សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យ ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ក្នុងជំនួបសំដែង​ការគួរ​សម សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា ដែលធ្វើឡើង​នៅទីក្រុងហាណូយ ប្រទេសវៀត​ណាម ជាទីដែល​​ឯកឧត្តមរដ្ឋមន្រ្តី និងសម្តេចតេជោ អញ្ជើញចូល​រួមវេទិកាសេដ្ឋកិច្ចពិភព​លោក ស្តីពីអាស៊ាន លើកទី២៧ ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេស​ជប៉ុន មានប្រសាសន៍​ថ្លែង​នូវការ​អបអរ​​សា​ទរ ចំពោះ​លទ្ធផល​នៃការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិកាលទី៦ បាន​ប្រព្រឹត្ត​ទៅ​ដោយ​​សេរី ត្រឹមត្រូវ យុត្តិធម៌ និងលទ្ធផល​អាចទទួល​យកបាន ដែល​កម្ពុជាបា​នរៀបចំការ​បោះ​ឆ្នោតកា​ល​ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​កន្លងទៅថ្មីៗ​នេះ ក្នុងនោះ​គណបក្សប្រជាជន​កម្ពុជា ទទួលបានលទ្ធផ​លភ្លូកទឹកភ្លូកដី ហើយដែល​សម្តេច​តេជោនាយករដ្ឋមន្រ្តី ត្រូវបានជ្រើស​តាំង​ជា​​នាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៦កញ្ញាកន្លងទៅថ្មីៗនេះ។

នៅចំពោះមុខ​​សម្តេចតេជោ​នាយករដ្ឋមន្រ្តី ឯកឧត្តម​រដ្ឋមន្រ្តីមា​នប្រសាសន៍ថា ឯកឧត្តមបា​នធ្វើការ​ចាប់​អារម្មណ៍​​យ៉ាងខ្លាំង ពីសភាព​ការណ៍ក្នុង​ប្រទេសកម្ពុជា ក្រោយ​ពីដំណើការ​បោះឆ្នោត និងការរៀបចំ​​ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាលថ្មី របស់​ប្រទេស​កម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍រៀបរាប់ពីការរៀបចំក្បាល​​ម៉ាស៊ីនដឹ​កនាំរដ្ឋសភា រាជរដ្ឋា​ភិបាល​ថ្មី។ សម្តេច​​តេជោ​​​បន្ត​ថា មក​ដល់ពេល​នេះស្ថាន​ភាព​ក្នុងប្រ​ទេស​កម្ពុជា ​មានភាពល្អ​ប្រសើរ​ជាង​ពេល​ណាៗ​ទាំងអស់ ពោលគឺ​ស្ថេរភាព​នយោបាយ ស្ថេរភាព ម៉ាក្រូ​សេដ្ឋកិច្ច មិនតែ​ប៉ុណ្ណោះក្រោម​គំនិតផ្តួ​ចផ្តើ​ម​ដោយផ្ទា​ល់​ពីសម្តេច​កម្ពុជា​បាន​បង្កើត​ឡើង​នូវ វេទិកាពិភាក្សា ដែល​មាន​ការ​ចូល​រួម​ពីគណបក្ស​​នយោ​បាយ ក្នុង​ការ​បោះ​ឆ្នោត​សកលឆ្នាំ​២០១៨ ដើម្បី​ឈាន​ទៅ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និងផ្តល់​យោបល់ ដើម្បីលើក​បញ្ហា​មួយ​ចំនួន ដែល​ទាក់ទិន​ទៅនឹ​ងដំណើរ​ការ​របស់​រាជរ​ដ្ឋាភិបាល។ ក្នុងជំនួបពិភាក្សា​ការងា​រនោះដែរ សម្តេច​តេជោ និងឯក​ឧត្តមរដ្ឋមន្រ្តី បានធ្វើការពិភាក្សា​គ្នាយ៉ាង​យក​ចិត្តទុក​ដាក់ ទៅនិងរ​បៀបវារៈនៃកិច្ច​ប្រជុំកំពូល​មេគង្គ ជប៉ុន ដែល​គ្រោង​ធ្វើ​ឡើង​នៅខែតុលា នៅទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី តាមរយៈឯកឧត្តម​រដ្ឋមន្រ្តី សូមថ្លែងនូវ​អំណរ​គុណជូន​ចំពោះ​​ឯកឧត្តម ស៊ិនហ្សូ អាបេ ដែលបានគោរពអ​ញ្ជើញ​សម្តេច​បំពេញទស្សន​កិច្ច និងអញ្ជើញ​ចូល​រួមកិ​ច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន នៅពេល​ខាងមុខ ពិសេស​អញ្ជើញ​ទៅចូល​រួមទស្សន​កិច្ចនៅ ទីក្រុងយូកូ​ហាម៉ា ដែលជា​មូលដ្ឋាន​នៃការបោះឆ្នោ​ត​របស់​ឯកឧត្តម​រដ្ឋមន្រ្តីការ​បរទេស​ជប៉ុន។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ