ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF-ធនាគារពិភពលោក World Bank

23

កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០១៨ របស់មូលនិ​ធិរូបិយវ​ត្ថុអន្តរជាតិ IMF – ធនាគារពិភពលោក World Bank បាន​ប្រារព្វ​​ពិធីបើក​ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១២ ខែតុលា ២០១៩នេះ នៅមជ្ឈ​មណ្ឌល​សន្និសីទបា​លី​នូសាឌួ តំបន់លំ​ហែកាយ​មា​ត់​សមុទ្រ​ ​កោះបាលី សាធារណ​រដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំប្រចាំឆ្នាំ២០១៨ របស់មូល​និធិរូបិយ​វត្ថុអន្តរជាតិ IMF – ធនាគារពិភព​​លោក World Bank ត្រូវបាន​ការ​អញ្ជើញ​ចូល​រួមពី ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល​អាស៊ាន អគ្គលេខា​​ធិ​ការ​​អង្គកា​រ​សហ​ប្រជា​ជាតិ ប្រធានមូលនិ​ធិរូបិយ​វត្ថុអន្តជាតិ ប្រធានធនាគា​រពិភព​លោក និងមាន​ការចូល​រួមពី​ប្រតិភូ ប្រមាណ ៣ពាន់​៥០០នាក់ មកពី១៨៩ប្រទេស និង​តំណាង​ផ្នែកឯកជន សហគមន៍​ធនាគារ វិទ្យាស្ថានរាជ្យ​បណ្ឌិត​សភា អង្គការ​​សង្គម​ស៊ីវិល សភាតំណាង​រាស្រ្ត អ្នកអង្កេតការណ៍ និងអ្នកសារព័ត៌មាន សរុបប្រមាណ ១ម៉ឺន៥ពាន់នាក់។

នៅក្នុង​សុន្ទរកថា​បើកកិច្ចប្រជុំ របស់ឯក​ឧត្តម រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៃប្រទេស​ហ្វាំងឡង់ និង​ជាប្រធាន​កិច្ច​ប្រជុំប្រចាំ​ឆ្នាំរបស់​មូលនិធិរូបិយវត្ថុ​អន្តជាតិ និងធនាគារ​ពិភពលោក និងសុន្ទរកថា​ឯកឧត្តម យ៉ូកូ វីដូដូ ប្រធានាធិបតី នៃ សាធារណរដ្ឋ​ឥណ្ឌូនេស៊ី បានធ្វើការ​គូសបញ្ជាក់​រួមគ្នា​ថា កិច្ចប្រជុំប្រចាំឆ្នាំ២០១៨ របស់មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF – ធនាគារពិភពលោក World Bank  គឺពិត​ជា​បាន​​ចែករម្លែក នូវទស្សនវិស័យ ផ្ដល់បច្ចុប្បន្នភាព ស្ដីអំពីស្ថានភាព សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាការឆ្លុះ​បញ្ចាំងអំពី ទិសដៅអនាគត​សម្រាប់អាស៊ាន ដើម្បីបង្ហាញពីភាពដឹកនាំ និង​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធិភាព ក្នុង​ការ​គ្រប់គ្រ​ងការ​រីកលូតលា​ស់​ផ្នែកសេដ្ឋកិច្ច​របស់អាស៊ាន។ តាម​រយៈ​កិច្ច​សន្ទនា​នេះ អាស៊ាន និងស្ថាប័នពិភពលោក នឹងបង្កើត​បានកិច្ចសហការ​ប្រកបដោ​យ​ប្រសិទ្ធភាព និងគ្រប់​ជ្រុង​​ជ្រោយ​ដើម្បី​សម្រេចបាន​សហគមន៍​សេដ្ឋកិច្ច​​អា​ស៊ាន​ឆ្នាំ២០២៥ និងរបៀបវារៈ​ឆ្នាំ២០៣០ នៃគោលដៅ​អភិវឌ្ឍន៍​ប្រកប​​ដោយចីរភាព​សំដៅ​នាំមកនូវ ជោគជ័យ​លើ​ការ​​កាត់បន្ថយ​គម្លាត នៃការអភិវឌ្ឈ និងធានាបានថា អត្ថប្រ​យោ​ជន៍ នៃសមាហរណកម្ម​សេដ្ឋកិច្ច​សកល ត្រូវបាន​ចែក​​រំលែក​យ៉ាង​ទូលំទូលាយ។ ម្យ៉ាងវិញទៀត​វេទិកាជំនួបថ្នាក់ដឹក​នាំ​អាស៊ាន បានបង្ហាញពីភាព​ជាអ្នកដឹកនាំ​របស់​អាស៊ាន និងកិច្ចសហប្រតិបត្តិកា​ររឹងមាំ​​ នៅក្នុងការគ្រប់គ្រង​​កំណើន​សេដ្ឋកិច្ច ដើម្បីធ្វើឲ្យប្រសើរឡើងនូវវិបុលភាព និង​សមធម៌ ក៏ដូចជាការផ្តល់​នូវការរី​កចម្រើន ​សម្រេ​ចបា​ន​នូវ​គោលដៅ អភិវឌ្ឍ​ប្រកប​ដោយ​​ចីរភាព ដែលបង្ហាញ​ពីការ​ប្តេជ្ញាចិត្តរប​ស់អាស៊ាន ក្នុងការគាំទ្រ​​តួនាទីរបស់ IMF WB និង UN ក្នុងការ​ដោះ​ស្រាយ​​បញ្ហា​​ប្រឈម​នានា ។

បន្ទាប់ពី​ស្នាក់អាស្រ័យ​អញ្ជើញបំពេញ​ទស្សនកិច្ច​ផ្លូវការ អញ្ជើញចូលរួមកិច្ច​ប្រជុំកំពូលមេ​គង្គ-ជប៉ុន នៅទីក្រុង តូក្យូ ប្រទេស​ជប៉ុន និងអញ្ជើញចូ​លរួម​វេទិកានៃជំនួបថ្នាក់ដឹក​នាំអាស៊ាន និងកិច្ចប្រជុំ​ប្រចាំឆ្នាំ២០​១៨ របស់មូលនិធិ​រូបិយវត្ថុអន្តរជាតិ IMF – ធនាគារពិភពលោក World Bank នៅតំបន់លំហែកាយមាត់សមុទ្រកោះបាលី សាធារណ រដ្ឋឥណ្ឌូនេស៊ី រយៈពេល៧ថ្ងៃ ប្រកបដោយ​លទ្ធផលដ៏ត្រចះត្រចង់រួចមក នៅព្រឹកថ្ងៃទី១២ ខែតុលា សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើ​ដំណើរ​ចាកចេញ​ពីតំបន់​លំហែ​កាយមាត់សមុទ្រកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងដំណើរមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា។ អញ្ជើញជូនដំណើរសម្តេចតេជោ នាយករដ្ឋមន្រ្តី នៅ​អាកាសយាន​ដ្ឋានអន្តរជាតិ ង៉ូរ៉ារ៉ៃ កោះបាលី សាធា​រណរដ្ឋ​ឥណ្ឌូនេស៊ី រួមមាន ឯកឧត្តម រ៉ូដាតារា រដ្ឋមន្រ្តី​ក្រសួង​​ទំនាក់ទំនង និងព័ត៌មាន​វិទ្យាឥណ្ឌូនេស៊ី ឯកឧត្តម ហោ ណាំបូរ៉ា ឯកអគ្គរាជទូត​​វិសាមញ និង​ពេញសមត្ថភាព របស់ព្រះរាជាណា​ចក្រ​កម្ពុជា ប្រចាំសាធារណ​រដ្ឋឥណ្ឌូនេស៊ី ព្រម​ទាំង​ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់​​រដ្ឋាភិ​បាល​ឥណ្ឌូនេស៊ី និងឥស្សរជន​ការទូត​​របស់​ព្រះរាជា​​ណា​ចក្រកម្ពុជា ប្រ​ចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ជាច្រើន​រូប។