សម្រង់ប្រសាសន៍​​​សម្ដេច​តេជោ ហ៊ុន សែន ក្នុងពិធី​សំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ-អាមេរិក និងពលរដ្ឋខ្មែរមកពីប្រទេសកាណាដា

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈ!
បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរព នឹករលឹក!

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានជួបជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជួបជាមួយបងប្អូនទាំងអស់ ដែលបានធ្វើដំណើរពីចម្ងាយ នៅក្នុងក្របខណ្ឌសហរដ្ឋអាមេរិកក្ដី និងមកពីកាណាដាក្ដី។

អ្នកថា អាមេរិកមិនឲ្យ ហ៊ុន សែន ជាន់ដី ព្យួរអាសនៈនៅ អសប សូមបកស្រាយប្រាប់អ្នកគាំទ្រ

ខ្ញុំកំពុងសួរខ្លួនឯងថា តើខ្ញុំកំពុងសិ្ថតនៅលើទឹកដីអាមេរិក ឬនៅទីណា? ច្បាស់ជាទឹកដីអាមេរិក។ នេះមិនមែនជាការចាក់ដោត ឬការឆ្លើយតបតាមបែបបញ្ឈឺចិត្តទេ។ ក៏ប៉ុន្តែ ខ្ញុំគួរតែត្រូវបាននិយាយបន្ដិច ដើម្បីយើងបើកចំ​ហនៃទស្សនៈ ការយល់ឃើញ ឬក៏របៀបបោកប្រាស់ខ្លះ​ ដែលធ្វើឲ្យមនុស្សមួយចំនួនភ័ន្តច្រឡំ។ ឧទាហរណ៍៖ ម្សិលមិញ នៅពេលដែលខ្ញុំជួបនាយករដ្ឋមន្រ្តីប៊ុលហ្គារីរួចហើយ ខ្ញុំចូលទៅកាន់អាសនៈរបស់កម្ពុជា។ ពេលនោះ ខ្ញុំវាយភា្លមៗ ដើម្បី post ចេញពីកណ្ដាលអង្គការសហប្រជាជាតិ តាមហ្វេសប៊ុករបស់ខ្ញុំ។ គ្រាន់តែបានទទួលដំណឹងថា ខ្ញុំមកកាន់ទឹកដីអាមេរិក មានអ្នកឃោសនាថា អាមេរិកមិនឲ្យជាន់ដីគេទេ។ អញ្ចឹង​ឥឡូវនេះ ខ្ញុំកំពុងនៅលើទឹកដីអាមេរិក តើអ្នកបកស្រាយថាម៉េចវិញ? សូមអ្នកដែលធ្វើអត្ថាធិប្បាយរឿងនេះ ចេញម​កបកស្រាយ ពន្យល់ចំពោះអ្នកគាំទ្រខ្លួន។ មិនចាំបាច់ពន្យល់ដល់អ្នកគាំទ្ររាជរដ្ឋាភិបាល គាំទ្រ ហ៊ុន សែន នោះទេ ពន្យល់តែអ្នកគាំទ្រខ្លួនទៅបានហើយ ដែលថា អាមេរិកមិនឲ្យជាន់ទឹកដីរបស់អាមេរិកនោះ។ ឥឡូវ ខ្ញុំកំពុងស្ថិតនៅលើទឹកដីអាមេរិកនៅឡើយ ហើយជួបបងប្អូន(ទៀត)។

ទី ២ គឺគេបាននិយាយថា អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ បានព្យួរទៅហើយ។ នេះជារបៀបបោកប្រាស់មួយដ៏អាក្រក់។ គេ(គួរតែ)ចេញទៅបកស្រាយចំពោះអ្នកគាំទ្ររបស់គេ មិនចាំបាច់បកស្រាយសម្រាប់អ្នកគាំទ្ររបស់គណបក្សប្រជាជន ឬគាំទ្រ ហ៊ុន សែន នោះទេ។ ហ៊ុន សែន បានទៅអង្គុយ ហើយបានឡើងថ្លែងសុន្ទរកថានៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ។ ដោយសារតែខ្ញុំមានតម្រូវការរបស់ខ្ញុំ កុំអី ម្សិលមិញ ខ្ញុំត្រូវឡើងទៅអង្គុយនៅខាងលើ ដើម្បីធ្វើជាប្រធានអង្គប្រជុំ។ ប៉ុន្តែមិ្សលមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ប្រាក់ សុខុន ទៅធ្វើជាប្រធានអង្គប្រជុំ ព្រោះយើងជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំនេះ។ អញ្ចឹងសុំអ្នកឯងទៅបកស្រាយត្រឹមតែជាមួយនឹងសមាជិករបស់អ្នកឯងទៅបានហើយ មិនចាំបាច់បកស្រាយជាមួយនឹងអ្នកគាំទ្រគណបក្សប្រជាជន គាំទ្ររាជរដ្ឋាភិបាល ឬគាំទ្រ ហ៊ុន សែន នោះទេ។

ឯទី ៣ ចុងក្រោយ ពេលដែលខ្ញុំនិយាយថា អ្នកណាថ្លើមធំ ដែលហ៊ានដកអាសនៈរបស់កម្ពុជា ឬព្យួរអាសនៈកម្ពុជា? គេបែរជាឆ្លើយ បើតាមខ្ញុំមិនច្រឡំទេ គឺគេនិយាយជាមួយនឹង VOA ហ្នឹងតែម្ដង។ ថ្ងៃនេះ VOA មាននៅក្នុងនេះ គេនិយាយជាមួយនឹង VOA តែម្ដងថា គេមិនដកអាសនៈទេ តែគេមិនឲ្យលោក ហ៊ុន សែន ចូលប្រជុំ។ អញ្ចឹង ចូរអ្នកដែលនិយាយហ្នឹង បកស្រាយត្រឡប់ទៅវិញ។ VOA គួរតែសួរគាត់ត្រឡប់ទៅវិញថា ឥឡូវ លោកឯងធ្លាប់បាននិយាយថា គេមិនឲ្យគណៈប្រតិភូលោក ហ៊ុន សែន ចូលប្រជុំ ឥឡូវលោក ហ៊ុន សែន ចូលប្រជុំរួចទៅហើយ យ៉ាងម៉េចទៅវិញ? គួរតែឲ្យគេបកស្រាយ។

ខ្ញុំមិនមានអ្វីជាការអត្ថាធិប្បាយរបៀបផ្ចាញ់ផ្ចាល បញ្ឈឺចិត្តទេ ហើយខ្ញុំបានសរសេរនៅក្នុងហ្វេសប៊ុករបស់ខ្ញុំថា ពាក្យខ្មែរថា «ដេញទាន់ កុំជាន់កែង»។ ក៏ប៉ុន្តែ មនុស្សបែបទណ្ឌិតរត់ចោលគុកនេះ បើមិនជាន់កែង វាមិនរាង។ អញ្ចឹងយើងត្រូវតែនិយាយឲ្យវាដឹង។

កំណត់ផ្លូវឲ្យដើរ ដើម្បីសុវត្ថិភាពអ្នកដឹកនាំនីមួយៗ ជាការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក

ពេលដែលខ្ញុំចុះពីរថយន្ត ហើយជួបបងប្អូនយើង ដែលស្វាគមន៍ខ្ញុំនៅសណ្ឋាគារ ដូចជា VOA ហ្នឹងតែម្ដង ដែលសួរខ្ញុំថា អាមេរិកកម្រិតដីឲ្យខ្ញុំដើរ? ត្រឹមត្រូវ។ ខ្ញុំសូមអបអរសាទរអ្នកឯងដែលយល់ដឹងអំពីអធិប​តេយ្យ ហើយជាពិសេស អ្នកឯងយល់ដឹងអំពីភាពជាអ្នកដឹកនាំ។ អាមេរិកវាស់ដីឲ្យខ្ញុំដើរ គឺត្រឹមត្រូវណាស់។ វាស្របទៅនឹងរដ្ឋអធិបតេយ្យរបស់គេ។ ខ្ញុំមិនមែនជាពលរដ្ឋអាមេរិកទេ ខ្ញុំគឺជាជនជាតិមួយផ្សេង ហើយជាមេដឹកនាំនៃជាតិសាសន៍មួយផ្សេង។ សូម្បីតែចុះពីលើរថយន្ត មុនពេលអង្គរក្សមកឈរបាំងការពាររួចហើយទើបតៃកុងឡាននៅខាងក្នុងបើកឡាន។ អង្គរក្សការពារយើង គឺនៅជាមួយយើង ប៉ុន្តែអង្គរក្សមកឈរការពារសិន​។ នៅពេលដែលការពារមាំទាំរួចហើយនោះ ទើបនៅខាងក្នុងគេបើកកុងតាក់សម្រាប់ឲ្យបើកទ្វារឡានចេញ​។ ផ្លូវដើររបស់យើង ត្រូវបានគេរៀបចំ។ ដូច្នេះ រឿងនេះ វាជាការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក។ យើងក៏ត្រូវទទួលខុសត្រូវសម្រាប់ អូបាម៉ា ពេលទៅកម្ពុជា។ យើងមានការទទួលខុសត្រូវខ្ពស់ជាងនេះទៅទៀត តាំងពីជណ្ដើរឡើង រហូតទៅដល់ទីកន្លែងដែលគាត់ចតរថយន្តនោះ។ យើងត្រូវធ្វើវាំងនន មិនដឹង អូបាម៉ា ជិះឡានមួយណាទេ ក្នុងចំណោមឡានទាំងប៉ុន្មាន ដែលដូចៗគ្នានោះ យើងត្រូវធ្វើឲ្យគេ។ អញ្ចឹង យើងក៏វាស់ដីឲ្យ អូបាម៉ា ដើរដែរ។

ជាង ៤០០ ខែ ជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសកម្ពុជា

ខ្ញុំរុញទូកបណ្ដោយទឹក ឲ្យអ្នកឯងស្គាល់នូវអ្វីទៅដែលហៅថារដ្ឋ នូវអ្វីទៅដែលហៅថាការទទួលខុសត្រូវរបស់រដ្ឋមួយចំពោះភ្ញៀវបរទេស។ ទីនេះជាទឹកដីអាមេរិក ក៏ប៉ុន្តែគឺជាទីស្នាក់ការនៃអង្គការសហប្រជាជាតិ។ អ្នកឯងចង់និយាយថា ខ្ញុំមិនអាចទៅកន្លែងនេះ ទៅកន្លែងនោះ តើខ្ញុំមានការចាំបាច់ទេ? តើខ្ញុំមានពេលដើរលេងដូចអស់លោកទេ? ខ្ញុំមានការងារច្រើនណាស់។ ខ្ញុំត្រូវប្រញាប់ត្រឡប់ចូលទៅស្រុក ដើម្បីធ្វើកិច្ចការរបស់ខ្ញុំ តែមិនមែនកិច្ចការ ១០០ ថ្ងៃ ដំបូង ដូចជាប្រធានាធិបតី Trump នោះទេ ព្រោះខ្ញុំបានធ្វើ បើគិតទៅជាង ៤០០ ខែរួចស្រេចទៅហើយ ក្នុងឋានៈជានាយករដ្ឋមន្រ្តី។ ខ្ញុំមិនមែនធ្វើ ១០០ ថ្ងៃទេ ហើយខ្ញុំមិនធ្វើ ១០០ ខែ ដែរ ខ្ញុំធ្វើជាង ៤០០ ខែ ហើយ បានសេចក្ដីថា នាយករដ្ឋមន្រ្តីជិត ៣៤ ឆ្នាំ។ បើគិតសរុបទាំងការកាន់អំណាចគ្រប់គ្រងរដ្ឋ​ គឺជិត ៤០ ឆ្នាំហើយ។

បំផុស និងការគំរាមសព្វរឿង សម្រាប់អ្នកគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅឯក្រៅប្រទេស

ឥឡូវខ្ញុំបកត្រឡប់មកនេះវិញ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពចំពោះជាតិសាសន៍របស់យើង។ បើយោងទៅលើអ្វីដែលគេគំរាម បងប្អូនមិនអាចមកជួបជាមួយនឹងខ្ញុំបានទេ។ ខ្ញុំដឹង គេគំរាម ក្រៅពីគេគំរាម ធ្វើម៉េចកុំឲ្យខ្ញុំជាន់ដីអាមេរិកបាន ប៉ុន្តែគេមិនទាន់ស្គាល់ ហ៊ុន សែន ច្បាស់ទេ។ នៅពេលដែលចុងអាវុធរាប់ពាន់រាប់ម៉ឺនដើម ភ្ជង់មកលើ ហ៊ុន សែន, ហ៊ុន សែន នៅដើរទៅមុខ។ សំខាន់ គឺគេមិនចង់ឲ្យខ្ញុំមកជាន់ដីអាមេរិក។ ដូច្នេះគេបំផុសរឿងនេះ រឿងនោះ​ គ្រប់សព្វទាំងអស់ តាំងពីមហាបាតុកម្ម។

បើគាំទ្រគណបក្សប្រជាជន ត្រូវដកសញ្ជាតិ ត្រង់ណាទៅជាសិទ្ធិនយោបាយបិតាប្រជាធិបតេយ្យ?

មហាបាតុកម្មមានមនុស្សប៉ុណ្ណឹង ហៅថា មហាបាតុកម្ម? យើងនេះ មានប៉ុន្មាននាក់ ហើយគេនោះមានប៉ុន្មាននាក់?​ បានជាខ្ញុំតែងតែនិយាយថា អ្នកដែលធ្វើបាតុកម្មប្រឆាំងខ្ញុំ មិនលើសពី ១០% នៃអ្នកមកទទួលខ្ញុំទេ នេះជារឿងពិត។ មិនថានៅអាមេរិក មិនថានៅអឺរ៉ុប មិនថានៅអូស្រ្តាលីទេ។ ដូចជាកាលដែលខ្ញុំទៅកាលីហ្វ័រញ៉ា នៅឆ្នាំ ២០១៦ ពេលនោះ អ្នកដែលមកជួបខ្ញុំ មានទាំង វណ្ណៈ តួភាពយន្ត ទៅជួបនៅនោះ។ ឯអ្នកធ្វើបាតុកម្មឈរនៅណាឯណោះ អ្នកមកជួបខ្ញុំ រកកន្លែងដាក់មិនបាន។ ថ្ងៃនេះ យើងរកកន្លែងដាក់មិនគ្រប់ទៀត … តែមិនអីទេ ល្ងាចនេះ ខ្ញុំ free ខាង selfie និងថតរូប ព្រោះបងប្អូនមកមានបំណងមកជួបជាមួយនឹងខ្ញុំ ដើម្បីផ្ដល់នូវការគាំទ្រទាំងឡាយចំពោះគណបក្សប្រជាជន ចំពោះរាជរដ្ឋាភិបាល និងចំពោះខ្លួនខ្ញុំ … បើយោងទៅលើអ្វីដែលគេគំរាម រហូតទៅដល់គេគំរាម តាមខ្ញុំដឹងថា បើហ៊ានតែមក គេនឹងដកសញ្ជាតិ។ បើហ៊ានចូលគណបក្សប្រជាជន គេនឹងដកសញ្ជាតិ។ ឥឡូវ ខ្ញុំចង់សួរទៅប្រធានាធិបតី Trump ខ្ញុំចង់សួរទៅរដ្ឋការសហរដ្ឋអាមេរិក បើអ្នកឯងដកសញ្ជាតិពិតប្រាកដ តើត្រង់ណាទៅដែលអ្នកឯងនិយាយពីសិទ្ធិនយោបាយ? គាំទ្របក្សប្រឆាំង ទើបបានសិទ្ធិជាពលរដ្ឋអាមេរិក? គាំទ្រគណបក្សប្រជាជន​ បែរជាត្រូវដកហូតនូវសញ្ជាតិ? ដូច្នេះ តើប្រទេសមួយដែលតាំងខ្លួនជាបិតានៃលទ្ធិប្រជាធិបតេយ្យ មានលទ្ធិប្រជាធិបតេយ្យគ្រប់គ្រាន់ឬទេ? តែនេះមិនមែនជាសំឡេងនៃរដ្ឋការរបស់ Trump ទេ គឺជាសំឡេងរបស់ពួកប្រឆាំងកម្ពុជាមួយក្ដាប់តូច ដែលមកជ្រកកោននៅទីនេះ ហើយមកធ្វើបាតុកម្មនៅទីនេះ តាំងខ្លួនជាមហាបាតុកម្ម …។

គួរតែប្រសិទ្ធនាមក្រុមប្រឆាំងនៅសហរដ្ឋអាមេរិកថាពួកក្រុម “ហិប”

ខ្ញុំព្រះករុណាខ្ញុំ សូមគោរពចំពោះវីរៈភាពរបស់ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ទោះបីថា បញ្ហាពេលវេលា ហើយធម្មតាទេ ព្រះសង្ឃគឺតែងឆាន់ត្រូវពេលវេលា ផុតពេលវេលាគឺមិនបាន ប៉ុន្តែព្រះអង្គនៅតែខិតខំ។ ឯបងប្អូនទាំងឡាយបានធ្វើដំណើរមក រាប់ទាំងគេជេរទៅទៀត។ អម្បាញ់មិញលឺថា មកមុខសណ្ឋាគារហ្នឹង … រួចហើយអ្នកណាដើរមកហៅសុទ្ធតែអាប្រាំរយ។ អញ្ចឹង ឥឡូវនេះ យើងដាក់សួរជាសំណួរអញ្ចេះទៅវិញ តើអ្នកដែលមកនៅទីនេះទទួលប្រាក់ទើបមក ឬយ៉ាងម៉េច? វាគឺជារឿងមួយ តែនៅកន្លែងនេះ ខ្ញុំក៏អត់មានហិបដែរ​។ អញ្ចឹងទេ គួរតែប្រសិទ្ធនាមក្រុមប្រឆាំងនៅសហរដ្ឋអាមេរិកថា ពួកក្រុមហិប (រៃអង្គាស)។ ទៅកន្លែងណាគឺដាក់ហិប ហើយចុងក្រោយនេះ បើតាមខ្ញុំស្តាប់បាន អ្នកដែលត្រូវមកចូលរួមបាតុកម្មប្រឆាំង ហ៊ុន សែន នៅញូវយ៉ក ដំបូងត្រឹមតែ ៣០ ទេ ក្រោយមកឡើងដល់ ៥០ មែន ឬមិនមែន?

អរគុណប្រជាពលរដ្ឋនៅក្រៅ និងក្នុងប្រទេសសម្រាប់ការលើកទឹកចិត្ត

ខ្ញុំក៏សូមអរគុណជាមួយបងប្អូនទាំងឡាយដែលបានបង្ហោះហ្វេសប៊ុកជាបន្តបន្ទាប់ ដែលស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក៏ដូចជាអនឡាញតាមរយៈ Fresh News ផ្សាយជាបន្តបន្ទាប់ រាប់ទាំង ឆោម ឆវិន ដែលថ្លែងសារពីកាលីហ្វញ៉ាទៅ។ នេះបានសេចក្តីថា ជាការលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជាការលើកទឹកចិត្តចំពោះខ្ញុំផងដែរ។ បើទោះបីជាខ្ញុំមានការងារអ្វី ឬក៏សុខភាពមានបញ្ហា ក៏ខ្ញុំត្រូវធ្វើដំណើរឲ្យមកដល់ទីនេះ លើកលែងតែវាសន្លប់បាត់ អាហ្នឹងខ្ញុំមិនដឹងធ្វើម៉េចទេ។ ប៉ុន្តែខ្ញុំមិនងាយសន្លប់ទេ។ ឥឡូវគេធ្វើការប្រៀបធៀប។ ខ្ញុំមកថ្លែងការណ៍នៅអង្គការសហប្រជាជាតិ។ បើសិនជាខ្ញុំមិនរវល់ការងារក្នុងប្រទេសទេ ខ្ញុំមក ១ ឆ្នាំម្តង គឺវាជារឿងត្រឹមត្រូវ។ អត់មានបញ្ហាទេ។ ក៏ប៉ុន្តែរយៈពេលកន្លងទៅនេះ ខ្ញុំមកថ្លែងឆ្នាំ ១៩៩៩ ម្តង មកថ្លែងឆ្នាំ ២០០៥ ម្តង មកថ្លែងឆ្នាំ ២០១៥ ម្តង និងមកថ្លែងឆ្នាំ ២០១៨ ម្តង។ ឥឡូវ គេថា ថ្លែងឆ្នាំ ២០១៨ ក្មេងជាងពេលមុន។ ខ្ញុំស្នើសុំឲ្យប្រពន្ធខ្ញុំនៅផ្ទះ សូមកុំនិយាយថាអញ្ចេះ ថាអញ្ចុះ ព្រោះកាលមុនខ្ញុំសក់ស្កូវ ខ្ញុំធ្វើតាំងពីសក់ខ្មៅមកសក់ស្កូវ ពីសក់ស្កូវដល់សក់ខ្មៅវិញ ដល់អញ្ចឹងគេថាយើងក្មេង។ ជាទូទៅ ១ អាណត្តិ យើងមកម្ដង, អាណត្តិទី ២ មកឆ្នាំ ១៩៩៩, អាណត្តិទី ៣ មកឆ្នាំ ២០០៥, អាណត្តិទី ៤ … អត់បានមកទេ ព្រោះអាណត្តិទី ៤ គឺជាអាណត្តិដែលយើងត្រូវធ្វើជាប្រធានរៀបចំនៅក្នុងស្រុក ជាប្រធានអាស៊ាន … ឥឡូវ កិច្ចការនៅអង្គការសហប្រជាជាតិមិនទាន់ត្រូវបានបញ្ចប់ទេ ប៉ុន្តែ ខ្ញុំមិនអាចនៅទីនេះ រដ្ឋមន្ត្រីការបរទេសក៏មិនអាចនៅទីនេះ អគ្គរាជទូតរបស់យើងនឹងបន្តធ្វើការ …។

មេដឹកនាំកម្ពុជាកាន់អំណាចយូរជាងគេ ក្នុងប្រវត្តិ ៣០០ ឆ្នាំចុងក្រោយនេះ

ការជួបជុំក្នុងថ្ងៃនេះ តើគួរឲ្យខ្ញុំចាប់ផ្តើមពីអ្វី? តើខ្ញុំត្រូវនិយាយពីព្រៃទាំងមូល ឬនិយាយពីដើមឈើមួយដើមៗ? ច្បាស់ណាស់ថា បងប្អូនពិតជាចង់បានការសង្កេតមើលព្រៃទាំងមូល គួបផ្សំនឹងបញ្ហាដើមឈើមួយដើមៗនោះហើយ។ ខ្ញុំគួរតែចាប់ផ្តើមថា តើឥឡូវនេះ ដើមអាណត្តិរាជរដ្ឋាភិបាល ដែលគិតមកដល់ពេលនេះរាជរដ្ឋាភិបាល​បានបង្កើតនៅថ្ងៃទី ៦ (កញ្ញា) ថ្ងៃនេះយើង ២៩ ស្អែក ៣០ ហើយ គឺទើបបានអាយុជាង ៣ អាទិត្យ។ ប៉ុន្តែ នេះជារដ្ឋាភិបាលថ្មី។ តែ ហ៊ុន សែន មិនមែនថ្មីទេ។ ថ្មីនៃអាណត្តិទី ៦ ក៏ប៉ុន្តែគឺជាមេដឹកនាំចាស់ ដែលចាប់ផ្តើមកាន់រដ្ឋាភិបាលតាំងពីអាយុ ២៧ ឆ្នាំ។ ឥឡូវនេះ ខ្ញុំមានវ័យរហូតទៅដល់ជាង ៦០ ឆ្នាំ ទៅហើយ អញ្ចឹងបានសេចក្តីថាខ្ញុំកាន់ការរដ្ឋជាងពាក់កណ្តាលជីវិត។ ដូច្នេះ តិចឬច្រើន ខ្ញុំមានបទពិសោធន៍ល្មមគួរសម ដើម្បីនឹងបន្តជាមួយនឹងការរីកចម្រើនរបស់ប្រជាពលរដ្ឋ។ ខ្ញុំចាប់ផ្តើមមនុស្សតែ ៥ នាក់ទេ នៃការចេញតស៊ូដំបូងនៅឆ្នាំ ១៩៧៧ ហើយខ្ញុំក៏មិននឹកស្មានថា នេះបងជីដូនមួយខ្ញុំបង្កើត តើគាត់ធ្លាប់បានគិតថា ខ្ញុំនោះអាចក្លាយទៅជាមេដឹកនាំប្រទេសនេះទេ? សូម្បីតែខ្លួនខ្ញុំគ្មានប៉ងប្រាថ្នាអីទេ។

ពីដើម ខ្ញុំឃើញតែគេធ្វើចៅហ្វាយស្រុក ខ្ញុំគិតថា ពួកគេមានសំណាងណាស់ ក៏ប៉ុន្តែ ខ្ញុំមិននឹកស្មានថា ខ្លួនឯងនេះវាមិនមែនត្រឹមតែធ្វើចៅហ្វាយស្រុក វាទៅជាអ្នកតែងតាំងចៅហ្វាយស្រុក ចៅហ្វាយខេត្តទៅវិញ។ បើនិ​យាយពីការដឹកនាំប្រទេស មើលក្នុង មហាបុរសខ្មែរ ទៅ ខ្ញុំមិននិយាយពីព្រះរាជាដំណាក់កាលអង្គរទេ ដែលពេលនោះព្រះរាជាសោយរាជ្យច្រើនឆ្នាំណាស់ ប៉ុន្តែ ខ្ញុំនិយាយពីមេដឹកនាំជំនាន់ក្រោយនេះ។ ខ្ញុំគិតថាត្រឹម ៣០០ ឆ្នាំ ចុងក្រោយនេះ គ្មានព្រះរាជាណាម្នាក់ ព្រះអង្គណាមួយ ឬមេដឹកនាំណាមួយ ដែលកាន់អំណាចយូរជាងខ្ញុំនៅកម្ពុជាទេ។ ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គធ្វើយូរជាងខ្ញុំ ក៏ប៉ុន្តែ ព្រះអង្គធ្វើ ២ គន្លាក់ ១ គន្លាក់ទៅ រួចហើយគេទម្លាក់ព្រះអង្គ រួចហើយបានមកធ្វើ ១ គន្លាក់ ទៀត វាឡើង ២ គន្លាក់ រួចហើយខ្ញុំធ្វើតែ ១ គន្លាក់ទេ ហើយខ្ញុំនឹងបន្តធ្វើមិនតិចជាង ១០ឆ្នាំ ទៀតទេ ទាល់តែពួកអាបំផ្លាញជាតិ ដែលនាំប្រទេសទៅរកភាពខ្ទេចខ្ទាំ ផុតរលត់ ទើបខ្ញុំឈប់។

ថ្លែងអំណរគុណ ចំពោះបងប្អូនជនរួមជាតិ ដែលបាន (១) គាំទ្រលទ្ធិប្រជាធិតេយ្យ

ខ្ញុំព្រះករុណាខ្ញុំមិនភ្លេចនឹងថ្លែងអំណរគុណ ចំពោះបងប្អូនជនរួមជាតិ បើទោះបីថាអ្នកនៅទីនេះមួយចំនួនបានខិតខំជិះយន្តហោះទៅ(បោះ)ឆ្នោតតែមួយសន្លឹក ឯមួយចំនួនទៀតគឺផ្តាំផ្ញើសារតាមរយៈសារហ្វេសប៊ុក និងតាមរយៈការទូរស័ព្ទទៅឲ្យបងប្អូននៅក្នុងស្រុក បោះឆ្នោតជូនគណបក្សប្រជាជន។ បងប្អូនបានធ្វើកិច្ចការពីរដែលមានសារៈសំខាន់នៅក្នុងដំណើរជាតិរបស់យើង។ ទី ១៖ បងប្អូនបានអនុវត្តត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការទៅបោះឆ្នោតខ្លួនឯង និងជម្រុញសាច់ញាតិបងប្អូនក្នុងស្រុកឲ្យទៅចូលរួមបោះឆ្នោត គឺជាការគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ពេលនោះ មេប្រឆាំងនៅលើទឹកដីសហរដ្ឋអាមេរិក (កំពុងជម្រុញយុទ្ធនាការ) ម្រាមដៃស្អាត។ កោតតែរកពាក្យឃើញ រកទៅកើត។ ខ្ញុំមិននឹកស្មានថាមនុស្សមានធុនអញ្ចឹងកើតឡើងនៅលើប្រទេសរបស់យើងសោះ។ ប៉ុន្តែលទ្ធផលវាចេញជាអី ជាង ៨៣% នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោត។ ថ្ងៃមិញ senator ម្នាក់ ​និងតំណាងរាស្ត្រអាមេរិកាំងម្នាក់ បាយជាមួយខ្ញុំ គាត់ថា បោះឆ្នោត ខែ ៨ កន្លងទៅ ៣៥% អញ្ចឹងខែ ១១ នឹងមានប៉ុន្មានភាគរយទៅបោះ យើងចាំមើល។ ជាប្រទេសបិតាប្រជាធិបតេយ្យ តើមានប៉ុន្មានភាគរយទៅបោះឆ្នោត? អញ្ចឹងអ្នកដែលប្រឆាំងនឹងការបោះឆ្នោតគឺអ្នកប្រឆាំងនៃលទ្ធិប្រជាធិបតេយ្យ អ្នកត្រូវដឹង។ អ្នកក៏បានបរាជ័យរួចទៅហើយ ជិត ១៧% ដែលមិនបានទៅបោះឆ្នោត ក៏មិនប្រាកដថា ជាអ្នកគាំទ្រអ្នកដែរ អ្នកត្រូវយល់ឲ្យច្បាស់ទៅ។ ដូច្នេះកិច្ចការទី ១ ប្រជាពលរដ្ឋយើងនៅឯនាយសមុទ្រ បានចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ ហើយគាំទ្រលទ្ធិប្រជាធិបតេយ្យ តាមរយៈការទៅបោះឆ្នោតដល់ក្នុងប្រទេស។

(២) បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីការពារនូវសន្តិភាព និងការអភិវឌ្ឍ

ទី ២ បងប្អូនបានជ្រើសរើសត្រឹមត្រូវហើយ បានចូលរួមក្នុងការការពារសន្តិភាព និងការអភិវឌ្ឍ។ ការបោះឆ្នោតជូនគណបក្សប្រជាជន មានតម្លៃស្មើនឹងការបោះឆ្នោតការពារនូវសន្តិភាព និងការអភិវឌ្ឍ ដែលបាន និងកំពុងមានសព្វថ្ងៃនេះ។ ឥឡូវសាកល្បងលមើល បើនេះមិនមែនជាគណបក្សប្រជាជនគ្រប់គ្រងអំណាចទេ តើសភាពការណ៍វាស្អី? យើងគ្រាន់តែឃើញឆ្នាំ ២០១៣ គេធ្វើបាតុកម្មស្ទើរតែមួយឆ្នាំ ដើម្បីឈានទៅដល់ការផ្តួល​រំលំ ប៉ុន្តែចាត់ទុកថាជាសំណាងរបស់គេដែរ ដែលពេលនោះ យើងមិនទាន់បានឃើញនូវឃ្លីបវីដេអូក្បត់ជាតិរបស់ពួកគេ ជាពិសេសអាឃ្លីបវីដេអូ ដែលគេនិយាយថា ២៩ ខែ ធ្នូ ជាថ្ងៃផ្តាច់ព្រាត់។ បើសិនជាឃើញគឺប្រ​ហែលជាពេលវេលានៃបុណ្យខ្មោចរបស់គេទេ។ ខ្ញុំមិនអត់ឱន ខ្ញុំមិនឲ្យអ្នកណាម្នាក់បំផ្លាញកម្ពុជាទេ។ ខ្ញុំបាននិយាយយ៉ាងច្បាស់ ទោះដោយតម្លៃណាក៏ដោយ ខ្ញុំមិនឲ្យអ្នកណាមួយនាំកម្ពុជាឆ្ពោះទៅរកសង្គ្រាមឡើងវិញទេ។ ខ្លួនខ្ញុំវាអភ័ព្វទៅហើយ អាយុមិនទាន់គ្រប់ ១៨ ឆ្នាំ ចូលធ្វើទាហាន។ ១០៥ លើកក្នុងសមរភូមិ របួស ៥ សា ពិការភ្នែកម្ខាង ប្រជាជនយើងស្លាប់ច្រើនណាស់។

កម្ពុជាទើបនឹងមានសន្តិភាព ឯកភាពទឹកដីលើកដំបូង ក្នុងរយៈពេល ៥០០ ឆ្នាំ

ខ្ញុំយកជីវិតធ្វើដើមទុនច្រើនលើកហើយ ដើម្បីនាំមកនូវប្រទេសជាតិមួយ ដែលមានសន្តិភាព និងមានការឯកភាពទឹកដីជាលើកដំបូងក្នុងរយៈពេល ៥០០ ឆ្នាំ មិនមែន ៥០ ឆ្នាំ ទេ។ ខ្ញុំមិននិយាយដោយចាត់ទុកថា ខ្ញុំជាតួអង្គដ៏សំខាន់អស្ចារ្យនោះទេ ក៏ប៉ុន្តែ សូមមើល មហាបុរសខ្មែរ ឡើងវិញ ហើយ មហាបុរសខ្មែរ មាននៅក្នុងវិទ្យុសំលេងសហរដ្ឋអាមេរិកនោះឯង ដែលចាក់ មហាបុរសខ្មែរ កាលពីពេលមុន ចាក់ឡើងវិញទៅ ចាក់ម្តុំត្រង់នៅឆ្នាំ ១៤៧០ ប្លាយ ដំណាក់កាល ពញាយ៉ាត ហើយបន្តពី ពញាយ៉ាត មកដល់ នរាយរាជា ចេញពី នរាយរាជា មកដល់ ព្រះស្រីរាជា ដែលមានជម្លោះបែងចែកទឹកដីទៅជា ៣។ មួយគឺ ព្រះស្រីរាជា គ្រប់គ្រង មួយ សុរិយោទ័យ ដែលជាកូនរបស់ នរាយរាជា បន្ទាប់ពីសោយទីវង្គត និងមួយទៀតដោយ ធម្មរាជា ដែលជាព្រះអនុជ ដែលជាព្រះរាជទាយាទ។ ចាប់តាំងពីពេលហ្នឹងមក ខ្មែរបែងចែកទឹកដីត្រួតត្រារៀងៗខ្លួន។ មុនឆ្នាំ ១៩៧០ ខ្មែរបែងចែកជាតំបន់គ្រប់គ្រង មានខ្មែរក្រហម ខ្មែរខៀវ ខ្មែរស ខ្មែរស៊ីជម្ពូ ខ្មែររាជរដ្ឋាភិបាល ខ្មែរមានដល់ ៥ ក្រុម ប្រ​ដាប់អាវុធរៀងៗខ្លួន។ គ្រាន់តែស្រុកខ្ញុំ នៅម្ដុំទួល​សំបួរ ឃុំខាងក្រោយពាមកោះស្នា ចូលសម្លាប់ដល់មេឃុំជំ​នាន់នោះ។ ខ្មែរក្រហមចូល។

១៩៧០-១៩៧៥ ប្រទេសយើងបែងចែកជាពីរ តំបន់ត្រួតត្រាដោយ លន់ នល់ និងតំបន់ត្រួតត្រាដោយសម្ដេច ព្រះនរោត្តម សីហនុ ក្នុងឋានៈជាប្រធាននៃចលនារំដោះប្រជាជន។ ១៩៧៥-៧៩ របបប្រល័យពូជសាសន៍ ទោះបីខ្លាំងប៉ុន ប៉ុល ពត អាវុធយុទ្ធភ័ណ្ឌសាហាវប៉ុន ប៉ុល ពត ក៏ ប៉ុល ពត មិនអាចត្រួតត្រាទឹកដីបានទាំងអស់ដែរ។ បើត្រួតត្រាទឹកដីបានទាំងអស់ តើខ្ញុំនៅឯណាពេលនោះ? ខ្ញុំដឹកនាំកម្លាំងតស៊ូរដែរ ខ្ញុំមានតំបន់គ្រប់គ្រងរបស់ខ្ញុំដែរ។ ១៩៧៩-១៩៩៣ យើងមានតំបន់ត្រួតត្រាបួន។ មួយរដ្ឋាភិបាលរបស់យើងនៅទីក្រុងភ្នំពេញ មួយទៀតខ្មែរក្រហម មួយទៀតកម្លាំង សម្ដេច សីហនុ មួយទៀតកម្លាំង សឺន សាន បួនក្រុម។ ឆ្នាំ ១៩៩៣-១៩៩៨ អ៊ុនតាក់ចាយលុយអស់ ២ ពាន់លានដុល្លារ ខ្មែរនៅបែងចែកតំបន់ត្រួតត្រានៅឡើយទេ ម្ខាងរាជរដ្ឋាភិបាល ដែលចេញពីការបោះឆ្នោតនៅទីក្រុងភ្នំពេញ ម្ខាងទៀតខ្មែរក្រហមនៅតាមជាយដែនកម្ពុជា-ថៃ និងនៅតាមតំបន់ផ្ទៃក្នុងមួយចំនួន។

កំណត់យកថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ជាថ្ងៃបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពទឹកដី

ខ្ញុំត្រូវយកជីវិតធ្វើដើមទុនមួយសាទៀត ដោយចូលទៅក្នុងតំបន់ខ្មែរក្រហម រហូតដល់ម្ដាយខ្ញុំ និងម្ដាយធំខ្ញុំគាត់ណាត់គ្នាទៅនិយាយជាមួយខ្ញុំ។ ម្ដាយធំ គ្រាន់ហៅខ្ញុំគួរសមបន្តិច ហៅក្មួយ តែម្ដាយខ្ញុំមិនដែលហៅស្អីក្រៅពីហែ្អង។ ហែ្អងចូលទៅក្នុងតំបន់គេ មិនខ្លាចគេសម្លាប់ទេ? ខ្ញុំបានប្រាប់ថា “ម៉ែ! ធំ! ប្រសិនបើស្លាប់ ក៏ស្លាប់តែខ្ញុំនិងអ្នកទៅជាមួយខ្ញុំតែប៉ុន្មាននាក់តែប៉ុណ្ណោះ។ ប៉ុន្តែ បើសិនជាបានមកវិញ គឺផែនដីទាំងមូលតែម្ដង”។ ពិតប្រាកដ។ រឿងនេះវាមិនមែនជារឿងនិទានមួយទេ ក៏ប៉ុន្តែ វាជារឿងប្រវត្តិសាស្រ្តជាក់ស្ដែង។ ឆ្នាំនេះជាខួបលើកទី ២០ នៃថ្ងៃដែលយើងបញ្ចប់សង្គ្រាម នាំមកនូវការឯកភាពទឹកដី ដែលយើងនឹងធ្វើនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨។ យើងកំណត់យកថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ។ បុណ្យនេះយើងធ្វើធំ។ ឥឡូវ កសាងវិមានមួយ ហៅថា វិមានឈ្នះឈ្នះ។ បងប្អូនអាចទៅលេង អាចទៅមើល ហើយយើងចងក្រងប្រវត្តិសាស្ត្ររបស់យើងនៅក្នុងទីនោះ ដើម្បីឲ្យឃើញអំពីចម្បាំងរាំងជល់យ៉ាងម៉េច ហើយការស្វែងរកសន្តិភាពវាលំបាកយ៉ាងម៉េច។ ការធ្វើឲ្យមានសង្គ្រាមវាងាយទេ។ សម្ដីមនុស្សមួយចំនួនថា ស្អីឡើងចាប់គេដាក់គុក … អ្នកឯងធ្វើខុសច្បាប់គេកាត់ទោសអ្នកឯង។ អ្នកឯងទទួលស្គាល់កំហុសធ្វើលិខិតសុំទទួលស្គាល់កំហុស សុំលើកលែងទោស ខ្ញុំលើកលែងទោសឲ្យ។ ខ្ញុំនិយាយត្រង់ហ្នឹងបន្តិច មួយចំនួនថា ម៉េចបានសម្ដេចចេះតែដោះលែងអាពួកហ្នឹងឲ្យនៅក្រៅគុក។

ត្រូវខិតខំធ្វើដើម្បីឲ្យខ្មែររួបរួមគ្នា កុំឲ្យខ្មែរបែកបាក់

បងប្អូនអើយ! ប្រសិនបើយើងអាចធ្វើទៅរួចយើងត្រូវខិតខំធ្វើ ដើម្បីឲ្យខ្មែររួបរួមគ្នាដើម្បីកុំឲ្យខ្មែរបែកបាក់។ នៅពេលដែលគេទទួលស្គាល់កំហុស យើងអាចធ្វើបាន យើងធ្វើទៅ។ នៅក្នុងក្របខណ្ឌនៃសិទ្ធិអំណាចរបស់យើង ខ្ញុំព្រះករុណាខ្ញុំ មានសិទ្ធិអាចនឹងធ្វើបែបនោះ ប៉ុន្តែ បើនៅក្នុងក្របខណ្ឌដៃរបស់តុលាការ គឹវាជារឿងមួយផ្សេង។ ប៉ុន្តែបើសិនជាសាលក្រមចូលស្ថាពរហើយ សិទ្ធិនៃការសុំលើកលែងទោសថ្វាយព្រះមហាក្សត្រ គឺជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី។ ច្បាប់ពន្ធនាគារគេបានចែងថា នាយករដ្ឋមន្ត្រីមានសិទ្ធិនឹងសុំព្រះរាជទានទោសពេលណាក៏បាន។ ដូច្នេះករណី អ៊ុំ សំអាន បានទទួលស្គាល់ថា ខ្លួនខុស។ សុំផ្ដាំទៅលោក អ៊ុំ សំអាន សុំកុំភ្លេចឲ្យសោះនូវលិខិតដែលលោកបានផ្ញើ ហើយបានផ្សាយ។ បើលោកចង់ឃើញ យើងនឹងផ្សាយរហូត។ លោក មាជ សុវណ្ណារ៉ា និងអ្នកដទៃទៀត កុំភ្លេចថា លោកបាននិយាយថា ការធ្វើរបស់លោកគឺជាការខុស ហើយលោកមិនបន្តទៀតទេ។ មិនដឹងថា មាជ សុវណ្ណារ៉ា មកធ្វើបាតុកម្មឬអត់? ហ្នឹងគឺសិទ្ធិរបស់គាត់។ បើគាត់ធ្វើត្រូវឲ្យគាត់ធ្វើចុះ យើងមិនបិទសិទ្ធិរបស់គាត់ទេ។ ឆ្នាំនេះ ខ្ញុំចង់ឲ្យមានការលើកលែងទោសដោយទ្រង់ទ្រាយធំមួយ នៅពេលភ្ជុំ នៅពេលបុណ្យឯករាជ្យ និងនៅពេលខួប ២០ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ អញ្ចឹង ក្រ​សួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងតែពិនិត្យករណីនេះហើយ បន្ធូរបន្ថយបានឲ្យចេញមកដើម្បីកែប្រែខ្លួននៅខាងក្រៅ។ ខ្ញុំចង់ធ្វើបែបនេះ ខ្ញុំចង់ឲ្យខ្មែរ កុំប្រមាថមាក់ងាយគ្នាតទៅទៀត។ ប៉ុន្តែខ្មែរមួយក្រុមគេមិនទុកឲ្យសុខសោះ។ បើគេអនុវត្តខុសច្បាប់ … គេត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

សុំធ្វើវិសោធនកម្មចំណុចខ្លះ ទាក់ទងការដែលអាមេរិកបញ្ជូនខ្មែរជាប់គុកនៅអាមេរិក ទៅស្រុកខ្មែរ

បើទោះបីនៅអាមេរិក ហើយខ្ញុំគួរតែត្រូវនិយាយអាហ្នឹង មុននឹងដល់នោះ ខ្ញុំនិយាយអាល្អិតនេះបន្តិចទៅចុះ។ បងប្អូននៅទីនេះជាខ្មែរអាមេរិក មានសិទ្ធិបោះឆ្នោតសម្រាប់ឲ្យប្រធានាធិបតីអាមេរិក ឬសមាជិកព្រឹទ្ធសភា​ ឬសមាជិករដ្ឋសភា ឬតាមក្រុងតាមស្អីរបស់អាមេរិក។ បងប្អូនមានលិខិតឆ្លងដែន ហើយមានទិដ្ឋាការរបស់ខ្មែរ លិខិតឆ្លងដែនរបស់អាមេរិក មានមួយចំនួនលិខិតឆ្លងដែនរបស់កម្ពុជា ដែលខ្ញុំឲ្យបញ្ជាទៅសម្រាប់ការពន្យារសុពលភាពបែបណា ដើម្បីថ្ងៃក្រោយឲ្យបងប្អូនថ្ងៃក្រោយងាយស្រួល ព្រោះ Passport របស់បងប្អូនមួយចំនួនអស់(សុពលភាព) ហើយមិនទាន់បានសិទ្ធិនៅក្នុងប្រទេសនេះផង។ ប៉ុន្តែខ្ញុំនិយាយពីទំនាក់ទំនងកម្ពុជា-អាមេរិកបន្តិច ដើម្បីឲ្យបងប្អូនអាចយល់ថារឿងមកពីអី? រឿងចាប់ផ្ដើមពីចិត្តធម៌របស់រាជរដ្ឋាភិបាល។ ទាំងខ្ញុំក្ដីទាំងសមាជិករាជរដ្ឋាភិបាលដទៃទៀតក្ដី មើលទៅវាលំបាកភ្នែកពេក អាណិតខ្លោចចិត្តចំពោះប្រជាពលរដ្ឋរបស់យើង​ ជាប់គុកនៅស្រុកអាមេរិកហើយ ត្រូវអាមេរិកបញ្ជូនទៅប្រទេសកម្ពុជា។ ការជាប់គុកនៅអាមេរិក វាជារឿងទោសទណ្ឌមួយទៅហើយ ក៏ប៉ុន្តែទោសទណ្ឌធ្ងន់លើសពីនេះទៅទៀត គឺជាការព្រាត់ប្រាស់គ្នា … ប្ដីជាប់គុកប្រ​ពន្ធទៅសួរសុខទុក្ខ ខ្លះកូនជាប់គុក ម្ដាយទៅសួរសុខទុក្ខ ឪពុកជាប់គុក កូនទៅសួរសុខទុក្ខ ប៉ុន្តែនៅពេលដែលចេញពីគុក អាមេរិកត្រូវបញ្ជូនទៅស្រុកខ្មែរ ព្រាត់រហូត លើកលែងតែក្រុមគ្រួសារនេះ គេអាចធ្វើដំណើរត្រឡប់ទៅស្រុកខ្មែរ អាហ្នឹងទើបគេជួបជុំ។ (ពួកគាត់)ធ្វើអត្តឃាតអស់ ៥ នាក់ សម្លាប់ខ្លួន ៥ នាក់ ករណីដូចគ្នានេះ បានជាខ្ញុំប្រាប់ទៅរដ្ឋមន្ត្រីមហាផ្ទៃ គួរតែពិនិត្យមើល តើយើងអាចពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិក អំពីបញ្ហាធ្វើវិសោធនកម្មលើចំណុចខ្លះទេ ព្រោះនេះគឺជាការរងគ្រោះធ្ងន់ធ្ងរពេកហើយ។

អាមេរិកថា យើងមិនសហការ, យើងក៏បញ្ឈប់កម្មវិធីរុករកឆ្អឹងទាហានអាមេរិកដែលស្លាប់លើដីខ្មែរ

ខ្ញុំជាមនុស្សធ្លាប់បែកបាក់គ្រួសារ ខ្ញុំស្គាល់រសជាតិ អ្វីទៅដែលហៅថាការព្រាត់ប្រាស។ យើងបានលើកបញ្ហានេះជាមួយអាមេរិក តែយើងអត់ទាន់បានធ្វើវិសោធនកម្មណាមួយ ហើយនិងមិនទាន់បានបញ្ចប់សកម្មភាពណាមួយជាឯកតោភាគីទេ ប៉ុន្តែ មិននឹកដល់ថា អាមេរិកដាក់យើងទៅជាប្រទេសមិនសហការ ជាមួយនិងប្រទេសអ៊ូហ្កង់ដា និងប្រទេសមួយចំនួនផ្សេងទៀត។ អញ្ចឹងទេ រុញឲ្យខ្ញុំធ្វើសេចក្ដីសម្រេចមួយ ដើម្បីឆ្លើយតបជាមួយនឹងអាមេរិកវិញ។ អាមេរិកមានអ្នកស្លាប់ មានទាហានអាមេរិកស្លាប់នៅកម្ពុជា​ចំនួន ៩១ នាក់។ ឥឡូវនេះ រកឃើញ ៤១ ហើយនៅសល់ ៤៩ … ពេលហ្នឹង(អាមេរិក)បានដាក់យើងចូលអញ្ចឹង។ គេថាកាត់ទិដ្ឋាការមិនឲ្យមន្រ្តីការទូតរបស់កម្ពុជាមកចូលសហរដ្ឋអាមេរិកទេ។ អញ្ចឹង ខ្ញុំប្រកាសទៅវិញថា អញ្ចឹងកម្មវិធីមាតុភូមិនិវត្តន៍ រុករកខ្មោចទាហានអាមេរិកត្រូវផ្អាកសិន។ អាមេរិកថ្លឹងថ្លែងទៅ មន្រ្តីការទូតរបស់កម្ពុជាគ្មានលទ្ធភាពដើម្បីនឹងមកដើរលេងស្រុកអាមេរិកទេ មិនបាច់ខ្វល់ទេ គេមកត្រឹមតែធ្វើទូតនៅវ៉ាស៊ីងតោន គេធ្វើទូតនៅញូវយ៉ក​តែប៉ុណ្ណឹងទេ …

ប៉ុន្តែ អាមេរិកត្រូវយល់ថា ឪពុកម្តាយរបស់គេកំពុងរង់ចាំឆ្អឹងខ្មោចកូនរបស់គេ អាមេរិកត្រូវយល់អំពីបញ្ហានេះ។ រឿងវាផ្តើមចេញពីត្រង់ហ្នឹងទេ វាមិនមែនរឿងចាប់អាពួកក្បត់ជាតិឯណា? … ប៉ុន្តែ ខ្ញុំនៅតែមានចិត្តចង់ជួយសហរដ្ឋអាមេរិក។ បើទោះបីជាកងទ័ពនេះធ្លាប់ទៅឈ្លានពានកម្ពុជា … តែខ្ញុំយល់ ធ្វើជាកូនទាហានគេៗប្រើទៅណា គឺត្រូវតែទៅនោះហើយ។ ខ្ញុំធ្លាប់ទៅគោរពផ្នូរយុទ្ធជនអាមេរិក ដែលស្លាប់នៅ​ឯក្រៅប្រទេសនោះ នៅវ៉ាស៊ីង​តោន ឆ្នាំ ១៩៩២។ ពេលនោះ ខ្ញុំទៅជួយចលនាវៀតណាម ទៅជួយចលនាឡាវ ដើម្បីឲ្យជួយរកឆ្អឹងខ្មោចអាមេរិក​ទៀត។ ខ្ញុំមិនចង់ឲ្យកិច្ចការមនុស្សធម៌របស់ខ្ញុំ ដែលខ្ញុំធ្លាប់ធ្វើ តាំងពីឆ្នាំ ១៩៨៤ (ត្រូវជាប់គាំងទេ)។ ខ្ញុំធ្វើរឿងហ្នឹង តាំងពីមិនទាន់មានទំនាក់ទំនងការទូតរវាងកម្ពុជាជាមួយអាមេរិក ប៉ុន្តែ តាមរយៈគេហៅថា អង្គការមួយគេហៅ អង្គការគ្រួសារអាមេរិកបាត់ខ្លួន ដែលដឹកនាំដោយអ្នកស្រី Ann Mills Griffiths។ ខ្ញុំមិនចង់ឲ្យកិច្ចការមនុស្សធម៌ ដែលខ្ញុំបានធ្វើជាង ៣០ ឆ្នាំប្លាយ ត្រូវរបូតរលូតទេ។ ខ្ញុំក៏នឹងពិចារណាទៅលើបញ្ហានេះដែរ។

ខ្លាចអាមេរិកដេញបងប្អូនខ្មែរយើងទៅដាក់កោះណាមួយ សុខចិត្តយកទៅស្រុកខ្មែរវិញ

នេះរឿងទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា វាប៉ុណ្ណឹង។ អ្នកណាផ្តើមមុនអំពីបញ្ហានេះ? មួយទៀត ក៏សូមប្រាប់បងប្អូនឲ្យហើយ​ រដ្ឋធម្មនុញ្ញរបស់យើង បើទោះបីរដ្ឋធម្មនុញ្ញមិនចែង ក៏នាយករដ្ឋមន្រ្តីនៅក្នុងតំណែងត្រូវគិតគូរអំពីពលរដ្ឋរបស់ខ្លួននៅក្រៅ​ប្រទេស។ យើងខ្លាចគេបញ្ជូនពលរដ្ឋរបស់យើង ទៅកាន់ប្រទេសណាផ្សេង។ ឥឡូវ​នេះ អាមេរិកបានផ្លាស់ប្តូរកំណត់ទូតជាមួយយើង អំពីការយកបងប្អូនខ្មែរ ដែលមករស់នៅក្រោយឆ្នាំ ១៩៩៤ ត្រឡប់​ទៅប្រទេសវិញ។ សូមបងប្អូនយោគយល់ថា ហេតុអីបានជារដ្ឋាភិបាល​ខ្មែរទៅតាមយោបល់អាមេរិកបែបនេះ? បងប្អូនអើយ ក្រែងលោគេដេញចេញពីអាមេរិក គេយកទៅដាក់នៅកោះណាមួយនោះ។ យកទៅស្រុកខ្មែរ មានសាច់ញាតិ បងប្អូននៅទីនោះ យ៉ាងហោចណាស់ បើទោះបីរដ្ឋាភិបាលខ្មែរក្រ ក៏គង់រដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា។ នយោបាយអន្តោប្រវេសន៍របស់ប្រធានាធិបតី Trump មិនមែនរឿងតូចតាចទេ មិនមែនធម្មតាពេកទេ ចង់ធ្វើរបងជាមួយម៉ិចស៊ិច។ ចំណុចនេះ វាចាប់ផ្តើមចេញពីបញ្ហាមនុស្សធម៌របស់យើង ដែលវាកើតទៅជារឿងភ័ន្តច្រឡំដ៏ធំមួយ​។

សភាពការណ៍ខុសគ្នា ក្រោយបោះឆ្នោតឆ្នាំ ២០១៣ និង ២០១៨

ឥឡូវ ខ្ញុំមកនិទានរឿងក្នុងស្រុក ដែលអ្នកទាំងអស់គ្នាសុទ្ធតែបានដឹងហើយ អំពីការវិវឌ្ឍនៃសភាពការណ៍ ខុសប្លែកពីឆ្នាំ ២០១៣ បោះឆ្នោតរួចហើយ មានអាគ្រប់ទឹក និងមិនគ្រប់ទឹក។ ព្រះមហាក្សត្រកោះប្រជុំនៅ​ឯសភា គេ​មិនគោរពព្រះមហាក្សត្រទេ គេទៅស្បថ​នៅអង្គរវត្ត។ អញ្ចឹងចាញ់សម្បថអង្គរបានវាទៅអញ្ចឹង។ គ្រាន់តែចង់ធ្វើប្រធានសភា គេធ្វើបាតុកម្ម។ ចរចាមិនត្រូវគ្នា គេថាមិនគ្រប់ទឹក។ ដល់ចរចា​ត្រូវគ្នា គេបានតំណែង គេថាវាគ្រប់ទឹក។ បាតុកម្មពេញចុះពេញឡើង អ្នកភ្នំពេញនិយាយពេញៗមាត់តែម្តង «កាលពីបោះឆ្នោតឲ្យពួកអាចង្រៃហ្នឹង រកស៊ីមិនបាន ឥឡូវអត់មានពួកអាហ្នឹង រកស៊ីបាន ហើយដីក៏ឡើងថ្លៃ»។ នេះភាសារបស់គាត់ទេ មិនមែនភាសាខ្ញុំទេ។ (គាត់)ថាបោះឆ្នោតឲ្យពួកអាចង្រៃហ្នឹង កាលនោះ វេចបាយ វេចទឹក បន្តិចៗ​បិទទ្វារ ព្រោះបាតុកម្ម។ ដល់តែឥឡូវ មានអី? ដីឡើងថ្លៃនោះវាឡើង … កំប្លែងលេងតិចទៅចុះ ដីស្រុកខ្មែរឥឡូវថ្លៃមើលតែដីនៅទីក្រុងញូវយ៉កនឹងគេដែរ។ នេះប្រហែលជាកំហុសរបស់ខ្ញុំ។

កិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល (១) ការពារស្ថេរភាពនយោបាយ

ឥឡូវ ខ្ញុំគួរតែជម្រាបជូនអំពីកិច្ចការជាអាទិភាពរបស់រាជរដ្ឋាភិបាល។ តើរាជរដ្ឋាភិបាលកំពុងផ្តោតលើអ្វី នៅពេលនេះ? ច្បាស់ណាស់មានរឿងច្រើន ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែច្បិចយកនូវចំណុចមួយចំនួន ដើម្បីជម្រាបជូន។ ទីមួយ ជាកិច្ចការអាទិភាព មិនមែនគ្រាន់តែអាទិភាពនៅពេលនេះទេ តែជាអាទិភាពបន្តបន្ទាប់ និងទៅអនាគត គឺស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ ចំណុច ២ នេះ ចុងខ្សែ ២ ជាចំណង ១ ដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ។ គ្មានស្ថេរភាពនយោបាយ គឺច្បាស់ជាមិនអាចអភិវឌ្ឍបានទេ គ្មានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ពិតជានឹងបំផ្លាញស្ថេរភាពខាងនយោបាយហើយ។ ដូច្នេះ រាជរដ្ឋាភិបាល ម្ខាងត្រូវយកចិត្តទុកដាក់ការពារនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីធានាថាប្រជាពលរដ្ឋរបស់យើងរស់នៅដោយសុខសាន្ត។ មិនថារដ្ឋាភិបាលប្រទេសណាៗទេ នៅសហរដ្ឋអាមេរិក កុំឃើញថាខ្មែរមានប្លន់បន្តិចបន្តួច ស្រុកអាមេរិកបាញ់គ្នាម្តងៗតាមហាងតាមអី ងាប់រាប់សិបនាក់ក៏មានដែរ … កម្ពុជា​ក៏មានករណីចោរលួច​ចោរប្លន់ដែរ ក៏មានករណីគ្រឿងញៀនដែរ យើងត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសុវត្ថិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជារឿងធម្មតានៃរដ្ឋមួយៗ។

កិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល (២) ការពារស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច

ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឲ្យជាប់។ គ្រាប់បែកដែលបំផ្លាញជីវិតប្រជាជនបានច្រើនជាងគេ គឺគ្រាប់បែកសេដ្ឋកិច្ច។ គ្រាប់បែកពិតប្រាកដ ដូចជា គ្រាប់ B52 របស់អាមេរិក​ទម្លាក់នៅស្រុកខ្មែរ អាចសម្លាប់បានប្រជាជនមួយភូមិ ឬបួនដប់គ្រួសារ តែមិនអាចសម្លាប់មនុស្សបានមួយនគរទេ។ ប៉ុន្តែ បើគ្រាប់បែកសេដ្ឋកិច្ចវាបែកហើយ គឺសម្លាប់ប៉ះទាំងកូននៅក្នុងផ្ទៃក៏វាប៉ះដែរ។ បានសេចក្តីថា អតិផរណាកើនឡើង។ យើងមើលនៅវេណេស៊ូអេឡា អតិផរណារហូតដល់ ១ លានភាគរយ​។ អញ្ចឹងទេ រាជរដ្ឋាភិបាលត្រូវមានការប្រុងប្រយ័ត្នខ្លាំងណាស់ ទៅលើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។ ជានិច្ចជាកាល យុទ្ធសាស្រ្តរបស់ ហ៊ុន សែន គឺ ២ ហ្នឹង ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជានិច្ចជាកាល ហ៊ុន សែន មិនដែលភ្លេចទៅលើរឿងហ្នឹងទេ​។ ធានាកម្លាំងទិញនៃប្រាក់ដែលគេទទួល​ … ទឹកសុទ្ធមួយដប ថ្ងៃនេះតម្លៃ ១ ដុល្លារ ស្រាប់តែថ្ងៃស្អែកបើកភ្នែកឡើងតម្លៃ ២ ដុល្លារ នោះហើយជាការវាយប្រហារធ្ងន់បំផុតទៅលើប្រជាពលរដ្ឋ។ ស្ថានភាពនោះ ហៅថា អតិផរណាមិនអាចគ្រប់គ្រងបាន ដែលយើង​ត្រូវមានការប្រុងប្រយ័ត្ន។

ប្រុងប្រយ័ត្នធ្វើយ៉ាងណាកុំឲ្យលុយរៀលចុះថោក ក្នុងអំឡុងពិធីបុណ្យភ្ជុំ

កាន់តែប្រុងប្រយ័ត្ននៅពេលនេះ នៅត្រង់អញ្ចេះ ខ្ញុំសូមជម្រាបរឿងនេះ។ ឥឡូវនេះ ប្រាក់ខែ ខែកញ្ញា បានបើករួចហើយ នៅកម្ពុជាអាទិត្យទី ៣ ដើមអាទិត្យទី ៤ បើកប្រាក់ខែ​ ចាប់ពីថ្ងៃ ២៣ ទល់ ថ្ងៃ ២៨ ​គឺត្រូវបើកប្រាក់ខែខែ ៩ ប៉ុន្តែ ខែ ១០ នេះ អត់ទៅបើនៅចុងខែទៀតទេ ដោយសារបងប្អូនត្រូវភ្ជុំ។ រាជរដ្ឋាភិបាលត្រូវគិត។ ម្តាយខ្ញុំធ្លាប់និយាយថា ដើម្បីចិញ្ចឹមក្បាលពួកហ្អែងរស់ សក់មួយច្រៀកជាដប់។ ក្រោយមក ខ្ញុំប្រាប់គាត់ថា ម៉ែ ខ្ញុំឥឡូវសក់មួយច្រៀកជាមួយពាន់នោះ។ ដើម្បីឲ្យបងប្អូនមានលុយភ្ជុំ រាជរដ្ឋាភិបាលត្រូវបើកប្រាក់បៀវត្សឲ្យបងប្អូននៅអាទិត្យទីមួយ ដើមខែ ១០ បូកជាមួយនឹងឧបត្ថម្ភត្រឹមតែម្នាក់ ៥ ម៉ឺនរៀល សម្រាប់ភ្ជុំបិណ្ឌ លុយចូលទៅក្នុងទីផ្សារធំណាស់។ ប្រាក់ខែ ខែ ៩ ចេញទៅប៉ុន្មានរយលានដុល្លារ ចូលដល់ប្រាក់ខែ ១០ ដើមខែ ១០ ស្អែកខានស្អែកហ្នឹង ត្រូវបើកលុយ(ទៀតហើយ) ប៉ុន្មានរយលានទៀត។ លុយរៀលចូលទៅក្នុងទីផ្សារធំណាស់។ ចំ​ណុចនេះហើយដែលយើងត្រូវគិត។ ធម្មតាក្បាលចេញ និងក្បាលចូលត្រូវឲ្យស្របជាមួយគ្នា។ អញ្ចឹងទេ ធនាគារជាតិត្រូវមានការងារធ្វើតាមរបៀបបញ្ចេញប្រាក់ដុល្លារ ដើម្បីឆក់យកប្រាក់រៀលចូលធនាគារវិញ។ បើមិនដូច្នោះទេ ប្រាក់រៀលច្រើនជ្រុលហួសនៅក្នុងទីផ្សារ វានឹងធ្វើឲ្យតម្លៃប្រាក់រៀលថយចុះ។ បើកខែ ១០ រួចហើយ ខែ ១១ យើងបើកឲ្យបងប្អូននៅពេលណាទៀត? បើចាំទៅដល់អាទិត្យទី ៤ មិនបានទេ បងប្អូនចាយលុយ(នៅពេល)ភ្ជុំអស់ហើយ បើអញ្ចឹងបញ្ជាទៅរដ្ឋមន្ត្រីហិរញ្ញវត្ថុ អាចបើកនៅអាទិត្យទី ២ ខែ វិច្ឆិកា ដើម្បីកុំឲ្យគម្លាតឆ្ងាយពេក និងឲ្យមានលុយ(ចាយនៅពេល)បុណ្យអុំទូក។

ចាប់ពីខែ មករា ២០១៩ ទាំងរដ្ឋ/ឯកជន ១៥ ថ្ងៃ បើកបៀវត្សរ៍ម្តង

ដល់ចូលខែ ធ្នូ បងប្អូនចាយលុយអាខែ វិច្ឆិកា បើកអាទិត្យទី ២ ចាយអស់? អញ្ចឹង ត្រូវបើកឲ្យបងប្អូនប្រហែលជាពាក់កណ្តាលខែ ធ្នូ។ ប៉ុន្តែ ចាប់ពីខែ មករា ២០១៩ ទៅ មិនមែនបើកប្រាក់ខែទេ បើកប្រាក់អាទិត្យ បានសេចក្តីថា ពេលនោះ ចាប់ពីខែ មករា ២០១៩ ទៅ ១៥ ថ្ងៃ បើកលុយម្តង ទាំងរដ្ឋ/ឯកជន។ ខ្ញុំមិនហ៊ានប្រើពាក្យ «ហ៊ុនសែនណូមិក» ទេ។ Shinzo Abe នៅជប៉ុន ហៅ «Abenomics» ឯខ្ញុំមិនហ៊ានហៅ «ហ៊ុនសែនណូមិក» ទេ តែមានបងប្អូនយើងហៅ «ហ៊ុនសែនណូមិក» … ប៉ុន្តែ មិនត្រូវភ្លេចទេណា ដល់ទៅឆ្នាំក្រោយ ទន្ទឹមនឹងការបើកបៀវត្សរ៍ ១៥ ថ្ងៃម្តង បៀវត្សរ៍ហ្នឹងក៏ត្រូវឡើងជាងអាឆ្នាំនេះ។ ឥឡូវ កំពុងចរចា ប្រាក់ខែកម្មករ ដែលខ្ញុំត្រឡប់ទៅវិញ នឹងត្រូវសម្រេចប្រាក់ខែកម្មករ។ វាត្រូវតែឡើង។

បៀវត្សរ៍អប្បបរមាកម្មករ ១៧០ ដុល្លារអាមេរិក និងគ្រូបង្រៀន ២៦០-២៧០ ដុល្លារអាមេរិក 

ពិតហើយ អ្នកនៅស្រុកអាមេរិកប្រាក់ខែច្រើន។ ប៉ុន្តែ ច្រើននៅក្នុងស្រុកអាមេរិក គឺរស់តាមតម្លៃទំនិញអាមេរិក​។ ទីចុងបំផុតអត់សល់អីដែរ។ ស្រុកខ្មែរ ប្រាក់ខែខ្មែរ ទំនិញខ្មែរ ដូច្នេះ កន្លែងរស់នៅវាមិនដូចគ្នាទេ។ ស្រុកយើងបានអនុវត្តប្រាក់ខែអប្បបរមា(របស់កម្មករ) ១៧០ (ដុល្លារអាមេរិក) ជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត ឡើងជាង ២០០ (ដុល្លារអាមេរិក)។ ទាបបំផុត។ គ្រូបង្រៀនរបស់យើង (ប្រាក់ខែ)ដែលទាបបំផុតក៏បាន ២៦០ (ដុល្លារអាមេរិក)-២៧០(ដុល្លារអាមេរិក)ដែរ។ ឆ្នាំក្រោយនឹងត្រូវឡើងទៀត។

ក្នុងក្របខណ្ឌអាស៊ាន កម្ពុជាឈរនៅលំដាប់ទី ៥ ជាប្រទេសមានបៀវត្សរ៍អប្បបរមាខ្ពស់

ប្រទេសយើងនៅក្នុងក្របខណ្ឌអាស៊ាន ក្លាយទៅជាប្រទេសចំណាត់ថ្នាក់ទី ៥ ដែលមានប្រាក់បៀវត្សទាប បំផុតខ្ពស់ជាងគេ។ បន្ទាប់ពីសាំងហ្គាពួរ ទៅដល់ប្រ៊ុយណេ ទៅដល់ម៉ាឡេស៊ី ទៅដល់ថៃ មកដល់កម្ពុជា។ អញ្ចឹង ឆ្នាំក្រោយនេះ សាច់ប្រាក់ត្រូវតែមានធានារ៉ាប់រង។ រឿងនេះ ធ្វើនាយករដ្ឋមន្ត្រី ដែលពិបាកជាងគេ គឺនា​យករដ្ឋមន្ត្រីអត់សាច់ប្រាក់។ មានក្រដាសទៅបើក ក៏ប៉ុន្តែ ទៅដល់រតនាគារអត់លុយបើកឲ្យ។ ប៉ុន្តែ ឆ្លងកាត់រយៈពេលមួយអាណត្តិ ពីរអាណត្តិនេះ ខ្ញុំឲ្យសន្សំសាច់ប្រាក់ឲ្យខ្ញុំ ធានាយ៉ាងហោចបើកប្រាក់ខែឲ្យបងប្អូនបានដប់ខែ។ យើងមិនមានត្រឹមតែក្រដាស ទៅដល់រតនាគារអត់លុយទេ។ ឥឡូវស្រួល យើងបើកប្រាក់ខែទៅតាមធនាគារ។ ទៅដល់ធនាគារណា យើងបើកនៅធនាគារនោះទៅ។ បើយើងផ្ទេរការងារពីខេត្តមួយទៅកាន់ខេត្តមួយ យើងផ្ទេរពីធនាគារហ្នឹងទៅកាន់ធនាគារណាមួយទៅ។

កម្ពុជាដើរដល់ដំណាក់កាលប្រើបច្ចេកវិទ្យាព័ត៌មាន ដើម្បីបំបាត់អំពើពុករលួយ

កម្ពុជាបានដើរដល់ជំហានប្រើបច្ចេកវិទ្យាព័ត៌មាន ដើម្បីបំបាត់អំពើពុករលួយ។ យ៉ាងម៉េច? ខ្ញុំលើកបញ្ហាអំពីតែបៀវត្សរ៍ និងការគ្រប់គ្រងរដ្ឋបាល។ មុននេះ យើងបើកប្រាក់បៀវត្សរ៍ដោយបើកលុយសុទ្ធ … មន្ត្រីខ្មោចវាមានតាំងពីជំនាន់ លន់ នល់ តកូន/ចៅ រហូតមក។ ទើបនឹងបំបាត់ក្នុងរង្វង់ ១០ ឆ្នាំនេះ ដោយយើងបើកលុយតាមធនាគារ។ ដល់បើកលុយតាមធនាគារ ខ្មោចវាអត់ចេះកាន់សៀវភៅ(ធនាគារទៅបើក)ឯណា? គ្រាន់តែអាហ្នឹងមួយចំណេញលុយមិនចេះតិចទេ។ កាត់បានទាហានខ្មោច មន្ត្រីខ្មោចរាប់ម៉ឺននាក់ ចំណេញលុយរាប់ពាន់លាន ដែលមុននេះ យើងកាន់(សៀវភៅទៅ)បើក អញ្ចឹងទេ ទាហានវាមានតែ ១០០ (នាក់) ប៉ុន្តែ វា(ដាក់)ថា ១៥០ (នាក់)។ អាហ្នឹងវាមានតាំងពីមុនមក។ ដល់ឥឡូវ អត់ទេ។

ក្រោយមកយើងជម្រុញប្រើដល់កម្រិតមួយ ដែលម្នាក់ជួនកាលបើកប្រាក់ខែបីកន្លែង (ដោយមាន)ឈ្មោះខុសគ្នា​។ ធ្វើការនៅក្រសួងការបរទេសឈ្មោះ “ក”។ ធ្វើការនៅក្រសួងផែនការឈ្មោះ “ខ”។ ធ្វើការនៅក្រសួងពាណិជ្ជកម្មឈ្មោះ “គ”។ ឥឡូវនេះ អត់បានទេ ដាក់ក្រយ៉ៅដៃគឹប … ប្រើ IT ដើម្បីបំបាត់អំពើពុករលួយ។ ម្យ៉ាងទៀត ឥឡូវនេះ ប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងការប្រមូលចំណូលរដ្ឋ​។ អត់មានឲ្យអ្នកជាប់ពន្ធ និងអ្នកបង់ពន្ធជួបគ្នាទេ។ បង់ពន្ធនៅធនាគារ។ ហើយមាន System របស់យើងច្បាស់លាស់។

ខ្ញុំនៅញូវយ៉ក ខ្ញុំអាចដឹងបានថា លុយកំពុងចូលយ៉ាងម៉េច។ គយត្រូវវាយឲ្យខ្ញុំនៅម៉ោង ៥ ល្ងាច។ ប៉ុន្តែ ពន្ធដារនេះ អត់មានម៉ោងទេ អ្នកណាបង់ទៅចូលធនាគារណាមួយ អាហ្នឹងប្រព័ន្ធរបស់វាទៅលោតចូលទៅកន្លែងពន្ធដារៗវារុញចូលមកហោប៉ៅនាយករដ្ឋមន្ត្រី។ ខ្ញុំអង្គុយនៅទីហ្នឹង ខ្ញុំកុងត្រូលលុយនៅក្នុងរតនាគារ លុយប្រាក់រៀលប៉ុន្មាន លុយជាប្រាក់ដុល្លារប៉ុន្មាន កុងត្រូលថ្ងៃហ្នឹងពន្ធផ្ទៃក្នុងចំណូលបានប៉ុន្មាន? ពន្ធគយចំណូលបានប៉ុន្មាន?

រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរ

ខ្ញុំគួរតែត្រូវពន្យល់បន្តិច បើទោះបីថា វាមិនទៅតាមលំដាប់លំដោយ នៃលេខរៀងដែលខ្ញុំចង់និយាយ តែខ្ញុំគួរតែពន្យល់។ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរហើយ ដែលសុំឲ្យបងប្អូនដែលធ្លាប់រស់នៅកម្ពុជា ហើយបានមកនៅសហរដ្ឋអាមេរិក ហើយក៏បានធ្វើដំណើរត្រឡប់ទៅវិញ ខ្លះក៏បានទៅ ខ្លះក៏មិនបានទៅៗតាមស្ថានភាព នៃសេដ្ឋកិច្ចរបស់ខ្លួន (បានជ្រាប)។ ដំបូង ខ្ញុំនិយាយអំពីបញ្ហាផលិតផលសរុបតាមផ្នែកសិន ដើម្បីឲ្យបងប្អូនអាចយល់អំពីសេដ្ឋកិច្ចកម្ពុជា។ សេដ្ឋកិច្ចកម្ពុជាមកដល់ពេលនេះ កសិកម្មរួមចំណែក ២៥% ឧស្សាហកម្ម រួមចំណែក ៣០% និងសេវាកម្មរួមចំណែក ៤៥%។ នៅពេលមុន កសិកម្មរួមចំណែក ៨០% ឧស្សាហកម្ម និងសេវាកម្មរួមចំណែកត្រឹមតែ ២០% ទេ។ ប៉ុន្តែ បងប្អូនអាចចោទសួរថា ចុះប្រទេសកសិកម្ម ម៉េចក៏កសិកម្មនៅ ២៥%? ខ្ញុំចង់ឲ្យកសិកម្មមកនៅ ១% ផង។ សូមមើលប្រទេសអាមេរិក កសិកម្មអត់បានដល់ ១% ទេ។ សេដ្ឋកិច្ចអាមេរិក តាមខ្ញុំចាំដូចជាមិនដល់ ១% ទេ។ សេវាកម្មធំជាងគេទាំងអស់។ ជប៉ុន អាមេរិក បារាំង អង់គ្លេសស្អីៗនេះ កសិកម្មអត់ដល់ ១% ទេ។ ខ្ញុំសូមបញ្ជាក់ជូនទាំងអស់គ្នាថា មុននេះ កសិកម្មយើងរួមចំណែក ៨០% ប៉ុន្តែ ខ្មែរខ្វះអង្ករស៊ី។ ប្រជាជនមិនដល់ ១០ លាននាក់ … ឥឡូវនេះ កសិកម្មរបស់កម្ពុជារួមចំណែកតែ ២៥% ទេ តែកម្ពុជាសល់អង្ករជិត ៦ លានតោន សម្រាប់ការនាំចេញ។

កម្ពុជាស្ថិតក្នុងដំណាក់កាល នៃបដិវត្តន៍ឧស្សាហកម្មទី ៤ រួចស្រេចទៅហើយ

… បើសិនបងប្អូនមិនធុញទ្រាន់ទេ ខ្ញុំចេះតែនិយាយ ព្រោះអ្នកដែលហត់មិនមែនអ្នកអង្គុយស្តាប់ទេ អ្នក(ដែល)ហត់អ្នកនិយាយ។ ឥឡូវមើល Fresh News កំពុងតែផ្សាយផ្ទាល់។ បងប្អូន នៅទីនេះអាចចាប់យកទូរទស្សន៍ OneTV របស់ ឧកញ៉ា គិត ម៉េង និងទូរទស្សន៍នៅភ្នំពេញឈ្មោះ PPCTV Anywhere វាយអាហ្នឹងចេញទៅ គឺមើលបានហើយទូរទស្សន៍ស្រុកខ្មែរ … យើងប្រើប្រាស់របៀបនេះ គឺវាចំណេញ។ អាហ្នឹងហើយគេ ហៅថា បដិវត្តន៍ឧស្សាហកម្មទី ៤ នោះ។ វាកំពុងតែដំណើរទៅហើយ។ អញ្ចឹង បានជាខ្ញុំនិយាយនៅក្នុង World Economic Forum នេះមិនមែនជារឿងថ្មីឯណា? មិនមែនដូចយើងដើរទៅបុកជញ្ជាំងឯណា? យើងកំពុងតែស្ថិតនៅក្នុងដំណាក់កាល នៃបដិវត្តន៍ឧស្សាហកម្មទី ៤ រួចស្រេចទៅហើយតើ។ សូម្បីតែពីដើម គេប្រើមនុស្សប៉ុន្មាននាក់ទៅ ដើម្បីនាំសំបុត្រ? ឥឡូវ មិនចាំបាច់នាំសំបុត្រឯណាទេ គេរុញ WhatsApp, Line, Viber, Telegram រុញទៅភ្លាមៗ។ អាហ្នឹងវាចូលក្នុងបដិវត្តន៍ឧស្សាហកម្មទី ៤ រួចស្រេចទៅហើយ។

បន្តជម្រុញសេដ្ឋកិច្ច ដោយមិនពឹងផ្អែកតែជ្រុងណាមួយនោះទេ

យើងខិតខំបន្តជម្រុញសេដ្ឋកិច្ចរបស់យើង ធ្វើឲ្យកំណើន នៃសេដ្ឋកិច្ចរបស់យើងមិនពឹងផ្អែកតែជ្រុងណាមួយនោះទេ។ វិស័យកសិកម្ម បើទោះបីចំណែកកាន់តែតូច តែកសិកម្មកាន់តែរីកលូតលាស់។ ទំហំនៃការនាំចេញក្នុងវិស័យកសិកម្មរបស់យើង គឺកាន់តែធំ។ យើងមិនមែននាំតែអង្ករទេ (យើងនៅនាំ)កៅស៊ូ និងផលិតផលដទៃទៀត។ យើងកំពុងទាក់ទាញនូវការវិនិយោគនៅវិស័យឧស្សាហកម្ម យើងកំពុងទាក់ទាញនូវការវិនិយោគក្នុងវិស័យឧស្សាហកម្ម ដែលកែច្នៃ​វត្ថុធាតុដើមចេញពីកសិកម្មតែម្ដង។ ឧទាហរណ៍ យើងរាល់ថ្ងៃប្រៀបដូចជាគេហៅថា មានមាស តែអត់ក្រដាស​ខ្ចប់។ សល់​ស្រូវ​ជិត ៦ លានតោន តែខ្វះម៉ាស៊ីនកិនស្រូវ ខ្វះឃ្លាំង ខ្វះឡសម្ងួត។ មិនមែននាំចេញ ចេះតែនាំចេញទេណា​ ត្រូវ​ធ្វើឲ្យ​ត្រូវស្ដង់ដារ។ យើងនាំទៅរហូតដល់ដូចជា ៤០ ប្រទេស សម្រាប់អង្ករដែលយើងនាំចេញទៅក្រៅ។ ប៉ុន្ដែ ដំឡូងមីមួយឆ្នាំ យើងផលិតប្រហែល​​​ ៣០​ ទៅ ៤០ លាន តោន ក្នុងពេលដែលរោងចក្រធ្វើម្សៅមីរបស់​យើងតិចណាស់​ រោងចក្រធ្វើអេតាណុលដែលធ្វើពីដំឡូងមី ក៏មានតិច។ អញ្ចឹងទេបានយើងប្រឹងទាញអារោង​ចក្រហ្នឹងចូល ហើយយើងមិនត្រឹមតែចង់បានគេធ្វើម្សៅមី ចង់ធ្វើមី ធ្វើស្អីៗ ធ្វើឲ្យហើយស្រេច នាំចេញ​មកលក់នៅ​ផ្សារខាងក្រៅ​។

យើងជម្រុញកំណើនវិស័យសេវា ដើម្បីបង្កើនការនាំចេញនៅនឹងកន្លែង, តែក៏មិនភ្លេចពីកសិកម្មដែរ

យើងចង់ជម្រុញលើវិស័យសេវារបស់យើង ជាពិសេសលើទេសចរណ៍ ដែលឆ្នាំទៅអាចសម្រេចបាន ៥ លាន ៥ សែន នាក់ ឆ្នាំនេះអាចឡើងដល់បាន ៦ លាន នាក់។ យើងចង់រុញឲ្យទេសចរណ៍របស់យើងឲ្យបាន​ ១០ លាន នាក់ក្នុង ១ ឆ្នាំ ដែលនោះក៏ជាការរួមចំណែកធំក្នុងវិស័យកសិកម្ម ដែលខ្ញុំប្រើពាក្យថា វិស័យកសិ​កម្ម ​និងសិប្បកម្ម ការនាំចេញនៅនឹងកន្លែង។ ពាក្យថា ​​​​«នាំចេញនៅនឹងកន្លែង» ខុសពីការនាំចេញឆ្លងដែន ទេស​ចរ​ទៅ​ ​គេមិនដែលវេចបាយទៅទេ។ គេច្បាស់ជាទៅស៊ីនំប៉័ង គេទៅស៊ីបាយ គេទៅស៊ីស្អីៗនៅស្រុកខ្មែរហើយ។ ​អញ្ចឹង​ ការផលិតបានរបស់កសិករយើង ដាំបន្លែបង្ការ ចិញ្ចឹមសត្វ យកចូលក្នុងសណ្ឋាគារឲ្យទេសចរស៊ី​​ ចាត់ទុកជាការនំាចេញមួយដែរ … អញ្ចឹងទេសចរកាន់តែច្រើន ខ្មែរមានការងារធ្វើកាន់តែច្រើន មុខរបរកាន់តែច្រើន សេច​ក្ដី​ត្រូវការផលិតកាន់តែច្រើន។ តែនិយាយយ៉ាងដូច្នេះ សូមឲ្យយល់ កសិកម្មរបស់យើងត្រូវបន្ដជម្រុញ បើប្រទេសកសិកម្មមួយភ្លេចគិត​ពី​កសិ​កម្ម មិនមែនជាអ្នកដឹកនាំកម្ពុជាទេ។ (ការកសាង)ប្រព័ន្ធប្រឡាយទឹក និងការរកពូជថ្មីៗឲ្យប្រជាជនធ្វើ ដែលទទួលផលខ្ពស់ជាង រកទីផ្សារ​សម្រាប់ប្រជាជន គឺជារឿងធំណាស់។

បក្សប្រឆាំងភូតកសិករ និងអ្នកផ្សារ, ហៅស្បថមិនហ៊ានស្បថ

ខ្ញុំនិយាយពីរឿងពួកប្រឆាំងបន្ដិច​ គឺវាយយើងបានពីរ។ គេសួរប្រជាពលរដ្ឋអ្នកលក់ដូរ អង្ករមួយគី​ឡូ​ប៉ុន្មាន? អ្នកលក់អង្ករថា ២៥០០​ រៀល។ គេថា អូ! ថ្លៃណាស់ ២៥០០ រៀល ស្លាប់ប្រជាជនអស់ហើយថ្លៃណាស់​។​ បើខ្ញុំធ្វើនាយករដ្ឋមន្ដ្រីអង្ករឲ្យនៅតែ ២០០០ រៀល(ក្នុងមួយគីឡូ)ទេ។ អាហ្នឹងគេទៅនិយាយជាមួយអ្នកផ្សារ។ ដល់ចេញផុត​ពីផ្សារ​ ត្រឹមតែ ១ គីឡូម៉ែត្រ ទៅដល់ស្រែ គេចុះទៅស្រែ ទៅដល់ គេសួរអ្នកលក់ស្រូវម្ដង គេសួរ ១ គីឡូប៉ុន្មាន​ស្រូវ? អ្នកលក់ថា ១ គីឡូ ១០០០រៀល។ គេថា អូ!ថោកណាស់ៗ មិនរួចថ្លៃដើមទេ។ ឥឡូវ បងប្អូនគិតយ៉ាង​ម៉េច? បងប្អូនជួយគិតខ្ញុំមើល! អញ្ចឹងដាក់រដ្ឋាភិបាលនៅក្នុងមាត់ដង្កាប់ ហើយគេយកចំណេញទាំងពីរខាង។ ចូលក្នុងផ្សារជួបអ្នក​ដែលមិនផលិតអង្ករ គេថាអង្ករថ្លៃណាស់​ បើគេធ្វើនាយករដ្ឋមន្ដ្រីឲ្យអង្ករចុះថោក។​ ដល់ទៅស្រែទៅជួបកសិករ គេថាស្រូវហ្នឹងថោកណាស់ បើគេធ្វើនាយករដ្ឋមន្ដ្រី គេធ្វើឲ្យស្រូវថ្លៃជាងហ្នឹង។ ​អញ្ចឹង គេយកចំណេញបានទាំងពីរ។ និយាយរួម មិនមែនយកចំណេញទេ គឺភូតបានទាំងពីរកន្លែង​។ ​អាហ្នឹងចរិតពួកប្រឆាំង។ អត់សច្ចធម៌។ បើនិយាយពីបបួលស្បថ មិនហ៊ានស្បថទេ … ខ្ញុំបបួលស្បថឲ្យងាប់ទាំងខ្លួនឯង ប្រពន្ធ កូន ចៅ និងអ្នកជិតស្និទយ៉ាងតិច ១០០ នាក់ អត់ហ៊ានស្បថដល់ថ្ងៃនេះ​ ព្រោះវានិយាយភូត។ រួចហើយវាថា ស្បថហ្នឹងគឺជាក្បួនទាល់ ប៉ុន្ដែខ្ញុំសួរ Trump ពេលទៅឡើងកាន់អំណាច(ក្រែងទៅ)ស្បថ។

ប្រ​ទេសណាក៏ដោយនៅលើលោកគេនិយមប្រើ «ស្បថ» ហ្នឹងតែម្ដង ហើយខ្មែរយើងអាស្បថហ្នឹងចំពេញនិយមហើយ ជាពិសេសបងស្បថស្នេហ៍ស្មោះតែ​ជាមួយ​អូន។ ប្រុសៗហ្នឹងពូកែស្បថនោះ ស្មោះតែជាមួយអូន តែចេញផុតតែពីអូនហ្នឹងមួយ ទៅដល់អូនមួយទៀត​។ មានរឿងមួយដែលខ្ញុំនិយាយ មានរឿងអញ្ចេះ ប្ដីហ្នឹងគាត់មានបញ្ហា ប្រពន្ធសង្ស័យកាន់តែធ្ងន់​ គាត់សុខ​ចិត្ត​ស្បថ​។ ទៅស្បថ ប្រពន្ធឲ្យនិយាយអី គាត់និយាយតាមប្រ​ពន្ធទាំងអស់​ ដល់ពេលស្បថរួចហើយដើរទៅផុត គាត់ត្រឡប់​មក​វិញថា​ គាត់ភ្លេចវែនតា មកដល់ លោកអ្នកតាអើយ! យើងប្រុសដូចគ្នា ស្បថ​ហ្នឹងស្បថទាំងបង្ខំ​។ រឿងហ្នឹងជារឿងពិត ដែលកើតមាន គឺ(ប្រពន្ធ)នាំទៅស្បថ បើមិនស្បថ វាមិនងាប់?​ ប្រពន្ធមិនចាប់ថ្នាក់បាន អញ្ចឹងត្រូវស្បថហើយ ស្បថរួចហើយ​ត្រឡប់មក​វិញ យើងប្រុសដូចគ្នាតើ​។ ខ្ញុំមិនមែនដណ្ដើមរឿងហ្នឹងពី ព្រហ្ម ម៉ាញ ទេ។ រឿងហ្នឹងវាកើតចឹងមែន។ តែ ព្រហ្ម ម៉ាញ កុំថាខ្ញុំដណ្តើមតួនាទីអីណា។

កិច្ចការដែលត្រូវធ្វើក្រោយទឹកជំនន់

ខ្ញុំសូមនិយាយមកវិញ កិច្ចការទីមួយដែលរាជរដ្ឋាភិបាលត្រូវធ្វើ មិនត្រឹមតែអា ១០០ ថ្ងៃ ទេ ខ្ញុំធ្វើជាង ៤០០ ខែហើយ​។ ខ្ញុំគិត ដំបូងគេ ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចតែម្តង។ បន្ដទៅទៀត ឆ្នាំនេះ កម្ពុជារបស់យើងជួបគ្រោះទឹកជំនន់។ ពិតហើយ បើប្រៀបការខូចខាតនៅនឹងប្រទេសឥណ្ឌូនេស៊ី កំពុងស៊ូណាមី ត្រូវតាមដាន។ យើងមិនទាន់ធ្វើលិខិត​ទៅឲ្យប្រធានាធិបតីឥណ្ឌូនេស៊ី Jokowi។ អ្នកស្លាប់ក៏ស្លាប់ទៅហើយ អ្នកបាត់ខ្លួនកំពុងបាត់ខ្លួនក្នុងស៊ូណាមី។ ព្យុះ​នៅ​ហ្វីលីពីន វៀតណាម ចិន នៅឡាវបាក់ទំនប់  ថៃមិនសូវប៉ុន្មានទេ … ឆ្នាំនេះ តំបន់មួយចំនួន ជំនន់ដោយទឹកភ្លៀង តំបន់មួយចំនួនជំនន់ដោយទន្លេមេគង្គ។ តាមពិត អ្នកនៅតាម​ទន្លេមេគង្គ បើមិនលិច មិនហៅថាអ្នកទន្លេទេ។ ​ទឹកឆ្នាំនេះមិនទាន់ធំដូចឆ្នំា ២០០០ ទេ ប៉ុន្ដែកម្រិតនៅស្ទឹងត្រែង​ ក្រចេះ កំពង់ចាម លើសពីកម្រិតប្រកាសអាសន្ន។ ឯកម្រិតនៅចតុមុខ និងកម្រិតនៅព្រែកក្ដាម​ បាសាក់ និងអ្នកលឿង នៅកម្រិតធម្មតាទេ។ បើកម្រិតនៅទន្លេសាប ទឹកនៅទាបបន្ដិចទៀតផង យើងចង់ឲ្យខ្ពស់ជាងហ្នឹង​។

ហេដ្ឋារចនាសម្ព័ន្ធ ការបំផ្លិចបំផ្លាញ​ដំណាំដាំដុះរបស់ពួកគាត់ ក៏ត្រូវស្ដារឡើងវិញ ដោយយើងត្រូវផ្តល់ជំនួយដល់គាត់ ជាពូជ សំខាន់រឿងពូជ​។ យើងត្រូវធ្វើការជាមួយមីក្រូហិរញ្ញវត្ថុ ដែលពួកគាត់ជំពាក់ប្រាក់​ ត្រូវធ្វើម៉េចឲ្យមានការពន្យារការសង ខិតខំធ្វើការជាមួយពួកគាត់។ តំបន់​មួយចំនួនផ្សេងទៀត រងគ្រោះដោយជំនន់ទឹកភ្លៀង ដូចជាទីក្រុងភ្នំពេញក៏មានរងផលប៉ះពាល់ដោយជំនន់ព្រែកត្នោត ​​​ខេត្ដកណ្ដាល កំពង់ស្ពឺ កំពត និងកំពង់សោម កោះកុង។ ជំនន់ទឹកភ្លៀងនៅពោធិសាត់ នៅបាត់ដំបង បន្ទាយមាន​ជ័យ។ ទន្ទឹមនឹងនោះក៏មាន​តំបន់ដែលរាំងស្ងួត។ អ្វីដែលធ្ងន់គឺការខូចខាតផ្លូវជាតិ និងផ្លូវលំ នេះទើបជាការចំណា​យធ្ងន់ ដែលយើងត្រូវស្ដារឡើងវិញក្រោយទឹកជំនន់ស្រក។ អញ្ចឹងឥឡូវ កងគ្រឿងចក្រសម្រាប់ការជួសជុលផ្លូវ បាន​ត្រៀមបម្រុងដោយរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះជាកិច្ចការអាទិភាព ដែលត្រូវដោះស្រាយ​ជូនប្រជាពលរដ្ឋ​ ដែលយើងត្រូវចំណាយធំ។

ព្យាករណ៍កម្ពស់ទឹក សម្រាប់អុំទូកខាងមុខ

ពិតហើយ ក្នុងចំណោមអ្នករងការខូចខាតនោះ​ ក៏មានមួយចំនួនទីទ័ល​ក្រ ហើយមួយចំនួនក៏មិនមែនទីទ័លក្រទាំងអស់នោះទេ។ ក៏ប៉ុន្ដែយ៉ាងណាក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធប្រើទាំងអស់​គ្នា ផ្លូវជាតិ ផ្លូវលំ ប្រឡាយទឹក មួយចំនួនត្រូវបាក់បែក ដែលត្រូវដោះស្រាយ។ នេះជាកិច្ចការដែលត្រូវធ្វើ​ក្រោយ​ទឹក​សម្រកទៅ​ ជាពិសេសក្រោយភ្ជុំបិណ្ឌ។ ឥឡូវយើងកំពុងរង់ចាំតាមមើល ប៉ុន្ដែ យោងតាមការ(ជូនដំណឹង)ពីទី​ក្រុងភ្នំពេញមក ​អំពីកម្រិតទឹកដែលវាមាននៅខាងលើ បានធ្លាក់ចុះជាបន្ដបន្ទាប់។ ឥឡូវហ្នឹងព្យាករណ៍ គ្រាន់តែខ្ញុំជូនដំណឹង ព្យាករណ៍សម្រាប់ថ្ងៃបុណ្យអុំទូក កំពស់ទឹកស្ថិតនៅក្នុងរង្វង់ ៦,៧ ម៉ែត្រ​​​ ឬ ៦,៧៥ ម៉ែត្រ ឬ ៧ ម៉ែត្រ ល្មមអុំហ្មង។ ខ្ពស់ពេកក៏អុំអត់បាន ទាបពេកក៏អុំអត់បាន … បើទឹកធំពេក អុំគ្រោះថ្នាក់ស្លាប់​ប្រជាជន។ ទឹកទាបពេក ទូកងវាមិនទៅមុខទេ ផ្អាកសិនទៅ ក៏វាមិនទាន់ងាប់ដែរ គិតពីប្រជាជនសិន។ ឥឡូវព្យុះទី ២៥ ឈ្មោះ កង្រី ស្ថិតក្នុងលំហសមុទ្រ ដំណើរតម្រង់ទៅតៃវ៉ាន់ មិនមានឥទ្ធិពលលើកម្ពុជាទេ ស្ថានភាពទន្លេបន្តស្រកចុះ ឥតមានលទ្ធភាពធ្វើឲ្យទឹកឡើងវិញបានទេ។

ក្រសួងធនធានទឹក និងឧតុនិយម ប្រាប់មកហើយថា អត់មានលទ្ធភាពឡើង ព្រោះធម្មតាស្រុក យើងភ្ជុំច្រើនតែទឹកឡើង តែឥឡូវអត់ទាន់ដល់ភ្ជុំ ទឹកស្រកហើយ។ ថ្ងៃនេះ គឺទឹកនៅស្ទឹងត្រែងបាននឹង ប៉ុន្តែបានធ្លាក់មកនៅត្រឹម ៧,១២ ម៉ែត្រ កម្រិតប្រកាសអាសន្នគឺនៅ ១០,២ ម៉ែត្រ។ ក្រចេះនៅសល់ ១៧,១៦ ម៉ែត្រ  នៅពេលដែលប្រកាសអាសន្ន ២២ ម៉ែត្រ។ កំពង់ចាមនៅសល់ ១២,៤៦ ម៉ែត្រ ក្នុងពេលដែលប្រកាសអាសន្ន គឺ ១៤ ម៉ែត្រកន្លះ។ ទន្លេបាសាក់ ចតុមុខ នៅ ៩,៩០ ម៉ែត្រ។ ដូច្នេះ ៩,៩០ ម៉ែត្រ ហ្នឹងហើយ ដែលគេព្យាករថា នៅពេលបុណ្យអុំទូកនឹងអាចទឹកមាន​កំពស់ ៦,៦៥ ម៉ែត្រ ទៅ ៧ ម៉ែត្រ ដែលជាការស្រួលអុំ។ ឥឡូវ វាស្រួលណាស់ វាមានអី កាលខ្ញុំនៅអង្គការសហប្រជាជាតិ​ឆ្នាំ ១៩៩១ ទម្រាំទាក់ទងគ្នាបាន នៅភ្នំពេញ វេទនាចង់ងាប់។ តែឥឡូវអត់ទេ (ដោយសារ)បច្ចេកវិទ្យាព័ត៌មាន ​បដិវត្តន៍ឧស្សាហកម្មទី ៤។ អញ្ចឹងទេ សេចក្តីត្រូវការរបស់យើងសម្រាប់ការងារនៅពេលខាងមុខនេះ គ្រប់ផ្នែក គ្រប់ថ្នាក់ទាំងអស់ រួមទាំងប្រជាពលរដ្ឋ ខិតខំជំនះឲ្យខានតែបានទៅលើស្ថានភាពជំនន់។

កំណើនសេដ្ឋកិច្ច ៧,២% អតិផរណា ៣,១% ព្យាករដោយអាស៊ានបូកបី

យ៉ាងណាក៏ដោយ ឆ្នាំនេះការព្យាករសេដ្ឋកិច្ច ដែលអាស៊ានបូកបី ទើបនឹងទៅព្យាករសេដ្ឋកិច្ចកន្លងទៅនេះ បាន​ប្រកាសថា ​​កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៧,២% ជាមួយអត្រាអតិផរណា ៣,១%។ យើងដាក់គោលដៅពីដើមឆ្នាំកំណើនសេដ្ឋកិច្ចត្រឹមតែ ៧% ទេ ជាមួយអតិផរណា ៣,៥%​។ ប៉ុន្តែ ឥឡូវនេះ មកដល់ពេលនេះ កំណើនសេដ្ឋកិច្ចរបស់យើង ៧,២% ជាមួយអត្រាអតិផរណាត្រឹមតែ ៣,១%។ ដូច្នេះ សេដ្ឋកិច្ចរបស់យើងនៅតែល្អ តែយើងត្រូវប្រឹង។

វេចខ្ចប់ច្បាប់ថវិកា ដែលត្រូវឆ្លងឲ្យបាននៅចុងខែ ១០

ឯកិច្ចការទី ៣ ដែលយើងត្រូវធ្វើ ហើយដែលវាទាក់ទងជាប្រព័ន្ធ។ អញ្ចឹងទេ បានជាមិនអាចយករដ្ឋមន្ត្រីហិរញ្ញ វត្ថុ ដែលជាអ្នកជំនួយការឲ្យខ្ញុំច្រើនទៅលើបញ្ហាកិច្ចការខាងនយោបាយមួយចំនួនផ្សេងទៀត ទៅជាមួយបាន ទេ។ ការចុះហត្ថលេខាលើវិស័យសេដ្ឋកិច្ចមួយចំនួន ក៏មិនអាចយកទៅបានដែរ​ ដោយឲ្យនៅវេចខ្ចប់ច្បាប់ថវិកា ដែលត្រូវឆ្លងឲ្យបាននៅចុងខែ ១០។ អញ្ចឹងទេ បានជាទៅជប៉ុន ទៅឥណ្ឌូនេស៊ី ទៅអឺរ៉ុបមិនអាចយក អូន ព័ន្ធមុនី្នរ័ត្ន ទៅបានទេ។ ច្បាប់ថវិការបស់យើង គោលដៅធំរបស់យើង ក៏នៅតែបន្តដាក់ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨-២០១៩ គឺកំណើនសេដ្ឋកិច្ច ៧% ដដែល នេះយើងរក្សាល្បឿនប៉ុណ្ណឹង។ កុំដាក់ច្រើន ហើយធ្វើបានតិច មិនល្អទេ ដាក់តិច ធ្វើបានច្រើន។ ប៉ុន្តែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អ្នកដែលមានកំណើនសេដ្ឋកិច្ច ៧% មានតែកម្ពុជាទេ ក្រៅពីនោះគឺក្រោម ៧​% ទាំងអស់។ វៀតណាមឆ្នាំនេះអាចរំពឹង ៦,៦% ថៃអាច ៤,៥% អាហ្នឹងតាមការព្យាករទេ។

ការបញ្ចុះថ្លៃភ្លើង/ទឹក, គ្រប់ភូមិត្រូវមានអគ្គិសនីប្រើ ២០២០

យើងត្រូវរៀបចំនូវការងារមួយចំនួនសម្រាប់ឆ្នាំ​ ២០១៩ ដូចជាការបញ្ចុះថ្លៃអគ្គិសនី បញ្ចុះថ្លៃភ្លើង បញ្ចុះថ្លៃទឹកដែលប្រជាជនកម្ពុជានឹងទទួលផលបានទាំងអស់។ ឥឡូវនេះ គោលដៅរបស់យើង ឆ្នាំ ២០២០ ត្រូវគ្រប់ភូមិទាំងអស់មានអគ្គិសនីប្រើប្រាស់។ ឥឡូវនេះ យើងមានជាង ៨៣% នៃភូមិ នៅសល់ជាង ១៦% ទៀត ។ យើងកំពុងជម្រុញទុនយ៉ាងធំ ដើម្បីតបណ្តាញភ្លើងឲ្យគ្រប់ប្រើប្រាស់។ សម័យនេះមិនមែនជាសម័យដុតចន្លុះ ដុតខ្លាញ់ត្រី ដុតចង្ក្រៀងប្រេងកាតនោះទេ។ សម័យប្រើអគ្គិសនី សម័យគេប្រើម៉ាស៊ីនត្រជាក់ ឥឡូវគេមិនខ្ចីនឹងប្រើកង្ហារទៅទៀត។ គេត្រូវការសុទ្ធតែម៉ាស៊ីនត្រជាក់ អាម៉ាស៊ីនត្រជាក់វាស្រួល មិនបាច់ចោះទ្វារ។ គេមានម៉ាស៊ីនត្រជាក់បញ្ឈរ។ ភ្លើងប្រើមិនតិចទេ តែតម្លៃអគ្គិសនីនៅកម្ពុជា វាខ្ពស់ជាងប្រទេសជិតខាង​។ ដូច្នេះហើយ បានជានៅពេលយុទ្ធនាការឃោសនាបោះឆ្នោត ខ្ញុំបានប្រកាសថ្លែងថា បើគណបក្សប្រជាជនបន្តការឈ្នះឆ្នោត ថ្លៃនេះវានឹងចុះមកប៉ុណ្ណេះ។ អញ្ចឹងប្រជាជនអ្នកប្រើប្រាស់ទាំងអស់សុទ្ធតែទទួលផលប្រយោជន៍។ ក្រៅពីនោះ រោងចក្រ សហគ្រាស សណ្ឋាគារ និងបណ្តាក្រុមហ៊ុន សុទ្ធតែទទួលផលប្រយោជន៍អំពីការចុះថ្លៃ ហើយការចុះថ្លៃអគ្គិសនីនេះ វានឹងនាំមកដល់ការបង្កើនបៀវត្សរ៍ឲ្យកម្មករទៀត។ នេះជាការខិតខំរបស់យើង ប៉ុន្តែរដ្ឋត្រូវបង់ខាត ត្រូវបង់ថ្លៃប្រមាណ ៦០ លានដុល្លារក្នុងមួយឆ្នាំ ដើម្បីបំពេញឲ្យ(អគ្គិសនីកម្ពុជា)។ ពីដើមជាប្រាក់ចំណេញរបស់អគ្គិសនី ពីដើមអគ្គិសនីត្រូវបង់ពន្ធឲ្យរដ្ឋ ឥឡូវរដ្ឋបានកាត់បន្ថយពន្ធទៅលើបញ្ហាអគ្គិសនីនេះ​ ដើម្បីឲ្យថ្លៃអគ្គិសនីធ្លាក់ ដែលជាផលប្រយោជន៍របស់ប្រជាជន។

គោលនយោបាយគាំពារសង្គម ទាក់ទងនឹងស្ត្រី និងកុមារ

យើងត្រូវដាក់ឲ្យអនុវត្តជាមួយនឹងការគាំពារសង្គមមួយចំនួន ដែលត្រូវចាយលុយកាន់តែច្រើន។ តែក៏ត្រូវរកប្រាក់ចំណូលឲ្យបានច្រើនដែរ ទើបអាចមានលទ្ធភាពចំណាយច្រើនដែរ។ ឥឡូវគ្រាន់តែអម្បាញ់មិញ និយាយមួយម៉ាត់ អស់ ៦០ លានបាត់ទៅហើយ។ ឆ្នាំទៅ ដើម្បីតម្លើងប្រាក់បៀវត្សកម្មករឲ្យឡើងមកដល់ ១៧០ ដុល្លារ រដ្ឋត្រូវបង់ខាតជាង ៤០ លានដុល្លារ ដើម្បីជួយកុំឲ្យងាប់ថៅកែ តែងាប់ថៅកែ ថៅកែរត់បាត់ បិទរោងចក្រ កម្មករមានការងារឯណាធ្វើ? អញ្ចឹងត្រូវគិតគូរគ្នាទៅវិញទៅមក។ តែនៅពេលខាងមុខ កម្មករក៏ត្រូវឡើងទៀត ប៉ុន្តែយើងក៏បានចាប់ផ្តើមបញ្ចុះថ្លៃអគ្គិសនីហើយ ដូច្នេះវាក៏អាចពាក់ព័ន្ធជាមួយនឹងបញ្ហាឧស្សាហកម្ម។ តែនៅមានបញ្ហាគាំពារសង្គមមួយចំនួនផ្សេងទៀត ដែលត្រូវដាក់ឲ្យអនុវត្ត ដូចជាស្រី្តមានផ្ទៃពោះ ឥឡូវចាប់ផ្តើមមានផ្ទៃពោះភ្លាម ទៅដល់ថ្ងៃកើត ត្រូវជួយឧបត្ថម្ភគេ ៤ ដង មិនច្រើនទេ ១ ដងតែ ១០ ដុល្លារទេ អស់ ៤០ ដុល្លារ។ ដល់ថ្ងៃកើតគឺ ៥០ ដុល្លារ ដល់រួចហើយ ២ ឆ្នាំ​ ត្រូវឧបត្ថម្ភគេ ១០ ដងទៀត អស់ ១០០ ដុល្លារទៀត។ ដូច្នេះចាប់ពីពេលមានផ្ទៃពោះ រហូតទៅដល់ពេលកូនអាយុ ២ ឆ្នាំ អស់ ១៩០ ដុល្លារក្នុងម្នាក់។ នេះមិនមែនៅObamacare ឬ Trumpcare ទេ គឺ ហ៊ុន សែន care។

ឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ ដើម្បីកាត់បន្ថយអត្រាស្លាប់មាតា​និងទារក

តែខ្ញុំក៏សុំចិត្តចំពោះអ្នកដែលមានលទ្ធភាព ដំបូងខ្ញុំចង់អនុវត្តទូទៅ ដែលក្នុងមួយឆ្នាំមានទារកកើត ៤០ ម៉ឺននាក់ជាង។ ឥឡូវយើងកំពុងគិតគូរចំពោះកម្មករ កម្មករម្នាក់ដែលបានកើតកូនម្នាក់ បានជូន ១០០ ដុល្លារ នៅពេលដែលកើត។ កើតបានកូនភ្លោះ បាន ២០០ ដុល្លារ ភ្លោះ ៣ អាហ្នឹង ក្លាយទៅជាកូនរបស់ខ្ញុំតែម្តង​។ ឥឡូវ យើងកំពុងអនុវត្តចំពោះកម្មករបានកើតជិត ៥ ម៉ឺននាក់រួចទៅហើយ ដែលយើងចំណាយជិត ៥ លានដុល្លារ តែថវិកាដែលយើងបញ្ចេញសម្រាប់ត្រៀមបម្រុងអនុវត្តសម្រាប់ឆ្នាំ ២០១៨ រហូតដល់ ១០ លាន … យើងអនុវត្តចំពោះស្ត្រីក្រីក្រដែលមានផ្ទៃពោះ នេះក៏ស្ថិតក្នុងកម្មវិធីនៃការកាត់បន្ថយអត្រាស្លាប់មាតា និងទារក និងបង្កើនអាហារូបត្ថម្ភ ដែលជាក្របខណ្ឌគោលនយោបាយមួយនៃការគាំពារសង្គមរបស់យើង។ នេះគឺជាការវិនិ​យោគសម្រាប់ស្ត្រីតែម្តង ដែលថ្ងៃនេះរដ្ឋមន្ត្រីក្រសួងកិច្ចការនារីមក រដ្ឋលេខាធិការក៏មក ហើយមកហ្នឹងដើម្បីធ្វើបទបង្ហាញជូនអង្គការសហប្រជាជាតិ មិនមែនមកអមដំណើរខ្ញុំទេ មកជាមួយគណៈប្រតិភូ តែចែកកន្លែងគ្នាប្រជុំ គាត់ទៅអំពីកម្មវិធីទាក់ទងជាមួយនឹងរឿងផ្សេង។

កម្មករពិនិត្យព្យាបាលជំងឺឥតគិតថ្លៃ

យើងត្រូវធ្វើកិច្ចការច្រើនណាស់ កំណើនសេដ្ឋកិច្ចតែមួយមុខមិនគ្រប់ទេ។ កម្មករទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ប្រមាណ ៣ លាន ៤ លាននាក់ ពិនិត្យ និងព្យាបាលឥតគិតថ្លៃ។ យើងចង់បានឲ្យពលរដ្ឋរបស់យើង មានសុខភាពល្អ ហើយយើងកាន់តែចង់បាន បានជាយើងវិនិយោគទៅលើស្ត្រីមានផ្ទៃពោះ យើងចង់បានឲ្យ ទារក ដែលវាកើតឡើង វាបានក្លាយទៅជាកុមារា កុមារី យុវជន យុវនារី ជាប្រុស ជាស្រី ថ្ងៃក្រោយមានសុខភាពល្អ ហើយយើងអត់មានការរើសអើងទេ បក្សណាក៏ដោយ មិនបក្សណា យើងអត់ខ្វល់ពីរឿងបក្សណាបក្សណាទេ។ អ្នកណាមានផ្ទៃពោះទទួលបានទាំងអស់។ តែគេនៅនេះ រហូតដល់ថា ហ្អែងចូលគណបក្សប្រជាជន ដកសញ្ជាតិ បើអាមេរិកធ្វើអញ្ចឹងបាន ល្អតើ។ ប៉ុន្តែ នេះជាសម្លេងរបស់ពួកប្រឆាំងទេ មិនមែនសម្លេងរដ្ឋការអាមេរិកទេ។ ខ្លះគំរាមកំហែងគេ។ គេមានហាងលក់ដូរ ថាលក់មិនដាច់ទេ អ្នកឯងមិនទិញ។ មានអ្នកដទៃទៀតគេ​ទិញ។ ពួកអ្នកគំរាមហ្នឹងមិនដែលមកទិញហាងអញទេ។

តាមដែលខ្ញុំដឹង មកសន្យានៅនេះ បើគេឈ្នះ ឲ្យទៅធ្វើចៅហ្វាយខេត្ត ឲ្យទៅធ្វើចៅហ្វាយស្រុក ឲ្យទៅធ្វើមេប៉ូលីស ធ្វើមេប៉េអឹម។ មកនៅស្រុកនេះ បោកគេនៅស្រុកនេះ ដើម្បីយកលុយ ទៅស្រុកខ្មែរ ទៅសន្យាជាមួយអ្នកស្រុកខ្មែរ។ មួយស្រុក មានចៅហ្វាយស្រុកប្រហែលជា ១០០ នាក់ អញ្ចឹងទេបានជាខ្ញុំថា អញ្ចឹងដល់ពេលឈ្នះមែនទែន ដល់ទីចុងបំផុតត្រូវកាប់ដាវ ត្រូវប្រឡងកាប់ដាវ។ អញ្ចឹងអ្នកនៅស្រុកអាមេរិក គឺគេហៅថា ដាច់សេះ ត្រូវ​គេយកសេះតាម។ អញ្ចឹង រៀងរាល់ពេលបោះឆ្នោត គេដាក់ហិប។ អញ្ចឹងត្រូវតែដាក់ បើមិនដាក់ហិប គេដាក់ស្រោមសំបុត្រ។ មានដាក់ស្រោមសំបុត្របែកការទៀត។ អត់បាន។ មានតែដាក់ស្រោមសំបុត្រឲ្យបុគ្គល។ លុយមួយឆ្នាំៗ យកទៅស្រុកខ្មែរ យកទៅធ្វើស្អី? រួចគេសួរ​ថា ម៉េចបក្សប្រឆាំងអត់ធ្វើ? ថាអាហ្នឹងភារកិច្ចរបស់រាជរដ្ឋាភិបាល។ ត្រឹមត្រូវ។ ចុះលោកឯងគ្រាន់តែធ្វើបង្គន់មួយបាន ឬអត់? ជីកអណ្តូង​ទឹកមួយបាន ឬអត់? រួច ពូកែជេរ ហើយជេរពេលខ្លះ គេជេរត្រូវ បើគេជេរត្រូវ យើងក៏យកមកកែដែរ។

កិច្ចការដំបូងរបស់ខ្ញុំ នៅពេលដែលឡើងធ្វើជានាយករដ្ឋមន្រ្តី

ខ្ញុំមិនមែនមិនស្តាប់សម្លេងប្រឆាំងទេ ឲ្យតែវាសមហេតុសមផល។ មន្រ្តីរបស់យើងខ្លះ ក៏វាខិលខូចដែរ បំពានអំណាច បំពានសិទ្ធិដែរ។ ដូច្នេះហើយបានជាមានទណ្ឌកម្មចំពោះមន្ត្រី កាត់ទោសមន្រ្តី ចាប់ទម្លាក់ស័ក្តិ ចាប់យកទៅកាត់ទោសដាក់គុក។ យើងកូនតែ ៤ ឬ ៥ នាក់ វាពិបាកណាស់ទៅហើយ ទម្រាំតែ ១៦ លាននាក់វាពិបាកប៉ុនណាទៅ? ឲ្យយល់គ្នាផង។ ខ្ញុំមិនមែនមិនស្តាប់នូវទស្សនៈផ្សេងៗគ្នា រាប់ទាំងទស្សនៈប្រឆាំង ក៏ប៉ុន្តែ ត្រូវតែយល់ន័យ។ ឥឡូវ បងប្អូនជួយគិតខ្ញុំមើល ខ្ញុំជាអ្នកកែទម្រង់ដីធ្លី។ ប៉ុល ពត បានរឹបអូសអស់រលីងទៅហើយ មិនអញ្ចឹង។ ប៉ុល ពត បានរឹបអូសយកទៅហើយ ពេលដែលខ្ញុំឡើងធ្វើនាយករដ្ឋមន្រ្តី កិច្ចការទី ១ របស់​ខ្ញុំគឺប្រគល់កម្មសិទ្ធិឲ្យប្រជាជន ព្រោះខ្ញុំមិនជឿជាក់ថា ធ្វើសហករ ធ្វើក្រុមសាមគ្គី ធ្វើរួមអីហ្នឹង វាបានផលទេ។ ប៉ុន្តែធ្វើម៉េចពេលនោះ ពេលដែល ប៉ុល ពត យកគោ យកក្របីរបស់យើងយកទៅ គេយក ២០ នឹម មួយភូមិហ្នឹងថា ២០ នឹម ដល់រួច មួយភូមិហ្នឹងសល់តែ ២ នឹម។ ឥឡូវធ្វើម៉េច? អញ្ចឹងបានជាមានអាបង្កើតធ្វើអាក្រុមសាមគ្គីបង្កបង្កើនផលឲ្យរស់សិនកាលពេលនោះ។ ចានយកពីយើងទៅទាំងរាវ ឆ្នាំងយកទៅអស់ ដល់ពេល អាពត បែកទៅ បានចាន អត់ស្លាបព្រា បានឆ្នាំង អត់គម្រប មកប្រឹងកវែក កឆ្នាំង បាតដៃទទេសុទ្ធហើយ រកតែស្បែកជើងពាក់មិនបានផង ថាត្រូវធ្វើម៉េច? ប្រឹងបណ្តើរៗ។

ពេលដែលខ្ញុំកាន់ការជានាយករដ្ឋមន្រ្តី កិច្ចការដំបូងរបស់ខ្ញុំ ហើយខ្ញុំធ្វើសេដ្ឋកិច្ចសំដៅធំបំផុតគឺត្រូវតែចាប់ផ្តើមអភិវឌ្ឍវិស័យឯកជនតាមរយៈការផ្តល់នូវកម្មសិទ្ធិ និងផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋគាត់បានឱកាសដើម្បីធ្វើ កុំឲ្យរដ្ឋធ្វើ រដ្ឋធ្វើមិនដែលចេះចំណេញទេ រដ្ឋធ្វើដឹងតែខាត។ ឥឡូវ ហាងគុយទាវ ២ បើកទន្ទឹមគ្នា អាហាងគុយទាវមួយ ហាងគុយទាវរដ្ឋ អាហាងគុយទាវមួយ ហាងគុយទាវឯកជន។ ខ្ញុំតែងតែនិយាយបង្អាប់អាហ្នឹង។ អាហាងគុយទាវឯកជន យើងចូលទៅផ្លុក អញ្ជើញៗ គេមកជូតស្អីៗ អញ្ជើញអង្គុយ គេចាក់តែឲ្យយើងផឹក អង្គុយចាំ។ បើយើងចូលទៅតាមខាងហាងគុយទាវរដ្ឋ ចូលទៅដល់អត់មានអ្នកណាមកមើលមុខទេ រួចហើយដីនៅហុយនៅហ្នឹង … ព្រោះអី? អញ ធ្វើការក៏បានប្រាក់ខែតែប៉ុណ្ណឹង អញមិនធ្វើការក៏ប្រាក់ខែប៉ុណ្ណឹង។ ខាងផ្នែកឯកជន កាលណាគេមានចំណេញ គេតម្លើងឲ្យវិស័យឯកជន គេឲ្យកម្មកររបស់គេ។ អញ្ចឹងបានជារដ្ឋចំ​ណាំចាំទុកទៅ កុំឲ្យរដ្ឋធ្វើ រដ្ឋធ្វើអីក៏មិនដែលចេះចំណេញដែរ។

មានអ្នកខ្លះមកបញ្ជាឲ្យលក់គយ

ប៉ុន្តែ សេវាខ្លះដែលខ្ញុំមិនព្រមតាមស្ថាប័នអន្តរជាតិខ្លះ គេឲ្យខ្ញុំលក់គយ ៥០ ភាគរយ។ ខ្ញុំមិនព្រម គេផ្តាច់ជំ​នួយខ្ញុំ។ ឥឡូវ គេទៅវិញហើយ។ ​ម៉ែអ្នកណាលក់គយ? គយហ្នឹងជាសេវាអធិបតេយ្យ គយមានសិទ្ធិកាន់កាំភ្លើង គយមានសិទ្ធិមានឧទ្ធម្ភាចក្រ មានយន្តហោះ គយមាននាវាល្បាត គយជាសេវាអធិបតេយ្យមួយ តែទៅបង្រៀនខ្មែរលក់។ តែខ្ញុំថាអត់ គេថាអត់ គេនឹងឈប់។ ឥឡូវទៅវិញហើយ ខ្ញុំមិននិយាយចំឈ្មោះទេ ប៉ុន្តែអ្នកដែលមានរឿងហ្នឹងគឺគេដឹងរបស់គេ។ បង្រៀនខ្មែរឡើង ទើបតែនឹងធ្វើដកពិសោធន៍នៅប្រទេស ២-៣ សោះ មកបង្រៀនឯង ឲ្យដកពិសោធន៍ដែរ យកខ្មែរមកដកពិសោធន៍។ ខ្ញុំមិនលេង។

រចនាសម្ព័ន្ធសេដ្ឋកិច្ច ចំណូលគយ និងចំណូលផ្ទៃក្នុង

ខ្ញុំមិនទាន់និយាយដល់ អម្បាញ់មិញ ខ្ញុំនិយាយអំពីរចនាសម្ព័ន្ធសេដ្ឋកិច្ច វាវិលទៅណោះវិញហើយ ខ្ញុំនិយាយអំពីរចនាសម្ព័ន្ធចំណូលបន្តិចសិន។ រចនាសម្ព័ន្ធចំណូលរបស់យើង ក្នុងទសវត្សរ៍ ៩០ ចំណូលបានមកពីគយ ៨០% ចំណូលបានមកពីផ្ទៃក្នុង ២០%។ ឥឡូវរចនាសម្ព័ន្ធចំណូលរបស់កម្ពុជាផ្លាស់ប្តូរហើយ ចំណូលបានមកពីគយ ៤០% ចំណូលផ្ទៃក្នុង ៦០% … ឥឡូវ ចំណូលនេះគិតជាភាគរយ មកនៅត្រឹមតែ ៤០% ទេ តែក្នុង ១ ខែ យើងទទួលបានជាង ២០០ លានដុល្លារ។ អញ្ចឹងនៅពេលខាងមុខនេះ ចំណូលផ្ទៃក្នុងរបស់យើងត្រូវឲ្យមានការកើនឡើង ព្រោះយើងត្រូវដើរឲ្យដល់កម្រិតមួយ។ កាលណាយើងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីដូចជាមួយអាស៊ាន បន្តិចទៀតជាមួយគេហៅថាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដែលមានអាស៊ាន ១០ បូកចិន បូកជប៉ុន បូកកូរ៉េខាងត្បូង បូកឥណ្ឌា អូស្រ្តាលី និងនូវេលហ្សឺឡង់ បើយើងចុះហត្ថលេខាអាហ្នឹងទៀត​ ចំណូលពន្ធគយរបស់យើងនឹងធ្លាក់ចុះ។ អញ្ចឹងត្រូវធ្វើឲ្យចំណូលផ្ទៃក្នុងកើន។ តែកើនរបស់យើងនេះ គឺយើងមិនទៅតម្លើងពន្ធ ឬក៏យកពន្ធដី(កសិកម្ម) ពន្ធដីខ្ញុំដាច់ខាតមិនយក ចាំនាយករដ្ឋមន្រ្តីណាមកធ្វើជំនួសខ្ញុំចុះ តែខ្ញុំមិនយកពន្ធដីលើកសិករខ្មែរទេ។

កេរ្តិ៍ដំណែលទាំង ៤ របស់ ហ៊ុន សែន ក្នុងមួយជីវិត

ហោចណាស់ កេរ្តិ៍ដំណែលរបស់ខ្ញុំមួយជីវិតនេះ ទី ១ ខ្ញុំផ្តួលរំលំខ្មែរក្រហម ជួយសង្រ្គោះប្រជាជនកម្ពុជា។ ទី ២ ខ្ញុំចូលរួមដំណើរការចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ បើ ហ៊ុន សែន មិនស៊ីញ៉េ តើអ្នកណាស៊ីញ៉េ និយាយឲ្យច្បាស់អាកន្លែងហ្នឹង។ ទី ៣ ខ្ញុំបញ្ចប់សង្រ្គាមតាមនយោបាយឈ្នះឈ្នះ នាំមកនូវការឯកភាពទឹកដី។ ទី ៤ ខ្ញុំបានរួមចំណែកកសាងសេដ្ឋកិច្ចពីបាតដៃទទេ ពីសេដ្ឋកិច្ចផែនការ មកកាន់សេដ្ឋកិច្ចទីផ្សារសេរី ហើយមរតកដែលខ្ញុំទុកឲ្យប្រជាជនកម្ពុជា គឺការផ្តល់កម្មសិទ្ធិ ផ្តល់ដីធ្លី ឲ្យប្រជាជន និងមិនយកពន្ធលើដីធ្លីកសិកម្ម។ ឥឡូវខ្ញុំកំពុងតែបង្កើតនយោបាយគាំពារសង្គម មុនដំបូងគឺស្រ្តីមានផ្ទៃពោះ។ នៅមានរឿងច្រើនទៀត តែជួយគិតគ្នាមើល យើងក្រោយរំដោះ ប្រទេសប្រជាជនមានប្រមាណត្រឹមតែជា ៥ លាននាក់ទេ។ ឡាវក៏មានតែប្រជាជន ៥ លាននាក់ ពេលនោះ។ ឥឡូវឡាវ ៧ លាននាក់ (ឯ)ខ្មែរ ១៧ លាននាក់ និយាយពីកើនលឿន។ ខ្ញុំអត់បន្ទោសអ្នកណាបានទេ មូលហេតុអី? ខ្ញុំកូនញឹក ១៣ ខែ កើតមួយៗ។ មានតែអាមួយនោះទេ វាកើតក្នុងគុកជំនាន់ ប៉ុល ពត វាហៅខ្ញុំពូ ២ ខែ។ ឯបួននាក់ផ្សេងទៀត ដូចគេរាប់ ១៣ ខែ កើតមួយៗ មិនដឹងថាខ្ញុំគ្រាន់តែដោះក្រវាត់ក ប្រពន្ធមានផ្ទៃពោះបាត់។ ចាប់ពីមនុស្សតែ ២ នាក់ និង ៣ នាក់ ក្រោយពេលដែលខ្ញុំជួបគ្នាឡើងវិញ។ ឥឡូវ ខ្ញុំមានចៅដល់ ២០ នាក់ បំបែកឯតទគ្គកម្មសម្រាប់បុរស ដែលមានប្រពន្ធតែមួយ។ តែខ្ញុំមិនហ៊ានបំបែកឯតទគ្គកម្មជាមួយនឹងបុរស ដែលមានប្រពន្ធច្រើន ហើយមានចៅច្រើន … ឥឡូវចៅទី ១ របស់ខ្ញុំ ចូលមហាវិទ្យាល័យនៅប្រទេសអង់​គ្លេស ចូលបាន ៥ ថ្ងៃ ហើ​​យ។ ចូលសាលាពូកែរបស់គេ ហើយចាប់ពីនេះតទៅ នឹងមានចៅឈានជើងចូលមហាវិទ្យាល័យជាបន្តបន្ទាប់។

ថាបាត់បង់ព្រៃឈើ តើវាជំនួសវិញដោយអ្វី?

កាលពីឆ្នាំ ១៩៧៩-១៩៨០ យើងធ្វើលើផ្ទៃដីមិនដល់ ១ លានហិកតាទេ កាលឆ្នាំ ១៩៧០ រត់ចោលដីធ្លី ប៉ុល ពត រឹបអូសយកអស់។ ឥឡូវ បងប្អូនជួយគិតមើលខ្ញុំ គេថា បាត់បង់ព្រៃឈើ។ ត្រឹមត្រូវណាស់ គេនិយាយពីរឿងបាត់បង់ព្រៃឈើ គឺត្រូវតែម្ដង ប៉ុន្តែខ្ញុំសួរថា តើព្រៃឈើដែលបានបាត់បង់ទៅ ជំនួសវិញដោយអ្វីឥឡូវ? (ជំ​នួសដោយ)ចំការកៅស៊ូ ដីស្រែ ដីចំការ។ ក្រែងប្រជាជនយើងកើន យើងមិនទៅរកដីអោយគាត់? អញ្ចឹងបើអ្នកឯងចិត្តសឿង អ្នកឯងឲ្យដីហ្នឹងមកវិញមក ខ្ញុំយកដាំឈើវិញ។ ឲ្យវាសមហេតុសមផលខ្លះផងបានទេ? ខ្ញុំទទួលស្គាល់អាចោរ​លួចកាប់ឈើខុសច្បាប់ ខ្ញុំកំពុងឲ្យឧទ្ធម្ភាគចក្របាញ់ពីលើផងឥឡូវហ្នឹង។ ខ្ញុំស្អប់អាចោរលួចកាប់ឈើ ក៏ប៉ុន្តែ ករណីរាប់លានហិកតា ដែលប្រជាជនទៅកាប់ដើម្បីធ្វើស្រែ ធ្វើចំការនេះ អាហ្នឹងវាមិនជាការ​បាត់បង់ព្រៃឈើ? ដីហ្នឹង អ្នកណាជីកយកទៅណា? វានៅតែត្រង់ហ្នឹង រាប់ទាំងពួកប្រឆាំងហ្នឹងវានៅហ្នឹង។ ឥឡូវបើចិត្តសឿង ឲ្យដីហ្នឹងមកវិញមក។

អ្នកខ្លះចេះមកនិយាយទៅរួចថា វាបាត់បង់អស់ គេរឹប​អូសអស់ លួចប្លន់ដីអស់ ១០ ហិកតា។ ឥឡូវ​យើង​ចោទ​សួរ ដីហ្នឹងបានមកពីណា? បើក្រោយជំនាន់ ប៉ុល ពត អត់មានដីផង។ ១០ ហិកតា ដែលថា គេយក​នេះ វាចេញពីណា? និយាយឲ្យច្បាស់មក ក្រែងទៅលួចគេដែរតើ? ដល់រដ្ឋយកមកវិញ វាថា រដ្ឋរឹបអូស​អស់។ ជួន​កាល បោះបង្គោលលេងលើដីគេទៅ … អញ្ចឹងបានកៅស៊ូរបស់យើង​ បន្ដិចទៀត កម្ពុជានឹងមានកៅស៊ូនាំចេញច្រើនជាងកៅស៊ូរបស់វៀតណាម។ វៀតណាមមានតែកន្លះលាន​ហិកតាទេ គាត់អស់ដីដាំហើយ។ យើងនៅមានកសិកររបស់យើងកំពុងដាំកៅស៊ូ។ ប៉ុន្តែ ដល់កៅស៊ូចុះថោក គាត់កាប់ដើមកៅស៊ូ យកដើមកៅស៊ូលក់ ហើយគាត់ដាំម្រេច ដាំដំឡូងមីណាទៅវិញ។ ​រឿងរបស់យើង​មាន​ច្រើន។

… បញ្ហានៅពេលនេះ យើងមិនត្រូវបន្តតាមទំលាប់ចាស់របស់ដូនតាយើងកាលពីដើម។ ក្នុងក្រុមគ្រួសារខ្ញុំ ទាំងខាងម្ដាយ ទាំងខាងឪពុក ដីច្រើនណាស់។ គ្រាន់តែដីខាងតាយាយខាងម្ដាយ ដែលចែកឲ្យតាម​មាត់​ទន្លេ​ច្រើ​ន​ណាស់ ប៉ុន្តែបាក់ធ្លាក់(ចូលទន្លេ)អស់ហើយ។ ជីដូនមួយៗនេះ ឪពុកគាត់ជាបងម្តាយខ្ញុំ ឯម្តាយធំរបស់ខ្ញុំហ្នឹង ជាជីដូនមួយរបស់ឪពុកខ្ញុំៗ ក៏ជាអ្នកមានដីច្រើនដែរ ប៉ុន្តែឥឡូវបានធ្លាក់ចូល​ក្នុងទន្លេអស់ហើយ។ ឥឡូវបាក់ទាំងវត្ត​ ហើយផ្ទះខ្ញុំកើតហ្នឹង ក៏ជិតបាក់ទៅទៀត។ ប៉ុន្តែឥឡូវមើលទៅ ទប់​បាន ដោយសារតែដីវាដុះនៅខាងណោះ។ ទន្លេរបស់យើងវាអញ្ចឹង វាបុកខាងណេះ វាទៅដុះខាង​ណោះ។ យើងមិនទាន់មានលុយធ្វើច្រាំងទន្លេដោយបេតុងទេ។ បើមានលុយ យើងមិនទុកឲ្យបុកអញ្ចឹង​ទេ តែវាអត់មានលុយ។ សូម្បីតែរកលុយធ្វើជញ្ជាំងព្រែកត្នោតឲ្យវាស្អាត រកវាមិនទាន់គ្រប់ ធ្វើបានត្រឹមមុខវាំង ដើម្បីឲ្យទៅ​បុណ្យអុំទូក …។

អតុល្យភាពបច្ចុប្បន្ន គឺសេចក្ដីត្រូវការ និងការផ្គត់ផ្គង់ តាមសំណូមពររបស់ប្រជាពលរដ្ឋ

… កិច្ចការរបស់យើង គឺច្រើនណាស់ មិនមែនគ្រាន់តែអ្វីដែលខ្ញុំនិយាយច្បិចៗអម្បាញ់មិញជាការគ្រប់គ្រាន់នោះទេ។ អតុល្យភាពនៃបញ្ហាដែលយើងត្រូវដោះស្រាយកសាងជាតិមួយ មិនមែនជាបញ្ហាតូចតាចទេ។ យើងត្រូវ​ខិតខំដោះស្រាយរវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង់នេះ ឲ្យវាស្របតាមទៅនឹងសំណូមពររបស់ប្រជាជន។ ប៉ុន្តែ​សេច​ក្ដីត្រូវការ និងការផ្គត់ផ្គង់នៅពេលនេះ វាខុសនឹងពេលមុន។ អតុល្យភាពរវាងសេចក្ដីត្រូវការ និងការផ្គត់​ផ្គង់ ជួនកាលស្បៀងមិនកើន ធ្វើឲ្យប្រជាជនខ្វះស្បៀង យើងត្រូវខិតខំផលិតស្បៀង ដើម្បីឲ្យប្រជាជន​មានស្បៀងហូប។ កុមារកើតឡើង ខ្វះសាលារៀន ត្រូវខំកសាងសាលា។ ការកើនឡើងនៃចំនួនមនុស្ស តម្រូវឲ្យមានសេវាសុខាភិបាល។ អតុល្យភាពនៅពេលនោះ មានរឿងមួយបែប ប៉ុន្តែអតុល្យភាពនៅពេល​នេះ គឺសេចក្ដីត្រូវការ និងការផ្គត់ផ្គង់នៅពេលនេះ គឺវាខុសនៅពេលមុន។

ខ្ញុំលើកឧទាហរណ៍មួយ ដែលវាខុស ដើម្បីងាយៗនៅក្នុងការប្រៀបធៀប។ រវាងសេចក្ដីត្រូវការនៃឡានច្រើន​ពេក ជាមួយនឹងផ្លូវតូច។ កាលពីមុន ព្រះតេជព្រះគុណអើយ! អត់មានអាហ្នឹងទេ(គ្រោះថ្នាក់ចរាចរណ៍) ដេក​លើ​ផ្លូវមួយ​អាទិត្យ អត់មានឡានបុកទេ ព្រោះអត់មានឡានបើកទេ។ ផ្លូវជាតិយើងកាលពីដើមធំបំផុត ៧ ម៉ែត្រ​ហើយ ឥឡូវពង្រីកទៅ ៣០ ម៉ែត្រ នៅតែតូច។ ពីរទៅ ពីរមកហើយ នៅតែតូចទៀតឥឡូវនេះ។ អតុល្យភាពនៅពេលនោះ ប្រជាជនត្រូវការធ្វើដំណើរ ក្នុងពេលដែលយើងអត់មានមធ្យោបាយដឹកជញ្ជូន រឿងវាអញ្ចេះ។ ដល់ថ្ងៃនេះ មធ្យោបាយធ្វើដំណើរច្រើនពេក ផ្លូវវាតូច ត្រូវរកវិធីពង្រីកផ្លូវឲ្យវាធំ ធ្វើផ្លូវឲ្យ​ស្អាត ដើម្បីកុំឲ្យគ្រោះថ្នាក់។​ ស្ថានការណ៍វាខុសគ្នា ពីដំណាក់កាលមួយទៅដំណាក់កាល​មួយ វាខុសគ្នា។ ជួយគិតគ្នាមើល នាយករដ្ឋមន្រ្តីគឺជាអ្នកគូស​វាស ប៉ុន្តែប្រទេសនេះមិនមែនជាប្រទេសរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ គឺប្រទេសរបស់យើងទាំងអស់​គ្នាតើ។ សព្វថ្ងៃ ប្រឹង ឯណាប្រឹងរកលុយដើម្បីពង្រីកផ្លូវ អាផ្លូវខូចនេះ និងពង្រីកផ្លូវមួយចំនួន ពេលខ្លះយើងទៅខ្ចីបុលគេយកមកធ្វើផ្លូវ។

នៅអាមេរិកពលរដ្ឋម្នាក់ៗជំពាក់គេ ៤ ម៉ឺនដុល្លារ ប៉ុន្តែនៅកម្ពុជាជំពាក់គេត្រឹមតែ ៤០០ ដុល្លារ ទេ

នៅអាមេរិក តើមានដឹងថាពលរដ្ឋអាមេរិកម្នាក់ៗជំពាក់គេប៉ុន្មានទេ? មើលបើកអាហ្នឹងឡើងមើលបន្តិចមើល ដូចជាជាង ៤ ម៉ឺនដុល្លារក្នុងម្នាក់។ ខ្មែរនៅត្រឹម ៤០០ ដុល្លារ ទេ។ ពលរដ្ឋអាមេរិកជំពាក់គេជាង ៤ ម៉ឺន ម៉េចមិនថាផង? ខ្មែរទើបនឹងជំពាក់គេ ៤០០ ទេ។ កម្រិតពិដានដែលគេឲ្យខ្ចីស្មើនឹង ៤០% នៃ GDP យើងទើបនឹងជំពាក់គេ ២៣% នៃ GDP ទេ រាប់ទាំងបំណុលចាស់របស់ លន់ នល់ ខ្ចីអាមេរិក ដែលយើងកំពុងតែស្នើសុំថាធ្វើម៉េចផ្ទេរអាបំណុលហ្នឹង ទៅជាការអភិវឌ្ឍកម្ពុជាទៅ។ ខ្ញុំនិយាយជាមួយ អូបាម៉ា កាល អូបាម៉ា ទៅកម្ពុជា។ អូបាម៉ា គាត់និយាយថា គាត់ពិបាកពន្យល់សភា។ បានខ្ញុំនិយាយប្រាប់ អូបាម៉ា ថា ខ្ញុំឯណេះជាអ្នកពិបាក ព្រោះអីរដ្ឋាភិបាល លន់ នល់ ដែលប្រទេសឯកឧត្តមគាំទ្រ គឺទម្លាក់ សម្តេច នរោត្តម សីហនុ ឥឡូវ ព្រះរាជបុត្ររបស់ព្រះអង្គកំពុងសោយរាជ្យ ទី ១។​ ទី ២ ខ្ញុំត្រូវពន្យល់ពលរដ្ឋរបស់ខ្ញុំយ៉ាងម៉េច បើគាត់ត្រូវគ្រាប់បែករបស់អាមេរិក។ ឯទី ៣ ខ្ញុំត្រូវពន្យល់សភាខ្ញុំយ៉ាងម៉េច? ខ្ញុំត្រូវប្រាប់ អូបាម៉ា វិញដែរ។ អូបាម៉ា គាត់ថា ពិបាកពន្យល់សភាគាត់។ ខ្ញុំក៏ត្រូវពិបាកដែរ។ ព្រោះដូចគ្នា។ អ្នកឯងមេដឹកនាំអាមេរិក ខ្ញុំមេដឹកនាំកម្ពុជា សិទ្ធិដូចគ្នាតើ ធ្វើការតាមប្រព័ន្ធសភាដូចគ្នា ព្រោះច្បាប់ថវិកាត្រូវធ្វើសព្វធ្វើគ្រប់ត្រូវឆ្លងច្បាប់ថវិកា។ ឥឡូវ Trump ជិតដល់ស្អី Government Shut Down ស្អីទៀតហើយ គេថាគេបំពេញបន្ថែមបានប៉ុន្មានថ្ងៃទៀត?

មិនសំខាន់មន្ត្រីចាស់ ឬក៏មន្ត្រីថ្មីទេ​ សំខាន់អោយតែចេះ Update ខួរក្បាល

ពេលមុន អតុល្យភាពរវាងប្រជាជនកើនឡើង ខ្វះស្បៀង ឥឡូវ បែរជាយើងផលិតផលច្រើន តែខ្វះផ្សារ។ ពីមុនមានផ្សារតែអត់ទំនិញ​ ឥឡូវមានទំនិញតែវាខ្វះផ្សារ។ នេះវាខុសគ្នា រវាងពេលមុន និងពេលនេះ។ អញ្ចឹងបានជាមិនចាំបាច់មន្ត្រីចាស់មន្ត្រីក្មេងទេ ឬក៏មន្ត្រីចាស់ មន្ត្រីថ្មីទេ អោយវា Update ឡើង។ ខួរក្បាលអាយុ ៦០ ឆ្នាំ ឬអាយុ ៥០ ឆ្នាំ Update ឲ្យវាទៅ ៣០ ឆ្នាំ ៤០ ឆ្នាំទៅ ឲ្យវាទៅជឿនលឿនតាមគេតាមឯងទៅ។ ដូចជា iPhone នេះមិនដឹងជាប៉ុន្មានឈុតរបស់វាទេ ប៉ុន្តែឥឡូវគេតម្លើង Version របស់វាហ្នឹង អញ្ចឹងទេតាំងពី iPhone 5 iPhone 6 អីវាឡើងទៅ iPhone X ស្មើគេស្មើឯងអស់ហើយ។ ប៉ុន្តែអា X ហ្នឹងខ្ញុំមិនប្រើវាទេ វេទនាប្រើ។ ប៉ុន្តែខ្ញុំចង់សួរថាអា Xs ស៊ីម ២ តើនៅក្នុងនេះមានប្រើប៉ុន្មាននាក់ហើយ។ (មានប្រើ ២ នាក់) ប៉ុន្តែកុំភ្លេចស្រុកខ្មែរពេលនេះប្រើរាប់ពាន់ រាប់ទាំងខ្ញុំប្រើមួយដែរ ព្រោះខ្ញុំដាក់មិនមែនខ្ញុំ(ចង់)ប្រើទេ ព្រោះហោប៉ាវអាវខ្ញុំវាតូច អញ្ចឹងខ្ញុំត្រូវប្រើអាតូចជាង … ប៉ុន្តែអា X ហ្នឹងខ្ញុំយកវាមកដាក់ មូលហេតុអី? ខ្ញុំមានរបៀបប្រើ Internet។ ថ្ងៃនេះខ្ញុំមកដល់នេះខ្ញុំប្រើដុំ WIFI នេះស្តង់ដារ ហ៊ុន សែន លើយន្តហោះមាន Internet រហូត។ ប៉ុន្តែដល់នៅកម្ពុជាខ្ញុំមិនចង់កាន់ដុំ​ Internet ទេ ខ្ញុំកាន់ទូរស័ព្ទ ប៉ុន្តែខ្ញុំប្រើ Hotspot បើកាលណាសេវាណាមួយអន់ ព្រោះយើងនៅប្រទេសរបស់យើងមាន Cellcard មាន Metfone មាន Smart មាន Seatel ខ្ញុំប្រើទាំង ៤ ប្រព័ន្ធ​ ព្រោះតំបន់ខ្លះវាមានបង្គោលអង់តែនជិត សេវា Internet របស់វាខ្លាំង។ ខ្លាំងមួយណាយើងបញ្ចេញ Hotspot ចែករំលែក Internet ទៅអាទូរស័ព្ទមួយទៀតដែលយើងប្រើ។ មូលហេតុដែលខ្ញុំប្រើអាស៊ីម ២ ហ្នឹង គឺក្នុងគោលដៅហ្នឹង។ ហ្នឹងហើយគេហៅ Update ខួរក្បាល …។

តម្រូវការធនធានមនុស្ស ទាមទារឲ្យវិនិយោគធំលើអប់រំ និងសុខាភិបាល

… អតុល្យភាពនៅពេលនេះវាខុសគ្នានៅក្នុងអតុល្យភាពនៃទសវត្សរ៍ ៨០ ទស្សវត្សរ៍ ៩០ និងដើមសតវត្សរ៍ទី ២១។ ពីមុន ប្រជាជនកើន ខ្វះស្បៀងហូប ត្រូវខិតខំផលិតស្បៀង។ ឥឡូវនេះ ផលិតផលច្រើន ខ្វះទីផ្សារ ឡានច្រើន ផ្លូវតូច ដែលពីមុនមនុស្សធ្វើដំណើរច្រើនតែខ្វះមធ្យោបាយ ឥឡូវឡានច្រើនពេក ផ្លូវតូច អតុល្យភាព។ ពល​កម្មមួយឆ្នាំចូលទីផ្សារ ៣០ ម៉ឺន នាក់ យើងត្រូវខិតខំរកការងារឲ្យពួកគេធ្វើ។ និស្សិតចេញពីមហាវិទ្យាល័យមួយឆ្នាំៗរាប់ពាន់រាប់ម៉ឺននាក់ យើងត្រូវរកការ​ងារឲ្យគេធ្វើ។ កិច្ចការរបស់យើងពិតជាច្រើន តម្រូវការអភិវឌ្ឍប្រទេសជាមួយនឹងធនធានមនុស្សនៅមានកម្រិត ដែលត្រូវតែវិនិយោគឲ្យកាន់តែធំទៅលើវិស័យអប់រំ និងសុខាភិបាល ដែលចំណែករបស់យើងកាន់តែធំ។ មួយអាណត្តិកន្លងទៅនេះ វិស័យអប់រំកំណើនជាង ៣ ដង នៃថវិកា។ វិស័យសុខាភិបាល ៣ ដង។ នេះជាការវិនិយោគដាំមនុស្ស ហើយដាំមនុស្សអស់លុយច្រើនជាងដាំដើមឈើ ប្រើពេលយូរជាងដាំដើមឈើ … ថាកៅស៊ូចុះ ៤ ឆ្នាំ ទៅ ៥ ឆ្នាំ បានចាក់ជ័រហើយ។

តែដាំមនុស្ស ដាំនៅចំណេះទូទៅ ១២ ឆ្នាំ​ ដាំនៅចប់បរិញ្ញា ៤ឆ្នាំ ដាំយកថ្នាក់បណ្ឌិត បើ ម៉ាណែត វិញ រៀននៅឧត្តមសិក្សា និងក្រោយឧត្តមសិក្សាច្រើនជាងចំណេះទូទៅ។ កាលពីពេលនោះ យើងមានថ្នាក់ដំបូង និងថ្នាក់ទី ១ រហូតដល់ ថ្នាក់ទី ១១ រៀន ១២ ឆ្នាំដដែល​។ ប៉ុន្តែពេលដែល ម៉ាណែត មករៀននៅនេះ មុនចូល West Point ត្រូវឆ្លងកាត់បាត់អស់មួយឆ្នាំ បានប្រឡងចូល West Point បាន ចេញពី West Point អស់ ៤ ឆ្នាំទៀត ចូល NYU អស់ ២ ឆ្នាំទៀត ហើយទៅឆ្លងកាត់ នៅឯអង់គ្លេសប៉ុន្មានឆ្នាំទៀត។ ដូច្នេះ នៅឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ច្រើនជាងនៅចំណេះទូទៅ។ អញ្ចឹងបានធនធានមនុស្សមិនត្រូវមើលស្រាលទេ អញ្ចឹងបានបងប្អូននៅទីនេះ បានមកនៅស្រុកគេហើយ កុំធ្វេសប្រហែសអារឿងកូន ត្រូវឲ្យកូនរៀន។

សាលាដើររកសិស្ស, អនុវិទ្យាល័យមួយយ៉ាងតិចក្នុងមួយឃុំ ខេត្តមួយសាកលវិទ្យាល័យមួយ

ខ្ញុំសង្ឃឹមថា បងប្អូនដែលមានលទ្ធភាពមកនៅអាមេរិក បងប្អូននឹងខិតខំប្រឹងប្រែងឲ្យកូនរៀន។ យើងគ្មានទ្រព្យសម្បិត្តអ្វីផ្ដល់ឱ្យកូនចៅល្អជាងចំណេះវិជ្ជាទេ។ ទ្រព្យសម្បត្តិអាចភ្លើងឆេះ អាចចោរលួច អាចបាត់បង់នៅពេលណាមួយ ក៏ប៉ុន្តែពេលដែលយើងផ្ដល់ឲ្យគេទៅក្នុងខួរក្បាលហើយ គឺអត់បាត់បង់ទៅណាទេ យើងស្លាប់ទៅបិទភ្នែកជិត។ អញ្ចឹងបានជាដំណាក់កាល ហ៊ុន សែន គ្រប់គ្រងប្រទេស ដំណាក់កាលសាលាដើររកកូនសិស្ស មិនមែនកូនសិស្សដើររកសាលា។ សម័យខ្ញុំ សម័យកូនសិស្សដើររកសាលា មកនៅជាក្មេងវត្តដោយសារអត់សា​លា។ ប៉ុន្តែ ឥឡូវ គោលដៅរបស់យើង អនុវិទ្យាល័យមួយយ៉ាងតិចក្នុងមួយឃុំ ឃុំខ្លះធំត្រូវមានអនុវិទ្យាល័យដល់ ២ បឋមច្រើនហើយ អាហ្នឹងតាមភូមិហើយ ប៉ុន្តែអនុវិទ្យាល័យមួយយ៉ាងតិចក្នុងមួយឃុំ។ ពីអតីតកាលស្រុកស្ទឹងត្រង់ អនុវិទ្យាល័យមានតែមួយ នៅព្រៃកក់ ស្ទឹងត្រង់ អនុវិទ្យាល័យមានតែមួយ ឥឡូវអនុវិទ្យាល័យរាប់ភ្លេច។ ស្រុកមួយមានវិទ្យាល័យច្រើន ខេត្តមួយមានសាកលវិទ្យាល័យមួយ។ ខិតខំធ្វើយ៉ាងម៉េចឱ្យសិស្សជាស្ត្រី បានរៀនសូត្រកាន់តែខ្ពស់ តាមរយៈការខិតខំធ្វើអន្តេវាសិកដ្ឋាន នៅតាមវិទ្យាល័យ នៅតាមមហាវិទ្យាល័យ។ បុរសៗអាចនៅជាមួយលោកសង្ឃបាន ក៏ប៉ុន្តែយកនិស្សិតជាស្ត្រីទៅនៅក្នុងកុដិលោកគឺ ដាច់អាបត្តិស្លាប់ហើយព្រះតេជព្រះគុណ តែមិនស្រួលចេញពោតប្រល័យលោកហ្នឹងមក ងាប់បណ្តោយ។

កំហុសរបស់ព្រះសង្ឃមួយអង្គ កុំយកទៅបង្ខូចព្រះពុទ្ធសាសនាទាំងមូល

តែសូមកុំថា ខ្ញុំព្រះករុណាខ្ញុំថាអី មកតាមយន្តហោះ គេលើកម្ហូបមកស្រាប់តែមានពោតមួយកំណាត់ មានពោតមួយកង់។ ពោតនៅអាឡាស្កា។ ពោតអាឡាស្កាផ្អែមណាស់។ យកពោតនឹងមកស៊ី ចេះតែនឹកឃើញរឿង (សើច)។ ប៉ុន្តែ រឿងនោះខ្ញុំសូមបញ្ជាក់ឡើងវិញ កុំយកការខុសឆ្គងរបស់ព្រះសង្ឃអង្គណាមួយ យកទៅធ្វើជាការបង្ខូចព្រះពុទ្ធសាសនាទាំងមូល។ កុំយកស្រ្តីដែលមានការខុសឆ្គងណាមួយ ទៅបង្ខូចស្រ្តីខ្មែរទាំងអស់ មិនមែនអញ្ចឹងទេ។ ហើយសូមកុំហែកឲ្យវាធំ … ទាហានទាំងពីរនាក់ វាលេងហ្វេសប៊ុកទាំងពីរ មួយវាកាន់ជើងទៅសម្ភាសន៍អតីតលោកសង្ឃ ញោះទៅខាងស្រី មួយទៀតវាកាន់ជើងខាងស្រី ញោះទៅខាងលោកសង្ឃ ទាល់តែស្រែកនៅកំពង់ធំបានស្ងាត់បាត់។ លោកឯងទៅចាប់បញ្ជល់គ្នាទៅហើយ។ ឥឡូវរឿងហ្នឹងវាស្ងប់ ក្មេងក៏បានទៅកែខ្លួនទៅ ព្រះសង្ឃនឹងក៏បានទៅខិតខំកសាងខ្លួនអីដែរទៅ។ ទុកឱកាសឱ្យគ្នាទៅកសាងខ្លួន ទៅបង្ខំគ្នា ធ្វើអីអារឿងហ្នឹង។ ផ្អើលទេ? ពេលហ្នឹងផ្អើលទេអ្នកនៅអាមេរិចទេ? អាវុធប្រល័យលោក(ពោត)។

ក្រដោយដឹកនាំខុស និងធនធានមនុស្សខ្សោយ

យើងត្រូវការអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែ ដើម្បីអភិវឌ្ឍប្រទេសជាតិបាន តម្រូវការធនធានមនុស្ស។ គ្មានធនធានមនុស្សមិនអាចអភិវឌ្ឍអីបានទេ យើងសង្កេតមើលប្រទេសកម្ពុជា គឺជាប្រទេសដែលគេហៅរហូតដល់ ទឹកដីសុវណ្ណភូមិ ប៉ុន្តែហេតុអីបានក្រ? ចំណុចក្ររបស់កម្ពុជាមានតែ ២ ទេ។ ទី ១ ការដឹកនាំខុស។ ទី ២ ធនធានមនុស្សខ្សោយ យើងត្រូវឃើញអាកន្លែងហ្នឹង។ យើងមិនបានបន្ទោសអ្នកដឹកនាំអតីតកាលទេ។ ខ្ញុំមិនបានកសាងនូវកំហុសពីអតីតកាលទេ ខ្ញុំគ្រាន់តែជាជនរងគ្រោះ នៃមេដឹកនាំ លន់ នល់ សម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តមសីហនុ។ ប៉ុន្តែមិននឹកស្មានថា ខ្ញុំជាអ្នករំលត់ភ្លើងសង្គ្រាម ដែលគេបង្កើត​។

ចប់អាណត្តិថ្មី ចំណូលប្រជាជន ២០០០ ដុល្លារក្នុងមួយឆ្នាំ

បន្ទាប់ពីរំដោះប្រទេស យើងប្រឹងងើបឈរឡើងពីក្នុងឋានៈប្រទេស ដែលមានប្រាក់ចំណូលត្រឹមតែរាប់សិបដុល្លារក្នុងម្នាក់ៗ ក្នុងមួយឆ្នាំ ឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដែលប្រាក់ចំណូលមធ្យមកម្រិតទាបកាលពីមុននេះ គេរាប់ត្រឹមតែមួយពាន់ដុល្លារទេ ឥឡូវគេរាប់ដល់ ១២០០ ដុល្លារ ឥឡូវយើងដល់ ១៥៦០ ដុល្លារ ហើយខ្ញុំសង្ឃឹមថា ចប់អណត្តិនេះ ប្រាក់ចំណូលរបស់កម្ពុជាម្នាក់នឹងអាចលើសពី ២០០០ ដុល្លារ។ យោងទៅលើអត្រាកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ ការហក់ទៅរក ២០០០ ដុល្លារ ក្នុងរយៈពេល ៥ឆ្នាំទៀត គឺមិនពិបាកសម្រាប់យើងទេ។ យើងអាចទៅបាន តែត្រូវគ្រប់គ្រងឲ្យជាប់នូវសេដ្ឋកិច្ចនេះ ហើយត្រូវធ្វើការកែទម្រង់ ប្រយុទ្ធប្រឆាំងនឹងអំពើរពុករលួយ និងភាពអសកម្មទាំងអស់ ដែលធ្វើឲ្យសេដ្ឋកិច្ចអន់ថយ។

ធនធានមនុស្សសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច, អំពាវនាវបន្តការរៀនសូត្រ

សាំងហ្កាពួរអត់មានអីទាំងអស់ ទឹកសាបក៏មិនមានគ្រប់ប្រើប្រាស់ផង តែហេតុអីសាំងហ្កាពួរគេធ្វើអ្នកមាន? ធនធានមនុស្សគេពូកែ។ អញ្ចឹង សេដ្ឋកិច្ចឌីជីថល គឺជាសេដ្ឋកិច្ចចំណេះដឹង ចំណេះធ្វើ អញ្ចឹងត្រូវខិតខំធ្វើអាហ្នឹង។ អញ្ចឹងបានជាខំទទូចប្រាប់បងប្អូនយើង ទោះបីមកទីនេះ ឬនៅកន្លែងណាក៏ដោយ ឲ្យកូនចៅរៀន។ មិនត្រឹមតែឲ្យកូនចៅរៀន កុំភ្លេចរៀនខ្លួនឯងដែរ ប្រយ័ត្នគិតតែអាកូនរៀន ចៅរៀន តែខ្លួនឯងអត់រៀន។ ចែ ខុន ថា អត់ចេះបើកស្អីទេ ចេះបើកត្រឹមតែអាហ្វេសប៊ុកហ្នឹង។ អត់ហ៊ានចុចទេ ខ្លាចវារលត់។ បើចែឯងមិនរៀន ធ្វើម៉េចចេះ? ខូចពូជណា កុំឲ្យខូចពូជ។ ថ្ងៃមុន ហៅទៅហូបបាយជាមួយពេល … កុំប្រាប់គេថារៀនៗ ដល់រួចខ្លួនឯងអត់រៀន អាហ្នឹងខុស។

តម្រូវការអគ្គិសនីនៅកម្ពុជា កើនឡើងមិនចេះឈប់ឈរ តម្រូវរកជម្រើសដែលមានថ្លៃថោក

តម្រូវការប្រទេសរបស់យើង ខ្ញុំថ្ងៃមុនជួបប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គាត់មានគម្រោងវិនិយោគ​អគ្គិសនីនៅកំពង់សោម នៅខេត្តព្រះសីហនុ ខ្ញុំ​​ក៏បាននិយាយប្រាប់គាត់ថា ការព្យាកររបស់ខ្ញុំ ខ្ញុំមើលមិនឃើញសោះថាមានអ្វីបន្ថែម។ ប្រើដោយវារីអគ្គិសនី យើងធ្វើវារីអគ្គិសនីច្រើនណាស់ហើយ … ប្រើវាហួសហេតុពេកទៅលើវារីអគ្គិសនី​ ដែលវាធ្វើឲ្យលិចលង់នៅតំបន់ខ្លះ។ បើយើងវិលទៅប្រើដោយប្រេងឥន្ធនៈ ឥឡូវប្រេងឥន្ធនៈកំពុងឡើងថ្លៃពេញទឹកពេញដីហើយ។ តម្លៃអ​គ្គិសនីរបស់យើង(នឹង)ឡើងថ្លៃណាស់។ បើយើងទៅធ្វើថាមពលនុយក្លេអ៊ែរ … សមត្ថភាពយើងមិនគ្រប់(នេះ) ទីមួយ។ ទីពីរ ប្រទេសជិតខាងយើង នឹងជំទាស់មិនឲ្យកម្ពុជាធ្វើទេ បើឲ្យកម្ពុជាធ្វើទៅវាមិនមែនងាប់តែកម្ពុជាទេ វាងាប់ទាំងថៃ ទាំងវៀតណាម ទាំងឡាវ ងាប់ទាំងអាស៊ាន។ អញ្ចឹងទេ ការប្រើធ្យូងថ្មស្អាត និងថាមពលកកើតឡើងវិញ និងពន្លឺព្រះអាទិត្យ គឺជាជម្រើសល្អ។ អគ្គិសនីកម្ពុជា ដែលមុននេះប្រើត្រឹម ៣០ ឬ ៤០ មេហ្គាវ៉ាត់ នៅភ្នំពេញ ឥឡូវអគ្គិសនីប្រើប្រមាណជាង ១ ពាន់មេហ្គាវ៉ាត់ នៅភ្នំពេញ ព្រោះឥឡូវគ្រាន់តែសណ្ឋាគារមួយ ប្រើស្មើនឹងអ្នកភ្នំពេញជំនាន់ដើម ជំនាន់ទសវត្សរ៍​ ៧០ ឬ ទសវត្សរ៍ ៩០ ក៏ដោយ គ្រាន់តែសណ្ឋាគារមួយ … ឥឡូវថា សណ្ឋាគារ ៣ ទៅចុះ បើមួយប្រើ ១៥ មេហ្គាវ៉ាត់ៗ វាស្មើនឹងប្រើមួយភ្នំពេញកាលពីជំនាន់ដើម។ សម័យនេះ សម័យគេដេកម៉ាស៊ីនត្រជាក់ មិនមែនសម័យអង្គុយបក់ផ្លិតឯណា បើទេសចរវិញ ទេសចរម៉ាស៊ីនត្រជាក់ មិនមែនទេសចរបក់ផ្លិតទេ។

ការអភិវឌ្ឍ និងផលប៉ះពាល់ដល់បរិស្ថាន វាដើរទន្ទឹមគ្នា

តម្រូវការនៃការអភិវឌ្ឍ​ ជាមួយនឹងកិច្ចការពារបរិស្ថាន កំពុងចោទជាបញ្ហា។ ម្ខាងប្រជាជនត្រូវការដីធ្លី ម្ខាងយើងត្រូវការពារព្រៃឈើ។ បើមិនឲ្យគាត់កាប់សោះ មិនប្រគល់ដីធ្លីឲ្យគាត់(ក៏មិនបាន) តែបើប្រគល់ដីធ្លីឲ្យគាត់ វាមុខតែមានឈើនៅលើហ្នឹង វាច្បាស់ហើយ​​។ ប្រជាជនកើន ទោះបីយើងកែសម្រួលពីការអភិវឌ្ឍតាមបែបបើកទូលាយ ទៅកាន់ការអភិវឌ្ឍតាមបែបស៊ីជម្រៅ អ្វីទៅដែលហៅថា ការអភិវឌ្ឍតាមបែបស៊ីជម្រៅ? ដូនតាយើងកាលពីដើម បើមាន ៥ នាក់ ត្រូវមានដី ១ ហិកតា បើមនុស្សឡើងដល់ ១០ នាក់ ត្រូវមានដី ២ ហិកតា ហ្នឹងជាទម្លាប់ចាស់របស់ដូនតាយើង។ ឥឡូវនេះ យើងត្រូវប្រឹងទប់ស្កាត់ការអភិវឌ្ឍតាមបែបទូលាយនេះ ទៅតាមរយៈការអភិវឌ្ឍកសិកម្មតាមបែបស៊ីជម្រៅ។ តាមបែបស៊ីជម្រៅនេះ ដី ១ ហិកតា ដែលធ្លាប់ចិញ្ចឹមបាន ៥ នាក់ ត្រូវធ្វើដី ១ ហិកតានេះ ឲ្យចិញ្ចឹមបាន ១០ ឬ ២០ នាក់ តាមរយៈការដោះស្រាយទឹកឲ្យគាត់ធ្វើម្តង ទម្លាប់ធ្វើម្តងឲ្យគាត់ធ្វើពីរដង ឬបីដង ពូជដែលទទួលទិន្នផលទាប (ត្រូវផ្តល់)ឲ្យគាត់(នូវពូជ)ទទួលទិន្នផលខ្ពស់។ ខិតខំធ្វើ តែ​បើទោះជាយើងខិតខំដោះស្រាយបែបនេះក៏ដោយ តម្រូវការដីធ្លីសម្រាប់ការដាំដុះរបស់ប្រជាពលរដ្ឋដែល ចេះតែកើនឡើង ដែលមិនយូរប៉ុន្មាន ប្រជាជនកម្ពុជានឹងឡើងដល់ ២០ លាននាក់ហើយ។ បើមួយឆ្នាំ ឡើង ៤០ ម៉ឺនៗ គុណទៅ ១០ ឆ្នាំ វានឹងឡើង ៤ លាន ដូច្នេះ​ វាមិនយូរប៉ុន្មានទេ ១០ ឆ្នាំនោះ។ ប្រហែលជានៅពេលដែលខ្ញុំដាច់អាណត្តិ ខ្ញុំសម្រេចចិត្តចូលនិវត្តន៍ ១០ ឆ្នាំទៀត ប្រជាជននឹងឡើងដល់ ២០ លាននាក់។ ខ្ញុំប្រើពាក្យយ៉ាងតិច ១០ ឆ្នាំ …។

ទុកឲ្យរដ្ឋមន្រ្តី និងទូត ដោះស្រាយសម្រួលបញ្ហាពន្យារលិខិតឆ្លងដែន

ឥឡូវ ដោយសារតែមាន(បងប្អូនមកពី)រដ្ឋ ៣ ត្រូវត្រឡប់ទៅវិញម៉ោង ១០… ឥឡូវយើងម៉ោង ១០ ហើយ ប្រហែលជាឡានគេអាចត្រឹមម៉ោង ១០ កន្លះ អញ្ចឹងខ្ញុំអាចនឹងបញ្ចប់ រួចហើយសុំឲ្យអ្នកថតជាមួយខ្ញុំបានមុន។ ខ្ញុំក៏ល្មមដល់ទីបញ្ចប់ដែរ ព្រោះវាហត់ដែរ … ព្រោះរបៀបធ្វើការរបស់ខ្ញុំវាបែបហ្នឹង … គ្រាន់តែរំលឹក​ឲ្យអគ្គរាជទូតនៅវ៉ាស៊ីងតោន ជុំ សុន្ទរី ពិនិត្យមើលរៀបចំក្រុមការងារ ដើម្បីសម្រួលឲ្យបងប្អូនដែលត្រូវពន្យារលិខិតឆ្លង​ដែនស្អីៗយ៉ាងម៉េច។ ជួនកាលយើងអាចបង្កើតជាក្រុមការងារតែម្តង ដើម្បីចុះទៅតាមរដ្ឋ ឬក៏រកវិធីយ៉ាងម៉េចឲ្យបងប្អូនផ្ញើស្អីៗដូចដែលនៅកូរ៉េខាងត្បូងគេធ្វើនោះ ត្រូវរកវិធី។ ឯកឧត្តម ប្រាក់ សុខុន ជួយណែនាំអំពីបញ្ហាហ្នឹង ដើម្បីសម្រួលឲ្យបងប្អូនទាំងឡាយ ទាក់ទងនឹងការធ្វើដំណើរទៅស្រុកទេសស្អីៗហ្នឹង។ បងប្អូនបានលើកសំណូមពរ ក៏ប៉ុន្តែ ការដោះស្រាយសំណូមពរនេះ គឺខ្ញុំទុកលទ្ធភាពឲ្យរដ្ឋមន្រ្តីការបរទេស និងអគ្គរាជទូតទៅចុះដោយសារពេលវេលា … បងប្អូនទាំង(បីរដ្ឋ)នោះអាចមកថតរូបជាមួយខ្ញុំមុន។ អ្នកដទៃទៀត គឺយើងអាចថតក្រោយៗបន្ត។

សូមអរព្រះគុណ ព្រះតេជព្រះគុណ អ្នកទាំងអស់គ្នា បានអញ្ជើញមកត្រឹមស្តាប់ខ្ញុំ ហើយសូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះបងប្អូនទាំងអស់ ជួបប្រទះនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ