សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ពិភា​ក្សាការ​ងារ​ជាមួយ​គណៈ​មេធាវី នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា

សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួប​គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែល​ដឹកនាំដោយ លោក សួន វិសាល នៅវិមានសន្តិភាព នាព្រឹក ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ ។

លោក សួន វិសាល បានគោរព​រាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីប្រវត្តិរ​បស់​គណៈមេធាវី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា នូវសកម្មភាពកាលពីពេលកន្លងមក។ គណៈមេធាវី បានធ្វើការកែទម្រង់យ៉ាងច្រើន ជាពិសេស លើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យអប់រំផងដែរ។ ក្នុងន័យនេះ លោកបានមានប្រសាសន៍ថា​គណៈមេធាវី បានធ្វើការកែទម្រង់នៃការងារ ដើម្បីធ្វើយ៉ាងណា ឲ្យសមស្របទៅតាមបរិបទនៅកម្ពុជាផង និងអន្តរជាតិបច្ចុប្បន្នផង។ លើសពីនោះទៅទៀត លោកក៏បានគោរពរាយការណ៍ជូនសម្តេចតេជោ អំពីកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាមួយគណៈមេធាវីអន្តរជាតិ ក្នុងន័យនេះដែរ លោកបានជម្រាបជូនសម្ដេច អំពីកិច្ច​សហ​ប្រតិបត្តិការ​លើឆាក​អន្តរជាតិ ជាមួយគណៈមេធាវីអន្តរជាតិ ដែលបានដឹកនាំកិច្ចប្រជុំ ហើយនឹងរៀបចំកិច្ចប្រជុំសមាគមមេធាវីអាស៊ាននៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។

លោក សួន វិសាល ក៏បាន​ជម្រាប​ជូន​សម្ដេច​តេជោ​ផង​ដែរ អំពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​យុត្តិធម៌ដើម្បីធ្វើយ៉ាង​ណា​ជួយ​ទៅ​ដល់​ជនក្រីក្រ ហើយធ្វើយ៉ាង​ណារៀបចំនូវ​ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​ការ​តាម​ដានករណីនី​មួយៗផងដែរ។

ជាការ​ឆ្លើយ​តប សម្ដេច​តេជោ ហ៊ុន សែន បានស្វាគមន៍​ចំពោះ​របាយ​ការណ៍ ដែលបានលើ​ក​ឡើង​ដោយលោក សួន វិសាល ហើយក៏បានធ្វើកា​រណែនាំថា គប្បីណា រាល់ការកែទម្រង់ទាំងឡាយ ដែល​គណៈមេធាវី នឹងធ្វើ គឺត្រូវធ្វើឲ្យស្របតាមច្បាប់រ​បស់ព្រះរា​ជាណាចក្រ​កម្ពុជាផង និងតាមនិយាម​អន្តរជាតិផង។ សូមពិនិត្យ​មើលចំណុចមួយចំនួន ដែលមិនសមស្រប​ទៅតាមកា​លៈទេសៈព្រោះថា​គណៈមេធាវី​បាន​បង្កើត​ឡើងតាំងពីឆ្នាំ ១៩៩៥ រហូត​មកដល់​ពេល​នេះ ក៏មានរយៈ​ពេល​យូរអង្វែង​ដែរ​ហើយ ដែល​ចំណុច​មួយ​ចំនួន​មិនសមស្រប​តាម​បរិបទ​សង្គមនា​ពេល​បច្ចុប្បន្ននេះទេ។​ យ៉ាងណាមិញ សម្ដេចតេជោ ក៏បានធ្វើការ​ណែនាំដោយ​សហការ​ជាមួយ​ក្រសួងយុត្តិធម៌ ដើម្បីធ្វើការ​សម្រួល​នូវការ​កែទម្រង់នេះ។

សម្តេចតេជោក៏​បានណែ​នាំដល់គណៈ​មេធាវី​ផង​ដែរថា សូមពិនិត្យមើល​ការបញ្ចេញ​មេធាវី ដោយ​ធ្វើយ៉ាងណា ការបញ្ជូនមេធាវីនេះ គឺរក្សាឲ្យបាននូវ​សមត្ថភាព​មេធាវី ពង្រឹង​ និងលើកកម្ពស់​សមត្ថភាព​មេធាវីផង និងធ្វើយ៉ាងណា​ពង្រាយ​មេធាវី ដើម្បីជួយដល់​កូនក្តីនៅ​តាមបណ្ដាខេត្ត និងជនបទផង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ