សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​​ក្នុងពិធីចែក​សញ្ញាបត្រជូន​និស្សិត នៃសាកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប

24

សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នក នាង​​កញ្ញា !

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រជាលើកដំបូងនៅក្នុងឆ្នាំថ្មី ឆ្នាំរកា នព្វ​ស័ក ពុទ្ធសករាជ ២៥៦១ ដែលទើបនឹងចូលមកប៉ុន្មានថ្ងៃនេះ។ សូមយកឱកាសនេះ ប្រគេនពរចំពោះ ព្រះតេជ​ព្រះ​គុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រក​ប​តែ​នឹង​ពុទ្ធ​ពរ​ទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ មិនមែនជា ការចៃដន្យមួយទេ ដែល​យើង​បាន​រៀប​ចំនូវពិធីជួបជុំ ដើម្បីទទួលសញ្ញាបត្រនៅថ្ងៃនេះ ចាប់ផ្តើមជាអង្គការក្រៅរដ្ឋាភិបាលមួយ​ដែល​ធ្វើសកម្ម​ភាពបណ្តុះបណ្តាលវិជ្ជាជីវៈ ក្លាយទៅជាសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលមានលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់ ដើម្បីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងឈានទៅដល់ថ្នាក់​បណ្ឌិត​ទៀត​ផង។

នេះជាវឌ្ឍនភាពដ៏ធំ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តល់លទ្ធភាពឲ្យវិស័យ​​ឯក​ជន​ចូលរួមក្នុងការវិនិយោគ លើការបណ្តុះបណ្តាលធនធានមនុស្ស។ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវការកោត​សរសើរ​ចំពោះការខិតខំទាំងអស់របស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងរយៈពេល​កន្លង​ទៅនេះ។ អម្បាញ់មិញ យោងតាមរបាយការណ៍របស់លោកសាកលវិទ្យាធិការ ដួង លាង ក៏បានបង្ហាញ​ឲ្យ​ឃើញពីហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលបានកសាងនូវអគារថ្មីៗ រហូតទៅដល់មានការរៀបចំជាទីតាំង នូវ​វិស័យ​កីឡា ដែលជាផ្នែកដ៏សំខាន់មួយ សម្រាប់ការឈានទៅមុខនៃសាកលវិទ្យាល័យ ក៏ដូចជា ការចូលរួម​របស់​ប្រជាជននៅក្នុងវិស័យកីឡាផងដែរ។ អ្វីដែលជាកិច្ចការដែលគួរឲ្យចាប់អារម្មណ៍ទំនាក់ទំនងរវាងសា​កល​ វិទ្យាល័យអាស៊ីអឺរ៉ុប ជាមួយនឹងបណ្តាសាកលវិទ្យាល័យនៅបរទេស ហើយដែលមានការទទួលស្គាល់គ្នា​ទៅ​វិញ​ទៅមក បន្ថែមទៅដោយការចូលរួមពីសំណាក់សាកលវិទ្យាល័យទាំងនោះ ទៅលើការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្សនៅក្នុងក្របខណ្ឌសាកលវិទ្យាល័យនេះ។

តម្រូវការនៃការអភិវឌ្ឍ ទាមទារជំនាញគ្រប់ផ្នែក

ខ្ញុំមានការចាប់អារម្មណ៍ទៅលើបញ្ហា អ្នកដែលកំពុងបន្តការសិក្សាដែលនៅសល់ពេលនេះ ជាង ១ ម៉ឺននាក់ នោះ​នៅ​ត្រង់ថា សិស្សវិជ្ជាជីវៈចំនួន ២៥២៥ នាក់ និងនិស្សិតបរិញ្ញាបត្ររង ៦៥២ នាក់ បន្តការសិក្សា​លើបញ្ហា​នេះ។ ខ្ញុំនៅតែលើកទឹកចិត្តឲ្យបន្តនូវវគ្គជំនាញនេះព្រោះថា យើងមិនអាចសុទ្ធតែថ្នាក់បណ្ឌិត និង​បរិញ្ញាទាំង​អស់ដោយគ្មានអ្នកជំនាញ និងកម្រិតកណ្តាលនោះទេ។ វាប្រៀបដូចជាវេជ្ជបណ្ឌិតម្នាក់ ដែលត្រូវធ្វើ​ការ​វះ​កាត់ មិនអាចប្រើវេជ្ជបណ្ឌិតផ្សេងទៀត ជាអ្នកហុចឧបករណ៍នោះបានទេ វាត្រូវមានការបណ្តុះបណ្តាល​នូវ​​ជំ​នាញ​បែបនេះ។ ម្យ៉ាងទៀត នៅក្នុងការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ឱកាសឲ្យសិស្ស​ដែល​មិនអាចប្រឡងជាប់នូវមធ្យមសិក្សាទុតិយភូមិ បានរាល់ការអនុញ្ញាតឲ្យរៀនកម្រិតបរិញ្ញាបត្ររង។ ដូច្នេះ ប្រ​សិនបើសាកលវិទ្យាល័យនានា បង្កើតនូវឱកាសសម្រាប់បរិញ្ញាបត្ររង គឺវាជាការល្អ សម្រាប់ផ្តល់ឱកាសទៅ​លើ​អ្នកមិនអាចប្រឡងជាប់បាក់ឌុប។

ចំណុចនេះ ក្រៅពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលកំពុងអនុវត្តទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងនិស្សិត​បរិញ្ញា​បត្រ​រង ខ្ញុំក៏អំពាវនាវឲ្យសាកលវិទ្យាល័យដទៃទៀត យកចិត្តទុកដាក់ទៅលើបញ្ហានេះផងដែរ តម្រូវការនៃ​ការ​អភិវឌ្ឍរបស់យើង គឺទាមទារនូវជំនាញគ្រប់ផ្នែក។ ឥឡូវ ទីផ្សារការផលិតរបស់ប្រទេសរបស់យើងកាន់តែ​ឈាន​ចូលទៅក្នុងដំណាក់កាលឯកទេសកម្មជំនាញកាន់តែជ្រៅ ផលិតផលនៃប្រទេសមួយៗសម្រាប់​​ការនាំ​ចេញ គឺសុទ្ធតែត្រូវឆ្លងកាត់នូវការប្រកួតប្រជែង មិនមែនមានតែប្រទេសកម្ពុជាមួយដែលមាន​ផលិត​ផលនោះទេ ប៉ុន្តែប្រទេសដទៃក៏មានផលិតផលដូចយើងដែរ។ ការប្រកួតប្រជែងសម្រាប់ចូលទៅក្នុងទី​ផ្សារ​នានា គឺសុទ្ធតែ​តម្រូវឲ្យមានគុណភាព និងស្របទៅតាមសំណូមពរនៃទីផ្សារនោះ។

ដូច្នេះហើយគ្រប់​កម្រិត​ទាំងអស់ រហូតទៅដល់ប្រជាពលរដ្ឋដែលជាអ្នកផលិត តម្រូវឲ្យមានការរៀបចំមួយ​ច្បាស់​លាស់ រាប់ទាំងកសិ​ករ បម្រើសេចក្តីត្រូវការក្នុងទីផ្សារកម្ពុជា។ មិនមែនអ្វីក៏សុទ្ធតែអាចនាំចូលទៅកាន់​ទី​ផ្សារ ទៅកាន់បណ្តា​សណ្ឋា​គារ ដែលទេសចរមកកាន់ប្រទេសយើងមានរហូតទៅដល់ជាង ៥ លាននាក់ ហើយ​យើងយកពងមាន់ស្អុយ យក​ទៅលក់នៅក្នុងសណ្ឋាគារហ្នឹងបានទេ។ តែយ៉ាងក៏ដោយនេះ គ្រាន់តែជាការ​រំលឹក​មួយ អ្វីដែលជាមោទនភាព យើងបានមើលឃើញថាស្មារតីសហគ្រិនភាព និងការរៀបចំផលិត​របស់ប្រជា​ជន​យើងកាន់តែខ្ពស់ទៅៗ ការច្នៃប្រឌិតរបស់យុវជន ក៏ដូចជាប្រជាពលរដ្ឋរបស់យើងកាន់តែខ្ពស់ទៅៗ ដែល​អាច​ផ្តល់​ឱកាសសម្រាប់ខ្លួនផង និងការនាំចេញទៅក្រៅប្រទេសផង។

ជនជាតិអាមេរិកមករៀនបណ្ឌិតនៅស្រុកខ្មែរ

មួយផ្នែកទៀតខ្ញុំចាប់អារម្មណ៍ទៅលើបញ្ហានិស្សិតពីបរទេស ដែលមករៀននៅទីនេះ  ៣១ នាក់ ក្នុង ៣១ នាក់ នេះ ថ្នាក់បណ្ឌិតមានម្នាក់ជាបុរស គឺជាជនជាតិអាមេរិក អាមេរិកមករៀនបណ្ឌិតនៅស្រុកខ្មែរ ឥឡូវអ្នកដែល​បន្តុះ​បង្អាប់អំពីថាសញ្ញាបត្រនៅកម្ពុជាអត់តម្លៃ គិតយ៉ាងម៉េច? ខ្ញុំសុំបញ្ជាក់កន្លែងនេះបន្តិច ថ្នាក់បណ្ឌិត​ម្នាក់​ជនជាតិអាមេរិក ថ្នាក់បរិញ្ញាបត្រ ៣ នាក់ ជនជាតិអាមេរិកម្នាក់ ជាកូរ៉េ ២ នាក់ … អញ្ចឹងកម្ពុជាក៏មាន​លទ្ធ​ភាព បាន និងកំពុងផ្តល់លទ្ធភាពឲ្យនិស្សិតមកពីប្រទេសក្រៅ សិក្សានៅក្នុងប្រទេសរបស់ខ្លួនផងដែរ។

ការដាក់ចេញនូវគោលនយបាយមួយៗ គឺតែងតែអនុវត្ត មិនមែនចេះតែនិយាយឲ្យពិរោះទេ

តាមដែលខ្ញុំបានដឹងនៅក្នុងសាកលវិទ្យាល័យមួយចំនួន ក៏មាននិស្សិតបរទេសរៀននៅទីនោះ ដូច្នេះនេះជាចំ​ណុច​មួយនៃមោទនភាពរបស់ខ្មែរយើង ដែលបានចាប់ផ្តើមពីគំនរផេះផង់ និងឈានឡើងជាបណ្តើរៗ​មកដល់​ឋានៈជាប្រទេសដែលមានការអភិវឌ្ឍ ចម្លងចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ឬប្រទេសដែលមាន​ប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយដែលយើងមានមហិច្ឆតា និង​ក៏ជាលទ្ធភាព ដែលអាចធ្វើបាន ដើម្បីសម្រេចថាគោលដៅឆ្នាំ ២០៣០ ក្លាយជាប្រទេសដែលមាន​ប្រាក់ចំ​ណូល​មធ្យមកម្រិតខ្ពស់ ហើយក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។

ពិតមែនតែ ខ្ញុំមិនច្បាស់ថា ខ្ញុំនៅរស់ដល់ឆ្នាំ ២០៥០ ហើយអ្នកទាំងឡាយនៅលើវេទិកានេះ ក៏អាចខ្លះក៏មិន​នៅ​ដល់​ឆ្នាំ ២០៣០ ផងទេ ប៉ុន្តែយ៉ាងណាក៏ដោយ យើងត្រូវរៀបចំផែនទីចង្អុលផ្លូវមួយ សម្រាប់ការ​អភិវឌ្ឍ​ប្រ​ទេស​របស់យើង ដូចដែលយើងធ្លាប់បានដើរកន្លងទៅ មិនមែនដើរទាំងគ្មានផែនទី និងគ្មានក្របខណ្ឌគោលនយោ​បាយតាមរបៀបចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណានោះទេ។ សុំកុំប្រមាថចំពោះអ្វី ​ដែលយើងបានសម្រេច​កន្លង​​ទៅ។ ដំណាក់កាលណាត្រូវធ្វើអីៗ មានការគិតគូរច្បាស់លាស់ខ្លាំងណាស់ មិនមែនត្រឹមតែបង្កើតឲ្យមាន ជា​ភាសានិយាយ ដើម្បីឲ្យពិរោះស្តាប់ និងទាក់ទាញចិត្តមនុស្ស ដែលមិនបានយល់ដឹងនូវការពិតទេ។ អ្នកទាំង​ឡាយ​បានដឹងហើយ ហើយនេះគឺជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍នៃគោលនយោបាយជាក់​លាក់​របស់​យើង សម្រាប់វិស័យឯកជនចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

បើគ្មានគោលនយោបាយបែបនេះទេ តើសាកលវិទ្យាល័យរាប់សិប នឹងចូលដល់រយនេះ បានកើតឬទេ? សិស្ស​ដែល​​បានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ តើពួកគេទៅណា? ចំណុចទាំងនេះក៏អាចបញ្ជាក់ចំ​ណុច​តូចមួយឲ្យឃើញថា យើងបានមានផែនទីចង្អុលផ្លូវមួយច្បាស់លាស់ ទាំងនយោបាយគ្រប់វិស័យនៅ​ក្នុង​ប្រ​ទេស និងនយោបាយនៅក្រៅប្រទេសផងដែរ។ មិនមែនជាការលេងសើចទេ សម្រាប់ការដាក់ចេញនូវគោល​នយោ​​បាយមួយៗ ឧទាហរណ៍ សេចក្តីថ្លែងការណ៍សន្ទុក ដែលខ្ញុំហៅថាសេចក្តីថ្លែងការណ៍សន្ទុក ឆ្នាំ ២០០២ អំពីឃុំមួយអនុវិទ្យាល័យមួយ មិនមែនជាបញ្ហាលេងសើចទេ។ ការដាក់ចេញនូវគោលដៅក្នុងវិស័យអប់រំ ឬ​វិស័យ​សុខាភិបាល ឧទាហរណ៍ ការកំណត់ទិសដៅនៃការបំបាត់ជំងឺគ្រុនស្វិតដៃជើងមុនឆ្នាំ ២០០០ មិនមែន​ជា​បញ្ហាដាក់ហើយ បែរជាយើងមិនអនុវត្តនោះទេ។ យើងបានធ្វើសកម្មភាពព្រមៗ រហូតយើងទៅដល់​យើង​សម្រេច​ជោគជ័យជាស្ថាពរនូវការបំបាត់ជំងឺគ្រុនស្វិតដៃជើង យើងកំពុងបន្តទៅលើការបំបាត់ជំងឺនានា កាត់​បន្ថយ​នូវអត្រាស្លាប់របស់មាតា និងទារក ការឈានឆ្ពោះទៅរកការបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ ២០២៥។

វាមិនមែនជាបញ្ហាលេងសើច តាមរបៀបអ្នកអត្ថាធិប្បាយខ្លះ លើកឡើងតាមរបៀបមិនយល់ការ ដែលមិនបាន​មើល​ឯក​សារចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ហើយមិនបានមើលសកម្មភាពប្រទាក់ក្រឡាគ្នានោះទេ។ ក្នុងវិ​ស័យ​អប់រំ យើងបានដាក់ចេញនូវគោលនយោបាយទាំងនេះ ផ្តល់ឱកាសឲ្យយុវជន និងកុមាររបស់យើង មាន​​លទ្ធ​ភាពកាន់តែច្រើន តាមរយៈនៃការពង្រាយសាលាទៅតាមមូលដ្ឋាន ពង្រាយគ្រូទៅតាមមូលដ្ឋាន ការលើក​កម្ពស់​គុណភាពអប់រំតាំងពីថ្នាក់មូលដ្ឋានរហូតមកដល់ឧត្តមសិក្សា ការខិតខំកសាងនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​​បម្រើឲ្យប្រទេសជាតិ និងខិតខំដើម្បីតំឡើងបៀវត្សរ៍ ជូនចំពោះគ្រូបង្រៀន មន្រ្តីរាជការរបស់យើង នៅក្នុង​​វិស័យ​អប់រំ ជាពិសេសគ្រូបង្រៀនដែលគ្របដណ្តប់រហូតទៅដល់ ១២ ម៉ឺននាក់ នៃចំនួនបុគ្គលិក ព្រម​ទាំង​គ្រូ​ពេទ្យ ២ ម៉ឺននាក់ទៀត។ ច្រើនណាស់។

មិនមែនជាបញ្ហាដែលគេគិតថា​ច្បោលៗ ហើយហាក់ដូចជាខ្លួនម្នាក់ ចេះដឹងគ្រប់វិស័យទាំងអស់​ រាប់ទាំងមិន​ទាន់​ស្គាល់​ថា តើក្រសួងគេមានច្បាប់ និងអនុក្រិត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថាប័ននោះ។ មិន​​ទាន់​ទាំងស្គាល់មុខងារនៃស្ថាប័ន ប៉ុន្តែគេហ៊ានធ្វើអត្ថាធិប្បាយ។ ជារឿងគួរឲ្យខ្មាសអៀន។ សង្ឃឹមថា និស្សិត​​​ថ្នាក់បណ្ឌិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ និងបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្ររងទាំងឡាយ មិនដើរតាមគន្លងខុសឆ្គងណាមួយ ទៅលើការវិនិច្ឆ័យខុស និងនិយាយខុសការពិតដោយបំពាននោះទេ។

ទេវតាឆ្នាំចាស់ជំពាក់ទឹកភ្លៀង ទើបផ្តល់ភ្លៀងមុននឹងចាកចេញ

ទេវតាឆ្នាំថ្មីបានចុះមកហើយ មុននឹងទេវតាឆ្នាំចាស់ចាកចេញ ក៏បានបន្សល់ទឹកភ្លៀងឲ្យយើងមួយចំនួន ដោយ​សារ​ទេវតាឆ្នាំមុនជំពាក់ទឹកភ្លៀង។ ឆ្នាំទៅជំពាក់ទឹកភ្លៀង ចុះមកហើយ មិនព្រមយកទឺកភ្លៀងមកផងទេ យើង​ធ្វើ​យុទ្ធនាការប្រមាណ ២ ខែ ដើម្បីផ្គត់ផ្គង់ទឹកឲ្យប្រជាជន។ ប៉ុន្តែ ទេវតាឆ្នាំវក ដែលបានត្រឡប់ទៅវិញនោះ ហាក់​ដូចជាមានការគិតថា មានការជំពាក់ឋានកណ្តាល។ អញ្ចឹងទេ សូម្បីតែថ្ងៃជិតចូលឆ្នាំ ថ្ងៃ ១៣ ខ្ញុំចេញ​ពីកន្លែងជនពិការមកចូលវិទ្យាល័យ ២ បឋម ១ ចុងក្រោយចូលវិទ្យាល័យអង្គរ ភ្លៀងនៅហ្នឹងចេញមិនរួច។

ចំណេះវិជ្ជាមិនអាចផ្ទេរដូចឈាមពីម្នាក់ទៅម្នាក់នោះទេ ត្រូវមានការខិតខំផ្ទាល់ខ្លួន

នេះខ្ញុំគ្រាន់តែលើកឧទាហរណ៍មួយចំនួន ហើយសង្ឃឹមថា សាលានឹងបន្តការបណ្តុះបណ្តាលតទៅទៀត រួមចំ​ណែកបង្កើតឡើងនូវធនធានមនុស្សដ៏ពូកែ។ ជាមួយនឹងការកោតសរសើរ និងផ្តាំផ្ញើទៅដល់សាកលវិទ្យាល័យ ក៏​សូមថ្លែងនូវការកោតសរសើរចំពោះនិស្សិតជ័យលាភីគ្រប់កម្រិតទាំងអស់ ដែលបានទទួលសញ្ញា​បត្រ​នៅ​​ថ្ងៃ​នេះ។ ជាការខិតខំមួយរបស់អស់លោក/ស្រី នាងកញ្ញា ដែលបានប្រឹងប្រែងសម្រាប់​ការចេះដឹងរបស់ខ្លួន គ្មាន​​នរ​ណាអាចជំនួសយើងបានទេ។ ការផ្ទេរចំណេះវិជ្ជាខុសពីការផ្ទេរឈាមពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ ដើម្បី​សង្គ្រោះជីវិត។ គេអាចយកឈាមមនុស្សម្នាក់ទៅផ្តល់ឲ្យមនុស្សម្នាក់ផ្សេងទៀត រាប់ទាំងបច្ចេកវិទ្យាទំនើប គេ​អាចយកបេះដូងរបស់មនុស្សម្នាក់ ឬសួតរបស់មនុស្សម្នាក់ ទៅផ្តល់ឲ្យមនុស្សម្នាក់ផ្សេងទៀត ដើម្បីអ្នក​នេះ​ក៏​អាច​រស់បាន ហើយអ្នកនោះក៏អាចរស់បាន។ ប៉ុន្តែ ការផ្ទេរចំណេះវិជ្ជាមិនអាចធ្វើទៅរួចនោះទេ ត្រូវមាន​ការខិត​ខំ​ផ្ទាល់។ ដូច្នេះ ការដែលអស់លោក លោកស្រី នាងកញ្ញា បានដើរមកដល់ទីនេះ គឺជាការខិតខំ​មួយ​របស់​ខ្លួន​​ផ្ទាល់ របស់មាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ រាប់ទាំងភរិយា ឬស្វាមី ដែលបានលើកទឹកចិត្ត និងផ្តល់​ឱ​កាសសម្រាប់ការសិក្សារបស់និស្សិតយើង។ និស្សិតរបស់យើងមួយចំនួន មានកូន មានប្តី មានប្រពន្ធ ដែល​បន្តការសិក្សា ហើយសុំកុំភ្លេចបន្តការពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីតាមឲ្យទាន់នូវសភាពការណ៍ដែល​បាន និងកំពុងវិវឌ្ឍនៅលើពិភពលោក។

មានសន្តិភាព ទើបអាចរកការងារធ្វើបាន, តាមសភាពការណ៍មិនទាន់ ក្លាយជាជនអភិរក្សនិយម

សូមចូលរួមផងដែរជាមួយនឹងក្រុមគ្រួសារនៃជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សង្ឃឹមថា អ្នកទាំង​អស់​​ដែល​មាន​ការងារធ្វើហើយ ប្រឹងបន្ត ឯអ្នកដែលមិនទាន់មានការងារធ្វើ ខិតខំស្វែងរកការងារធ្វើ។ ប្រទេស​មួយ​ដែលមានសន្តិភាព ទើបជាប្រទេសដែលអាចរកការងារធ្វើបាន។ ឥឡូវនេះ តើមាននរណាអាចទៅរក​ការ​ងារ​ធ្វើនៅអ៊ីរ៉ាក់ ស៊ីរី យេម៉ែន ឬលីប៊ី? ទោះបីមានការងារធ្វើ ក៏អស់លោកមិនទៅដែរ។ ហើយខ្ញុំក៏មិនយល់ព្រម​ឲ្យ​អស់លោកទៅដែរ ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃប្រទេសមួយ ដែលត្រូវការពារប្រជាពលរដ្ឋរបស់ខ្លួននោះ។ សង្ឃឹម​ថា និស្សិតដែលទទួលសញ្ញាបត្រថ្ងៃនេះ នឹងបន្តការខិតខំតទៅទៀត។ មិនមែនគ្រាន់តែ​និស្សិត​នៅទី​នេះ​នោះ​ទេ សូម្បីតែអ្នកមេដឹកនាំក៏ត្រូវតែរៀនរាល់ថ្ងៃ តាមឲ្យជាប់សភាពការណ៍រាល់ថ្ងៃ។ បើមិនដូច្នោះ វានឹងក្លាយ​ទៅ​ជា​ជនអភិរក្សនិយម ហើយប្រសិនបើធ្វើក្នុងវិស័យនយោបាយ ឬវិស័យព័ត៌មាន ឬជាអ្នកអត្ថាធិប្បាយ វា​នឹង​ក្លាយទៅជាជនអគតិតែម្តង។ សភាពការណ៍វាវិវឌ្ឍ​ ក្នុងពេលដែលយើងមិនដឹង ហើយយើងបែរ​ជាធ្វើ​អត្ថា​ធិប្បាយ គឺជាកំហុស។

កាត់បន្ថយគម្លាតចំណេះដឹងបាន តែមិនអាចកាត់បន្ថយគម្លាយទ្រព្យសម្បត្តិបានទេ

… វិធីដែលអាចធ្វើទៅរួច គឺកាត់បន្ថយគម្លាតខួរក្បាលហ្នឹងតែម្តង។​ នៅលើពិភពលោក ការកាត់​បន្ថយគម្លាត​លើ​បញ្ហាទ្រព្យសម្បត្តិ វាលំបាកណាស់។ តើប្រជាជនអាមេរិក អាចមានទ្រព្យសម្បត្តិស្មើនឹង ប៊ីល ហ្កេត នោះ​ទេ? វាមិនអាចទេ។ មិនអាចធ្វើឲ្យប្រជាជនអាមេរិកមានទ្រព្យសម្បត្តិស្មើនឹងសេដ្ឋីរបស់អាមេរិកបានទេ។ លើក​​លែងតែរបប ប៉ុល ពត ព្រោះ ប៉ុល ពត ធ្វើបាន ធ្វើឲ្យស្មើគ្នាទាំងអស់។ ដេញចេញពីក្រុងទាំងអស់ កាប់​ដីៗ​ដូច​គ្នា ស៊ីបបរៗស្មើគ្នា។ ៤២ ឆ្នាំមុន ពេលនេះជាពេលវេលាដែលប្រជាជនយើងត្រូវបានបណ្តេញចេញពីទីក្រុង និង​ទីប្រជុំជន ធ្វើដំណើរដោយលំបាក … នោះហើយជាសោកនាដកម្មនៃសង្រ្គាម ដែលបានឆាបឆេះក្រោយថ្ងៃ ១៨ មីនា ១៩៧០ ក្រោយពីរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ។ លទ្ធផលនៃរដ្ឋ​ប្រហារ​ខុសច្បាប់​នោះ​ហើយ ដែលនាំទៅដល់វិនាសកម្ម។ ​៤២ ឆ្នាំមុន អ្នកខ្លះកើតមិនទាន់ ក៏ប៉ុន្តែ ជីដូនជីតា ឪពុកម្តាយកើត​ទាន់។

អរគុណចំពោះអាជ្ញាធរ និងកងកម្លាំង ការពារប្រជាពលរដ្ឋ នាឱកាសចូលឆ្នាំ

៤២ ឆ្នាំមុន និង ៤២ ឆ្នាំក្រោយ (មានភាព)ខុសគ្នាដាច់ស្រឡះ។ ឆ្នាំនេះ ប្រជាពលរដ្ឋបានធ្វើ​ដំណើរ​កម្សាន្ត​សប្បាយ​នៅទូទាំងប្រទេស។ ខ្ញុំពិតជាមានមោទនភាព និងអរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រ​ដាប់​អា​វុធ​គ្រប់ប្រភេទ ដែលបានការពារនូវសន្តិសុខសណ្តាប់ធ្នាប់ ក្នុងរយៈពេលដែលប្រជាជន​សប្បាយរីក​រាយ រយៈពេលកន្លងទៅ។ ទាំងអស់នេះ ក៏ឆ្លុះ​បញ្ចាំងឲ្យឃើញអំពីពលិកម្មនៃកម្លាំងប្រដាប់អាវុធរបស់យើង នៅ​ពេល​ដែល​យើងកំពុងសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំ ការរាំលេងកម្សាន្ត ការជួបជុំគ្រួសារ កងទ័ពរបស់​យើង​នៅឈរជើងប្រចាំការនៅតាមទីតាំងនានា។ កម្លាំងនគរបាល និងអាវុធហត្ថនៅឈរហាលភ្លៀង ខ្យល់ និង​ថ្ងៃ ដើម្បីអ្វីទៅ? ដើម្បីភាពសុខសាន្តរបស់ប្រជាជនយើងនោះឯង។

ពិតហើយ មានកំហុសតិចតួចទៅលើបុគ្គលនេះ បុគ្គលនោះ ក៏ប៉ុន្តែ អ្នកទាំងអស់ត្រូវយល់ថា សេចក្តីសុខ​របស់​យើង​ដែលមាននៅក្នុងការជួបជុំសប្បាយរីករាយ ឬជីវភាពប្រចាំថ្ងៃ ក៏បានមកពីការប្រឹងប្រែងរបស់​រាជរដ្ឋាភិ​បាលទៅលើការការពារសន្តិភាព ស្ថិរភាពនយោបាយ ទៅលើកម្លាំងប្រដាប់អាវុធ ដែលអនុវត្តនូវតួនាទី​ការ​ពារ​ប្រ​ជា​ពលរដ្ឋ។ ក្នុងពេលដែលប្រជាពលរដ្ឋកំពុងសប្បាយរីករាយ ជួបជុំគ្រួសារ នគរបាលរបស់យើង អាវុធ​ហត្ថ​ និងកងទ័ពរបស់យើង នៅឈរតាមចិញ្ចើមផ្លូវ នៅតាមចំណុចឈរជើងការពារ។ ប្រហែលជារឿងនេះ យើង​អាច​យល់ច្បាស់ទាំងអស់គ្នា នូវការគិតគូរ និងការរៀបចំទាំងឡាយ។

សង្ឃឹមថា ឆ្នាំក្រោយ នឹងមានសង្ក្រាន្តនៅគ្រប់ទីកន្លែង

ឆ្នាំនេះ សង្ក្រាន្តមានច្រើន។ សង្ឃឹមថា សង្រ្កាន្តនឹងមានកើតគ្រប់ខេត្តឆ្នាំក្រោយ។ ភ្នំពេញឆ្នាំនេះ មិនស្ងាត់ទេ ខ្ញុំ​គិត​ថា ល្ងាចថ្ងៃទី ១៦ ប្រុងទៅរាំវង់នៅវត្តភ្នំ មកពីសៀមរាបថ្ងៃ ១៦។ ឆ្នាំក្រោយ សង្ឃឹមថា សង្រ្កាន្តនឹងកើត​នៅ​គ្រប់​ទីកន្លែង។ សង្ក្រាន្តមិនមែនគ្រាន់តែធ្វើនៅសៀមរាបទេ។ ប៉ុន្តែ សៀមរាបឆ្នាំនេះ គឺពិតជាមនុស្សច្រើនមែន ហើយវប្បធម៌របស់យើង ជាពិសេសវប្បធម៌អរូបី ដែលប្រមូល​បានពីគ្រប់ទិសទី គាស់កកាយឡើង ត្រូវបាន​បង្ហាញនៅក្នុងពិធីសង្ក្រាន្តនោះ។ សង្ឃឹមថា​ សង្ក្រាន្តនោះនឹងកើតនៅកន្លែងផ្សេងៗ ដែលផ្តល់លទ្ធ​ភាព​នៃការ​សប្បាយ​រីករាយសម្រាប់ប្រជាជននៅតំបន់នោះ។ សង្រ្កាន្តអាចធ្វើនៅតាមភូមិក៏បានដែរ មិនបាច់ដល់វែង​ឆ្ងាយ​ពេក​ទេ។ ខ្ញុំទទួលបាន មិនដឹងថាវិទ្យុមួយផ្សាយឬមិនផ្សាយនោះទេ នូវការធ្វើបទ​សម្ភាសន៍​មួយ អ្នកមិនយល់​មួយ​ចំនួនថា សង្ក្រាន្ត​ធ្វើ​តែ​​នៅសៀមរាប។ ថ្នាក់ដល់តំណាងរាស្រ្តនិយាយបែបនេះ ហើយនិយាយ​ទាំង​មិន​យល់​នូវពាក្យសង្រ្កាន្តនេះទៅទៀត។ រហូតដល់ប្រើពាក្យថា ​សង្រ្កាន្តចំណាយប្រាក់ទៅដល់ ១០ លានដុល្លារ ដើម្បី​ធ្វើសង្ក្រាន្ត។ ជារឿងមួយគួរឲ្យសោកស្តាយសម្រាប់អ្នកដែលលើកឡើងបែបនេះ។ មិនដឹងថាវិទ្យុ​នោះ​ផ្សាយ ឬមិនផ្សាយទេ ក៏ប៉ុន្តែអ្នកដែលបានធ្វើសម្ភាសន៍ជាមួយអ្នកតំណាងរាស្រ្តនោះ គេបានបញ្ជូននូវ​ខ្លឹមសារ​នេះ​មកឲ្យខ្ញុំ។ ខ្ញុំក៏មិនចាំបាច់និយាយចំឈ្មោះថានរណានោះទេ។

ផ្លូវព័ទ្ធជុំវិញប្រទេស ខ្វះតែពីសំឡូត/បាត់ដំបង ទៅកោះកុង

តែអ្វីដែល​ខ្ញុំចង់កត់សម្គាល់ ឆ្នាំនេះសប្បាយរីករាយ។ មន្រ្តីរាជការរបស់យើងទើបនឹងឡើងប្រាក់ខែថ្មីៗ បន្ថែម​ទៅ​ដោយប្រាក់ឧបត្ថម្ភខ្លះផ្សេងទៀត។ ការធ្វើដំណើរដោយមិនចាំបាច់ថយក្រោយ ដូចកាលពីពេលមុន។ ខ្ញុំ​ឃើញ​បទសម្ភាសន៍មួយជាមួយនឹងប្រជាពលរដ្ឋ ប្អូនប្រុសម្នាក់នៅខេត្តស្វាយរៀង ដែលគាត់និយាយថា គាត់​បាន​ចេញដំណើរពីស្វាយរៀងឡើងទៅមណ្ឌលគីរី ចេញទៅរតនគីរី ចេញទៅស្ទឹងត្រែង ចេញទៅព្រះវិហារ ហើយ​ចេញទៅសំភាសន៍នៅមុខអង្គរវត្ត។ អញ្ចឹងបានសេចក្តីថា ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់យើង គឺ​អនុញ្ញាត​ឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ។ ឥឡូវសល់តែមួយកង់​ទៀតទេដែលអាចភ្ជាប់​មួយ​ជុំ គឺមួយកង់តភ្ជាប់ពីសំឡូតនៅខេត្តបាត់ដំបង ថ្មដានៅខេត្តពោធិសាត់ និងតភ្ជាប់មកខេត្តកោះកុង។ ផែន​ការ​មេមានរួចហើយ ក៏ប៉ុន្តែយើងត្រូវរកថវិកាដើម្បីសាងសង់ អញ្ចឹងមួយជុំផ្ទៃប្រទេសព័ទ្ធទៅវិញ ធ្វើដំណើរ​មិន​ចាំ​​បាច់ថយក្រោយដូចពេលមុន។ មុននេះយើងទៅមណ្ឌលគីរីត្រូវថយក្រោយមកផ្លូវជាតិលេខ ៧ មកក្រចេះ​សិន ប៉ុន្តែទៅដល់មណ្ឌលគីរីត្រូវទៅដល់រតនគីរីតែម្តង ហើយចេញពីរតនគីរីមកស្ទឹងត្រែង ពីស្ទឹងត្រែងចង់​ទៅ​តាម​ណា ជ្រើសរើសទៅ មកតាមក្រចេះក៏មកៗ ចង់ទៅព្រះវិហារក៏ទៅៗ។ ទៅដល់ព្រះវិហារ​ហើយជ្រើស​រើស​ទៅ ចង់ចេញមកសៀមរាបក៏ចេញមក កំពង់ធំក៏ចេញមក ជម្រើសរបស់ប្រជាជន នេះជាសេរីភាពរបស់​ប្រជា​ជន​ហើយ។ សិទ្ធិមនុស្សគឺវាស្ថិតនៅត្រង់កន្លែងហ្នឹង ៤២ ឆ្នាំមុន សិទ្ធិមនុស្សនៅឯណា? ហើយអ្នក​ណា​ឈឺ​ឆ្អាល? ៤២ ឆ្នាំក្រោយប្រជាជនដើរលេងបែបនេះ តើវាជាអ្វី?

ត្រូវខំថែរក្សាសន្តិភាព និងសមិទ្ធផលឲ្យបានគង់វង្ស

សង្ឃឹមថា យើងទាំងអស់គ្នាខិតខំថែទាំនូវសន្តិភាព ខិតខំថែទាំនូវសមិទ្ធផលដែលយើងសម្រេចបាន​ដោយលំ​បាកដើម្បីធានាបានការលូតលាស់របស់ប្រទេសយើងតទៅទៀត ក្នុងគោលដៅរក្សាកំណើនសេដ្ឋកិច្ច ៧% ក្នុង​មួយឆ្នាំ។ ប្រាក់ចំណូលរបស់យើងកាន់តែខ្ពស់ គោលដៅនូវការតម្លើងបៀវត្សរ៍ នយោបាយទាក់ទិន​នឹងផលិត​​កម្ម​ស្រូវ និងការនាំចេញអង្ករ គោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ត្រូវសម្រេច ដើម្បីធានាជោគ​ជ័យ​នៃការឈានឡើងរបស់ប្រទេសកម្ពុជា ពីឋានៈប្រទេសក្រីក្រ ទៅកាន់ប្រទេសដែលមានការរីកលូតលាស់​មួយ។ យើងក៏មានកងទ័ពរបស់យើងដែលចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅក្រៅប្រទេស។ កងទ័ពរបស់​យើង​​បានដើរតួនាទីដ៏សំខាន់ នៅក្នុងការចូលរួមចំណែកដើម្បីរក្សានូវសន្តិភាព។ តើនេះវាមិនមែនជាផែនទី​ចង្អុល​ផ្លូវ​លើ​បញ្ហា​នយោ​បាយ​ការបរទេសទេឬ? សង្ឃឹមថា តួអង្គនយោបាយ ឬអ្នកធ្វើអត្ថាធិប្បាយដទៃទៀត យល់​ឲ្យ​ច្បាស់ពីសំណុំបញ្ហារវាងនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស ដែលគាំទ្រគ្នាទៅវិញទៅ​មក។

យើងកំពុងអនុវត្តនូវនយោបាយបែរមុខទៅខាងក្រៅ គឺជំរុញការនាំចេញនូវផលិតផលពីក្នុងប្រទេសរបស់យើង​តាមរយៈនៃការពង្រីកទីផ្សារចាស់ដែលមានស្រាប់ និងពង្រីកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីបង្កើនឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋរបស់យើង។ មិនមែនជារឿងលេងសើចទេ ដែលយើងមានលទ្ធភាពផ្តល់តួនាទីសម្រប​សម្រួល​ក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួច ក្រោមរបបអង្គការពាណិជ្ជកម្មពិភពលោក។ ល្ងាចនេះ ខ្ញុំត្រូវ​ទទួល​នៅ​​វិមានសន្តិភាពសម្រាប់មេដាយមាសពិភពលោកថ្មីមួយទៀត ដែលទទួលបានដោយកីឡាការិនី អ៊ុក ស្រីមុំ។ តើនេះបានមកដោយសារអ្វី? មិនមែនចាប់នេះ ចាប់នោះ មិនឆ្ពោះត្រង់ណានោះទេ តែកើតចេញពី​គោល​នយោបាយ និងសកម្មភាពជាក់លាក់របស់ស្ថាប័នក៏ដូចជាកីឡាការិនី។ ប្រសិនបើរាជរដ្ឋាភិបាលមិន​អនុញ្ញាត​ឲ្យកីឡាករ/ការិនី ចេញទៅប្រកួត តើមេដាយនេះអាចទទួលបានឬទេ?

ចំណុចពីរ ដែលសង្គ្រាមមិនអាចកើតនៅកូរ៉េ និងមិនមានការជម្លៀសប្រជាជនកម្ពុជាពីប្រទេសកូរ៉េ

ថ្ងៃនេះខ្ញុំក៏ចង់និយាយផងដែរ ទៅកាន់ពលករខ្មែរនៅកូរ៉េ ក៏ដូចជាក្រុមគ្រួសារនៃពលករខ្មែរនៅកូរ៉េសូមកុំបារ​ម្ភ។​ ​រឿង​រ៉ាវវាច្រំដែលទេ។ កាលពីឆ្នាំ ២០១១ ពេលនោះ មានការទិតៀនចំពោះខ្ញុំ ថាមិនបានគិតគូរចំពោះពលករ ប៉ុន្តែសូមអ្នកទាំងឡាយជួយគិត បើសិនជាអ្នកទាំងអស់ជារូបខ្ញុំ តើខ្ញុំត្រូវសម្រេចចិត្តធ្វើយ៉ាងម៉េច?  សង្គ្រាម​នៅ​កូរ៉េមិនកើតទេ។ ជឿខ្ញុំទៅ។ គំរាមគ្នាប៉ុន្មានថ្ងៃនេះ មួយចេញម៉ែគ្រាប់បែក មួយទៀតចេញឪគ្រាប់បែក។ និ​យាយពីបញ្ហាពាក់ព័ន្ធជាមួយការជម្លៀសពលករ។ តើគួរជម្លៀស ឬមិនជម្លៀស? វាគ្មានហេតុផលណា​មួយ​ដែល​យើងត្រូវធ្វើការជម្លៀសទេ។ ទីមួយ សង្គ្រាមអត់កើតឯណា បែរជានាំគ្នាជម្លៀស ហើយមធ្យោបាយ​ជម្លៀស​​មិនមែនជារឿងតូចតាចទេ។ តើជម្លៀសតាមផ្លូវទឹក ឬជម្លៀសតាមផ្លូវអាកាស ព្រោះអត់មាន​ការត​ភ្ជាប់​តាម​ផ្លូវគោកបានទេ។ សង្គ្រាមមិនទាន់កើតផងជម្លៀសម៉េច។

ទី ២ ក្នុងដំណើរការជម្លៀសប្រៀបធៀបនឹងការ​ស្នាក់​នៅទីនោះគឺសុវត្ថិភាពជាង។ ប្រជាជនកូរ៉េគេរស់របៀប​ម៉េច នៅជាមួយនឹងគេហ្នឹងទៅ ក្រោមការគ្រប់​គ្រង​របស់​រដ្ឋបាលកូរ៉េ។ ដូច្នេះការរស់នៅទីនោះ គឺជារឿងសុវត្ថិ​ភាព​បំផុត ប្រៀបធៀបទៅនឹងការជម្លៀស។ ប្រសិនបើអស់លោកអ្នកជាខ្ញុំ ការគិតគូរ បើទោះបីជាប្រជាជន​ធម្មតា​ក៏អាចយល់អំពីបញ្ហានេះដែរ មិនមែនជារឿងងាយទេ ទៅលើបញ្ហាជម្លៀសមនុស្សជាង ៤ ម៉ឺននាក់ ច្រើន​ណាស់។ ប្រទេសអ្នកមានៗ មានយន្តហោះគគោក គេមិនទាំងធ្វើដឹង ធ្វើឮផង រាប់ទាំងអនុ​ប្រធានាធិប​តី​អាមេ​រិក​មកកូរ៉េ … ប៉ុន្តែ បើសិនជាជម្លៀសហើយ កុំបាច់រកទីផ្សារពលកម្មកូរ៉េតទៅទៀត … មិនអាចទៅរក​ការងារ​ធ្វើ​នៅ​កូរ៉េបន្តទៀតទេ ក្នុងពេលដែលរាជរដ្ឋាភិបាល ខ្ញុំជួបប្រធានាធិបតីកូរ៉េ​​លើកណាក៏តែងតែមានសំណូមពរ​ឲ្យ​មិត្តកូរ៉េបង្កើនចំនួននៃការយកពលករខ្មែរទៅធ្វើការនៅកូរ៉េ។ ដណ្តើមគ្នា ពលករនៅកូរ៉េមិនមែនមានតែខ្មែរ​មួយ​មុខ​គត់ទេ ថៃក៏មាន ហ្វីលីពីនក៏មាន វៀតណាមក៏មាន ចិនក៏មាន។ យើងបង្កើនតាំងពីចំនួនរាប់​រយ​ឡើង​ដល់​រាប់ម៉ឺន បែរទៅជាខាតបង់ដោយសារការភ័យខ្លាចគ្មានហេតុផល។

ពលករ/ការិនីកម្ពុជា ត្រូវសាមគ្គីជាមួយប្រជាជនកូរ៉េ

សង្ឃឹមថា បងប្អូនពលករ/ការិនី ដែលកំពុងធ្វើការនៅកូរ៉េស្ងប់ចិត្ត ហើយរស់នៅជាមួយប្រជាជនកូរ៉េ សាមគ្គី​ជា​មួយ​ប្រជាជនកូរ៉េ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ បើសិនជាវាអាចកើតឡើង។ ប៉ុន្តែខ្ញុំអាចនិយាយ​បាន​ថា សង្គ្រាមកូរ៉េលទ្ធភាពកើតមានត្រឹមកម្រិត ០,១ គឺ ៩៩,៩៩ លើ ៩៩ ទៀត វាអត់មាន។ ជឿខ្ញុំទៅ វា​មិន​មែន​ជារឿងបាញ់គ្រាប់មីស៊ីលចូលទៅ ៥៩ គ្រាប់ហើយចប់ទេ។ ម្សិលមិញ ប្រធានាធិបតី​អាមេរិកក៏ចេះ​និយាយ​ដែរ ថាលោក គីម​ ជុងអ៊ុន របស់កូរ៉េខាងជើង ក៏ចេះស្រឡាញ់សន្តិភាពដែរ។ បន្ទាប់ពីការគម្រាមវៃគ្នា វាបែរជា​មាន​ពាក្យអញ្ចឹងវិញ។ មានន័យយ៉ាងម៉េច? … រឿងវាមិនចប់ត្រឹមវៃគេទេ ការខ្ទេចខ្ទាំវានឹងកើត​នៅកូរ៉េ​ខាងត្បូង និង​ជប៉ុនឯណោះវិញទេ។ អញ្ចឹងសហរដ្ឋអាមេរិកក៏ត្រូវមានការពិចារណាម៉ត់ចត់ទៅលើជម្រើស។​ អាមេរិក​នៅ​ឆ្ងាយ ការខូចខាតរបស់អាមេរិកប្រហែលជាមានតិចតួចណាស់ ប៉ុន្តែកងទ័ពអាមេរិកនៅកូរ៉េ​ខាង​ត្បូង និងនៅ​ជប៉ុន​ផលប៉ះពាល់វាធំ។

ភាពខ្ទេចខ្ទាំនៅកូរ៉េខាងត្បូង និងជប៉ុនក៏ធំ ដូច្នេះ មិនមែនរឿងដាច់ដោយឡែក​របស់​អា​មេរិកទេ គឺវាជារឿងអ្នក​នៅជុំ​វិញខ្លួនផងដែរ។ ខ្ញុំនិយាយនេះ មិនមែនជាការធ្វើឲ្យស្ងប់ចិត្តទេ ប៉ុន្តែរឿងវាពិត​វា​​អញ្ចឹង។ ឲ្យតែកូរ៉េខាង​ជើង​បាញ់ គេថាតាមចាប់ តែទីចុងបំផុតអត់ដឹងថាកូរ៉េបាញ់ទៅខាងណាផង។​ វាមិន​មែន​ស្រួលដូចបកចេកឯ​ណា។ ឯណោះបាញ់ទៅ ឯណេះបាញ់បុក ហើយបាញ់បុកទៅ វាផ្ទុះលើ មិន​ធ្លាក់​មក​ងាប់​អស់មនុស្ស។ អ្នក​នយោ​បាយចេះតែស្រែក ប៉ុន្តែសមត្ថភាពនៃបច្ចេកវិទ្យាអាវុធវាមិនអាចធ្វើទៅរួច ឧទា​ហរណ៍​​ថា ​មីស៊ីលមួយ​បាញ់ ឯមីស៊ីលមួយទៀតទៅចាប់យកទៅទម្លាក់នៅកន្លែងណានោះ តើអាចទៅ​រួចទេ? វា​​ទៅ​មិនរួច។ ហើយបើ​សិន​ជា​បាញ់​កំទេចអានោះ អញ្ចឹងវានៅតែផ្ទុះដដែល។ ផ្ទុះខាងលើទៀត អាហ្នឹងកាន់​តែ​អន្ត​​រាយហើយ។ កំពុង​តែ​ហោះលើដីប្រទេសណាមួយ អានេះទៅបុក អញ្ចឹងបុកផ្ទុះពីលើ នៅខាងក្រោម​ត្រូវ​អំ​បែងវា និងផ្សែងរបស់វា។​

ត្រូវតែសិក្សាឲ្យច្បាស់ អ្នកណាជាអ្នកប្រើអាវុធគីមី នៅស៊ីរី

អញ្ចឹងទេ ការបង្អួតគ្នាលើបញ្ហាអាវុធ វាមិននាំទៅដល់សង្គ្រាមទេ ទាំងអាមេរិកដែលថា​ចាត់ការ​ទៅលើ​កូរ៉េ​ខាង​ជើង គឺច្បាស់ជាមិនធ្វើទេ។ អាមេរិកក៏ត្រូវសិក្សា និងពិគ្រោះយោបល់ជាមួយជប៉ុន និងកូរ៉េខាងត្បូង។ ខុសគ្នា រឿង​នៅស៊ីរី … ហើយ​អាវុធគីមី​ទៀត​សោត​ ក៏មិនច្បាស់ថាអ្នកណាជាអ្នកប្រើ វាទាមទារអោយមានការសិក្សា​អោយ​​ច្បាស់។ យើងគាំទ្រអោយមានការ​ស្រាវជ្រាវអោយច្បាស់ តើអ្នកណាប្រើអាវុធគីមីនេះ។ របប អាសាដ នៅ ដាម៉ាស ជាអ្នកប្រើ ឬក៏អាវុធគីមីនេះ ដូច​ដែលព័ត៌មានគេនិយាយថា កងទ័ពរបស់ស៊ីរីទំលាក់​គ្រាប់បែក​មែន ប៉ុន្តែមិនមែនជាគ្រាប់បែកដែលមានជាតិ​គីមីទេ តែទំលាក់ទៅត្រូវឃ្លំាងនៃអាវុធគីមីតែម្តង។ អញ្ចឹងអ្នក​ណា​ជា​អ្នកប្រើពិតប្រាកដនូវអាវុធប្រល័យលោក​នេះ។ កម្ពុជាគាំទ្រអោយមានការស្រាវជ្រាវជាក់លាក់ មុននឹង​ធ្វើ​សកម្មភាព ឬធ្វើការសម្រេចណាមួយ បើទោះបី​ជា​កម្ពុជាមិនមែនជាសមាជិកអចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​ក៏​ដោយ​ចុះ ក៏ប៉ុន្តែកម្ពុជា ក៏ជាសមាជិកអង្គការ​សហប្រ​ជា​​ជាតិដែលមានការទទួលខុសត្រូវ។

សូមអត់ធ្មត់កុំប្រើប្រាស់កម្លំាងនៅឧបទ្វីបកូរ៉េ គ្មានអ្នកឈ្នះ​ទេ ​មាន​តែ​អ្នកចាញ់

សម្រាប់បញ្ហាឧបទ្វីបកូរ៉េ យើងនៅតែមានការបន្តអំពាវនាវអត់ធ្មត់កុំប្រើប្រាស់កម្លំាង គ្មានអ្នកឈ្នះនោះ​ទេ គឺ​មាន​តែ​អ្នកចាញ់តែប៉ុណ្ណោះ បើសិនជាសង្គ្រាមកូរ៉េផ្ទុះឡើង អ្នកចាញ់ពិតប្រាកដ គឺអ្នកជិតខាងតែម្តង។ សង្ឃឹម​ថា នឹងស្វះស្វែងរកនូវវិធីសាស្ត្រ ដើម្បីសុវត្ថិភាពនៅឧបទ្វីបកូរ៉េ តាមរយៈនៃការបើកការចរចា ៦ ភាគី​ឡើង​វិញ ឬ​មធ្យោបាយណាផ្សេងទៀត ដែលជាមធ្យោបាយសន្តិវិធី។ ជាថ្មីម្តងទៀត អំពាវនាវចំពោះពលករ ពលការិនី ដែល​កំពុងធ្វើការនៅកូរ៉េ និងមាតាបិតាអាណាព្យាបាលក្រុមគ្រួសាររបស់ពលករ ពលការិនី ដែល​រស់​នៅកូរ៉េ សូម​កុំព្រួយបារម្ភ រាជរដ្ឋាភិបាលតាមដានជាប់តាមរយៈស្ថានទូតរបស់ខ្លួន និងតំណាងរបស់​ខ្លួន​នៅ​ទី​នោះ។

ខ្ញុំបានបញ្ជាក់(ហើយ) ជម្លៀស និងមិនជម្លៀស (ជំរើស)ជម្លៀសខូចខាតធ្ងន់ណាស់។ បានសេចក្តីថា ៤ ម៉ឺន​កន្លែង​ត្រូវបិទទំាងអស់ ហើយក៏មិនចំាបាច់និយាយថា សុំយកពលករខ្មែរទៅធ្វើការនៅកូរ៉េ(ទេ)។ ឆ្នំា ២០១៤ ក៏​ដូចគ្នាដែរ។ វា​អញ្ចឹង រហូតទៅដល់កូរ៉េខាងជើងទាមទារអោយទូតយើងចេញអោយផុតពីព្យុងយ៉ាង។ ឯក​ឧត្តម ហោ ណំា​ហុង ពេលនោះជារដ្ឋមន្ត្រីការបរទេស ទាក់ទងមកខ្ញុំ ខ្ញុំថាអត់អោយចេញទេ ទីចុងបំផុតអត់វ៉ៃ​គ្នា​ទេ។ កាល​ពីជប៉ុនរញ្ជួយផែនដី អ្នកការទូតរបស់យើងមួយចំនួននៅទីនោះ មានការភ័យខ្លាច ចង់ចាកចេញ​ពី​ប្រទេស​ជប៉ុនជាបណ្តោះអាសន្ន។ ខ្ញុំអោយបញ្ជាថាអត់ទេ ត្រូវរស់នៅទីនោះ ស្តាប់ការណែនំា​របស់​អាជ្ញា​ធរ​នៅ​ទីនោះ។ តើតូក្យូមានសុវត្ថិភាពឬទេ ហើយគេអោយយើងទៅនៅកន្លែងណា តែកុំចេញពីទឹកដី​ជប៉ុន​អោយ​សោះ។ រឿង​នេះ​មិនខុសគ្នាជាមួយនឹងរឿងនៅប៉ាតាយ៉ា។

បទពិសោធន៍ មិនចាកចោលគណៈប្រតិភូនៅព្រឹត្តិការណ៍អាស៊ាន ប្រទេសថៃ

ប៉ាតាយ៉ាឆ្នំា ២០០៩​ ឬ ឆ្នំា ២០១០ ប្រជុំអាស៊ាន និងដៃគូពាក់​ព័ន្ធ ពួកអាវក្រហមទៅព័ទ្ធជាប់ទំាងអស់ ទៅ​ព័ទ្ធ​ជាប់ទំាងអស់។ ការប្រជុំត្រូវបានលើក។ ដល់តុប្រជុំហើយ តែ​បូកបី​អត់មានលទ្ធភាពមក ទំាងចិន ទំាងកូរ៉េ ទំាងជប៉ុន អត់មានលទ្ធភាពចូលមក។ ក្រុមអាស៊ីបូព៌ាក៏គ្មានមាន​លទ្ធភាព។ អញ្ចឹងអង្គប្រជុំត្រូវលើក បន្ទាប់​ទៅ​​គេចាប់ផ្តើមជម្លៀសមេដឹកនំារបស់អាស៊ាន។ ឯកឧត្តម ប្រាវីដ វង្សសុវណ្ណ ដែល​បច្ចុប្បន្ន​ជាឧប​នា​យក​​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីការពារជាតិ កាលពេលនោះគាត់ក៏ជារដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ (បាន)​ត្រៀមបម្រុងម៉ារីនផ្នែក​ជើង​ទឹក​អោយខ្ញុំ (ថា)បើ​ចេញ​​​តាមជើងទឹកមកកោះកុងក៏បានដែរ។ ឯឧទ្ធមា្ភគចក្រយកមេដឹកនំាពី​លើដំបូល​សណ្ឋា​​គារ ចេញមកអូតា​ប៉ាវ។ ឯកឧត្តម ប្រាវីដ វង្សសុវណ្ណ បានទៅសួរខ្ញុំថា តើឯកឧត្តម​អញ្ជើញ​​តាមឧទ្ធម្ភាគចក្រ ឬ​អញ្ជើញតាមកប៉ាល់ទឹក កប៉ាល់ចំបំាង។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំទៅតាមឡាន ហើយខ្ញុំប្រាប់គាត់ថា ម៉ោង ៣ ខ្ញុំ​ចេញ​ដំណើរ។ ឥឡូវខ្ញុំនឹងទទួលទានបាយ រួចហើយខ្ញុំសុំដេកមួយឆ្អែត បន្ទាប់ទៅខ្ញុំចេញ។

ការសម្រេចចិត្ត​របស់​​ខ្ញុំ​​ត្រូវ​ណាស់ ត្រង់ថាខ្ញុំមិនទៅចោលអ្នកដែលទៅជាមួយខ្ញុំ។ បើសិនជាខ្ញុំសម្រេចចិត្តមក បាន​ត្រឹម​មនុស្ស​តែ ៤ នាក់​មក​ជាមួយខ្ញុំ។ អញ្ចឹងមួយគណៈប្រតិភូត្រូវចោលទៅអស់។ ប្រហែល​ជាខ្ញុំ​លែង​ស័ក្តិ​សម(ជាមេដឹកនាំហើយ) ដែលរត់ចោល​ថ្នាក់​រដ្ឋមន្ត្រី ថ្នាក់ជំនួយការមិនចេះតិច។ មានអីម៉ោង ៣ ចេញ​ឡាន​មកយ៉ាងស្រួល។ មកដល់​ឃើញ​មេដឹកនំា​ដទៃ​ទៀតនៅចំាអូតាប៉ាវនៅឡើយ​ ដោយសារគណៈប្រតិភូអត់​ទាន់​ចេញ​​ពីនោះ​មកផង អ្នក​ដែល​ជិះអត់បានបាយអត់បានទឹក ឯខ្ញុំបានបាយហើយ ដេកមួយឆ្អែតទៀត។ នេះ​វា​រឿង​ដូច​គ្នា​អញ្ចឹង … បទពិសោធន៍មួយនេះ ក៏ជា​បទ​ពិសោធន៍ផ្តំាផ្ញើទៅពលករ/ការិនីរបស់យើង កុំរត់ចោល​ប្រ​ជា​ជនកូរ៉េ។ យើងទៅ​រក​ការងារធ្វើនៅទីនោះ បែរជាមិនទាន់សង្គ្រាមផ្ទុះផង ចាប់ផ្តើមរត់ចោលគេទៅហើយ។

មិន​​គ្រាន់តែបញ្ហានៅកូរ៉េទេ បញ្ហានៅកន្លែងដទៃយើងក៏ធ្លាប់បានជម្លៀសនិសិ្សត​របស់​យើងចេញពីលីបង់ ចេញ​​​​​ពីអេហ្ស៊ីប នៅពេលមានព្រឹត្តិការណ៍អាក្រក់កើតឡើង ដែលពេលនោះ ដើម្បីធានា​សុវត្ថិ​ភាពនិស្សិត​របស់​យើង យើងក៏បានជម្លៀសនិស្សិតរបស់យើងចេញមកដែរ តែយើងក៏បានប្រាប់អាជ្ញាធរ​របស់គេ … ខ្ញុំគិតថា មិន​ចង់​និយាយច្រើនទេ ក៏ប៉ុន្តែ​វាចំាបាច់។ លោក ហ៊ុន សែន មិនមែនព្រងើយទេ ក្នុងពេល​ហ្នឹង​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​​របស់​យើង​ទៅចូលឆ្នំានៅឯកូរ៉េ ឯកឧត្តម អ៊ិត សំហេង និងមន្ត្រីមួយចំនួនទៅចូល​ឆ្នំានៅទីនោះ។ រឿងអីរត់ មាន​តែថែម ហើយបើចំាបាច់ខ្ញុំទៅតែម្តង ព្រោះខ្ញុំជឿថាវាអត់មានសង្គ្រាម​ទេ បើកំញើញគ្នាអាហ្នឹង​មាន។

ថ្ងៃនេះ បាននំាមកសម្រាប់និស្សិតទំាង ១៨៨៥ នាក់ ក្នុងម្នាក់ៗថវិកា ៣ ម៉ឺនរៀល ដោយឡែកនិស្សិតពិការ ៤ នាក់ ក្នុងម្នាក់ៗក៏សុំបន្ថែមជូន ៥០ ម៉ឺនរៀលតែម្តង ឯណាអ្នកពិការទំាង ៤ នាក់ ងើបបន្តិចមើល អញ្ចឹងឡើង ៥ នាក់ ទំាងអ្នកបកប្រែ សង្ឃឹមថាអ្នកទំាងអស់គ្នាមិនច្រណែនទេ។ ខ្ញុំជំពាក់កម្មវិធី​ច្រើនណាស់ កន្លែង​គថ្លង់​នេះ។ ខ្ញុំត្រូវទៅទទួលទានអាហារមួយឆ្នំាពីរដង ជាមួយក្មួយៗចៅៗទាំងនោះ ប៉ុន្តែ​ឆ្នំានេះ សុំជំពាក់សិន​ហើយ​រវល់​ពេក។ បុគ្គលិក និងសាស្រ្តាចារ្យ ៦៤៤ នាក់ ក្នុងម្នាក់ៗថវិកា ៤ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យអាស៊ី​អឺរ៉ុប​សរុបថវិកា ៣ លានរៀល ជូនវិទ្យាស្ថានជាតិអប់រំថវិកា ២ លាន​រៀល។ ជាមួយនឹងការកោត​សរសើ​​ចំពោះ​វឌ្ឍនភាព នៃសកលវិទ្យាល័យអាស៊ីអារ៉ុប ព្រមទំាងការអបអរសាទរ​ចំពោះ​​​​​និសិ្សតជាជ័យលាភ័យដែល​ទទួល​សញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំសូមប្រសិទ្ធពរជាថ្មីម្តងទៀត ជូនចំពោះ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបតែ និងសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទំាងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕