ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងពេ​លជួបសំ​ណេះសំណាលជា​មួយ​ប្រជាពលរដ្ឋ​ខ្មែរនៅអាមេរិក

75

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយបញ្ចប់បេសកកម្មការងារដ៏មមាញឹកហើយនោះ ក៏មិនភ្លេចការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅអាមេរិក ដែលទន្ទឹងរង់ចាំសម្តេចនោះដែរ។ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងញូវយ៉ក សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអាមេរិកប្រមាណជា ២ពាន់នាក់ នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុងញូវយ៉ក។

ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីនឹករលឹករបស់សម្តេចតេជោ ចំពោះបងប្អូនខ្មែរនៅអាមេរិក និងបានអរគុណដល់បងប្អូនខ្មែរដែលបានរង់ចាំជួបសម្តេច។ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងបង្ហាញពីស្ថានការណ៍នយោបាយនៅកម្ពុជា ព្រមទាំងការងារដឹកនាំ និងអភិវឌ្ឍជាតិជាច្រើនទៀត។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអាមេរិករយៈពេលជាងពីរម៉ោង៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណពលរដ្ឋខ្មែរនៅអាមេរិកទាំងអស់ ដែលបានស្វាគមន៍ចំពោះដំណើររបស់សម្តេច។ សម្តេចបានហៅការស្វាគមន៍របស់បងប្អូនខ្មែរនៅអាមេរិក គឺជាការលើកទឹកចិត្តសម្តេច។

* សម្តេចតេជោ ប្រាប់ខ្មែរនៅក្រៅប្រទេសថា នឹងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ក្រុមប៉ុនប៉ងបំផ្លាញជាតិរលាយរលត់ពីភពផែនដីនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅប្រទេស បើទោះបីមិនបានទៅចូលរួមបោះឆ្នោត តែបានធ្វើវីដេអូឃ្លីបអំពាវនាវឲ្យខ្មែរនៅក្នុងស្រុកចេញទៅបោះឆ្នោត ដែលជាការគាំទ្រដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអំពាវនាវរបស់ខ្មែរនៅក្រៅប្រទេស គឺជារឿងត្រឹមត្រូវ ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងការបោះឆ្នោតការពារនូវសុខសន្តិភាព និងការអភិវឌ្ឍ។

* សម្តេចនាយករដ្ឋមន្ត្រី ប្រាប់ខ្មែរនៅក្រៅប្រទេសថា សម្តេចមិនអនុញ្ញាត និងអត់ឱនឲ្យនរណាម្នាក់នាំកម្ពុជាទៅរកភ្លើងសង្គ្រាមជាថ្មីនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចឆ្អែតឆ្អន់ហើយចំពោះភ្លើងសង្គ្រាម រហូតត្រូវពិការភ្នែកម្ខាងថែមទៀតផងដែរ។ ដូច្នេះសម្តេចមិនចង់ឃើញសង្គ្រាមបំផ្លាញកម្ពុជាកើតឡើងជាថ្មីនោះឡើយ។

* ក្នុងជំនួបសំណេះសំណាលជាមួយខ្មែរនៅក្រៅប្រទេសសម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិនៃការបែកបាក់របស់ជាតិខ្មែរពីអតីតកាល និងការឈានមកដល់ការបង្រួបបង្រួមជាតិជាធ្លុង បញ្ចប់ការបែកបាក់ និងការបង្រួបបង្រួមជាតិមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំចុងក្រោយ នៅចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បុណ្យភ្ជុំបិណ្ឌនេះនឹងមានការដោះលែងអ្នកទោសទ្រង់ទ្រាយធំ ហើយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌កំពុងធ្វើការលើរឿងនេះ។ សម្តេចតេជោ បានហៅការដោះលែងនេះ ដើម្បីអបអរសាទរខួប ២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ហើយក៏ចង់ឃើញពលរដ្ឋខ្មែរមានកាសកសាងខ្លួនជាថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចតវ៉ារឿងអាមេរិកបញ្ជូនពលរដ្ឋខ្មែរអាមេរិកទៅកម្ពុជាវិញ ព្រោះតែមិនចង់ឃើញការព្រាត់ប្រាស់របស់ពលរដ្ឋខ្មែរ ដែលជាការឈឺចាប់មួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ខ្មែរនៅអាមេរិកថា កិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល គឺស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ សម្តេចតេជោថា បញ្ហាទាំងពីរនេះ គឺជាបញ្ហាសំខាន់មិនអាចកាត់ផ្តាច់ពីគ្នាបាន ពោលបើគ្មានស្ថេរភាពនយោបាយ គឺគ្មានស្ថេរភាពសេដ្ឋកិច្ច ហើយបើគ្មានស្ថេរភាពសេដ្ឋកិច្ច ក៏មិនអាចធានាបានស្ថេរភាពនយោបាយនោះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងឆក់ប្លន់មិនមែនមានតែនៅកម្ពុជានោះទេ អាមេរិកក៏មានដូចគ្នាផងដែរ។ ប៉ុន្តែកម្ពុជា ត្រូវបង្កើតការយកចិត្តទុកដាក់ លើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមបន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតិផរណា គឺជារឿងមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តដាក់គ្រប់គ្រងខ្ពស់ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចឲ្យក្រសួងសេដ្ឋកិច្ចសន្សំលុយឲ្យសម្តេចបើរាជរដ្ឋាភិបាលជួបបញ្ហាសេដ្ឋកិច្ច ក៏អាចបើកប្រាក់ខែឲ្យមន្ត្រីរាជការបាន១០ខែផងដែរ។

* សម្តេចតេជោ បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបំបាត់អំពើពុករលុយក្នុងក្របខណ្ឌមន្ត្រីរាជការ ដូចជាមន្ត្រីខ្មោច និងមន្ត្រីម្នាក់បើកប្រាក់ខែច្រើនក្រសួង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មរបស់កម្ពុជាពេលបច្ចុប្បន្នប្រៀបដូចជាមានមាសតែអត់ក្រដាសខ្ចប់។ ក្នុងន័យនេះ គឺសម្តេចចង់ឲ្យមានការបង្កើតរោងចក្រកែច្នៃឲ្យបានកាន់តែច្រើន ដើម្បីកែច្នៃកសិផលទាំងអស់នេះសម្រាប់នាំចេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា ក្រៅពីមានមហិច្ឆតាបង្កើតរោងចក្រកែច្នៃកសិផលហើយនោះ រាជរដ្ឋាភិបាលក៏កំពុងគិតគូរទៅលើវិស័យសេវា និងទេសចរណ៍ផងដែរ។ តែទោះជាយ៉ាងណា វិស័យកសិកម្ម នៅតែត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២០ ប្រជាពលរដ្ឋគ្រប់ភូមិមានអគ្គិសនីប្រើប្រាស់ ខណៈបច្ចុប្បន្នសម្រេចបាន ៨២ភាគរយហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលចង់ឲ្យមាតា និងកុមារកម្ពុជា មានសុខភាពល្អ ទើបបានបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើសេវាគាំពារសង្គម និងមានការឧបត្ថម្ភដល់ស្ត្រីពេលសម្រាលកូនទាំងកម្មការិនី និងស្ត្រីមានជីវភាពក្រីក្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមែនមិនស្តាប់សំឡេងប្រឆាំងនោះទេឲ្យតែត្រឹមត្រូវ ព្រោះមន្ត្រីរាជរដ្ឋាភិបាលខ្លះក៏ខិលខូចផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគឺជាអ្នកធ្វើកំណែទម្រង់ដីធ្លីមួយរូប ពោលក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដួលរលំសម្តេចជាអ្នកសម្រេចចិត្តបែងចែកដីធ្លីជូនប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាសម្តេចនៅតែធ្វើជានាយករដ្ឋមន្ត្រី សម្តេចមិនយកពន្ធលើដីធ្វើស្រែរបស់កសិករនោះឡើយ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចស្អប់ «អាចោរ» កាប់ឈើ។ ប៉ុន្តែគម្របព្រៃច្រើនម៉ឺនហិកតាទៀត ត្រូវបានបាត់បង់ដោយសារដីនោះត្រូវបានក្លាយជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។

* សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅថ្ងៃខាងមុខកម្ពុជានឹងមានផ្ទៃដីដាំកៅស៊ូច្រើនជាងប្រទេសវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំ និងដោះស្រាយបញ្ហារបស់ជាតិមួយមិនមែនជារឿងងាយស្រួលនោះទេ។ ពោលត្រូវគិតគូរដោះស្រាយឲ្យមានប្រសិទ្ធភាពរវាងតម្រូវការ និងការផ្គត់ផ្គង់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា មិនមែនជាប្រទេសរបស់នាយករដ្ឋមន្ត្រីតែមួយនោះទេ គឺជាប្រទេសរបស់ពលរដ្ឋកម្ពុជាគ្រប់គ្នា។ ដូច្នេះត្រូវជួយគិតគ្នា នាយករដ្ឋមន្ត្រីគ្រាន់តែជាអ្នកគូសវាសតែប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមុនកម្ពុជាមានផ្សារខ្វះទំនិញ តែឥឡូវមានទំនិញខ្វះផ្សារ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំដល់បងប្អូនខ្មែរនៅអាមេរិក ត្រូវប្រឹងប្រែងជំរុញកូនចៅរៀនឲ្យបានខ្ពស់ ព្រោះគ្មានអ្វីប្រសើរជាងការបណ្តុះបណ្តាលធនធានមនុស្សនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុមារភាពរបស់សម្តេច ជាសម័យក្មេងដើររកសាលា តែបច្ចុប្បន្នរាជរដ្ឋាភិបាលបានខិតខំពង្រាយសាលាកាន់តែកៀកផ្ទះប្រជាពលរដ្ឋ ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋបានរៀនសូត្រកាន់តែខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំយកករណីបុគ្គលសង្ឃណាមួយទៅជាបំផ្លាញវិស័យព្រះពុទ្ធសាសនាទាំងមូល ហើយកុំយកករណីបុគ្គលស្ត្រីណាមួយ ទៅបំផ្លាញតម្លៃស្ត្រីទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាជាទឹកដីសុវណ្ណភូមិ តែហេតុអ្វីបានជាក្រ? ហេតុផលនាំឲ្យកម្ពុជាក្រមានពីរ គឺការដឹកនាំខុស និងធនធានមនុស្សខ្សោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងតម្រូវការនៃការអភិវឌ្ឍ កំពុងប្រឈមគ្នាជាមួយការអភិរក្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគ្មានថវិកា ៥០០ដុល្លារជូនបងប្អូនខ្មែរនៅអាមេរិក ដូចការចោទប្រកាន់មួយចំនួននោះទេ គឺមានតែសៀវភៅពីរក្បាល គឺសៀវភៅអប់រំទូន្មានរបស់ ក្រុម ង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង។

សម្តេចតេជោ ហ៊ុន សែន បញ្ចប់កិច្ចសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអាមេរិកវេលាម៉ោង ៨៖៥៨នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង ១០យប់ថ្ងៃទី២៩ ខែកញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក៕