សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

CNV: 

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបក្មួយៗកម្មករ/ការិនីសាជាថ្មីម្ដងទៀត បន្ទាប់ពីដាច់​អាណត្តិចាស់ និងចូលអាណត្តិថ្មីក្នុងរយៈកាល ២ អាទិត្យកន្លងទៅ។ ក្មួយប្រហែលបានដឹងហើយថា រាជរដ្ឋាភិបាលអាណត្តិចាស់ គឺអាណត្តិទី ៥ បានផុតរលត់នៅថ្ងៃទី ៦ ខែកញ្ញា ហើយរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ក៏បានចាប់កំណើតទន្ទឹមគ្នា ជាមួយនឹងការស្បថចូលកាន់តំណែង នៃរាជរដ្ឋាភិបាលអាណត្តិថ្មី នៅថ្ងៃទី ៦ នោះផងដែរ។ ប៉ុន្តែ ពូមិនអាចមានលទ្ធភាពដើម្បីមកជួបក្មួយៗទាន់ពេលវេលានោះទេ ដោយ​សារក្រោយពេលបង្កើតរដ្ឋាភិបាលហើយនៅថ្ងៃទី ៦ និងថ្ងៃទី ៧ គឺប្រជុំគណៈរដ្ឋមន្រ្តី។

ថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ បានចេញដំណើរទៅប្រជុំចិនផង និងទៅវៀតណាមផង

ថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ ពូក៏បានចេញដំណើរទៅចិនផង និងទៅវៀតណាមផង ដើម្បីចូលរួមពិព័រណ៍អាស៊ាន-ចិន នៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២ យប់ ៣ ថ្ងៃ ហើយបន្ទាប់ទៅ មកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសជាច្រើនដែលមកចូលរួមនៅទីនោះ។ ជាលើកដំបូងហើយ ដែលក្នុងរយៈពេលតែ ៤ ម៉ោងប៉ុណ្ណោះ ដែលពូបានថ្លែងសុន្ទរកថានៅ ២ ប្រទេសខុសគ្នា។ បានសេចក្ដីថា នៅព្រឹកម៉ោង ៨ កន្លះជាងបន្ដិច នៅឯទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន គឺបានថ្លែងសុន្ទរកថា ដើម្បីបើកវេទិកាពិព័រណ៍អាស៊ាន-ចិន ដែលឆាំ្ននេះ កម្ពុជាមិនអាចខកខានបានទេ ដោយសារជាប្រទេសកិត្តិយស។ នៅក្នុងពេលជាមួយគ្នា បើយើងគិតពីម៉ោង​នៅពេលនោះ គឺម៉ោង ៨ កន្លះនៅឯប្រទេសចិន ត្រូវនឹងម៉ោង ៧ កន្លះ នៅឯប្រទេសវៀតណាម។ អញ្ចឹងត្រូវហោះហើរភ្លាមៗ ដើម្បីមកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម មកទាន់អានសុន្ទរកថាបើកវេទិកាសេដ្ឋកិច្ចពិភពលោក គឺបានសេចក្ដីថា ៤ ម៉ោងគត់ អានសុន្ទរកថាពីរ នៅក្នុងប្រទេស ២ ខុសគ្នា។ ជាការហត់នឿយមួយ ក៏ប៉ុន្តែយើងទទួលយកការហត់នឿយបែបនេះ ដើម្បីផលប្រយោជន៍នៃប្រទេសជាតិរបស់យើង។

បន្តការសន្យាជួបជាមួយនឹងកម្មករ/ការិនី ក្នុងនីតិកាលទី ៦

ថ្ងៃនេះ ពូពិតជាមានការរីករាយ អ្វីដែលបាននិយាយកាលពីពេលមុនបោះឆ្នោត ពូបានផ្ដាំផ្ញើហើយថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត ពូនឹងបន្តដើរជួបជាមួយនឹងកម្មករ/ការិនីតទៅទៀត។ បើសិនគណបក្សប្រជាជនមិនជាប់ឆ្នោតទេ គឺពូមិនជ្រៀតជ្រែកកិច្ចការរបស់អនាគតនាយករដ្ឋមន្រ្តីថ្មីនោះទេ។ តែអ្វីៗ វាបានច្បាស់ហើយ បន្ទាប់ពីការបោះឆ្នោតហើយ មុនបង្កើតរាជរដ្ឋាភិបាល ពូក៏បានជួបជាមួយនឹងកម្មករ/ការិនី ចំនួន ៤ ដងបន្ថែមទៀត ឥឡូវលើកទី ៥។ ប៉ុន្តែយើងចាត់ទុកថា វាជាការជួបលើកដំបូងនៅក្នុងនីតិកាលទី ៦ នៃរដ្ឋសភា។ ការជួបជុំនៅថ្ងៃនេះ មានចំនួនរហូតទៅដល់ ២៧.៤៤៤ នាក់ ដែលមកពី ២៤ រោងចក្រ។ ក្នុងនោះ គ្រាន់តែក្មួយៗជាកម្មការិនីដែលមានផ្ទៃពោះ រហូតដល់ ១.៣៧២ នាក់ ​គឺចំនួនមួយមិនធម្មតា។ ថ្ងៃនេះ ពូក៏ត្រូវតែមានការហត់នឿយ តែការហត់នឿយរបស់ពូ ពិតជាមានការសប្បាយ ដោយសារពូបានផ្ដល់នូវជំនួយផ្ទាល់ចំពោះក្មួយៗ ដែលជាកម្មការិនីមានផ្ទៃពោះ។

ថ្ងៃនេះ ក្មួយៗនឹងបានកូនប្រុស/ស្រីដ៏គួរឲ្យស្រឡាញ់ ហើយមានអនុស្សាវរីយ៍នៅត្រង់ថា នៅពេលដែលក្មួយៗកើតវាឡើង ក្មួយៗមានរូបថត ក្មួយៗក៏បាននិទានប្រាប់ថា នៅពេលដែលម្ដាយមុនកើតកូនឯង បានជួបលោកតា ហ៊ុន សែន ដែលគាត់ជាមេដឹកនាំប្រទេសកាលពីជំនាន់មុន ប៉ុន្តែប្រ​ហែលពេលនោះ ពូមិនទាន់ទៅណាឆ្ងាយទេ ព្រោះពូបាននិយាយហើយថា ពូនឹងធ្វើនាយករដ្ឋមន្រ្តីរយៈពេល ១០ ឆ្នាំទៀតយ៉ាងតិច។ ឥឡូវ ៥ ឆ្នាំ ច្បាស់លាស់ហើយ ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០២៣ គឺជាឆ្នាំដែលពូត្រូវធ្វើនាយករដ្ឋមន្រ្តី។ តែឆ្នាំ ២០២៣ គឺនឹងត្រូវធ្វើការបោះឆ្នោតឡើងវិញ។ ចំណុចនេះ ពូនៅតែមានមោទនភាពថា អ្វីដែលពូបាននិយាយ ពូបានធ្វើ ហើយក៏សុំយកឱកាសនេះ ថ្លែងពីទីនេះ ទៅកាន់បងប្អូន ក្មួយៗ កម្មករ/ការិនីនៅកន្លែងដទៃទៀត ដែលពូមិនទាន់បានជួប តែពូនឹងខិតខំធ្វើដំណើរដើម្បីទៅជួបពួកគេទាំងនោះ នៅទីកន្លែងតាមការរៀបចំ។ ប៉ុន្តែ ឆ្នាំនេះ ពូត្រូវចេញទៅក្រៅប្រទេសច្រើនណាស់ ហើយក៏ត្រូវអាក់ខាននូវកម្មវិធីមួយចំនួននៅក្នុងប្រទេស។

ថ្ងៃទី ២៧ ខែកញ្ញា ទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ

សុំបញ្ជាក់ជូនបន្ដិចថា ថ្ងៃទី ២៧ ខែកញ្ញា​ នឹងត្រូវហោះចេញទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមនូវមហាសន្និបាតអង្គការសហប្រជាជាតិ ដែលឆ្នាំនេះ កម្ពុជាក៏ជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិផងដែរ។ តាមពិត ត្រូវចេញទៅមុន ដោយសារប្រធានាធិបតីបារាំង លោក​ ម៉ាក្រុង ​អញ្ជើញចូលរួមប្រជុំកំពូល ស្ដីអំពីភពផែនដីតែមួយ នៅឯទីក្រុងញូវយ៉ក ក៏ប៉ុន្តែយើងមិនអាចទៅទាន់ពេលនោះទេ ដោយសារពូត្រូវថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងចន្លោះម៉ោង ១២ ទៅម៉ោង ១ នៅថ្ងៃទី ២៨ ស្មើនឹងម៉ោង ១២ ឬម៉ោង ១ យប់ នៅឯប្រទេសកម្ពុជា ព្រោះខុសត្រូវគ្នា ១២ ម៉ោងឯណោះ។ ហើយថ្ងៃ ២៨ នោះទៀតសោត ពេលព្រឹក ក៏ត្រូវមានជំនួបជាមួយនឹងនាយករដ្ឋមន្រ្តីប្រទេសពីរ។ ឯបន្ទាប់ទៅ ត្រូវថ្លែងសុន្ទរកថានៅមហាសន្និ​បាតអង្គការសហប្រជាជាតិនៅថ្ងៃត្រង់ ឯពេលល្ងាចនៅម៉ោង ៥ កន្លះ នឹងត្រូវជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ។

ថ្ងៃទី ២៩ ខែកញ្ញា ជួបសំណេះសំណាលជាមួយនឹងបងប្អូនខ្មែរនៅទីក្រុងញូវយ៉ក

ដល់ថ្ងៃទី​ ២៩ នឹងមានជំនួបជាបន្តទៀត ជាពិសេសជំនួបជាមួយនឹងបងប្អូនខ្មែរយើង ដែលសព្វថ្ងៃនេះ ហ្វេសប៊ុកជាច្រើនបញ្ចេញសារមកហើយ អំពីការដែលបងប្អូននៅតាមរដ្ឋនានានៅក្នុងសហរដ្ឋអាមេរិក ត្រៀមធ្វើដំណើរមកកាន់ទីក្រុងញូវយ៉ក ដើម្បីជួបស្វាគមន៍ជាមួយនឹងនាយករដ្ឋមន្រ្តី ហ៊ុន សែន។ គេគ្រាន់តែឃើញប៉ុណ្ណឹង គេអាចដឹងបាន និងប្រៀបធៀបបានហើយ តើចំនួនអ្នកដែលនឹងត្រូវមកទទួលស្វាគមន៍នាយករដ្ឋមន្រ្តី ហ៊ុន សែន មានចំនួនប៉ុន្មាន បើជាក្រុមៗ ចេញតាមហ្វេស​ប៊ុកមកទៅហើយ​។ គិតមកដល់ពេលនេះ គឺមានជាង ១.០០០ នាក់រួចស្រេចទៅហើយ។ ឥឡូវនេះ បើសិនជាស្ថានភាពយ៉ាងដូច្នេះ ពូប្រហែលជាអាចជួបជាមួយនឹងបងប្អូនខ្មែរយើង ២ ឬរហូតដល់ ៣ ដងផងក៏បាន ព្រោះបងប្អូនទាំងនោះ ក៏មានការគោរព ស្រឡាញ់ នឹកដល់ស្រុកទេស ហើយក៏ចង់មកចូលរួមស្វាគមន៍ចំពោះមេដឹកនាំរបស់ខ្លួនផងដែរ។

៦ តុលា ប្រជុំសហប្រតិបត្តិការមេគង្គជប៉ុន, ១០ តុលា ប្រជុំនៅឥណ្ឌូនេស៊ី, ១៧ តុលា ប្រជុំអាស៊ី-អឺរ៉ុប/ប្រ៊ុចសែល

បន្ទាប់ពីការវិលត្រឡប់ពីសហរដ្ឋអាមេរិក ពីទីក្រុងញូវយ៉ក ដែលជាទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ឆ្នាំនេះ ពូប្រ​ហែលជាបានដាក់បិណ្ឌត្រឹមតែបិណ្ឌទី ៩ មួយថ្ងៃប៉ុណ្ណឹងទេ។ ហើយភ្ជុំឆ្នាំនេះ មិនបានចូលរួមភ្ជុំនៅក្នុងស្រុកទៀត។ ផែន​ការ ត្រូវហោះចេញទៅប្រទេសជប៉ុន នៅថ្ងៃទី ៦ ខែតុលា អញ្ចឹងនៅពេលថ្ងៃភ្ជុំបិណ្ឌ គឺនៅប្រទេសជប៉ុន គឺថ្ងៃទី ៩ ភ្ជុំ​។ ដល់ថ្ងៃទី ១០ ហោះចេញពីជប៉ុន មកចូលឥណ្ឌូនេស៊ី ប្រជុំនៅឥណ្ឌូនេស៊ីចប់ បានមកកម្ពុជា។ រួចហើយចាប់ផ្ដើម ថ្ងៃទី ១៧ ខែតុលា ចាប់ផ្ដើមចេញដំណើរទៅប្រ៊ុចសែល នៅឯសហគមន៍អឺរ៉ុប រួចហើយប្រជុំអាស៊ី-អឺរ៉ុបនៅទីនោះ និងអាស៊ាន-អឺរ៉ុបនៅទីនោះ។ បន្ទាប់ទៅ មានគម្រោងទស្សនកិច្ចនៅប្រទេសទួរគី ហើយបន្តទៅទៀត នឹងចេញទៅហ្សឺណែវ ដើម្បីប្រជុំកំពូលស្ដីអំពីបញ្ហាពាណិជ្ជកម្ម។

កម្ពុជាជារដ្ឋអធិបតេយ្យមួយ គ្មាននរណាមកព្យួរ ឬដកអាសនៈពីអង្គការសហប្រជាជាតិនោះទេ

ខ្ញុំនិយាយយ៉ាងដូច្នេះ ក៏ចង់ប្រាប់ទៅមនុស្សមួយចំនួនអោយបានច្បាស់ភ្លឺភ្នែកថា កម្ពុជាជារដ្ឋអធិបតេយ្យជាអ្នកគ្រប់គ្រងទាំងអស់ នៅបណ្ដាវេទិកាអន្តរជាតិទាំងអស់នៅលើពិភពលោកនេះ។ សូមកុំមានការភ័ន្តច្រឡំឲ្យ​សោះ។ ខ្ញុំក៏សូមបញ្ជាក់ថា ត្រូវធ្វើការបោះឆ្នោតសម្រាប់ឃុំសង្កាត់នៅឆ្នាំ ២០២២ និងធ្វើការបោះឆ្នោតសម្រាប់ជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ ២០២៣។ ខុសពីនេះគឺគ្មានទេ សុំកុំរង់ចាំ។ ខ្មោចដែលវាងាប់ហើយវាអាចរស់ឡើងវិញបាននោះ។ សូមមើលឲ្យច្បាស់ នាយករដ្ឋមន្ត្រីកម្ពុជា ទៅថ្លែងក្នុងឋានៈជាមេដឹកនាំរដ្ឋ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ហើយក៏ត្រូវជួបជាមួយបណ្ដាមេដឹកនាំនៅតាមប្រទេសមួយៗ នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ហើយក៏ជួបអគ្គលេខាធិការអង្គការសហប្រជាតិនៅទីនោះ។ ពេលដែលទៅហ្សឹណែវ ក៏មានការប្រជុំនៅក្នុងអង្គការសហប្រជាជាតិ ស្ដីអំពីបញ្ហាពាណិជ្ជកម្មដូចគ្នា។ ដូច្នេះសូមកុំភ័ន្តច្រឡំ។ អ្នកខ្លះឃោសនាប៉ុន្មានថ្ងៃនេះ (ពីការ)ព្យួរអាសនៈ។ អ្នកណាហ៊ានដកអាសនៈកម្ពុជា? … ខ្ញុំចេះតែឆ្ងល់ថា បើសិនជាអាមេពូកែភូតហើយ អាកូនវាពូកែជឿទៅទៀត​។ អញ្ចឹងគេថា បើភូតលើកទីមួយបាន គឺអ្នកដែលត្រូវទទួលគេភូត/គេបោក អត់ខុសទេ។ បើភូតលើកទី ២ គេបោកលើកទី ២ បាន អ្នកដែលត្រូវគេបោក គឺអត់ខុសទេ អាអ្នកបោកគឺអ្នកខុស។ ប៉ុន្តែ បើចាប់ពីទី ៣ ឡើងទៅ បើឲ្យគេបោកលើកទី ៣ បានទៅ គឺអាអ្នកដែលត្រូវគេបោកបានហ្នឹងវាល្ងង់តែម្ដង។ ឥឡូវចាំទៅ អាមួយឈ្មោះ អា ចាន់ថុក មួយឈ្មោះ អាច័ន្ទ នៅខេត្តព្រៃវែង អាហ្នឹងពូកែវិភាគនយោបាយណាស់ អាពីរគ្រឿងហ្នឹងពូកែវិភាគ ភូតប្រចាំថ្ងៃតែម្ដង អានេះ ភូតផុតពីកន្លែងមួយដល់កន្លែងមួយ។ អាហ្នឹងមេតែម្ដង មេនៅព្រៃវែង ផ្ដាំទៅ កុំពូកែខាងភូតពេក។

គ្រាន់តែជាការប្តូរទីតាំងឃុំខ្លួនពិរុទ្ធជន មិនមែនលើកលែងទោសនោះទេ

ជួនកាល គេបន្ធូរបន្ថយខ្លះ ឧទាហរណ៍ សុវត្ថិភាពរបស់ពិរុទ្ធជន។ យើងត្រូវយកចិត្តទុកដាក់។ បែរជាចាត់ទុកថារឿងហ្នឹង ទៅជាអន្តរជាតិគេគាបសង្កត់។ ទេ! បើចង់ដឹងថា អន្តរជាតិគេគាបសង្កត់ តុលាការចេញដីកាឃុំនៅខេត្តព្រះវិហារ អាហ្នឹងវានៅសិទ្ធិរបស់តុលាការ។ គេគ្រាន់តែយកមកដាក់នៅក្នុងដែនដីមួយ។ ខ្ញុំនិយាយបន្តិចដើម្បីឲ្យអ្នកទាំងឡាយភ្លឺភ្នែក។ ថ្ងៃមុន សម្ដេចក្រឡាហោម ស ខេង បាននិយាយម្ដងហើយ ប៉ុន្តែថ្ងៃនេះខ្ញុំគ្រាន់តែបញ្ជាក់។ អត់ទាន់រួចទោសទាំងអស់ គ្រាន់តែប្ដូរទីតាំងឃុំឃាំងតែប៉ុណ្ណឹងទេ។ ក្រែងលោងាប់ក្នុងគុក វាបង្កើតរឿងដល់រាជរដ្ឋាភិបាល។ អញ្ចឹងក្នុងគោលដៅមនុស្សធម៌ និងរក្សាសុវត្ថិភាពពិរុទ្ធជន យើងមិនអាចទាន់ហៅគេទណ្ឌិតទេ។ នៅប្រទេសរបស់យើងអត់ទាន់មានច្បាប់ឃុំខ្លួនក្នុងផ្ទះទេ។ វានៅអាកន្លែងហ្នឹង។ តុលាការគេកំណត់តំបន់មួយ ឲ្យមនុស្សហ្នឹងស្នាក់នៅ ហើយគេអាចចង្អុលឲ្យមនុស្សហ្នឹងស្នាក់នៅក្នុងផ្ទះហ្នឹងតែម្ដង។ អញ្ចឹងយើងក៏ត្រូវរៀបចំថ្ងៃក្រោយ ឲ្យមានច្បាប់ដើម្បីឃុំខ្លួនក្នុងផ្ទះដែរ អាចជាការខ្វះចន្លោះនៅក្នុងផ្នែកច្បាប់។ អញ្ចឹងទេ ចាប់ផ្ដើមស្រែកអញ្ចេះ ស្រែកអញ្ចុះ។ ការធ្វើសកម្មភាពណាមួយ ត្រូវតែពាក់ព័ន្ធជាមួយនឹងសាល​ដីកាតុលាការ ដែលគេកំណត់ បើមិនដូច្នេះ តុលាការគេនឹងមានសិទ្ធិដើម្បីនឹងយកទៅឃុំឃាំងនៅកន្លែងណាផ្សេង តាមការតម្រូវរបស់តុលាការ តាមឆន្ទានុសិទ្ធិរបស់តុលាការ។ យើងគ្រាន់តែជូនសារប្រាប់ទៅអ្នកទាំង​ឡាយថា សុំកុំឲ្យហួសហេតុពេក និងសុំកុំឲ្យមានការភ័ន្តច្រឡំចំពោះបញ្ហាណាមួយ។ ការភ័ន្តច្រឡំនោះ នាំឲ្យខ្លួនឯងគ្រោះថ្នាក់ វិភាគនយោបាយចុះ វិភាគនយោបាយឡើង។ ឥឡូវវិភាគបន្តហើយនៅបីខែទៀត។ អើ! នៅបីខែទៀតចូល ឆ្នាំ ២០១៩ ស្រេច។

យន្តការត្រីភាគីកំពុងធ្វើការសម្រេចប្រាក់បៀវត្សរ៍អប្បបរមាឆ្នាំ ២០១៩

នៅតែប៉ុន្មានថ្ងៃទៀត ក្មួយៗនឹងអាចដឹងបានហើយថា ប្រាក់បៀវត្សអប្បបរមាឆ្នាំ ២០១៩ នោះ វាដល់ណា ខ្ញុំក៏ចង់ដឹងដែរខ្ញុំចាំអ៊ុតមើល។ ពូក៏ត្រូវតែថែមទៀត តែថែមប៉ុន្មានគឺមិនទាន់ដឹង។ តែយ៉ាងណាក៏ដោយប្រាក់ខែរបស់ក្មួយៗ មិនស្ថិតនៅក្នុងរង្វង់ ១៧០ ដដែលទេ។ ឆ្នាំទៅ ១៥៣ ឆ្នាំនេះ ១៧០ ឆ្នាំក្រោយវាច្បាស់ជាមិននៅ ១៧០ ទេ វាច្បាស់ជាឡើងលើហ្នឹង ប៉ុន្តែយន្តការត្រីភាគីកំពុងតែធ្វើការតទៅទៀត។

ទៅបោះឆ្នោត ដើម្បី (១)ដំណើរការប្រជាធិបតេយ្យ (២) រក្សាសន្តិភាព និងការអភិវឌ្ឍ

ថ្ងៃនេះ ពូសូមយក​ឱកាសនេះដើម្បីថ្លៃងអំណរគុណចំពោះក្មួយៗទាំងអស់ ជាកម្មករ/ការិនីដែលមានវត្តមាននៅទីនេះ ដែលបានចូលរួម ទី ១ ដែលបានចូលរួមអនុវត្តនៅដំណើរការប្រជាធិបតេយ្យ តាមរយៈការអញ្ជើញទៅចូលរួមបោះឆ្នោត។ ការទៅចូលរួមបោះឆ្នោតដែលមានអត្រាជាង ៨៣% គឺជាការតំណាងមួយដ៏ខ្ពស់ ឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋ ឆ្លុះបញ្ចាំងនូវឆន្ទៈ​របស់ប្រជាពលរដ្ឋ។ មានអ្នកខ្លះគិតស្មានថា សន្លឹកឆ្នោតដែលធ្លាប់បោះឲ្យ​ពួកគេ នឹងនៅរក្សាដដែល បូកបន្ថែមដោយការមិនទៅបោះបន្ថែមទៀត។ ​ប៉ុន្តែ ផ្ទុយទៅវិញ ប្រជាជនរហូតទៅដល់ជាង ៨៣% ដែលទៅធ្វើការបោះឆ្នោត។ ទី ២ គឺក្មួយៗបានទៅបោះឆ្នោត​ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ។ នេះជាការជ្រើសរើសដ៏ត្រឹមត្រូវមួយ ដែលធានាថាសន្លឹកឆ្នោតរបស់ក្មួយៗ ដែលបានបោះរួចហើយនោះ មិនបង្កើតជាទុក្ខភ័យសម្រាប់ក្មួយៗនោះទេ។ នោះគឺក្មួយៗបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យ​បន្តដឹកនាំ។

ក្រោយបោះឆ្នោត ២០១៣ មានការរំខានដោយចង់ផ្តួលរំលំ, ២០១៨ មានកិច្ចការត្រូវធ្វើ និងស្តារបន្ទាប់ពីទឹកជំនន់

ស្ថានភាពនេះតើឆ្នាំ ២០១៣ មានឬទេ? បើទោះបីពេលនោះគណបក្សប្រជាជនឈ្នះក៏ដោយ ក៏ប៉ុន្តែការំខានដោយទង្វើបំ​ពានច្បាប់ តាមរយៈការរៀបចំផ្ដួលរំលំតាមរយៈបដិវត្តន៍ពណ៌។ បោះឆ្នោតរួចហើយ គេបាននិយាយថា គ្មាន​ឱកាសណាល្អជាងឆ្នាំ ២០១៣ នេះ ដើម្បីនឹងធ្វើការផ្លាស់ប្តូរទេ។ តើនោះជាអ្វី? អ្នកដែលស្លាប់ តើអ្នកណាទទួលខុសត្រូវ? យើងបានរកឃើញហើយៗ យើងក៏បាន និងកំពុងផ្ដន្ទាទោសគេដែរ​។ ដូច្នេះ ឆ្នាំនេះ ពិតជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋរបស់យើង​។ ពិតមែនហើយឆ្នាំនេះមានកិច្ចការច្រើនណាស់ដែលយើងត្រូវធ្វើ ជាពិសេស ជំនន់បានកើតឡើងនៅក្នុងផ្ទៃប្រទេសរបស់យើង ដែលបំផ្លិចបំផ្លាញ រឿងផលដំណាំម្យ៉ាងហើយ ក៏ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធឆ្នាំនេះ គឺពិតជាមានផលប៉ះពាល់ធំ ជាពិសេស ផ្លូវថ្នល់ទាំង​ឡាយ ដូចជានៅផ្លូវជាតិលេខ ៤ គឺមិនដឹងជាលិចប៉ុន្មានសាទៅហើយទេ។ អញ្ចឹង ផ្លូវជាតិ ផ្លូវលំ ប្រព័ន្ធធារាសាស្ត្រមួយចំនួន ត្រូវខូចខាតដែលចាំបាច់ត្រូវស្ដារឡើងវិញ រាប់ទាំងអណ្ដូងទាំងឡាយ ដែលនៅតាមដងទន្លេមេគង្គ និងនៅតំបន់លិចលង់ដោយទឹកភ្លៀង​ ក៏ត្រូវស្ដារឡើងវិញទាំងអស់។

អង្គភាពអាស៊ានបូក ៣៖ សេដ្ឋកិច្ចកម្ពុជា ៧,២% អតិផរណាតែ ៣,១%

ប៉ុន្តែបើទោះបីយ៉ាងនេះក៏ដោយ អង្គភាពអាស៊ានបូក ៣ ដែលជាយន្តការមួយ ក្នុងការវាយតម្លៃ មិនអន់ជាងសមត្ថភាពរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានមកធ្វើការវាយតម្លៃសេដ្ឋកិច្ចកម្ពុជា នៅក្នុងពេលដែលយើងបង្កើតរាជរដ្ឋាភិបាល​ គឺគេបានកំណត់ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងមានកំណើតរហូតទៅដល់ ៧,២% លើសការកំណត់ ការព្យាករ កាលពីដើមឆ្នាំ។ ឆ្នាំទៅ យើងបានសម្រេច ៧% ហើយក្នុងច្បាប់ថវិកាឆ្នាំ ២០១៨ នេះ យើងកំណត់ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចរបស់យើងត្រឹមតែ ៧% និងអត្រាអតិផរណាក្រោម ៣,៥% ប៉ុន្តែអង្គភាពអាស៊ានបូក ៣ នេះបានមកវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងកើន ៧,២%ជាមួយអត្រាអតិផរណាត្រឹមតែ ៣,១ តែប៉ុណ្ណោះ។ ដូច្នេះស្ថានភាពនេះជាស្ថានភាពល្អប្រសើរមួយ សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជារបស់យើង ប៉ុន្តែយើងត្រូវតែប្រឹង។

ចប់អាណត្តិទី ៦ ប្រាក់ចំណូលប្រជាជន ២.០០០ ដុល្លារ/ឆ្នាំ

នៅក្នុងដំណាក់កាលដែលយើងបន្តការខិតខំ ពីអាណត្តិមួយទៅកាន់អាណត្តិមួយ ពីឆ្នាំមួយទៅកាន់ឆ្នាំមួយ គឺត្រូវធ្វើយ៉ាងណាជម្រុញកំណើនសេដ្ឋកិច្ចរបស់យើងឲ្យកើនខ្ពស់ ដែលខ្ញុំរំពឹងថា ចប់អាណត្តិទី ៦ នេះប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា នឹងកើនឡើងជាង ២.០០០ ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ ដែលសព្វថ្ងៃនេះយើងកំពុងស្ថិតនៅក្នុងប្រាក់ចំណូល ១.៥៦០ ដុល្លារសហរដ្ឋអាមេរិក។ បើយោងទៅលើកំណើន ៧% ថេរ ចំនួនរយៈពេល ៥ ឆ្នាំ យើងនឹងមានប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋម្នាក់ជាង ២.០០០ ដុល្លារសហរដ្ឋអាមេរិក ដែលមុននេះយើងមានរាប់សិបដុល្លារតែប៉ុណ្ណោះ ហើយក្រោយមករាប់រយដុល្លារ។ ឥឡូវ យើងបានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ប៉ុន្តែ ២.០០០ដុល្លារ វាអត់ទាន់បានទៅដល់កម្រិតនៃប្រទេសដែលមានឋានៈជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នោះទេ។ ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់យើងនឹងសម្រេចនៅឆ្នាំ ២០៣០ ដែលនេះជាការដាក់ចេញនូវគោលដៅសម្រាប់រយៈពេលមធ្យម។ ហើយគោលដៅរយៈពេលវែងគឺឆ្នាំ ២០៥០ ដែលនឹងក្លាយជាប្រទេសដែលប្រាក់ចំណូលខ្ពស់។

ជោគជ័យក្នុងការដាក់ចេញនូវចក្ខុវិស័យពង្រាយរោងចក្រទៅតាមមូលដ្ឋាន

ប្រាក់ទាំងអស់នេះ វាមិនបានហោះមកចូលហោប៉ៅរបស់យើងទេ បើយើងមិនប្រឹងរក … ច្បាស់ណាស់ថា យើងជួបគ្នានៅស្រុកគងពិសី ហើយលឺថារោងចក្រទាំងអស់មកពីគងពិសីទាំងអស់ … ប៉ុន្តែកម្មករច្បាស់ណាស់មានមកពីតាកែវខ្លះ មានមកពីកណ្តាល​ខ្លះ ហើយអាចមានមកពីកន្លែងដទៃខ្លះ ក្មួយៗអាចចោទជាសំណួរ។ កន្លងទៅ ពូដូចជាធ្លាប់មកស្ទូងនៅតំបន់ឯណានោះ (ឯណាគេហៅថាភូមិវាលនៅឯណា) មកស្ទូងនៅភូមិវាលនេះ (ខាងកើតភ្នំ)។ ពេលនោះ បានស្ទូងជាមួយកម្មករ/ការិនីរបស់យើង ដែលមកធ្វើការរោងចក្រ តែមិនមែនធ្វើម្តុំហ្នឹងទេ ទៅធ្វើឯណោះ ចូលទៅដែនដីរបស់ភ្នំពេញឯណោះ (ក្បែរ)ស្ពាន ៧ មករា ឯណោះ។ អញ្ចឹងទេ ពេលហ្នឹងបានសួរអំពីការទទួលបានប្រាក់បៀវត្ស ដើម្បីទៅបំពេញឲ្យវិស័យកសិកម្ម។ នេះជាចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលបើគិតមកដល់ពេលនេះ រយៈពេល ១៩ ឆ្នាំ ហើយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យពង្រាយរោងចក្រទៅតាមមូលដ្ឋាន ដែលអាចធ្វើទៅកើត តាមរយៈការខិតខំកសាងហេដ្ឋា​រចនាសម្ព័ន្ធចាំបាច់ ដើម្បីរោងចក្រគេមា​នលទ្ធភាពទៅបង្កើតនៅទីនោះ ដើម្បីបង្កើតការងារធ្វើ ឲ្យប្រជាពល​រដ្ឋរបស់យើង។ កុំប្រ​មូលផ្តុំនៅតែទីក្រុងភ្នំពេញ ឬក៏ទីក្រុងណាមួយនោះ។

ឥឡូវ យើងអាចចោទជាសំណួរថា ប្រសិនបើគ្មានរោងចក្រនៅស្រុកគងពិសីទេ តើពេលនេះក្មួយៗនៅស្រុកគងពិសី ឬក៏អ្នកនៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ តើពេលនេះកំពុងនៅឯណា? មានតែ ២ ទេ៖ ទី ១ គឺក្មួយៗអាចទៅធ្វើកម្មករនៅឯទីក្រុងភ្នំពេញ ឬកន្លែងផ្សេងដែលមិនមែននៅជិតផ្ទះរបស់ខ្លួននោះទេ។ ព្រោះ បើមិនមានរោងចក្រនៅទីនេះផង អញ្ចឹងទេមានតែជម្រើសចាកចេញពីគ្រួសារ ទៅរកការងារធ្វើនៅឯទីក្រុងភ្នំពេញ ឬនៅកន្លែងផ្សេងដែលមានរោងចក្រ។ ឯចម្លើយទី ២ គឺនៅធ្វើកសិកម្មជាមួយនឹងក្រុមគ្រួសារ មិនមែនជាកម្មករទេ បើសិនវាគ្មានរោងចក្រនោះ។ ដូច្នេះការដោះស្រាយពង្រាយរោងចក្រទៅតាមបណ្តាមូលដ្ឋាន តាមរយៈការខិតខំកសាងផ្លូវថ្នល់ ការដោះស្រាយទឹក ការដោះស្រាយបញ្ហាអគ្គិសនី ដើម្បីដោះស្រាយការងារធ្វើជាជម្រើសដ៏ល្អ ដែលមកដល់ពេលនេះអាចចាត់ទុកថាយើងទទួលជោគជ័យ នៅក្នុងការអនុវត្តនូវនយោបាយទាក់ទាញវិនិយោគទុនមកកាន់កម្ពុជាផង ហើយពង្រាយការវិនិយោគនោះទៅកាន់តំបន់នានា ដែលមានសក្តានុពលស័ក្តិសមនឹងការវិនិយោគ។

ការភ្ជួររាស់ដោយគោក្របីនៅប្រមាណជា ៣,៥%  ឯ ៩៦,៥% ទៀត ភ្ជួររាស់ដោយគ្រឿងចក្រកសិកម្ម

រាជរដ្ឋាភិបាលបានប្រឹងប្រែងច្រើនណាស់ ដើម្បីបង្កើតការងារឲ្យប្រជាពលរដ្ឋរបស់យើងបានធ្វើ។​ រហូតមកដល់ពេលនេះសូម្បីតែការភ្ជួររាស់​សម្រាប់វិស័យកសិកម្ម ដែលប្រើប្រាស់ការភ្ជួររាស់ដោយគោក្របីនៅប្រមាណជា ៤% មិនដល់ ៤% ផងទេ … នៅសល់ ៣,៥% ប៉ុណ្ណោះ។ ឯ ៩៦,៥% ទៀតបានភ្ជួររាស់ដោយគ្រឿងចក្រកសិកម្មហើយ បានភ្ជួររាស់ដោយត្រាក់ទ័រ ឬដោយគោយន្ត។ តើប្រាក់កាសទាំងនោះបានមកពីណា? មួយភាគធំបានមកពីកម្មករ/ការិនីរបស់យើងធ្វើការនៅតាមបណ្តារោងចក្រហើយ ហើយយកប្រាក់ទាំងនោះទៅជួលគោយន្ត ទៅជួលត្រាក់ទ័រ ដើម្បីភ្ជួររាស់ជំនួស។ ជួល ឧបករណ៍កសិកម្មដទៃទៀត ដូចជាការច្រូតកាត់ជាដើម ដើម្បីជំនួសឲ្យកម្លាំងពលកម្ម។

មិនត្រូវពឹងពាក់តែលើមួយវិស័យទេ គឺត្រូវធ្វើពហុវិស័យ, រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់អតិផរណា

នេះជាការខិតខំដើម្បីចេញដំណើរ ភាពលូតលាស់របស់យើងមិនអាចពឹងពាក់តែលើវិស័យណាមួយនោះទេ។ ត្រូវធ្វើពហុវិស័យ ដើម្បីទប់ទល់(ដោយមាន)ភាពធន់ ជាមួយនឹងវិបត្តិដែលមានពីខាងក្រៅ​។ ប្រទេសខ្លះពឹងពាក់ខ្លាំង​ពេក ទៅលើតែបញ្ហាប្រេងតែមួយមុខ ដល់អាប្រេង វាចាប់ផ្តើមក្រឡាប់ចាក់ចុះ កើតមានវិបត្តិ ដូចជាបញ្ហា វេណេស៊ុយអេឡា​ អីជាដើម … ប្រទេសអ្នកមានមួយ ក្លាយទៅជាអតិផរណា ១ លានភាគរយ ឥឡូវបានប្តូរប្រាក់ហើយ។ កាលមុនប្តូរប្រាក់ ទឹកក្រូចមួយកំប៉ុងតម្លៃ ២ លាន ២ សែន (Bolivar) ប៉ុន្តែ ក្រោយពីប្តូរប្រាក់ហើយ តម្លៃទឹកក្រូចនោះនៅសល់ជាង ២០។ អញ្ចឹងទេ អាហ្នឹងបានសេចក្តីថា ជួនកាលការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនេះ គឺធ្វើឲ្យប្រជាជនស្លាប់។ អញ្ចឹងទេ បានជាយើងខិតខំជាមួយនឹងរក្សាស្ថិរភាពនយោបាយ ហើយត្រូវខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ​ហើយគោលដៅនៃការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺទប់ស្កាត់អតិផរណា និងរក្សាកម្លាំងទិញនៃប្រាក់ដែលយើងមាន អាហ្នឹងគឺជាគោលដៅធំជាងគេ។ ២ ហ្នឹង ត្រូវដឹងថា គ្រាប់បែកអាចសម្លាប់មនុស្សបានមួយក្រុមមួយភូមិ នេះជាគ្រាប់បែកពិតប្រាកដ តែបើសិនជាគ្រាប់បែកសេដ្ឋកិច្ចវាផ្ទុះវិញ វានឹងបំផ្លាញមនុស្សទូទាំងប្រទេស សូម្បីតែកូននៅក្នុងផ្ទៃ ឬក៏ទារកទើបនឹងចាប់កំណើត ក៏នឹងទទួលផលប៉ះពាលដែរ ព្រោះថ្លៃទឹកដោះគោត្រឹមតែមួយកំប៉ុង ៣ ពាន់ រៀល ស្រាប់តែដល់ពេលមួយខែក្រោយ មួយកំប៉ុងឡើង ៥ ម៉ឺន រៀល​។ ដូច្នេះ អាហ្នឹងហើយជាការបាត់បង់កម្លាំងទិញ​ ដែលរាជរដ្ឋាភិបាលត្រូវធ្វើការប្រុងប្រយ័ត្ន។

បានចុះហត្ថលេខាអនុក្រឹត្យស្តីពីការសម្រួលការបើកបៀវត្សរ៍ និងឧបត្ថម្ភពេលភ្ជុំបិណ្ឌ

ពិតមែនហើយ និយាយយ៉ាងដូច្នេះ ក៏សូមបញ្ជាក់ ថ្ងៃប្រជុំគណៈរដ្ឋមន្រ្តី គឺបាននិយាយហើយ ហើយក៏បានចុះហត្ថលេខាលើអនុក្រឹត្យរួចស្រេចទៅហើយ។ ទី ១ នៅអាទិត្យទី ៣ ខែ ៩ នេះ ចាប់ផ្តើមបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ កងកម្លាំងប្រ​ដាប់អាវុធ ចាប់ពីថ្ងៃ ២៣ ទៅគឺបើកបាន​។ (ទី ២) ដល់ទៅខែ ១០ ដោយសារយើងភ្ជុំនៅថ្ងៃទី ៩ ខែ ១០ អញ្ចឹង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុទ្ធជនពិការ ក៏ដូចជាសោធនិវត្តជន រហូតដល់ប្រធានភូមិ អនុភូមិ សមាជិកភូមិ ក៏ទទួលបានស្មើៗគ្នា ម្នាក់ ៥ ម៉ឺនរៀល បូកជាមួយនឹងបើកបៀវត្សរ៍ឲ្យបានមុនពេលភ្ជុំ បានសេចក្តីថា អាទិត្យទី ១ បើកបាន។ អញ្ចឹង ប្រាក់រៀលចូលទៅកាន់ទីផ្សារខ្លាំងណាស់។ ទី ១ គឺបើកប្រាក់បៀវត្សខែ ៩។ ទី ២ ដើមខែ ១០ ចាប់ផ្តើមបើកខែ ១០ ផង ជាមួយនឹងការបើកផ្តល់ ៣០ ពាន់ លានរៀល សម្រាប់ឧបត្ថម្ភពេលភ្ជុំ ដែលម្នាក់ត្រូវបាន ៥ ម៉ឺនរៀល។ ចូលទៅដល់ខែ ១១ ត្រូវបើកបៀវត្សរ៍យ៉ាងម៉េច? ប្រហែលជាត្រូវបើកក្នុងអាទិត្យទី ២ ដើម្បីឲ្យម​ន្ត្រីរាជការ ព្រោះបើកអាទិត្យទី ១ ខែ ១០ វាចាយអស់។  អញ្ចឹងពន្យារយូរពេក ក៏វាមិនបាន ត្រូវខិតខំបើកនៅអាទិត្យទី ២ ដើម្បីម្យ៉ាងទប់ទល់ដល់មន្ត្រីរាជការរបស់យើង កម្លាំងប្រដាប់អាវុធរបស់យើង បើកពីដើមខែ ១០ យកទៅចាយអស់ ប៉ុន្តែមួយផ្នែកទៀតគឺដើម្បីឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើងបានទទួលប្រាក់ខែមុនពេលបុណ្យអុំទូក។ អញ្ចឹងត្រូវសារ៉េយ៉ាងម៉េច ឲ្យទៅដល់ពាក់កណ្តាល​ខែ ១២ នោះ មិនដល់ទៅអាទិត្យទី ៤ ទេ អាចនឹងត្រឹមអាទិត្យទី ៣ អាចបើកបៀវត្សរ៍សម្រាប់ខែ ១២។

ចាប់ពីខែ មករា ទៅ គឺបើកប្រាក់បៀវត្ស ២ សប្តាហ៍ ម្តង

ដល់ចូលខែ ១ អាហ្នឹងអត់បញ្ហាទេ។ ខែ ១ មិនមែនប្រាក់បៀវត្សប្រចាំខែទេ។ ខែ ១ ចាប់ផ្តើមបើកបៀវត្សរ៍ប្រចាំសប្តាហ៍។ បានសេចក្តីថា ថ្ងៃទី ១៥ ដឹងតែបើកលុយ។ ថ្ងៃ ៣០ ដឹងតែបើកលុយ។ ប៉ុន្តែដាច់ខែ ២៨ ដឹងតែបើកមុនហើយ ព្រោះមានថ្ងៃ ២៨ ខែ ២(កុម្ភៈ)។ នេះជាចំណុចរាជរដ្ឋាភិបាល(បានគិតគូរ)។ កាលពីម្តាយខ្ញុំនៅរស់ ​គាត់ធ្លាប់ទៅនិយាយ គាត់ថាអញសក់ក្បាលមួយសរសៃ ច្រៀកជា ១០ បានចិញ្ចឹមក្បាលពួក ហ្អែងរស់ ។ ដល់ក្រោយមក ខ្ញុំបានប្រាប់គាត់វិញថា ម៉ែ ពីដើម ម៉ែឯងសក់មួយច្រៀកជា ១០ ឥឡូវខ្ញុំសក់មួយច្រៀកជា ១០០០ ទើបអាចដោះស្រាយបានបញ្ហា។ បើមិនអញ្ចឹងទេ មិនដឹងសភាពការណ៍ស្រុកយើងម៉េចទេ រាប់ទាំងបញ្ហារំលត់ភ្លើងសង្គ្រាមក្នុងប្រទេសរបស់យើងផងដែរ។ ឥឡូវនេះ​​ បានមកជួបជុំក្មួយៗនៅទីនេះ។ ហើយថ្ងៃនេះអរគុណចំពោះម្ចាស់រោងចក្រទាំង ២១ ដែលបានផ្តល់ការអនុញ្ញាតឲ្យកម្មករ/ការិនី បានមកជួបជាមួយខ្ញុំនៅទីនេះ ហើយក៏បានផ្តល់នូវការអនុញ្ញាតឲ្យកម្មករ/ការិនីរបស់យើងបានឈប់សម្រាកនៅល្ងាចនេះ​ ដោយមានប្រាក់បៀវត្សពេញលេញ។ យប់មិញនេះ ក្មួយៗបានក្រោកពីយប់ ដើម្បីមកជួបពូ។ ហើយអ្នកដែលពិបាកជាងគេ គឺ ១.៣០០ នេះ ១.៣០០ តែមួយ មិនអីទេ តែពីរនៅខាងមុខនេះ ធ្វើម៉េចបើវាមកម្តងមួយគូ ឲ្យវាមកម្ត ងមួយគូ កើតតែបីដង គ្រប់ហើយនាង។ ពូចង់បានកូនភ្លោះដែរ តែវាអត់បានធ្វើម៉េច។ (សម្តេចនិយាយលេងអំពីម្ហូប)

បោះឆ្នោតឲ្យគណបក្សប្រជាជន ស្មើនឹងបោះឲ្យខ្លួនឯងផង និងជីដូនជីតា ឪពុកម្តាយខ្លួនឯងផង

ការជួបជុំនៅថ្ងៃនេះ អ្វីដែលពូចង់និយាយ ឯកឧត្តម អ៊ិត សំហេង គាត់បាននិយាយរួចទៅហើយ។ តែអ្វីដែលពូ ស្នើសុំដោយផ្ទាល់នៅចំពោះមុខថៅកែ នៅចំពោះមុខកម្មករ/ការិនី អ្នកទទួលខុសត្រូវគ្រប់ជាន់ថ្នាក់ នោះគឺការខិតខំរួមគ្នា ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិរបស់យើងបន្តនូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ។ ការបោះឆ្នោតបានធ្វើរួចទៅហើយ ក្មួយៗបានជ្រើសចំអ្នកដែលធានា ចំគណបក្សនយោបាយ ដែលជាអ្នកធានាជា មួយនឹងការរក្សាសន្តិភាព តាំងពីដើមរហូតដល់ចប់ ហើយដែលក្នុងនោះ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ វាមានតម្លៃស្មើនឹងការបោះឆ្នោតជូនជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ដែលបានប្រឹងប្រែងរួមដំណើរជាមួយនឹងគណបក្សប្រជាជន​ រួមដំណើរជាមួយពូ ដើម្បីឈានមកដល់ដំ​ណាក់កាលនេះ។ សុំកុំភ្លេចណា ការដែលយើងរំដោះខ្លួនពីរបប ប៉ុល ពត សុទ្ធតែមានការរើបំរះពីជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ។ ការដែលយើងទប់ស្កាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ក៏មានការរួមចំណែកពីជីដូនជីតា ឪពុកម្តា​យរបស់ក្មួយៗ។ ដូច្នេះការបោះឆ្នោតដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ គឺជាការបោះឆ្នោតឲ្យខ្លួនឯង ជាការបោះឆ្នោតឲ្យជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗខ្លួនឯងតែម្តង។ ពូពិតជាមានសំណាងណាស់ ដែលតពូជ តពង្ស តជំនាន់ តាំងពីជីដូនជីតា តាំងពីឪពុកម្តាយ រហូតមកដល់ក្មួយៗ​នៅតែបន្តការគាំទ្រចំពោះគណបក្សប្រជាជន ចំពោះតួនាទីរបស់ពូក្នុងឋានៈជានា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាការខិតខំបន្តពីជំនាន់មួយទៅកាន់ជំនាន់មួយ​។ កុំឲ្យប្រទេសយើងធ្លាក់ទៅក្នុងសង្គ្រាមវិនាសកម្មបែកបាក់។ សុំស្តាប់មើល សម្លេងរបស់ក្រុមណា ដែលជាក្រុមបង្កហេតុ ជាសម្លេងដែលនឹងបង្កើតឡើងនូវស្ថានភាពនៃសង្គ្រាម។ យើងមិនត្រូវឲ្យមានក្រុមពួកអសិរពិសណា បើទោះបីជាវាពិសពុលយ៉ាងណា ក៏មិនត្រូវឲ្យវាមកបំផ្លាញនូវសេចក្តីសុខរបស់ប្រជាជននោះទេ។

សុំឲ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ

ការស្នើសុំមួយទៀត គឺសុំឲ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ តាមរយៈទំនាក់ទំនងល្អ រវាងម្ចាស់រោងចក្រជាមួយកម្មករ ម្ចាស់រោងចក្រជាមួយនឹងថ្នាក់ដឹកនាំគ្រប់កម្រិត ជាមួយនឹងកម្មករ ធ្វើយ៉ាងម៉េចឲ្យ​រោងចក្ររបស់យើង ក្លាយទៅជារោងចក្រ ដែលមានទំនាក់ទំនងល្អ មានសេចក្តីសុខជាមួយគ្នា។ ដូច្នេះ ថៅ​កែត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករ ហើយកម្មករមានកម្លាំង មានសុខភាព និងខិតខំបំពេញ ការងារ ហើយតាមរយៈផលិតផលនៃការកើនឡើងនោះ។ មួយផ្នែកក៏ត្រូវចែករំលែកទៅជាប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដទៃទៀតរបស់កម្មករ/ការិនីផងដែរ។ យើងមិនត្រូវមើលគ្នាក្នុងឋានៈជាសត្រូវនោះទេ ក៏ប៉ុន្តែ យើងមើលគ្នាក្នុងឋានៈជាអ្នកការពារឆ្នាំងបាយរួមរបស់យើង។ ក្រុមថៅកែត្រូវយល់ឲ្យបានថា បើសិនជាមានតែរោងចក្រអត់កម្មករ មិនមែនជាថៅកែរោងចក្រទេ ជាថៅកែឃ្លាំង ព្រោះមានតែរោងចក្រ ហើយអត់មានកម្មករ។ ដូច្នេះ គឺគ្រាន់តែជាថៅកែឃ្លាំងតែប៉ុណ្ណោះ មិនមែនជាថៅកែរោងចក្រទេ។ ឯក្មួយៗជាកម្មករ/ការិនី បើសិនមិនមានរោងចក្រទេ ក្មួយៗមិនមែនឈ្មោះថាជាកម្មករទេ បើសិនជាក្មួយកាន់ឧបករណ៍ជាចប ជាប៉ែល ជាកណ្តៀវ ជាកាំបិត ឬឧបករណ៍ខាងវិស័យកសិកម្ម ក្មួយៗមានឈ្មោះជាកសិករ។ ដូច្នេះ មានតែវិធីស្រុះស្រួលគ្នាគ្រប់បញ្ហា យកច្បាប់ជាគោល ដើម្បីបង្កើតឡើងនូវស្ថានភាពនៃការយោគយល់ ហើយលើមូលដ្ឋាននៃដំណើរការឈ្នះឈ្នះទាំងអស់គ្នា។ រក្សាការងារធ្វើឲ្យបាន រក្សាប្រាក់ចំណូល ដែលយើងបាន និងកំពុងកើត កំពុងមាន តទៅទៀត។

បើយើងតម្លើងបៀវត្ស ម្ចាស់រោងចក្រមិនអាចទ្រាំទ្របាន គេនឹងដករោងចក្រ ទៅកាន់កន្លែងផ្សេង

នៅប្រទេសមួយចំនួន ប្រាក់បៀវត្សមិនត្រូវបានបង្កើនទេ ពីឆ្នាំណាក៏នៅតែប្រទេសខ្លះ ៦៧ ដុល្លារ នៅតែ ៦៧ ដុល្លារ តែរហូតមកអញ្ចឹង ៧៧ ដុល្លារ នៅតែ ៧៧ ដុល្លារ រហូតទៅអញ្ចឹង។ ប៉ុន្តែ ប្រទេសរបស់យើង ក្មួយៗត្រូវចាំ ឆ្នាំ ១៩៩៧ ពេលនោះ យើងមានរោងចក្រត្រឹមតែ ៦៤ រោងចក្រទេ ជាមួយនឹងកម្មករ ៨២.០០០ នាក់ ឯប្រាក់ឈ្នួលអប្បបរមាបានត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិកទេ។ ឆ្នាំ ២០០៣ ​​រោងចក្រឡើងដល់ ១៩៧ រោងចក្រ កម្មករឡើងដល់ ២៣៤.០០០ នាក់ ឯប្រាក់បៀវត្សបានត្រឹមតែ ៥០ ដុល្លារទេ។ ឆ្នាំ ២០០៨ រោងចក្រយើងឡើងទៅដល់ពី ៤៣២ រោងចក្រ កម្មករ ២៨ ម៉ឺននាក់ ប្រាក់បៀវត្សបាន ៦១ ដុល្លារ។ ឆ្នាំ ២០១៣ រោងចក្រឡើងដល់ ៧៣៣ រោងចក្រ ជាមួយនឹងកម្មករ ៥១ ម៉ឺននាក់ និយាយលេខគត់ ប្រាក់បៀវត្សបានត្រឹមតែ ៨០ ដុល្លារទេ។ ចូលឆ្នាំ ២០១៧ រោងចក្របានកើនឡើងដល់ ១.១០៧ រោងចក្រជាមួយនឹងកម្មករ ៧៤ ម៉ឹននាក់ ប្រាក់បៀវត្សឡើងដល់ ១៥៣ ដុល្លារ។ ឥឡូវនេះ ឆ្នាំនេះ រោងចក្រឡើងដល់ ១.១៥៣ រោងចក្រ កម្មករឡើង ៨៤ ម៉ឹននាក់ ជាមួយនឹងប្រាក់បៀវត្ស ១៧០ ដុល្លារសហរដ្ឋអាមេរិក។ យើងមិនត្រូវភ្លេចថា ប្រទេសដែលមានការប្រកួតប្រជែងជាមួយកម្ពុជា (ដែល)អនុវត្ត ១៧០ ដុល្លារសហរដ្ឋអាមេរិក (មាន)បង់ក្លាដែស ៦៧ ដុល្លារ ស្រីលង្ការ ៦៧ ដុល្លារ ឥណ្ឌា ៧៧ ដុល្លារ ដល់ ១៤៣ ដុល្លារ មានកន្លែងទាប ៧៧ ដុល្លារ និងកន្លែងខ្ពស់ ១៤៣ ដុល្លារ មីយ៉ាន់ម៉ា ១០៨ ដុល្លារ ឥណ្ឌូនេស៊ីមានកន្លែងទាបមាន ១០៧ ដុល្លារ កន្លែងខ្ពស់ ២៦៧ ដុល្លារ វៀតណាម កន្លែងទាប ១២២ ដុល្លារ កន្លែងខ្ពស់ ១៧៥ ដុល្លារ ឡាវ ១៣៣ ដុល្លារ និងប៉ាគីស្ថាន ១៣៤ ដុល្លារ។ ត្រូវចាំ នៅពេលដែលយើងតម្លើងបៀវត្សណាមួយដែលម្ចាស់រោងចក្រមិនអាចទ្រាំទ្របាន គេនឹងដករោងចក្រ ទៅកាន់កន្លែងផ្សេង ដែលគេអាចទៅបានដែលមានពលកម្មថោកជាងយើង​។ តែយើងក៏ត្រូវតែឡើង តែឡើងកម្រិតណាឲ្យមានតុល្យភាព ដោយថៅកែក៏អាចរស់នៅជាមួយយើងបាន យើងក៏បន្តមានប្រាក់បៀវត្សកើនឡើង និងសមរម្យ។

ត្រូវមានគិលានដ្ឋាន និងកន្លែងទទួលទានអាហារឲ្យបានសមរម្យ

ខ្ញុំក៏សុំយកឱកាសនេះ អំពាវនាវចំពោះម្ចាស់រោងចក្រទាំងអស់ រៀបចំបណ្តាលក្ខខណ្ឌការងារទាំងឡាយ ដើម្បីសម្រួលឲ្យកម្មករ/ការិនីរបស់យើងដូចជាគិលានដ្ឋាន ដែលមុននេះមាន ៨៣% ទៅហើយ។ ឥឡូវ មិនដឹងថា ឡើងប៉ុន្មានទៅទៀត ឡើងបានប៉ុន្មានទៅទៀត។ គ្រប់រោងចក្រចាំបាច់ត្រូវមានគិលានដ្ឋាន ក្រៅពីនោះត្រូវមានកន្លែងទទួលទានអាហារឲ្យបានសមរម្យ។ ខ្ញុំគិតថា នៅក្នុងទីក្រុងភ្នំពេញអាចជួបការលំបាកទីកន្លែង ក៏ប៉ុន្តែ នៅក្រៅក្រុង រោងចក្រនៅក្រៅក្រុងមិនគួរមានការលំបាកពីទីកន្លែងនៃការទទួលទានអាហាររបស់កម្មករ/ការិនី នៅពេលថ្ងៃត្រង់នោះទេ។ សូម្បីតែនៅទីក្រុងភ្នំពេញ ដែលខ្ញុំទៅរោងចក្រមួយចំនួន គេមានកន្លែងរបស់គេសមរម្យ បូកនឹងការដែលគេរៀបចំបាន(អាហារ)ឲ្យមួយពេល ឬក៏គេឲ្យប្រាក់ដើម្បីឲ្យកម្មករទិញទទួលទានខ្លួនឯង។ ប៉ុន្តែ យ៉ាងណាក៏ដោយ កន្លែងសមរម្យមួយនៅពេលដែលកម្មករ បន្ទាប់ពីការត្រូវបានឈប់សម្រាកមកទទួលទានអាហារ គឺមានកន្លែងសមរម្យសម្រាប់ការទទួលទានអាហារ។ នេះគឺជាផ្នែកមួយនៃការយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់កម្មករ/ការិនីរបស់យើង​។

ខិតខំបង្កើនសមត្ថភាព ជំនាញបច្ចេកទេស ដើម្បីឈានទៅការផលិតកាន់តែខ្ពស់ ទទួលប្រាក់ខែក៏កាន់តែច្រើន

ពូសូមយកឱកាសនេះ ដោយសារឃើញថានៅពេលដែលចាប់ផ្តើមពិភាក្សាអំពីបញ្ហាទាក់ទង ជាមួយនឹងបៀវត្សខាងផ្នែកនិយោជក មានការត្អូញត្អែរអំពីផលិតភាពនៃផលិតផលដែលកម្មកររបស់យើងផលិត។ ដូច្នេះ ក្មួយៗជាកម្មករ/ការិនីរបស់យើងខិតខំបន្តការរៀនសូត្រដើម្បីបង្កើនសមត្ថភាព ជំនាញបច្ចេកទេស ដើម្បីឈានទៅការផលិតកាន់តែខ្ពស់ ទទួលប្រាក់ខែក៏កាន់តែច្រើន ឬឈានទៅកាន់ដំណាក់កាលនៃការទទួលបាននូវការងារទាក់ទងនឹងការគ្រប់គ្រង។ ចំណុចទាំងអស់នេះ គឺជាចំណុចដែលយើងត្រូវធ្វើ។

កម្មការិនីមានផ្ទៃពោះ ឈប់ ៣ ខែ បៀវត្សរ៍ ១២០% និងប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរហូតមកដល់ពេលនេះ គឺបានអនុវត្តបានយ៉ាងល្អ ជាមួយនឹងការឈប់សម្រាករបស់ស្រ្តីមានផ្ទៃពោះ បានទទួលការឈប់សម្រាករយៈពេល ៣ ខែ ជាមួយនឹងប្រាក់បៀវត្ស ១២០ ភាគរយ ដែលនៅប្រទេសជាច្រើននៅលើពិភពលោកនេះមិនបានអនុវត្តរឿងនេះទេ។ ឥឡូវយើងអនុវត្តនូវការឈប់សម្រាកពេល ដែលមានស្រ្តីឆ្លងទន្លេ រយៈពេល ៣ ខែ ជាមួយនឹងប្រាក់បៀវត្ស ១២០ ភាគរយ ឯណោះ។ ម្ចាស់រោងចក្របានបង់ថ្លៃសម្រាប់ថែទាំវិភាគទាន សម្រាប់ថែទាំសុខភាពជំនួសឲ្យកម្មករ ១០០ ភាគរយ រួចស្រេចទៅហើយ ដែលធ្វើឲ្យកម្មករ/ការិនីរបស់យើងបានចំណេញប្រាក់ចាប់ពី ៨.០០០ ទៅដល់ ១៣.០០០ រៀល ក្នុងមួយខែ។ ក្មួយៗជាកម្មការិនីក៏បានទទួលរួចមកហើយនូវប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន ៤២.០០០ នាក់ ដែលមានកូន រហូតទៅដល់ ៤៣.០០០ នាក់ ព្រោះ(មាន)កើតភ្លោះ ដែលប្រើប្រាស់លុយសរុប ១៧ ពាន់លានរៀល វា(ត្រូវជា)ជាង ៤ លានដុល្លារ។ អញ្ចឹងទេ ការប៉ាន់ស្មានទុករបស់ពួកយើង ដែលថានឹងចំណាយ ១០ លានដុល្លារ ក្នុងមួយឆ្នាំ គឺចាយមិនអស់។ មូលហេតុចាយមិនអស់ដោយសារសហគ្រាសមួយចំនួនមិនទាន់បានមកចុះបញ្ជី។

អំពាវនាវ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មកចុះបញ្ជីជាមួយនឹងបេឡាជាតិសន្តិសុខសង្គម ដើម្បីទទួលអត្ថប្រយោជន៍

ខ្ញុំសូមយកឱកាសនេះ អំពាវនាវឲ្យក្រុមហ៊ុននឹងសហគ្រាសនានា មកចុះបញ្ជីជាមួយបេឡាជាតិសន្តិ សុខ​សង្គម ដើម្បីឲ្យកម្មការិនីដែលមានផ្ទៃពោះ ដែលត្រូវសម្រាលកូនទទួលបាននូវអត្ថប្រយោជន៍ ក្នុងហ្នឹងកម្មករ/ការិនីទាំងអស់ ទទួលបានអត្ថប្រយោជន៍ គឺការពិនិត្យព្យាបាលដោយឥតបង់ថ្លៃ  ការទទួលបាននូវសេវាដទៃទៀត រាប់ទាំងសេវាជិះរថយន្តក្រុងដែលមិនត្រូវបង់ប្រាក់​។ សូមអំពាវនាវ ចំពោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រញាប់ប្រញាល់មកចុះបញ្ជីជាមួយនឹងបេឡាជាតិសន្តិសុខសង្គម ដើម្បីឲ្យកម្មករ/ការិនីរបស់យើងទទួលបាននូវអត្ថប្រយោជន៍។​ ឆ្នាំក្រោយនេះ យើងនឹងបន្តឈានឆ្ពោះទៅអនុវត្តចំ​ពោះស្រ្តីក្រីក្រទាំងឡាយដែលមានផ្ទៃពោះ។ ក្មួយៗជាកម្មករ/ការិនី សូមមេត្តាកុំមានការអាក់អន់ចិត្តជាមួយនឹងការដែលស្រ្តីមានផ្ទៃពោះជាស្ដ្រីក្រីក្រ ទទួលបានច្រើន​ជាងកម្មការិនី ព្រោះ​ស្ដ្រីក្រីក្រនឹងទទួលបាន​រហូតដល់ទៅ ១៩០ ដុល្លារសហរដ្ឋអាមេរិក ចាប់ពីពេលមានផ្ទៃពោះ រហូតដល់ពេលឆ្លងទន្លេ​ នឹងរហូតដល់កូនអាយុ ២ ឆ្នាំ​ ដែល​នេះជាការយកចិត្ត​ទុក​ដាក់របស់រាជរដ្ឋាភិបាល នៅក្នុងគោលនយោបាយគាំពារសង្គម ដើម្បីធានា​ថា ពល​រដ្ឋរបស់យើង កើតឡើង​វាមិនក្រិន​។ ជា​គោលនយោបាយឆ្ពោះទៅរកការកាត់បន្ថយ​អត្រាស្លាប់​មាតា និង​ទារក និងបង្កើន​អាហារូបត្ថម្ភ​ សម្រាប់កុមារ និងប្រជាពលរដ្ឋរបស់យើងផងដែរ។​ ចំណុចទាំងអស់នេះ រាជរដ្ឋា​ភិបាល​ម្នាក់​ឯងធ្វើមិន​បានទេ គឺត្រូវចូលរួមធ្វើទាំងអស់គ្នា ហើយក្នុងហ្នឹង សំណូមពរអម្បាញ់មិញ​មិនមែនជា​សំណូម​ពរ​ហួសហេតុទេ ​​ហើយខ្ញុំដូចជាមិនយល់ដែរថា ដូចជាម្សិលមិញមានកម្មករ​ធ្វើការបិទផ្លូវ​នៅឯណា? រឿងអី? (ថៅកែរត់ចោល)​។

បិទផ្លូវខុសច្បាប់គឺខុសទាំងផ្លូវច្បាប់ និងផ្លូវសីលធម៌

ក្មួយៗ​តាម​រោងចក្រនានា ពូស្នើសុំដោយត្រង់ ពូមិនឲ្យក្មួយៗអត់លុយទេ។ ចេញអស់ ២២ លានដុល្លាហើយ​គ្រាន់​តែថៅកែរត់ចោលនោះ​។ ឥឡូវ បើថៅកែរត់ចោល យើងទៅបិទផ្លូវទៀត បិទផ្លូវហ្នឹងមិន​មែន​សម្លាប់​ថៅកែឯណា​ សម្លាប់អ្នកធ្វើចរាចរណ៍លើផ្លូវជាតិលេខ ៤ នេះ។ អញ្ចឹងទេ លុយគង់​តែដោះ​ស្រាយទេ តែកុំ​លេងបិទផ្លូវ។ ឥឡូវយើងគិតតែប៉ុណ្ណេះទៅចុះ តើយើងនឹងសាងនូវបាបកម្មទេ បើយើងបិទផ្លូវ​? យើងនិយាយជាមួយ​គ្នា​ដោយត្រង់ៗ។ យើងបិទផ្លូវគ្រឹបភ្លាម ខុសច្បាប់នោះវាខុសទៅហើយ ក៏ប៉ុន្ដែ​ខាង​ផ្នែក​សីលធម៌ យើងត្រូវក៏យល់​ នៅ​ត្រង់ថា កំពុងតែការធ្វើចរាចរណ៍ មនុស្សកំពុងគ្រោះថ្នាក់ត្រូវការ​សង្គ្រាះ​បន្ទាន់​នៅមន្ទីរពេទ្យ​ ត្រូវជាប់គាំងផ្លូវដោយសារកម្មករបិទផ្លូវ អ្នកឆ្លងទន្លេ​កើតកូនមិនរួច ​ត្រូវទៅ​មន្ទីរ​ពេទ្យ​ដើម្បីវះកាត់ បែរជាស្លាប់នៅលើរថយន្ដ​ តើអ្នកណាជាអ្នកទទួលខុសត្រូវខាងសីលធម៌?​ យ៉ាង​ហោច​ណាស់បើមិន​និយាយ​ពីផ្លូវច្បាប់ យើងនិយាយ​ពី​ការទទួលខុសត្រូវ​ខាងសីលធម៌ យើងច្បាស់ជាមានកំហុស​។ យើងបាន​សម្លាប់​ដោយប្រយោលចំពោះអ្នក ​ដែល​បានស្លាប់នៅលើរថយន្ដ ដែលកំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់កន្លែងសង្គ្រោះ​។

រឿងនេះ ពូសូមធានាអះអាងថា រឿងប្រាក់​ដើម្បីដោះស្រាយឲ្យកម្មករ/ការិនីរបស់យើង​ ដែលមុននេះជំពាក់យ៉ា​ង​ច្រើន ឥឡូវ ជំពាក់ទៀតទៅ​ ប៉ុន្ដែយើងចាប់ផ្ដើមធ្វើវិសោធនកម្មច្បាប់ ៦ ខែ យើងបើកជូនម្ដង។​ ថៅកែពូកែ​រត់​ពេក ឲ្យ​តែជំពាក់ច្រើនដឹងតែរត់តែម្ដង។ ឥឡូវអត់ទេ ៦ ខែបើកម្ដងៗ បើសិនជាជំពាក់ក៏មិនច្រើនប៉ុន្មានដែរ។ ​ប៉ុន្ដែ រឿង​បង្កើតឲ្យមានការបិទផ្លូវអីនេះ វាមិនមែនជារឿងល្អទេ​។ សង្គមដែលមានសណ្ដាប់ធ្នាប់ ប្រជាជនដែល​ស៊ីវីល័យ គឺមិនត្រូវធ្វើរឿងនេះ។ វាមិនមែនតែប៉ះពាល់ថៅកែ​រោងចក្រឯណា វាប៉ះពាល់ចំពោះអ្នកធ្វើដំណើរ ហើយក្នុង​នោះអាចមានសាច់ញាតិ បងប្អូន របស់យើង ដែលកំពុងរងគ្រោះ កំពុងត្រូវការទៅកាន់មន្ទីរពេទ្យ​ ដើម្បីសង្គ្រោះ។ នេះជា​ការអំពាវនាវស្នើសុំ មិនមែនកម្មករ/ការិនីនៅទីនេះទេ ស្នើសុំក្របខណ្ឌទូទាំងប្រទេស ការបិទផ្លូវជាការខុសច្បាប់​។​

នៅអាមេរិក ដាក់ខ្នោះតំ​ណាងរាស្ដ្រ ត្រូវច្បាប់ ខ្មែរដាក់ខ្នោះតំណាងរាស្រ្ដលើបទល្មើសជាក់ស្ដែង​ ខុសច្បាប់?

សូម្បីតំណាងរាស្ដ្រនៅសហរដ្ឋអាមេរិក ខាងគណបក្សប្រជាធិបតេយ្យកាលពីប៉ុន្មានខែមុន ប៉ូលីសវាយខ្នោះ។ (នៅ)ស្រុកអាមេរិក ​ប៉ូលីសវាយខ្នោះតំណាងរាស្ដ្រ​បានតើ។ អាហ្នឹងចេញមកបិទផ្លូវ តវ៉ា​ជាមួយ​ប្រធានាធិបតី ត្រាំម៍។ ប៉ូលីសវាយខ្នោះតំណាងរាស្ដ្រមិនចាំបាច់និយាយពីអភ័យឯកសិទ្ធិ​ ព្រោះមកបិទផ្លូវ​ខុស​ច្បាប់។ ដល់អញ្ចេះ នៅអាមេរិក គេវាយខ្នោះតំ​ណាងរាស្ដ្រ ត្រូវច្បាប់តើ​ ដល់ខ្មែរវាយខ្នោះតំណាងរាស្រ្ដលើបទ​ល្មើស​ជាក់ស្ដែង​ ខុសច្បាប់? ខ្ញុំកំពុងនៅ World Economic Forum ស្រាប់តែឃើញអាមេរិក គម្រាមតុលា​ការ​ឧក្រិដ្ឋ​កម្ម​អន្ដរជាតិ និង​ចាប់ចៅក្រមណា ដែលស៊ើបអង្កេតបទឧក្រិដ្ឋរបស់អាមេរិក។ អញ្ចឹង អាមេរិក​ដើរ​គម្រាម​គេ​ទាំង​អស់ អាមេរិកអត់មានអីខុសសោះ​។ គេថា យើងបញ្ជាតុលាការ​ តុលាការ​តេលេកុម្មង់ ដល់តែអាមេរិក មិនមែនគម្រាមត្រឹមតុលាការរបស់ខ្លួនទេ គម្រាមតុលាការ​អន្ដរជាតិទៀត​ ទៅជា​អាមេរិកត្រូវទាំងអស់។ អញ្ចឹង នៅលើលោកីយ៍នេះ យុត្ដិធម៌មិនទាន់មានទេ។ អាខ្លាំង វាឈ្នះ អាខ្សោយ​ វានៅ​តែចាញ់គេហ្នឹង។

ឱនក្បាលមួយពេល ជំពាក់ត្រូវឱន ១០០ ពេលតទៅ

ក៏ប៉ុន្ដែ យ៉ាង​ណាក៏ដោយ យើងត្រូវរក្សានូវឯករាជ្យ អធិបតេយ្យជាតិរបស់យើង គ្មានអ្នកណា​មកបញ្ជា​យើង​បាន​ទេ។ បើសិនជាយើងឱនក្បាលមួយពេល ជំពាក់ត្រូវឱន ១០០ ពេលតទៅទៀត​។ ​ខ្ញុំ​មិនឱន​ក្បាល​ដាក់​អ្នកណាទាំងអស់ និយាយត្រូវ ធ្វើការជាមួយគ្នា​។ និយាយមិនត្រូវ ទុកឬ ផ្អាកសិនទៅ។ បើនិយាយ​មិន​ត្រូវ​គ្នា​ហើយ ចាំបាច់ទៅនិយាយធ្វើស្អីទៀត​។ អ្នកឯងពន្យល់ខ្ញុំ​ ខ្ញុំពន្យល់អ្នកឯង វាមានទៅ វាមាន​មក​។ អ្នកឯងថា អញ្ចេះៗ យើងក៏ត្រូវនិយាយប្រាប់គេ ត្រឡប់អញ្ចេះៗទៅវិញ។ អាហ្នឹងសមហេតុសម​ផល។ ​​​រដ្ឋអធិប​តេយ្យ​វា​ដូច្នេះ វាអត់ត្រូវមានអ្នកណាគាបអ្នកណាទេ។ ឥឡូវ​នេះ ​ដោះស្រាយទៅ សង្គ្រាមពាណិជ្ជកម្មកំពុងផ្ទុះពេញទឹកពេញដី។ អង្គការពាណិជ្ជកម្មពិភពលោក​ចង់​បាត់អាជីព​ហើយ​ឥឡូវ។ អា​មេរិកដាក់ពន្ធលើចិន លើឥណ្ឌា លើជប៉ុន លើម៉ិកស៊ិក លើកាណាដា លើអឺរ៉ុប ហើយពួក​ហ្នឹងគេ​ដាក់ត្រឡប់ទៅវិញ លើកលែងតែឥណ្ឌា គាត់អត់ដាក់វិញទេ។ អញ្ចឹងទេបញ្ហាវាមិនតូចទេ។

ទៅថ្លែងនៅអង្គការសហប្រជាជាតិពីស្ថានការណ៍អន្ដរជាតិ មិនមែនទៅប្រាប់អំពីកម្ពុជាទេ

ខ្ញុំទៅអង្គការសហប្រជាជាតិ ខ្ញុំចង់ទៅនិយាយ​រឿងមួយចំនួនទាក់ទងនឹងបញ្ហាពិភពលោក​ទេ ​មិនមែន​ទៅនិយាយប្រាប់កម្ពុជាអញ្ចេះ កម្ពុជាអញ្ចុះទេ។ ខ្ញុំទៅប្រាប់លេខាធិការអង្គការសហប្រជាជាតិ​ថា ខ្ញុំ​បាន​ត្រៀមកម្លាំងរួចរាល់ហើយ ដើម្បីពង្រីកទៅកាន់ប្រទេសមួយចំនួនផ្សេងទៀត … ឥឡូវយើងមានកងទ័ពនៅស៊ូដង់ ស៊ូដង់ខាងត្បូង​ នៅលីបង់ នៅម៉ាលី និងអាហ្វ្រិកកណ្ដាល​។ យើង​ត្រៀមជ្រើសរើសប្រទេសមួយចំនួន ដើម្បីបញ្ជូនកម្លាំងរបស់យើងទៅទៀត ដើម្បីយើងចូលរួមប្រ​តិបត្ដិ​ការរក្សា​សន្ដិភាពជាមួយគេ។ យើងក៏នឹងបើកកម្ពុជាចំហ ដើម្បីការមករៀនរបស់ប្រទេសដទៃ​អំពីបញ្ហា​ដោះមីន។ យើងមានមជ្ឈមណ្ឌល​មីនរបស់អាស៊ាននៅលើទឹកដីកម្ពុជា ហើយយើងមានកន្លែងសម្រាប់គេ​មក​សិក្សា ដូចជាប្រទេសកូឡុំប៊ី ត្រូវបញ្ជូនសិស្សមករៀននៅកម្ពុជា អំពីបញ្ហាទាក់ទងនឹងការបំផ្លាញចោលគ្រាប់​មីន។ ខ្ញុំទៅ​និយាយអំពីបញ្ហា​សភាពការណ៍ទាក់ទងជាមួយសភាពការណ៍អន្ដរជាតិនោះទេ ដែលក្នុងមួយ​អាណត្ដិ​ យ៉ាង​ហោចណាស់ ខ្ញុំទៅថ្លែងឲ្យបានម្ដង។ អាណត្ដិទី ៥​ ខ្ញុំទៅថ្លែងម្ដង ដូចជាឆ្នាំ ២០១៥។ អញ្ចឹងអាណត្ដិទី ៦ ដើមអាណត្ដិ ខ្ញុំទៅថ្លែងតែម្ដង នៅអង្គការសហប្រជាជាតិ …។

គ្មានស្ដង់ដារសកលមួយទេ សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក ក្នុងការអនុវត្ដច្បាប់

រួចអាមិនគំនាបវាស្អី​ ទៅណាហើយ អាមិនគំនាបហ្នឹង។ ប្រទេសនេះមានច្បាប់។ ប្រទេសមួយ​ត្រូវអនុវត្ដ​តាម​ច្បាប់​ប្រទេសមួយ អត់មានយកច្បាប់ប្រទេស​ផ្សេង(មកអនុវត្ដ)។ លើលោកនេះគ្មានទេ​ ដែលហៅស្ដង់ដារ​អន្ដរជាតិ​។ អត់មាន​ទាល់តែសោះ​។ ស្ដង់ដារអន្ដរជាតិ មាន​តែក្នុងកីឡាតែមួយមុខគត់ ក្រៅពីនោះគ្មានស្ដង់ដារអន្ដរជាតិទេ​។ បោះឆ្នោតប្រទេសខ្លះ បោះតាមប្រព័ន្ធឯកត្ដនាម ប្រទេសខ្លះបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ ហើយបើ​សមា​មា​ត្រកម្ពុជាសមាមាត្រកន្ទុយវែង ឯសមាមាត្រនៅសឹង្ហបុរី ឈ្នះមួយសន្លឹកឈ្នះមួយក្រុម។ អញ្ចឹងតើ​អា​ហ្នឹង​ស្ដង់​ដារ​អន្ដរជាតិទេ? ប៉ុន្ដែអ្នកភូត វាភូតទៅហើយ កើតមកជំនាញខាងភូត មិនដឹងធ្វើម៉េច បើវាកើតមកជំនាញខាងភូត។ ខ្ញុំយូរៗទៅដូចជាជឿលើទំនាយមនុស្ស។

មុនដេក ស្តាប់ ក្រមង៉ុយ អាចារ្យ អ៊ូចុង និង ឆាវឆាវ

អញ្ចឹងបានរាល់យប់ មុនដេក ទីមួយ រក ក្រមង៉ុយ និងអាចារ្យ អ៊ូ ចុង។ ថា គាត់នៅឯណា? នៅក្នុង YouTube ស្វែងរកទៅដាក់ថា ក្រមង៉ុយ ចេញមក ដាក់ទៅ ល្បើកថ្មី បណ្តាំក្រមង៉ុយ អីអញ្ចឹង។ ប៉ុន្តែ ខ្ញុំសរសើរ ក្រមង៉ុយ ព្រោះ តាប្រាជ្ញឈួន គាត់ច្រៀង ត្រូវទាំងអស់ ខុសតែមួយ សូមពិចារណាឡើងវិញ តា ក្រមង៉ុយ ​បើសិនជាគាត់នៅរស់ ខ្ញុំត្រូវជជែកហើយ។ គាត់ថា ហាមកុំឲ្យស្រ្តីយកប្តីពោះម៉ាយ​។ អញ្ចឹងអ្នកពោះម៉ាយមិនងាប់ហើយ​។ គាត់ថាសុខចិត្តនៅប្រលែងជាមួយម្តាយ កុំទៅយកប៉ះប្តីពោះម៉ាយ តែន័យដែលគាត់ចង់និយាយនោះ សំដៅទៅលើបញ្ហាដែលថា ប្រពន្ធគេស្លាប់ទៅ ឬយ៉ាងម៉េចអីអញ្ចឹងទៅ នៅសល់កូនគេច្រើន យើងទៅមើលកូនគេ។ ទៅជាអញ្ចេះ ទៅជាអញ្ចុះ គាត់ចង់ប្រដៅអញ្ចឹង។ តែបើថាមិនឲ្យយកប្តីពោះម៉ាយ មិនងាប់ពោះម៉ាយទៅហើយ។ ឲ្យតែប្រពន្ធស្លាប់ទៅ ឬត្រូវលែងលះជាមួយប្រពន្ធទៅ … រក ក្រមង៉ុយ និងរក អាចារ្យ អ៊ូ ចុង ទាក់ទងនឹងប្រដៅរឿងច្បាប់អប់រំមាតាបិតានោះ ដឹងគុណមាតាបិតានោះ។ ឯទីពីរ រក ឆាវឆាវ ដែលគេបញ្ចូលសម្លេងនោះ។ កោតតែគេចេះធ្វើទៅកើត។​ សម្លេង ឆាវឆាវ និយាយពីរឿងវាយគ្នាលើកទ័ពទៅណាអីឯណា ឯនេះយកមកច្នៃ បានទៅបញ្ចូលសម្លេង … ឆាវឆាវ ទៅដាក់ប្រស្នាអីយ៉ាងម៉េចៗ ស្តាប់ទៅជក់ដែរ។ អាហ្នឹង គេហៅ Troll Khmer ឈ្មោះ អ៊ុយ រិទ្ធី អ្នកបញ្ចូលសម្លេង។ បើមិនរក ក្រមង៉ុយ ទេ រក ឆាវឆាវ តែម្តង។

ជួបអាល្លឺម៉ង់ មុខតែគេវិភាគថា មកដាក់គំនាបទៀតហើយ

មើលទៅ និយាយតទៅទៀតលែងកើតហើយ … ល្ងាចនេះ មានភ្ញៀវមួយ ស្អែកនេះដូចជាសមាជិកសភាអាល្លឺម៉ង់។ លឺឯងជួបសមាជិកសភាអាល្លឺម៉ង់ វាចាប់ផ្តើមវិភាគទៀតហើយ ថា អាល្លឺម៉ង់មកគាបទៀតហើយ។ ពួកអាហ្នឹងវាអញ្ចឹង បានជាវាអញ្ចឹង ឲ្យតែឯងជួបនរណា … អ្នកឯងត្រូវយល់ណា ដែលហៅថា មេដឹកនាំប្រទេស គ្មានមេដឹកនាំប្រទេសណាមួយ ដែលគ្មានប្រព័ន្ធចារកម្មទេ។ សូមផ្តាំទៅ។ វាថា ចាំមើលជំនួបរដ្ឋមន្រ្តីការបរទេសជប៉ុន​ ជាមួយ នាយករដ្ឋមន្រ្តី ហ៊ុន សែន។ អើ! មកជួប។ សូមអបអរសាទរឯកឧត្តម បន្តតំណែងជានាយករដ្ឋមន្រ្តីតទៅទៀត បោះឆ្នោតអីល្អ។ អីអញ្ចឹងទៅ។ ហើយចាំទទួល ប្រាក់ សុខុន ទស្សនកិច្ច។ ប្រទេសមួយដល់ថ្នាក់បើកការិយាល័យឲ្យគេចូលគាប វាមិនមែនជាប្រទេស វាមិនមែនជារដ្ឋ ហើយ ហ៊ុន សែន ធ្វើនាយករដ្ឋមន្រ្តីលើសពាក់កណ្តាលជីវិតរបស់ខ្លួនហើយ។

… សូម្បីតែអង្គុយ ក៏មានរបៀបអង្គុយដែរ ព្រោះគេប្រាប់គ្នីគ្នា ឃើញទេ អ្នកដែលមកអង្គុយជាមួយ ហ៊ុន សែន ភាគតិចណាស់ ដែលហ៊ានលើកជើងគង។ ដោយសារអី? ពួកគេខ្សិបប្រាប់គ្នាគេហើយស្រេច ព្រោះចាប់ផ្តើមពីមានប្រទេសមួយតំណាងស្ថាប័នមួយមកជួបជាមួយខ្ញុំ មកដល់លើកជើងសឹងមកដល់ក្បាលឯង។ ដល់គេថតជាប់ ត្រឡប់វិញ ខ្ញុំថា សុំទោស ឯកឧត្តម អ្វីដែល(ឃើញអម្បាញ់)មិញមិនអាចផ្សាយបានទេ ព្រោះប្រជាជនកម្ពុជាទទួលយកមិនបានទេ អាចរិតហ្នឹង ចរិតគងជើង។ អញ្ចឹងទេ អានោះនិយាយពីសុំទោស។ ឬមួយល្ងាចហ្នឹង យើងជួបគ្នា អត់ឲ្យទូរទស្សន៍ផ្សាយទេ ឬមួយឲ្យចូលថតឡើងវិញ? តាំងពីនោះមក និយាយពីដើរប្រាប់គ្នារហូត។ សូម្បីតែខ្លះ ប្រធានប្រតិភូលើកជើងដាក់ អ្នកនោះញាក់ភ្នែក។ ដាក់ចុះវិញ។ ខ្ញុំអត់មានទម្លាប់ទៅជួបគេជួបឯង ហើយលើកជើងគងអន្ទាក់ខ្លាទេ។ ទម្លាប់អាស៊ីផ្សេង អឺរ៉ុបផ្សេង ប៉ុន្តែ ពួកអ្នកថតក៏ដឹងដែរ។ អញ្ចឹងថតតែពាក់កណ្តាលខ្លួន អត់ថតជាប់ជើងឯងទេ។

ស្អែក យើងជួបតំណាងរាស្រ្តអាល្លឺម៉ង់ អញ្ចឹងវិភាគទៀតហើយ ចាំមើលស្អែកហ្នឹងមានគេដាក់គំនាបទៀតហើយ។ នែ! បើសិនជានិយាយខុស ការសន្ទនានេះគឺខ្លី។ ខ្ញុំតែពន្យល់ចប់ហើយ ខ្ញុំថាចប់ហើយអរគុណ ជូនពរឯកឧត្តមទស្សនកិច្ចបន្ត ព្រោះវាស៊ីសងលើយើងម្ចាស់ផ្ទះទេ។ តែនិយាយមកវាមិនត្រូវ យើងអរគុណគេមួយម៉ាត់ពីរម៉ាត់ យើងពន្យល់គេបីបួនម៉ាត់ទៅ រួចហើយ បានសេចក្តីថា សង្ឃឹមថា ឯកឧត្តម នឹងស្វែងយល់ពីសភាពការណ៍កម្ពុជា ទស្សនកិច្ចនេះសូមទទួលបានជោគជ័យ​​។ រួចហើយ អូខេ ចាប់ដៃ លាហើយ។ ចប់ប៉ុណ្ណឹង មានរឿងស្អី? អាហ្នឹងគេហៅរដ្ឋអធិបតេយ្យ អត់អោនក្បាលដាក់អ្នកណាទេ ហើយត្រូវតែគួរសមជាមួយគេ គេក៏គួរសមជាមួយយើង វាជារឿងធម្មតាខ្លាំងណាស់។ តែអានេះ ឃើញតែគាបៗៗ ហ្អែងគាបទៅ គាបតាំងពីឆ្នាំទៅរហូតដល់ឆ្នាំនេះ គាប​រហូត តែ ហ៊ុន សែន និយាយនៅតែលឺ។ រឿងវាអញ្ចឹង។

អំណោយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ ២៧.០០០ នាក់ជាង។ ច្រើនណាស់។ ខ្ញុំនៅជំពាក់កំពង់ស្ពឺប៉ុន្មានដងទៀត? ខែណា? ថ្ងៃទី ១២ ខែ ១២ ពេលខែនោះអត់ភ្លៀងទេណា … បើភ្លៀងខែ ១២ ក៏វាមិនទន់ដីដល់អញ្ចឹងដែរ … ខែភ្លៀងបើវាមិនភ្លៀងទើបវាចម្លែក។ បើវាភ្លៀង វាអត់អីចម្លែកទេ។ មកហ្នឹងត្រៀមទុកហើយ បានជាដាក់មានអាវក្រៅមកជាមួយនោះ ក្រែងលោវាទទឹក។ ថ្ងៃនេះ បាននាំមកសម្រាប់ក្មួយៗ ម្នាក់ៗ ទាំង ២៧.៤៤៤ នាក់ ក្នុងម្នាក់ៗជូនបានត្រឹមតែ ២ ម៉ឺនរៀលទេ សម្រាប់ជាចំណងដៃជូនក្មួយៗ វាមិនបានស្មើនឹងប្រាក់ខែក្មួយៗផង។ ជូនគ្រូពេទ្យប្រចាំការ​​ក្នុងអង្គពិធី ចំនួន ៥ លានរៀល ជូនក្រុមតន្រ្តីសម័យ ៥ លានរៀល ហើយសម្រាប់ក្មួយៗដែលមានផ្ទៃពោះ ពូនឹងទៅជួបខ្លួនឯង។ ថ្ងៃនេះ ប្រហែលជាពូត្រូវហត់បន្តិច ព្រោះរាល់ដងត្រឹមតែ ៨០០ ប្លាយទេ។ ធ្លាប់មាន ជាង ១២០០ នាក់ដែរ នៅកំពង់ឆ្នាំង ស្វាយរៀង តែថ្ងៃនេះបែបជាច្រើនជាងគេបង្អស់ ព្រោះយើងជួបគ្នារហូតទៅដល់​ជិត ៣ ម៉ឺននាក់ឯណោះ។

ចុងបញ្ចប់ហើយ អរគុណសម្រាប់ការចូលរួមរបស់អ្នកទាំងអស់គ្នា។ អរគុណចំពោះការយកចិត្តទុកដាក់របស់ក្មួយៗ ហើយ​តាមរយៈក្មួយៗ អនុញ្ញាតឲ្យពូផ្តាំផ្ញើទៅសួរសុខទុក្ខលោកយាយ លោកតា​ ឪពុក ម្តាយ បើសិនជាគាត់នៅរស់ អរគុណចំពោះពួកគាត់ដែលបានគាំទ្រពូតាំងពីដើមរហូតដល់ចប់។ អរគុណចំពោះពួកគាត់ដែលបានគាំទ្រចំពោះគណបក្សប្រជាជនតាំងពីដើមរហូតដល់ចប់។ សូមជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស ក្មួយៗកម្មករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ