សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករ-កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

52

សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញ​ចុះជួប​សំណេះ​សំណាល​ជាមួយ​បងប្អូន កម្មករ-កម្មការិនី និងនិយោជិត​សរុបជាង​១៨,៤០០​នាក់ ដែល​ពិធី​សំណេះសំណាលនេះបានធ្វើឡើ​ងនៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិ​យាសា​ឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨ នេះ នៅ​ភូមិ​ស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ រោងចក្រ សហគ្រាសទាំង១៤ ដែល​អនុញ្ញាត​ឲ្យកម្មករ-កម្មការិនី និងនិយោជិត​ចូល​រួម​កិច្ច​សំណេះ​សំណាល​នេះ គឺ​វិនិយោគ​ដោយ​អ្នក​វិនិយោគមកពីប្រទេស​ចិនចំនួន៩ កូរ៉េចំនួន៤ និងជប៉ុនចំនួន១។ រោងចក្រទាំង​នោះរួមមាន រោងចក្រកាត់ដេរ​សម្លៀកបំពាក់, រោងចក្រ​ផលិត​កាបូប និងរោងចក្រ​ផលិត​ចំណីសត្វ។ ផលិតផលដែល​ផលិត​ក្នុងរោងចក្រ សហគ្រាសទាំងអស់នេះ ត្រូវបាននាំចេញទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុងប្រទេស។

សម្តេចតេជោ ហ៊ុន សែន សប្បាយ​រីករាយ​ក្រែ​លែង និង​បាន​អំណរ​គុណយ៉ា​ងជ្រា​ល​ជ្រៅ​ផង ដែរ​ចំពោះ​កូនក្មួយ​ទាំងអស់ ដែលបានគោរពស្រលាញ់ សម្តេចតេជោ​រហូតមក។ ទន្ទឹមនឹងនេះ សម្តេច​តេជោ ក៏បាន​អរគុណ​ម្ចាស់រោង​ចក្រទាំងអស់ ដែលបាន​អនុញ្ញាត​ឲ្យកូនក្មួយ​កម្មករ-កម្មការិនី​ បាន​ឈប់​សំរាក នៅល្ងាចថ្ងៃនេះ​ដោយមា​នប្រា​ក់​ឈ្នួល​ពេញ​ ​នេះគឺបានប​ង្ហាញ​ពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ព្រម​ទាំងសាមគ្គីភាពគ្នារវាងកម្មករ-កម្មការិនី​ និងម្ចាស់​រោងចក្រ។

សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានរំលឹកពីការ​កសាង​ប្រទេសជាតិ​តាំងពីបាតដៃទទេ ពីទីក្រុងភ្នំពេញ ជាទីក្រុងខ្មោច ទីក្រុង​ដែលគ្មាន​មនុស្សនៅ ក្លាយមកជាទីក្រុងភ្នំពេញ​ដែល មានការអភិវឌ្ឍ មានអគារខ្ពស់ៗ និងមានកំណើន​មនុស្ស​យ៉ាងច្រើន​ណែនណាន់ តាន់តាប់ដូចពេលបច្ចុប្បន្ននេះ។ កម្ពុជាទើបតែ​ ចាប់​ផ្តើមអភិវឌ្ឍន៍រីក​ចម្រើនពេ​ញលេញ​ត្រឹមរយៈ​ពេល២០ឆ្នាំចុងក្រោយនេះ​តែប៉ុណ្ណោះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី មានមោទនភាព​យ៉ាងខ្លាំង​ចំពោះ​វឌ្ឍនភាព​រីកចម្រើន នៃខេត្តកំពង់​ស្ពឺ ដែលបច្ចុប្បន្ន​មាន​រោងចក្រ សហគ្រាសវិញ គឺមានចំនួន ២២៨ រោងចក្រ​ដែល​មានកម្មក​រ-កម្មការិនី ធ្វើការ ប្រមាណ ១០២,៧៣៦ នាក់ និង​ដែល​មានប្រាក់​ចំណូល​សរុបប្រមាណជាង ២៤៧លានដុល្លារ​អាមេរិកក្នុង​មួយឆ្នាំ។ ជាថ្មីម្តងទៀ​ត សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅបំ​ផុតចំពោះកូន​ក្មួយ កម្មករ-កម្មការិនីក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ ដែលបានអញ្ជើញ​ទៅបោះឆ្នោត ​មានអត្រាខ្ពស់​រហូតដល់ជាង ៨២% ដែល​ជា​អត្រាខ្ពស់​ជាប់​ចំណាត់​ថ្នាក់លេខ២ បន្ទាប់ពីប្រទេស​ប៊ែលហ្សិក ដែល​មានអត្រា ប្រជាពល​រដ្ឋទៅបោះឆ្នោ​ត​មាន​ប្រមាណ ៨៣%។ ទន្ទឹមនឹង​នេះដែរ សម្តេចតេជោ នាយក​រដ្ឋមន្ត្រីក៏បាន​អរគុណផង​ដែរ ដល់បងប្អូនកូនក្មួយ កម្មករ-កម្មការិនីទាំងអស់ ដែលបានបោះ​ឆ្នោតគាំទ្រ​ដល់គណបក្សប្រជាជន​កម្ពុជា។ ការបោះឆ្នោតឲ្យ​គណបក្សប្រជាជន​កម្ពុជា គឺមាន​តំលៃស្មើនឹង​ការចូល រួមរក្សា​សន្តិភាព និងការអភិវឌ្ឍ។

ដើម្បីជំរុញការអនុវត្ត​ការងារ​អោយមាន​ប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុចដូចខាងក្រោមៈ

១) ត្រូវអនុវត្ត​ប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ បើក្រុមហ៊ុន​បើកជូន​កម្មករ-កម្មការិនីលើសនេះគឺរិតតែល្អប្រសើរ។

២) ត្រូវបន្ត​អនុវត្ត​ការ​ចុះ​ពិនិត្យនៅតាម​មន្ទីពេទ្យ​រដ្ឋចំពោះ​ការពិនិត្យ​សុខភាព និងការ​ព្យា​បាល កម្មករ-កម្មការិនី រោងចក្រ រួមទាំង​កីឡាករ-កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ-សង្កាត់​ ក៏ត្រូវ​បានអនុវត្តដូ​ចគ្នា ​ជា​ពិសេសរដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងក្រសួង​ការងារត្រូវ​ធ្វើការនេះ​អោយ​បានម៉ត់​ចត់។

៣) ត្រូវ​អនុវត្ត​ចំពោះស្រ្តី​មានផ្ទៃ​ពោះ​សំរាលកូ​នគឺ នឹងទទួលបាន​ពេលវេលា​ឈប់សម្រាក ពីការ​ងារ​រយៈ​ពេល៣ខែ ហើយទទួល​បានប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០%ដោយ​បេឡាជាតិ) ក្រសួងពាក់ព័ន្ធ ត្រូវបន្ត​តាមដានកា​រងារ​ឲ្យបាន​ដិតដល់​ចំពោះ​ការអនុវត្ត​សកម្មភាពនេះ។

៤) ត្រូវ​អនុវត្ត​ចំពោះ​កម្មការិនី​សម្រាល​បានកូន(១) គឺទទួលថវិកា៤០ម៉ឺន​រៀល និងពិនិត្យផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ។ បើសម្រាល​បាន​កូនភ្លោះ (២) គឺទទួលបាន​ថវិកា៨០​ម៉ឺនរៀល។ បើសម្រាល​បាន​កូនភ្លោះ(៣)គឺទទួលបាន​ថវិកា១លាន២សែនរៀល ​ហើយ​បូក​ប្រាក់ឧបត្ថម្ភចំនួន៥​លាន​រៀល​ទៀត ពីសម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោ នាយករដ្ឋមន្រ្តីបាន​ជម្រាប​ផងដែរថា នៅពេល​ដ៏ខ្លី ខាងមុខ​នេះ ចំពោះ​កូនក្មួយ​កម្មការិនី​ក្រីក្រ​បំផុត​នោះ​គឺនឹងទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥) ត្រូវអនុវត្ត​ចំពោះ​របប​សន្តិសុខ​សង្គម ដោយចាប់​ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មការិនី មិនចាំ​បាច់​បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុ​នជា​អ្នកបង់ជំនួស ១០០%។

៦) បន្តអនុវត្តតាម​ដានមើល​បញ្ហា ទឹក ភ្លើង គឺត្រូវ​ខិតខំ​បន្ត តទឹក តភ្លើង​ដល់ផ្ទះ​របស់​កម្មករ-កម្មការិនី​យើង ដែលនៅ​ឆ្ងាយ ដែលមិនទាន់​ទៅដល់​ឲ្យបានគ្រ​ប់គ្រាន់ និងតំលៃផ្ទះ​ជួល​ដល់​កម្មករ-កម្មការិនី កុំ​អោយមានការ​ឡើងថ្លៃក្នុង​ឆ្នាំ២០១៨ ពីព្រោះកន្លង​មកយើង​បាន​កំណត់រួច​រាល់ហើយ។

៧) អនុវត្តប្រាក់​សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ-កម្មការិនី និង​ទទួលបាន​ប្រាក់ ចូល​និវត្តន៍ (ប្រាក់រឺត្រែត) ដូចច្នេះក្នុងរយៈ​ពេល១​ឆ្នាំ (២០១៨) ត្រូវត្រៀម​រៀបចំ​អោយ​ហើយដើម្បី​ឲ្យ​ដំណើរ​ការ​បាន​ល្អ​នៅក្នុង​ឆ្នាំ២០១៩​នូវរបប​សោធននិវត្តន៍នេះ។

៨) អនុវត្ត​ចូលរួម​បន្ត​យក​ចិត្តទុកដាក់ និងដោះស្រាយ​បញ្ហាផ្សេងៗ ដែលបងប្អូន​ពលករ​ទៅក្រៅ​ប្រទេស​ជួយ​សម្រួលនូ​វ​បែបបទ​លិខិតបទ​ដ្ឋាន​ផ្លូវ​ច្បាប់​នានា និងដើម្បី​ទទួល​បាន​នូវ​ល័ក្ខខ័ណ្ឌ​ការងារ​ល្អ​ប្រសើរ។

៩) ក្រសួងការងារ​ត្រូវចុះ​អនុវត្តតាម​ដាន​ភ្លាមៗ ឲ្យបានដិតដល់ និង​ចូលរួម​ដោះស្រាយ​បញ្ហាប្រឈម​នានាចំពោះ​កម្មករ-កម្មការិនី នៅពេល​ដែល​ម្ចាស់រោង​ចក្ររត់ចោល។ ក្នុងនោះ​គឺត្រូវដោះស្រាយ​ផ្តល់​ប្រាក់​ឈ្នួល ជាបន្ទាន់ដល់​កម្មករ-កម្មការិនី ដែលបាន​ធ្វើការ​ក្នុង​ពេល​ដែលថៅ​កែ​រោង​ចក្រ​បាន​រត់ចោល ហើយ​ត្រូវ​បន្តដោះ​ស្រាយបញ្ហា​នានាជាមួយ​ម្ចាស់​រោងចក្រដោយ​ផ្ទាល់។ ទន្ទឹមនឹង​នោះដែរ គឺត្រូវជួយរ​កការងារ​ធ្វើដល់កម្មករ-កម្មការិនី អោយបានឆាប់បំផុត។ ក្នុងឱកាស​នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ​បង្កើនការ​យកចិត្ត​ទុកដាក់ខ្ពស់ចំ​ពោះ​សុខសុវត្ថិភាព​កម្មករ-កម្មការិនី ក្នុងពេលធ្វើ​ដំណើរ​តាមរថយន្ត​ម៉ៅការ​ដឹកកម្មករ។ រថយន្ត​ស៊ីឈ្នួល ដឹកកម្មករ ទាំងអស់​ត្រូវតែមានកា​រប្រុង ប្រយ័ត្នខ្ពស់ក្នុងការ​ធានា​ដល់​សុវត្ថិភាព កម្មករ​រួមដំណើរ​ក្នុង​ពេល​បើកបរ។

១០) ត្រូវបន្តដោះស្រាយ​ជួយ​ពលករ​ដែល​កំពុង​ធ្វើការ​នៅក្រៅ​ប្រទេស​ធ្វើយ៉ាងណា​​អោយ​កម្មករ​ធ្វើការ​បាន​ស្របច្បាប់។ សូមបងប្អូន​កុំយល់​ច្រឡំ ឬគិតថាខុស ក្នុងពេលដែ​លបង​ប្អូនកូនក្មួយ​ទៅធ្វើការ នៅប្រទេស​គេ។ សូម្បីប្រទេស​​ថៃក៏​គេបញ្ជូន​កម្មករ​ទៅ​ធ្វើការ​នៅបរទេស​ដូចជានៅ​ប្រទេស​កូរ៉េ ជប៉ុន រីឯប្រទេស​ហ្វីលីពីនក៏​បានប​ញ្ជូន​ពលរដ្ឋ​អោយ​ទៅ​ធ្វើការ​នៅ​បរទេសដូច​ជា​នៅ​​កម្ពុជា និង​នៅ​សហរដ្ឋ អាមេរិក​ជាដើម។ ពលរដ្ឋ​គេបាន​នាំមក​វិញនូវប្រា​ក់ចំណូលជាច្រើន​សម្រាប់​ប្រទេសគេ គឺមិនមែនជា ការខ្មាស​អៀន ឬអាក្រក់អ្វីទេ។

បច្ចុប្បនេះ​ រាជរ​ដ្ឋាភិបាល​កម្ពុជា​​កំពុង​​បានខិ​​ត​ខំស្វែក​​រកទីផ្សា​ការ​ងារ​ក្រៅប្រទេស​ផង​​ដែរ​​​ដូចជា​កូរ៉េ ជប៉ុន និងប្រទេស​មជ្ឍឹមបូព៌ា ដូចជាប្រទេស​អារ៉ាប់​ជាដើម ដើម្បីផ្តល់​ការងារ​ដល់​បងប្អូន​ខ្មែរឥស្លាម បានទៅធ្វើការ​នៅទីនោះ។ កន្លងមក​រាជរដ្ឋា​​ភិបាលក៏​បានជួយដោះស្រាយនឹងនាំយកមក​កាន់​ប្រទេស​វិញចំពោះបងប្អូនកម្មករ​មួយចំ​នួន ​ដែលចាញ់​បោកមេខ្យល់បោកយកទៅធ្វើការងារ​ដោយខុស​ច្បាប់។

មុន​នឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរ​បង​ប្អូន​កូន​ក្មួយ​កម្មករ-កម្មការិនី និងនិយោជិកទាំងអស់ ជួប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗគ្នា។ ទន្ទឹម​នឹង​នោះដែរ​សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភ​នូវប្រាក់​លើកទឹកចិត្ត​មួយចំនួន​ដល់កូនក្មួ​យកម្មការិនី​មានផ្ទៃពោះ​ចំនួន (៧៣៥) នាក់ សម្រាប់​ដោះស្រាយ​នៅពេល​សម្រាលកូន​ក្នុង​ពេលដ៏ខ្លីខា​ងមុខនេះ៕