សម្ដេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារ ជាមួយឧបនាយករដ្ឋមន្ត្រីចិន

20

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — ក្នុងខណៈដែលដឹកនាំ​គ​ណៈ​ប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិព័រណ៍​ចិ​ន​-​អា​ស៊ា​នលើកទី១៥ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិននោះ នារសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រា​ជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហាន់ ជឹង (​Han Zheng) ឧប​នាយករដ្ឋមន្រ្តី និងជាសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈ​កម្មាធិការ​អចិ​ន្រ្តៃ​យ៍​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ នេះបើយោងតាមប្រភពពីទូរទស្សន៍​ជា​តិ​​កម្ពុជា។

​ឯកឧត្តម ហាន់ ជឹង ឧបនាយករដ្ឋមន្រ្តីចិនបានមានប្រសាសន៍ សម្ដែងនូវការ​ស្វាគមន៍​សម្តេ​ច​តេជោនាយករដ្ឋមន្រ្តីដែលបានអញ្ជើញមកកាន់ទីក្រុងណាននីងដើម្បីអញ្ជើញ​ចូល​រួម​ពិ​ព័​​រណ៍អាស៊ាន-ចិន ដែលកម្ពុជាជាប្រទេសកិត្តិយស។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីចិនក៏​បាន​នាំ​នូវពាក្យផ្តាំផ្ញើសួរសុខទុកជូនសម្តេចតេជោ ពីសំណាក់ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រី​ចិន​ហើយ បានគូសបញ្ជាក់ថា មិត្តភាពរវាងកម្ពុជានិងចិនមានយូរលង់ណាស់មកហើយ។ ឯកឧត្ត​ម​​បានបន្តថា ប្រទេសយើងទាំងពីរបានខិតខំពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុ​ង​ជ្រោ​យ​នេះកាន់​តែ​មា​ន​​ការរីកចម្រើនថែមទៀត។

ជាមួយគ្នានេះឯកឧត្តម ​Han Zheng បាន​មាន​ប្រសាសន៍ ​អបអរសាទរសម្តេចតេជោ ដែលបានជាប់ឆ្នោតបន្តធ្វើជានាយក​រដ្ឋមន្រ្តីបន្ត​ទៀ​ត​ផងដែរ។ ឯកឧត្ដមបន្តថា ក្នុងចំណោម មេដឹកនាំអាស៊ានទាំងអស់​មានតែសម្តេចតេជោទេ​ដែ​ល​​ជាមេដឹកនាំ ដែលបានចូលរួមក ម្មវិធីពិព័រណ៍អាស៊ាន-ចិនបានច្រើនជាងគេបំផុត បានរហូត​ដល់​ទៅ១១ដងមកហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីចិនបានគូសបញ្ជាក់ថា ប្រទេស​កម្ពុ​ជា​និងចិនជាមិត្ត ដែកថែបដ៏រឹងមាំ និងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ហើយ នៅខែ​មេ​សាឆ្នាំក្រោយ នេះនៅទីក្រុងប៉េកាំង ប្រទេសចិននឹងមានរៀបចំកម្មវិធីមួយទាក់​ទងនឹង​«ខ្សែ​ក្រ​វាត់មួយ ផ្លូវមួយ» ដែលពេលនោះនឹងអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រីទៅចូល​រួម​ផ​ង​​ដែរ​​។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណ ដល់ប្រទេសចិន​ដែ​ល​​​បានផ្តល់​កិត្តិយសដល់ប្រទេសកម្ពុជានៅក្នុងពិធីដ៏មានអត្ថន័យនៅទីក្រុងណានីងនេះ។ ​ស​ម្តេ​ចក៏បានថ្លែងអំណរគុណផងដែរដល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិនផងដែរដែល​បា​ន​​ផ្តាំផ្ញើសាកសួរ​សុ​ខ​​​​ទុក្ខនិងអបអរសាទរ ចំពោះសម្តេចដែលបានបន្តដឹកនាំប្រទេសកម្ពុជា។ ក្នុងឱកាសនេះសម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជម្រាប ជូនខាងភាគីចិនអំពីសភា​ពការណ៍នៅក្នុងប្រទេសកម្ពុជា និងបានថ្លែងអំណរគុណដល់ ប្រទេសចិនដែលបានចូល​រួម​ផ្តល់ជំនួយកន្លងមកដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា។

សម្តេចតេជោក៏បានមានប្រសាសន៍ថា ​កម្ពុ​ជា​បច្ចុប្បន្នមានការរីកចម្រើន ម៉ាក្រូសេដ្ឋកិច្ចមានការលូតលាស់ ហើយ​ក៏បានស្នើសុំឱ្យ​ប្រ​ទេ​ស​ចិនបើកចំហទីផ្សាកសិកម្ម ដើម្បីនាំកសិផលកម្ពុជាមកកាន់ប្រទេសចិន ជាពិសេសបន្ថែម​កូតា​នាំចូលកសិផលពីកម្ពុជា បន្ថែមទៀត។ ជាមួយគ្នានេះសម្តេចតេជោក៏​បានជំរុញឱ្យ​អ្នកវិនិ​យោ​គចិនបន្ថែមការវិនិយោគ នៅប្រទេសកម្ពុជា ចំណែកឯក្រុមហ៊ុនដែលមិនទាន់​បាន​វិនិ​យោ​គ​​​សូមសិក្សា និងពិនិត្យមើល ឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា ហើយសម្តេចតេជោ​រំពឹ​ង​ថា​​ ភ្ញៀវទេសចរ ចិននឹងមានការកើនឡើងកាន់តែច្រើនបន្ថែមទៀត៕

ដោយ ជឹម ណារី