សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបអត្ដពលិក និងកីឡាករ កីឡាករិនីជាង៧០នាក់

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឲ្យអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វឹករួម​ទាំង​ប្រតិភូកីឡា ជាង៧០នាក់ចូល​ជួបសម្ដែងការគួរសមនៅវិមានសន្តិភាព។

មានប្រភេទកីឡាចំនួន ១៣ប្រភេទដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាបានសម្រិតសម្រាំងត្រៀមបញ្ជូនទៅប្រកួតកីឡា Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញាខាងមុខ។ ប្រភេទកីឡាដែល កម្ពុជាចូលរួមប្រកួត មានដូចជាកីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡាដែលនេះជាកាយវិការមួយដ៏ប្រពៃសម្រាប់ អត្តពលិកជម្រើសជាតិមុនចេញទៅប្រកួតកីឡានៅក្រៅប្រទេស។

ថ្ងែនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញជួបកីឡាករកីឡាការិនីទាំងអស់ ហើយសម្តេចតេជោមានមោទនភាពចំពោះការរីកចម្រើននៃវិស័យកីឡា របស់ប្រទេសកម្ពុជា ដែលកំពុងមានការរីកលូតលាស់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្តេចតេជោ ក៏ បានមានប្រសាសន៍ផងដែរថា ប្រទេសដែលមានប្រជាជនច្រើន ក៏មិនបា្រកដថាខ្លាំងខាងវិស័យកីឡា ហើយប្រទេសដែលមានប្រជាជនតិចក៏មិនប្រាកដថាប្រទេសនោះខ្សោយខាងកីឡាដែរ។

ចំពោះស្ថានការនយោបាយវិញ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បើគ្មាន អ្វីកែប្រែនោះទេកម្ពុជាក្នុងនីតិកាលទី៦នឹងរៀបចំប្រជុំសភាលើកដំបូងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ២០១៨ ហើយបេក្ខភាពតំណាងរាស្ត្រទាំងអស់នឹងស្បថចូលកាន់តំណែងសភានៅល្ងាចទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ គឺនឹងបង្កើតរាជរដ្ឋាភិបាលថ្មី។ នៅពេលល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ គឺរាជរដ្ឋាភិបាលថ្មីស្បថចូល កាន់តំណែងជាផ្លូវការ។ បន្ទាប់មកថ្ងៃព្រឹកថ្ងៃទី ២១ ប្រជុំគណៈរដ្ឋមន្ត្រីថ្មី។ ប្រសិនបើរាជរដ្ឋាភិបាលថ្មី បានបង្កើតនៅក្នុងខែសីហា ២០១៨ នេះ គឺ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញទៅថ្លែងសុន្ទរកថាជាផ្លូវការនៅអង្គការសហប្រជាជាតិ (UN) ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ដល់កីឡករ-កីឡាការិនីទាំងអស់ចំពោះការបញ្ចុះទំងន់ ក្នុងការប្រកួត ពីព្រោះការបញ្ចុះទំងន់ខ្លាំងពេក ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។ សម្តេច តេជោនាយករដ្ឋមន្ត្រីសូមឲ្យកីឡាករ-កីឡាការិនីទាំងអស់ត្រូវគិតថាការប្រកួតចាញ់-ឈ្នះគឺជារឿង ធម្មតារបស់កីឡា ប៉ុន្តែសំខាន់បំផុតនោះ គឺត្រូវគោរពតាមច្បាប់នៃការប្រកួត របស់គណៈកម្មការកីឡា ពិសេសគឺត្រូវតែជៀសវាងការប្រើប្រាស់សារធាតុលើកកម្លាំង ឬសារធាតុញៀនជាដើមដែលធ្វើឲ្យ ប៉ះ ពាល់ដល់សុខភាព និងប៉ពាល់ដល់កិត្តិយសជាតិ។

សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះគ្រូបង្វឹក នៅតាមបណ្តាប្រទេសផ្សេងៗ ដែលបានជួយ បណ្តុះបណ្តាល បង្វឹកដល់កីឡាករ-កីឡាការិនីយើង និងបានអរគុណដល់ហព័ន្ធកីឡា គណៈកម្មការ កីឡាជាតិអូឡាំងពិកកម្ពុជានិងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងការជំរុញវិស័យកីឡានេះឲ្យមានការីកចម្រើន។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់ថវិកាលើកទឹកចិត្តដល់កីលាករ កីឡាការិនីក្នុងម្នាក់បានចំនួន ៥០០ដុល្លារ មុនចេញដំណើរទៅប្រកួត Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ