សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូនៃប្រទេស​អាស៊ាន-ចិន អញ្ជើញដាំដើមឈើ ជា​លក្ខណៈ​មិត្តភាព ក្នុង​រមណីយដ្ឋាន​លីយ័ន ក្រុងណាននីង

36

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ -ក្នុងខណៈដែលដឹកនាំ​គ​ណៈ​ប្រតិភូជាន់​ខ្ពស់​នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិព័រណ៍​ចិ​ន​-​អា​ស៊ា​នលើកទី១៥ នៅទីក្រុង​ណាន​នីង សាធារណរដ្ឋប្រជាមានិតចិននោះ នាល្ងាចថ្ងៃអង្គារ​០២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​១១ ខែ​ក​ញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដោយមានការអញ្ជើញ​ចូលរួម​របស់ ឯកឧត្តម Han Zheng ឧបនាយករដ្ឋមន្រ្តី ស​មា​ជិក​ការិ​យា​​ល័យ​នយោបាយ និងជាគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុ​យ នី​ស្តចិន, ឯកឧត្តមអនុប្រធានាធិបតីនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា, ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី និងគណៈប្រតិភូនៃប្រទេសអាស៊ាន-ចិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធី​​ដាំ​ដើម​ឈើជាលក្ខណៈមិត្តភាព នៅក្នុងរមណីយដ្ឋានលីយ័ន ក្រុងណាននីង តំបន់​ស្វយ័តជន ជាតិ​ជ័ង​ក្វា​ង​ស៊ី ដែលជាផ្ទះសំណាក់រដ្ឋរបស់តំបន់ស្វយ័តជនជាតិ​ជ័ងក្វាង​ស៊ី។ 

មេដឹកនាំនៃប្រទេសអាស៊ាន- ចិន បានចាត់ទុកការដាំដើមឈើនេះគឺជានិម្មិតរូបនៃ​កា​រ​ជំរុញ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ រវាងអាស៊ាន-ចិន ក៏ដូចជាការ​ជំរុញ​កំ​ណើ​​ន​ពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងតំបន់ស្វយ័ត​ជនជាតិជ័ង​ក្វាងស៊ី​​ទាំង​មូ​ល​​ផងដែរ។

បន្ទាប់មកនៅក្នុងរាត្រីថ្ងៃដដែលនេះដែរ សម្តេចអគ្គ​មហាសេនាបតីតេ​ជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងគណៈ​ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បាន​អ​ញ្ជើ​ញ ទស្សនា​ពិព័រណ៍វប្បធម៌ចិន-អាស៊ាន ដែលស្ថិតក្នុងសួនកម្សាន្ត Fantawild Asian Leg​en​d​ ក្នុងទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី។ សម្តេចតេ​ជោ​នាយករដ្ឋ​មន្រ្តី​ និង​គណៈប្រតិភូទាំងអស់ បានទស្សនាយ៉ាងយកចិត្តទុកដាក់ នូវ​រចនាបថនៃសួនកម្សាន្ត Fanta​wi​ld Asian Legend ក្នុងនោះអ្វីដែលជាការ​ចាប់​អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀប​ចំ​តុប​​តែងនូវក្បូរក្បាច់​រចនានូវ​មហា​ប្រាសាទអង្គរវត្ត របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺ​ក្នុងគោ​ល​​បំណងនៃ​សួន​កម្សាន្តនេះ គឺដើម្បីបង្ហាញ ពីអារ្យធម៌និងទំនៀបទម្លាប់ ប្រពៃណី សាសនា រប​ស់​បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន កាលពីអតីតកាល និង បច្ចុប្បន្នកាល ដើម្បី​ឱ្យមនុស្ស​ជំនាន់ក្រោយបានសិក្សារៀនសូត្រ។

គូសបញ្ជាក់ដែរថា នៅក្នុងពិធីនោះដែរ សម្តេចតេជោ និងគណៈប្រតិភូបានអញ្ជើញ​ទស្សនា នូវផ្ទាំងឯកសារគំនូជីវចល 3D មានរយៈ​ពេល​១៣នាទី ស្តីពី សកម្មភាព​នៃ​ការកសាងអាណា ចក្រអង្គរ របស់ព្រះរាជាណាចក្រកម្ពុជា ដែ​ល​រៀបចំ​យ៉ាង​សម្រិត​សម្រាំង យ៉ាងល្អឥតខ្ចោះពី អ្នកដឹកនាំរឿងរបស់ប្រទេសចិន។ សម្តេចតេជោ​នា​យ​ករដ្ឋមន្រ្តីបានចាត់ទុកថា នេះគឺជាស្នាដៃ សិល្បៈ​ថ្មីមួយទៀត ដែលបង្ហាញឱ្យឃើញ​ពី​ការ​ចាប់​អារម្មណ៍ ពីសំណាក់មនុស្សជំនាន់ក្រោយ ពិសេសការសិក្សា​ស្រាវជ្រាវ​ទៅនឹង​ប្រវត្តិ​នៃ​ការ​កសាងអាណាចក្រអង្គរដ៏ល្បីល្បាញរបស់ព្រះ រាជាណាចក្រកម្ពុជា។

បើតាមការអះអាងពី​មន្រ្តីថែរក្សាសួនកម្សាន្តបានឱ្យដឹងថាសួន​នេះទើបនឹង​កសាងថ្មី​បន្ទា​ប់​ពីបញ្ចប់ពិធីសម្ពោធ​ពិ​ព័រ​​ណ៍អាស៊ាន-ចិន លើកទី១៥នេះ​ទៅ សួននេះនឹង​បើក​ឱ្យប្រជាជន​ចិ​ន​ ក៏ដូចជាភ្ញៀវទេស​ច​រ​​​ជាតិ អន្តរជាតិ ចូលទស្សនាកម្សាន្ត។ ព្រោះថា ទីនេះមានភាពទាក់​ទា​ញ​​ខ្លាំង​ណាស់​សម្រាប់​ប្រ​ជាជនចិន និងភ្ញៀវទេសចរអន្តរជាតិ​នានា ដែលទៅកម្សាន្ត​ប្រទេ​ស​ចិន ពិសេសតំបន់​ស្វ​​យ័ត​ជនជាតិជ័ងក្វាងស៊ី៕

ដោយ ជឹម ណារី