សុន្ទរកថា សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងមហាសន្និបាតអន្តរជាតិ លើកទី៧៣ ទីក្រុងញ៉ូ យ៉ក, ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨

306

CNV: 

លោកជំទាវប្រធាន!

ការចូលរួមរបស់ខ្ញុំនៅក្នុងមហាសន្និបាតពេលនេះ គឺស្ថិតក្នុងបរិការណ៍ដែលប្រជាជាតិកម្ពុជា កំពុងតែសប្បាយរីករាយទទួលផលពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន។ កម្ពុជា គឺជាករណីជោគជ័យសំខាន់មួយរបស់ប្រទេស ដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាម ហើយសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈ។

ពីប្រទេសមួយដែលធ្លាប់តែត្រូវបានគេស្គាល់ថា ជាវាលពិឃាដ ជាតំបន់អសន្តិសុខ ដោយសារជម្លោះប្រដាប់អាវុធ និងសំណល់គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេសមានសេដ្ឋកិច្ចអន់ថយ ផុងជាប់ក្នុងភាពក្រីក្រ, និងមានអសន្តិសុខស្បៀង កម្ពុជាបច្ចុប្បន្នទទួលបានសន្តិភាពពេញលេញ និងបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយនៅតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសនាំចេញស្បៀងអាហារ មានស្នា​ដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលំអសូចនាករសង្គមនានា​ និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោក ដោយថ្មីៗនេះបានឆ្លងផុតដោយជោគជ័យ ពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប ដោយ​សារកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក។

ពីប្រទេសដែលល្បីក្នុងការប្រើអាវុធ ដើម្បីដណ្ដើមអំណាច និងក្នុងការផ្លាស់ប្ដូររដ្ឋាភិបាល ឥឡូវនេះ កម្ពុជាបានងក្នុងការផ្លាស់ប្ដូររដ្ឋាភិបាល, ឥឡូវនេះ កម្ពុជាក្លាដ៏ខ្ពស់, ក្នុងរង្វង់៧ុតនៅក្នុងពិភពលោក ដោយថ្មីៗនេះបានឆ្លងផុតដោយជោគជ័យ ពីឋានៈក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ ហើយគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាមួយនឹងការរៀបចំបោះឆ្នោតយ៉ាងទៀតទាត់ សេរី និងយុត្តិធម៌, ដើម្បីផ្ដល់សិទ្ធិអោយប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស។

នៅក្នុងការបោះឆ្នោតសកលដើម្បីជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ អ្នកបោះឆ្នោតកម្ពុជាជិត ៧ លាននាក់ ស្មើនឹង ៨៣,០២% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប បានទៅបោះឆ្នោត និងបានទៅសម្រេចយកនូវជម្រើសនយោបាយរបស់ពួកគេ ដោយសេរី និងដោយគ្មានការបង្ខិតបង្ខំ ឬការគំរាមកំហែង ឬអំពើហិង្សាណាមួយឡើយ។ គណបក្សនយោបាយចំនួន ២០ បានចូលប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលជាការបង្ហាញយ៉ាងច្បាស់នូវភាពជាតំណាងស្របច្បាប់ នៃតំណាងនយោបាយពហុនិយម និងឆ្លុះបញ្ជាំងនូវអ្វីដែលអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ម៉ឺននាក់បានបរិយាយថា ជាដំណើរការលទ្ធិប្រជាធិបតេយ្យប្រកបដោយស្ថិរភាពនៅកម្ពុជា និងជាការបោះឆ្នោតមានលក្ខណៈសេរី, យុត្តិធម៌ និងអាចជឿទុកចិត្តបាន។

តាមរយៈសន្លឹកឆ្នោតរបស់ពួកគេ ប្រជាជនកម្ពុជាបានបញ្ជាក់ជាថ្មីម្ដងទៀត នូវបំណងប្រាថ្នាចង់បាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាប់មិនដាច់។ ជាការពិត ជម្រើសដោយសេរីរបស់ប្រជាជនកម្ពុជា និងលទ្ធផលប្រកបដោយធម្មានុរូបនៃការបោះឆ្នោតនេះ មិនមែនជាប្រធានបទដែលត្រូវចោទសួរ ឬពិភាក្សាដេញដោលនោះទេ។ ក៏ប៉ុន្តែ មជ្ឈដ្ឋានខាងក្រៅមួយចំនួនដែលចិញ្ចឹមជាប់នូវមហិច្ឆតាប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា​ នៅតែធ្វើជាមើលមិនឃើញនូវគុណភាព និងសុច្ចរិតភាពនៃដំណើរការបោះឆ្នោតរបស់យើង តាមរយៈការចេញសេចក្ដីថ្លែងការណ៍នានា ប្រឆាំង ឬវាយប្រ​ហារលទ្ធផលនៃការបោះឆ្នោតនេះ ដែលទង្វើបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះឆន្ទៈរបស់ប្រជាជនកម្ពុជា។

លោកជំទាវប្រធាន!

ខ្ញុំសូមទាញអារម្មណ៍សមាជិកអង្គការសហប្រជាជាតិទាំងអស់ អំពីសារៈសំខាន់ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ វាអាស្រ័យលើយើងគ្រប់គ្នា នៅក្នុងការផ្ដល់ការគោរពដ៏ត្រឹមត្រូវចំពោះធម្មនុញ្ញដ៏មានសារៈសំខាន់នេះ ដោយត្រូវជៀសវាងការជ្រៀតជ្រែក ការធ្វើឱ្យអន្តរាយ ឬការរំខានដល់កិច្ចការអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យ។ យើងមានការសោកស្ដាយជាពន់ពេក ក្នុងការរំលេចនូវតថភាពដែលថា សិទ្ធិមនុស្សនាពេលបច្ចុប្បន្ននេះ បានក្លាយជា «បេសកម្មដើម្បីបំពាក់អរិយធម៌» សម្រាប់ប្រទេសមានអំណាចមួយចំនួន ឬក៏អាចនិយាយបានថា ជានិយាមប្រតិបត្តិថ្មីរបស់ពួកគេ ដែលជាលេសសម្រាប់រាល់ការលូកដៃជ្រៀតជ្រែក ក្រោមផ្លាកការពារសិទ្ធិនយោបាយ។

ជាលទ្ធផល ការដាក់ទណ្ឌកម្មជាឯកតោភាគីបានក្លាយជាអាវុធដ៏ពេញនិយមរបស់ប្រទេសមានអំណាច នៅក្នុងការគ្រប់គ្រងនយោបាយអន្តរជាតិ ដែលស្ថិតនៅក្រោមរបៀបវារៈភូមិសាស្ត្រនយោបាយរបស់គេ។ ទាំងនេះគឺគ្មានអ្វីក្រៅពីការប្រើអំណាចដោយកំរោលរបស់រដ្ឋមួយ ដើម្បីបន្តុបឆន្ទៈរបស់ខ្លួនទៅលើរដ្ឋអធិបតេយ្យដទៃនោះឡើយ។ នៅក្នុងពិភពលោកមួយដែលសម័យកាលចក្រពត្តិនិយម និងអាណានិគមនិយម បានក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទៅហើយនោះ យើងត្រូវទទទួលស្គាល់ថា មិនមែនគ្រប់ប្រទេសទាំងអស់នៅក្នុងមហាសន្និបាតនេះ ចាំបាច់ត្រូវតែដើរតាមគំរូនៃការគ្រប់គ្រង នៃប្រទេសដទៃណាមួយនោះទេ។ ប្រទេសធំៗមិនគួរដាក់បន្តុបប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់ពួកគេ មកលើប្រទេសនានាដែលតូចជាងខ្លួននោះឡើយ ព្រោះប្រទេសតូចៗទាំងនេះ ក៏មានអធិបតេយ្យភាព និងមានសេចក្តីប្រាថ្នាស្របច្បាប់ក្នុងការរក្សានូវអត្តសញ្ញាណរបស់ខ្លួនដែរ។ នៅក្នុងសម័យកាល នៃពិភពលោកដែលមានការពឹងផ្អែកទៅវិញទៅមក ផ្នត់គំនិតចាប់បង្ខំដ៏ចាស់គំរិលទាំងនេះ គួរតែត្រូវបានបញ្ចប់​ ។ ទាំងអស់គ្នា ទាំងប្រទេសធំ ទាំងប្រទេសតូច ត្រូវតែរួមគ្នាគោរព និងលើកតម្កើងវិធាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោកជំទាវប្រធាន!

ពិភពលោកបច្ចុប្បន្ន កំពុងជួបប្រទះអស្ថិរភាពកាន់តែធ្ងន់ធ្ងរ ហើយការគំរាមកំហែងចំពោះសន្តិភាព ក៏កើតមានកាន់តែច្រើនសណ្ឋាន គឺច្រើនជាងអ្វីដែលយើងធ្លាប់បានឃើញក្នុងរយៈពេល ២៥ ឆ្នាំ កន្លងទៅនេះ។ យើងកំពុងរស់នៅក្នុងពិភពលោកមួយដែលងាយនឹងប្រែប្រួល, មិនអាចព្យាករបាន, ជាមួយនឹងការផ្លាស់ប្តូរយ៉ាងស្មុគស្មាញ និងការប្រឈមកាន់តែធំពីគ្រប់មុខព្រួញ រាប់ចាប់ពីការកើនឡើង នៃជម្លោះហិង្សាដែលអូសបន្លាយ និងវិបត្តិមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក ។

យើងមានការបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងដែលបង្កឡើងដោយមហាអំណាចពិភពលោកលំដាប់ទីមួយ នៅក្នុងរង្វង់ទំនាក់ទំនងការទូត និងជម្លោះផ្ទៃក្នុងជាច្រើនកន្លែង ដែលកំពុងកើតឡើងដោយ​សារការជ្រៀតជ្រែកពីសំណាក់មហាអំណាចនេះ។ យើងក៏មានកង្វល់ជាខ្លាំងផងដែរ ចំពោះការសម្រេចចិត្តយ៉ាងតក់ក្រហល់របស់មហាអំណាចនេះ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិនានាដ៏សំខាន់ជា​សកល ដែលជាការគំរាមកំហែងដល់ស្នូលនៃភាពស្របច្បាប់ នៅក្នុងសណ្តាប់ធ្នាប់គតិយុត្តិអន្តរជាតិ។ សកម្មភាពជាឯកតោភាគីទាំងនេះ បាន និងកំពុងធ្វើអោយចុះខ្សោយ នូវទំនាក់ទំនងរវាងបណ្តារដ្ឋ និងបង្កភាពតានតឹងនៅក្នុងសហគមន៍អន្តរជាតិ។ ប៉ុន្តែ អ្វីដែលបង្កសម្ពាធធ្ងន់ធ្ងរបំផុតនោះ គឺការវាយប្រហារដោយត្រង់ទៅលើ «ពហុភាគីនិយម»។ ប្រាកដណាស់ថា នៅក្នុងពិភពសកលភាវូបនីយកម្មរបស់យើង អ្វីៗគ្រប់យ៉ាងត្រូវបានផ្សារភ្ជាប់គ្នា។ ប្រសិនបើយើងចាប់ផ្តើមប្រកាន់គោលនយោបាយគាំពារនិយម ឯក​តោភាគីនិយម និងធ្វើសង្គ្រាមពាណិជ្ជកម្ម នោះយើងនឹងបិទទ្វារលែងអោយមានកាលានុវត្តភាព ពាណិជ្ជកម្ម និងការវិនិយោគ ដែលធ្លាប់បាននាំមកនូវវិបុលភាពដល់ប្រទេសយើង ទាំងតូច ទាំងធំ ជាច្រើនទសវត្សរ៍មកហើយ។ ជាលទ្ធផលចុងក្រោយ គឺយើងទាំងអស់គ្នាប្រាកដជានឹងកាន់តែក្រ កំណើនសេដ្ឋកិច្ចរបស់យើងនឹងធ្លាក់ចុះ ធនធានហិរញ្ញវត្ថុរបស់យើងនឹងថមថយ ហើយលទ្ធភាពក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជា ក្នុងការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយការប្រែប្រួលអា​កាសធាតុ នឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ កត្តាទាំងអស់នេះ នឹងធ្វើអោយប្រទេសក្រីក្រទន់ខ្សោយ ស្ថិតក្នុងស្ថានភាពក្រីក្រអូសបន្លាយកាន់តែយូរ ហើយប្រទេសទាំងនេះក៏ងាយនឹងទទួលផលប៉ះពាល់ពីមនោគមវិជ្ជាដ៏គ្រោះថ្នាក់នៃភេរវកម្ម, លទ្ធិជ្រុលនិយម និងជម្លោះតំបន់។

កម្ពុជា, ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចតូច ជឿលើអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ឈរលើវិធានគតិយុត្តិ។ ជាការពិតណាស់ យើងបានរីកចម្រើនដោយសារសកលភាវូបនីយកម្ម ។ ហេតុនេះហើយ បានជាយើងជឿថា ពាណិជ្ជកម្មពិភពលោកមិនគួរត្រូវបានរាំងស្ទះដោយសារការកំណត់ពន្ធជាឯកតោភាគីនោះទេ​ ប៉ុន្តែ គួរតែត្រូវបានលើកតម្កើន និងគាំទ្រ តាមរយៈការប្រកាន់នូវគោលនយោ​បាយអំណោយផលសមស្រប ព្រមទាំងការផ្តល់ក្របខណ្ឌអនុគ្រោះពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ស្ថិរភាព និងការធ្វើពិពិធកម្មលើវិស័យហិរញ្ញវត្ថុ គួរត្រូវបានលើកកម្ពស់ ដើម្បីជម្រុញអោយមាននវានុវត្តភាព និងការអភិវឌ្ឍ។ សរុបមក យើងត្រូវរួមគ្នាថែរក្សា និងពង្រឹងរបប «ពហុភាគីនិយម»

ជាការពិត សន្តិភាពដែលគ្មានការអភិវឌ្ឍ មិនអាចនៅស្ថិតស្ថេរបានឡើយ។ ក្នុងបរិបទនេះ «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» របស់អង្គការសហប្រជាជាតិ មានតួនាទីសំខាន់ណាស់ក្នុងការនាំផ្លូវយើងឆ្ពោះទៅរកការនាំមកនូវវិបុលភាពជូនប្រជាជន។ កម្ពុជាយល់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាកាលានុវត្តភាពដ៏សំខាន់សម្រាប់កិច្ចប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ និងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងមានបរិយាប័ន្ន។ រាជរដ្ឋាភិបាលកម្ពុជានឹងអនុម័តក្នុងពេលដ៏ឆាប់ខាងមុខនេះ នូវ «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដែលត្រូវបានធ្វើជាតូបនីយកម្មពេញលេញ ហើយយើងនឹងប្រើប្រាស់គោលដៅទាំងនេះ ដើម្បីតម្រង់ទិសគោលនយោបាយ និងផែនការរយៈពេលមធ្យម និងរយៈពេលវែងរបស់កម្ពុជា។

បន្ថែមលើនេះ ការទប់ស្កាត់ជម្លោះ គឺជាបុរេល័ក្ខខ័ណ្ឌសម្រាប់សន្តិភាពចីរកាល។ កងរក្សាសន្តិភាព អង្គការសហប្រជាជាតិ មានតួនាទីដ៏សំខាន់ពិសេសនៅជួរមុខក្នុងកិច្ចប្រឹងប្រែងនេះ។ ហេតុដូច្នេះហើយ ទើបកម្ពុជាស្វាមគន៍យ៉ាងខ្លាំងក្លា ចំពោះទស្សនវិស័យរបស់ឯកឧត្តមអគ្គលេខាធិកាអង្គការសហប្រជាជាតិ អាន់តូនីញូ ហ្គូតេរ៉េស ស្តីពីការកសាង និងរក្សាសន្តិភាព ជាពិសេស លើការបន្តផ្តោតការយកចិត្តទុកដាក់ទប់ស្កាត់ជម្លោះ។ កម្ពុជាគឺជាអ្នកគាំទ្រប្រកបដោយសង្គតិភាពចំពោះនិម្មាបនកម្មសន្តិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិ។ ជាក់ស្តែង អស់រយៈពេល ១២ ឆ្នាំ មកហើយ ដែលកម្ពុជាបានចូលរួមបញ្ចូន​កងកម្លាំងមួកខៀវរាប់ពាន់នាក់ ទៅបំពេញប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ ការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដែលពុំធ្លាប់មានពីមុនមក ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្គ្រាមឧទ្ទាមវាយប្រហារមកលើកម្លាំងរក្សាសន្តិភាពរបស់យើង បណ្តាលអោយបាត់បង់ជីវិត និងពិការជាច្រើននាក់។ យើងជំពាក់គុណដ៏ធំធេង ចំពោះពលីកម្មរបស់វីរៈបុរសថែរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិទាំងអស់នេះ។ យ៉ាងណាក្តី មរណភាព និងពលីកម្មរបស់ពួកគេ ពុំបានកែប្រែនូវការបេ្តជ្ញាចិត្តរបស់យើង ក្នុងការរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនេះឡើយ។

ការគំរាមកំហែងដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញមួយទៀត ដែលជាឧបសគ្គដ៏ធំចំពោះសន្តិភាពចីរកាល គឺភេរវកម្ម។ ពួកគេបំបែកបំបាក់សហគមន៍នានា ធ្វើអោយជម្លោះកាន់តែធ្ងន់ធ្ងរ និងធ្វើអោយតំបន់ទាំងមូលបាត់បង់ស្ថេរភាព។ បច្ចុប្បន្ន សមរភូមិប្រយុទ្ធប្រឆាំងអំពើភេរវកម្មមានលក្ខណៈកាន់តែស្មុគស្មាញ និងទំនើបដោយសារពួកភេរវករបានងាកប្រើប្រាស់ មធ្យោបាយបច្ចេកវិទ្យាព័ត៌មាន (Cyberspace)។ ច្បាស់ណាស់ថា សារធាតុឆ្លងដែននៃភេរវកម្ម តម្រូវអោយយើងកសាងកិច្ចសហប្រតិបត្តិការពហុភាគី ដែលមានសម្របសម្រួលល្អ ដែលរួមបញ្ចូលទាំង «វិធានការប្រឆាំងតប» និង «វិធានការបង្ការ និងទប់ស្កាត់» ផងដែរ ។

ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ គឺជាធាតុផ្សំមួយដ៏សំខាន់ផ្សេងទៀតសម្រាប់ជោគជ័យនៃរបៀបវារៈឆ្នាំ ២០៣០ ដែលទាមទារអោយមានការយកចិត្តទុកដាក់ជាបន្ទាន់ និងមិនបែកខ្ញែកពីសហគមន៍សកល។ គ្មានមន្ទិលទេថា មូលដ្ឋានគ្រឹះសម្រាប់សកម្មភាពដោះស្រាយបញ្ហាអាកាសធាតុ គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ក្នុងស្មារតីនេះ យើងនឹងផ្ដល់ការគាំទ្រពេញទំហឹងដល់ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការរៀបចំកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុនៅឆ្នាំក្រោយ ដើម្បីជំរុញមហិច្ឆតាដោះស្រាយបញ្ហាអាកាសធាតុកាន់តែខ្លាំងក្លាថែមទៀត។

លោកជំទាវប្រធាន!

នៅចុងបញ្ចប់​ ខ្ញុំសូមបញ្ជាក់ថា កម្ពុជាគាំទ្រពេញទំហឹងចំពោះភាពជាអ្នកដឹកនាំជាសកលរបស់អង្គការសហប្រជាជាតិ និងប្ដេជ្ញាអនុវត្តការទទួលខុសត្រូវរួមរបស់យើង ក្នុងកិច្ចប្រឹងប្រែងកសាងសង្គមមួយនៃមនុស្សជាតិដែលប្រកបដោយសន្តិភាព សមធម៌ និងមានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

សុំអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់!

Download (PDF, Unknown)