សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​​ក្នុងពិធីអបអរសាទរ និងប្រគល់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភី មេដាយមាសពិភពលោក កីឡាប៉េតង់ ប្រចាំឆ្នាំ ២០១៧ នៅទីក្រុង GHENT ប្រទេសប៊ែលហ្សិក

154

CNV: 20 ខែ​មេសា, 2017

ជោគជ័យឆ្នាំថ្មី និងការខិតខំយកបានមេដាយមាស និងប្រាក់ នៃកីឡាប៊ូល ឬប៉េតង់ពិភពលោក

ដើម្បីជាការអបអរសាទរនូវជោគជ័យឆ្នាំថ្មី ដែលទើបនឹងមកដល់ថ្មីៗនេះ ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជា​របស់ យើងក៏បានទទួលនូវជោគជ័យថ្មី ដែលវីរៈកីឡាការិនី អ៊ុក ស្រីមុំ បាននាំមកនូវកិត្តិយសសម្រាប់ជាតិ និងប្រជា ជន(កម្ពុជា)។ សូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា រួមជាមួយខ្ញុំ ដើម្បីស្វាគមន៍ វីរៈកីឡាការិនី អ៊ុក ស្រីមុំ, សូមអញ្ជើញ។ ក៏សូមអញ្ជើញផងដែរ លោកគ្រូ សុខ ម៉ុង។ ទន្ទឹមនឹងចំណាត់ថ្នាក់ មេដាយមាសពិភពលោក យើងក៏នៅមានចំណាត់ថ្នាក់មេដាយប្រាក់ពិភពលោក(មក)ជាមួយគ្នាផងដែរនៃ(ប៉េ តង់) ការវាយ(ជា)គូ ក៏សូមអញ្ជើញកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរាឃីម​។​ ក៏សូមអញ្ជើញ លោកគ្រូ អឹង ផាត។ ឥឡូវនេះ សូមអញ្ជើញទៅវិញចុះ សូមបង្ហាញខ្លួនប៉ុណ្ណឹងសិន។

ទេវតាឆ្នាំថ្មី ពិតជាមិនធ្វើអោយយើងខកចិត្តទេ ប៉ុន្តែបើពឹងតែលើទេវតាសុទ្ធសាធ ប្រហែលជាយើងគ្មានមេ ដាយមាស និងមេដាយប្រាក់នោះទេ។ អ្នកទាំងឡាយបានខិតខំច្រើនណាស់ ដើម្បីធ្វើដំណើរចេញពីកម្ពុជា ឆ្ពោះទៅរកការប្រកួតឆ្លងទ្វីប គឺនៅឯអឺរ៉ុបឯណោះ។ មើលក្នុងប្រវត្តិ តាមរបាយការណ៍របស់ក្រសួងអប់រំ យុវ ជន និងកីឡា និងការរាយការណ៍របស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា អម្បាញ់ មិញនេះ បានបង្ហាញអំពីការឆ្លងកាត់ការប្រកួតដ៏តានតឹង ដែលវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កញ្ញា អ៊ុក ស្រីមុំ ត្រូវបានឆ្លងកាត់ការប្រកួតជាមួយនឹងម្ចាស់ប៊ូលតែម្ដង ព្រោះថាប៊ូលហ្នឹងចេញពី​ប្រទេសបារាំង។ ជានិច្ចកាល កីឡារបស់យើងតែងឆ្លងកាត់នូវដំណាក់កាលចុងក្រោយ និងមុនទៅ​រកការប្រកួតផ្ដាច់ព្រ័ត្រ ដូចជាលោកស្រី កែ ឡេង គឺសុទ្ធតែបានឆ្លងកាត់ជាមួយ(កីឡាករ)បារាំងហ្នឹងតែម្ដង។

អញ្ចឹងអ្នកដែលយើងបានឆ្លងកាត់ មិនមែនដំឡូងមូលទេ គឺខ្លាំង។ ប៉ុន្តែការខិតខំប្រឹងប្រែងជំនះទៅលើបញ្ហា ធាតុអាកាស ហើយនិងការខុសគ្នានូវពេលវេលា។ (កីឡាកររបស់យើង)ក៏បានផ្ដល់ជាតិ និងប្រជាជនរបស់ យើងដ៏ធំធេង ដែលថ្ងៃនេះ យើងទទួលទាំងមេដាយមាសផង និងទទួលមេដាយប្រាក់ ក្នុងទីកន្លែងតែមួយគឺ នៅប្រទេសប៊ែលហ្ស៊ិកឯណោះ។ បើយើងមើលពីចំណុចនៃការវាយផ្ដាច់ព្រ័ត្រចុងក្រោយនៃការប្រកួតនេះ យើង ត្រូវឆ្លងកាត់ជាមួយនឹងទុយនេស៊ីទាំងពីរ។ កញ្ញា អ៊ុក ស្រីមុំ បានវាយឈ្នះទៅលើកីឡាការិនីរបស់ទុយនេស៊ី។ ក៏ប៉ុន្តែ ផ្នែកវិញ្ញាសាវាយពីរទល់ពីរ ស្រ្ដីមួយប្រុសមួយ យើងក៏ចាញ់ទុយនេស៊ីវិញដែរ។ អញ្ចឹងរវាងទុយនេស៊ី ជាមួយយើង ដែលសុទ្ធសឹងតែជាប្រទេសកំពុងអភិវឌ្ឍន៍ គឺប្រហាក់ប្រហែលគ្នា តែថ្ងៃក្រោយអាចនឹងជួបគ្នា នៅទីកន្លែងផ្សេងៗដទៃទៀត។

ខ្ញុំសុំយកឱកាសនេះ ជាមួយនឹងការថ្លែងនូវការកោតសរសើរចំពោះការខិតខំរបស់កីឡាករ កីឡាការិនី ព្រម ទាំងគ្រូបង្វឹកផងដែរ ដែលបានប្រឹងប្រែងក្នុងរយៈពេលកន្លងទៅ និងការប្រកួតឈ្នះលើកនេះ ក៏ដូចជាការ​ឈ្នះ មុន។ សង្ឃឹមថា យើងនឹងបន្តទទួលជោគជ័យបន្ថែមទៀត តាមរយៈនៃការហ្វឹកហាត់ដើម្បីបង្កើននូវ​សមត្ថ ភាពនៃការប្រកួត។ ប្រទេសជាច្រើននៅលើពិភពលោកបានចូលរួមនូវការប្រកួត ហើយនៅក្នុងនេះ លើកនេះ យើងឆ្លងកាត់ការប្រកួតជាមួយនឹង ៤៥ ប្រទេស។ ដូច្នេះ វាមិនមែនជាបញ្ហាលេងសើចមួយនោះទេ ដែលក្នុង ចំណោម​ ៤៥ ប្រទេស ហើយ(យើងបានប្រកួតជាមួយនឹង)កីឡាករ កីឡាការិនីយ៉ាងច្រើន យើងទទួលបាន ចំណាត់ថ្នាក់បែបនេះ។ ខ្ញុំសូមអរគុណជាមួយនឹងសហព័ន្ធកីឡាប៊ូល ឬប៉េតង់ ដែលបានប្រឹងប្រែងក្នុងរយៈ ពេល​កន្លងទៅ ហើយខ្ញុំឯកភាពជាមួយនឹងឯកឧត្តម ថោង ខុន។

សម្ដេចក្រឡាហោម ស ខេង ជាប្រធានក្លឹបសហព័ន្ធកីឡាប៊ូល ឬប៉េតង់

កីឡាដែលសម្ដេចវិបុលបញ្ញា សុខ អាន ចូលចិត្តបំផុត គឺកីឡាប៊ូល ឬប៉េតង់នេះឯង។ រាល់ពេលវេលា​នៃការ ប្រកួតកន្លែងនេះកន្លែងនោះ ហើយទទួលជោគជ័យ អ្នកដែលផ្ញើសារជូនខ្ញុំមុនគេ គឺខ្លួនគាត់តែម្ដង។ ឥឡូវ​ទោះ​បី​ថា គាត់បានមរណកាលទៅហើយ ក៏ប៉ុន្តែបានបន្សល់ទុកនូវក្លឹបសហព័ន្ធនេះ ដើម្បីការ​លូតលាស់នូវកីឡា​ប៊ូល ឬប៉េតង់តទៅទៀត។ អម្បាញ់មិញ ខ្ញុំឮថា សម្ដេចក្រឡាហោម ស ខេង ក៏បានយល់ព្រម ដើម្បីមក​ធ្វើ​ជា​ប្រ​ធាន(ក្លឹបសហព័ន្ធកីឡាប៊ូល ឬប៉េតង់)ផ្ទាល់ នេះគឺជាការល្អ ដើម្បីពង្រឹងសមត្ថភាពនៃកីឡាប៊ូល ឬ​ប៉េតង់​របស់កម្ពុជា។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើការប្រកួតកីឡាប៊ូល ឬប៉េតង់ នៅឆ្នាំ ២០១៩

មិនមែនជាប្រកួតត្រឹមតែមួយឆ្នាំ ពីរឆ្នាំទេ ការប្រកួតបែបនេះ នឹងត្រូវធ្វើរៀងរាល់ពីរឆ្នាំម្ដង។ ខ្ញុំបានឯកភាព អនុញ្ញាតអោយកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប៊ូល និងប៉េតង់ពិភពលោកនៅឆ្នាំ ២០១៩ ដែលពេលនោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ សង្ឃឹមថា កីឡាករ កីឡាការិនី របស់យើង ដែលសិ្ថតនៅក្នុងការប្រកួតនេះ នឹង​ទទួល​បាននូវមេដាយច្រើនទៀត ដោយសារម្ហូបយើង ធាតុអាកាសយើង ម៉ោងយើង។ ដូច្នេះប្រហែល​ជា​ដៃ​ត្រង់។ តែយ៉ាងណាក៏ដោយ មិនប្រាកដថា ម្ចាស់ផ្ទះអាចឈ្នះការប្រកួតនោះទេ ព្រោះនៅលើមេឃមាន​មេឃ​ទៅ​ទៀត មិនមែននៅលើមុខមានមួក លើមួកមានមេឃទេ។ នៅទីនេះ យើងថាយើងខ្លាំង ក៏ប៉ុន្តែ ក៏នៅមាន​អ្នក​ខ្លាំង​ជាងយើង។

ផ្ដល់ការដំឡើងឋានន្តរសក្ដិដល់កញ្ញា អ៊ុក ស្រីមុំ និងលោក ញ៉ែម បូរ៉ា ជាការលើកទឹកចិត្ត

ខ្ញុំពិតជាមានមោទនភាព ហើយថ្ងៃនេះ ដោយសារអ្នកមីង អ៊ុក គឹមលី ដែលជាមាតា(របស់កញ្ញា អ៊ុក ស្រីមុំ)​ក៏​បាន​មកជាមួយ អរគុណដែលបានបង្កើតកូនមកជួយនាំមកនូវកិត្តិយសដល់ជាតិ។ ដែលមុននេះពីរថ្ងៃ នៅជា​អនុ​សេនីយឯក អ៊ុក ស្រីមុំ ឥឡូវក៏បានក្លាយទៅជាវរសេនីយត្រី អ៊ុក ស្រីមុំ តាមរយៈនៃការ​ដំឡើង​ឋានន្តរ​សក្ដិ​មួយ​ថ្នាក់ ដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ។ យើងបាននិយាយ​គ្នា​យ៉ាង​ដូច្នេះ តាមរយៈនៃការដាក់ចេញនូវបទដ្ឋាននេះ រដ្ឋមន្រ្តីក្រសួងការពារជាតិបានចុះ​ហត្ថលេខារួចហើយ។ ដោយ​ឡែក សម្រាប់លោក ញ៉ែម បូរ៉ា ដែលមុននេះ ក៏ជាអនុសេនីយឯក នៃកម្លាំងអង្គ​រក្ស​ការ​ពារវិ​មាន​សន្ដិ​ភាពទីស្ដីការគណៈរដ្ឋមន្រ្ដីនេះតែម្ដង ឥឡូវក៏បានក្លាយទៅជាវរសេនីយត្រីហើយដែរ។ យើងក៏មានផែនការ​យ៉ាង​ដូច្នេះ​តទៅទៀត ដែលជាការលើកទឹកចិត្តសម្រាប់ការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ប្រសិន​បើ​សិ្ថតនៅក្នុងក្របខណ្ឌកងយុទ្ធពលខេមរភូមិន្ទ ឬកងនគរបាលជាតិ ក៏យើងធ្វើដូចគ្នា ដើម្បីការដំឡើងឋា​នន្តរ​​សក្ដិសម្រាប់កីឡាករ កីឡាការិនីរបស់យើង។

សម្រាប់កញ្ញា ស្រ៊ាង សុរាឃីម តាមប្រវត្តិរូប​ កញ្ញាក៏ជានិស្សិតឆ្នាំទី ១ ផងដែរ ប៉ុន្តែយើងគ្មាន​លទ្ធ​ភាព​ដើម្បីបញ្ជូនអោយឡើងមួយថ្នាក់បានទេ(ចូលឆ្នាំទី ២) ព្រោះនេះគឺជារឿងរៀន។ តែយ៉ាងណាក៏ដោយ សង្ឃឹម​ថា សាកលវិទ្យាល័យដែលកញ្ញាកំពុងសិក្សាជានិស្សិតឆ្នាំទី ១ និងផ្ដល់ឱកាសងាយស្រួល​សម្រាប់ការហ្វឹក​ហាត់​របស់កញ្ញាមួយផ្នែក។ កញ្ញាបន្តការសិក្សា ហើយឥឡូវនេះ ខ្ញុំសុំសួរកញ្ញាបន្ដិច កញ្ញារៀន​បង់ថ្លៃ តើរៀន​នៅ​សាកលវិទ្យាល័យណា? សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែល(សាកលវិទ្យាល័យ​នេះ)ខ្ញុំទើប​នឹងចែក​សញ្ញា​បត្រ​ព្រឹកមិញ។ ឥឡូវនេះ (តើកញ្ញា)រៀនបង់ថ្លៃ ឬអី? អាហារូបករណ៍ (ដែល)សហព័ន្ធបានសុំអោយ អញ្ចឹងល្អ​ណាស់។ បន្តតាមរយៈអាហារូបករណ៍ហ្នឹងទៅ យកបរិញ្ញាបត្រអោយបាន បន្ទាប់ទៅអាចនឹងឈាន​ទៅយក​បរិញ្ញា​បត្រជាន់ខ្ពស់ទៀត ព្រោះថាយើងមិនអាចបោះបង់ចោលកីឡាត្រឹមនេះទេ ព្រោះឥឡូវយើង​អាយុត្រឹម​ហ្នឹង យើងនៅការប្រកួតច្រើនទៀត។ ដល់ពេលយើងប្រកួតស្រាប់តែគេអានប្រវត្តិរូបយើងថា កីឡាកររូបនេះគឺ​ជា​អ្នក​ដែលមានបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ វាក៏ជាមោទនភាពជាតិរបស់យើងមួយដែរ។ លើកនេះយើង​មាន​អនុសេនីយឯកពីរនាក់ចេញទៅប្រកួត លើកក្រោយពេលដែលទៅនោះ បើសិនជាមានទាំង​វរសេ​នីយ កែ ឡេង គឺមានរហូតដល់បីនាក់បន្ថែមទៀតដើម្បីប្រកួត។ ប្រហែលជានៅមិនឆ្ងាយទេ អ្នកទាំង​នេះ​អាចទៅស៊ី​ហ្គេម បន្ទាប់ទៅចូលប្រកួតនៅទីក្រុងភ្នំពេញរបស់យើង គឺប្រកួតប៊ូល ​និងប៉េតង់សុទ្ធតែម្តង។

ខ្ញុំអរ​គុណ និងកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាការជាតិអូឡាំពិកកម្ពុជា និងបណ្តាសហព័ន្ធកីឡាដទៃទៀត ព្រមទាំងកីឡាករ កីឡាការិនីទាំងអស់ ដែលបានប្រឹងប្រែងខិតខំ​ក្នុងរយៈ​ពេល​កន្លងទៅនេះ​។ កាលពីថ្ងៃទី ៤ មេសា ​ពេលព្រឹក យើងបានជួបជុំគ្នានៅកន្លែងសម្ពោធ​ដាក់ឲ្យប្រើ​ប្រាស់​នូវ​មជ្ឈ​មណ្ឌលកីឡា ព្រមទាំងបើកការដ្ឋានសាងសង់កីឡាដ្ឋាន ដែលចំណាយទឹកប្រាក់ នៃការសាងសង់ ដែល​ជាជំ​នួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន រហូតទៅដល់ ១៥៧ លានដុល្លារសហរដ្ឋ​អាមេ​រិក។ បូកសរុបនឹងអ្វី ដែលយើងបានកសាងរួចទៅហើយសម្រាប់កន្លែងបាល់ទះ បាល់បោះ ការប្រកួត​មួយ​ចំនួន​ផ្សេង​ទៀត និងកន្លែងហែលទឹក ការលេងបាល់ក្នុងទឹក ការលោតចុះ ដែលគេហៅថាការលោត​តាមរបៀប​ក្បាច់​វិល​ខ្លួនអីនោះ ដែលសុទ្ធតែជាកម្រិតស្តង់ដារកីឡាអន្តរជាតិ។

កម្ពុជា បានទទួលហើយ មេដាយ​មាស​​កម្រិតពិភពលោក កម្រិតតំបន់អាស៊ី និងក្នុងក្របខណ្ឌស៊ីហ្គេម …

យើងឈានជាបណ្តើរៗឆ្ពោះទៅរកភាពជោគជ័យ ឬក៏អាចនិយាយបានថា ភាពស្មើមុខ ស្មើមាត់ ជាមួយនឹង​ប្រ​ទេសដទៃដូចខ្ញុំធ្លាប់បាននិយាយ មិនប្រាកដថា ប្រទេសដែលមានចំនួនប្រជាជនច្រើន ប្រទេសដែលមាន​ប្រាក់​កាសច្រើន ពូកែកីឡានោះទេ​ ហើយក៏មិនប្រាកដថាប្រទេសដែលមានប្រជាជនតិច និងប្រទេសក្រីក្រ មាន​ភាពទន់ខ្សោយខាងវិស័យកីឡានោះទេ។ បញ្ហាសំខាន់ទីនេះ យើងមានការយល់ដឹងមួយ នោះគឺការ​ខិត​ខំ​ប្រឹង​ប្រែង ដើម្បីបង្កើនសមត្ថភាពរបស់យើង។ ពេលវេលាបានកន្លងផុត បើទោះបីថាសោកនាដ​កម្ម​បាន​ផ្តល់​សម្រាប់​ប្រជាជន ប៉ះមកលើប្រជាជនយើង ក៏ប៉ុន្តែ​យើងបានរួមគ្នាជំនះនូវឧបសគ្គទាំងឡាយ ធ្វើដំណើរ​បន្តិច​​ម្តង​ៗ ពីភាពខ្ទេចខ្ទាំ មកកាន់ដំណាក់កាលមួយថ្មី ដែលពេលនេះយើងបានស្គាល់ហើយ​នូវរសជាតិមេដាយ​មាស​​កម្រិតពិភពលោក មេដាយមាសកម្រិតតំបន់អាស៊ី និងមេដាយមាសនៅក្នុងក្របខណ្ឌស៊ីហ្គេម និងការ​ប្រ​កួត​ដទៃទៀត។ មិនមែនគ្រាន់តែមួយវិញ្ញាសា ឬពីរវិញ្ញាសាទេ យើងត្រូវខិតខំគ្រប់វិញ្ញាសាទាំងអស់។ ហើយ​សូម​បងប្អូនអ្នកដែលនិយមគាំទ្រកីឡា ផ្តល់នូវការលើកទឹកចិត្ត និងគាំទ្រចំពោះចលនាកីឡាជាតិរបស់យើង ដូច​​ដែលបាន និងធ្លាប់ធ្វើកន្លងទៅ។

យកថ្ងៃទី ៤ មេសា ជាកំណត់ត្រាក្នុងតំបន់ និងអត្ថន័យនៃម៉ូតូអម ១២ គ្រឿង

កាលពីថ្ងៃទី ៤ នេះផងដែរ បន្ទាប់ពីពេលព្រឹកយើងបើកការដ្ឋាន និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផល យើងមានឱកាសជួបជុំគ្នា ដើម្បីបាយទឹកជាមួយគ្នា មិនដឹងថាកីឡាទាំងនេះមុនចេញទៅប្រកួតបានទទួល​ទាន​អាហារជាមួយខ្ញុំឬអត់? មួយឆ្នាំម្តងយើងត្រូវជួបគ្នា រៀងរាល់ល្ងាចថ្ងៃទី ៤​ មេសា។ នេះជាការជួបជុំ​ដ៏ធំ​ក្នុង​កំណត់ត្រា បើមិនកំណត់ត្រាពិភពលោកទេ វាជាកំណត់ត្រាក្នុងតំបន់ ដែលនាយករដ្ឋមន្ត្រីត្រូវជួបផ្ទាល់ ដើម្បី​លើកទឹកចិត្តជាមួយកីឡាករ កីឡាការិនីរបស់យើង។ ខ្ញុំមិនដែលសន្យាទេ តែនៅពេលនិយាយហើយ ខ្ញុំ​ត្រូវធ្វើ។ នៅពេលដែលទទួលបាននូវលិខិត ដំបូងទទួលបាននូវព័ត៌មានពីការប្រកួត ខ្ញុំត្រូវបង្ហោះតាមហ្វេស​ប៊ុក​របស់ខ្ញុំមួយសិន នៅពេលមានរបាយការណ៍របស់ឯកឧត្តម ហង់ ជួនណារ៉ុន អំពីការត្រៀមរៀបចំ ខ្ញុំ​បាន​ដក​កម្មវិធីមួយចេញដែលខ្ញុំត្រូវធ្វើល្ងាចនេះ​ ផ្ទេរមកជាការស្វាគមន៍កីឡាការិនីលេខមួយមេដាយមាស កីឡាករ កីឡាការិនីមេដាយប្រាក់វិញ។ ព្រោះយើងបាននិយាយគ្នាយ៉ាងដូច្នេះ មេដាយមាសត្រូវប្រើប្រាស់ម៉ូតូ ១២ គ្រឿង ដែលបើគិតទៅតាមពិធីការសម្រាប់ការប្រើប្រាស់ម៉ូតូអម កម្រិតរបស់វាមិនទាបជាង​នាយករដ្ឋ​មន្ត្រី​នោះ​ទេ។

បើសិនជាកញ្ញា អ៊ុក ស្រីមុំ មិនបានទទួលមេដាយទេ ក៏គ្មានហេតុផលនឹងយកម៉ូតូ ១២ គ្រឿងដែលត្រូវ​អម​ប្រ​មុខ​រដ្ឋាភិបាល ប្រមុខរដ្ឋទៅអមដែរ។ នេះជាការអមនឹងមេដាយ ធ្វើដំណើរពីពោធិចិនតុងមកកាន់ទីនេះ​។ ដោយ​​សារ​ពេលនោះ រៀបចំមិនទាន់ ពេលល្ងាចថ្ងៃទី ១៨ មកដល់ ហើយថ្ងៃទី ១៧ ទៅហើយ បាន​លើក​សំ​ណើ​នោះមកដល់ខ្ញុំ។ បើសិនជាពេលនោះ យើងចេញពីពោធិចិនតុង ព្រលានយន្តហោះអន្តរជាតិ​មកកាន់ទី​នេះ​តែម្តងក៏បានដែរ។ កាលកញ្ញា ស៊ន សៀវម៉ី ខ្ញុំចាំដល់ម៉ោង ១២ យប់​ឯណោះ នៅទីនេះ ដើម្បី​ទទួល​ស្វា​គមន៍។ ខ្ញុំមិនមានទម្លាប់សន្យាខ្យល់ទេ ក៏ប៉ុន្តែខ្ញុំត្រូវធ្វើឲ្យបាននូវកិច្ចការដែលខ្ញុំត្រូវធ្វើ ទាក់ទងនឹងការលើក​​ទឹក​ចិត្តកីឡាករ កីឡាការិនីរបស់យើង។

Comment ក្នុងហ្វេសប៊ុក ទាក់ទងនឹងការឧបត្ថម្ភកីឡាករលម្អៀង

សូមបងប្អូនដែលមុននេះមិនយល់ ហើយតែងតែចូលមក comment នៅក្នុងហ្វេសប៊ុករបស់ខ្ញុំ នៅពេលដែល ខ្ញុំបានឧបត្ថម្ភចំពោះកីឡាបាល់ទាត់កម្ពុជា នៅពេលដែលគេប្រកួតឈ្នះម្តងៗ ខ្ញុំបានឧបត្ថម្ភតាមរយៈឧត្តមសេ នីយ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ ក្នុងម្នាក់ ១ ពាន់ដុល្លារ ទោះបី​ប្រកួតមិត្តភាពក៏ដោយ។ ពេលនោះមានការចូលមកបង្ហាញនូវការមិនសប្បាយចិត្ត ហើយក៏លើកថា យើងមានភាពលំអៀង ដោយមិន​បានគិតគូរអំពីកីឡាប្រដាល់។ កាលពេលប្រជុំនៅទីក្រុងបាងកក ប្រទេសថៃ ពេលនោះនៅទីក្រុងភ្នំពេញមាន​ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិស្រីលង្កា។ នៅក្នុងពេលដែលកម្ពុជា​ទាត់ចូលតង់ទី ១ ពីរគ្រាប់ ហើយក៏សម្រាក ពេលនោះប្រធានាធិបតីស្រីលង្កាកំពុងអង្គុយជាមួយខ្ញុំ។​ខ្ញុំ​ក៏បាន​និយាយជាមួយគាត់ថា យើងកំពុងប្រកួត ហើយពេលនេះកម្ពុជាកំពុងនាំមុខពីរសូន្យ។

ជាការប្រកួតលើទឹកដីកម្ពុជា ហើយពេលដែលកម្ពុជាទៅប្រកួតនៅស្រីលង្កាវិញច្បាស់ជាស្រីលង្កានឹង​យកឈ្នះ​វិញ ហើយក៏មិនទាន់ប្រាកដថា តង់ទី ២ វគ្គទី ២ នេះវាទៅជាយ៉ាងណា?​ ពេលនោះ យើងដូច​ជា​បាន​ទាត់​ចូល​ស្រី​លង្កាបួនសូន្យ … ពេលនោះ មានអ្នកចូលមក comment ថាសម្តេចលំអៀង។ ដោយសារតែ​ប្រឹងប្រែង​សម្រាប់​ការពន្យល់ ខ្ញុំបានខិតខំវ៉ៃឆ្លើយតបពន្យល់ទាំងយប់ រហូតទៅដល់ប្រហែលម៉ោង ១ យប់ ព្រោះក្រោយ​ការ​ជប់លៀង ហើយរវល់មើលឯកសារសម្រាប់ប្រជុំស្អែក បានមកមើលហ្វេសប៊ុក។ កីឡាប្រដាល់នេះ សុំ​​ទៅ​សួរ​បុស្តិ៍លេខ ៣ បុស្តិ៍លេខ ៥ និងបុស្តិ៍ស៊ីធីអិន។ ការចាប់ផ្តើម ខ្លួនខ្ញុំនេះហើយ ជាមួយ​ភរិយា​ដែល​ផ្តល់​នូវ​ការ​គាំទ្រសម្រាប់វិស័យកីឡានេះ នៅពេលដែលមានក្រុមហ៊ុនឧបត្ថម្ភ។ វាជាភ័ព្វសំណាងមួយ ចាប់ពីល្ងាចថ្ងៃ សុក្រ ដល់ថ្ងៃអាទិត្យសុទ្ធតែវ៉ៃគ្នាតាមបុស្តិ៍ទូរទស្សន៍ ហើយសុទ្ធតែមាន sponsor ទាំងអស់ ប៉ុន្តែ ភរិយា​របស់​ខ្ញុំ មួយអាទិត្យៗ  គាត់ត្រូវចំណាយលុយ តែគាត់មិនប្រកាសទេ គាត់មិនឲ្យប្រកាស។

អ្នកខ្លះ ត្រូវគេវាយសន្លប់ ព្រោះធម្មតាកីឡា អាហ្នឹងគេដាក់សន្លប់ៗហើយ អាហ្នឹងវាអញ្ចឹង ខ្លះគ្នាប្រកួត​លែង​បាន​ដូចជា ឡៅ ស៊ីណាត ឡៅ ចន្ទ្រា ប៉ុន្តែ ឡៅ ស៊ីណាត ដូចជាប្រកួតលែងកើត ភរិយា​ខ្ញុំសុទ្ធ​តែមាន​ការ​ឧបត្ថម្ភ​អ្នកទាំងនោះ។ មានកីឡាប្រដាល់ច្រើនណាស់ ប្រភេទកីឡាដទៃទៀត មិនមែនថាយើង ខ្វះការយកចិត្ត​ទុក​ដាក់ទេ។ អញ្ចឹងបានជាជម្រើសដ៏ល្អជាងគេ គឺរៀបចំបទដ្ឋានមួយ ដែលយើងបានធ្វើរួចមកហើយ ហើយ​នឹង​បន្តកែលម្អ ដោយផ្តល់នូវប្រាក់ចំណាយបន្ថែមទៅលើការហ្វឹកហាត់សម្រាប់ផ្នែកជម្រើសជាតិ និងប្រាក់​រង្វាន់​កាន់តែច្រើនទៅៗ សម្រាប់កីឡាដែលទទួលបានជោគជ័យពីការប្រកួត។

ហេតុអីកីឡាគេមាន កីឡាខ្មែរយើងក្រ

នៅពេលមួយក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន Duterte ពេលនោះ Pacquiao ដែលជា​ស្តេច​ប្រដាល់របស់អាស៊ាន ក៏បានមកជាមួយ។ ក្នុងពេលចរចានោះ ខ្ញុំក៏បាននិយាយថា សុំឲ្យ Pacquiao ត្រ​ឡប់​មកកាន់កម្ពុជាវិញសាជាថ្មីម្តងទៀត ដើម្បីជួយដល់កីឡាកម្ពុជាផង និងជួយទៅដល់បញ្ហាសង្គមទាក់ទិន​ជា​មួយ​នឹងបញ្ហាដូចជាការឃោសនារឿងបញ្ហាចរាចរណ៍ រឿងគ្រឿងញៀន។ ពេលជប់លៀងនៅក្នុងព្រះ​បរម​រាជវាំង​ដែលរៀបចំដោយព្រះមហាក្សត្រជាទីសក្ការៈ ខ្ញុំ និង Pacquiao បានសែលហ្វ៊ីជាមួយគ្នា បន្ទាប់​ទៅ ខ្ញុំក៏បានបង្ហោះទៅតាម Facebook page របស់ខ្ញុំ ក៏មានអ្នកចូលមកសួរ ថាសម្តេចហេតុអី​បានកីឡា​ស្រុក​គេមានលុយ ឯកីឡារបស់យើងក្រម្ល៉េះ? ខ្ញុំបានវាយរួចទៅហើយ ក៏ប៉ុន្តែ ទីចុងបំផុតខ្ញុំមិនព្រមចុច​បញ្ជូន​​ទេ ខ្ញុំលុបចោលវិញ។ ដើម្បីឲ្យមានលុយ វាយឲ្យពូកែដូច Pacquiao ទៅ វាឈ្នះហើយ វាមានលុយហើយ កុំ​ពិ​បាកពេក​ … តម្លៃខ្លួន Pacquiao ទោះបីចាញ់ ឬឈ្នះក៏ដោយ តែឡើងវាយម្តង ២០ ទៅ ៤០ លានដុល្លារ ឯណោះ។ ចាញ់ក៏ដោយ ឈ្នះក៏ដោយ តម្លៃខ្លួនវាអញ្ចឹង។

ការឆ្ងល់ខ្លះ ក៏ទាមទារឲ្យយើងបកស្រាយពន្យល់ ប៉ុន្តែ ក៏មានរឿងមួយ គឺរឿងកីឡាបារាំង កីឡាបាល់ទាត់​បារាំង​ដែលនៅ World Cup ១៩៩៨ ទទួលបានលេខ ១ ពេលនោះប្រកួតផ្តាច់ព្រ័ត្ររវាងបារាំង និងប្រេ​ស៊ីល។ ពេលនោះ តាមខ្ញុំដឹង Ronaldo របស់ប្រេស៊ីលមិនបានចូលទាត់ទេ ព្រោះរបួស អញ្ចឹង Zidane ដើរតួឯក។ ប៉ុន្តែ ក្រុមនេះទៅហាលអាវ នៅឯអាហ្រ្វិកខាងត្បូង។ ដល់អតីតនាយករដ្ឋមន្រ្តី François Fillon មក​ទស្សនកិច្ចស្រុកខ្មែរ … យកកាដូ ប៊ូល (មកអោយខ្ញុំ)​ដោយសារគាត់នៅស្រុកបារាំង​ប្រទេស​គាត់​ផលិត​ប៊ូល ហើយគាត់ដឹងថាខ្ញុំក៏ជាអ្នកលេងប៊ូលដែរ … គាត់និយាយថា កីឡាបារាំងត្រូវមានការកែលម្អហើយ ព្រោះ​កីឡាម្នាក់ៗវាមានលុយច្រើនពេក ដល់វាមានលុយច្រើនពេក វាខ្លាចបាក់ដៃបាក់ជើងវាដែរ វាអត់សូវដេញ​បាល់។ វាទៅជាអញ្ចេះទៅទៀត។ ដល់មានលុយច្រើនពេកទៅ ព្រោះតម្លៃខ្លួនមួយៗវាសំបើមពេក ខ្ញុំមិនដឹងថា តើ​ការលក់កីឡាករ កីឡាការិនី នេះវាក្លាយជាការជួញដូរមនុស្សឬអត់? បើនិយាយអំពីច្បាប់ ព្រោះដូចជា Ronaldo របស់ប្រទេស Portugal តម្លៃខ្លួនសំបើមណាស់។

… អញ្ចឹងខ្ញុំនិយាយរឿងនេះ​ដើម្បីពន្យល់​ដល់​អ្នក​គាំទ្រកីឡានីមួយៗឲ្យយល់ ការលើកជាសំនួរថា ហេតុអី​កីឡា​ស្រុកគេមាន កីឡាស្រុកយើងវាក្រ។ ឥឡូវប្រឹងទៅ ប្រឹងឲ្យដូចគេហ្នឹងទៅបានហើយ មិនបាច់ចាំស្អីទេ ឥឡូវ​គ្រាន់តែ ចាន់ វឌ្ឍនាការ ក៏បានចូល​ទាត់​នៅក្លឹបនៅជប៉ុន រកបាន ២ គ្រាប់ ឲ្យក្រុមបាល់ទាត់របស់​ជប៉ុន​មួយ​ក្រុមទៅហើយ ហើយក៏បានរួមចំ​ណែក​យកឈ្នះទៅលើក្រុមមួយផ្សេងទៀត។ អញ្ចឹង បើសិនជាយើង​មាន ចាន់ វឌ្ឍនាការ ច្រើន មាន ប្រាក់ មុន្នីឧត្តម ច្រើន វាច្បាស់ជាយើងជើងឯកក្នុងអាស៊ានហើយ បើ​​អញ្ចឹង​​មិនខ្វះ​ទេនៃការជួយ​ជ្រោមជ្រែងទាំង​ឡាយ​នោះ។ ព្រឹកមិញថា មិននិយាយច្រើនទេ និយាយតិច តែឥឡូវ​វា​ច្រើន​ទៀត …។

រង្វាន់ សម្រាប់កីឡាការិនី អ៊ុក ស្រីមុំ និងគ្រូបង្វឹក

យោងទៅលើអនុក្រឹត្យដែលបានកំណត់ពីប្រាក់ឧបត្ថម្ភ និងការជាទម្លាប់នៃការចូលរួមឧបត្ថម្ភ ដោយខ្ញុំ និងគ្រួ​សារ​។ ថ្ងៃនេះ កញ្ញា អ៊ុក ស្រីមុំ ឬថា វរៈសេនីយត្រី ព្រោះជាងារថ្មី ពីមុនអនុសេនីយឯក ប៉ុន្តែ យើងហៅវរៈ​កីឡា​ការិនី អ៊ុក ស្រីមុំ ទទួលបាននូវថវិកា ដែលផ្តល់ដោយថវិកាជាតិ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១២០ លានរៀល​។ ​បន្ថែមពីលើនោះ ខ្ញុំ និងភរិយា ឧបត្ថម្ភជូន ១ ម៉ឺនដុល្លារ។ ឲ្យតែបានលេខមួយមក គឺ​បានប៉ុណ្ណឹងដូចតែគ្នាហ្នឹង ប៉ុន្តែ មិនទាំងបានលេខមួយផង ខ្លះចូលមក comment ក្នុងមេដាយពិភពលោក ដល់​ខ្ញុំសួរថា ប្រកួតនៅឯណា? ឆ្លើយមិនរួច។ បន្ថែមជាមួយនឹងប្រាក់ឧបត្ថម្ភនេះ ក្រសួងការពារជាតិក៏បាន​តម្លើង​ឋានន្តរ​សក្តិពីអនុសេនីយឯក ទៅកាន់វរៈសេនីយត្រីរួចហើយ។ បៀវត្សរ៍ក៏នឹងឡើងទៅតាមនោះដែរ។ ពេល​ខាងមុខ បើនៅតែទទួលបានបែបនេះតទៅទៀត ឡើងមួយសក្តិៗ។ សម្រាប់លោកគ្រូ សុខ ម៉ុង ជាគ្រូ​បង្វឹក ក៏ទទួលបាននូវថវិកាពីរដ្ឋ ១២០ លានរៀល ដូចគ្នា។ សម្រាប់ការឧបត្ថម្ភរបស់ខ្ញុំ ជូន ៣ ពាន់ដុល្លារ។ តិច​ជាងអ្នកប្រកួតបន្តិច។

រង្វាន់ សម្រាប់កីឡាករ ញ៉ែម បូរ៉ា និងគ្រូបង្វឹក/អ្នកស្រុកស្ទឹងត្រង់ ច្រើនធ្វើជានាយករដ្ឋមន្ត្រី

សម្រាប់កីឡាករ ញ៉ែម បូរ៉ា ដែលពេលនេះជាវរៈសេនីយត្រី ទទួលបាននូវថវិកាពីរដ្ឋ ចំនួន ៨០ លានរៀល។ និង​ថវិកាខ្ញុំ និងភរិយា ២ ពាន់ដុល្លារថែមទៀត។ ជាភ័ព្វសំណាងដែលយើងនៅស្រុកជាមួយគ្នា ប៉ុន្តែ មិន​មែន​​បក្សពួកនិយមទេ។ ខ្ញុំនៅពាមកោះស្នា នេះនៅព្រៃកក់ ស្រុកស្ទឹងត្រង់ជាមួយគ្នា ហើយពូជអ្នកស្ទឹងត្រង់នេះ  ផលិតនាយករដ្ឋមន្រ្តីរហូត ៣ នាក់ទៅហើយ … អ៊ិន តាំ ក៏ជាអ្នកស្រុកស្ទឹងត្រង់ ហង្ស ធន់ហាក់ ក៏ជាអ្នក​ស្រុក​ស្ទឹងត្រង់ ឯខ្ញុំក៏ជាអ្នកស្ទឹងត្រង់។ ប៉ុន្តែ ២ នោះ គេធ្វើការឲ្យអាមេរិកាំង ឯខ្ញុំជាអ្នកវាយអាមេរិកាំង។ វា​ខុស​គ្នាកន្លែងហ្នឹង។ គេប្រឆាំងជាមួយព្រះមហាក្សត្រ គេប្រឆាំងនឹងរាជានិយម ក៏ប៉ុន្តែ ខ្ញុំគឺជាអ្នក​គាំទ្រ​ព្រះ​មហា​ក្សត្រ និងរាជានិយម …។

រង្វាន់សម្រាប់កីឡាការិនី ស្រ៊ាង សុរាឃីម គ្រូបង្វឹក និងគណៈប្រតិភូដឹកនាំ

សម្រាប់កីឡាការិនី ស្រ៊ាង សុរាឃីម ដែលជាដៃគូប្រកួ​តវ៉ៃគូជាមួយ ញ៉ែម បូរ៉ា ក៏ត្រូវបានទទួលថវិការដ្ឋ តាម​រយៈ​ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៨០ លានរៀល ដូចគ្នាដែរ។ ហើយប្រាក់ឧបត្ថម្ភពីខ្ញុំ និងភរិយាចំនួន ២ ពាន់ដុល្លារដូចគ្នាដែរ។ លោកគ្រូ អឹម ផាត ដែលជាគ្រូបង្វឹក ក៏ទទួលបាននូវថវិការបស់រដ្ឋ​តាមរយៈ​ក្រសួង​អប់រំ យុវជន និងកីឡា ចំនួន ៨០ លានរៀលដូចគ្នា និងប្រាក់ឧបត្ថម្ភពីខ្ញុំផ្ទាល់ និងភរិយាចំនួន ២ ពាន់ដុល្លារ​ដូច​គ្នាដែរ។ សម្រាប់ប្រធានប្រតិភូ ​លោក សូម៉ៃ សុខគា មិនមានអនុក្រឹត្យចែងថា នឹងបាន​លុយប៉ុន្មានពីរដ្ឋទេ ក៏​ប៉ុន្តែ ខ្ញុំ និងភរិយា ក៏សូមឧបត្ថម្ភជូនចំនួន ២ ពាន់ដុល្លារដែរ។ ​     លោក ហ៊ុន សាមុត អនុប្រធានប្រតិភូ និង​លោក សុខ ចាន់មាន កីឡាករ (ទៅនឹងគេដែរ តែមិនទទួលមេដាយ) សូមជូនម្នាក់ ១ ពាន់ដុល្លារ។ បើសិន​ជា​កី​ឡា​ការិនី អ៊ុក ស្រីមុំ លោកគ្រូ សុខ ម៉ុង កីឡាករ ញ៉ែម បូរ៉ា កីឡាការិនី ស្រ៊ាង សុរាឃីម លោកគ្រូ គឹម ផាត មានសទ្ធាជ្រះថ្លា ក៏សុំតាមសទ្ធាជ្រះថ្លាទៅ មិនមែនជាការបង្ខំទេ។

ជ័យជំនះនេះ ជាតំណាងឲ្យកិត្តិយសជាតិ

ថ្ងៃនេះ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី សឹងតែមួយគណៈរដ្ឋមន្រ្តីតែម្តង ចូលមកស្វាគមន៍តំណាង​ឲ្យ​ជាតិ​យើង ដែលបាននាំមកនូវកិត្តិយសសម្រាប់ប្រទេសជាតិ។ នេះមិនមែនជារឿងដាច់ដោយឡែករបស់កញ្ញា អ៊ុក ស្រីមុំ ឬ កីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរាឃីម ទេ ក៏ប៉ុន្តែ វាជាកិត្តិយសសម្រាប់ជាតិយើង។ ងាយនរណាទៅរកបាន។ បើសិនជាខ្ញុំវិញ រង់ចាំជាតិក្រោយនោះ​ ហើយមិនប្រាកដថាកើតមកក្លាយ​ជាអ្នក​កី​ឡា​ទេ។ តែយ៉ាងណាក៏ដោយ នេះជាជោគជ័យរួមរបស់ជាតិយើង។ អ្នកដែលមិនពេញចិត្ត នៅតែបង្ហាញ​នូវ​ការ​មិនពេញចិត្ត។ ព្រោះអ្វី? បើគេបង្ហាញនូវការពេញចិត្ត ត្រឹមតែបង្ហោះហ្វេសប៊ុក អបអរសាទរកី​ឡា​ករ/ការិនី​របស់កម្ពុជា អត់អីលំបាកសោះ។ អ្វីដែលជាសមិទ្ធផលរដ្ឋាភិបាល មិនត្រូវបានទទួលការស្វាគមន៍ណាមួយ ពី​សំ​ណាក់អ្នកដែលមិនចង់នោះទេ ព្រោះការធ្វើដូច្នេះ វាជាការលើកមុខលើកមាត់គណបក្សប្រជាជនកម្ពុជា។ ជាការគួរឲ្យសោកស្តាយ រឿងនេះមិនមែនជារឿងគណបក្ស ឬមិនគណបក្សទេ តែជារឿងរបស់ជាតិ ដែលមិន​ត្រូវ​ប្រកាន់និន្នា្កការនយោបាយអីទាំងអស់។

តើមានហ្វេសប៊ុកផេកណាមួយរបស់ក្រុមមិនពេញចិត្ត បានប្រើពាក្យអបអរសាទរ ឬ congratulations? អត់​ទេ។ មិនថាតែពេលនេះទេ តាំងពីលើកមុនៗ ក៏អត់តែម្តង។ ចំលែកខ្មែរវា​នៅកន្លែងហ្នឹង រួចហើយតាំង​ទៅ​និ​យាយ បន្តិចទៀតបានពាក្យថែមហើយ លោក ហ៊ុន សែន ចាយលុយច្រើនណាស់ទៅលើកីឡា។ ជួន​កាល​អាច​ទៅជាអញ្ចឹងទៀត។ ឯងចាត់តាំងបុណ្យអុំទូក វាថាឯងហ្នឹងចាត់តាំងបំផ្លាញលុយ។ ដល់ពេលទឹករាក់ អុំ​​មិន​​កើត ថាឯងហ្នឹងចង់បំបាត់ប្រពៃណីជាតិ ឬខ្លាចគេធ្វើបាតុកម្ម។ ហាមាត់និយាយទៅកើត។ (យើង)គ្រប់​គ្រាន់​ល្មមដើម្បីនឹងតំណាងឲ្យជាតិក្នុងឋានៈជារាជរដ្ឋាភិបាលកើតចេញមកពីការឈ្នះឆ្នោត ដោយ​សម្លេង​ភាគ​ច្រើនរបស់ប្រជាជន។ យើងតំណាងឲ្យជាតិ មិនមែនសម្លេងភាគតិចតំណាងឲ្យជាតិទេ។

ភាពល្ងង់ខ្លៅក្នុងនយោបាយ

មានរឿងមួយ ខ្ញុំគួរតែនិយាយបន្តិច វាជាឱកាសល្អបំផុត គ្រាន់តែពាក្យមួយម៉ាត់ពីរម៉ាត់ ថោកអីនឹងដៃ ថ្លៃអី​នឹង​មាត់ សូម្បីព្រះមហាក្សត្រ ហ្លួងម៉ែ ព្រះអង្គក៏បានធ្វើនូវព្រះរាជសារជូនពរចំពោះខ្ញុំ លើការទទួលនូវពាន​រង្វាន់​​អាស៊ានមួយជីវិត។ ពេលនោះ ប្រសិនបើអ្នកខ្លះឆ្លៀតប្រើឱកាសនោះ ត្រឹមតែពាក្យ ៣ ម៉ាត់ ក៏ធ្វើឲ្យ ហ៊ុន សែន ជួបការលំបាកទៅវិញ។ ប៉ុន្តែ ភាពល្ងង់ខ្លៅរបស់គេ ក៏ធ្វើឲ្យ ហ៊ុន សែន មិនជំពាក់គុណ​នរណា​ទាំង​អស់។ មានអី គ្រាន់តែថា «ជូនចំពោះសម្តេច, ខ្ញុំសូមអបអរសាទរដែលសម្តេចទទួលបានពានរង្វាន់នេះ» ប៉ុណ្ណឹង។ អញ្ចឹងរុញ ហ៊ុន សែន ចូលកៀនជញ្ជាំងផ្លុក។ ឆ្លើយក៏លំបាក មិនឆ្លើយក៏លំបាក។ បើឆ្លើយ ត្រូវ​ថ្លែង​អំ​ណរគុណ បើមិនឆ្លើយគេថា សូម្បីតែជូនពរ ក៏មិនឆ្លើយ។ នយោបាយគឺបែបនេះឯង។ ភាពល្ងង់ខ្លៅខ្លះ យើង​អត់​ចាំបាច់កង្វល់ជាមួយនឹងការឆ្លើយឆ្លងអីទាំងអស់។ ត្រូវចំណាំ នៅពេលដែលគេមានទុក្ខ យើងបាន​រំ​លែក​ទុក្ខ​ជាមួយគេ ប៉ុន្តែនៅពេលដែលយើងមានទុក្ខ គេមិនបានរួមចំណែករំលែកទុក្ខជាមួយយើងទេ បន្ថែមទៅ​ដោយ​ការប្រមាថមាក់ងាយទៀតផង … ពាក្យខ្មែរថា ថោកអីនឹងដៃ ថ្លៃអីនឹងមាត់។ ប៉ុន្តែភាពជ្រុល​និយម​របស់​គេ បានទុកឲ្យគេធ្វើជារបស់ចំណាំរបស់ប្រជាជន ដែលបង្ហាញថានេះជាការរើសអើង។ មិនទាន់បាន​កាន់​អំ​ណាច​ផង ធ្វើប៉ុណ្ណឺងទៅហើយ​ ចុះទម្រាំបានអំណាចទៀត តើនឹងធ្វើបែបណាទៅ?

បោះឆ្នោត ដើម្បីសន្តិភាព ឬសង្គ្រាម?

គណបក្សប្រជាជនកាន់អំណាច អ្នកណាក៏នៅជាមួយបាន សន្តិភាពត្រូវបានធានាច្បាស់លាស់ បើកឱកាស​ឲ្យ​មនុស្សទាំងអស់ប្រកបអាជីវកម្មតាមលទ្ធភាពរៀងៗខ្លួន។ សូម្បីតែមុខវិជ្ជាដែលខ្លួនសិក្សាក៏យុវជន​មាន​សិទ្ធិ​ជ្រើសរើសតាមបំណង​ប្រាថ្នារបស់ខ្លួន។ អ្នកណាក៏រស់នៅជាមួយបាន ឱកាសសម្រាប់ការរីកចម្រើន​លើគ្រប់​វិស័យ រាប់ទាំងវិស័យកីឡា ត្រូវបានបើកចំហ។ ប៉ុន្តែ នៅពេលដែលគណបក្សប្រជាជន​មិន​កាន់​អំ​ណាច តើ​ប្រាកដថាសន្តិភាពនេះត្រូវបានធានាឬអត់? បើការលាបពណ៌ ការជេរប្រទេច ការប្រមាថមាក់ងាយ នៅតែបន្ត​កើត​​នៅក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។ នេះជាការដាស់តឿនមួយសម្រាប់ការបោះឆ្នោត​នៅ​ពេល​ខាងមុខ។ តើបោះដើម្បីសន្តិភាពបន្ត? ឬបោះដើម្បីសង្គ្រាម? ជ្រើសរើសទៅ រវាងសន្តិភាព និងសង្គ្រាម។ បោះឲ្យគណបក្សប្រជាជន សន្តិភាពនឹងមានបន្ត​ ឱកាសអភិវឌ្ឍនឹងមានបន្ត។ មិនមែនជាឱកាសឃោសនា​បោះ​ឆ្នោតមួយទេ ប៉ុន្តែជាការរំលឹកដាស់តឿនទាក់ទិនទៅនឹងការរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍជា​​បន្ត។

មើលចុះ​សោកនាដកម្ម ដែលបាន និងកំពុងកើតនៅអ៊ីរ៉ាក់ ស៊ីរី លីប៊ី និងប្រទេសមួយចំនួនទៀត តើនោះជាការ​​ចង់​បានរបស់ប្រជាជនកម្ពុជាទេ? តួនាទីរបស់បក្សកាន់អំណាចវាសំខាន់ណាស់សម្រាប់​សន្តិភាពរបស់ប្រ​ទេស​។ មិនមែនគ្រាន់តែនិយាយមួយម៉ាត់​ពីរម៉ាត់ ដូចជាការសន្យារបស់ពួក ប៉ុល ពត ឲ្យទម្លាក់អាវុធចុះ សន្តិ​ភាព និងការបង្រួបបង្រួមជាតិនឹងកើតមាន។ ទីចុងបំផុត សង្រ្គាម ការប្រ​ល័យពូជសាសន៍បានមកដល់។ ឬក៏តាមរយៈមធ្យោបាយរដ្ឋប្រហារ ១៨ មីនា ១៩៧០ គឺផ្លាស់ប្តូរហើយ។ ពិតជាផ្លាស់ប្តូរមែន ផ្លាស់ប្តូរពី​​ប្រ​ទេស​ដែលមានសន្តិភាពក្នុងដំណាក់កាលព្រះរាជកិច្ចដឹកនាំរបស់សម្តេច ព្រះនរោត្តម សីហនុ នៅពេលនោះ ផ្លាស់​ប្តូរទៅកាន់សង្រ្គាមមួយពិតប្រាកដ ហើយផ្លាស់ប្តូរជាបន្តបន្ទាប់រហូតដល់របបប្រល័យពុជសាសន៍។

តើនេះជាការចង់បានរបស់អ្នកបោះឆ្នោតឬ? បោះដើម្បីបំផ្លាញសន្តិភាព ឬបោះដើម្បីរក្សាសន្តិភាព? បោះដើម្បី​បន្ត​ការអភិវឌ្ឍ ឬបោះដើម្បីបំផ្លាញការអភិវឌ្ឍ តាមរយៈការធានាអត់បាននូវសន្តិភាព។ កីឡាករ កីឡាការិនី ក៏​ចាំ​ឲ្យច្បាស់ មិនអាចទៅប្រកួតកីឡាណាមួយនៅក្រោមគ្រាប់ផ្លោងទេ។ សូមកុំប្រថុយទៅប្រកួតនៅប្រទេសស៊ីរី ប្រសិនបើមានការប្រកួតនៅទីនោះ ប្រហែលជាខ្ញុំមិនសម្រេចចិត្តឲ្យទៅដែរ … នៅ​អ៊ី​រ៉ាក់ ឬលីប៊ី ប្រសិន​បើ​មាន​កា​រ​ប្រកួត ក៏ខ្ញុំមិនឲ្យទៅដែរ។ ក្រៅពីពួក ISIS … វានៅមានបន្ទុះគ្រាប់បែកភេរវកម្មគ្រប់រូបភាពផ្សេងទៀត។ យើងត្រូវមើលឲ្យឃើញ តម្លៃសន្តិភាពវាធំណាស់ដើម្បីផ្តល់ឲ្យយើងគ្រប់គ្នា នូវកិច្ចការដែលយើងត្រូវធ្វើ។ ការ​ខ្វះ​ខាតនានា យើងត្រូវបន្តការកែលម្អវា រាប់ទាំងក្នុងវិស័យកីឡារបស់យើងនេះ ត្រូវពង្រីកការខ្វះខាតយ៉ាងម៉េច កែ​លម្អការខ្វះខាតយ៉ាងម៉េច។ សូម្បីតែគ្រូបង្វឹកកីឡាបាល់ទាត់ ឬកីឡាបាល់ទះ គេសុទ្ធតែមានក្បួន​ខ្នាត​របស់​គេ មិនមែនច្បោលៗ ហើយនិយាយយកពិរោះស្តាប់នោះទេ។

ខ្ញុំនិយាយច្រើនពេកហើយ ស្អែកត្រូវនិយាយទៀត តែនិយាយមិនចំហអញ្ចឹងទេ។ មិនមែនគ្រាន់តែនិយាយទេ និយាយហើយធ្វើ។ ទីនេះមានឈ្មោះថា វិមានសន្តិភាព មិនមែនជាទីកន្លែងចម្បាំងទេ ដែលមិន​មែន​ខ្ញុំ​កសាង​សម្រាប់​ខ្លួនខ្ញុំនៅ​រហូតដល់ថ្ងៃងាប់ទេ។ គ្មាននរណារស់បានពាន់ឆ្នាំទេ។ តែសង្ឃឹមថា ខ្ញុំអាចរស់បានដល់មិន​តិច​ជាង ៩០​ ឆ្នាំ។ តែមិនមែនធ្វើជានាយករដ្ឋមន្រ្តីរហូតដល់ថ្ងៃនោះទេ។ យ៉ាងណា អគារនេះសម្រាប់កូនចៅ​ជំនាន់​ក្រោយ ក្នុងចំណោមកីឡាករ កីឡាការិនី របស់យើងនៅទីនេះ ក៏អាចថ្ងៃក្រោយមានអ្នកឡើង​មកធ្វើការ​នៅ​ក្នុងតំបន់នេះ ដែលមានម្ខាងអគារមិត្តភាព និងម្ខាងអគារសន្តិភាព ហើយកន្លែងនេះ បន្ទប់នេះគឺជាបន្ទប់​ដែល​យើង​ធ្លាប់​ប្រជុំ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រាប់ទាំងប្រធានាធិបតីអាមេរិកផងដែរ ក៏ធ្លាប់នៅក្នុងបន្ទប់​ហ្នឹង ហើយក៏ជាបន្ទប់សម្រាប់ការជួបជុំទទួលនៃកីឡាមេដាយមាស។

ហើយថ្ងៃនេះ ជាមួយនឹងមេដាយដែលទទួលមកពីខាងក្រៅ រាជរដ្ឋាភិបាល​បានសុំពីព្រះមហាក្សត្រ ដើម្បីបំ​ពាក់​ជូននូវមេដាយសម្រាប់កីឡាការិនី ថ្នាក់មហាសិរីវឌ្ឍន៍ នេះជាមេដាយខ្ពស់បន្ទាប់ពីមេដាយជាតូបការ។ ចុង​ក្រោយ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗកីឡាករ កីឡាការិនី ជាពិសេស ជ័យលាភីមេដាយមាស មេដាយប្រាក់ និងគ្រូបង្វឹក សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕