សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមនៅក្នុងសន្និសីទសារព័ត៌មានរួម មេគង្គ-ជប៉ុនលើកទី១០

17

នៅថ្ងៃទី ៩ តុលាដដែលនេះ ក្រោយពីប្រមុខដឹកនាំនៃប្រទេសទាំង៦ បានអនុម័តទៅលើ “យុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការជប៉ុន-មេគង្គ” រួចហើយ គឺប្រមុខដឹកនាំទាំងអស់បានចូលរួមបន្តនៅក្នុងសន្និសីទសារព័ត៌មានរួម ដែលធ្វើឡើងនៅវិមានរដ្ឋ ទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅក្នុងឱកាសនោះ ប្រមុខដឹកនាំប្រទេសមេគង្គម្នាក់ៗបានអញ្ជើញថ្លែងសុន្ទរកថាខ្លីស្តីពីការចាប់អារម្មណ៍ ដែលបង្ហាញពីការគាំទ្រដល់ប្រទេសជប៉ុនចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសមេគង្គទាំងអស់ ដែលក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោមៈ ១) ឯកឧត្តមនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) ទើបតែបានសង្ខេបខ្លីៗ អំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នេះ។ យើងបានពិភាក្សាអំពីបញ្ហារួម និងបានដាក់ចេញនូវទិសដៅសម្រាប់អនាគត់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្មុងយុទ្ធសាស្ត្រទីក្រុងតូក្យូ ឆ្នាំ២០១៨ ដែលបានគាំទ្រដោយគម្រោងជាក់ស្តែងជាច្រើន ស្របតាមគំនិតផ្តួចផ្តើមចំនួន៣គឺ: ១)យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ២)គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និង៣)ផែនការមេនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌីចៅប្រាយ៉ា-មេគង្គ។ ២) កម្ពុជាសូមគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកម្ពស់កិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌនៃពហុភាគីនិយមដ៏រឹងមាំ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលសុខ សម្រាប់តំបន់ និងសាកលលោក។ ៣)សម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនរបស់យើង កម្ពុជាសូមគូសរំលេចនូវសារៈសំខាន់នៃការតភ្ជាប់ឧស្សាហកម្មដែលជាមធ្យោបាយមួយដើម្បីត្រៀមឆ្លើយតប និងចាប់យកកាលនុវត្តភាព ពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ជាពិសេស ការទាញយកផលប្រយោជន៍ឲ្យបានកាន់តែច្រើនពីសេដ្ឋកិច្ចឌីជីថល។ ក្នុងបរិការណ៍នេះ កម្ពុជាមានក្តីរីករាយ ដោយបានឃើញការប្តេជ្ញាចិត្តបន្ថែមទៀត ពីសំណាក់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគលើឧស្សាហកម្មកម្មន្តសាល និងសេវាកម្មនៅក្នុងអនុតំបន់មេគង្គ។