ទីតាំង​អភិរ​ក្ស​បេតិ​កភណ្ឌ​ដែល​រៀប​ចំដោយ​អាជ្ញាធរ​ជាតិអ​ប្សរានៅ​មុខ​អង្គរ​វត្ត ទាក់ទាញ​ភ្ញៀវ​ទេស​ចរជាតិ-អន្តរជាតិ​ជិត​៥ម៉ឺននាក់

64

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៥ឆ្នាំ២០១៧ បានបញ្ចប់ទៅដោយជោគជ័យនិងសប្បាយរីករាយជាទីបំផុត ដែលមហាគ្រួសារខ្មែរបានមកជួបជុំគ្នាលេងល្បែងប្រជាប្រិយ ដើរកម្សាន្តសប្បាយ និងបានស្វែងយល់ពីកិច្ចការអភិរក្សនិងការជួសជុលបេតិកភណ្ឌផងនៅរមណីយដ្ឋានអង្គរ។

ក្នុងអង្គរសង្ក្រាន្តឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំទីតាំងអភិរក្សបេតិកភណ្ឌនៅមុខប្រាសាទអង្គរវត្ត ដែលចែកចេញជា៣ផ្នែក៖ ផ្នែកទី១ បង្ហាញពីការអភិរក្ស ជួសជុល ថែទាំងប្រាសាទក្នុងរមណីយអង្គរដោយអាជ្ញាធរជាតិអប្សរា និងប្រាសាទនៅរមណីយដ្ឋានព្រះវិហារ ដោយអាជ្ញាធរជាតិព្រះវិហារតាមរយៈរូបថត និងការកសាងប្រាសាទដោយបុព្វបុរសខ្មែរ តាមរយៈរូបចម្លងតូចៗ។ ផ្នែកទី២ បង្ហាញពីប្រាសាទចម្លងរបស់ហោត្រៃខាងជើងប្រាសាទព្រះខ័នពីស្ថានភាពខូចខាត ស្ថានភាពហោត្រៃមុននិងក្រោយជួសជុល ការកាត់ថ្ម ការព្យាបាលថ្មនិងបច្ចេកទេសរៀបថ្ម ការចល័តថ្មនិងដាប់ព្រាងថ្មថ្មី រោងជាងជួសជុលសម្ភារៈចម្លាក់ថ្ម និងកិច្ចការកំណាយបុរាណវិទ្យា។ល។ ផ្នែកទី៣ បង្ហាញពីទីតាំងកម្សាន្ត មានរាំងស្គរដៃ លេងល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត្រ វាយក្អមជាដើម។

ទីតាំងនេះបានទាក់ទាញនូវចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ តាមការបញ្ជាក់ពីលោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានប្រាប់ថា តួលេខភ្ញៀវចូលទស្សនារយៈពេល៣ថ្ងៃនៅទីតាំងអភិរក្សបេតិកភណ្ឌបានប្រមាណជា៤៩៦០៥នាក់ ដែលនេះជាជោគជ័យច្រើនជាងឆ្នាំណាៗទាំងអស់។

លោក ទិន ទីណា បញ្ជាក់ថា គោលបំណងនៃការរៀបចំទីតាំងអភិរក្សបេតិកភណ្ឌ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអាជ្ញាធរជាតិអប្សរា សមិទ្ធផលនានាផ្នែកអភិរក្ស ជួសជុលបេតិកភណ្ឌដោយអាជ្ញាធរអប្សរានិងអាជ្ញាធរជាតិព្រះវិហារ ការយកចិត្តទុកដាក់និងកិច្ចសហការពីស្ថាប័នអន្តរជាតិជាមួយអាជ្ញាធរជាតិអប្សរាលើកិច្ចការអភិរក្ស ជួសជុលមរតកវប្បធម៌ជាតិជាង២០ឆ្នាំ។ ក្នុងនោះក៏បង្ហាញពីការលើកតម្លៃបេតិកភណ្ឌ ព្រមទាំងផ្តល់ឱកាសឱ្យភ្ញៀវជាតិ-អន្តរជាតិដែលចូលមកទស្សនាអង្គរសង្ក្រាន្ត២០១៧ បានយល់ដឹងអំពីបច្ចេកទេសក្នុងការអភិរក្ស ជួសជុលប្រាសាទផងដែរ និងជំរុញឱ្យប្រជាជនគ្រប់តំបន់ចូលរួមចំណែកថែរក្សាបេតិកភណ្ឌរបស់ខ្លួនឱ្យបានល្អប្រសើរទាំងអស់គ្នា៕

SHARE