សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៧ ក្រោមប្រធានបទ «អាស៊ាន ៤.០ សហគ្រិនភាព និងបដិវត្តិន៍ ឧស្សាហកម្មលើកទី៤ »

  • ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
  • ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុង វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន លើកទី ២៧ ដែលថ្ងៃនេះយើងលើកយកប្រធានបទដ៏សំខាន់មួយគឺ សហគ្រិនភាព និ​ងបដិវត្តន៍ឧស្សា​ហកម្ម លើកទី ៤ សម្រាប់អាស៊ានទាំងមូល។ យើងដឹងហើយថា ចរន្តនៃការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលហៅថាបដិវត្តន៍ឧស្សាហកម្មទី ៤ បានក្លាយទៅជាកត្តាគន្លឹះមួយកំណត់នូវនិន្នាការវិវត្តនៃសង្គមសេដ្ឋកិច្ច ក្នុងគ្រប់ទិដ្ឋភាព ជាមួយនឹងការបង្កើតឡើងទាំងកាលានុវត្តភាព ទាំងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។

ជាការពិត បដិវត្តន៍ឧស្សាហកម្មទី ៤ កំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ឡើងវិញនូវកត្តាផលិតកម្ម ទំនាក់ទំនងផលិតកម្ម ឥរិយា​បថការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ការប្រើប្រាស់មនុស្សយន្ត (Robot) ការបោះពុម្ព 3D ការប្រើប្រាស់បច្ចេកទេសជីវវិទ្យា (Biotech)។ល។ ដែលបច្ចេកវិទ្យាទាំងនេះបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងលឿននៅក្នុងល្បឿនមួយ ដែលមិនធ្លាប់មានពីមុនមកក្នុងវិស័យផលិតកម្ម អប់រំ សុខាភិបាល ទីផ្សារការងារ ពាណិជ្ជកម្ម ធុរកិច្ច រដ្ឋបាលសាធារណៈ និងបច្ចេកវិទ្យា។ល។ នាពេលបច្ចុប្បន្ននេះ ឌីជីថលរូបនីយកម្មបានក្លាយទៅជាកាតាលីករកំណើនថ្មីមួយ​ តាមរយៈការ​បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ និងអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យម មានលទ្ធភាពផ្សារភ្ជាប់ទៅនឹងច្រវាក់ផលិតកម្មតំបន់ និងពិភពលោក និងស្វែងរកនវានុវត្តន៍ភាពនៅក្នុងទំនិញ ឬសេវាកម្មថ្មីៗ និងអនុញ្ញាតឲ្យប្រទេសដែលអភិវឌ្ឍតិចតួច ឬមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ អាចចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីមានឱកាសអាចហក់ឡើង (leapfrog) រំលងឧស្សាហកម្មបែបប្រពៃណី ចូលក្នុងឧស្សាហកម្មបែបទំនើប។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ជាមួយនឹងក្តីរំពឹងថា បដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងនាំមកនូវការអភិវឌ្ឍវិជ្ជមានសម្រាប់ប្រជាជាតិ

ទាំងមូលបដិវត្តន៍នេះក៏នាំមកនូវភាពកង្វល់ច្រើន និងបញ្ហាប្រឈមមួយចំនួន ដូចជាការបាត់បង់ការងារ, ការទាមទារអោយមនុស្សមានកម្រិតអប់រំ និងជំនាញខ្ពស់, ការទទួលបាននូវផលប្រយោជន៍កាន់តែមិនស្មើគ្នា ដោយសារភាពមិនស្មើគ្នានៃឱកាសទទួលបាននូវចំណេះដឹង និងបច្ចេកវិទ្យា, ឧក្រិដ្ឋកម្ម ឬបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងសន្តិសុខតំបន់ទាំងមូល, កង្វះខាតនូវក្របខណ្ឌគតិយុត្តិ និងបទបញ្ញាត្តិសម្រាប់ការគ្រប់គ្រងលើសុវត្តិភាពទិន្នន័យ (Data Security) និងសិទ្ធិឯកជននៃទិន្នន័យ (Data Privacy), និងសន្តិសុខតាមប្រព័ន្ធអ៊ិនធើណេត      (Cyber Security) ។ល។

ក្នុងស្មារតីនេះ ដើម្បីចាប់យកនូវការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ ខ្ញុំយល់ថាអាស៊ានគួរតែអនុវត្តនូវវិធានការណ៍មួយចំនួនខាងក្រោមៈ

  • បង្កើតនូវចក្ខុវិស័យអាស៊ានរួមអំពីឧស្សាហកម្ម ៤.០ (ASEAN Vision for Industry 4.0)
  • ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន ដោយផ្អែកលើគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលមានស្រាប់ ព្រមទាំងរួមបញ្ចូលកម្មវិធីអភិវឌ្ឍសំខាន់ៗលើផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស ក្របខណ្ឌគតិយុត្តិ ហេដ្ឋារចនាសម័្ពន្ធផ្នែកទន់ និងរឹងរបស់បច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីកែទម្រង់របស់អាស៊ាន និងប្រទេសជាសមាជិកនីមួយៗផងដែរ។
  • រៀបចំកម្មវិធីរួមពង្រឹងសមត្ថភាពមនុស្ស តាមរយៈការលើកកម្ពស់គុណភាពនៃការអប់រំ, ការបណ្តុះបណ្តាលជំនាញការដោះស្រាយបញ្ហាបាត់បង់ការងារ ការរៀបចំប្រព័ន្ធគាំពារសង្គម ដើម្បីដោះស្រាយបញ្ហាវិសមភាពសេដ្ឋកិច្ច និងសង្គម។
  • លើកកម្ពស់ការរៀបចំជាប្រព័ន្ធអេកូឡូហ្ស៊ី ដែលគាំទ្រការស្រាវជ្រាវ និងនវានិវត្តន៍ក្នុងតំបន់ ពង្រឹងនូវសមត្ថភាពសហគ្រិនភាពក្នុងការរៀបចំម៉ូឌែលធុរកិច្ច, បង្កើតការងារថ្មី និងតម្រង់ទិសថ្មីរបស់សេដ្ឋកិច្ចនាពេលអនាគត។
  • បន្តកែលម្អហេដ្ឋារចនាសម័្ពន្ធទាំងផ្នែករឹង និងទន់ ជាពិសេសបង្កើនការតភ្ជាប់ដែលមានស្រាប់ ក៏ដូចជាការបន្តធ្វើសមាហរណកម្មទាំងក្នុងតំបន់ និងអន្តរតំបន់ ដើម្បីបន្តកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ប្រជាជាតិអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពីស្ថានភាពកំណើនថ្មីក្នុងពិភពលោកនេះ។
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

កម្ពុជាជាប្រទេសមានសក្តានុពលខ្ពស់ក្នុងការចាប់យកនូវប្រយោជន៍ ដែលកើតចេញពីបដិវត្តន៍ឧ

ស្សាហកម្មទី ៤ នេះ ដោយមូលហេតុដូចតទៅ៖ (១) ភាគលាភប្រជាសាស្ត្រ ដោយសារការកើនឡើងនូវចំនួនយុវជនមានចំណេះដឹង និងនិន្នាការចាប់យកបច្ចេកវិទ្យាឌីជីថលលឿន, (២) ការកើនឡើងល្បឿននៃការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត និងទូរស័ព្ទវៃឆ្លាតជាមួយអត្រាប្រើប្រាស់ទូរស័ព្ទដៃខ្ពស់ (៣) លំហូរនៃការវិនិយោគក្រៅប្រទេស ដែលនាំមកនូវបច្ចេកវិទ្យា និង (៤) ឌីជីថលរូបនីយកម្មបានកំពុងរីកចម្រើនស្ទើរគ្រប់វិស័យសេដ្ឋកិច្ចសំខាន់ៗ តួយ៉ាងដូចជា ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ​និងពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce) ស្របពេលដែលអតិថិជនកំពុងសម្របខ្លួនជាបណ្តើរៗក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានានា។

ក្នុងន័យនេះ រដ្ឋាភិបាលបានកំពុងរៀបចំ និងកែសម្រួលគោលនយោបាយឲ្យស្របទៅនឹងនិន្នាការនេះក្នុងការចាប់យកឱកាស ជម្រុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា គ្រប់គ្រងបរិស្ថានធុរកិច្ច ក៏ដូចជាកាត់បន្ថយនូវហានិភ័យ ដែលអាចកើតឡើងជាយថាហេតុដោយបច្ចេកវិទ្យាទាំងនេះ។ ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ បានក្លាយទៅជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ​ ដោយត្រូវផ្តោតសំខាន់ទៅលើការពង្រឹង និងពង្រីកមូលដ្ឋាននៃសេដ្ឋកិច្ចឌីជីថលទាំងផ្នែករឹង និងផ្នែកទន់ ការរៀបចំអភិវឌ្ឍធនធានមនុស្ស និងជំនាញស្របតាមបរិបទថ្មី ការបង្កើតក្របខណ្ឌគតិយុត្តិ និងបទបញ្ញត្តិគាំទ្រដែលពាក់ព័ន្ធ ព្រមទាំងការជំរុញ និងលើកកំពស់ការស្រាវជ្រាវ និងនវានុវត្តន៍។ កម្ពុជាក៏កំពុងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សហគ្រិនភាព ​និងការអភិ វឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងការបង្កើតការងារសមរម្យថ្មី និងតម្រង់ទិសថ្មី ជាពិសេសលើ៖ ទី ១ កម្មវិធីពង្រឹងសមត្ថភាពដែលផ្តោតលើការបណ្តុះបណ្តាលបំណិនសហគ្រិនភាព និងជំនាញគ្រប់គ្រងអាជី វកម្ម រួមទាំងការបណ្តុះវប្បធម៌ និងឥរិយាបថ សហគ្រិនភាព តាមរយៈវេទិកាឌីជីថល (Digital Platform) និងទី ២៖ កម្មវិធីគាំទ្រធុរកិច្ច ដែលមានផ្តោតលើការផ្តល់ការប្រឹក្សាធុរកិច្ច ការគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មាន​ រួមទាំងការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍។

មុននឹងបញ្ចប់ ខ្ញុំសូមអរគុណរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះការអញ្ជើញ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងសូមជូនពរឲ្យវេទិការនេះ ប្រព្រឹត្តទៅដោយភាពជោគជ័យ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ប្រកបដោយផ្លែផ្កាសម្រាប់បម្រើដល់ផលប្រយោជន៍រួមដល់អាស៊ានទាំងមូល។

សូមអរគុណ!

Download (PDF, 432KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ