សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំ វិនិយោគសាកល នៃវេទិការវិនិយោគពិភពលោក ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

118

cnv: 

  • ឯកឧត្តមបណ្ឌិត មូគីសា គីទូយី អគ្គលេខាធិការ នៃសន្និសីទអង្គកាសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការភិវឌ្ឍ
  • ឯកឧត្តម ប្រមុខរដ្ឋ /រដ្ឋាភិបាល នៃបណ្ដាប្រទេសដែលមានវត្ដមានទីនេះ
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី

ថ្ងៃនេះ​ ខ្ញុំមានសេចក្ដីរីករាយ ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូលអ្នកវិនិយោគសាកលនៃវេទិកាវិនិយោគពិភ​ព​លោកឆ្នាំ ២០១៨ ដើម្បីចែករំលែកចក្ខុវិស័យដើម្បីអនាគតយើង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែង​អំណរគុណ​ដល់អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ និងរដ្ឋាភិបាលស្វ៊ីស​ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅដល់រូបខ្ញុំ និងគណៈប្រតិភូកម្ពុជា។

ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចពិភាក្សានានា និងអនុសាសន៍ល្អៗជាច្រើន តាមរយៈបទ​អន្ដរាគមន៍មុនៗ ទាក់ទងនឹងការវិនិយោគក្នុងយុគសម័យថ្មីនៃសាកលភាវូបនីយកម្ម ដែលមានសារៈសំខាន់​ជាខ្លាំងសម្រាប់​ ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនិមួយៗ ក្នុងតំបន់ និងពិភពលោកទាំងមូល។​ ដោយសារ​កម្ពុជាធ្លាប់បានរួមវិភាគទានមួយចំនួនដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគ ក្នុងក្របខណ្ឌតំបន់ និង​សកល ខ្ញុំសូមចូលរួមចែករំលែកអំពីគោលនយោបាយវិនិយោគ និងអភិវឌ្ឍរបស់កម្ពុជាដូចខាងក្រោម៖

កម្ពុជាគាំទ្រពេញទំហឹង និងផ្ដល់អាទិភាពខ្ពស់ ចំពោះគោលនយោបាយសាកលភាវូបនីយកម្ម ដែលប្រកាន់​ខ្ជាប់ដោយប្រទេសភាគច្រើននៅក្នុងសកលលោក។ ប៉ុន្ដែ ពិភពលោកបច្ចុប្បន្នកំពុងប្រឈមបញ្ហាជាច្រើន​ទាំង​ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងអន្ដោប្រវេសន៍ បណ្ដាលមកពីការប្រែប្រួលភូមិសាស្រ្ដនយោ​បាយ​ ស្របគ្នានឹងនិន្នាការគាំពារនិយមក្នុងបណ្ដាប្រទេសរីកចំរើនជឿនលឿនខ្លះ ដែលកំពុងបង្កផលប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគសកល និងធ្វើឲ្យថមថយការវិនិយោគផ្ទាល់ពីបរទេស​ ទៅកាន់​បណ្ដា​ប្រទេសកំពុងអភិវឌ្ឍន៍។

ទោះស្ថិតនៅក្នុងស្ថានភាពបែបនេះក្ដី រាជរដ្ឋាភិបាលកម្ពុជានៅតែបន្ដប្រកាន់​ខ្ជាប់គោលនយោបាយបើក​ចំហដែលធ្លាប់​បានរួម​ចំណែកដល់​កំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង​ពីរ​ទសវត្សរ៍​កន្លងមក។ ​តាមរបាយការណ៍របស់ UNCTAD ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់កម្ពុជា មាន​ការ​កើនឡើង ១២%​ ក្នុងឆ្នាំ ២០១៧ ដល់កម្រិតខ្ពស់បំផុត ២.៨ ប៊ីលាន ដុល្លារអាមេរិក នៅក្នុង​វិស័យហិរញ្ញ​វត្ថុ, ​ទូរគនាគមន៍, អចលនទ្រព្យ, ទំនិញ និងកម្មន្ដសាលមិនមែនវាយនភណ្ឌ ដែលធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណោម​ប្រទេសអភិវឌ្ឍតិចតួច ៥ លើពិភពលោក ទទួលបានកំណើនវិនិយោគខ្ពស់ជាងគេ។

ការវិនិយោគផ្ទាល់ពីបរទេសជាប្រភពហិរញ្ញវត្ថដ៏សំខាន់ សម្រាប់ការកាត់បន្ថយភាពក្រីក្រ។ កម្ពុជាបានកាត់​បន្ថយភាពក្រីក្រពី ៥៣% នៅឆ្នាំ ២០០៤ មកនៅត្រឹម ១៣.៥ % នៅឆ្នាំ ២០១៤។​ សម្រាប់កម្ពុជា​ការវិនិយោគ​​ផ្ទាល់ពីបរទេសត្រូវបានចាត់ទុកថា ជាកត្ដាគន្លឹះមួយជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសម្រេចគោលដៅ​អភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងរៀបចំចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់ ដើម្បីទាកទាញអ្នកវិនិយោគបរទេសបន្ថែមទៀត តាមរយៈ​ការពង្រីក​មូល​ដា្ឋនផលិតកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អប្រព័ន្ធដឹកជញ្ជូនទាំងផ្នែកទន់ នឹងរឹង ការកាត់​បន្ថយថ្លៃអគ្គិសនី ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំបច្ចេក​វិទ្យា​ព័ត៌មានវិទ្យា ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការទម្រង់ប្រព័ន្ធ និងស្ថាប័នយុត្ដិធម៌។​ ជាក់ស្ដែង រាជរដ្ឋាភិបាល​កម្ពុជាកំពុងជម្រុញអនុវត្ដយ៉ាងសកម្ម នូវគោលនិយោបាយអនុវត្ដវិស័យឧស្សាហកម្ម ២០១៥-២០២៥ ដោយ​ផ្ដោតលើការកសាងមូលដ្ឋានផលិតកម្ម ដែលផ្ដល់តម្លៃ​បន្ថែមខ្ពស់ជាងមុន និងមានសមាហរណកម្មជាមួយ​នឹង​ខ្សែច្រវាក់​តម្លៃក្នុងតំបន់ និងពិភពលោក។

ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជាកំពុងជម្រុញ​ការវិនិយោគក្នុងតំបន់​សេដ្ឋកិច្ចពិសេស​ ដែល​ផ្ដល់​សេវាកម្ម​ប្រមូលផ្ដុំប្រកបដោយប្រសិទ្ធភាព។​ មកទល់បច្ចុប្បន្ន​ វិនិយោគិន​បានស្នើសុំចុះបញ្ជីបង្កើតតំបន់សេដ្ឋកិច្ច​ពិសេសចំនួន ៤៧ ទីតាំង ក្នុងនោះ១៩ ទីតាំងកំពុងដំណើរការផលិត និងនាំចេញ ហើយ ១០ ទីតាំងផ្សេង​ទៀតកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដចាំបាច់នានា។ ជាមួយនឹងសក្ដានុពលវិនិយោគ​លើ​គ្រប់វិស័យ គោលនយោបាយការពារ និងលើកទឹកចិត្តដល់វិនិយោគ ការអនុគ្រោះពន្ធលើកម្លាំងពលកម្ម​ ទីផ្សារ​ធំទូលាយ ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនពីការផ្លាស់ប្ដូរទីតាំងរោងចក្រពីប្រទេសជិតខាងដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម កម្ពុជារំពឹងថា នឹងបន្ដទទួលបាននូវកំណើនខ្ពស់ពីការវិនិយោគផ្ទាល់​ពីបរទេស​បន្ថែមទៀត​។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

ទាក់ទិននឹងការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចក្នុងក្របខណ្ឌសកល កម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការ​សម្របសម្រួល និងជម្រុញប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក​ ឲ្យផ្ដល់ភាពអនុគ្រោះពន្ធគយ និងមិនជាប់កូតា សម្រួលដល់វិធានប្រភពដើមទំនិញ ផ្ដល់ភាពអនុគ្រោះក្នុងវិស័យសេវា និងផ្ដល់​ជំនួយប​ចេ្ចក​ទេសឲ្យបានច្រើនដល់ប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងពិនិត្យឡើងវិញ នូវ​វិធានទាំងឡាយ ដែល​មិន​អំណោយ​​​​ផលដល់ការវិនិយោគ និងពាណិជ្ជកម្មសកល។

ប៉ុន្ដែ ជាអកុសល ដូចលោកអ្នកជ្រាបស្រាប់​ ពិភពលោកយើងកំពុងប្រឈមនឹង​សង្គ្រាមពាណិ​ជ្ជកម្មដ៏ស្រួច​ស្រាល់ និងអូសបន្លាយរយៈពេលវែង ដោយសារការប្រកាន់​នូវគោលនយោបាយគាំពារនិយម​ និងជំហរឯក​តោភាគីនិយមដោយប្រទេសជឿនលឿនខ្លះ ដែលបង្កផលប៉ះពាល់ដល់​ប្រយោជន៍ប្រទេស​ភាគច្រើន ដែល​គាំ​ទ្រសាកលភាវូបនីយកម្ម។ ប្រការនេះ បានធ្វើឲ្យការចរចាពាណិជ្ជកម្ម ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភ​ព​លោកត្រូវជាប់គាំង ដោយសារភាពមិនច្បាស់លាស់​នៃគោលនយោបាយពន្ធថ្មីៗ ព្រមទាំង​ការដាក់គំនាប និងទណ្ឌកម្មនានា ជាហេតុធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ពាណិជ្ជកម្ម ការវិនិយោគ និងការនាំចេញទំនិញ​ពី​បណ្ដាប្រទេស​អភិវឌ្ឍន៍តិចតួចលើទីផ្សារអន្ដរជាតិ ក៏ដូចជាការបង្កឧបសគ្គដល់ការអនុវត្ដរបៀបវារៈ ២០៣០ នៃអង្គការសហប្រជាជាតិផងដែរ។

សាកលភាវូបនីយកម្មគឺជានិន្នាការនៃពិភពលោកទាំងមូល ដែលជម្រុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាព​ក្រីក្រ និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន។ ប៉ុន្ដែ ទន្ទឹមនឹងនេះ ចរន្ដប្រឆាំងនឹងសាកលភា​វូបនីយក​ម្ម ក៏កំពុងកើតមានឡើងដំណាលគ្នាផងដែរ ដោយសារកម្រិតអតុល្យភាពកម្រិតប្រាក់ចំណូល​ និងការកើន​ឡើងនូវគម្លាតវិសមភាពជាដើម ដែលធ្វើឲ្យប្រទេសមួយចំនួនបាត់បង់ការទុកចិត្តគ្នាទៅវិញទៅមក និងបង្កើត​ភាពភ័យខ្លាច​ចំពោះសាកលភាវូបនីយកម្មទៅវិញ។ ឈរលើមូលដ្ឋាននេះ ខ្ញុំស្នើឲ្យប្រមុខដឹកនាំទាំងអស់​សំ​ដែងនូវសុឆន្ទៈ និងការទទួលខុសត្រូវ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមសកលនេះ ដើម្បីរក្សាបាន​នូវបរិយា​កាសវិនិយោគ និងស្ថិរភាពភូមិសាស្ដ្រនិយោបាយ ក៏ដូចបង្កើនការទុកចិត្ដក្នុងវិស័យឧស្សាហកម្ម និងហិរញ្ញ​វត្ថុផងដែរ។

ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិមួយ ប្រកបដោយស្មារតីទទួលខុសត្រូវ​ កម្ពុជាត្រៀមខ្លួនជា​ស្រេច​​ក្នុងការរួមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មសេរី និងស្មើភាព ក៏ដូច​ជា​ដើម្បីរក្សាសន្ដិភាព ស្ថិរភាព ក្នុងតំបន់ និងពិភពលោកទាំងមូល។ ជាមួយគ្នានេះ ខ្ញុំសូមអញ្ជើញប្រមុខដឹក​ប្រទេស និងក្រុមហ៊ុននានា ចូលរួមជាដៃគូវិនិយោគជាមួយយើង ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជា និងលើក​កម្ពស់កំណើនពិភពលោក។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមធានាជូនវិនិយោគិនគ្រប់រូប នូវបរិសា្ថន​អនុ​គ្រោះ និងគាំទ្រដល់វិនិយោគ ជាពិសេសធានានូវសន្ដិភាព សន្ដិសុខ ស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ា​ក្រូសេដ្ឋកិច្ច ព្រមទាំងក្របខណ្ឌច្បាប់ និងស្ថាប័ន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ជាងនេះទៀត យើងខ្ញុំគាំទ្រពេញទំហឹងនូវគោលនយោបាយអន្ដរជាតិ​នានា ដែលជ្រោមជ្រែងដល់ការ​វិនិយោគ​ទាំងក្នុងតំបន់ និងលើសកលលោក ព្រមទាំងអំពាវនាវដល់ដៃគូអភិវឌ្ឍនានា មេត្ដាផ្ដល់ជំនួយបច្ចេកទេស​ផ្សេង​ៗដល់បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីគាំទ្រដល់ការរៀបចំ និងអនុវត្ដគោលនយោបាយគាំទ្រ​កំណើន​ប្រកបដោយប្រសិទ្ធភាព។

នៅទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្ដងទៀត ដល់ឯកឧត្តមអគ្គលេខាធិការនៃសន្និសីទអង្គការសហ​ប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ដែលបានរៀបចំវេទិការវិនិយោគពិភពលោក ២០១៨ និង​ផ្ដល់ឱកាសសម្រាប់កម្ពុជា និងបណ្ដាលប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីបង្ហាញពីសក្ដានុពលនៃការវិនិយោគនៅ​ក្នុងប្រទេសរបស់ខ្លួន ព្រមទាំងរួមចំណែកផ្ដល់អនុសាសន៍ដល់កិច្ចពិភាក្សាស្ដីពីការអភិវឌ្ឍប្រកប​ដោយចីរភា​ព​ក្នុងក្របខណ្ឌសកល។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វេទិកានេះដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជម្រុញវិស័យ​វិនិយោគឲ្យរីកចំរើនបន្ថែមទៀត និងសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានប្រកបដោយ​​សុខភាពល្អបរិបូរណ៍ និងទទួលជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន៕