជុំនៅហ្សាកាតា។

មិនមែនគ្រាន់តែជាការចុះហត្ថលេខា ហៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ

ចរន្តអន្តរជាតិចាប់ផ្ដើមបែបនេះ។ សូមជម្រាបបងប្អូនយើងច្រើនតែមានការភាន់ច្រឡំថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស​គ្រាន់តែមកស៊ីញ៉េ ហៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សូមកុំភាន់ច្រឡំ។ តើកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចាប់​ផ្ដើមពីកន្លែងណា? ពីចំណុចណា? ដំបូងបំផុតជាក្របខ័ណ្ឌការសន្ទនាជួបការចរចារវាង សម្ដេចនរោត្តម សីហនុ ជាមួយនឹងខ្ញុំតែប៉ុណ្ណោះ … កិច្ចព្រមព្រៀងប៉ារីស អ្នកណាជាអ្នកផ្ដើមគំនិត? នោះគេត្រូវមើលឃើញតួអង្គពីរទៀតដដែល ដែលព្រឹកមិញបងប្អូនកាន់រូបថតនេះត្រូវហើយ គឺព្រះករុណាបិតា និង ហ៊ុន សែន នេះឯង។ ខ្ញុំ និងព្រះករុណា បានជួបគ្នានៅឯហ្សាកាតា ឆ្នាំ ១៩៨៩  បន្ទាប់ពីការចរចាមិនបានសម្រចផល JIM-I JIM-II … ព្រះករុណាព្រះអង្គថា ឯកឧត្តម យើងគួរតែស្នើសុំប្រធានាធិបតី សឺហាតូ ប្រធានាធិបតី មីតេរ៉ង់ ដើម្បីបង្កើតសន្និសីទអន្តរជាតិមួយទៅហី្អ? (ខ្ញុំ)ថាធ្វើទៅព្រះអង្គ។ ឥឡូវបើយើងរកច្រកចេញវាមិនឃើញអញ្ចឹង យើងស្នើសុំមិត្តភក្កិរបស់យើង ដើម្បីអោយមានសន្និសីទអន្តរជាតិមួយទៅ។ អញ្ចឹង សន្និសីទប៉ារីសមិនមែនចាប់ផ្ដើមនៅឆ្នាំ ១៩៩១ ទេ អស់​លោក គឺចាប់ផ្ដើមនៅ ខែ សីហា ឆ្នាំ ១៩៨៩ … ហើយប្រជុំពេញមួយខែតែម្ដង តែអត់មានបានផលអីទាំងអស់។ ត្រូវចាំ ដែលហៅសន្និសីទប៉ារីសមិនមែនគ្រាន់តែចូលស៊ីញ៉េ ថ្ងៃ ២៣ ខែ តុលា ទេ គឺចាប់ផ្ដើមតាំងពី ខែ សីហា ឆ្នាំ ១៩៨៩។ ពេលនោះយើងចាប់ផ្ដើមមានសហប្រធានសន្និសីទប៉ារីសដែលមានបារាំង ហើយនិងមានឥណ្ឌូនេស៊ី និងមានតំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ​ និងប្រទេសដទៃចូលរួម។

ប្រទេសធំទាំង ៥ ធ្វើអន្តរាគមន៍

ប៉ុន្តែ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះត្រូវបរាជ័យ តែមិនមែនបានសេចក្ដីថា បិទកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅតែបន្ត។ ពេលនោះ កម្ពុជាយើងខ្លួនឯង ក៏ចាប់ផ្ដើមរិះរកមធ្យោបាយផ្សេងៗគ្នា រាប់ទាំងមធ្យោបាយ SNC នេះឯង។ ដល់ទៅណាក៏វាមិនរួចទៀត ប្រទេសធំទាំង ៥ ក៏ចាប់ផ្ដើមធ្វើអន្តរាគមន៍ តាមរយៈដាក់ចេញនូវឯកសារប្រទេសធំទាំង ៥ ដែលជា​ គំនិតផ្ដួចផ្ដើម Gareth Evans អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។ អញ្ចឹងទេ បានជានៅក្នុងនោះមានភាពពាក់ព័ន្ធគ្នា។ ចំណុចនេះគឺសុំអោយយល់ អំពីដំណាក់កាល​ នៃការកកើត SNC ដំណាក់កាលនៃការចាប់ផ្ដើមសន្និសីទប៉ារីស។ ជួនកាលអ្នកខ្លះដឹងតែសន្និសីទប៉ារីសចុះហត្ថលេខា  ថ្ងៃ ២៣។ តែមុននឹងដល់ថ្ងៃ ២៣ វាចាប់ផ្ដើមពីអី? វាចាប់ផ្ដើមដំបូងជំនួបចរចាសីហនុ-ហ៊ុន សែន ហើយបានឈានទៅដល់កម្រិត នៃការចូលរួមតួអង្គពាក់ព័ន្ធក្នុងតំបន់ គឺអាស៊ីអាគ្នេយ៍ គឺ JIM-I JIM-II ហើយ IMC នេះ វាកើតក្រោយពេលដែលប្រជុំមួយខែមិនជោគជ័យ ត្រូវទៅប្រជុំនៅហ្សាកាតា IMC (Informal Meeting on Cambodia) ប្រជុំតាំងពីម៉ោង ៧ ល្ងាចដល់ម៉ោង ៣ ភ្លឺ។

SNC ជាប្រភពអំណាចតែមួយគត់ក្នុងដំណាក់កាលអន្តរកាល

… មិនត្រូវគ្នាទៀត។ ខ្ញុំត្រូវប្រជុំកាសែតនៅម៉ោង ៣:៣០ នាទី ក្បែរភ្លឺ។ ទោះបីហត់នឿយយ៉ាងម៉េច តែខ្ញុំយល់ច្បាស់ថា ប្រសើរជាងច្បាំងគ្នា ប្រសើរជាងមនុស្សស្លាប់។ ខ្ញុំមិនទើសទាល់ ទោះបីចូលរន្ធក្ដាមក៏ដោយ អោយតែចរចា។ ខ្ញុំមិនមែនអ្នកជើងច្បាំងទេ ព្រោះឆ្អែតឆ្អន់ជាមួយនឹងសង្គ្រាមដែលគេបង្កើតហើយ … អាចចាត់ទុកថាក្នុងចំ​ណោមជើងចរចាខ្លាំង ពិបាកទប់ទល់(ជាងគេ) គឺខ្មែរក្រហម មិនមែនក្រុមដទៃទេ គឺខ្មែរក្រហមនេះ។ ពួកនេះមិនធម្មតា។ អាវាយគ្នាក៏វាខ្លាំង ចរចាក៏ខ្លាំងដែរ។ មិនធម្មតាទេ។ ក៏ប៉ុន្តែ មកភ្លាត់ត្រឹមមួយពាក្យ ត្រង់ថា នៅក្នុងកិច្ចព្រមព្រៀងប៉ារីស​មាននិយាយថា SNC ជាប្រភពអំណាចតែមួយគត់នៅកម្ពុជា ក្នុងដំណាក់កាលអន្តរកាល។ ខៀវ សំផន ភ័ន្តច្រឡំលើកន្លែងហ្នឹង។ អាចនិយាយថាត្រីភាគីភ័ន្តច្រឡំនៅកន្លែងហ្នឹង។ គេអត់បានមើលឧបសម្ព័ន្ធនៃកិច្ចព្រមព្រៀងប៉ារីស ដែលក្នុងនោះមានចែងពីរដ្ឋបាលនៅនឹងកន្លែង មានចែងអំពីបញ្ហា អ៊ុនតាក់ មានចែងអំពីបញ្ហាការកសាងឡើងវិញ មានបញ្ហាចែងអំពីគោលការណ៍នៃរដ្ឋធម្មនុញ្ញ។

ដូច្នេះ(ហើយ)បានជាពេលប្រជុំនៅទីក្រុងភ្នំពេញ ខៀវ សំផន ទារចាត់តាំងអភិបាលរដ្ឋធានីភ្នំពេញ អភិបាលខេត្តចតុភាគី ក្រសួងមួយៗចតុភាគី។ អញ្ចឹងបានខ្ញុំចង្អុលមុខ ខៀវ សំផន ឯកឧត្តមលេបថ្នាំខុស? មើលកិច្ចព្រមព្រៀងក្រុងប៉ារីសឡើងវិញមើល។ មើលអោយច្បាស់មើល​។ ខ្ញុំយល់ស្របហើយពាក្យដែលថា SNC ជាប្រ​ភពអំណាចតមួយគត់ក្នុងដំណាក់កាលអន្តរកាល ប៉ុន្តែ ឯកឧត្តមមានបានមើលអំពីឧបសម្ព័ន្ធទាក់ទងនឹងរដ្ឋបាលនៅហ្នឹងកន្លែងទេ។ ខ្ញុំយល់ស្របត្រឹមតែ អ៊ុនតាក់ ត្រួតពិនិត្យលើក្រសួង ៥ រួម​​មាន៖ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងពត៌មាន ក្រសួងយុត្តិធម៌ និងក្រសួងហិរញ្ញវត្ថុ។ អញ្ចឹង (បើ)ឯកឧត្តមមានក្រសួង អោយ អ៊ុន​តាក់ ត្រួតទៅ។ ភាគី ហ៊្វុនស៊ិនប៉ិច មានក្រសួង អោយ អ៊ុនតាក់ ត្រួតទៅ។ (បើ) KPNLF មាន ក៏សូមអញ្ជើញ។ ឯខ្ញុំ គឺខ្ញុំអោយហើយ។ ភ័ន្តច្រឡំអាហ្នឹងធំណាស់។

ពេលអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស អំណាចធំគឺ ប្រធានអ៊ុនតាក់ មិនមែនប្រធាន SNC

មួយទៀត បញ្ហា SNC ក៏ជាបញ្ហាទាក់ទិនជាមួយនឹងរឿងត្រូវចរចា។ ចេញពីប៉ាតាយ៉ា ទៅសម្រេចនៅឯអង្គការសហប្រជាជាតិនៅញូវយ៉ក ក្នុងពេលដែល SNC ចូលកាន់កាប់អាសនៈអង្គការសហប្រជាជាតិ។ បញ្ហាស្ថិតនៅត្រង់ថា​ ឯកសារប្រទេសធំទាំង ៥ គេបាននិយាយថា SNC ធ្វើការតាមកុងសង់ស៊ីស។ ក្នុងករណីគ្មានកុងសង់ស៊ីស ប្រធានអ៊ុន​តាក់ជាអ្នកសម្រច។ ភាគីរដ្ឋកម្ពុជាជំទាស់នឹងការសម្រេចរបស់ប្រធានអ៊ុនតាក់។ អញ្ចឹងសុំស្នើធ្វើវិសោធនកម្មដាក់ថា SNC ធ្វើការតាមកុងសង់ស៊ីស ក្នុងករណីគ្មានកុងសង់ស៊ីស ​ប្រធាន SNC​ ជាអ្នកសម្រេច គឺចង់ថ្វាយព្រះរាជអំណាចនេះចំពោះសម្តេចឪរបស់យើង។ ប៉ុន្តែ សម្តេចឪ ព្រះអង្គដាក់កខ្ញុំលើជ្រុញនៅឯក្រុមប្រឹក្សា​សន្តិ​សុខអង្គការសហប្រជាជាតិតែម្តង។ ព្រះអង្គអត់បានបញ្ជូនដំណឹងមកខ្ញុំមុនទាំងអស់។

ចូលទៅដល់ក្រុមប្រឹក្សាសន្តិសុខ ឃើញក្រដាសមួយសន្លឹក ជាសំបុត្រមួយរបស់ព្រះករុណាបិតា ផ្ញើជូនអគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ (Javier) Pérez de Cuéllar ថាសិទ្ធិសម្រេចរបស់ SNC អាស្រ័យលើឯកត្តម ហ៊ុន សែន។ (មានការទះដៃ)។ ទះដៃនេះខុសហើយ។ តែក៏ត្រូវដែរ។ ខុសតែត្រូវ។ ត្រូវត្រង់ថា មានតែ ហ៊ុន សែន មួយគត់ ដែលមានសិទ្ធិនៅពេលនោះ បើ ហ៊ុន សែន មិនព្រម កិច្ចព្រមព្រៀងចេញអត់រួច។ អញ្ចឹងសូមអ្នកដទៃកុំភ័ន្តច្រឡំ ពេលចរចានោះត្រូវតែមានកុងសង់ស៊ីស បើភាគីរដ្ឋកម្ពុជាជំទាស់ កិច្ចព្រមព្រៀងក្រុងប៉ារីសអត់ចេញរួចទេ។ ក្នុងនោះអ្នកណាដើរតួនៅក្នុងរដ្ឋកម្ពុជាគឺ ហ៊ុន សែន។ ពេលហ្នឹងអគ្គលេខាធិការអង្គការសហប្រជាជាតិសួរមកខ្ញុំថាយ៉ាងម៉េច ឯកឧត្តម ហ៊ុន សែន។ ខ្ញុំថាខ្ញុំព្រម។ មិនព្រមម៉េចកណ្តាលអង្គប្រជុំប៉ុណ្ណឹង។ មានតែសម្រចអញ្ចឹង។ អញ្ចឹងបានជាអំណាចនៅក្នុងដំណាក់កាលអន្តរកាលនៅកម្ពុជា ក្នុងពេលអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំ​ណាចខ្លាំង គឺប្រធានអ៊ុនតាក់ មិនមែនប្រធាន SNC ទេ។ ឯខ្ញុំចង់បានអំណាចខ្លាំងគឺនៅនឹងប្រធាន SNC ដើម្បីជាការធានាចំពោះឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា។ ក៏ប៉ុន្តែ បើខ្ញុំជំទាស់នឹងព្រះរាជតម្រិះរបស់ព្រះករុ​ណា ព្រះករុណាលោកអោយប្រធានអ៊ុនតាក់សម្រេច ក៏លោកព្រម អោយព្រះអង្គសម្រេចក៏លោកព្រម​ អញ្ចឹងព្រះអង្គដាក់ថា អាស្រ័យលើឯកឧត្តម ហ៊ុន សែន។ អញ្ចឹង ហ៊ុន សែន មានតែព្រមតែប៉ុណ្ណឹង។ អញ្ចឹងរឿង SNC មិនមែនជារឿងធម្មតាពេកទេ។

តែងអំពាវនាវអោយមានការឈប់បាញ់នៅនឹងកន្លែង និងឈប់ទទួលជំនួយយោធាបរទេស

ឥឡូវ ខ្ញុំគួររំលឹកអំពីបញ្ហាទិដ្ឋភាពយោធា តើវាលំបាកប៉ុណ្ណា? (បានជា)ខ្ញុំសូមស្នើអោយអ្នកទាំងអស់កុំភ្លេច  មិនមែនអ្វីក៏ចេះតែងាយស្រួលទេ។ ជានិច្ចកាល ចាប់ផ្តើមការចរចា ខ្ញុំតែងតែអំពាវនាវអោយមានការឈប់បាញ់នៅនឹងកន្លែង និងឈប់ទទួលជំនួយយោធាបរទេស។ ​គ្រប់ការចរចាខ្ញុំមិនដែលភ្លេចទេ​ ព្រោះខ្ញុំមិនចង់អោយខ្មែរស្លាប់តទៅទៀតទេ។ ការឈប់បាញ់នេះ ព្រោះយើងរង់ចាំដំណោះស្រាយ។ ដូច្នេះ ត្រូវឈប់បាញ់សិនទៅ។ ប៉ុន្តែ ភាគីដទៃ ពិសេសគឺខ្មែរក្រហមតែម្តង អាគាត់នេះមិនឈប់ទេ។ នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស តម្រូវអោយមានការដកហូតអាវុធ ប្រមូលផ្តុំកងទ័ព និងរំសាយកងទ័ព។

នំ ហ៊ុន សែន ផ្ញើតាមដៃអ្នកដទៃ យកមកអោយ ហ៊ុន សែន ទទួលទានវិញ

រឿងនេះខ្ញុំធ្លាប់បាននិយាយហើយ តែខ្ញុំត្រូវតែនិយាយបន្តទៀតអំពីនំ ហ៊ុន សែន ធ្វើ ផ្ញើតាមអ្នកដទៃមកអោយ ហ៊ុន​ សែន ទទួលទានវិញ​ គឺជារឿងមួយដែលត្រូវចងចាំ។ ខ្ញុំសូមនិទានរឿងនេះ។ ចាត់ទុកថាជារឿងនិទាន ក៏ប៉ុន្តែនេះជាបច្ចេកទេសខាងផ្នែកការទូ​ត និងការចរចា។ មុនពេលហោះចេញពីទីក្រុងភ្នំពេញមកប៉ាតាយ៉ា ខ្ញុំប្រជុំថ្នាក់ដឹកនាំគណបក្ស និងរដ្ឋាភិបាលរបស់ខ្ញុំ។ ពេលនោះ យើងដាក់ចេញនូវវិធានការណ៍នៃការតថ្លៃ ដើមដំបូងគឺស្នើកាត់រំសាយកងទ័ព ២០% … បើតឹងតែងពេកឈានទៅកាត់បន្ថយ ៣០% ចំនួនកងទ័ព។ ដល់ទៅពេលចរចា ខ្ញុំបានលើកសំណើនេះចេញមក ខ្ញុំថា មិនមានការចាំបាច់ដាក់អប្បបរមា ហើយឡើងទៅអតិបរមាទេ​ គឺដាក់អតិបរមាតែម្តង។ ផ្តួចផ្តើមគំនិតរំសាយកងទ័ព ៣០%។ ប៉ុន្តែ ខ្មែរក្រហម និងត្រីភាគីបាន(លើក)ត្រឡប់មកវិញថា មួយភាគីទុកកងទ័ព ២០០០ នាក់។ ត្រីភាគីពេលនោះគេឆ្លាត ប៉ុន្តែសំបកក្រូចក្រាស់ ប៉ះក្រចកវែង។ ​កុំភ្លេចណា ខួរក្បាលខ្ញុំមួយទប់ទល់នឹងខួរក្បាលបី ហើយសុទ្ធតែអ្នកជើងចាស់។​ គេ ៣ ភាគី ខ្ញុំតែមួយភាគី ខ្ញុំតែម្នាក់ឯង។

បន្ទាប់ពីការចរចាហើយ បែកផ្លូវគ្នា ខ្ញុំហៅ ទៀ បាញ់ បង ហោ​ ណាំហុង មកពិគ្រោះគ្នា។ ព្រោះយើងបានស្ទាបស្ទង់រួចហើយ ខ្ញុំបានសួរផ្ទាល់ទៅតំណាងពិសេសអគ្គលេខាធិកាអង្គការសហប្រជាជាតិ ខ្ញុំថា “ប្រើពាក្យរំសាយកងទ័ព ចុះប៉ូលីស ឬក៏ជីវពល សេនាជន រំសាយអត់?”។​ គាត់ថា ក្រុមទាំងហ្នឹងអត់ប៉ះពាល់ទេ។ គេរំសាយតែទ័ពតើ ប៉ូលីសក៏នៅ​ ជីវពលក៏នៅ។ អញ្ចឹង ខ្ញុំនិយាយជាមួយ ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ។ ពេលនោះបង ហោ ណាំហុង ​មិនទាន់ធ្វើរដ្ឋមន្ត្រីការបរទេស ខ្ញុំកាន់តួនាទីជានាយករដ្ឋមន្ត្រីផង ជារដ្ឋមន្រ្តីការបរ​ទេសផង។ ក្រោយមកបានខ្ញុំផ្ទេរអោយបង ហោ ណាំហុង ។ ខ្ញុំថា ឥឡូវសម្រចរំសាយ ៧០% បណ្តោយ … បើយើងគិតគឺត្រីភាគីឆ្លាតណាស់។ រដ្ឋកម្ពុជាមានកងទ័ព ១៤ ម៉ឺននាក់ ពីមុនមាន ១៥ ម៉ឺននាក់ តែខ្ញុំអោយរំសាយកាត់ចេញ ១ ម៉ឺននាក់ ទុក ១៤ ម៉ឺននាក់ ជាមួយនគរបាល ៤ ម៉ឺននាក់ … ព្រឹកមិញមាននរណាមួយនោះពាក់អាវ A៣ ឯណា? ជំនាន់ណា? ហ្នឹងគឺខ្មែរក្រហមខ្លាចណាស់។ វាយអាក្រក់អាក្រីណាស់ A៣ ហ្នឹង។ ជីវពលរបស់យើងមាន ២៤ ម៉ឺននាក់ សេនាជន។

ឯកភាពគ្នាអញ្ចឹងហើយ ខ្ញុំក៏អោយបង ហោ ណាំហុង ទាក់ទងទៅ ឡេវីត (Jean-David Levitte) ដែលពេលនោះគាត់នៅក្រសួងការបរទេស(បារាំ​ង)​ អោយ​មកស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំ។ ខ្ញុំក៏បានស្ទាបស្ទង់ថា ឯកឧត្តម តើបើសិនជារំសាយ ៧០% នៃកងទ័ព តើប្រទេសធំទាំង ៥ យល់យ៉ាងម៉េច? Jean-David Levitte ថា យី! ល្អណាស់ បើសិនជាបានទៅអញ្ចឹង ប្រ​ទេសធំទាំង ៥ គាំទ្រ។ ខ្ញុំថា អញ្ចឹងល្អណាស់។ តែខ្មែរក្រហមចាំជំទាស់តែខ្ញុំទេ។​ អញ្ចឹងទេ (សូម)ឯកឧត្តមយកបញ្ហានេះ ទៅស្នើដល់សម្តេចព្រះ នរោត្តម សីហនុ ថា ប្រទេសធំទាំង ៥ ​ចង់អោយភាគីកម្ពុជា រំសាយកងទ័ព ៧០% និងសូមអោយសម្តេចព្រះ នរោត្តម សីហនុ លើកបញ្ហានេះក្នុងអង្គប្រជុំ។ បន្ទាប់ទៅខ្ញុំនឹងគាំទ្រភ្លាម។ មានអី ដូចចិត្តតែម្តង។ ដល់ប្រជុំ ព្រះករុណាបិតា​ ព្រះអង្គថា ឯកឧត្តមទាំងអស់គា្ន ប្រទេសធំទាំង ៥ គេមានបំណងចង់អោយយើងរំសាយកងទ័ព ៧០% តើឯកឧត្តមទាំងអស់គ្នាយល់យ៉ាងម៉េច? ខ្ញុំលើកដៃសូមគាំទ្រព្រះអង្គរឿងរំសាយ។ ស្រាប់តែ ខៀវ សំផន ក៏គាំទ្រ រណឬទ្ធិ ក៏គាំទ្រ សឺន សាន ក៏គាំទ្រ។ ចប់! ហ្នឹងបានគេហៅថានំ ហ៊ុន សែន ដែលបានធ្វើ ហើយផ្ញើតាមដៃអ្នកដទៃ យកមកអោយ ហ៊ុន សែន ស៊ីដដែល។ បើខ្ញុំជាអ្នកលើក ច្បាស់ជាពួកហ្នឹងប្រឆាំងទៀត។ រឿងហ្នឹងជាវិធីមួយក្នុងចំណោមវិធីនៃការចរចា។ តែល្បិចអស់ទាំងនេះ ប្រើសម្រាប់តែសេចក្តីសុខរបស់ប្រជាជនតែប៉ុណ្ណោះ ខ្ញុំមិនបានធ្វើអ្វីក្រៅពីហ្នឹង។ មាននាយករដ្ឋមន្រ្តីប្រទេសមួយ គេថា លោក ហ៊ុន សែន ល្បិចច្រើនណាស់ … ល្បិចរបស់ខ្ញុំនេះក្នុងគោលដៅសម្រេចគោលបំណង​ នៃសន្តិភាពរបស់ប្រទេស គ្មានអ្វីទៅលើសពីនេះទេ។

កាត់កងទ័ព ៧០% រដ្ឋកម្ពុជា នៅទប់ទល់ និងទ្រទ្រង់សភាពការណ៍

បញ្ហាយោធាពិតជាស្មុគស្មាញ។​ ទីចុងបំផុត អត់មានភាគីណាមួយសម្រេចបានទេ។ រដ្ឋកម្ពុជាកាត់ចេញជាឯកតោភាគី នូវកងទ័ពរហូតទៅដល់ ៣ ម៉ឺននាក់។ កាត់ចេញជាឯកតោភាគីតែម្តង ហើយនឹងរំសាយជីវពល ២៤ ម៉ឺននាក់។ អញ្ចឹង ទុកកងទ័ពតែ ១១ ម៉ឺននាក់ទេ ប៉ូលីស ៤ ម៉ឺននាក់។ ពេលនេះ យើងគិតមើល បើយើងព្រមទៅតាមត្រីភាគី មួយភាគីទុក ២០០០ នាក់ គាត់មានកងទ័ពសរុបគ្នាថា អោយអស់ចុះ ៥ ម៉ឺននាក់​ គាត់រក្សាទុកបាន ៦០០០ នាក់ ឯយើង ១៤ ម៉ឺននាក់ទុកបាន ២០០០ នាក់។​ គាត់ឆ្លាតពេក។ ដល់គាត់ឆ្លាតពេកយើងដាក់រូបមន្តនេះទៅវិញ។ រូបមន្តនេះ ១៤ ម៉ឺននាក់កាត់ចេញ ៧០% សល់ប៉ុន្មាន? បូកជាមួយនគរបាល ៤ ម៉ឺននាក់ បូកជាមួយនឹងជីវពល ២៤ ម៉ឺននាក់ បានសេចក្តីថាមិនតូចទេ​។ ទប់ទល់បានសភាពការណ៍។ ខ្មែរក្រហមចាំតែត្របាក់ទេ។​ ជិតបោះឆ្នោតហើយ ខ្មែរក្រហមវាយ។ ទាល់តែប្រាប់ អាកាស៊ី ថា ឯកឧត្តមធ្មេចភ្នែកទៅខ្ញុំដាក់ហើយ។ ដាក់យកកាំភ្លើងយកអីបាន​ កុំអីហ្នឹង កន្លែងបោះឆ្នោតហ្នឹង​ មិនដឹងខ្មែរក្រហមបាញ់ចូលប៉ុន្មានទេ? ជាក់ស្តែងនៅ អាហ្វហ្គានីស្ថាន បោះឆ្នោតប៉ុន្មានថ្ងៃមុននេះងាប់ប៉ុន្មាននាក់? កំពុងបោះឆ្នោតពួក តាលីបង់ វាយ។

ប្រព័ន្ធឯកត្តនាម ឬសមាមាត្រទូទាំងប្រទេស សុទ្ធតែអាចអោយខ្មែរក្រហមមានកៅអីក្នុងសភា

ចំពោះបញ្ហាប្រព័ន្ធបោះឆ្នោត។ ​ប្រព័ន្ធបោះឆ្នោតនេះ ខ្ញុំសូមនិយាយដោយត្រង់នៅពេលនេះ ​ដើម្បីបើកចំហនូវការគិតគូរជាយុទ្ធសាស្ត្រទប់ស្កាត់ការវិលត្រឡប់នៃខ្មែរក្រហម​ នៃរបប ប៉ុល ពត។ ក្នុង​ឯកសារប្រទេសធំទាំង ៥ ​ដាក់សំណើមក បោះតាមប្រព័ន្ធសមាមាត្រទូទាំងប្រទេស។ បានសេចក្តីថា យកប្រទេសធ្វើជាមណ្ឌលតែម្តង។ ហ្នឹងនៅប៉ាតាយ៉ា។ ប៉ុន្តែ ឯកសារបានចេញយូរហើយ ប៉ុន្តែ និយាយគ្នានៅប៉ាតាយ៉ា​។ ខ្ញុំស្នើបកត្រឡប់ទៅវិញបោះឆ្នោតតាមប្រព័ន្ធឯកត្តនាម។​ ពេលនោះលោកតា សឺន សាន​ ថាដាក់ប្រព័ន្ធហ្នឹង សូម្បីតែអាចារ្យវត្តក៏ឈ្នះឆ្នោតដែរ​ ព្រោះអាចារ្យវត្តមានគេស្គាល់ច្រើន។ អញ្ចឹង លោកតា សឺន សាន ខ្លាចតាំងពីអាចារ្យវត្ត។ ប៉ុន្តែបើទោះបីជាប្រព័ន្ធឯកត្តនាម ឬប្រព័ន្ធសមាមាត្រទូទាំងប្រទេស សុទ្ធតែអនុញ្ញាតអោយខ្មែរក្រហមមានកៅអីក្នុងសភាទាំងអស់។ ប្រព័ន្ធសមាមាត្រទូទាំងប្រទេសអនុញ្ញាតអោយខ្មែរក្រហមនៅនេះបន្តិច នៅនោះបន្តិច។ បោះអោយខ្មែរក្រ​ហម បូកទៅ គឺបានកៅអីក្នុងសភាហើយ។

បើប្រព័ន្ធឯកត្តនាម នឹងចែកជាមណ្ឌលតូចៗ តំបន់ខ្មែរក្រហមគ្រប់​គ្រង​ច្បាស់ជាបោះឆ្នោតអោយខ្មែរក្រហមហើយ ច្បាស់ជាមាននៅក្នុងសភា។ ខ្ញុំត្រូវអញ្ជើញ បង ចែម ស្ងួន ដែលត្រូវជា ឪពុក របស់ ចែម វិទ្យា មកផ្ទះខ្ញុំ ហើយអោយគាត់សិក្សា។ មិននិយាយទៅណាទេយកមកជួបខ្ញុំផ្ទាល់។ ហើយខ្ញុំបានយកបញ្ហាហ្នឹងគិតគូរជាមួយថ្នាក់ដឹកនាំសំខាន់ៗ​។ មិនឯកភាពគ្នានៅប៉ាតាយ៉ា ទៅឯកភាពគ្នានៅញូវយ៉ក ដាក់ប្រព័ន្ធឯកត្តនាមតាមខេត្ត ក្នុងគោលដៅកាត់សន្លឹកឆ្នោតខ្មែរក្រហមជាកង់ៗ អត់អោយបូកគ្នាបាន។ នេះជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្រ្តទប់កុំអោយខ្មែរក្រហមវិលមកវិញ។ ប្រព័ន្ធឯកត្តនាមក្តី ប្រព័ន្ធសមាមាត្រទូទាំងប្រទេសក្តី សុទ្ធតែអនុញ្ញាតអោយខ្មែរក្រហមមានកៅអីទាំងអស់។ ដែលយើងមិនចង់ឃើញ អង្គការចាត់តាំងនយោបាយមួយដែលប្រល័យពូជសាសន៍​ បែរជាអង្គុយ​គ្រហើៗ នៅក្នុងសភា ត្រួតក្បាលយើងទៀត តំណាងអោយប្រជាពលរដ្ឋទៀត។

ពាក្យមួយម៉ាត់ថា ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ត្រូវទៅដោះស្រាយដល់តូក្យូ

… គ្រាន់តែពាក្យមួយម៉ាត់ យើងស្នើដាក់ក្នុងកិច្ចព្រមព្រៀង ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ … ខ្ញុំត្រូវទៅដោះស្រាយនៅតូក្យូ​។ ដល់វាគាំង ចេញអត់រួច ខាងជប៉ុនអញ្ជើញ ហ៊ុន សែន ទៅពិនិត្យជំងឺ។ ​តែអញ្ជើញ ហ៊ុន សែន ទៅពិនិត្យជំងឺ គ្មានរឿងពិនិត្យជំងឺទេ​ សំខាន់បំផុតគឺចរចាគ្នា។ គ្រាន់តែរឿងមួយពាក្យហ្នឹង ចរចាជាមួយ … ឯកឧត្តម អូវ៉ាដា ដែលជាអតីតអនុរដ្ឋមន្ត្រីការបរទេសរបស់ជប៉ុន​ ឥឡូវជាដន្លងព្រះចៅអធិរាជជប៉ុន ហើយដែលកូនប្រសាររបស់គាត់នឹងឡើងគ្រងរាជ្យ នៅខែ មេសា ឆ្នាំក្រោយ​ ជំនួសព្រះបិតា។ ថ្ងៃមុន ខ្ញុំបានគាល់ទាំងព្រះចៅអធិរាជ​ និងព្រះរាជទាយាទ ជាមួយនឹងប្រទេសក្នុងតំបន់មេគង្គ។ ពេលនោះ អូវ៉ាដា បាននិ​យាយថា ឯកឧត្តម សាដាម ហ៊ូសេន ត្រូវតែកាត់ទោសហើយ​ ប៉ុល ពត ត្រូវតែកាត់ទោសហើយអំពីឧក្រិដ្ឋសង្រ្គាម និងប្រល័យពូជសាសន៍ ប៉ុន្តែ បើសិនជាដាក់អញ្ចឹង ភាគីដទៃគេជំទាស់។​ អញ្ចឹងយើងចេញអត់រួច។ អញ្ចឹងបានប្តូរពីពាក្យការទាមទារ … (ទៅ)នៅ(ត្រឹម)ប្រើពាក្យថា ទប់ស្កាត់អំពើអតីតកាលវិញ។ អាហ្នឹងជាចំណុចដែលគួរតែរំលឹកខ្លះៗអោយយល់។

រំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម តាមនយោបាយឈ្នះឈ្នះ

យុទ្ធសាស្ត្ររបស់យើង គឺយុទ្ធសាស្រ្តទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុលពត។ ទីចុងបំផុត ខ្ញុំបានសម្រេចបំ​ណងរបស់ខ្ញុំ គឺរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម តាមរយៈនយោបាយឈ្នះឈ្នះ របស់ខ្ញុំ។ ពិតហើយ អ៊ុនតាក់ បានធ្វើ បានជួយអោយកម្ពុជា ហោចណាស់ក្នុងចំណោមភាគី ៤​ (មាន)ភាគី ៣ បានចូលរួមអនុវត្តកិច្ចព្រមព្រៀងប៉ារីស បង្កើតឡើងនូវស្ថាប័នជាតិរបស់យើងសព្វថ្ងៃនេះ ព្រោះនៅក្នុងកិច្ចព្រមព្រៀងប៉ារីស ដំណាក់កាលចុងក្រោយនៃប្រតិបត្តិការរបស់ អ៊ុនតាក់ គឺនៅពេលដែលសភាធម្មនុញ្ញ ក្លាយទៅជាសភាជាតិ។ គឺបានសេចក្តីថា អ៊ុនតាក់ ត្រូវចប់ភារកិច្ច។ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ រដ្ឋធម្មនុញ្ញត្រូវបានប្រកាសអោយប្រើ ក្នុងពេលដែលព្រះមហាក្សត្រព្រះអង្គឡើងគ្រងរាជ្យសាជាថ្មី សភាធម្មនុញ្ញក៏ប្រែក្លាយជាសភាជាតិ។ អ៊ុនតាក់ ដកចេញទាំងយប់នោះឯង យប់ថ្ងៃ ២៤។ ជប់លៀងនៅ ច័ន្ទឆាយា …

សូមកុំភ្លេចភាគីកម្ពុជាបានជួយអោយអ៊ុនតាក់/អង្គការសហប្រជាជាតិ មិនជាប់ផុងនៅកម្ពុជា។ ត្រូវ​នឹកឃើញដល់តួនាទីរបស់ព្រះករុណាបិតា និងតួនាទីរបស់រដ្ឋកម្ពុជា ដែលស្ថិតនៅក្នុងរដ្ឋបាលដែនដី ដែលគ្រប់គ្រងជាង ៩០% នៃទឹកដី។ ប្រទេសដទៃទៀតដែលអនុវត្ត ដែលមានប្រតិបត្តិការរបស់អង្គការសហប្រជាជាតិដកខ្លួនចេញ ដូចជានៅអង់ហ្គោឡា ជំនាន់ជាមួយគ្នា ឥឡូវអង់ហ្គោឡាដករួចនៅ? ខ្ញុំប្រហែលជានឹងធ្វើការសម្រេចចិត្តបញ្ជូនកងទ័ពយើង​ទៅកាន់អង់ហ្គោឡា។ ឯកឧត្តម ប្រាក់ សុខុន ពិនិត្យមើល ព្រោះថ្ងៃមុនយើងបានប្រាប់ អគ្គលេខាធិការអង្គការសហប្រជាជាតិថា ខ្ញុំបានត្រៀមកម្លាំងរួចហើយ តើឯកឧត្តមចង់អោយខ្ញុំទៅប្រទេសណាទៀត? ប៉ុន្តែ អង់ហ្គោឡា ប្រហែលជាគោលដៅ។ អង់ហ្គោឡា និង ម៉ុងហ្គោលី មានមីនច្រើន។ ដោយសារមីនច្រើនហ្នឹងហើយ បានជាយើងត្រូវទៅ។ យើងវាជំនាញខាងដោះមីន …។

អ៊ុនតាក់ដកចេញ កម្ពុជាមួយមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ

អ៊ុនតាក់/អង្គការសហប្រជាជាតិបានរួមចំណែកជួយយើង ដើម្បីបង្កើតឡើងនូវក្របខណ្ឌរដ្ឋធម្មនុញ្ញ, ក្របខណ្ឌស្ថាប័នកំពូលរបស់ជាតិ។ ប៉ុន្តែ សូមកុំភ្លេចថា អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់ មិនអាចសម្រេចបាន គឺក្រោយចំណាយប្រាក់ជាង ២ ពាន់លានដុល្លារអាមេរិក ពេលចាកចេញទៅ អ៊ុនតាក់បានបន្សល់ទុកឱ្យកម្ពុជាជាប្រទេសមួយមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ បន្តសង្គ្រាមតទៅទៀត។ កុំភ្លេចអាកន្លែងហ្នឹង។ មិនទាន់ចប់សង្គ្រាមឯណា គាត់ទៅផុតបាត់ទៅហើយ? ដកខ្ទេច ដកលឿនទៀត ដកទាំងយប់ មេៗដកទាំងយប់តែម្តង យប់ថ្ងៃទី ២៤ រាំវង់មិនទាន់ឆ្អែតផង។ ពេលនោះព្រះករុណាលោកនៅច្រៀងពិរោះសឹងអី ជប់លៀងនៅចន្ទឆាយា។

… អ៊ុនតាក់បានធ្វើកិច្ចការជួយយើងមួយផ្នែកធំ តែនៅសេសសល់មួយផ្នែកទៀត គឺការទុកឱ្យកម្ពុជាបន្តសង្គ្រាមតទៅទៀត។ អត់ទាន់ចប់សង្គ្រាមទេ។ ប្រធាន/អនុប្រធាន/មេបញ្ជាការយោធាអ៊ុនតាក់ មិនអាចចូលប៉ៃលិនបានទេ កូនទាហានខ្មែរក្រហមត្រឹមតែ ២ នាក់ ដាក់ប្ញស្សីតែ ១ ដើម អត់ហ៊ានចូល។ អ៊ុនតាក់ខ្លាំងតែជាមួយអ្នកគោរពកិច្ចព្រមព្រៀងទេ តែអត់ហ៊ានខ្លាំងជាមួយខ្មែរក្រហមទេ។ ខ្មែរក្រហមបាញ់ស្លាប់ទាហាន/ប៉ូលីសអ៊ុនតាក់អស់មួយចំនួន ទៅធ្វើអីខ្មែរក្រហម? ទីចុងបំផុត វិលមករកដំណោះស្រាយខ្មែរវិញ។ ដំណោះស្រាយនោះគឺស្អី? នយោ​បាយ​ឈ្នះឈ្នះ។

ថ្ងៃទី ២៩ ធ្នូ ១៩៩៨ គណៈរដ្ឋមន្ត្រីខ្មែរក្រហមចុះចូល ជាថ្ងៃបញ្ចប់សង្គ្រាម

ខ្ញុំត្រូវចាប់ផ្តើមយកក្បាលខ្ញុំធ្វើដើមទុនសាជាថ្មីម្តងទៀត បន្ទាប់ពី ២០ មិថុនា ១៩៧៧ ដែលខ្ញុំត្រូវក្បាលខ្ញុំ ជីវិតខ្ញុំ ធ្វើដើមទុនតស៊ូរំដោះជាតិចេញពីរបបខ្មែរក្រហម។ ខ្ញុំត្រូវលះបង់សាជាថ្មីម្តងទៀត ដើម្បីសេចក្តីសុខប្រជាជន​។ មេដឹកនាំពិភពលោកណាមួយហ៊ានចូលទៅក្នុងតំបន់ខ្មែរក្រហម? មានអតីតប្រធានាធិបតីកូឡុំប៊ី គាត់ធ្លាប់ចូល តែចូលក្នុងកម្រិតណាខ្ញុំមិនដឹង។ ម្តាយខ្ញុំ ពេលដែលគាត់នៅរស់ជាមួយនឹងម្តាយធំខ្ញុំ គាត់ណាត់គ្នាគាត់យ៉ាងម៉េចមិនដឹង។ ថ្ងៃនោះចំថ្ងៃអាទិត្យ។ ខ្ញុំដេក។ ម៉ោងប្រហែល ៨ (ព្រឹក) បានភ្ញាក់។ ដឹងថាខ្ញុំភ្ញាក់ហើយ ២ នាក់ បងប្អូន ចូលទៅក្នុងបន្ទប់។ ពេលនោះ ខ្ញុំមានងារជាសម្តេចហើយឆ្នាំ ១៩៩៦។ ទៅដល់ ម្តាយរបស់ខ្ញុំ(គាត់)ថា ហ្អែងចូលទៅក្នុងតំបន់គេ មិនខ្លាចគេបាញ់សម្លាប់ទេអី? ម្តាយ(ខ្ញុំ)មិនដែលហៅកូនជាឯកឧត្តម ជាសម្តេចអីទេ ហៅតែហ្អែង។ ឯម្តាយធំខ្ញុំគាត់ថា ក្មួយ! ប្រយ័ត្នណាក្មួយ កុំទៅទៀតអី? ម្តាយខ្ញុំរាងធ្ងន់ត្រចៀកបន្តិច បន្ទាប់ពីគាត់ដកធ្មេញហើយ។ ខ្ញុំនិយាយទៅគាត់វិញថា “ម៉ែ/ធំ ខ្ញុំទៅនេះ បើសិនជាស្លាប់ ក៏ស្លាប់តែខ្ញុំ និងអ្នកទៅជា​មួយតែប៉ុន្មាននាក់តែប៉ុណ្ណោះ តែប្រសិនបើបានមកវិញ គឺបានផែនដីទាំងមូល ម៉ែ!”។

ពិតមែន។ ពេលនោះ បើខ្ញុំមិនទៅ តើបងប្អូនទាំងនោះជឿទុកចិត្តទេ? មើលឯកសារវីដេអូ ជាខ្សែភាពយន្តឡើងវិញ​។ ខ្ញុំចូលទៅ។ បងប្អូននៅតឺនុយខោអាវខ្មែរក្រហមនៅឡើយទេ។ ទោះបីយើងដាក់ប៉ុន្មានកងពលទៅការពារក៏វាមិនឈ្នះ ព្រោះបើគង់តែឈ្នះអញ្ចឹង​ដដែល យើងឈ្នះយូរហើយ។ តែលើកនេះយើងជិះឧទ្ធម្ភាគចក្រទៅ។ ដាក់ការពារតែប៉ុន្មាន។ ឆ្នាំនេះ យើងត្រូវធ្វើបុណ្យឱ្យធំ ខួបលើកទី ២០ នៃថ្ងៃបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ដោយយកថ្ងៃទី ២៩ ធ្នូ ១៩៩៨ ធ្វើជាថ្ងៃបញ្ចប់សង្គ្រាម។ ហេតុអីបានយកថ្ងៃនោះ? ថ្ងៃនោះហើយ ដែលប្រមុខរដ្ឋ និងជានាយករដ្ឋមន្ត្រីផង ខៀវ សំផន, នួន ជា និងគណៈរដ្ឋមន្ត្រីរបស់ខ្មែរក្រហមទាំងអស់មកចុះចូលដល់ផ្ទះ ហ៊ុន សែន តែម្តង។ … អញ្ចឹង សូមកុំភ្លេច នយោបាយឈ្នះឈ្នះមិន​មែនចាប់ផ្តើមនៅឆ្នាំ ១៩៩៨ ទេ។​ ខ្ញុំមុននឹងធ្វើកិច្ចការងារនេះ ខ្ញុំជួប ហើយត្រូវដឹងថា ខ្មែរក្រហមចុះចូលនៅឯណា។ ខ្ញុំឱ្យបញ្ជូនបងប្អូននោះមកជួបជាមួយខ្ញុំ។ ខ្ញុំជួប ខ្លះជាកូនទាហាន ខ្លះប្រធានអនុសេនាតូច ខ្លះប្រធានអនុសេនាធំ។ ខ្ញុំសិក្សាមើល គេចង់បានអីពិតប្រាកដ?

ធាតុផ្សំបីសំខាន់នៃនយោបាយឈ្នះឈ្នះ

នយោបាយឈ្នះឈ្នះ គន្លឹះរបស់វាតែបីទេ សាមញ្ញណាស់។ ទី ១. ធានាអាយុជីវិត និងរូបកាយរបស់គេ។ អ្នកដែលផ្តាច់ខ្លួនចេញពីខ្មែរក្រហម មិនត្រូវបានសម្លាប់ ឬចាប់ចងអីទាំងអស់។ ទី ២. ធានាអាជីព និងមុខរបរ។ អ្នកឯងធ្លាប់ធ្វើជាមេទាហាន ធ្វើមេទាហានតទៅទៀត។ ធ្លាប់ធ្វើជាទាហាន ធ្វើជាទាហានតទៅទៀត។ អាវុធមិនត្រូវបានដក។ នៅទុកជាអង្គភាពៗ។ ធ្លាប់ធ្វើជាគ្រូបង្រៀន ឱ្យធ្វើជាគ្រូបង្រៀនតទៅទៀត។ ដូរតែអាសៀវភៅបង្រៀនជេរនោះ ដាក់សៀវភៅយើងចូលទៅ ហើយធ្វើវិក្រឹត្យការគ្រូបង្រៀន។ ខ្មែរក្រហមដោះខោអាវខ្មែរក្រហមចេញ ដាក់អាវរដ្ឋាភិបាលចូល។ អនុវត្តច្បាប់រដ្ឋាភិបាល។ ការពារទឹកដីឱ្យរដ្ឋាភិបាល ប៉ុណ្ណឹង។ ឯទី ៣. ទទួលស្គាល់ រក្សា ធានាកម្មសិទ្ធិស្របច្បាប់របស់គេ ទាំងអចលនទ្រព្យ ទាំងចលនទ្រព្យ។  សាកល្បងដំបូង គឺនៅឱរ៉ាល់។ ឥឡូវ កែវ ពង្ស ពាក់ផ្កាយបួនទៅហើយ។ យក កែវ ពង្ស ចូលភ្នំពេញ  ប្រគល់កិច្ចការឱ្យ។ កែវ ពង្ស (បានទៅជួប ហើយអោយ)ចេញមកវិញ។ បងប្អូនចោទចេញជាសំណួរមួយមកខ្ញុំថា ឱ្យ កែវ ពង្ស ទៅវិញ ចុះបើ កែវ ពង្ស មិនអនុវត្ត តើយ៉ាងម៉េចទៅវិ​ញ? ខ្ញុំថា អត់លើស/ខ្វះ/ខាតចំណេញអីទាំងអស់។ ប្រសិនបើ កែវ ពង្ស ត្រឡប់ទៅវិញមិនអនុវត្ត គឺអត់លើស/ខ្វះ។ ខ្មែរក្រហមនៅដដែល យើងនៅដដែល។ បើយើងទុកតែ កែវ ពង្ស ម្នាក់ ខ្មែរក្រហមបាត់តែ កែវ ពង្ស ម្នាក់តែប៉ុណ្ណោះ។ ប៉ុន្តែបើ កែវ ពង្ស ធ្វើ គឺយើងបានតំបន់ឱរ៉ាល់ទាំងមូលតែម្តង។ ពិតប្រាកដមែន។ ខ្ញុំទៅធ្វើសមាហរណកម្មផ្ទាល់។ បន្ទាប់ទៅបានយើងចាប់ផ្តើមពង្រីកទៅកាន់តំបន់ដទៃ ក្នុងនោះ អ៊ី ឈាន បះបោរនៅប៉ៃលិន។ សុក ភាព បះបោរនៅម៉ាឡៃ ពីរកងពល។ យើងត្រូវប្រើវិធានការច្រើនណាស់ដើម្បីធានាថា កម្លាំងផ្តាច់ខ្លួនមិនត្រូវបានខ្មែរក្រហមវាយកម្ទេច។

សាមកុកស្រុកខ្មែរ

… ខ្ញុំត្រូវតែនិយាយថា យុទ្ធសាស្ត្ររបស់ខ្ញុំ គឺ ឌីហ្វីត។ ភាសាអង់គ្លេសប្រាំតួអក្សរ DIFID។ មានន័យថាម៉េច? Divide, Isolate, Finish, Integrate, Develop។ បញ្ចប់ស្ថានភាពប្រទេសមួយតំបន់ត្រួតត្រាច្រើន … អត់មានប្រទេសមួយតំបន់ត្រួតត្រាច្រើនដូចពីមុន។ មើលប្រវត្តិសាស្ត្រខ្មែរ។ ទិញមហាបុរសខ្មែរយកមកមើលទៅ។ រយឆ្នាំដែលខ្មែរបែងចែកជាតំបន់ត្រួតត្រាច្រើន។ មិនមែនមានសាមកុកតែនៅស្រុកចិនទេ សាមកុកនៅស្រុកខ្មែរក៏មានដែរ។ យើងនាំគ្នានិយាយ Three Kingdoms ឬសាមកុកនៅស្រុកចិន។ ប៉ុន្តែស្រុកខ្មែរឯងនេះវាកើតនៅក្នុងចន្លោះឆ្នាំ ១៤៧០ ប្លាយ ក្នុងសម័យព្រះស្រីរាជា ដែលជាព្រះរាជបុត្ររបស់ ពញាយ៉ាត ព្រះរាជបុត្រទីពីរ ឡើងសោយរាជ្យ។ ចែកជាតំបន់ត្រួតត្រាដល់ទៅបី។ តំបន់មួយត្រួតត្រាដោយព្រះរាជទាយាទ ធម្មរាជា នៅចតុមុខ ក្នុងពេលដែល ព្រះស្រីរាជា លើកកងទ័ពទៅវាយសៀម។ ដល់ត្រឡប់មកវិញអត់បានចូលក្រុងទេ នៅត្រឹមកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង។ តំបន់មួយទៀតត្រួតត្រាដោយ សូរិយោទ័យ ដែលមិនពេញចិត្តជាមួយនឹងព្រះស្រីរាជាឡើងគ្រងរាជ្យ ព្រោះខ្លួនជាព្រះរាជបុត្ររបស់នរាយរាជា។ ពេលដែលឪពុកស្លាប់ ត្រូវបានទៅកូនសោយរាជ្យ តែនេះបានទៅប្អូនទៅវិញ។ អញ្ចឹងអាតំបន់ត្រួតត្រាបីនេះវាមាននៅស្រុកខ្មែរដែរតើ។

បារាំង និងរដ្ឋាភិបាល គ្រប់គ្រងទឹកដីមិនអស់

បន្ទាប់ទៅមានព្រះរាជាទិសខាងលិច និងព្រះរាជាទិសខាងកើត។ ក្នុងដំណាក់កាល ១៥១២-១៥២៤ ដំណាក់កាល ហ្លួងព្រះស្តេចកន និង ច័ន្ទរាជា ដែលជាព្រះអនុជរបស់ ស្រីសុគន្ធបទ។ បន្ទាប់ពី ស្រីសុគន្ធបទ ស្លាប់ ព្រោះធ្វើសង្គ្រាមជាមួយប្អូនថ្លៃឯង។ គ្រាន់តែដេកយល់សប្តិ ក៏យកគេទៅសម្លាប់ … មើលប្រវត្តិខ្មែរយើងឱ្យវាច្បាស់​។ ហើយជំនាន់តមក​​ទៀត សួរថា រដ្ឋាភិបាលភ្នំពេញហ្នឹងអាចគ្រប់គ្រងទឹកដីអស់ទេ? អត់ទេ។ ពេលបារាំងកាន់កាប់ តើបារាំងត្រួ​តត្រាទឹកដីអស់ទេ? ថាបារាំងកាន់កាប់គ្រប់គ្រងទឹកដីវាមិនអស់ទេ។ បើអស់សួរថា ស៊ីវុត្ថា ដែលជាព្រះអនុជរបស់ ព្រះនរោត្តម និង ព្រះស៊ីសុវត្ថិ តើព្រះអង្គដឹកនាំការតស៊ូនៅឯណា? បន្ទាប់មកទៀតពួកឥស្សរៈវានៅឯ​ណា? ដែលគេហៅពួកយៀកម៉ិញនោះ។ អញ្ចឹង បានសេចក្តីថា សូម្បីតែបារាំងចូលទៅកាន់កាប់ ក៏ទឹកដីមិនឯកភាពដែរ ក៏នៅតែមានតំបន់ ត្រួតត្រាដោយកម្លាំងប្រដាប់អាវុធផ្សេងគ្នា។ ពួក ដាប ឈួន, ពួកស្អីៗនៅឯណាកាល​ពេលនោះ?

កិច្ចព្រមព្រៀងហ្សឺណែវ ស្តីពីកម្ពុជា ក្រោយឯករាជ្យ

ជប៉ុនចូលមក ក៏ជប៉ុនត្រួតត្រាទឹកដីក៏វាមិនអស់ដែរ។ ព្រះករុណាបិតា ព្រះអង្គបានប្រឹងប្រែងបន្ទាប់ពីឯករាជ្យ បន្តទៅទៀតនៅហ្សឺណែវរបស់យើងនេះ មានកិច្ចព្រមព្រៀងហ្សឺណែវ ស្តីពីកម្ពុជា គេហៅថា គណៈកម្មការត្រួតពិនិត្យ ដោយមានប៉ូឡូញតំណាងឱ្យប្រទេសកុម្មុយនីស្ត។ កាណាដាតំណាងឱ្យលោកសេរី។ ឥណ្ឌា តំណាងឱ្យ​ប្រទេសអព្យាក្រឹត្យ។ ចាត់តាំងការបោះឆ្នោតឆ្នាំ ១៩៥៥។ ប៉ុន្តែ តែប៉ុន្មានឆ្នាំក្រោយ ចាប់ផ្តើមវាយគ្នាឡើងវិញ។ ខ្មែរក្រហមនៅពេញតែព្រៃ តម្រូវឱ្យរាជរដ្ឋាភិបាលពេលនោះបង្កើតអនុខេត្តច្រើន។ អនុខេត្តនោះមិនសំដៅគ្រប់​គ្រងទៅលើរដ្ឋបាលទេ សំដៅគ្រប់គ្រងប្រតិបត្តិការយោធាទៅវិញទេ។ អនុខេត្តរំចេក, អនុខេត្តស្រកានាគ, នៅអនុខេត្តប៉ុន្មានទៀតដែលខ្ញុំមិនស្គាល់។

ការបែងចែកទឹកដីនៅតែមាន ក្រោយឆ្នាំ ១៩៧០

(ឆ្នាំ) ១៩៧០-១៩៧៥ ប្រទេសយើងបែកជាពីរមែនទេ? ម្ខាង លន់ នល់ ត្រួតត្រា និងម្ខាងក្រុមរំដោះត្រួតត្រា។ ជំ​នាន់ខ្មែរក្រហមប្រល័យពូជសាសន៍ ក៏ខ្មែរក្រហមត្រួតត្រាទឹកដីមិនអស់ដែរ បើត្រួតត្រាទឹកដីអស់ ខ្ញុំនៅឯ​ណា? ខ្ញុំមានតំបន់របស់ខ្ញុំគ្រប់គ្រងដែរ។ ស្រុកមេមត់,​ ស្រុកស្នួល, ស្រុកទ្រមូង ស្រុកមួយចំនួន គឺកម្លាំងរបស់ខ្ញុំត្រួតត្រាដែរតើ។ ប្រដាប់អាវុធរបស់ខ្ញុំធ្វើប្រតិបត្តិការយោធា។ (ឆ្នាំ) ១៩៧៩-១៩៩៣ ប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាបួន។ មួយរដ្ឋាភិបាលខ្ញុំ មួយទៀតត្រីភាគី។ ត្រីភាគីពិតមែនតែមានរដ្ឋាភិបាលតែមួយ ក៏ប៉ុន្តែ មានកម្លាំងប្រដាប់អាវុធបីផ្សេងគ្នា។ (ឆ្នាំ) ១៩៩៣-១៩៩៨ ប្រទេសកម្ពុជាមួយតំបន់ត្រួត​ត្រាពីរ។ ម្ខាងរាជរដ្ឋាភិបាល ដែលចេញពីការបោះឆ្នោត ដែលរៀបចំដោយអ៊ុនតាក់ និងម្ខាងទៀតខ្មែរក្រហមត្រួតត្រា។ តំបន់ឱរ៉ាល់, តាកែនកោះស្លានៅឯកំពតឯណោះ តំបន់មួយចំនួននៅទន្លេសាប និងតំបន់តាមព្រំដែន។

២៩ ធ្នូ ១៩៩៨ កម្ពុជា បង្រួបបង្រួមជាតិ និងឯកភាពទឹកដីលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ចាប់ពីថ្ងៃទី ២៩ ធ្នូ ១៩៩៨ យើងបានក្លាយទៅជាប្រទេសមួយ(មាន)តំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ។ នេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំមិនមែនចង់ដើរតួជាវីរបុរសអីទេ ក៏ប៉ុន្តែ រឿងពិតនៃដំណើរជាតិរបស់យើងវាអញ្ចឹង។ ឥឡូវ សួរមើល តើ វាអញ្ចឹងមែនទេ? យើងទាំងអស់គ្នាសុទ្ធតែអ្នកនៅរស់រានមានជីវិត ដែល អាពត  សម្លាប់វាមិនទាន់។ ប្រវត្តិសាស្ត្រវាកើតអញ្ចឹងមែន។ អញ្ចឹង បានជាយើងធ្វើបុណ្យឱ្យធំបន្តិច។ ឆ្នាំហ្នឹងលេង ៣ យប់ ៣ ថ្ងៃ។ ថ្ងៃទី ២៩, ៣០, ៣១ ដាច់ឆ្នាំ? អញ្ចឹង ដាក់ហ្អែងបណ្តោយ។ ចុងក្រោយ ឆ្លងឆ្នាំនៅវិមានឈ្នះឈ្នះរបស់យើង (ដែល)ធ្វើលើដីប៉ុន្មានសិបហិកតា អស់ប៉ុន្មានសិបលានដុល្លារ(អាមេរិក)។ កសាងប្រវត្តិសាស្ត្រនៅកន្លែងហ្នឹង។ ថ្ងៃក្រោយមានស្អីទៀតធ្វើទៀត។ កាំជ្រួចបាញ់ឱ្យផ្អើលមេឃតែម្តង …។

អត្រានៃភាពក្រីក្រ ៥៣% នៅឆ្នាំ ២០០៤ ធ្លាក់មកនៅត្រឹម ១៣.៥% នៅឆ្នាំ ២០១៤

យើងត្រូវខិតខំរួមគ្នារក្សានូវសន្តិភាពរបស់ប្រទេស។ ដោយសារសន្តិភាពនេះហើយដែលកំណើនសេដ្ឋកិច្ចរបស់​យើងលឿន។ ខ្ញុំសូមបញ្ជាក់ ឆ្នាំ ២០០៤ អត្រានៃភាពក្រីក្ររបស់យើងនៅសល់ ៥៣% ឯណោះ តែ(ឆ្នាំ) ២០១៤ ត្រូវជា ១០ ឆ្នាំ (ក្រោយ) យើងទម្លាក់អត្រានៃភាពក្រីក្រមកនៅ ១៣.៥%។ ឥឡូវ ៤ ឆ្នាំ បន្ទាប់ទៀត យើងអត់ទាន់បានធ្វើអង្កេតឡើងវិញ ដូច្នេះ យើងនៅប្រើតួលេខ(ចាស់)។ ឆ្នាំ ២០១៤ អត្រានៃភាពក្រីក្រ នៅសល់ ១៣.៥% ប៉ុន្តែ យោងទៅលើកំណើនសេដ្ឋកិច្ច ៧% អត្រានៃភាពក្រីក្រធ្លាក់ជាង ១%/ឆ្នាំ ដូច្នេះ ពេលនេះ អត្រានៃភាពក្រីក្ររបស់យើងនៅម្តុំ ៩%។ យើងនឹងធ្វើអង្កេតឡើងវិញ។ យើងក្លាយពីប្រទេសមួយដែលមានប្រាក់ចំណូលរាប់សិបដុល្លារ(អាមេរិក) ឥឡូវយើងបានកើនទៅដល់ ១.៥៥៦ (ដុល្លារអាមេរិក)ដែរ។ ហើយខ្ញុំសង្ឃឹមថា ចប់អាណត្តិរាជរដ្ឋាភិបាលដំណាក់កាលទី ៦ នេះ មនុស្សម្នាក់ៗនឹងមានប្រាក់ចំណូលលើសពី ២.០០០ (ដុល្លារអាមេរិក)។

ដោយតម្លៃណាក៏ដោយ ត្រូវរក្សាសន្តិភាពឱ្យបាន

អញ្ចឹងទេ អ្នកណានិយាយអី និយាយចុះ តែត្រូវកុំឱ្យមនុស្សស្លាប់តទៅទៀតដោយសារសង្គ្រាម។ ខ្ញុំបានប្រកាសហើយ ដោយតម្លៃណាក៏ដោយ ត្រូវរក្សាសន្តិភាពឱ្យបាន។ សូម្បីតែព្រឹកមិញ អ្នកសម្របសម្រួលកម្មវិធី ជាអ្នកនិយាយនៅប៉ុស្តិ៍ទូរទស្សន៍ BBC បានសួរ។ ដោយសារតែពេលវេលាខ្លី ខ្ញុំថា បទពិសោធន៍របស់ខ្ញុំ គឺជំនឿ​។ ហើយក្នុងជំនឿនោះ គឺជំនឿទៅលើសន្តិភាព និងស្ថិរភាពនយោបាយ។ គ្មានអ្នកណាទៅវិនិយោគនៅ(ក្នុង)ប្រ​ទេសដែលមានសង្គ្រាមនោះទេ? ឥឡូវ តើអ្នកណាទៅវិនិយោគនៅស៊ីរី? យើងចោទជាសំណួរអញ្ចឹង​វិញ បើមួយថ្ងៃៗវាយគ្នាយ៉ាងនេះ? ប្រទេសយើងពីដើមក៏អត់ដែរ។ អ្នកណាទៅធ្វើទេសចរណ៍? ឥឡូវ ទេស​ចររបស់យើង​ ឆ្នាំទៅ ៥ លាន ៦ សែន នាក់ ឆ្នាំនេះ រំពឹងថានឹងអាចឈាន ទៅជុំវិញ ៦ លាន នាក់។ ពីមុន ០ ទេសចរ ឥឡូវឡើង ៥-៦ លាន ទេសចរ។ ស្មានតែតិចណាស់? សណ្ឋាគារឡើងព្រោងព្រាត។ យើងហ៊ានចាត់តាំងការប្រជុំអាស៊ី-អឺរ៉ុប ៥១ ប្រទេសឯណោះ។ ពីដើមស្រុកយើងអស់ហើយ ៧ ជាន់ នោះ អាហ្នឹងសណ្ឋាគារស មានតែមួយអគារហ្នឹងទៀតផង។ ឥឡូវនេះ អាចាប់ពី ២០ ជាន់ ឡើងលើមិនដឹងជាប៉ុន្មានទេ? ខ្ញុំរាប់មិនអស់ទេ។

អ្នកមិនបានធ្វើ ចាំតែច្រណែន

ខ្លះគេពេបជ្រាយជាមួយខ្ញុំ យើងធ្វើស្ពានអាកាសទី ១ របស់យើង ស្ពានអាកាសក្បាលថ្នល់ គេថា បានស្ពានអា​កាសមួយប្រឹងអួត? ប្រទេសគេមានរាប់រយគេមិនអួត? បានខ្ញុំតបទៅវិញថា ដោយសារវាមានមួយហ្នឹងហើយបានប្រឹងអួត …។ ដូចជាប្រធានាធិបតីបារាំង Emmanuel Macron ដូចជាប្រធានាធិបតីស្វ៊ីសនេះ ដូចជាប្រធា​នាធិបតីអាមេរិក ចាំបាច់ទៅអួតធ្វើអី បើឡើងមកមានស្រាប់ទៅហើយ? ខ្ញុំអួតវាទំនងរបស់ខ្ញុំ ព្រោះវាអត់ដែលមានផង។ បន្ទាប់ពីនោះ យើងមកបង្កើតស្ពានអាកាស ៧ មករា។ បន្ទាប់ទៅៗបង្កើត(ស្ពានអាកាស)ស្ទឹងមានជ័យ​។ នៅក្បែរសាលាតិចណូគេហៅអី? (ស្ពានអាកាស) ៥ មករា ព្រោះថ្ងៃនោះសម្ពោធថ្ងៃ ៥ មករា។ ឥឡូវ កំ​ពុងសាងសង់(ស្ពានអាកាសមួយទៀត)នៅចោមចៅ។ ស្ពានឆ្លងទន្លេមេគង្គ, ទន្លេបាសាក់, ទន្លេសាបត្រូវតែធ្វើ​។ អញ្ចឹង ពីដើមបានជាខ្ញុំតែងតែនិយាយលេង សុំទោសបងប្អូនអ្នករត់ទូកដទាំងឡាយ ខ្ញុំត្រូវតែធ្វើស្ពានឱ្យប្រជាជន មិនថាស្ពានឆ្លងទន្លេ ឬព្រែកទេ ខ្ញុំត្រូវតែធ្វើហើយ។ អញ្ចឹង អ្នករត់ទូកដកុំថ្នាំងថ្នាក់ ព្រោះទុកឱ្យប្រជាពល​រដ្ឋរបស់យើងឆ្លង(តាមទូក) ពេលខ្លះជំងឺមិនត្រូវស្លាប់ ក៏ស្លាប់បានដែរ។ ពីដើមវាអត់មាន ឥឡូវមានខ្ញុំត្រូវតែអួត ជារឿង​ធម្មតា ព្រោះយើងអ្នកធ្វើ។ ប៉ុន្តែអ្នកដែលគេមិនបានធ្វើ ហើយគេចាំតែច្រណែន។

សូម្បីតែកីឡាករ(ការិនីរបស់)យើងទទួល(បាន)មេដាយមាសថ្នាក់ពិភពលោក ថ្នាក់តំបន់​ គេក៏មិនដែលអបអរសាទរទេ។ មេដាយមាសទី ១ នៃកីឡាអាស៊ី យើងត្រូវរង់ចាំ ៦០ ឆ្នាំ ទើបបានមេដាយមាសនេះ។ ថ្ងៃមុន យើងបានមេដាយមាសដូចជាបីពីការប្រកួត(កីឡា)អាស៊ី។ សួរថា ក្រុមប្រឆាំងនេះដែលបានជូន Congratulation ជាមួយកីឡាករឬទេ? ការដាក់ប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោក ការដាក់សំបូរព្រៃគុកចូលបេតិក​ភណ្ឌ​​ពិភពលោក គេក៏អត់អបអរសាទរ។ តើគេអាចក្លាយជាមេដឹកនាំកម្ពុជាបានឬអត់? រឿងអស់ទាំងនេះ សុទ្ធតែជារឿង(ប្រយោជន៍)ជាតិ។ គួរតែត្រូវបានអបអរសាទរស្វាគមន៍។ ប៉ុន្តែពួកគេខ្លាចអបអរសាទរ ទៅជាការលើកកម្ពស់តួនាទីរបស់គណបក្សប្រជាជន ជាការលើកតួនាទីមុខមាត់របស់ ហ៊ុន សែន … បើបានជាជ្រុលហើយ អ្នកឯងមិនបាច់ចាំទេ។ មួយជីវិតអ្នកឯងក៏មិនបានធ្វើនាយករដ្ឋមន្រ្តី។ អ្នកឯងចាំមើលទៅ។

សមាជិកគណបក្សប្រជាជន មិនមានការចាំបាច់ដណ្តើមតំណែងនាយករដ្ឋមន្រ្តីពី ហ៊ុន សែន

មានកាសែតណាមួយ ឃើញគេវាយឲ្យមកខ្ញុំ។ គេថា លោក ហ៊ុន សែន ហាក់ដូចជាកំពុងជំរុញកូនប្រុសច្បងឲ្យឡើងធ្វើនាយករដ្ឋមន្រ្តី។ ប៉ុន្តែ ចំពោះមុខនេះ ហាក់ដូចជាមិនមានសញ្ញាណាអំពីការរុញឲ្យកូនប្រុសធ្វើនាយករដ្ឋមន្រ្តីទេ។ ខ្ញុំគួរតែប្រាប់អស់លោកអ្នកថា បើឪកំពុងធ្វើហើយ មកដណ្តើមធ្វើអី? ឆ្ងល់ដែរ។ សរសេរវាមិន logic។ ថ្មីៗនេះ ដូច​មិនឃើញមានសញ្ញាអំពីការរុញឲ្យកូនប្រុសធ្វើនាយករដ្ឋមន្រ្តី។ ចុះបើឪវាកំពុងតែធ្វើ មកដណ្តើមធ្វើអី? សមាជិកគណបក្សប្រជាជនទាំងអស់ មានការចាំបាច់ដើម្បីដណ្តើមយកតំណែងនាយករដ្ឋមន្រ្តីពី ហ៊ុន សែន ទេ? នៅពេលដែលការឃោសនាបោះឆ្នោត ប្រើឈ្មោះ ហ៊ុន សែន ដើម្បីឃោសនានោះ។ ពិតជាគ្មានការចាំបាច់ធ្វើរឿងនេះទេ។ នៅក្នុងគណបក្សប្រជាជនអត់មានរឿងដណ្តើមប្រជែងគ្នាអញ្ចឹងៗទេ។ ឯប្រទេសរបស់យើងគឺជាប្រ​ទេសប្រជាធិបតេយ្យ។ ខ្ញុំមិនដឹងថា ភ័ព្វវាសនារបស់កូនខ្ញុំយ៉ាងម៉េចទេ។ បើគេមានលទ្ធភាព គេជាប់ឆ្នោតហើយ ឲ្យ​គេ​ធ្វើទៅ។ មុនហ្នឹង ខ្ញុំមិនចង់ឲ្យកូនប្រុសរបស់ខ្ញុំចូលពាក់ព័ន្ធនឹងនយោបាយទេ ក៏ប៉ុន្តែយើងហាមឃាត់គេក៏មិនបានដែរ។ ខ្ញុំមិនចង់ឲ្យចៅរបស់ខ្ញុំចូលពាក់ព័ន្ធ ប៉ុន្តែបែរជាគេមករៀននយោបាយ។ ពីម្សិល ឪពុកធំគេអង្គុយសួរ … គេមានហេតុផលដែរ គេយកគ្រឹះនយោបាយរួចហើយ បានគេចាប់ផ្តើមចូលទៅរកជំនាញដទៃទៀត។ ហ្នឹង​ក៏វាត្រូវម្យ៉ាងដែរ។

ព្រះករុណាបិតា ទៅនៅជាមួយ រដ្ឋកម្ពុជា

ដូច្នេះ ខ្ញុំនិយាយអំពីបញ្ហាទាក់ទងនឹងកិច្ចព្រមព្រៀងប៉ារីស មិនមែនជាបញ្ហាចប់សព្វគ្រប់នៅត្រឹមរឿងប៉ុណ្ណឹងទេ មានរឿងច្រើនជាងហ្នឹង។​ ការចរចាខ្ញុំជាមួយព្រះករុណា មិនមែនត្រឹមតែប៉ុន្មានដងនោះទេ ច្រើនដងណាស់។ ខ្ញុំវិលត្រឡប់ទៅនិយាយរឿងថា ហេតុអីបានខ្មែរក្រហមព្រម? ខ្ញុំគួរតែនិយាយអញ្ចេះ។ នៅក្នុងកិច្ចព្រមព្រៀងនៅប្រជុំសន្និសីទប៉ារីស ខែសីហា ឆ្នាំ ១៩៨៩ ខ្មែរក្រហមបានថា ឲ្យតែកងទ័ពវៀតណាមដក រដ្ឋាភិបាល ហ៊ុន សែន ប៉ើងដូចក្រដាស។ ដល់ទៅថ្ងៃ ២ ខែមិថុនា ឆ្នាំ ១៩៩១ នៅឯហ្សាកាតា ព្រះករុណាបិតា ព្រះអង្គបានមានព្រះរាជបន្ទូលមកកាន់ខ្ញុំថា “ខ្មែរក្រហមបោកប្រាស់ខ្ញុំថា ឲ្យតែកងទ័ពវៀតណាមដក រដ្ឋាភិបាលឯកឧត្តមដួលរលំ”។ ឥឡូវឯកឧត្តមមិនត្រឹមតែមិនដួលរលំ(ទេ) ឯកឧត្តមវាយយកដីជិតអស់។ ខ្ញុំត្រូវតែទៅនៅជាមួយឯកឧត្តម រក្សាទុករដ្ឋធម្មនុញ្ញឯកឧត្តម រក្សាទុកទង់ជាតិ ភ្លេងជាតិ រក្សាទុកឯកឧត្តម ហេង សំរិន ជាប្រធានរដ្ឋ ឯកឧត្តម ជា ស៊ីម ជាប្រធានសភា ឯកឧត្តម ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ តែសូមបង្កើតគណប្រធានជាតិ ដែលមានខ្ញុំជាប្រធាន ឯកឧត្តម ហ៊ុន សែន ជាអនុប្រធាន និងមានសមាជិកមួយចំនួនទៀត ដូចជាសម្តេច ជូ ឡុង”។

ព្រះករុណា សព្វព្រះទ័យប្រាសាទខេមរិន្ទ និងអង្គរក្សកូរ៉េខាងជើង

ខ្ញុំយល់ព្រមភ្លាម។ ហើយរឿងរ៉ាវអង្គរក្សកូរ៉េខាងជើង កុំបន្ទោសព្រះករុណាឲ្យសោះ បើចង់បន្ទោសៗខ្ញុំវិញ។ ថ្ងៃ ២ ខ្ញុំ​​ពិភាក្សា​ជាមួយព្រះអង្គ។ ព្រមព្រៀងគ្នាយ៉ាងដូច្នេះ។ ប៉ុន្តែនៅមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយជា មួយព្រះអង្គ។ ខ្ញុំត្រូវចូលគាល់សាជាថ្មី នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៩១។ ទៅដល់ សំខាន់បំផុតសួរថា ព្រះករុ​ណាព្រះអង្គចង់គង់នៅកន្លែងណា? ចំការមន ឬព្រះរាជវាំង? ព្រះករុណាបិតា ព្រះអង្គបានប្រាប់ថា ឯកឧត្តម! ខ្ញុំមិនមែនចង់ធ្វើស្តេចទេ ក៏ប៉ុន្តែ បើសិនជាឯកឧត្តមឲ្យខ្ញុំនៅមហាប្រាសាទខេមរិន្ទ គឺជាការល្អ។ ខ្ញុំថា អរព្រះគុណ ទូល​បង្គំសួរព្រះអង្គដើម្បីទូលបង្គំបញ្ជាទៅទីក្រុងភ្នំពេញឲ្យជួសជុលបន្ទាន់។ ក្នុងពេលជាមួយគ្នា ព្រះករុណា កេះខ្ញុំថា ​ឯកឧត្តមប្រយ័ត្នណា​ ការពារខ្ញុំផង ប្រយ័ត្នខ្មែរក្រហមលួចចូលវាំងសម្លាប់ខ្ញុំ។ នេះជាព្រះរាជបន្ទូលរបស់ព្រះអង្គ។ ខ្ញុំបានទូលទៅព្រះករុណាថា អត់អីទេ! កម្លាំងទ័ព នគរបាលរបស់ទូលបង្គំ មានសមត្ថភាពការពារព្រះអង្គ។ ប៉ុន្តែ បើសិនជាព្រះអង្គមិនទុកចិត្ត ព្រះអង្គអាចសុំអង្គរក្សបរទេសដូចជា Ahmed Sékou Touré  សុំអង្គរក្សគុយបា ឯព្រះអង្គអាចសុំអង្គរក្សរបស់បារាំង។ ប៉ុន្តែ ព្រះករុណាបានឆ្លើយតបត្រឡប់មកវិញថា​ក្រៅពីកូរ៉េខាងជើង ខ្ញុំអត់ទុកចិត្តអ្នកណា។

ធានាការពារនូវរាជបល្ល័ង្ក ការពាររាជានិយម

បន្ទាប់ពីការប្រជុំនៅ ប៉េកាំង ហើយសម្រេចឲ្យមានប្រធាន SNC ដែលបន្តិចទៀតខ្ញុំនឹងវិលមកនិយាយអាហ្នឹងបន្តិចវិញ ដើម្បីឲ្យឃើញ SNC មានប្រធានពីពេលណា។ រឿងហ្នឹងតភ្ជាប់ចេញពីហ្នឹង។ ខ្ញុំទេ ដែលជាអ្នកស្នើសុំលោកប្រធាន គីម អ៊ីលស៊ុង ពេលដែលទៅទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងឋានៈជាភ្ញៀវព្រះករុណា។ ពេលនោះ ខ្ញុំ និងភរិយាខ្ញុំ បានក្លាយទៅជាកូនធម៌របស់ព្រះករុណា និងហ្លួងម៉ែសព្វថ្ងៃនេះ។ គឺនៅទីនោះឯង។ ឥឡូវហ្នឹង ព្រះ​ករុណាបច្ចុប្បន្ននេះ ជាប្អូនធម៌របស់ខ្ញុំ សម្តេចក្រុមព្រះជាបងធម៌របស់ខ្ញុំ បានខ្ញុំត្រូវធានាការពារនូវរាជបល្ល័ង្ក ការពាររាជានិយម … អ្នក(ត្រលប់ទៅ)អាលឺម៉ង់ដែលត្រូវហោះ គឺសូមអធ្យាស្រ័យ។ (និយាយ)ឲ្យវាអស់ថ្ងៃហ្នឹងតែ​ម្តងទៅ កុំឲ្យអ្នកខ្លះតាំងខ្លួនធ្វើជាជើងឯកប្រវត្តិសាស្រ្ត។ ការវិភាគ (ត្រូវ)ឲ្យគិតគូរពីកត្តាច្បាប់ និងកត្តាប្រវត្តិ​សាស្រ្តពិត។ បានសុំ លោកប្រធាន គីម អ៊ីលស៊ុង ថា សុំឯកឧត្តមជួយខ្ញុំផងក្នុងការការពារព្រះរាជសុវត្ថិភាពរបស់សម្តេចឪខ្ញុំ … អញ្ចឹង(បានមានអង្គរក្សកូរ៉េខាងជើង) តាំងពីក្រុមការពារ ក្រុមពិនិត្យម្ហូប ក្រុមពិនិត្យទឹក ពិនិត្យស្អី ពិនិត្យគ្រប់យ៉ាង។

សូមភាគីថៃ ការពារនយោបាយថៃ-កម្ពុជា និងព្រះករុណា អំពីរឿងអង្គរក្ស

មកដល់បាងកក ថៃក៏សុំជួយការពារ … ពេលហ្នឹង ព្រះករុណាព្រះអង្គថា ឥឡូវមិនយកទាំងអស់ កូរ៉េខាងជើងក៏មិនយក ថៃក៏មិនយក។ ខ្ញុំថា មិនបានទេព្រះអង្គ ទូលបង្គំជំពាក់សុំកូរ៉េខាងជើងហើយ។ សុំលោកប្រធាន គីម អ៊ីលស៊ុង។ អញ្ចឹងរឿងថៃ ទុកឲ្យទូលបង្គំនិយាយជាមួយថៃ។ ខ្ញុំប្រាប់ Suchinda Kraprayoon ដែលពេលហ្នឹងជាបញ្ជាការជើងគោកថៃថា ឯកឧត្តម បើសិនជាធ្វើយ៉ាងដូច្នេះ នឹងខូចនយោបាយរបស់កម្ពុជា និងខូចនយោបាយថៃ ខូចនយោបាយរបស់សម្តេចព្រះ នរោត្តម សីហនុ។ បានសេចក្តីថា ខាងកើតចេញ ខាងលិចចូល ព្រោះខាងកើតវៀតណាមដកទ័ព ដល់ខាងលិចថៃបញ្ចូលកងទ័ពទៅការពារ។ អញ្ចឹងបានថៃដកថយ។ ប៉ុន្តែខ្ញុំនិយាយរឿងថ្ងៃ ៤ ខែមិថុនា មានទាក់ទងនឹងរឿង ២។  ទី ១ ព្រះអង្គសម្រេចព្រះទ័យនៅព្រះបរមរាជវាំង នៅមហាប្រាសាទខេមរិន្ទ ដែលខ្ញុំត្រូវបញ្ជាទៅសម្តេច គង់ សំអុល  ដែលពេលនោះជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ឲ្យធ្វើការជួសជុលជាបន្ទាន់។ ទី ២ សម្រេចយកអង្គរក្សរបស់កូរ៉េ ដែលខ្ញុំត្រូវស្នើសុំនៅពេលក្រោយ។ រឿងនេះ មកដល់ថ្ងៃ ៦ ខែ មិថុនា មកដល់បាងកក បែកការណ៍អស់រលីង។ ថាសម្ងាត់។ អញ្ចឹងទេបានជាមានវិធីទប់​ទល់​។

ខៀវ សំផន ថាដង្ហែតាមព្រះករុណា “រឿងព្រមព្រៀងឈប់បាញ់”

សូមពិនិត្យ SNC ដើមដែលរៀបចំនៅហ្សាកាតា អត់មានព្រះនាមព្រះករុណាព្រះ នរោត្តម សីហនុ ទេ មាន​នរោត្តម រណឫទ្ធិ និងចៅសែនកុសល ហៅ ឈុំ។ អត់មានព្រះករុណាបិតាទេ។ ប៉ុន្តែ ដើម្បីទប់ស្កាត់កុំឲ្យព្រះករុណា ទៅចោលខ្មែរក្រហម និង សឺន សាន ក៏ត្រូវចាប់ផ្តើមសុំប្តូរឈ្មោះ ពី ចៅសែនកុសល ហៅ ឈុំ ទៅដាក់ នរោត្តម សីហនុ វិញ។ អញ្ចឹងបង្កើតឲ្យមានការចរចា។ ការចរចានៅប៉ាតាយ៉ា ដំបូង អត់ទាន់មានប្រធាន SNC ទេ។ ប៉ុន្តែ ខ្ញុំចង់សង្កត់ធ្ងន់ថា ហេតុអីបានខ្មែរក្រហមព្រមឈប់បាញ់ ដែលខ្មែរក្រហមតែងតែជំទាស់។ ពេលហ្នឹងខ្ញុំ(ទទួលទាន)បាយជាមួយព្រះករុណា ហើយក៏ពិភាក្សាលើរឿងដទៃទៀត។ ខ្ញុំសួរព្រះករុណាថា រឿងឈប់បាញ់ ព្រះអង្គថាឯកភាពតាមទូលបង្គំ។ ឈប់បាញ់ ឈប់​ទទួលជំនួយពីជនបរទេស។ ប៉ុន្តែ តើខ្មែរក្រហមព្រមទេ?  ព្រះអង្គបានឆ្លើយមកខ្ញុំវិញ “សង្កត់ទាល់តែព្រម”។ ការទទួលទានបាយ មានតែ ព្រះករុណា ហ្លួងម៉ែ ខ្ញុំជា​មួយនិងប្រពន្ធខ្ញុំតែប៉ុណ្ណោះ។ (អីចឹងបានថា) វិធីការទូតរបស់ព្រះករុណាគឺឆ្លាតណាស់។ (ក្រោយបាយហើយ ក៏) ទៅជួប Anand Panyarachunនៅឯទីស្តីការគណៈរដ្ឋមន្រ្តីរបស់ថៃ។ ពេលនោះ Anand Panyarachun គឺជានាយករដ្ឋប្រហារថៃ ដែលយោធាលើកបន្តុបបន្ទាប់ពីរដ្ឋប្រហារទម្លាក់ Chatichai Choonhavan។ ពេលហ្នឹង ព្រះករុណាបានប្រាប់ទៅ ភាគីកម្ពុជាព្រមព្រៀងគ្នាអនុវត្តដីកាឈប់បាញ់។ ដល់ចេញមក​វិញ អ្នកកាសែតសួរ។ ព្រះករុណាថា តើខាងភាគីខ្មែរក្រហម ហៅ​ខ្មែរក្រហមអញ្ចឹងតែម្តង ព្រមឈប់បាញ់ឬអត់? ព្រះករុណាអត់ឆ្លើយ រុញ ខៀវ សំផន ឲ្យឆ្លើយ​។ ខៀវ សំផន ថាដង្ហែតាមព្រះករុណា។ អញ្ចឹងបានទៅប្រជុំនៅប៉ាតាយ៉ា សម្រេចជោគជ័យមួយចំនួនពីការប្រកាសឈប់បាញ់។ ប៉ុន្តែ … ខៀវ សំផន ងិកង៉ក់នៅនាទីចុងក្រោយបន្តិច …។

សហប្រធានអចិន្ត្រៃយ៍ ឬប្រធានប្តូរវេន

ព្រឹកមិញជាការគាប់ជួនដែរ ដែល ហ៊ុយ វណ្ណៈ បានបញ្ជូនមកឲ្យខ្ញុំ នូវសេចក្តីប្រកាសរួមរវាងសម្តេចព្រះ នរោត្តមសីហនុ និងឯកឧត្តម ហ៊ុន សែន ដែល ចែម វិទ្យា ជាអ្នកយកទៅថ្វាយព្រះករុណា វានៅក្នុងទូរស័ព្ទរបស់ខ្ញុំ។ ពេល​កាន់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៩១។ ការពិត ព្រះករុណាឡាយព្រះហស្ថលេខាល្ងាចថ្ងៃទី  ១៦។ នេះជាពង្រៀងយកទៅព្រះអង្គទត។ (ព្រះអង្គ)ឃើញល្អពេក លោកឡាយព្រះហស្ថលេខាបណ្តោយ។ អញ្ចឹងខ្ញុំស៊ីញ៉េតាម​ក្រោយ បានបញ្ជូនមកភ្នំពេញ។ កាលហ្នឹងជំនាន់វាយអង្គុលីលេខ។ ប្រជុំមួយព្រឹក វាអត់ទាន់ចេញអី។ ខ្ញុំក៏ស្នើគាល់ព្រះករុណាដោយឡែក។ ព្រះករុណាក៏និយាយមុខគេមុខឯងថា ខ្ញុំនឹងជួបជាមួយ ឯកឧត្តម ហ៊ុន សែន ​រឿង ឯកឧត្តម ហ៊ុន សែន និងលោកជំទាវ ជាភ្ញៀវរបស់ខ្ញុំដើម្បីទស្សនកិច្ចនៅ ព្យុងយ៉ាង្គ។ ដល់ពេលចូលទៅក្នុងតែ ២ នាក់ ព្រះកុរណាសួរថាឯកឧត្តមមានទាស់អី។ ខ្ញុំថាព្រះអង្គ SNC របស់យើងអត់មានប្រធានទេ។

ឥឡូវ ទូលបង្គំចង់ដោះស្រាយអំពីបញ្ហាប្រធាន SNC។ បើសិនជាព្រអង្គជាប្រធាន ទូលបង្គំជាអនុប្រធាន គឺខាងរដ្ឋកម្ពុជាទទួលមិនបានទេ។ ដោយសារតែទឹកដី ដែលរដ្ឋាភិបាល ដែលទូលបង្គំគ្រប់គ្រងធំធេងណាស់។ អញ្ចឹងរូបមន្ត​ប្រធាន និងអនុប្រធាន គឺទទួលអត់បានទេ។ កាលពីឆ្នាំ ១៩៨៨ ​ខ្ញុំឲ្យប្រធានមួយ ប្រធានគឺព្រះករុណា និងអនុប្រធាន ៣ សំដៅឲ្យខៀវ សំផន និង សឺន សាន។ តែពេលនោះអត់ព្រម។ ដល់ទៅទំនិញឡើងថ្លៃ គឺលេងអញ្ចឹងហើយ។ ខ្ញុំបានស្នើរូបមន្តសហប្រធាន។ ឥឡូវទូលបង្គំនៅមានរូបមន្តសហប្រធាន ឬក៏ប្រធានប្តូរវេន។ សហប្រធាននេះទៀតសោត ក៏ជាសហប្រធានអចិន្រ្តៃយ៍ ដោយមាន ព្រះអង្គម្ខាង និងទូលបង្គំម្ខាង ឬក៏សហប្រ​ធានប្តូរវេនគ្នា។ ឯរូបមន្តមួយទៀត គឺប្រធានប្តូរវេនទាំង ១២ នាក់ ធ្វើមួយខែម្នាក់។ ប៉ុន្តែ នៅសល់រូបមន្តមួយទៀត ព្រះអង្គធ្វើប្រធានតែម្នាក់ឯងចុះ។ តែលើមូលដ្ឋាន ដែលព្រះអង្គចេញផុតពីត្រីភាគី ចេញផុតពី ហ៊្វុនស៊ិនប៉ិច។ ព្រះអង្គត្រូវគង់ពីលើគេទាំងអស់។ ស្រាប់តែ ព្រះអង្គ(មានបន្ទូល) តែខ្ញុំធ្វើជាប្រធាន ខ្ញុំត្រូវតែធ្វើខ្ញុំ​អត់ពាក់ព័ន្ធជាមួយអ្នកណាទាំងអស់។ ឯកភាពគ្នាត្រឹមហ្នឹង។

ព្រះករុណាថា ខ្ញុំពូកែតាក់តែង។ ខ្ញុំក៏ត្រឡប់មកតាក់តែង ឲ្យ ហូ សិទ្ធី វាយ។​ ថ្ងៃហ្នឹង វាគាប់ជួនដាច់អារ៉េស៊័រ​​អង្គុលីលេខ យកកៅស៊ូចង្កេះខោធ្វើរ៉េស័រ(ជំនួស)។ ប្រវត្តិវាអញ្ចឹង។ ឥឡូវខ្ញុំសូមអានកន្លែងហ្នឹង … សេចក្តីប្រកាសរួមរវាងសម្តេច ពេលហ្នឹងអត់មានព្រះបាទ នរោត្តម សីហនុ ទេ គឺសម្តេច នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន ក្នុងទិសដៅជំរុញ​ដំណោះស្រាយ​នយោបាយនៃបញ្ហាកម្ពុជា និងការបង្រួបបង្រួមជាតិ។ សម្តេចនរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន បានព្រមព្រៀងគ្នាដូចតទៅ៖

ឯកឧត្តម ហ៊ុន សែន បានព្រមព្រៀង ប្រគល់ថ្វាយ​សម្តេច នរោត្តម សីហនុ ធ្វើជាប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដោយមិនចាំបាច់មានអនុប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ និងដោយរក្សាចំនួនសមាសភាពក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ត្រឹម ១២ រូប ដដែល។ ដើម្បីអនុវត្តដោយពេញលេញនូវតួនាទីជាប្រធាន នៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ សម្តេច នរោត្តម សីហនុ បានសម្រេចព្រះរាជ​ហឫទ័យ​ ឈប់ពីមុខតំណែងជាប្រធាន នៃចលនាតស៊ូកម្ពុជា និងប្រធាន នៃរដ្ឋាភិបាលជាតិកម្ពុជា ហើយសម្តេចទ្រង់ស្ថិតនៅជាអព្យាក្រឹត្យ ជាអ្នកសម្របសម្រួលដែលមិនស្ថិតនៅក្នុងភាគីណាមួយ ឬនៅក្នុងបក្សនយោ​បាយណាមួយចាប់ពីពេលនេះរហូតទៅ។ ក្នុងករណីរបៀបនេះ សម្តេច នរោត្តម​ សីហនុ សម្រេចថា អ្នកដឹកនាំបន្តពីសម្តេចទៅនៅក្នុងចលនាតស៊ូកម្ពុជា និងនៅក្នុងរដ្ឋាភិបាល​ជាតិកម្ពុជា គឺអាស្រ័យដោយចលនាតស៊ូ និងរដ្ឋាភិបាលជាតិកម្ពុជាជាអ្នកជ្រើសតាំង។ សម្តេច នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន ចាត់ទុកថា នេះជាដំណោះស្រាយដ៏ល្អបំផុត ដើម្បីបញ្ចប់នូវអាទិភាពរវាងភាគីកម្ពុជាទាំងឡាយ ដែលមានជម្លោះជាមួយគ្នា តាមរយៈតួនាទីអព្យាក្រឹត្យ និងសម្របសម្រួលរបស់សម្តេច នរោត្តម សីហនុ។ ក្នុងន័យនេះ សម្តេច នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន អំពាវនាវចំពោះសមាជិកដទៃទៀត នៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ គាំទ្រការព្រមព្រៀងនេះ។ ធ្វើនៅទីក្រុងប៉េកាំង ថ្ងៃទី ១៧ កក្កដា ឆ្នាំ ១៩៩១ ព្រះហស្ថ​​លេខា សម្តេច នរោត្តម សីហនុ ហត្ថលេខា ឯកឧត្តម ហ៊ុន សែន។

បានសេចក្តីថានេះ ជាពង្រៀងដែល ហ៊ុន សែន បានសរសេរ ហើយ ហូ សិទ្ធី ជាអ្នកវាយ ចែម វិទ្យា ជាអ្នកយកទៅថ្វាយព្រះករុណាបិតាឡាយព្រះហស្ថ។ ចាំឲ្យច្បាស់ណា … កិច្ចព្រមព្រៀងទាំងពួងរវាងព្រះករុណា និងខ្ញុំ ខ្ញុំជាអ្នកសរសេរទាំងអស់។ ឲ្យវាចាំ។ ខ្ញុំធ្វើការ។ ខ្ញុំស៊ីអំបិលច្រើនជាងអស់លោកស៊ីបាយ … អស់លោកមិនចាំបាច់មកបន្តុះបង្អាប់ខ្ញុំ សុទ្ធតែថា កុំចរចាជាមួយជនពាល។ អញ្ចឹងបានជាខ្ញុំថា បើខ្ញុំជាជនពាល អ្នកឯងគ្រាន់តែជាកូនជនពាលទេ ព្រោះខ្ញុំប្រើក្បាលឯង ឲ្យកែរដ្ឋធម្មនុញ្ញ ២០០៦ បាន។ មិនធម្មតាឯណា ហ៊ុន សែន ប្រើបានទាំងអស់ អាជើងកាងទាំងប៉ុន្មាន ដែលប្រកាសខ្លួនថា  ហ៊ុន សែន អាយ៉ងបរទេស ជាមនុស្សអញ្ចេះ ជាមនុស្សអញ្ចុះ … មួយ​ជីវិតនេះ (អ្នកទាំងនោះ)បានត្រឹមធ្វើនាយករដ្ឋមន្រ្តីក្នុងក្តីសុបិន្ត និងនាយករដ្ឋមន្រ្តី Facebook ប៉ុណ្ណោះ​។

រដ្ឋធម្មនុញ្ញ ជាក្របខណ្ឌកំពូលដែលត្រូវគោរព មិនមែនកិច្ចព្រមព្រៀងប៉ារីសទេ

ថ្ងៃមុន ខ្ញុំបាននិយាយអំពីទិសដៅសេដ្ឋកិច្ចស្អីៗនេះ។ ឥឡូវយើងត្រូវរួមគ្នាបន្តរក្សានូវសន្តិភាពដែលរកបាន​ទាំងលំបាក។ សូម្បីតែប្រតិបត្តិការរបស់អង្គការសហប្រជាជាតិសម្រេចមិនបញ្ចប់បានកិច្ចព្រមព្រៀងថ្ងៃនេះ ២៧ ឆ្នាំមុន។ សូមបញ្ជាក់ជូនទៅកាន់អស់លោក (ដែលចង់បកស្រាយយក) “កិច្ចព្រមព្រៀងប៉ារីសជំនួសដោយរដ្ឋធម្មនុញ្ញ​កម្ពុជាបច្ចុប្បន្ន” កុំស្រមើស្រមៃឲ្យសោះ។ ស្មារតីនៃកិច្ចព្រមព្រៀងប៉ារីស វាមានអញ្ចឹង ប៉ុន្តែកិច្ច​ព្រមព្រៀងប៉ារីសត្រូវបានបញ្ចប់ រួចហើយបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ រដ្ឋធម្មនុញ្ញនោះ ជាក្របខណ្ឌកំពូលដែលត្រូវគោរព មិនមែនកិច្ចព្រមព្រៀងប៉ារីសទេ។ ស្មារតីនៃកិច្ចព្រមព្រៀងប៉ារីស មាននៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាដូចជានិយាយអំពី ប្រជាធិបតេយ្យ សេរីពហុបក្ស។ ប៉ុន្តែ រដ្ឋធម្មនុញ្ញយើង បន្ថែមមួយទៀត ដោយសារយើងបង្កើត នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

ចំណុច ២ នេះ មិនអាចធ្វើវិសោធនកម្មបានទេ ទោះបីសភាខ្លួនឯងមានសិទ្ធិអំណាចប៉ុណ្ណាក៏ដោយ។ អត់មានសិទ្ធិ។ គេហាមប៉ះ។ ទី ១ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងទី ២ គឺរបបប្រជាធិបតេយ្យ សេរីពហុបក្ស។ គេហាមប៉ះពាល់។ ឥឡូវគេថា នៅក្នុងសភារបស់យើងឯកបក្ស។ ប៉ុន្តែ ខ្ញុំសូមជម្រាបអស់លោកអ្នកឲ្យបានជ្រាប នេះជាឆន្ទៈរបស់ប្រជាពលរដ្ឋ។ ដើម្បីឈានទៅមានកៅអីក្នុងសភា ត្រូវឆ្លងកាត់ការប្រកួតប្រជែង ២០ គណ​បក្ស។ អ្នកឯងត្រូវចាំ។ ឥឡូវក្នុងប្រទេសកម្ពុជា ចុះបញ្ជីគណបក្សនយោបាយ ​ចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានជាង ៤០ គណបក្ស។ ដូច្នេះ ពហុបក្ស វានៅតែមាន រាប់ទាំងពេលនេះ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានរៀបចំឡើង (ដែល)ម្សិលមិញ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានយកសេចក្តីព្រៀងច្បាប់ថវិកាឆ្លងឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់។ អ្នកឯងត្រូវយល់។ នេះវាផ្តើមចេញពីពហុបក្សហើយ។ ឆន្ទៈរបស់ប្រជាពលរដ្ឋមិនត្រូវបានរំលោភទេ។ រឿងបោះឆ្នោតគណបក្សច្រើន តែមានគណបក្សមួយនៅក្នុងសភា វាមិនរឿង​ចម្លែក។ កម្ពុជាអត់មានរឿងអីចម្លែកសោះ។

ឆ្នាំ ១៩៥៥ មានគណបក្ស ៨ ចូលរួមបោះឆ្នោត តែមានតែសង្គមរាស្ត្រនិយមរបស់សម្តេច នរោត្តម សីហនុ មួយគត់ ចូលមកក្នុងសភា។ ប៉ុន្មានអាណត្តិនោះ របប លន់ នល់ ដែលអាមេរិកគាំទ្រ ដែលហៅថាប្រជាធិបតេយ្យ មាន ៣ គណបក្សចូលរួមបោះឆ្នោត តែទីចុងបំផុត មានតែគណបក្សរបស់ លន់ នល់ តែមួយគត់នៅក្នុងសភា ម៉េចក៏មិនថា។ នៅសាំងហ្គាពួរ គណបក្សនយោបាយច្រើនចូលរួមបោះឆ្នោត តែមានតែគណបក្សរបស់ លី ក្វាន់យូ ប៉ុណ្ណោះ។ ដើម្បីបើកឲ្យមានគណបក្សដទៃចូលរួម គឺគេធ្វើវិសោធនកម្មពីការបោះឆ្នោតតាមមណ្ឌល ដែលឈ្នះមួយសន្លឹក ឈ្នះមួយក្រុម ឲ្យមានការគួបផ្សំជាមួយនឹងការឈរឈ្មោះជាឯកតោភាគី ទើបមាន ១ នាក់ ២ នាក់ នៅក្នុងសភា។ នៅ ម៉ិចស៊ិក ក៏ធ្លាប់មានដែរ។ សូមអ្នកឯងសិក្សាទៅ។ នៅក្នុងពិភពលោក វាធ្លាប់មានប្រវត្តិហ្នឹង។

បង្កើតឡើងវិញនូវរបបរាជានិយម

ឥឡូវ ដាក់ជាសំណួរថា ចុះហេតុអីបានជាលោក ហ៊ុន សែន ឯង បែរទៅជាព្រមព្រៀងនៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ បង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញយ៉ាងនេះ។ ប្រទេសដែលគេទម្លាក់ស្តេច ក្លាយទៅជាសាធារណរដ្ឋ ២៣ ឆ្នាំរួចស្រេចទៅហើយនោះ ហេតុអីបានលោកឯង ធ្វើឲ្យរស់ឡើងវិញ? បើគ្មានលោកឯងទេ ក៏របបរាជានិយមមិនរស់ឡើងវិញដែរ។  ហ្វ៊ុនស៊ិនប៉ិច គ្មានកម្លាំងគ្រប់គ្រាន់ ដើម្បីឲ្យរាជានិយមរស់ឡើងវិញទេ។ ត្រូវមានការឯកភាពគ្នា រវាងគណបក្សប្រជាជន និងគណបក្សហ្វ៊ុនស៊ិន​ប៉ិច ឥឡូវសូម្បីតែ ហ៊្វុនស៊ិនប៉ិច អត់មានកៅអី ក៏រាជានិយមនៅតែរឹងមាំ ដោយសារអ្នកណា? ដោយសារគណបក្សប្រជាជន ជាអ្នកការពារ គាំពារដ៏រឹងមាំ។

… រឿងនៅបារាំងនេះមួយ អាលឺ្លម៉ង់នេះពីរ។ យើងមិននិយាយពីស្វ៊ីសទេ ហើយយើងក៏មិននិយាយពីប្រទេសដែលមានមហាក្សត្រនោះដែរ។ ប៉ុន្តែខ្ញុំលើកឧទាហរណ៍នៅប្រទេសបារាំង ប្រសិនបើស្ថាប័នប្រមុខរដ្ឋ និងរដ្ឋាភិបាល ក្នុងមួយពេលមានវិបត្តិ តើគ្រោះថ្នាក់យ៉ាងម៉េច? ជំនាន់ប្រធានាធិបតី Chirac RPR រដ្ឋាភិបាល គឺរដ្ឋាភិបាលរបស់ Lionel Jospin របស់បក្សសង្គមនិយម។ មែនទេ? អញ្ចឹងតើវាលំបាកធ្វើការប៉ុណ្ណាទៅ។ ប្រធានា​ធិបតីនោះទៀតសោត គឺត្រូវតែស្ថិតនៅក្នុងបក្សណាមួយជាចាំបាច់។ ចង់ ឬមិនចង់វារបៀបហ្នឹង។ បើអញ្ចឹង ដោយ​សារ​ខ្លួនធ្លាប់រស់នៅក្នុងរបបរាជានិយមពីអតីតកាល ហើយក៏ចូលព្រៃតាមការអំពាវនាវរបស់អង្គព្រះមហាក្សត្រ ដែលពេលនោះជាព្រះប្រមុខរដ្ឋមែន ក៏ប៉ុន្តែព្រះអង្គគឺជាព្រះមហាក្សត្រនៅក្នុងរបបរាជានិយម។

ប្រទេសនៅអឺរ៉ុប រាជានិយម ក៏គេលូតលាស់

ខ្ញុំត្រូវទៅរួមចំ​ណែក​បង្កើតឡើងវិញនូវរបបរាជានិយមនេះឯង។ ឥឡូវនេះ ខ្ញុំបាននិយាយហើយនិយាយទៀត បើចង់បំផ្លាញរាជបល្ល័ង្ក ចង់បំផ្លាញរាជានិយម ត្រូវកន្លងសពរបស់ ហ៊ុន សែន សិន។ ខ្ញុំបានផ្តាំកូន ផ្តាំចៅរបស់ខ្ញុំ ត្រូវការពាររាជបល្ល័ង្ក ត្រូវការពាររបបរាជានិយម។ គេថាហួសសម័យហើយ។ ប៉ុន្តែយើងពិនិត្យមើល ប៊ែលហ្ស៊ិក ថ្ងៃមុនស្តេច​នៅអង្គុយតុជាមួយនឹងខ្ញុំ។ ម៉េចក៏គេលូតលាស់។ ប្រទេសដទៃនៅអឺរ៉ុប អង់គ្លេសរាជានិយមដែរ ម៉េចក៏គេលូតលាស់។ ម្យ៉ាង ស្ថេរភាពស្ថាប័ន ប្រ​មុខរដ្ឋអត់មានវិបត្តិទេ។ បើវិបត្តិមួយពេល វិបត្តិស្ថាប័នប្រមុខរដ្ឋផង វិបត្តិស្ថាប័នរដ្ឋាភិបាលផង តើវាយ៉ាងម៉េច។ ទោះបីយ៉ាងណាក៏ដោយ ថ្ងៃ ១៥ ខែតុលា ខ្ញុំត្រូវតែមានវត្តមាននៅព្រះបរមរាជវាំង ដើម្បីធ្វើបុណ្យថ្វាយសម្តេចឪ។ សម្តេច យុវនាថ យាងទៅពីអាមេរិក ដើម្បីចូលរួមបុណ្យ។ ទៅដល់ចាប់ដៃគ្នា ហើយក៏និយាយអរគុណសម្តេច​ហើយ ដែលបានជួយការពាររាជវង្ស ការពាររាជានិយម។ បានខ្ញុំទូលថា ទេព្រះអង្គ! “អាហ្នឹងជាកាតព្វកិច្ចរបស់នាយករដ្ឋមន្ត្រី” …។

ព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋអស់មួយជីវិត

អ្នកខ្លះ គេទិតៀនយើង។ នៅក្នុងក្រមព្រហ្មទណ្ឌរបស់យើង អ្នកណាប្រមាថព្រះមហាក្សត្រ ជាប់គុក ៥ ថ្ងៃ គ្រាន់តែយើងបន្ថែមទោសទណ្ឌ ដើម្បីឲ្យជាប់ទោសច្រើនបន្តិច។ គេទិតៀនយើង ឥឡូវ គេចង់ឲ្យយើងដកអាហ្នឹងចេញ​។ នៅស្រុកយើងវាតិចហើយ នៅស្រុកថៃ ជាប់គុកមិនដឹងប៉ុន្មានសិបឆ្នាំនោះ។ ខ្ញុំគិតថា វាហួសហេតុពេកហើយ អ្នកខ្លះបង្ហោះហ្វេសប៊ុក យកពូថៅកាប់ព្រះកេសព្រះមហាក្សត្រ … អ្នកនៅក្នុងប្រទេសមិនហ៊ានទេ ប៉ុន្តែនៅក្នុងប្រទេស ថ្ងៃមុន មាននៅកំពង់ធំមួយ ចូលគុកបាត់ហើយ … ព្រះមហាក្សត្រធំជាងគេ។ ឥឡូវឪម៉ែរបស់ប្រទេស គេហៅស្តេចផែនដី បើនិយាយឲ្យវាច្បាស់ៗ។ ការគោរព បើទោះបីគ្មានព្រះមហាក្សត្រ យើងក៏ត្រូវមានប្រមុខរដ្ឋដែរ។ អញ្ចឹងព្រះមហាក្សត្រ គឺជាព្រះប្រមុខរដ្ឋតែម្តង ហើយព្រះប្រមុខរដ្ឋនេះ គឺជាព្រះប្រមុខរដ្ឋអស់មួយជីវិតទៅទៀត។ រដ្ឋធម្មនុញ្ញរបស់យើង ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋអស់មួយជីវិត។ អញ្ចឹងទេ ដាក់ជាសំណួរ សួរថាម៉េច ម៉េចបានលោកឯងត្រូវរួមបង្កើតរបបស្តេចឡើងវិញ? រឿងវាមកពីអញ្ចឹង។ កាលពីមានសង្គ្រាម គឺមកពីគេផ្តួលស្តេចទេតើ បានខ្ញុំចូលតស៊ូ …។

មិនមែនជាកូនអ្នកក្បត់ស្តេចទេ

ពេលដែលព្រះករុណាយាងចូលភ្នំពេញ មុនយន្តហោះចុះ ខ្ញុំពាក់អាវក្រោះ ព្រោះព្រះករុណាសព្វព្រះទ័យ យាងបើកព្រះទីនាំង។ ទៅខ្ចីឡានគេឡានឯងមក។ បើមានការអី មកបាញ់លើខ្ញុំចុះ។ ចូលដល់ព្រះបរមរាជវាំង ខ្ញុំត្រូវថ្វាយសោរព្រះបរមរាជវាំង គ្រាន់តែសុំថា ទូលបង្គំសុំថ្វាយសោរ ប៉ុន្តែទូលបង្គំសុំមួយ សុំថា បើទូលបង្គំមានការនឹករលឹកអនុញ្ញាតឲ្យទូលបង្គំបានចូលមកក្នុងវាំងផង។ … គេជាអ្នកបណ្តេញស្តេចយើងចេញ ឯខ្ញុំជាអ្នកយាងទ្រង់ត្រឡប់ចូល។ ខ្ញុំបានបោះឆ្នោតជ្រើសរើសស្តេច ២ លើកហើយ លើកទី ១ សម្តេចឪ លើកទី ២ ព្រះមហាក្សត្របច្ចុប្បន្ន ខ្ញុំបានបោះឆ្នោត ២ លើកហើយ ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិ។ អញ្ចឹងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងឋានៈជាកូនខ្មែរ មិនមែនជាកូនអ្នកក្បត់ស្តេចទេ។ ដឹងហើយពួកអាអ្នកកូនក្បត់ស្តេចមួយណា។ មិនបាច់មកធ្វើឯងតាំងខ្លួនស្អីទេ។ … ខ្ញុំមិនដែលយកតួអង្គព្រះមហាក្សត្រទៅធ្វើការឃោសនាបោះឆ្នោតទេ … កុំឲ្យគេថា ខ្ញុំប្រើប្រាស់ព្រះនាមព្រះមហាក្សត្រការពារខ្លួនអីអញ្ចេះអញ្ចុះទេ។ តែខ្ញុំការពារពិត។

ពូជពោត តួគី ឆ្ងាញ់

ឯរឿងសេដ្ឋកិច្ចរឿងអី ខ្ញុំមិនចាំបាច់និយាយទេ ព្រោះបានស្តាប់គ្នាច្រើនហើយ។ និយាយគ្នាច្រើនហើយ។ អ្នកទាំងឡាយក៏ធ្លាប់បានទៅប្រទេសដែរ … អម្បាញ់មិញ ឡើងថ្លឹងហើយ ៨៩ គីឡូ។ អញ្ចឹងទៅវិញ ត្រូវធ្វើយ៉ាងម៉េច ឲ្យធ្លាក់មកនៅ ៧៣។ ខ្ញុំត្រូវតែធ្វើឲ្យធ្លាក់ ៦ គីឡូ។ ប៉ុន្តែខ្ញុំគិតថា ផែនការរបស់ខ្ញុំ មួយអាទិត្យ ទៅចំថ្ងៃសុក្រប្រ​ជុំច្បាប់ថវិកា ថ្ងៃសៅរ៍ ខ្ញុំត្រូវទៅវាយកូនហ្គោលហើយ។ ចង់អ្នកណាថាអីថាទៅ។ ខ្ញុំទៅវាយកូនហ្គោល ដើម្បីទម្លាក់ដោយការហាត់ប្រាណ ទម្លាក់ដោយការហែលទឹក ល្អជាងការដែលយើងទៅឆ្ពង់ ដោយកម្តៅ ដោយទឹកក្តៅ … ខ្ញុំបានបង្ហោះតាមហ្វេសប៊ុក។ ប្រហែលជាបានឃើញហើយ។ ស៊ីពោត។ ប៉ុន្តែ ខ្ញុំមិនហ៊ានថាពោតជាអាវុធប្រល័យលោកទេ តែពោត តួគី ពិតជាឆ្ងាញ់មែន។ ការពិតខ្ញុំចរចាជាមួយនាយករដ្ឋមន្ត្រីនៅម៉ោងដូចជាម៉ោង ២ កន្លះជាង ហើយបានចាប់ផ្តើមបាយនៅម៉ោងជាង ៣។ បាយចប់ម៉ោងប្រហែលជា ៤ កន្លះ ក៏ត្រឡប់មកសណ្ឋាគារ។ ដល់ទៅវិញ ឃើញ(ពោតអាំង)នេះ ដូចឆ្ងាញ់។ អត់ទាន់ធ្វើអីទេ ចូលទៅមើលវិហារដែលមានអាយុ ៤០០ ឆ្នាំជាង។ ដល់ចេញមកវិញ ឃើញគេលក់ … ចូលទៅឲ្យគេកំដៅ។ ដាក់ ១ ទៅ។ ឆ្ងាញ់មែន។ គាត់អត់យកលុយ តែយើងយកទៅញាត់ក្នុងហោប៉ៅគាត់។ ឥឡូវខ្ញុំសុំពូជពោតហ្នឹងមកមួយចំនួន … នៅពេលដែលមើលរូបថត សុំមើលតែពោតខាងលើបានហើយ កុំមើលខាងក្រោម។ ថ្ងៃនេះក្បាលពោះធំមែន។ ពីដើមទំងន់របស់ខ្ញុំ ៨៦ គីឡូ។ អញ្ចឹងបានធ្វើឲ្យខ្ញុំជួបការលំបាកនៅក្នុងការដើរ ព្រោះកំពស់របស់ខ្ញុំ ១,៧០ ម៉ែត្រ។ ពេទ្យគេឲ្យត្រឹម ៦៨ គីឡូទេ ក៏ប៉ុន្តែលើការជាក់ស្តែង ទំងន់របស់ខ្ញុំល្អជាងគេ ក្នុងចន្លោះ ៧៣-៧៥ ក្រោម ៧៣ គឺហឹង​ត្រចៀក។ ពេលដែលខ្ញុំត្រឡប់ទៅវិញថ្លឹង យ៉ាងហោចគឺឡើង ១ គីឡូទៀត ដោយសារផឹកទឹក …។

សន្លឹកឆ្នោត ៧៧,៧៨% ក៏ល្មមចាត់ទុកថាជាពូជមានកំណើត

ខ្ញុំល្មមដល់ទីបញ្ចប់ហើយ ប៉ុន្តែខ្ញុំនៅតែមានការអរគុណជាមួយបងប្អូនដែលផ្តល់នូវការស្រឡាញ់រាប់អានមកពីចំងាយ ក្មួយៗនិស្សិត។ មុនចេញមកក៏សុទ្ធតែមានការស្នើសុំ។ ៣ ម៉ោង ៦ នាទី និយាយអស្ចារ្យណាស់ថ្ងៃនេះ។ អ្នកណាមិនចង់មើល បិទទូរទស្សន៍ទៅ។ ឯខ្ញុំនិយាយជាសិទ្ធិរបស់ខ្ញុំ។ អ្នកឯងមិនចង់ស្តាប់ជាសិទ្ធិរបស់អ្នកឯង ប៉ុន្តែពួកអ្នកខ្លះគេស្តាប់ដែរ។ មិនមែនមិនស្តាប់ទេ។ លួចស្តាប់ ព្រោះថ្ងៃនេះនិយាយវែងឆ្ងាយណាស់។ អាថ៌កំបាំងដែលគេមិនដឹង ឥឡូវត្រូវបានលាតត្រដាង រាប់ទាំងបញ្ហាដែលគេចេះតែទិតៀនព្រះករុណា ព្រះបិតា ថាម៉េចបានជាមិនប្រើអង្គរក្សខ្មែរ ទៅប្រើអង្គរក្សកូរ៉េ។ កុំទៅបន្ទោសព្រះករុណាបិតា បន្ទោស ហ៊ុន សែន ដើម្បីសុវត្ថិ​ភាពព្រះករុណាបិតានៅពេលនោះ។ មានប្រវត្តិជាប់គ្នាអញ្ចឹង។ បងប្អូនគាំទ្ររាជរដ្ឋាភិបាលស្រ​ឡាញ់​ស្រុកទេស ទើបបងប្អូនមកកាន់ទីនេះ អរគុណចំពោះការគាំទ្រទាំងអស់។ មានអ្នកទៅបោះឆ្នោត និងមានអ្នកបានផ្តាំទៅបងប្អូនចូលរួមបោះឆ្នោត ដែលធ្វើឲ្យបរាជ័យនៃយុទ្ធសាស្ត្រដេកផ្ទះឈ្នះឯង។ បន្ថែមលើនោះ បានប្រាប់បងប្អូនសាច់ញាតិបោះឆ្នោតឲ្យគណបក្សប្រជាជន ដែលគណបក្សប្រជាជនទទួលបានសម្លេងឆ្នោតជិត ៧៨% ដែលទទួលយកអាសនៈទាំងអស់នៅក្នុងរដ្ឋសភា ហើយនេះក៏ជាលំនាំរបស់ព្រះករុណាព្រះបិតា ដែលពេលនោះព្រះអង្គទទួលបាន ៨២% នៃសន្លឹកឆ្នោតនៅឆ្នាំ ១៩៥៥។ ឥឡូវនេះ ហ៊ុន សែន បានត្រឹមតែ ៧៧,៧៨% តែប៉ុណ្ណោះ នៅទាបជាងព្រះករុណាបិតា ប៉ុន្តែប៉ុណ្ណេះនៅក្នុងស្ថានភាពប្រកួតប្រជែង ២០ គណបក្ស ដ៏តឹងតែង ក៏ល្មម ដើម្បីចាត់ទុកថា ជាពូជមានកំណើត។

ខ្វះធនធានមនុស្ស និងអ្នកបច្ចេកវិទ្យា បានគេនាំកម្មករគេមក

ថ្ងៃនេះ ខ្ញុំគ្រាន់តែបាននាំមកសម្រាប់បងប្អូនដែលបានចូលរួមនៅទីនេះ នូវសៀវភៅ ក្រមង៉ុយ ១ ក្បាល និងរបស់បណ្ឌិត អ៊ូ ចុង ១ ក្បាល។ នេះជាចំណងដៃធំបំផុតដែលខ្ញុំមានជាវត្ថុអនុស្សាវរីយ៍។ អ្នកខ្លះគេថា ខ្ញុំគំរាមបងប្អូនឲ្យមក អ្នកខ្លះថា ខ្ញុំជួលបងប្អូនឲ្យមកទៅទៀត។ មកដល់ស្រុកគេ ចោទគេប៉ុណ្ណឹង ចុះទម្រាំអ្នកនៅក្នុងស្រុក វាចោទគេយ៉ាងម៉េច។ (សុទ្ធតែថា) ខ្ញុំគេ ខ្ញុំយួន ខ្ញុំវៀតណាម ខ្ញុំចិនអីអញ្ចឹងទៅ វាទៅជាអញ្ចឹងទៅ។ បងប្អូនខ្លះកង្វល់ពីចិននៅកំពង់សោម។ បងប្អូនអើយសំណង់ច្រើនណាស់។ យើងផ្តល់កម្មករឲ្យគេអត់គ្រប់ជំនាញ … ត្រូវធ្វើម៉េច?​ ត្រូវបើកឱកាស ដើម្បីឲ្យគេយកកម្មករមកសាងសង់ទៅលើសំណង់ដូចជាស្ពាន ដូចជាស្អីមួយចំនួន ដែលអ្នកបច្ចេកទេសយើងមិនទាន់ទៅដល់។ តែគេកសាងហើយ គេមិននៅស្រុកខ្មែរទេ គេទៅវិញហើយ … យើង​ក៏គ្មានច្បាប់អនុញ្ញាតឲ្យគេនៅដែរ។ គេមកវិនិយោគ គេនាំទុនពីស្រុកគេ មកបណ្តាក់ទុននៅស្រុកយើង​។ ព្រឹកមិញ បន្ទាប់ពីសំណួរទី ១ ហើយ គេថែមសំណួរទី ២ ទៀត បានខ្ញុំនិយាយអំពីបញ្ហាទាក់ទិននឹងជោគជ័យនៃការទាក់ទាញវិនិយោគពីបរទេស។ ខ្ញុំបញ្ជាក់អំពីរូបមន្ត ១ បូក។ ឧទាហរណ៍ រោងចក្រជប៉ុនធ្លាប់វិនិយោគនៅថៃ។ យើងមិនស្នើឲ្យគេរើរោងចក្រពីស្រុកថៃចូលស្រុកខ្មែរទេ ឲ្យគេរៀបបណ្តាញតភ្ជាប់មកបង្កើតរោងចក្រនៅស្រុក​ខ្មែរ។ នេះជារូបមន្តស្របបំផុតសម្រាប់ប្រជាជនយើង។ បើនិយាយពីទេសចរចិន ឆ្នាំទៅ ១ លាន ២ សែននាក់ ឆ្នាំនេះអាចឡើងដល់ ១ លានកន្លះ។ អញ្ចឹង ទៅត្រង់ណាក៏ឃើញទេសចរចិន ហើយថា ចិនមកឈ្លានពានស្រុកខ្មែរទៀត។

នៅស្រុកបារាំងមាន China Town ទេ មាន អាមេរិកមាន China Town ទេ។ មាន។ ស្រុកខ្មែរអត់ទាន់មាន China Town ទេ។ មានអគាររបស់ចិន។ ដល់គេអត់មកវិនិយោគ ថាគេអត់មក ដល់គេមកវិនិយោគ គេថាវាមកឈ្លាន​ពាន។ វាទៅអញ្ចឹង។ ឆ្កួតឡប់អីវា។ យើងជារដ្ឋអធិបតេយ្យ សូមបញ្ជាក់ ខ្ញុំនិយាយដោយត្រង់ ចិនមិនដែលនាំកងទ័ពចេញផុតពីទល់ដែនរបស់ខ្លួនទេ។ ប្រទេសដទៃនាំកងទ័ពចូលឈ្លានពានប្រទេសកម្ពុជាប៉ុន្មានហើយ? មើលទៅឃើញ។ តែក្របខណ្ឌវិនិយោគដែលយើងផ្គត់ផ្គង់កម្មករ អញ្ចឹងទេ បានជាបញ្ហាការបណ្តុះបណ្តាលធនធានមនុស្ស វាក្លាយទៅជាចំណុចសំខាន់។ កាលពីមុនសូម្បីតែក្នុងរោងចក្រកាត់ដេរ មេការរបស់ជនជាតិបរទេសមិនតិចទេ តែ​ឥឡូវជំនួសដោយជនជាតិខ្មែរហើយ។ ប្រាក់ខែមេការនៅក្នុងរោងចក្រ ជាប្រធានក្រុម ជាប្រធានផ្នែក ជាប្រ​ធានរដ្ឋបាល ជួនកាលរហូតទៅដល់ ៣ ពាន់ដុល្លារ ដែលមុននេះគេប្រើជនជាតិបរទេស ឥឡូវជនជាតិខ្មែរជំនួស។ បើយើងផ្គត់ផ្គង់ឲ្យគេគ្រប់ មិនចាំបាច់គេនាំកម្មករគេមក ដែលត្រូវចំណាយខ្ពស់ទេ។ គេប្រើកម្មករក្នុងស្រុកតែម្តង ចំណាយតិចជាង។ តែយើងផ្គត់ផ្គង់កម្មករឲ្យគេមិនទាន់គ្រប់ ជាពិសេសបច្ចេក ទេសជាន់ខ្ពស់។ អញ្ចឹងបានជាអគារព្រឹបៗវា(សង់)ឡើង។ យើងនឹងអាចឈានទៅធ្វើអា ៥៥០ ម៉ែត្រ យើងនឹងធ្វើអានេះ។

… ខ្ញុំមានតែប៉ុណ្ណឹងទេ អានេះជាវត្ថុអនុស្សាវរីយ៍ដ៏ល្អបំផុតហើយ។ ថ្ងៃនេះ អ៊ីនធើណែត អត់ដើរដែរ គ្រាន់តែចេញ … YouTube នេះក៏វាអត់ចេញដែរ។ ខ្ញុំអត់អ៊ីនធើណេតមិនបានទេ។ អត់អ៊ីនធើណេតដូចមនុស្សវង្វេងផ្លូវ​។ ដឹកនាំប្រទេសមួយ បើមិនចេះ IT ទេ ពិបាកហើយ។ នៅអាឡូ អាឡូ ក្នុងពេលដែលគេបញ្ជូនសារតាមបណ្តាញល្បឿនលឿន។ អញ្ចឹងបានខ្ញុំទៅទីណា ខ្ញុំតែងតែស្វះស្វែងរក ដើម្បីឲ្យមានអ៊ីនធើណេត រាប់ទាំងអ៊ីនធើណេតដែលអាចប្រើលើអាកាសចុះមក​បាន ដើម្បីយើងគ្រប់គ្រងសភាពការណ៍នៅខាងក្រោម។ ចុងបញ្ចប់ហើយ ជាមួយនឹងការអរគុណសាជាថ្មីម្តងទៀត សូមជូនពរបងប្អូនទាំងអស់ សុំជូនប្រទះតែពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ