សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

70

CNV: 

បុរសថ្ពាល់ផ្អែម ក្លាយជាបុរសថ្ពាល់ឈ្ងុយ

ថ្ងៃនេះ ពូបានមកជួបជុំជាមួយក្មួយៗសាជាថ្មីម្ដងទៀត នៅខេត្តកំពង់ស្ពឺ។ ហើយឡើងបានមួយថ្នាក់នៅថ្ងៃនេះ ឡើងត្រង់ថា ពីបុរសថ្ពាល់ផ្អែម ទៅជាបុរសថ្ពាល់ឈ្ងុយ។ នៅត្រង់អញ្ចេះ ក្មួយៗនៅខាងណោះអម្បាញ់​មិញ មានក្មួយៗម្នាក់បានថើបពូហើយថា ឈ្ងុយណាស់។ កាលពីមុន មានម្នាក់នោះ ថើបរួចហើយថា ផ្អែម។ អញ្ចឹងបានពូហៅខ្លួនឯងថា បុរសថ្ពាល់ផ្អែម។ ឥឡូវនេះ ក្លាយទៅជាបុរសថ្ពាល់ឈ្ងុយម្ដង។ ប៉ុន្តែសូមប្រាប់ថា អាឈ្ងុយហ្នឹង ក្លិនរបស់មីងទេ ព្រោះមីងថើបពូពីល្ងាច។ សូមនិយាយលេងបន្ដិចចុះ ដែលយើងបានជួបជុំគ្នានៅថ្ងៃនេះ។

ការជួបជុំជាមួយកម្មករ នៅតែបន្ត រហូតដល់ ១០ ឆ្នាំទៀត

ដំបូង ខ្ញុំសុំសំដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្មួយៗជាកម្មករ/ការិនីទាំងអស់ ដែលបានអញ្ជើញមកជួបពូនៅថ្ងៃនេះ ហើយដែលយើងបាននិយាយគ្នាមុ​នហើយថា ពូនឹងវិលត្រឡប់មកខេត្តកំពង់ស្ពឺ។ ពូក៏នឹងធ្វើការជួបជាមួយនឹងកម្មករ/ការិនីជាបន្តទៀត។ ក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត (ពូបានអះអាងថា)ប្រ​សិនបើគណបក្សប្រជាជនកម្ពុជាឈ្នះ ដែលពូនឹងក្លាយទៅជាអនាគតនាយករដ្ឋមន្រ្តី ពូនឹងបន្តនៃការដើរជួប។ ប៉ុន្តែបើសិនជាគណបក្សប្រជាជនកម្ពុជាមិនឈ្នះឆ្នោតទេ ពូនឹងមិនទៅប្រជែងការងារជាមួយនឹងអនាគតនា​យករដ្ឋមន្រ្តីនៃបក្សនយោបាយផ្សេងនោះទេ។ ប៉ុន្តែឥឡូវនេះ បើទោះបី​ជាលទ្ធផលផ្លូវការមិនទាន់បានប្រកាសក៏ដោយចុះ ក៏ប៉ុន្តែគេអាចដឹងបានថា គណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យ។ ដូច្នេះអាទិត្យមុននេះ ពូបានទៅជួបជុំជាមួយនឹងកម្មករ/ការិនីនៅឯទីក្រុងភ្នំពេញ។ ថ្ងៃនេះ ពូបានមកជួបជុំកម្មករ/ការិនីរបស់យើងនៅឯខេត្តកំពង់ស្ពឺ។

វិលជុំជួបកម្មករ/ការិនី ពិនិត្យដោះស្រាយបញ្ហាប្រឈមក្នុងវិស័យការងារ/ឧស្សាហកម្ម

ពូនៅជំពាក់ខេត្តកំពង់ស្ពឺច្រើន។ យើងបានមកទីនេះ គឺទើបនឹងបាន ៣ ដងទេ នៅសល់ ២ លើកទៀត។ ដូច្នេះ នៅសល់ ២ លើកទៀត ដែលនឹងត្រូវធ្វើដំណើរមកជួបក្មួយៗរហូតដល់អស់។ មិនមែនគ្រាន់តែជួបក្នុងដំណាក់កាលទី ១ នេះទេ។ នេះហៅថា ជុំទី ២ នៃដំណាក់កាលទី ១ ប៉ុន្តែបន្តទៅក្នុងរយៈពេលដែលពូប្រកាសថា នឹងបន្តកាន់តំណែងក្នុងឋាន

ៈជានាយករដ្ឋមន្រ្តី តាមរយៈការបោះឆ្នោតយ៉ាងតិច ១០ ឆ្នាំទៀត។ អញ្ចឹង ក្នុងរយៈពេល ១០ ឆ្នាំនេះ ពូត្រូវដើរវិលជុំជាមួយនឹងការជួបជុំកម្មករ/ការិនីរបស់យើង ដើម្បីមានលទ្ធភាពពិនិត្យ ដោះស្រាយបញ្ហាប្រឈម ហើយក៏បង្កើននូវការយកចិត្តទុកដាក់ផ្សារភ្ជាប់រវាងមេដឹកនាំប្រទេស ជាមួយនឹងកម្មករ/ការិនីក្នុងវិស័យឧស្សាហកម្ម នៅក្នុងរយៈពេលដែលរាជរដ្ឋាភិបាលកំពុងជំរុញអនុវត្តនយោបាយឧស្សាហកម្ម ២០១៥-២០២៥។

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២ មានប្រជាជនទៅបោះឆ្នោតច្រើន

អនុញ្ញាតអោយពូយកឱកាសនេះ ជាដំបូង ក៏សុំសំដែងនូវការកោតសរសើរ និងអរគុណចំពោះក្មួយៗជាកម្មករ/ការិនី ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ដែលធ្វើអោយអត្រានៃការបោះឆ្នោតនៅក្នុងប្រទេសរបស់យើងជាប់ចំណាត់ថ្នាក់ទី ២ នៅលើពិភពលោក បន្ទាប់ពីប្រទេសប៊ែលហ្ស៊ិក។ ប្រទេសប៊ែលហ្ស៊ិក បើយោងទៅតាមស្ថិតិនៃវិទ្យាស្ថានមួយរបស់សហរដ្ឋអាមេរិក ដែលចេញផ្សាយពីទីក្រុងវ៉ាស៊ីងតោន បានបង្ហាញថា​ ប៊ែលហ្ស៊ិក មានប្រជាជនជាង ៨៣% ដែលទៅធ្វើការបោះឆ្នោត។ ឯកម្ពុជាជាប់ចំណាត់ថ្នាក់ទី ២ មានប្រជាជនជាង ៨២% ដែលទៅធ្វើការបោះឆ្នោត។ នេះក៏បង្ហាញអោយឃើញថា ប្រជាពលរដ្ឋរបស់យើងបានចូលរួមដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតជាទៀងទាត់នៅក្នុងប្រទេសរបស់យើង។

អរគុណចំពោះក្មួយៗកម្មករ/ការិនីទាំងអស់ ដែលបានចូលរួមធ្វើការបោះឆ្នោត។ ដែលការបោះឆ្នោតនេះ ក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលជាការអនុវត្តនូវសិទ្ធិរបស់ប្រជាពលរដ្ឋរបស់យើង ក្នុងរយៈពេល ៥ ឆ្នាំម្ដង តាមការកំណត់នៃរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់បោះឆ្នោតរបស់យើង។ ក៏សូមអរគុណផងដែរ ចំពោះបងប្អូនកូនក្មួយៗ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានអត្រាមួយដ៏ខ្ពស់ ហើយដែលជាអត្រាឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក៏ដូចជានិយាយជារួម និងនិយាយដោយឡែក ចំពោះកម្មករ/ការិនីរបស់យើង ចំពោះតួនាទីរបស់គណបក្សប្រជាជនកម្ពុជា ចំពោះតួនាទីរបស់ពូក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលនាពេលខាងមុននេះ។

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺការជ្រើសរើសយកសន្ដិភាព និងការអភិវឌ្ឍ

នេះក៏សបញ្ជាក់អោយឃើញថា ក្មួយៗបានជ្រើសរើសត្រឹមត្រូវហើយ រវាងការទាក់ទិនជាមួយនឹងសន្ដិភាព និងការអភិវឌ្ឍ ព្រោះអ្វីដែលពូបានបញ្ជាក់នៅក្នុងក្របខណ្ឌនៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងនៅពេលដែលពូចាប់ផ្ដើមធ្វើយុទ្ធនាការ និងការបិទយុទ្ធនាការនៃការបោះឆ្នោត ពូបានសង្កត់ធ្ងន់ជាមួយនឹងការប្ដេជ្ញាចិត្តទាំងឡាយ ស្ដីពីការរក្សាសន្ដិភាព និងការអភិវឌ្ឍ។ ពូបានបញ្ជាក់ថា បើស្រឡាញ់សន្ដិភាព និងការអភិវឌ្ឍ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ចុងក្រោយ នៅពេលថ្ងៃបិទយុទ្ធនាការនៃការបោះឆ្នោត ពូបាននិយាយពាក្យគន្លឹះមួយថា “សន្ដិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាគឺដើម្បីសន្ដិភាព” ព្រោះថា ពូម្នាក់ឯងមិនអាចនឹងរក្សាសន្ដិភាពនេះបានទេ បើខ្វះការចូលរួមរបស់ប្រជាជន។ ដូច្នេះ ការបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា គឺវាជាការបោះឆ្នោតដើម្បីធានារក្សានូវសន្ដិភាព និងការអភិវឌ្ឍ រក្សានូវអ្វីដែលក្មួយៗ​មានក្នុងដៃ ដែលប្រជាជនកំពុងមានក្នុងដៃរួចមកហើយ នោះគឺការកំពុងការរីកលូតលាស់នៅក្នុងសេដ្ឋកិច្ចរបស់គ្រួសារម្នាក់ៗ ដែលយើងអាចធ្វើការប្រៀបធៀបបាន។

ផ្លាស់ប្ដូរកាលបរិច្ឆេទក្នុងការបង្កើតសភា និងរាជរដ្ឋាភិបាលថ្មី គឺនៅថ្ងៃទី ៥ និងទី ៦ ខែកញ្ញា

មុននឹងចូលទៅដល់ប្រធានបទទាក់ទងជាមួយនឹងកម្មករផ្ទាល់ ខ្ញុំសុំយកឱកាសនេះ បញ្ជាក់ជូនចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាតាមរយៈសារព័ត៌មាន ផ្ញើជូនទៅដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់អោយជ្រាបថា ម្សិលមិញនេះ ខ្ញុំបានចូលគាល់ព្រះករុណា ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង ដើម្បីសុំព្រះរាជទានពីព្រះអង្គ ទៅលើការកែប្រែនូវកាលបរិច្ឆេទស្ដីអំពីការកោះប្រជុំសភា និងការបង្កើតរាជរដ្ឋាភិបាល។ កាលពីមុននេះ យើងបានគ្រោងទុកថា ការប្រជុំសភាលើកដំបូង ធ្វើនៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា។ ល្ងាចថ្ងៃទី ១៩ ខែកញ្ញា សភានឹងត្រូវចូលស្បថកាន់តំណែង។ ព្រឹកថ្ងៃទី ២០ ខែកញ្ញា នឹងបង្កើតរាជរដ្ឋាភិបាលថ្មី។ ល្ងាចថ្ងៃទី ២០ ខែកញ្ញា នឹងស្បថចូលកាន់។ ដល់ព្រឹកថ្ងៃទី ២១ ខែកញ្ញា គណៈរដ្ឋមន្រ្តីត្រូវប្រជុំលើកដំបូង។

ប៉ុន្តែ បន្ទាប់ពីការពិគ្រោះយោបល់ជាមួយនឹងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ខ្ញុំព្រះករុណាខ្ញុំ)ក៏ទៅស្នើសុំព្រះមហាក្សត្រ ដើម្បីផ្លាស់ប្ដូរនូវកាលបរិច្ឆេទនេះ ដែលសុំបញ្ជាក់ដូចតទៅ ដើម្បីអោយ​សា​ធារណ

មតិ ក៏ដូចជាប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតបានដឹងអំពីគម្រោង ដែលនឹងត្រូវធ្វើបន្ត។ ការផ្លាស់ប្ដូរនោះគឺ នៅថ្ងៃពុធ ទី ៥ ខែ កញ្ញា ពេលព្រឹក សភានឹងកោះប្រជុំ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ និងកោះអញ្ជើញតាមរយៈព្រះមហាក្សត្រ ព្រោះការកោះប្រជុំលើកដំបូង កោះហៅសមាជិកសភាជាប់ឆ្នោត គឺមានតែព្រះមហាក្សត្រតែប៉ុណ្ណោះ។ ព្រឹកថ្ងៃទី ៥ ខែកញ្ញា​ សភានឹងចាប់ផ្ដើមបើកការប្រជុំលើកដំបូងរបស់ខ្លួន។ ល្ងាចថ្ងៃទី ៥ ខែកញ្ញា គឺសភានឹងចូលស្បថកាន់តំណែង​។

ថ្ងៃព្រហស្បតិ៍ ទី ៦ ខែកញ្ញា ពេលព្រឹក នឹងបង្កើតឡើងនូវក្បាលម៉ាស៊ីនរបស់រដ្ឋសភា ក៏ដូចជាបង្កើតនូវរាជរដ្ឋាភិបាលថ្មី។ ដល់ល្ងាចថ្ងៃទី ៦ ខែកញ្ញា គឺរាជរដ្ឋាភិបាលនឹងស្បថចូលកាន់តំណែង។ ដល់ទៅព្រឹកថ្ងៃទី ៧ ខែកញ្ញា គឺត្រូវនឹងថ្ងៃសុក្រ គឺគណៈរដ្ឋមន្រ្តីនឹងប្រជុំលើកដំបូងរបស់ខ្លួន។ នេះជាប្រក្រតិទិនជាក់លាក់ដែលបានជម្រាបជូន ព្រោះថា កាលពីជួបជាមួយនឹងកីឡាករ​/ការិនី ពេលនោះយើងកំពុងសិក្សានៅឡើយទេ។ ប៉ុន្តែព្រះមហាក្សត្រ ព្រះអង្គបានយល់ព្រមនូវថ្ងៃ នៃកាលបរិច្ឆេទ ថ្ងៃទី ១៩, ២០ ខែកញ្ញា ឯណោះ។ ដូច្នេះ ពូត្រូវចូលទៅព្រះបរមរាជវាំង ដើម្បីគាល់ព្រះមហាក្សត្រ សុំដោះដូរនូវកម្មវិធីនេះឡើងវិញ។

លក្ខខណ្ឌ ៣ ដែលអាចឲ្យយើងបង្កើតរាជរដ្ឋាភិបាលបាននៅដើមខែកញ្ញាវិញ

គ្មានអ្វីជាការខុសច្បាប់ទេ។ ក៏គ្មានការខុសជាមួយនឹងរដ្ឋធម្មនុញ្ញទេ។ សភាមានអា​ណត្តិ ៥ ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរាជរដ្ឋាភិបាលត្រូវរំលាយ ២ ដង ក្នុងរយៈពេល ១២ ខែ។ អញ្ចឹង កាលយើងបង្កើតរាជរដ្ឋាភិបាល គឺបង្កើតនៅក្នុងខែកញ្ញា។ ឥឡូវយើងក៏បង្កើតនៅក្នុងខែកញ្ញាវិញ។ មានកថាខណ្ឌនិយាយថា សភាចាស់នឹងផុតកំណត់នៅពេលដែលសភាថ្មីចូលកាន់តំណែង។ ម្យ៉ាងទៀត នៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង ក៏បានចែងថា សភាកោះប្រជុំលើកដំបូង មិនអោយយឺតជាង ៦០ ថ្ងៃ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញក៏បានផ្ញើលិខិតមួយជាជំនួយស្មារតីអោយខ្ញុំថា មានចំណុច ៣ ដែលវាមិនខុសអីទាំងអស់ … ហេតុអីបានជាយើងត្រូវរង់ចាំ? មិនបង្កើតនៅចុងខែសីហា។

បង្កើតនៅចុងខែសីហាអត់បានទេ … គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវប្រកាសលទ្ធផលផ្លូវការនៅឯថ្ងៃទី ១៥ រួចហើយគេទុករយៈពេលប្ដឹងក្នុងរយៈពេលមួយ។ ទុករយៈពេលប្ដឹងមួយហើយ គឺចាប់ផ្ដើមបញ្ចប់កាត់​ក្ដីនៅឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បន្ទាប់ទៅគេបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញកំណត់រយៈពេល ១០ ទៅ ២០ ថ្ងៃ។ ដូច្នេះ ១០ ថ្ងៃ វាជាការគ្រប់គ្រាន់សម្រាប់ក្រុមប្រឹក្សាធម្មនុញ្ញហើយ ដូច្នេះនៅដើមខែកញ្ញា គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចនឹងប្រកាសលទ្ធផលស្ថាពរ បែងចែកអា​សនៈ និងកំណត់ឈ្មោះអ្នកដែលជាប់ឆ្នោត។ បន្ទាប់ទៅ គឺដល់តួនាទីព្រះមហាក្សត្រព្រះអង្គត្រូវកោះប្រជុំ។ ចំ​ណុចដែលក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ជូនថា ដែលវាមិនខុសច្បាប់នៅត្រង់ថា ការកោះប្រជុំលើកដំបូងត្រូវតែ​កោះប្រជុំដោយព្រះមហាក្សត្រ នឹងគឺលក្ខខណ្ឌទី ១។ លក្ខខណ្ឌទី ២ គឺក្នុងរយៈពេលមិនអោយ​លើសពី ៦០ ថ្ងៃ។ អាហ្នឹងគឺត្រូវច្បាប់។ បើក្រោយ ៦០ ថ្ងៃ អាហ្នឹងគឺខុសច្បាប់ ខុសរដ្ឋធម្មនុញ្ញតែមុន ៦០ ថ្ងៃ គឺអត់អីទេ។ ចំណុចទី ៣ ត្រូវតែអោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលប្រកាសឈ្មោះបេក្ខជនជាប់​ឆ្នោត ព្រោះបើអត់ប្រកាសបេក្ខជនជាប់ឆ្នោតផង តើព្រះមហាក្សត្រទៅកោះអញ្ជើញអ្នកណា? នេះគ្រាន់តែជាការបញ្ជាក់។

ឈ្មោះថាបណ្ឌិត តែមិនចេះច្បាប់

នៅប្រទេសរបស់យើងសម្បូរទៅដោយបណ្ឌិតមិនចេះច្បាប់ រាប់ទាំងឆ្នាំ ២០០៣ មានបណ្ឌិតមួយថា ដើម្បីបោះឆ្នោតបានល្អគឺត្រូវតែរំលាយរដ្ឋាភិបាល ហើយបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន។ ពេលហ្នឹង ខ្ញុំនៅស្រុកកណ្ដាលស្ទឹង ខ្ញុំថា មើលរដ្ឋធម្មនុញ្ញអោយច្បាស់ ប្រយ័ត្នរដ្ឋប្រហារធម្មនុញ្ញ គ្រាន់តែលឺថា រដ្ឋប្រហារធម្មនុញ្ញ អា​នោះឡើងយន្តហោះព្រឹបរត់ប្រុច។ ពួកអានេះសុទ្ធតែបណ្ឌិតអត់ចេះច្បាប់។ អញ្ចឹងទេបានជាពូយកឱកាសនេះធ្វើការបើករង្វង់ក្រចក ដើម្បីវាយតម្លៃបណ្ឌិតរបស់វា … មានទស្សនវិទូ និងមានអាល្ងង់ទូ។ ចេញមក និ​យាយអំពីស្ថានភាពផ្លូវច្បាប់ ស្ថានភាពនយោបាយ សេដ្ឋកិច្ចសង្គម អាហ្នឹងបានគេហៅទស្សនវិទូ ប៉ុន្តែ បើអាល្ងង់ទូវិញ គឺថាចេញមកឆ្កុយទៅតែវាទៅ។ ដូចជាវាលើកគំនិតថា បើចង់បោះឆ្នោតអោយបានល្អ វាត្រូវតែរំ​លាយរដ្ឋាភិបាលបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន ក្នុងពេលដែលរដ្ឋធម្មនុញ្ញ គេបានចែងថា បើរដ្ឋាភិបាលថ្មីអត់​ទាន់កើតទេ អាចាស់វានៅបន្ត។

រដ្ឋាភិបាលថ្មីមិនទាន់កើត រដ្ឋាភិបាលចាស់នៅបន្ត គ្រាន់តែមិនអាចអនុម័តថវិកា

សូម្បីតែភាពជាប់គាំង ដូចជានៅឆ្នាំ ២០០៣ នោះ គាំងមួយឆ្នាំ។ ប៉ុន្តែ បើអាថ្មីវាមិនទាន់កើត អាចាស់គឺវាអត់ទៅណាទេ គឺវានៅហ្នឹង។ គ្រាន់តែអត់អនុម័តច្បាប់ថវិកាបាន។ ប៉ុន្តែ ការអនុម័តច្បាប់ថវិកាមិនបាននេះ មិនមែនបានសេចក្ដីថា រាជរដ្ឋាភិបាលខ្វះលុយចាយទេ។ រាជរដ្ឋាភិបាលមានសិទ្ធិចាយ ១ ភាគ ១២។ អញ្ចឹងចាយរាល់ខែ។ អ្នកដែលអត់លុយគឺរដ្ឋសភា។​ រដ្ឋសភាអត់មានប្រាក់ខែទៅ។ កាលហ្នឹងគឺសមាជិកសភាគណបក្សប្រជាជន មានលុយចាយទាំងអស់ បក្សអោយខ្ចីសិន ខ្ចីម្នាក់ ២ ពាន់ៗក្នុងមួយខែ។ ស្រាប់តែដល់ពេលសភាប្រជុំ ត្រូវទារអោយសមាជិកសភាគណបក្សប្រជាជនសង កាលហ្នឹង ៧៣ នាក់ ដល់ប្រកាសថា អត់អោយសង តាហ៊ុយ ទះដៃលឺជាងគេ។​ ប៉ុន្តែ អ្នកដែលអត់ គឺរឿងរបស់អ្នកដែលអត់ អត់មាន rappel អត់មាន advance អោយទេ។ ហ្នឹងរឿងមួយផ្សេង។ អត់ធ្វើការមកទារលុយ(មិនបានទេ)។ ហេតុអីបានជាពូត្រូវនិយាយបញ្ជាក់រឿងនេះ? ព្រោះនៅប្រទេសរបស់យើងមានពួកក្រុមបណ្ឌិត ប៉ុន្តែខ្វះការយល់ដឹង។ អញ្ចឹងទេ យើងមិនមែនតាំងខ្លួនជាអ្នកយល់ដឹងទេ ក៏ប៉ុន្តែហោចណាស់ ពូបានកាន់ការងាររដ្ឋមកពេលនេះ ចូលដល់ក្បាល ៤០ ឆ្នាំហើយ។ អញ្ចឹងទេ ក៏វាល្មមដឹងខុសត្រូវទៅលើបញ្ហាច្បាប់ … បើមិនអញ្ចឹងទេ មិនអាចធានារ៉ាប់រងទៅលើការចាប់ផ្ដើមរបស់យើងពីប្រជាជនមាន ៥ លាននាក់ ឥឡូវប្រជាជនកើនទៅដល់ជិត ១៦ លាននាក់ហើយក្មួយ មើលចុះរឿងហ្នឹង ហើយមិនបាននាំពួកក្មួយៗមកកាន់រោងចក្រដ៏សម្បូរបែបបែបនេះទេ។

ធ្វើដំណើរតាមឧទ្ធម្ភាគចក្រចំណាយតិចជាងធ្វើដំណើរតាមឡាន

សូមអភ័យទោស (ក្នុងការ)ធ្វើដំណើរមក ពូទើបនឹងសម្រេចចិត្ត(រើសមធ្យោបាយធ្វើដំណើរ)ក្រោយពេលចេញពីព្រះបរមរាជវាំងត្រឡប់មកវិញទេ។ គេបានប្រាប់ថា ត្រូវធ្វើដំណើរ ៥៦ គីឡូម៉ែត្រ រួចហើយចេញតាមផ្លូវមួយហ្៉ែត្រយៗមកកាន់រោងចក្រដ៏សម្បូរបែបបាលចាស់នៅបន្ត គ្រាន់តែមិនអាចអនុម័តថវិកានឹងគឺត្រូវប្រើ ១ ម៉ោង ១៥ នាទី អាហ្នឹងមួយទៅ។ ដល់ផ្លូវមួយទៀត ៥៨,៤ គីឡូម៉ែត្រ ត្រូវធ្វើដំណើរ ១ ម៉ោង ២៥នាទី។ គិតចុះគិតឡើងត្រូវក្រោកពីម៉ោង ៤​ ដើម្បីអោយមកទាន់ក្មួយៗ ព្រោះក្មួយៗជាទម្លាប់របស់កម្មករយើង តែម៉ោង ៦ កន្លះព្រឹកយ៉ាងយូរ គឺថាជុំគ្នាអស់ហើយ។ ធម្មតាពូសម្រាកក្រោយម៉ោង ១២ អញ្ចឹងបើម៉ោង ៤ វាតិចណាស់ច្បាស់ជាស្រមុកតាមឡាន ដេកតាមឡានទៀត។ ថ្ងៃមុន មកស្រុកច្បារមន ដល់ត្រឡប់ទៅវិញអត់ទាន់ដល់វិទ្យាល័យចំបក់ផង (ដេក)លក់បាត់ហើយ រួចហើយទៅភ្ញាក់នៅវិមានឯករាជ្យ …។

រួច(ពូ)ក៏សម្រេចថា មកតាមឧទ្ធម្ភាគចក្រ ដែលចំណាយពេលត្រឹមតែ ១២ ឬ ១៥ នាទី ប៉ុណ្ណឹង។ ជម្រាបជូនក្មួយៗ ពូមកតាមឧទ្ធម្ភាគចក្រ វាចំណាយអស់ថោកជាងមកតាមឡាន។ ម៉េចចឹង? បើពូមកតាមឡាន ត្រូវមានអង្គរក្សមិនដឹងថាប៉ុន្មានទេ ដែលត្រូវមកជាមួយនោះ។ អាឡានមុខប៉ុន្មានទៅ អាឡានក្រោយប៉ុន្មានទៅ ហ្នឹងម្យ៉ាង។ ប៉ុន្តែ កម្លាំងការពារត្រូវចំណាយរបៀបណា? ដូច្នេះត្រូវចំណាយច្រើនជាងអាខាងលើ ហើយអត់បានសួររដ្ឋមន្រ្តីធនធានទឹកទេ ភ្លៀងមិនភ្លៀងអត់ដឹង ព្រោះអាងត្រង់អញ្ចេះ អាងត្រង់ថាពេលដែលមកហ្នឹង គឺថាហោះទាបៗទៅ បើសិនជាថាខ្យល់ព្រុះ ឬក៏ភ្លៀងធំ ចុះកណ្ដាលផ្លូវជាតិលេខ ៤ អោយរួចសិនក៏បានដែរ ព្រោះអានេះវាតូច វាចល័តរហ័ស …។

ទំនាក់ទំនងដែលបង្ហាញពីទឹកចិត្តស្រលាញ់រាប់អាន

ថ្ងៃនេះ បានមកជួបក្មួយៗសប្បាយណាស់ សប្បាយហើយក៏សូមអរគុណក្មួយៗ ដែលបានធ្វើបដិសណ្ឋារកិច្ច ជាមួយពូ ដែលមកពេលនេះ គឺកាយវិការរបស់ក្មួយៗ មិនថានៅទីនេះ ឬនៅកន្លែងផ្សេងទេ វាជាទំនាក់ទំនងរវាងឪពុក និងកូន ជីតា និងចៅ ឪពុកមា ឪពុកធំ និងក្មួយ នេះជាទំនាក់ទំនងដែលបង្ហាញពីទឹកចិត្តស្រ​លាញ់​រាប់អានចំពោះពូ។ ពូមានអារម្មណ៍ច្បាស់នៅត្រង់ថា ក្មួយៗមិនមែនទើបនឹងស្គាល់ពូ ១ ឆ្នាំ ឬ ១ ថ្ងៃ,២ ថ្ងៃ ឬ ១ ខែ, ២ ខែទេ។ ជីដូនជីតារបស់ក្មួយៗធ្លាប់រួមដំណើរជាមួយពូ ឪពុកម្ដាយរបស់ក្មួយៗធ្លាប់រួមដំណើរជាមួយពូ រហូតមកដល់ក្មួយៗបានរួមដំណើរជាមួយពូ បានជាតាមរយៈនោះហើយ ដែលធ្វើអោយប្រទេសរបស់យើងវិវឌ្ឍពីស្ថានភាពលំបាកលំបិន ពីការដែលមួយថ្ងៃត្រូវស្លាប់រាប់រយ រាប់ពាន់ រាប់ម៉ឺននាក់ នៅក្នុងរបប ប៉ុល ពត ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ បានខិតខំរួមជាមួយនឹងគណបក្សប្រជាជន រួមជាមួយពូដើម្បីរំដោះប្រទេស បង្កើតឡើងនូវស្ថានភាពមួយ ដែលទោះបីពេលនោះវាមានការលំបាក ក៏ប៉ុន្តែអនុញ្ញាតអោយជីវិតជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗអាចរស់រានមានជីវិត ហើយបង្កើតតកូនតចៅ រហូតមកក្មួយៗនេះឯង។ ក្មួយៗខ្លះកើតជំនាន់ ប៉ុល ពត ក្មួយៗខ្លះអាចកើតមុនហ្នឹង ប្អូនខ្លះអាចកើតមុនហ្នឹង។ ក៏ប៉ុន្តែ ស្ថានភាពនេះយើងអាចយល់បាន ពូពិតជាមានអារម្មណ៍រីករាយដោយសារតែជំនាន់ជីដូនជីតា ជំនាន់ឪពុកម្ដាយរបស់ក្មួយៗ រហូតមកដល់ជំនាន់ក្មួយៗនេះនៅតែបន្តធ្វើដំណើររួមគ្នា រួមដំណើរជាមួយនឹងពូជាមួយនឹងគណបក្សប្រជាជន។

កត់សម្គាល់ ២ ទាក់ទងនឹងការបោះឆ្នោត ២០១៨

អ្វីដែលជាការកត់សម្គាល់នៅពេលនេះ ទី ១ ការចេញទៅបោះឆ្នោតច្រើនកុះករ ដែលមិនលុះទៅដោយការញុះ​ញង់ធ្វើយុទ្ធនាការ ដេកផ្ទះឈ្នះឯង។ មានដេកផ្ទះឈ្នះឯង ដេកផ្ទះឈ្នះស្អាត …  ទី ២ ការបោះឆ្នោតអោយ​គណបក្សប្រជាជន ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្ត។ ស្ថានភាពនេះយើងពិនិត្យមើលប្រទេសដែលក្របខណ្ឌរួម ដែលប្រទេសរបស់យើងបានវិវឌ្ឍឈានពីដំណាក់កាលលំបាកលំបិន ពីដំណាក់កាលនៃសង្គ្រាមផង សន្តិភាពផង នៅឆ្នាំ១៩៧៩ ទល់ឆ្នាំ ១៩៩៨។ រយៈពេល ១៧ ឆ្នាំ យើងមិនទាន់រាប់ពីដំណាក់កាលនៃសង្គ្រាមដែលចាប់ផ្ដើមនៅឆ្នាំ១៩៧០ ដែលពេលនោះពូមិនទាន់គ្រប់អាយុបោះឆ្នោតផងទេ អត់ទាន់ដល់អាយុ ១៨ ឆ្នាំ ផងទេ ត្រូវលីកាំភ្លើង បោះបង់ចោលសាលារៀន។ ស្រណោះខ្លួនដែរ ឃើញយុវជនសម័យឥឡូវគេសប្បាយ នឹកឃើញស្រណោះរឿងដើម។ ក្មួយអើយ! ពេលនៅជំទង់ ដោយខ្វះសាលារៀន ពូត្រូវធ្វើចំណាកស្រុកពីស្រុកកំណើតមកកាន់ទីអារាមនៅទីក្រុងភ្នំពេញ ផ្ញើខ្លួននឹងព្រះសង្ឃ ដើម្បីទទួលបាននូវការសិក្សា បានជាមានចម្រៀងមួយបទ “ជីវិតក្មេងវត្ត” ដែលពូនិពន្ធ មិនមែនគ្រាន់តែជាការរំលឹកចំពោះជីវិតរបស់ពូទេ ប៉ុន្តែក៏មានបញ្ញវន្តជាច្រើន បានរស់រានដោយសារបាយបាត្ររបស់ព្រះសង្ឃ​។ រហូតមកដល់សម័យនេះហើយ ក៏នៅតែបន្តមាននិស្សិត/សិស្សជាច្រើន កំពុងបន្តស្នាក់នៅជាមួយព្រះសង្ឃ។ អាហ្នឹងជាដំណាក់កាល ដែលពូនៅពីកុមារ និងវ័យជំទង់។

មូលហេតុមានថ្ងៃកំណើតពីរ

ដល់ពេលចូលដល់វ័យកម្លោះ ចាត់ទុកថាពូកម្លោះទៅចុះ ពេលនោះ បែរជាប្រទេសមានសង្គ្រាម គេហៅថា រសជាតិនៃការសប្បាយរីករាយតាមបែបកម្លោះ ពូមិនដែលមានទេ ព្រោះត្រូវធ្វើការលះបង់មួយ ដើម្បីជាតិ សាសនា និងព្រះមហាក្សត្ររបស់យើង (ដោយសារតែ)គេធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ដែលជាព្រះប្រ​មុខរដ្ឋរបស់យើង។ អញ្ចឹង បានជាប៉ុន្មានថ្ងៃមុននេះ ហេតុអីបានជាពូមានថ្ងៃកំណើតរហូតដល់ពីរដង? សុំបើករង្វង់ក្រចក(និយាយ)កន្លែងហ្នឹងបន្តិច ដើម្បីរំលឹកពីប្រវត្តិ ហើយប្រវត្តិនេះ វាចង់ភ្ជាប់នឹងប្រវត្តិរបស់ប្រទេសជាតិរបស់យើងផងដែរ។ ប្រវត្តិរបស់ពូមិនទៅឆ្ងាយពីប្រវត្តិប្រទេសជាតិយើងទេ នៅត្រង់ថា ហេតុអីបានមានថ្ងៃខែកំណើតដល់ទៅពីរ? ថ្ងៃកំណើតមួយនោះ គឺថ្ងៃ(ទី) ០៤ មេសា ១៩៥១ … ថ្ងៃកំ​ណើត(មួយទៀតនៅ)ថ្ងៃ(ទី) ០៥ សីហា ១៩៥២។ អញ្ចឹងទេ មូលហេតុអីទៅ?

ពូសុំបញ្ជាក់សាជាថ្មីម្តងទៀតថា ពេលដែលចាប់ផ្តើមដំបូង គ្រាន់តែដូរថ្ងៃ និងខែតែប៉ុណ្ណោះ មូលហេតុដោយ​សារយើងអត់មានឯកសារ ព្រោះចូលព្រៃ។ ដល់ក្រោយមក គេអោយធ្វើប្រវត្តិរូប វាអត់ដឹងថា ថ្ងៃណាអីខែណា? កើតថ្ងៃណា? ខែណា? ព្រោះវាបាត់បញ្ជីជាតិអស់ទៅហើយ។ អញ្ចឹង ក៏យកថ្ងៃ(ទី) ០៤ មេសា ១៩៥២ យកថ្ងៃដែលពូចូលព្រៃតាមការអំពាវនាវរបស់សម្តេចព្រះបិតាជាតិអោយកូនចៅរបស់ព្រះអង្គចូលព្រៃម៉ាគី។ យក​ថ្ងៃ និងខែ ដែលចូលព្រៃ គឺនៅថ្ងៃ(ទី) ០៤ មេសា ១៩៧០ យកធ្វើជាថ្ងៃកំណើត ប៉ុន្តែ ដាក់ឆ្នាំ ១៩៥២។ ប៉ុន្តែ ហេតុអី​បានក្រោយមកទៅជា(ឆ្នាំ) ១៩៥១? អានេះវាបានកើតឡើង នៅថ្ងៃទី ០៨ មករា​។ ថ្ងៃទី ០៧ មករា យើងរំដោះទីក្រុងភ្នំពេញ។ វាយផ្តួលរំលំរបប ប៉ុល ពត។ ថ្ងៃទី ០៨ មករា មួយថ្ងៃក្រោយ គឺយើងបង្កើតរដ្ឋាភិបាល ដែលពេលនោះហៅថា ក្រុមប្រឹក្សាប្រជាជន បដិវត្តកម្ពុជា។

ពូត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស។ ពេលអោយគេវាយអង្គុលីលេខអំពីប្រវត្តិរូប គេមិនវាយឆ្នាំ ១៩៥២ ទេ គេវាយឆ្នាំ ១៩៥១ រួចហើយគេផ្សាយតាមវិទ្យុរណសិរ្សសង្គ្រោះជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅពេលនោះ ហៅថា SPK បានបង្កើតតាំងពីថ្ងៃទី ០២ ធ្នូ ១៩៧៨។ អញ្ចឹងទេ គេយកទៅវាយចេញបាត់ទៅ។ ដល់គេយកវាយចេញទៅបាត់ទៅ តើគួរយកមកកែ ឬមិនគួរ? ប៉ុន្តែ ពេលនោះក្មួយអើយ! បើគិតពីអាយុពិតប្រាកដ អត់ទាន់គ្រប់ ២៧ ឆ្នាំផង ហើយធ្វើជារដ្ឋមន្ត្រីការបរទេស ដែលក្មេងជាងគេនៅលើពិភពលោក។ អញ្ចឹងទេ ពូក៏រក្សានូវ(ថ្ងៃកំណើត)ថ្ងៃទី ០៤ មេសា ១៩៥១ ហ្នឹងទៅ។ អត់ដាក់អា ១៩៥២ ទេ ដើម្បីអោយវាកើនបានមួយឆ្នាំ។  ដល់ពេលជួបឪពុកម្តាយឡើងវិញ ឪពុកម្តាយបានប្រាប់ រួចហើយបានទៅយកប្រក្រតិទិនទាក់ទិនជាមួយនឹងសុរិយគតិ និងចន្ទគតិយកមកផ្ទៀងផ្ទាត់។ បើនិយាយតាមចន្ទគតិ គឺកើតនៅថ្ងៃ អង្គារ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំរោង។ អាហ្នឹងសុទ្ធតែថ្ងៃមហិទ្ធិឬទ្ធិហើយ។ គិតទៅតាមសុរិយគតិ គឺនៅថ្ងៃទី ០៥ សីហា ១៩៥២ វាចេញទៅអញ្ចេះ។

បបួលស្បថ តែអ្នកខ្លះមិនហ៊ានស្បថ

ថ្ងៃមុននោះ ជួបជុំកូន/ចៅ អត់ដឹងថា គេយកទៅបង្ហោះហ្វេសប៊ុកផង។ កូនវាបង្ហោះហ្វេសប៊ុក។ ផ្តើមចេញពី ហ៊ុន ម៉ានី។ ដល់ផ្តើមចេញពីហ្នឹង Page admin របស់ពូហ្នឹងឃើញរូបថតហ្នឹង ក៏ចាប់ផ្តើមបង្ហោះថែម ក៏បានប៉ុន្មានម៉ឺន Like។ អ្នកខ្លះគេលេងហ្វេសប៊ុក គេច្រឡែននឹងពូអារឿងហ្នឹង។ អធិរាជហ្វេសប៊ុកពីមុនគេលេងចាញ់ហ្វេសប៊ុករបស់ពូ។ ពូបង្ហោះតែរូបជាមួយនឹងចៅ (ទទួលបាន)រាប់ម៉ឺន Like ចូលមក។ ឥឡូវហ្នឹងមិនចាំបាច់និយាយតទៅទៀតទេ សូម្បីតែស្បថគេមិនហ៊ានស្បថផង។ មិនហ៊ានស្បថចាញ់ ហើយឥឡូវនេះ យាយម៉ៅ នៅក្បែរនេះទេ ក្នុងខេត្តកំពង់ស្ពឺ។ ថ្ងៃមុន ចេញអត់ហ៊ានស្បថ យប់ម៉ិញ(ក្នុងកម្មវិធី)វិទ្យុអាស៊ីសេរី អត់ហ៊ានស្បថទៀត ព្រោះអោយស្បថដាក់ជីវិត ហើយដាក់ជីវិតមិនមែនដាក់ត្រឹមតែពីរនាក់ទេណា ដាក់អោយងាប់ទាំងខ្លួនឯង​/ប្រពន្ធ/កូន/ចៅ/ចៅទួត និងអ្នកជិតស្និទ្ធយ៉ាងតិច ១០០ នាក់។ អត់ហ៊ានស្បថមែន។ ម្សៀហ្នឹងតែអញ្ចឹង​។ បានត្រឹមតែជេរមួលបង្កាច់គេ ដល់ទៅបបួលវាស្បថ វាអត់ហ៊ានស្បថ។ ចុះគ្រាន់តែស្បថខ្លាចអី? […]

កម្ពុជាមានលទ្ធភាពអភិវឌ្ឍពេញដៃជើង មានរយៈពេលទើបតែ ២០ ឆ្នាំប៉ុណ្ណោះ

ពូពិតជាមានមោទនភាព ដោយសារស្ថានភាពដ៏ល្អប្រសើរ សម្រាប់ការលូតលាស់ប្រទេសរបស់យើង។ បើយោងទៅលើប្រវត្តិ នៃប្រទេសរបស់យើង យើងចាប់អភិវឌ្ឍពេញដៃជើងរយៈពេលទើបនឹងបាន ២០ ឆ្នាំ តែប៉ុណ្ណោះ។ ពីឆ្នាំ ១៩៧៩ យើងទទួលមរតកដ៏អាក្រក់បំផុត ដែលគ្មានទេនៅលើពិភពលោក នៅក្នុងស្ថានភាពបែបកម្ពុជា។ ប្រទេសដែលមានទីក្រុង តែគ្មានមនុស្សនៅ ពាក្យពុទ្ធទំនាយរបស់ខ្មែរ ដែលដូនតាយើងបាននិយាយតាំងពីមុន ហើយដែលពេលមុនពូមិនជឿទេ នៅពាក្យត្រង់ថា មានផ្ទះ តែគ្មានមនុស្សនៅ មានផ្លូវ គ្មានមនុស្សដើរ ប៉ុន្តែក្រោយមកបែរជារឿងនេះបានកើតនៅក្នុងកម្ពុជារបស់យើង។

យើងពិតជាលំបាកខ្លាំងណាស់ ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗពិតជាមានការលំបាកខ្លាំងណាស់។ តែលំបាកយ៉ាងណា។ យើងត្រូវងើបឈរឡើង ទាំងលំបាកលំបិន ហើយដែលពេលនេះ បើសិនជាយើងត្រូវថតភាព​យន្តឡើងវិញ គឺយើងពិបាកថតណាស់ ព្រោះពិបាករកតួថត ព្រោះបើចង់រកតួថតបាន វាទាល់តែយកតួពីឥឡូវយកទៅអោយធ្វើទារុណកម្ម ធ្វើពលកម្មពី ៣ ខែ ទៅ ៦ ខែ បានយកតួហ្នឹងដូច … ឯឧបករណ៍ថតទៀត ទាល់តែយើងធ្វើអោយដូច ឥឡូវហ្នឹងរកអាខោអាវធុនហ្នឹងវាមិនដូច។ អាជំនាន់សាច់ក្រណាត់យកទៅជាន់ជា​មួយ​ភក់អោយវាខ្មៅ ចានស្អីៗហ្នឹងពិបាកណាស់ទៅរកអាធុនហ្នឹង រកមិនឃើញ។

អនុវត្តនយោបាយឈ្នះឈ្នះលើកដំបូងនៅខេត្តកំពង់ស្ពឺ

ស្ថានភាពនៅពេលហ្នឹងវាលំបាកណាស់ ដែលយើងងើបឈរឡើង ទោះបីយើងរំដោះ តែយើងលំបាកស៊ីអត់ស៊ីឃ្លានជាមួយនឹងប្រទេស ដែលមានសន្តិភាពផង មានសង្គ្រាមផង។ ទោះបីសន្តិភាពកើតមានលើចំណែកភាគច្រើននៃដែនដី និងពេលវេលា។ ឯសង្គ្រាមកើតឡើងដោយដាច់ដោយដុំដោយពេលវេលាខ្លះប៉ុណ្ណោះ។ ប៉ុន្តែ ឥទ្ធិពលវាអាក្រក់ណាស់។ យើងបានប្រឹងប្រែងបន្ត ដើម្បីទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត និងម្ខាងទៀតខិតខំស្តារជីវភាពប្រជាជនឡើងវិញ។ យើងបានខិតខំដើម្បីចរចាស្វែងរកដំណោះស្រាយនយោបាយមួយ ដើម្បី​បញ្ចប់ជម្លោះប្រដាប់អាវុធនៅកម្ពុជា។ ប៉ុន្តែវាមិនទាន់ចប់ទេ។ នៅពេលអង្គការសហប្រជាជាតិមកធ្វើប្រតិបត្តិការនៅកម្ពុជា ប្រទេសយើងនៅតែបន្តការបែកបាក់នៅឡើយ។ យើងក៏បានប្រឹងប្រែងសាជាថ្មីម្តងទៀត ដោយចាប់ផ្តើមពីតំបន់ឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ដែលពូត្រូវអនុវត្តនូវនយោបាយឈ្នះឈ្នះលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺ នេះ កែវ ពង្ស មេខ្មែរក្រហម ឥឡូវពាក់ផ្កាយ ៤ ពេលហ្នឹងដឹកនាំកងពលលេខ ១៨ ដែលធ្វើសកម្មភាពនៅទិសខាងលិចនេះ តភ្ជាប់តាំងពីឱរ៉ាល់ទៅតាកែនកោះស្លា ភ្ជាប់ទៅតាកែវ កំពត ភ្ជាប់ទៅដល់ទល់ដែនថៃ។

នយោយឈ្នះឈ្នះនេះ បានប្រែក្លាយខេត្តកំពង់ស្ពឺ ទៅជាខេត្តពេញដោយរោងចក្រ សហគ្រាស

… តាមរយៈនយោបាយឈ្នះឈ្នះនេះ អនុញ្ញាតអោយយើងឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ខ្លួន ហើយតាំងពីពេលនោះមកយើងចាប់ផ្តើមអនុវត្តជាជំហានៗ។ តើក្មួយៗ អ្នកទាំងឡាយអាច ប្រ​មើលមើលបានទេថា កំពង់ស្ពឺអាចមានរោងចក្រ គ្រឹះស្ថាន សហគ្រាស ទៅដល់ ២២៨ ដែលមានកម្មករជាង ១០ ម៉ឺននាក់ ហើយដែលប្រាក់បៀវត្សនៅក្នុងមួយឆ្នាំធ្លាក់ចូលតែទឹកដីខេត្តកំពង់ស្ពឺ ២៤៧ លានដុល្លារ ជិត ២៥០ លានដុល្លារសហរដ្ឋអាមេរិក។ នេះជាចំនួនមួយដែលពិបាកជឿនៅក្នុងអតីតកាល។ ប៉ុន្តែឥឡូវនេះ រវាងទីក្រងភ្នំពេញផ្សារភ្ជាប់ជាមួយទីរួមខេត្តកំពង់ស្ពឺ​ ពោរពេញទៅដោយរោងចក្រ ហើយភាគច្រើនតាំងទីលំនៅនៅក្នុង​ស្រុកសំរោងទងរបស់យើងនេះ។

ជានិច្ចជាកាល អ្នកស្រុកសំរោងទងបោះឆ្នោតក្នុងអត្រាខ្ពស់ អោយគណបក្សប្រជាជន

ខ្ញុំពិតជាមានការអរគុណជាមួយនឹងអ្នកស្រុកសំរោងទងរបស់យើងនេះ។ អដ្ឋិធាតុរបស់ម្តាយធំ របស់បងជី​ដូនមួយ របស់ក្មួយ បានទុកនៅវត្តក្តីល្វា នៅក្នុងស្រុកសំរោងទងនេះ … ម្តាយរបស់ពូ បានកសាងព្រះវិហារនៅវត្តក្តីល្វា ហើយកសាងវិទ្យាល័យនៅក្តីល្វានេះ។ នៅសំរោងទង វិទ្យាល័យរបស់ខ្ញុំដូចជាមានបី៖ វិទ្យាល័យចំបក់មួយ និងវិទ្យាល័យក្តីល្វាមួយ វិទ្យាល័យរលាំងឈូកមួយ ។ អ្នកស្រុកសំរោងទងនេះជានិច្ចជាកាលបោះឆ្នោតអោយគណបក្សប្រជាជនមានអត្រាខ្ពស់ណាស់ … មុននេះ ជួនកាលក្នុងការបង្អាប់គ្នា គេជេរថា ពួកអាកំពង់ស្ពឺ (សំ​ដៅ)កាលពីមុន ដោយសារអ្នកកំពង់ស្ពឺរបស់យើងក្រីក្រ។ ឥឡូវ អ្នកកំពង់ស្ពឺមិនមែនក្រដូចពេលមុនទេ អម្បាញ់​មិញក៏ជួបបវរកញ្ញាវាយនភ័ណ្ឌ មិញដូចថើបពូមួយខ្សឺតដែរ។ ប្រុសស្អាតស្រីស្អាតផ្នែកវាយនភ័ណ្ឌ បានជាប់លេខមួយឆ្នាំនេះនៅកំពង់ស្ពឺ ពូលើកទឹកចិត្តអោយមានការប្រឡងនៅក្នុងក្របខណ្ឌ នៃផ្នែកវាយនភ័ណ្ឌ។

លើកទឹកចិត្តអោយកម្មការិនីរើសប្តី

ឥឡូវ គេមានពាក្យអញ្ចេះ នារីកាត់ដេរឥឡូវរើសប្តីណាស់។ ពូលើកទឹកចិត្តអោយក្មួយរើសប្តីតទៅទៀត។ មិនមែននិយាយអញ្ចឹងបានសេចក្តីថា អោយក្មួយមានការរើសអើងទេ ក៏ប៉ុន្តែពាក្យខ្មែរគេថា ធ្វើស្រែអោយមើលស្មៅ ទុកដាក់កូនចៅ អោយមើលផៅសណ្តាន។ យើងយកធ្វើអីប្រសិនអ្នកខ្លះផឹកអួទីនួ ជក់គ្រឿងញៀន រួចហើយមកវាយយើងនៅផ្ទះ ដែលយើងខំធ្វើការ … ឧទា​ហរណ៍៖ ថ្ងៃមុន មានក្មួយម្នាក់នោះដែលជាគ្រូបង្រៀន ប្រុងទៅលោតទឹកពីលើស្ពានជ្រោយចង្វារ បណ្តាលមកពីទំនាស់ក្នុងគ្រួសាររវាងម្តាយជាមួយកូនស្អីៗហ្នឹង។ ទិដ្ឋភាពហ្នឹងវាមិនមែនឆ្លុះបញ្ចាំងពីទិដ្ឋភាពរួមនៅក្នុងសង្គមនោះទេ ជារឿងដាច់ដោយឡែក ហើយអារឿងពោតប្រល័យលោកហ្នឹង ក៏វាជារឿងតូចមែនទែន ល្អិតមែនទែន បើប្រៀបធៀបមនុស្សជិត ១៦ លាននាក់ មានមនុស្សតែពីរនាក់កើតឡើងរឿងហ្នឹង ហើយធ្វើអោយផ្អើល Facebook ទៅ ទាល់តែស្រែកមួយវ៉ាវទៅទើបនាំគ្នាស្ងាត់។

កំណើនសេដ្ឋកិច្ច ៧% អត្រាភាពក្រីក្រនៅត្រឹម ៩%

រឿងការអភិវឌ្ឍ(ប្រទេស)របស់យើង ចាប់ផ្តើមពេញដៃពេញជើងចាប់តាំងពីឆ្នាំ ១៩៩៨ មកដល់ពេលនេះទើបនឹងមានរយៈពេល ២០ ឆ្នាំ។ យើងធ្វើអោយអត្រានៃភាពក្រីក្រដែលមុននេះគ្របដណ្តប់មកដល់ឆ្នាំខ្ទង់ ១៩៩០ ប្លាយជាងហើយ គ្របដណ្តប់ទៅដល់ ៥៤% នៃអត្រានៃភាពក្រីក្រ ប៉ុន្តែឥឡូវនេះយើងបានទម្លាក់អត្រានៃភាពក្រីក្រនៅក្នុងប្រទេសរបស់យើងមកនៅម្តុំ ៩% តែប៉ុណ្ណោះ។ កាលដែលយើងធ្វើអង្កេតនៅឆ្នាំ ២០១៤ វាមាននៅសល់ ១៣% ប៉ុន្តែ ៤ ឆ្នាំក្រោយ យើងអត់បានធ្វើអង្កេតទេ។ ត្រូវធ្វើអង្កេតនៅឆ្នាំ ២០១៨ ប៉ុន្តែដោយសារឆ្នាំ ២០១៨ នេះយើងត្រូវធ្វើការបោះឆ្នោត ដូច្នេះយើងត្រូវលើកការធ្វើអង្កេតនេះទៅឆ្នាំក្រោយវិញ។ ប៉ុន្តែយោងទៅតាមកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ អត្រានៃភាពក្រីក្រធ្លាក់ជាង ១% ក្នុងមួយឆ្នាំ។

មិនចាំបាច់ទៅសម្លឹងអ្នកណាទេ សម្លឹងជុំវិញខ្លួន ក្រុមគ្រួសាររបស់ក្មួយម្នាក់ៗ អាចយល់បានហើយនៅត្រង់ថា តើកាលពីចាប់ផ្តើមដំបូងយើងមានអី? ឥឡូវយើងមានអី? ប្រៀបធៀបប៉ុណ្ណេះអាចជាការគ្រប់គ្រាន់ កុំអោយថាពិបាកទៅប្រៀបធៀបទៅឯណា។ ប្រៀបធៀបទៅនឹងជីវភាពគ្រួសាររបស់ខ្លួន ជីដូនជីតា ឪពុកម្តាយ និងមកដល់ក្មួយៗនេះ ពេលមុនមានអ្វីខ្លះ ហើយពេលនេះមានអ្វីខ្លះ ពេលនោះអាចដឹង។ មានអ្នកខ្លះពោលពាក្យថា ធ្វើទៅកាន់តែក្រទៅៗ​ … គ្មានអ្នកណាក្រលើសពីជំនាន់ ប៉ុល ពត ទៀតទេ។ ជំនាន់ ប៉ុល ពត ក្មួយអ្ហើយ! តិចថាស្លៀកពណ៌អីអញ្ចឹងមក ហើយដូចក្មួយៗសិល្បៈតិចថាស្លៀកធុនហ្នឹងមក អាពត វាយចោលទាំងអស់ហ្នឹង អត់ស្លៀកអញ្ចឹងបានទេ។ ប៉ុន្តែ ឥឡូវក្មួយមានគ្រប់បែបយ៉ាងឬអត់?

ពីប្រទេសក្រីក្រ មកចំណូលមធ្យមកម្រិតទាប និងឆ្ពោះតម្រង់ទៅចំណូលមធ្យមកម្រិតខ្ពស់

ដែលពូនិយាយថា ដល់ទៅឃើញក្មួយៗសប្បាយ គេមានឱកាសការងារ គេមានពេលវេលាដើរលេង គេដើរកម្សាន្ត គេរៀនសូត្រ គេមានការជ្រើសរើស ទៅខាងនេះទៅខាងនោះ ពូនឹកឃើញសម័យដើមអត់មានការជ្រើសរើសអីទាំងអស់ គឺយើងក្លាយទៅជាចំណាប់ខ្មាំងនៃសង្គ្រាមទៅហើយ។ បើនៅខាងតំបន់ លន់ នល់ កាន់កាប់ ត្រូវទៅធ្វើទាហាន​ត្រូវបម្រើ លន់ នល់ បើនៅខាងរំដោះ ត្រូវទៅធ្វើកងទ័ពរំដោះតែប៉ុណ្ណឹង។ អត់មានផ្លូវទី ៣ ជ្រើសរើសទេក្មួយ។ ប៉ុន្តែ ឥឡូវនេះយើងបានខិតខំរំដោះខ្លួនពីប្រទេសមួយ ដែលគេហៅថាប្រទេសក្រីក្រតោកយ៉ាក អោយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមានចក្ខុវិស័យតម្រង់ឆ្ពោះទៅរកប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ដែលយើងយល់ថាអាចធ្វើបាន។ នាយករដ្ឋមន្រ្តី អាបេ របស់ជប៉ុនបាននិយាយជាមួយពូក្នុងពេលទស្សនកិច្ច កាលពីឆ្នាំទៅថា ជប៉ុននឹងខិតខំជួយកម្ពុជាដើម្បីសម្រេចនូវចក្ខុវិស័យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ប្រធានាធិបតីចិន ស៊ី ជីងភីង ក៏ដូចជានាយករដ្ឋមន្រ្តីចិន លី ខឺឈាង របស់ចិន ក៏បាននិយាយច្រើនលើកច្រើនសាគាំទ្រកម្ពុជាហក់ឡើងនៅក្នុងការអភិ​វឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន។

កំពង់ស្ពឺ ផ្តល់អគ្គិសនីទៅក្រុងភ្នំពេញ, នាំចេញស្រូវ សំលៀកបំពាក់ ស្បែកជើង និងសម្ភារៈដទៃទៀត

… និយាយតែរឿងខេត្តកំពង់ស្ពឺ មុននេះ តើមានមនុស្សប៉ុន្មាននាក់ទៅស្រមៃថា មានរោងចក្រដល់រយយ៉ាងដូច្នេះ? មានកម្មករដល់រាប់ម៉ឺននាក់យ៉ាងដូច្នេះ? មានតិចណា ហើយកំពង់ស្ពឺក៏ជាតំបន់ផ្តល់ប្រភពទឹកសម្រាប់ប្រព័ន្ធស្រោចស្រពនៅផ្នែកខាងក្រោម។ ពិតមែនហើយ កំពង់ស្ពឺពេលខ្លះ ជាប្រព័ន្ធស្រោចស្រពនៅផ្នែកខាងក្រោម តែពេលខ្លះក៏ជាប្រភពទឹកជំនន់ ទៅផ្នែកខាងក្រោមដូចឆ្នាំនេះ វាបុកចូលភ្នំពេញ វាបុកចូលខេត្តកណ្តាលត្រូវទម្លាក់វាទៅបឹងជើងលោង ធ្លាក់ទៅខេត្តតាកែវ។ កំពង់ស្ពឺក៏ជាផ្នែកដែលផ្តល់អគ្គិសនីចូលទៅទីក្រុងភ្នំពេញតាមរយៈវារីអគ្គិសនីគិរីរម្យទី ១ និងទី ៣ ហើយកំពង់ស្ពឺ ដែលមុននេះជាខេត្តដែលខ្វះស្រូវទទួលទាន តែឥឡូវជាខេត្តដែលសល់ស្រូវ ដែលគេវិនិយោគ ហើយមានការទិញស្រូវចេញពីខេត្តកំពង់ស្ពឺ ដើម្បីធ្វើការនាំចេញទៅបរទេស ជាខេត្តនាំចេញសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈដទៃទៀត ដែលផលិតក្នុងខេត្តកំពង់ស្ពឺដែលនាំចេញទៅបរទេស។

ហ៊ុន ម៉ានី កូនប្រុសពៅ តំណាងរាស្រ្តកំពង់ស្ពឺ

នេះគឺជាចំណុចដែលមិនមែនយើង គឺគ្រាន់តែគេហៅថាការប៉ាន់ស្មាន ដែលពិបាកប៉ាន់ស្មានក្នុងគ្រាមុន ព្រោះពេលដែលចូលមកដល់ទីក្រុងភ្នំពេញ ក្មួយអើយ! មិនមែនភ្នំពេញបច្ចុប្បន្នទេណា ពូត្រូវបាត់បង់កូនមួយបន្ថែមទៀត បន្ទាប់ពីបាត់បង់កូនមួយនៅសម័យ ប៉ុល ពត។ ដែលពូមានបទចម្រៀង ហើយថ្ងៃនេះប្រហែលជា ម៉េង កែវពេជ្ជតា ដែលជាម្ចាស់ចម្រៀង ទុក្ខស្រីប្តីព្រាត់ នឹងច្រៀងនូវបទនោះ។ ក្រៅពីកូនមួយស្លាប់ហើយ កូនមួយចាប់កំណើត ពូត្រូវ​ចាកចោលប្រពន្ធ ដើម្បីដឹកនាំចលនាតស៊ូ ក្នុងវ័យតែ ២៥ ឆ្នាំ តែប៉ុណ្ណោះ … មួយនេះកូនពៅ តែក្បាលទំពែក ជាតំណាងរាស្រ្ត។ អរគុណដែលគាំទ្រតំណាងរាស្រ្ត ហ៊ុន ម៉ានី។ មានការអីក្មួយៗខេត្តកំពង់ស្ពឺ រត់រក ហ៊ុន ម៉ានី កុំឲ្យរួចខ្លួន​ ព្រោះបោះឆ្នោតឲ្យគាត់ … នេះជាកូនប្រុសពៅ ប៉ុន្តែមិនមែនពៅ មានស្រីពៅ។ មាន ប្រុសពៅ …។

កូនប្រុសហៅឪពុកថា ពូ ២ ខែ, បាត់បង់កូនមួយទៀត ដោយសារធ្វេសប្រហែស

ប៉ុន្តែ កូនច្បងរបស់ពូ ហៅពូ ២ ខែ អត់ហៅឪពុកទេ ហៅ(ថា)ពូ ២ ខែ។ អារម្មណ៍របស់យើងគិតយ៉ាងម៉េច នៅពេលដែលជួបកូនចង់ស្រវាឱបកូន ប៉ុន្តែកូនរុញដៃចេញ? ២ ខែ ទើបហៅឪពុក។ អញ្ចឹងរឿងនេះ តើមានមនុស្សប៉ុន្មានអ្នកនៅលើលោកនេះ  មេដឹកនាំនៅលើលោកនេះដែលមានភ័ព្វវាសនាដូចជាពូ។ អាចថាមាន ប៉ុន្តែមានមិនច្រើនទេ។ ជាភ័ព្វសំណាងរបស់ពូហើយ បើប្រៀបធៀបជា ្តកំពង់ស្ពឺ ំាន្ធប្រឡាួលមធ្យមកម្រិតខ្ពស់ផងមួយនឹងអ្នកដទៃដែលស្លាប់ ត្រូវបានម្តាយ​ស្លាប់ ឪពុកស្លាប់ជំនាន់ ប៉ុល ពត មិនទាំងបានស្គាល់មុខផង។ នៅក្នុងនោះមានមិនតិចទេ នៅក្នុងចំណោមនេះ ដែលមានឪពុកម្តាយស្លាប់ជំនាន់ ប៉ុល ពត ដែលមិនបានស្គាល់មុខម្តាយច្បាស់ ដោយសារខ្លួននៅក្មេងពេក។ ប៉ុន្តែ សម្រាប់ជីវិតរបស់ខ្លួន វាគ្រប់គ្រាន់ណាស់ទៅហើយ អស់កូនមួយហើយ កូនមួយទៀតចាប់ផ្ទៃ ត្រូវបែកអត់បាននៅមើលថែទាំប្រពន្ធទេ​ ដល់ប្រពន្ធជួប រឿងដែលគួរឲ្យកំសត់បំផុត នៅត្រង់ថា យកស្ករគ្រាប់ឲ្យកូន កូនអត់ស្គាល់ស្ករគ្រាប់ … នឹកខ្លួនឯងនិយាយថា ជំនាន់ ប៉ុល ពត វាយកប្រពន្ធពូទៅលើកភ្លឺស្រែ បំបែកពីពូ។ ដល់ជួបគ្នា សម័យជួបគ្នា បែរជាកូនខ្លួនឯងវារារាំងយើងទៅវិញ។ ២ ខែក្រោយ បានវាសុខចិត្តហៅពុក ដល់ហៅពុកបន្ទាប់ពីហ្នឹង មានផ្ទៃពោះកូនមួយទៀត បែរជាទៅរលូតកូនដោយសារអី? ដោយសារមីង ​ទៅយួរទឹកខ្លួនឯង។ នេះជាការខ្វះខាតរបស់ពូ។ ពេលនោះមិនមែនមានទឹកម៉ាស៊ីនដូចរាល់ថ្ងៃទេ។ សម្តេច ហេង សំរិន នៅផ្ទះក្បែរគាត់ជាប្រធានរដ្ឋផង​ និងនាយករដ្ឋមន្រ្តីផងកាលពីពេលនោះ។ ពូធ្វើរដ្ឋមន្រ្តីការបរទេសជាប់ផ្ទះរបស់គាត់។ ព្រ​លឹមឡើងទាំងអស់គ្នាសុទ្ធតែទៅដង/អូសទឹកពីមាត់ទន្លេយកមកចាក់នៅក្នុងពាងនៅខាងក្រោម រួចហើយបានយើងលើកពីពាង យួរប៉ោតទៅចាក់។ ពេលមួយពូភ្លេចយកទឹកទៅបំពេញពាងមួយនៅខាងលើ ប្រពន្ធរបស់ពូបានប្រើប្រាស់យួរទឹកឡើងលើរហូតដល់រលូតកូន។

យើងត្រូវចេះថែទាំជោគជ័យ គឺការរក្សាសន្តិភាព និងការអភិវឌ្ឍ

ពេលនោះពូនឹកគិតមិនដល់ថា តើកសាងប្រទេសរបៀបណាទៅ បើនៅមុខផ្ទះរបស់ខ្លួនសួនច្បារវិមានឯករាជ្យបច្ចុប្បន្ន ពេលនោះសុទ្ធតែដើមដូង កន្ទ្រាំងខេត្ត និងស្បូវ អត់មានបច្ចុប្បន្នសុទ្ធតែផ្កា មានចាក់ការីឡា ប្រជាជនដើរលេងហាត់ប្រាណ ពេញតែទីក្រុងនោះទេ។ ទីក្រុងទាំងអស់សូម្បីតែជុំវិញផ្សារថ្មី ដូងមានផ្លែហើយ។ ដូងទាបៗ​នៅជុំវិញផ្សារថ្មី។ ប៉ុន្តែ ជោគជ័យដែលយើងបានមកដោយការលំបាក វាក៏ជាជោគជ័យ ដែលជាមោទនភាពរបស់យើង ហើយក៏ជាជោគជ័យដែលយើងត្រូវចេះថែទាំ គឺការរក្សាសន្តិភាព និងការអភិវឌ្ឍដែលយើងរកបានដោយលំបាកនេះ។ យើងបានសម្រេចបំណង ហើយនៅពេលនេះ គឺតាមរយៈការឈ្នះឆ្នោតរបស់គណបក្សប្រ​ជា​ជនកម្ពុជា។ ៥ ឆ្នាំ ទៅខាងមុខ ត្រូវបន្តការខិតខំ ដូចអ្វីដែលយើងបានដាក់ចេញ។

យន្តការត្រីភាគីធ្វើការចរចាបន្តតម្លើងប្រាក់បៀវត្សកម្មករ/កម្មការិនី

អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង បាននិយាយហើយ ខែ ៨ ចាប់ផ្តើម ចរចាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករបន្តទៀត។ ពូមិនចាំបាច់រំលឹកឡើងវិញទេ។ ថ្ងៃមុនពូរំលឹកចំណុច ១០ យ៉ាង ដែលត្រូវតាមដាន ប៉ុន្តែ ពូគ្រាន់តែបញ្ជាក់ថា ប្រាក់ខែ ប្រាក់បៀវត្សដែលឆ្នាំទៅ ១៥៣ ដុល្លារ ឆ្នាំនេះ ១៧០ ដុល្លារ វាមិននៅត្រឹម ១៧០ ទេ ឆ្នាំ ២០១៩ នឹងត្រូវឡើង។ ប៉ុន្តែឡើងប៉ុន្មានទុកឱកាសសម្រាប់ឲ្យយន្តការត្រីភាគីធ្វើការចរចាបន្តទៀត។ យើង​​មិនទាន់ស្កប់ស្កល់ទេ។ យើងត្រូវបន្ត ដើម្បីឆ្លើយតបជាមួយនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាជនយើង​។ ថ្ងៃនេះ អរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ដែលអនុញ្ញាតឲ្យក្មួយៗកម្មករ/ការិនី បានមកជួបសំ​ណេះសំណាលជាមួយពូ ហើយក៏អរគុណផងដែរចំពោះម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យក្មួយទាំងអស់ បានឈប់សម្រាកល្ងាចនេះ ដោយមានប្រាក់បៀវត្សពេញលេញ …។

មន្រ្តី កម្លាំងប្រដាប់អាវុធ ត្រូវខិតខំបម្រើប្រជាជនឲ្យបានល្អបំផុត នៅអាណត្តិថ្មីនេះ

យើងទាំងអស់គ្នា ត្រូវបន្តការខិតខំ។ ឥឡូវនេះ បន្ទុករ​បស់គណបក្សប្រជាជនកម្ពុជា គឺកាន់តែខ្លាំង កាន់តែច្រើន ព្រោះប្រជាពលរដ្ឋបានផ្តល់ជំនឿទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជារួចស្រេចទៅហើយ។ ដូច្នេះរឿងដែលនៅសេសសល់ គឺការខិតខំដោះស្រាយការងារជាបន្តនៅក្នុងដំណើរការអភិវឌ្ឍ​។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើឲ្យបានល្អបំផុត សម្រាប់បម្រើប្រជាពលរដ្ឋ។ អាណត្តិថ្មីនេះ ជាអាណត្តិនៃការខិតខំធ្វើកំណែទម្រង់ទាំងអស់ ដើម្បីធ្វើឲ្យជីវភាពប្រជាជនរបស់យើងកាន់តែប្រសើរ ដើម្បីសេចក្តីសុខរបស់ប្រជាជនរបស់យើង។ មុន​នេះ ពូបានស្នើសុំឲ្យចូលរួមរក្សាសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ ឥឡូវបានដូចបំណងហើយ តែមិនត្រូវភ្លេចខ្លួនទេថា សន្តិភាពគឺត្រូវតែបន្តថែរក្សា មិនអាចគ្រាន់ត្រឹមតែ ហ៊ុន សែន ម្នាក់ ឬក៏ថ្នាក់ដឹកនាំនៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាលតែប៉ុន្មាននាក់ វាគ្រប់គ្រាន់ទេ។ (ការងារនេះ)ត្រូវការការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីរក្សានូវសន្តិសុខ សន្តិភាព ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់សង្គម។

ថៅកែរោងចក្រ និងកម្មករ សាមគ្គីគ្នា បំពេញឲ្យគ្នាទៅវិញទៅមក

ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះភាគីពាក់ព័ន្ធទាំងអស់ ក្នុងហ្នឹងមានម្ចាស់រោងចក្រ មានអ្នកគ្រប់គ្រងបន្តបន្ទាប់ជាមួយនឹងកម្មករ/ការិនី ធ្វើការសាមគ្គីភាពជាមួយគ្នា ហើយបំពេញឲ្យគ្នាទៅវិញទៅមក។ ខិតខំដោះស្រាយបញ្ហាទាំងឡាយដែលកើតមាន ជៀសវាងនូវបញ្ហាទាំងឡាយដែលបង្កើតឡើងនូវបញ្ហា។ ថៅកែត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករ ដែលខ្ញុំបានអំពាវនាវជាបន្តបន្ទាប់ គ្រប់ទីកន្លែងទាំងអស់ដែលមិនទាន់មានគិលានដ្ឋាន ត្រូវធ្វើឲ្យមានគិលានដ្ឋាននៅតាមរោងចក្រ។ មិនទាន់មានកន្លែងទទួលទានអាហារនៅក្នុងរោងចក្រ ត្រូវខិតខំបង្កើតឲ្យមានកន្លែងទទួលទានអាហារនៅក្នុងរោងចក្រ។ ត្រូវខិតខំកែលម្អបរិស្ថាននៅក្នុងរោងចក្រ ដើម្បីបញ្ចប់នូវការដួលសន្លប់របស់កម្មករ/ការិនីរបស់យើង។

ត្រូវធានាសុវត្ថិភាពចំពោះកម្មករ ទាំងក្នុងការងារនៅក្នុងរោងចក្រ និងតាមការដឹកជញ្ជូនផងដែរ ដែលពូសុំយកឱកាសនេះអំពាវនាវចំពោះអ្នកបងប្អូន កូនក្មួយដែលធ្វើការដឹកជញ្ជូនកម្មករ យកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់កម្មករ មិនត្រូវឲ្យមានការធ្វេសប្រហែសណាមួយ ចំពោះរថយន្តក្នុងការដឹកកម្មករ ដែលដឹកពីផ្ទះមកធ្វើការ ហើយដឹកពីធ្វើការទៅកាន់ផ្ទះសំបែងនោះទេ។ វាជាតម្រូវការរបស់យើងទាំងអស់គ្នា ក្មួយៗជាកម្មករ/ការិនី នៅពេលដែលថៅកែរោងចក្រផ្តល់ការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់កម្មករ/ការិនី កម្មករ/ការិនីក៏បានខិតខំធ្វើការត្រឡប់ទៅវិញ ហើយផលចំណេញទាំងឡាយក៏នឹងបានទៅលើម្ចាស់រោងចក្រផង ហើយក៏បានត្រឡប់មកវិញតាមរយៈការតម្លើងប្រាក់បៀវត្ស និងប្រាក់អត្ថប្រយោជន៍ដទៃទៀត ឲ្យកម្មករ/ការិនីរបស់យើង។

ធ្វើឲ្យរោងចក្រក្លាយជាសហគមន៍សុខសាន្តមួយ

យើងត្រូវខិតខំធ្វើឲ្យរោងចក្រទាំងអស់ រោងចក្រមួយក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ មិនត្រូវឲ្យមានបងតូច បងធំ នៅក្នុងរោងចក្រ មិនត្រូវឲ្យមានក្រុមបំពានគ្រឿងញៀននៅក្នុងរោងចក្រ ហើយត្រូវសាមគ្គីភាពគ្នា ជួយដាស់តឿនគ្នា កុំឲ្យប្រព្រឹត្តនូវអំពើណាដែលវាខុសច្បាប់ ហើយកុំឲ្យប្រព្រឹត្តនូវអំពើដែលវានាំមកនូវការវិនាសអន្តរាយ រាប់ទាំងបញ្ហាទាក់ទងនឹងការឆ្លងរាលដាលអំពីជំងឺអេដស៍ផងដែរ។ ពូសុំអំពាវនាវសម្រាប់ នេះជាផលប្រយោជន៍ពិតប្រាកដរបស់កម្មកររបស់យើងក្នុងទំនាក់ទំនង ដែលត្រូវធ្វើជាមួយម្ចាស់រោងចក្រជាមួយនឹងកម្មករ។ ម្ចាស់រោងចក្រក៏ត្រូវដឹងខ្លួនថា បើយើងមានតែរោងចក្រអត់កម្មករ មិនមែនជាថៅកែរោងចក្រទេ ជាថៅកែឃ្លាំង ឯកម្មករបើសិនជាអត់មានម្ចាស់រោងចក្របង្កើតនូវរោងចក្រ គឺក្មួយពិតជាកំពុងធ្វើកសិ​កម្មជាមួយនឹងឪពុកម្តាយហើយ។ តែឥឡូវនេះឪពុកម្តាយ ក្រុមគ្រួសាររបស់ក្មួយៗធ្វើកសិករ ឯក្មួយធ្វើក្នុងវិស័យឧស្សាហកម្ម។ ឪពុកម្តាយរបស់ក្មួយៗធ្វើក្នុងវិស័យកសិកម្ម ក្មួយៗធ្វើក្នុងវិស័យឧស្សាហកម្ម ហើយចំណូលទាំង ២ នេះ វាបង្កើនទៅជាប្រភពចំណូលដ៏ធំនៅក្នុងគ្រួសារ។

បង្កើនចំនួនរោងចក្រ ក្នុងឆ្នាំ ២០១៨

យើងត្រូវបន្តការខិតខំ ដើម្បីឲ្យមានវត្តមានរោងចក្រ មិនគ្រាន់តែប៉ុណ្ណឹងទេ ត្រូវពង្រីករោងចក្របន្ថែមទៀត ដែលក្នុងរយៈពេល ៦ ខែ កន្លងទៅនេះ រោងចក្រជាច្រើនក៏ត្រូវបានកើតឡើង។ កម្ម​ករជាង ១០ ម៉ឺននាក់ត្រូវបានបង្កើតបន្ថែមទៀត សម្រាប់ឆ្នាំ ២០១៨ នេះ … ជាទូទៅ នៅលើលោកនេះ គ្មានអ្នកណាដេកផ្ទះឈ្នះឯងនោះទេ ហើយក៏គ្មានអ្នកណាដេកផ្ទះហើយ បែរជាមានអីមកស៊ីទេ … វាមិនដែលអ្នកណាដេកផ្ទះហើយ បែរជាមានស្អីមកហោះឲ្យស៊ីទេ។ មិនមែនរឿងទិព្វសូដាច័ន្ទទេណា ដែលចេះជប់ស្អីយកមកឲ្យស៊ី … នៅលើលោកនេះ វាគ្មានស្អីដែលស្កប់ស្កល់ទេ សូម្បីតែអ្នកមានជាងគេ អ្នក​មានលេខមួយ Bill Gate ជនជាតិអាមេរិក, iPhone … ប៉ុន្តែម្នាក់ហ្នឹងមានបានបញ្ឈប់រកប្រាក់ចំណេញឯណា? មួយថ្ងៃៗមិនដឹងចំណេញប៉ុន្មាន? លុយវាមិនចេះស្កប់ទេ មានប៉ុន្មានក៏វានៅតែជាតម្រូវការរបស់មនុស្សដែរ …។

ធនាគារគាំទ្រ ផ្តល់ទុន សម្រាប់សហគ្រាសធុនតូច និងមធ្យម ផលិតទំនិញយកវត្ថុធាតុដើមពីកសិករ

ដូច្នេះ យើងត្រូវបន្តការខិតខំ មិនត្រូវឲ្យថៅកែរោងចក្រ បង្កើនប្រាក់បៀវត្ស ដោយយើងមិនបានខិតខំធ្វើការនោះទេ យើងត្រូវខិតខំទាំងអស់គ្នា។ មិនមែនគ្រាន់តែវិស័យកសិកម្ម វិស័យឧស្សាហកម្មមួយមុខទេ គ្រប់វិស័យទាំងអស់ដែលយើងត្រូវធ្វើ ក្នុងហ្នឹងក៏សុំបញ្ជាក់ជូនថា ធនាគារ (ដែលបង្កើតសំរាប់)គាំទ្រ និងផ្តល់ទុនដល់សហគ្រាសធុនតូច និងមធ្យម ជិតចេញជាផ្លូវការហើយ ដែលមានដើមទុនដំបូង ១០០ លានដុល្លារសហរដ្ឋអាមេរិក … ដែលសហគ្រាសធុនតូច និងមធ្យមនោះ ផ្តោតការយកចិត្តទុកដាក់ផលិតនូវទំនិញណា ដែលទាក់ទងនឹងវត្ថុធាតុដើមរបស់កសិករយើង។ ខេត្តកំពង់ស្ពឺនេះ មានផលិតផលក្នុងស្រុកច្រើនណាស់យកទៅតាំងនឹងគេ ដែលយើងទៅមើលពិព័រណ៍ គឺកំពង់ស្ពឺមានច្រើន មានតាំងពីស្រាត្នោត។ រាល់ការទទួលភ្ញៀវ ពេលដែលលើក Champagne ពូមិនប្រើ Champagne របស់បារាំង ឬ Champagne អ៊ីតាលីយកមកទទួលភ្ញៀវទេ យក Champagne អ្នកកំពង់ស្ពឺមកទទួលភ្ញៀវ រួចហើយលើកជល់កែវជាមួយគេ យកដបឲ្យគេមើល ថានេះជា Champagne របស់កម្ពុជា ស្រារប​ស់កម្ពុជា … ជួនកាលគេផឹកត្រូវចិត្ត គេសុំថែម អស់មួយកែវហើយ មួយកែវទៀត ទាល់តែក្រហមមុខអញ្ចឹងដែរ។ ហើយយើងចេះតែជូនតាមសំណើទៅបាន យើងនឹងផ្តល់នូវការកែច្នៃ។

ជម្រុញអភិវឌ្ឍវិស័យកសិកម្ម ជម្រុញផលិតស្បៀង និងនាំអង្ករចេញ

ឥឡូវនេះ យើងមានទាំងស្រាទំពាំងបាយជូរទៀត បាត់ដំបង។ អត្ដសញ្ញាណ​ភូមិសាស្ដ្រ ស្ករត្នោត ខេត្ត​កំពង់​ស្ពឺ ប៉ុន្ដែត្នោតមាននៅគ្រប់កន្លែង ប៉ុន្ដែមិនបានសេចក្តីថាមានតែ​ស្ករត្នោតទេ​ នៅកំពង់ស្ពឺមានផលិតផលច្រើន​ទៀត ដែលទាក់ទងនឹងសិប្បកម្ម ទាក់ទងនឹងការកែច្នៃក្នុងស្រុក​របស់យើង។ យើងកំពុងវិនិយោគ​យ៉ាងសន្ធឹក​សន្ធាប់នៅក្នុងក្របខណ្ឌទូទាំងប្រទេស អំពីការកែច្នៃទៅការ​បំពាក់ម៉ាស៊ីនកិនស្រូវ ទៅលើឡសម្ងួត ទៅលើឃ្លាំង ដើម្បី​ប្រមូលទិញស្រូវរបស់កសិកររបស់យើង ព្រោះនៅពេល​ដែលជម្រុញអភិវឌ្ឍ​វិស័យកសិកម្ម ដែល​ជា​ក្របខណ្ឌគោលនយោបាយ ជម្រុញផលិតស្បៀង និង​ការនាំចេញ​អង្ករ យើងទទួលជោគជ័យពីប្រទេស ដែល​ខ្វះខាតស្បៀង ទៅជាប្រទេសដែលសល់ស្បៀង សល់ស្រូវ ជាង ៥ លាន​តោន ក៏ប៉ុន្ដែយើងនាំចេញ​ខ្លួនឯង​ដោយការកិនតិចណាស់។ ដោយសារល្បឿននៃការផលិតរបស់កសិករ​​យើងបានទៅលឿនជាងការវិនិយោគ​ក្នុងការកែច្នៃ។ ឥឡូវ យើងដាក់លុយរាប់រយលានដុល្លានៅតាម​ភូមិសាស្រ្ដនានា ទៅលើរោងចក្រកិន កែច្នៃអង្ករ ដែលវាបន្សល់ទុកឲ្យយើងនៅកន្ទក់ ចុងអង្ករ អង្កាម ដែលវា​ផ្ដល់តម្លៃបន្ថែម សម្រាប់ការចិញ្ចឹមសត្វ និងប្រើប្រាស់ដទៃ និងការងារធ្វើរបស់ប្រជាពលរដ្ឋរបស់យើង​ ជាជាង​ការនាំស្រូវចេញ។

កែច្នៃវត្ថុធាតុដើមកសិកម្ម ជាផលិតផលសម្រេចប្រើប្រាស់ជំនួសការនាំចូល និងនាំចេញទៅក្រៅស្រុក

យើងកំពុងដាក់ម៉ាស៊ីន រោងចក្រកែច្នៃដំឡូង ដែលក្នុងមួយឆ្នាំៗ យើងមាន(ដំឡូង) ១៤ លាន តោន ដែលយើងត្រូវដាក់ម៉ាស៊ីន ដើម្បីកែច្នៃទៅជាម៉្សៅមី ហើយឈានទៅដល់ការច្នៃធ្វើទៅជាអ្វី ដែលជា​ផលិត​ផល​សម្រេច ដើម្បីលក់នៅក្នុងទីផ្សាររបស់យើង និងការនាំចេញ។ ដូចជាការធ្វើមីកញ្ចប់ មីរបស់យើង​ដែលហៅថា «មីយើង» បច្ចុប្បន្នមិនមែនលក់តែក្នុងស្រុកទេ បាននាំទៅដល់ប្រទេសជប៉ុន បានទៅដល់​ប្រទេសដទៃហើយ។ យើងនឹងខិតខំធ្វើការងារអស់ទាំងនេះបន្ដទៅទៀត។ យើងជម្រុញការកែច្នៃទៅលើម្រេច​របស់​យើងតាម​ភូមិ​សាស្ដ្រ​ ដែលមានម្រេចកំពត ម្រេចកំពង់ចាម ម្រេចមេមត់ កន្លែងនេះ កន្លែងនោះ។ យើងមាន​ការកែច្នៃទៅលើបញ្ហាដទៃទៀត ដូចជាទុរេន សាវម៉ាវ ទាំងអស់ហ្នឹងសុទ្ធតែជំនួសឲ្យការនាំចូល ហើយក៏អាច​នាំ​ចេញបន្ថែមបានទៀតផង។

ទាញកសិកម្មឲ្យលូតលាស់ទៅជា កសិ-ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម

នេះ មិនមែនបានសេចក្ដីថា នយោបាយឧស្សាហកម្មរបស់យើង​ បំភ្លេច​ចោល​កសិកម្ម​នោះទេ។ នយោ​បាយឧស្សាហកម្មរបស់យើង គឺចង់ធ្វើជាក្បាលម៉ាស៊ីន ដើម្បីទាញកសិកម្មឲ្យមានការ​រីក​លូតលាស់ឡើង តាមរយៈនយោបាយកសិ-ឧស្សាហកម្ម ដែលជាការតភ្ជាប់របស់យើង។ យើងដាក់​ចេញនូវកសិ-ពាណិជ្ជ​កម្ម បានសេចក្ដីថា កសិករបស់យើងមិនមែនគ្រាន់តែធ្វើចិញ្ចឹមខ្លួនទេ គឺធ្វើដើម្បីលក់​នៅ​ក្នុងប្រទេស ​ដើម្បីលក់ចេញទៅក្រៅប្រ​ទេស។ ហោចណាស់បច្ចុប្បន្ន យើងនាំចេញនៅនឹងកន្លែង ក្នុង​ពេលវេលា ដែល​យើង​មានទេសចរជាង ៥ លាននាក់។

គណបក្សប្រជាជនបានជម្រុញកសិកម្មសរីរាង្គ និងប្រព័ន្ធប្រឡាយយូរមកហើយ

… ក្នុង​យុទ្ធនា​ការ​បោះឆ្នោតនាពេលកន្លងទៅ ទោះបីថា មាន​អ្នកខ្លះគិតថា មានតែគេដែលអាចធ្វើបាននៅក្នុងរឿងនេះ។ ទោះបី​ គេ​បន្ដុះបង្អាប់​យើងយ៉ាង​ណា​ក៏ដោយ ក៏ពូលួចរៀនសូត្រពីគេ សិក្សាពីគេ។ ដូចអ្នកខ្លះ​គេថា​ ​ជម្រុញ​ការ​អភិវឌ្ឍកសិកម្មសរីរាង្គ។​ តែខ្ញុំក៏​សូមបញ្ជាក់ថា កសិកម្មសរីរាង្គមិនមែនជាគោលនយោបាយ​ដោយ​ឡែករបស់អស់លោកអ្នកទេ តែជាគោល​នយោបាយរបស់គណបក្សប្រ​ជាជន។ សូម្បីតែអង្គ​ការ​ក្រៅ​រដ្ឋា​ភិបាលខ្លះ ធ្វើកសិកម្មសរីរាង្គ បើគ្មានការ​អនុ​ញ្ញាតពីរដ្ឋាភិបាល ហ៊ុន សែន ទេ អ្នកក៏មិនអាចធ្វើបានដែរ។ អ្នកត្រូវចាំ។ រដ្ឋមន្ដ្រីកសិកម្ម​ក៏មាន​មុខនៅទីនេះដែរ។ ​មានអ្នកខ្លះគេគិតថា មានតែគេទេ ទើបអាចធ្វើរឿងនេះ​បាន តែគេភ្លេចថា ពួកគេធ្វើអង្គ​ការ​ក្រៅរដ្ឋាភិបាល ដែលគេធ្វើកសិកម្មសរីរាង្គបាន តើ​អង្គ​ការ​ក្រៅរដ្ឋាភិបាល​បរទេសមួយ ដែលអាចមកធ្វើការ​ក្នុង​ស្រុក​ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល តើអាចទៅរួចទេ? គេភ្លេចគិត​ពី​ចំណុច​នេះ គេលើកតួនាទីខ្លួនឯង តែរឿងនេះជារឿងការឃោសនាបោះឆ្នោត។

សូម​កុំភ្លេចតួនាទី​របស់​គណ​បក្ស​​ប្រជាជន តួនាទីរបស់ ហ៊ុន សែន ដែលបានដឹកនាំប្រទេសនេះ។ ជម្រុញកសិកម្មសរីរាង្គ ជម្រុញប្រព័ន្ធ​ប្រឡាយ ដែល​មុន​នេះធ្វើបានតែម្ដង​ប្រកប​ដោយការលំបាក ឥឡូវនេះ កន្លែងខ្លះផ្ទេរពីការធ្វើ(ស្រែ)ម្ដង ទៅធ្វើពីរ​ដង ឬបីដង ផ្ទេរពីតំបន់ដែលធ្វើស្រូវមិនបានផល ទៅជាតំបន់ ដែល​ធ្វើដំណាំផ្សេង ដែលបន្ដការ​បែងចែកតំបន់​ដាំដុះ។ គេបានសិក្សាអំពីដីធ្លី មិនមែនគ្រាន់តែចេះធ្វើត្រឹម អស់​លោក​ទេ។ គេមានវិស្វករ មានបញ្ញវន្ដយ៉ាងច្រើន ដែល​កំពុងធ្វើការនៅទីនេះ ហើយពិនិត្យទៅនៅឆ្នាំ ១៩៧៩ អត្រាគ្រប​ដណ្ដប់ នៃប្រព័ន្ធស្រោចស្រពមានប៉ុន្មាន ហើយ​ឥឡូវមានប៉ុន្មាន ប្រៀបធៀបទៅ។

យើងជម្រុញវិស័យទេសចរណ៍ និងសេវាក៏មានផលវិជ្ជមានដល់កសិកម្មដែរ

យើងជម្រុញវិស័យឧស្សាហកម្ម មិនមែនភ្លេចនូវការជម្រុញកសិកម្ម។ នោះវា​ជា​ចំណុចនៃទាក់ទាញ សម្រាប់​រុញឲ្យវិស័យកសិកម្មរបស់យើងរីកលូតលាស់ថែមទៀត។ យើងជម្រុញវិស័យ​ទេសចរណ៍ និងសេវាដទៃទៀត ក៏មានផ្នែកជម្រុញទៅដល់វិស័យកសិកម្មរបស់យើង។ ដូចជាកសិករ​ដាំបន្លែ​ ត្រូវបញ្ចូលទៅក្នុងសណ្ឋាគារ​ដើម្បី​ឲ្យភ្ញៀវទេសចរស៊ី។ កសិករចិញ្ចឹមមាន់ ត្រូវយកពងមាន់ ពងទា ​យកសាច់ចូលទៅក្នុង​សណ្ឋាគារ ចិញ្ចឹមជ្រូក គោ ត្រី យកចូលទៅក្នុងសណ្ឋាគារ។ នោះហើយជាទស្សនាទានរបស់ ហ៊ុន សែន គឺការ​នាំចេញនៅនឹងកន្លែង​តាមរយៈ​ការជម្រុញទេសចរណ៍។ ពូមិនបន្ដុះបង្អាប់អ្នកណាទេ តែពេលឃោសនា​បោះ​ឆ្នោត អ្នកណាក៏​ជើង​ខ្លាំងដែរ ប៉ុន្ដែ​ប្រជាជនបានធ្វើការវិនិច្ឆ័យច្បាស់ណាស់​។

ទម្លាប់ខ្មែរដែលល្អគឺការញញឹម និងសំពះ

ពូក៏បានស្ដាប់លឺដោយផ្ទាល់​ថា ​​តាកែវត្រូវដេញ​គណបក្សប្រជាជន​ចេញ​​ឲ្យផុត។ ខ្ញុំបានបញ្ជូនទៅ ប៊ិន ឈិន។   កំពង់ស្ពឺនេះ ក៏គេចង់ដេញ​គណបក្ស​ប្រជាជន​ចេញឲ្យផុតដែរ ប៉ុន្ដែប្រហែល​(អ្នក)ស្គាល់ប្រជា​ជន​កម្ពុជា​មិនទាន់ច្បាស់ទេ។ គេមិនទាន់ច្បាស់ គេមិនទាន់​ទុកចិត្ត គេមិនបោះឆ្នោតឲ្យទេ កុំឆ្ងល់ពេក។ ឃើញគេ​ញញឹមដាក់ តិចយល់ថាគេយល់ព្រម។​ នេះ​ជាទម្លាប់របស់ប្រជាជនខ្មែរយើង ហើយទម្លាប់​នេះកែមិនបានទេ​ … សូម្បីតែក្មួយៗឆ្លងទន្លេ នៅ​ពេលដែលពូចែក​មួយ​ស្រោមៗនោះណា បើគាត់មិន​ទាន់​លើក​ដៃ​សំពះទេ អត់ទាន់ទទួលយក​អាលុយហ្នឹងទេ។ នេះជាទម្លាប់​ល្អ​បំផុត​របស់ខ្មែរយើង។ អញ្ចឹងទេ ទៅជួប​ក្នុង​ក្របខណ្ឌអាស៊ាននេះ កុំថាពូចាញ់ច្រាប​អ្នកដទៃ អត់ទេ។ អ្នកណា​ដែលមានវ័យចាស់ជាងពូ ពូតែងតែ​លើក​​ដៃសំពះគេមុនចាប់ដៃគេ ក្នុងឋានៈជាខ្មែរ​។ ឥឡូវនេះ អ្នកដែលមាន​វ័យ​ចំណាស់ជាងពូក្នុងអាស៊ាន​គឺ ​មហាធា គាត់មានអាយុ ៩៣ ឆ្នាំ ដល់គាត់អាយុ ៩៣ ចូលធ្វើនាយករដ្ឋមន្ដ្រី ពូមកនៅកំលោះបណ្ដោយ ព្រោះ​គាត់ ៩៣ ឆ្នាំ មកធ្វើនាយករដ្ឋមន្ដ្រី​ គេមិនថាចាស់ផង ហើយ​ខ្ញុំ​ទើប​នឹង​មិនទាន់ដល់ ៧០ ផងហ្នឹង។

បុណ្យឯករាជ្យជាតិឆ្នាំនេះ នឹងធ្វើធំ

ឥឡូវ ឆ្នាំនេះខួបលើកទី ៦៥ ថ្ងៃឯករាជ្យជាតិ។ ម្សិលមិញ បានទូល​ព្រះករុណា​ថា ឆ្នាំនេះ​ត្រូវធ្វើធំនៅ​មុខព្រះ​បរមរាជ​​វាំង។​ ប៉ុន្ដែ ដល់​តែអាយុ​មនុស្ស បែរជាព្រះករុណា​ព្រះ​​ជន្ម ៦៥ ឈាងចូល ៦៦ ព្រះវស្សា ឯខ្ញុំ ៦៧ ឆ្នាំ ចូល ៦៨ ឆ្នាំ។ មកពី​គេយកអាក្បាលហ្នឹង ៥១ ដដែល អត់គិត ៥២។ អញ្ចឹងទេ វាចេះតែចាស់ទៅ។ អត់អីទេ ចាស់ក្មេង វានៅតែប៉ិល​ហ្នឹង។

ជម្រុញដោះស្រាយកម្មករនៅរោងចក្រ ដែលថៅកែចងកស្លាប់

អរគុណណាស់ ថ្ងៃនេះប្រហែលជាពូ(និយាយច្រើន) ថានិយាយតិច តែមិនជាតិចវាទៅដល់ប៉ុន្មានឯណោះ។ ខ្ញុំនៅតែបន្ដការលើកទឹកចិត្តជម្រុញឲ្យមានទំនាក់ទំនងកាន់តែប្រសើររវាង កម្មករ/ការិនី និងម្ចាស់រោងចក្រ​មាន​អីត្រូវនិយាយគ្នា។ ឥឡូវ មានបញ្ហានៅសេសសល់​ ត្រង់រោងចក្រមួយនោះ ដែលថៅកែកូរ៉េចងកស្លាប់នោះ។ ឥឡូវ នៅកម្មករប៉ុន្មាន? ដោះស្រាយឲ្យស្រូតៗទៅ ដើម្បីបញ្ចប់ រួចហើយយើងចាំដោះស្រាយជាមួយនឹងភរិយារបស់គ្នាទៅ។ ឯណាប្តីចងកស្លាប់ផង ឯណាត្រូវបញ្ហាស្អីៗផង អញ្ចឹងយើងខិតខំបញ្ហាដោះស្រាយក្រោយ ឯរឿងយើងត្រូវហ៊ានចេញលុយមុនដោះស្រាយឲ្យកម្មករ ដែលម្ចាស់ស្លាប់ទៅហើយ ឥឡូវជំពាក់លុយកម្មករ។ អញ្ចឹងទេ យើងត្រូវដោះស្រាយចំពោះបញ្ហានេះ។

ក្រសួងការងារ និងក្រសួងពាក់ព័ន្ធ តាមមើលហ្វេសប៊ុកនាយករដ្ឋមន្រ្តី ប្រមូលយកបញ្ហាមកដោះស្រាយ

សូមបញ្ជាក់ដែរ ក្រសួងការងារ មើលឲ្យជាប់ក្នុងហ្វេសប៊ុករបស់ខ្ញុំ ព្រោះកម្មករថ្ងៃមុនបាន comment ហើយ​ admin ហ្វេសប៊ុករបស់ខ្ញុំត្រូវមើលឲ្យជាប់នូវការចូលមក comment ទាំងក្នុង inbox ក៏ដូចជា Messenger ហើយបញ្ជូននូវសំណូមពរទាំងឡាយនេះ ទៅកាន់ក្រសួងដែលមានការពាក់ព័ន្ធ។ ជួនមួយច្បាប់ឲ្យ(ខ្ញុំ)ដឹង ព្រោះពូអត់មានឱកាសដើម្បីមើលទេ។ នៅពេលដែលមានកូដកម្មមួយនៅថ្ងៃទី ២៧ ខែ កក្កដា ក្នុងពេលក្រោយ​បិទយុទ្ធនាការ ពូបានទូរស័ព្ទទៅជួបជាមួយនឹងអ្នកធ្វើកូដកម្មនោះ។ ក្មួយដែលនិយាយជាមួយពូ បាននិយាយថា បានវាយចូលទៅហ្វេសប៊ុកលោកពូដែរ ប៉ុន្តែ លោកពូអត់បើកមើល។ មានពេលឯណាក្មួយអើយ? យូរៗបានម្តង។ ជួនកាលក៏ឆ្លើយតបបានទៅ ជួនកាលក៏មិនបានឆ្លើយទៅ។ អញ្ចឹងទេត្រូវតាមដាននៅក្នុង​ Page របស់នាយករដ្ឋមន្រ្តី ព្រោះមានការអី គេវាយចូល page អ្នកនេះ page អ្នកនោះ មើលមិនចង់ទាន់។ ចូលទៅក្នុង page របស់នាយករដ្ឋមន្រ្តីតែម្តង។​ ហ្នឹងគឺថាមានអាសន្នអន់ក្រអី វាយចូលមក​ page ពូមក។ និយាយអញ្ចឹងមិនមែនពូប្រមូលការងារមកទាំងអស់ទេ វាយចូល page ក្រសួងការងារ វាយ comment ចូលតាមហ្វេសប៊ុកទៅ ព្រោះប្រព័ន្ធការងារជំនាន់នេះវាងាយស្រួលជាងកាលពីពេលមុន។

ហ្វេសប៊ុក បើប្រើត្រូវ ចំណេញ តែបើប្រើខុស​ វាទៅជាជេរបញ្ចោរគ្នាអត់មានសីលធម៌

ហ្វេសប៊ុកនេះ បើយើងប្រើឲ្យត្រូវគឺវាល្អ ចំណេញ ប៉ុន្តែ បើប្រើមិនត្រូវ ទៅជាជេរបញ្ចោរគ្នា។ ប៉ុន្តែ ទម្លាប់របស់គេហ្នឹងគឺតែចូលមកគឺជេរតែម្តងៗ សូម្បីតែចម្រៀងគ្រួសារខ្មែរ ចូលមកគេថា អីក៏ទ្រម្ល៉េះ? ប៉ុន្តែ អ៊ុក ណារីម និង ឆោម ឆពុំ​ ដែលជាម្ចាស់កម្មវិធីនេះ គេថា ទ្រមែន។ គេប្រកាសគាំទ្រមែន គេផ្ចាញ់ត្រឡប់ទៅវិញ។ អ្នកឯងត្រូវការគេគាំទ្រ រួចចុះសិទ្ធិគាំទ្រគឺជាសិទ្ធិរបស់ពលរដ្ឋ។ សុទ្ធតែលើកជង លើកដៃ ចុះបើមេរបស់គេ មិនឲ្យគេស្រ​ឡាញ់យ៉ាងម៉េច មិនឲ្យគេគាំទ្រ? ដល់តែគាំទ្រអ្នកឯង បានអ្នកឯងថាស្នេហាជាតិ បើគាំទ្រគណបក្សដទៃសុទ្ធ​តែ​ក្បត់ជាតិ? អាហ្នឹងហើយជាឈ្នួនផ្ទុះនៃសង្គ្រាម មិនមែនឈ្នួនផ្ទុះនៃសន្តិភាព ដូចនៅសំឡូតនោះទេ។ ចូលមកជេរបញ្ចោរ ចូលមកថាគេយួន ចូលមកថាគេអាយ៉ងនេះ អាយ៉ងនោះ ប្រមាថគេអញ្ចេះ ប្រមាថគេអញ្ចុះ។ ក្រុមហ្នឹងចូលមកតែអញ្ចឹង។ អញ្ចឹងបានជាពូថា បើពួកអា​ចង្រៃនេះនៅ សង្គ្រាមវានឹងផ្ទុះ។ ពិតជាចង្រៃ បើមិនអប់រំកូនចៅអ្នកឯងឲ្យមានសីលធម៌ត្រឹមត្រូវទេ ពួកអ្នកឯងនៅតែជាពួកបង្កហេតុ បំផ្លាញសេចក្តីសុខ និងសាម​គ្គីភាពនៅក្នុងប្រជាពលរដ្ឋ។ សូម្បីតែក្នុងហ្វេសប៊ុក គេកំពុងតែច្រៀងសប្បាយ វាចូលមក comment ក្នុងហ្នឹង យួនអីអញ្ចឹងទៅ …។

បច្ចេកវិទ្យាទំនើប កុំស្មានថា គេរកយើងមិនឃើញ ពេលយើងជេរគេតាមហ្វេសប៊ុកនោះ

បច្ចេកវិទ្យាបច្ចុប្បន្នមិនឲ្យលើសពី ៨ នាទីទេ រកឃើញកន្លែងទីតាំងឈរជើងរបស់អ្នក comment ចូលហើយ ទោះបីអ្នកឯងដាក់ឈ្មោះអីក៏ដោយចុះ … អ្នកវាយតាម WhatsApp Telegram Line ក៏គេយកបានទាំងអស់ដែរ … ឥឡូវយើងឈរនៅកន្លែងណា យើងទៅកន្លែងណា បញ្ចូលក្នុងនេះភ្លាម ចុចចំណុច តាមដាន រកឃើញកន្លែងភ្លាម។ ឥឡូវគេមានប្រព័ន្ធតាមដានដាក់ឡាន ក្រែងលោចោរលួច គេដាក់កន្លែងណា ដល់តែគេបើកគិប​ទៅ គេដឹងថាឡានគេចោរកំពុងលួចនៅកន្លែងណា ទៅស្ទាក់ចាប់កន្លែងនោះភ្លាម។ បច្ចេកវិទ្យាមកដល់ដំ​ណាក់កាលហ្នឹងហើយ។ អ្នកដែលចូលមក comment ជេរគេ កុំភ្លេចណា ដាក់ឈ្មោះអីក៏ដោយ គេតាមរកឃើញ គេ​តាមដល់ផ្ទះឥឡូវហ្នឹង … (ការ)គ្រប់គ្រងរដ្ឋ គ្រប់គ្រងសន្តិសុខជាតិ ត្រូវតែមានបច្ចេកវិទ្យាមាំទាំ។ អ្នក​ឯងបង្ហោះចេញមក យើងដឹងថាអ្នកឯងបង្ហោះនៅកន្លែងណា សូម្បីតែបង្ហោះចេញពីទីក្រុងបាងកក ក៏យើងដឹងទីតាំងឈរជើងនៅកន្លែងណា នៃទីក្រុងបាងកកដែរ … មិនមែនជាការបំភ័យទេ ក៏ប៉ុន្តែ សូមឲ្យ​យល់ពីបច្ចេកវិទ្យា ហើយបើថាមិនយល់ទេ ទៅសួរខ្លួនឯងទៅក្រុមខាងបច្ចេកទេសនោះ។

អំណោយជូនអ្នកចូលរូម

ថ្ងៃនេះ មិនមានអីច្រើនទេ ក្មួយអើយ ១៨.៦៦៧ នាក់ មកពី ១៤ រោងចក្រ ក្នុងហ្នឹងមកពីច្បារមន ២.៧៨៦ នាក់ នៅក្នុងសំរោងទង ១៥.៦៨១ នាក់ សូមជូនក្មួយៗម្នាក់បានត្រឹមតែ ២ ម៉ឺនរៀលទេ។ ឯសម្រាប់ក្មួយៗចំនួន ៧៣៥ នាក់ ពូនឹងដើរចែកផ្ទាល់តែម្តងនូវថវិកា។ ប៉ុន្តែ កុំភ្លេចអ្នកណាភ្លោះត្រូវប្រាប់ពូ ពូនឹងជូន ២ ស្រោមសំបុត្រ។ សម្រាប់សិល្បករ/ការិនី សូមជូន ៥ លានរៀល សម្រាប់ការកំដរ។ យប់មិញនេះ ​អ្នកមកពីភ្នំពេញ ប្រហែលជាក្រោកតាំងពីម៉ោង ៣ ឬ ៤ ដើម្បីមកឲ្យទាន់។ ឯខ្ញុំក្រោកម៉ោង ៥ កន្លះនឹងគេដែរ​ ព្រោះមិនអញ្ចឹងមកធ្វើម៉េចទាន់? … អម្បូរពូនេះ អត់មាននរណាធ្វើនយោបាយ អត់មាននរណានិយាយច្រើនទេ ចម្លែកអីតែពូម្នាក់ស្រាប់តែកាត់មកធ្វើនយោបាយតែម្តង។ ប៉ុន្តែ សភាពការណ៍វាចេះតែរុញពូមកអញ្ចឹង។ បំណងដើមរបស់ពូគ្រាន់តែចង់ធ្វើគ្រូបង្រៀនម្នាក់តែប៉ុណ្ណឹង។ វាមិននឹកស្មានថា មកធ្វើនាយករដ្ឋមន្រ្តី ហើយធ្វើហ្នឹង ធ្វើយូរទៅទៀត ៣៣ ឆ្នាំ ជិត ៣៤ ឆ្នាំហើយ ថែម ៥ ឆ្នាំទៀត វានឹងឡើងដល់ ៣៩ ឆ្នាំ ហើយថែម ៥ ឆ្នាំបន្តទៀត វាឡើង ៤៤ ឆ្នាំ ផ្តាច់មុខលើពិភពលោក …។

សមាជិកគណបក្សប្រជាជន ៥ លាននាក់ មានកូន មានចៅ នឹងកាន់តែកើនសម្លេងឆ្នោតគាំទ្រ

ពូសង្ឃឹមថា នឹងបានឃើញចៅទួត ព្រោះឪពុករបស់ពូ ពេលដែលគាត់ចែកឋាននៅឆ្នាំ ២០១៣ ក្នុងពេលយុទ្ធ​នាការបោះឆ្នោត ពេលនោះ គាត់មានចៅ ៣៥ និងចៅទួត ៦៦ អញ្ចឹងបូកទៅ ១០០។ ឥឡូវ ពូមានចៅ ២០ នាក់។ សង្ឃឹមថា ដល់ពេលពូស្លាប់ យ៉ាងហោចណាស់ មានចៅទួតបាន ៣០ ដែរ … ត្រូវទុកឲ្យពួកគេរៀន។ ឥឡូវដល់អាយុបោះឆ្នោតបណ្តើរៗហើយ ឆ្នាំនេះដល់អាយុមួយ។ បន្តបន្ទាប់ទៅទៀត ចេះតែចាប់ធំបណ្តើរៗ។ ហ្នឹងហើយដែលថា អ្នកឯងធ្វើស្រែធំ ពូជច្រើន បានទទួលផលក៏ច្រើនដែរ … សោ ចាន់ដេត គេគិតថា អ្នកចាស់ចេះ (ជា)អ្នកចាស់ជាអ្នកគាំទ្រ(គណបក្សប្រជាជន)យើង ចេះតែស្លាប់​ ដល់ទៅយុវជនកើតឡើង គេថាគាំទ្រគេ។ ប៉ុន្តែ គេភ្លេច ខាងគណបក្សប្រជាជនមានច្រើនជាង។ ច្បាស់ជាកើតកូនច្រើនជាង ចៅក៏ច្រើនជាង ចៅទួតក៏ច្រើនជាងដែរ។ អ្នកឯងត្រូវចាំឲ្យច្បាស់ចំណុចនេះ។ គ្រាន់តែសមាជិកគណបក្សប្រជាជនជាង ៥ លាននាក់​​។ ពិតហើយមិនបានមកបោះឆ្នោតទាំងអស់គ្នាទេ ប៉ុន្តែ ជើងលេខជាបឋមគណបក្សប្រជាជនទទួលបានសម្លេងជិត ៥ លានសម្លេង … ៥ លានសម្លេងនេះ កើតកូនប៉ុន្មាន ចៅប៉ុន្មាន ក្រុមគ្រួសាររបស់គេ នឹងដល់អា​យុបោះឆ្នោតកាន់តែច្រើន គេមិនមែនឪពុកបោះឲ្យគណបក្សប្រជាជន ឯបែរជាគេទៅបោះឲ្យបក្សប្រឆាំងទេ …។​

មានអ្នកមកឌឺរឿងសន្តតិវង្ស ដាក់ឲ្យប៉ុន្មានម៉ាត់ បាត់មាត់ ១៤ ឆ្នាំ

អ្នកខ្លះ … កាលពីឆ្នាំ ២០០៤ ឌឺម្តងហើយម្តងទៀតថាយើងសន្តតិវង្ស។ ប៉ុន្តែ ពូដាក់ឲ្យតាំងពីនោះមក ១៤ ឆ្នាំ បាត់មាត់ដូចគេចុក (កូនៗ)ថ្នាក់ដឹកនាំគណបក្សប្រជាជន កូន ស ខេង យកកូន កែ គឹមយ៉ាន កូន ហ៊ុន សែន យកកូន ហុក ឡងឌី យកកូន យឹម ឆៃលី យកកូន សុខ អាន ដល់ទៅអត់មិនបាន ថា ម៉េចទាល់តែកូនខ្ញុំយកនាង​​ឯង​ កូននាងឯងបាននាងឯងថាល្អ ឬយ៉ាងម៉េច? តាំងពីនោះមក ស្បថ ៧ អាយូស … ឥឡូវ យើងហាមឃាត់គេម៉េច? បើគេស្រឡាញ់គ្នាអញ្ចឹង។ បើទោះបីជាកូនខ្ញុំទៅស្រឡាញ់កូនបក្សប្រឆាំង ខ្ញុំ​ក៏មិនអាចរារាំងគេដែរ។ (កូន)បក្សប្រឆាំងមកស្រឡាញ់កូនខ្ញុំ ខ្ញុំក៏មិនអាចរារាំងគេដែរ ឲ្យតែវាស្រឡាញ់គ្នា ខ្ញុំអត់មានរារាំងទេ ត្រូវគោរពសិទ្ធិគេផង … ពួកនេះនិយាយស្រួលស្តាប់គ្នាអត់បានទេ និយាយគេហៅថា និយាយរួម ភាសាការទូតអត់​ចេះស្តាប់ទេ ពួកនេះទាល់តែនិយាយចំៗ អញ្ចឹងតែម្តង …។

បន្តិចទៀត សូម កន្សែងក្រហម មួយណា រួចហើយមាន ពាមកោះស្នាវាចាប្រុសស្នេហ៍ រួចហើយ ទុក្ខស្រីប្តីព្រាត់ អាហ្នឹងរបស់ ម៉េង កែវពេជ្ជតា ទាំងអស់ ប៉ុន្តែ ចែកគ្នាច្រៀងទៅ។ សុទ្ធតែអ្នកចម្រៀងមកពីភ្នំពេញ។ ចុងបញ្ចប់ហើយ តាមរយៈក្មួយៗផ្តាំផ្ញើឲ្យពូសួរសុខទុក្ខឪពុកម្តាយ ជីដូនជីតា បើសិនជាគាត់នៅរស់ និងក្រុមគ្រួ​សារ និងអ្នកភូមិតាមភូមិ អរគុណចំពោះពួកគាត់ដែលបានចូលរួមទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជន ហើយជូនពរចំពោះក្មួយៗទាំងអស់ និងអ្នកចូលរួមទាំងអស់ ដែលនៅទីនេះ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕