សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន

នៅរសៀលថ្ងៃទី ៨ តុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ទីក្រុងតូក្យូ។

សម្តេចតេជោត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោក ស៊ិនហ្សូ អាបេ ដែលនៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនេះក៏មានពិធីគោរពទង់ជាតិនៃប្រទេសទាំងពីរ និងពិធីត្រួតពល។ លោកនាយករដ្ឋមន្រ្តីជប៉ុន សោមនស្សរីករាយបំផុតដែលបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន លើកនេះ ដែលស្របពេលនៃខួប៦៥ឆ្នាំនៃចំណងទាក់ទងការទូតកម្ពុជាជប៉ុន។ លោកបញ្ជាក់ថា ជប៉ុនតែងតែស្ថិតនៅជិតកម្ពុជាជានិច្ចក្នុងការជួយកសាងនិងអភិវឌ្ឍន៍ប្រទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្តែងនូវក្តីសប្បាយរីករាយក្រៃលែង និងអរគុណ លោកនាយករដ្ឋមន្រ្តីជប៉ុន ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានអរគុណលោកដែលបានផ្ញើសារអបអរសាទរចំពោះ សម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសារជាថ្មី។

សម្តេចតេជោ ក៏បានអរគុណមិត្តជប៉ុនដែលបានជួយដល់ការបោះឆ្នោតនៅកម្ពុជាតាំងពីពេលមុន និងក្នុងពេលបោះឆ្នោតកន្លងមកនេះ។ ទោះបីការបោះឆ្នោតបានបញ្ចប់ទៅហើយក្តី គឺកម្ពុជានៅតែត្រូវការប្រទេសជប៉ុនជួយជាបន្ត។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអបអរសាទរចំពោះ លោក ស៊ិនហ្សូ អាបេ ដែលត្រូវបានជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី និងជានាយករដ្ឋមន្រ្តីបន្ត។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ បានសម្តែងនូវការសោកស្តាយចំពោះវិបត្តគ្រោះមហន្តរាយដែលបានកើតឡើងនៅជប៉ុនកាលពីពេលថ្មីៗនេះ ។

ស្របគ្នានឹងកិច្ចប្រជុំកំពូលជប៉ុនមេគង្គលើកទី១០ នៅថ្ងៃស្អែកនេះ លោក ស៊ិនហ្សូ អាបេ បានបញ្ជាក់សារជាថ្មីចំពោះសារៈសំខាន់នៃសរសរស្តម្ភ៣ដែលត្រូវពង្រឹង ១)ការពង្រឹងវិសាលភាពនៃការតភ្ជាប់ ២)ការកសាងសង្គមតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ៣)ការសម្រេចបានដើម្បីអោយតំបន់មេគង្គក្លាយជាតំបន់បៃតង។ ចំពោះកម្ពុជា គឺប្រទេសជប៉ុននឹងបន្តផ្តល់ជំនួយជាបន្តដែលក្នុងនោះមាន ១)ជំនួយបច្ចេកទេសផ្នែកធារាសាស្រ្តលើវិស័យកសិកម្ម ២)បំពាក់សំភារៈទំនើប និងបច្ចេកវិទ្យាសម្រួលដល់កំពង់ផែស្វយ័តខេត្តព្រះសីហនុ ៣)ជំនួយដល់កម្មវិធីអភិវឌ្ឍន៍កុមារ តាមរយៈ UNICEF ជាដើម។ ដើម្បីលើកស្ទួយលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា ប្រទេសជប៉ុននឹងអញ្ជើញអ្នកដឹកនាំវ័យក្មេងកម្ពុជា, មន្រ្តីបម្រើផ្នែកយុត្តិធម៍, គណកម្មការជាតិរៀបចំការបោះឆ្នោត មកទស្សនកិច្ចសិក្សាអំពីប្រទេសជប៉ុន។ ទន្ទឹមនឹងនោះដែរ ភាគីជប៉ុនក៏បានស្នើសុំអោយ សម្តេចតេជោ គាំទ្រ Indo-Pacific សេរី និងបើកចំហរដែលជាទិសដៅជប៉ុនក្នុងការពង្រឹងនិងពង្រីកវិសាលភាពពាណិជ្ជកម្មសេដ្ឋកិច្ច។

សម្តេចតេជោ គាំទ្រប្រទេសជប៉ុន ហើយមានជំនឿថាសមាជិកនៃប្រទេសមេគង្គនឹងចូលរួមគាំទ្រចំពោះទិសដៅ Indo-Pacific សេរី និងបើកចំហរនេះជាមិនខាន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជម្រាប លោក ស៊ិនហ្សូ អាបេ ផងដែរថា នៅឆ្នាំ ២០២០ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏មានបំណងចង់រៀបចំនៃកិច្ចប្រជុំអាស៊ីអ៊ឺរ៉ុប នៅឆ្នាំ ២០២០ នៅប្រទេសកម្ពុជា។ សម្តេចប្រមុខដឹកនាំ បានអញ្ជើញលោកនាយករដ្ឋមន្រ្តីជប៉ុន ទៅបំពេញទស្សនៈកិច្ចនៅកម្ពុជាក្នុងពេលសមស្របណាមួយខាងមុខ។ លោក ស៊ិនហ្សូ អាបេ បានគាំទ្របេក្ខភាពកម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់បំផុតនេះ។

មុននឹងបញ្ចប់កិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានអរគុណ សម្តេចតេជោ ហ៊ុន សែន ហើយលោកនឹងជ្រើសរើសពេលវេលាសមស្របណាមួយទៅបំពេញទស្សនៈកិច្ចនៅកម្ពុជាដ៏ស្រស់ស្អាត។ លោកនាយករដ្ឋមន្រ្តីជប៉ុនបញ្ជាក់សារជាថ្មីថា ជប៉ុនបានតាំងចិត្តសហការជាមួយកម្ពុជាដើម្បីប្រទេសជាតិរីកចម្រើន ព្រោះកម្ពុជាបានឆ្លងកាត់ឧបសគ្គនិងសង្រ្គាម ២៥ឆ្នាំមកនេះ គឺពេលនេះកម្ពុជាកំពុងរីកចម្រើនពិតប្រាកដ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ