សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី សំណេះសំណាលជាមួយកម្មករ និយោជិត តំបន់លូ ៥

43

សុខសប្បាយទេទាំងអស់គ្នា? ហើយឈ្នះទេ? ឈ្នះ! អរគុណណាស់!

ថ្ងៃនេះ យើងចាប់ផ្ដើមជុំទី ២ ទៅចុះ។ ជុំទី ១ គឺត្រូវបានបញ្ចប់ត្រឹមពេលចាប់ផ្ដើមយុទ្ធនាការបោះឆ្នោត ហើយ​ជុំទី ២ គឺចាប់ផ្ដើមក្រោយការបោះឆ្នោត។ ថ្ងៃនេះ ខ្ញុំបានពិតជាមានការរីករាយ ដែលបានអនុវត្ដនូវ​ការ​សន្យា​ … ដូចបានជម្រាបជូនក្មួយៗកម្មករ/ការិនីថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ខ្ញុំនឹងបន្ដ​ដើម្បីជួបជា​មួយកម្មករ/ការិនីតទៅ​ទៀត តាមកម្មវិធីដែលធ្លាប់មានកន្លងទៅ ប៉ុន្ដែប្រសិនបើគណបក្ស​ប្រជា​ជន​កម្ពុជាមិនឈ្នះឆ្នោតទេ ពេលនោះ ខ្ញុំនឹងមិន​​បន្ដធ្វើទេ ព្រោះទុកឲ្យអនាគតនាយករដ្ឋមន្ដ្រី​គេនឹង​បន្ដការងារ​គេ​ទៅចុះ។ ឥឡូវនេះ វាបានច្បាស់ហើយថា អនាគតនាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលអាណត្ដិថ្មីទី ៦ គឺនៅតែ ហ៊ុន សែន ដដែលទេ។ ពូបានជម្រាបហើយថា ពូនឹងបន្ដក្នុងមុខតំណែងនាយករដ្ឋមន្ដ្រីតាមរយៈ នៃការបោះ​ឆ្នោត យ៉ាងតិច ១០ ឆ្នាំទៀត ឥឡូវ ច្បាស់ណាស់ថា យ៉ាងតិចក៏មាន ៥ ឆ្នាំ ទៀតដែរ ដែលពូនឹងធ្វើជានាយក​រដ្ឋមន្ដ្រី ប៉ុន្ដែឆ្នាំ ២០២៣ យើងនឹងមានការបោះឆ្នោតសាជាថ្មីម្ដងទៀត។

អរគុណម្ចាស់រោងចក្រ បដិសណ្ឋារកិច្ចពីកម្មករ/ការិនី និងប្រជាជនកម្ពុជាដែលបានទៅបោះឆ្នោត

ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្ដែងជូននូវការអរគុណដល់ម្ចាស់រោងចក្រទាំងអស់ ដែលមកពី ២៤ រោងចក្រ​ បាន​ផ្ដល់ឱកាសសម្រាប់ឲ្យកម្មករ/ការិនីរបស់យើង មកជួបជុំគ្នាជាមួយខ្ញុំនៅថ្ងៃនេះ បានព័ត៌មានថា ក្មួយៗនៅ​រោងចក្រ​ដែលផលិតសម្លៀកបំពាក់ម៉ាក Nike ដែលពូបានទៅសួរសុខទុក្ខកាលពីមុនបោះឆ្នោតនោះ ហើយ​អ្នក​ដែលមានផ្ទៃ​ពោះនោះក៏បានមកចូលរួមនៅទីនេះដែរ។ ឯណាអ្នកមានផ្ទៃពោះនៅរោងចក្រម៉ាក Nike? កាលហ្នឹងទៅជួប​ឃើញ តែយើងមិនអាចធ្វើអីបានទេ មិនអាចនឹងផ្ដល់ជំនួយឧបត្ថម្ភបានទេ ព្រោះគេ​ហាមឃាត់នៅក្នុងដំណាក់​កាលនៃការបោះឆ្នោត។ ដូច្នេះបានជាចាំប្រាប់ឲ្យ​ដឹកជញ្ជូនមកកាន់ទីនេះ។ អរគុណ​ចំ​ពោះម្ចាស់រោងចក្រ ដែលបាន​អនុញ្ញាតឲ្យកម្មករ/ការិនី មកជួបសំណេះសំណាលជាមួយខ្ញុំនៅក្នុងថ្ងៃនេះ ហើយនឹងបានទទួលការឈប់សម្រាកថ្ងៃនេះ មួយ​ល្ងាចទៀតសម្រាប់ក្មួយៗទាំងអស់គ្នា។

ថ្ងៃនេះ ពូក៏សូមអរគុណចំពោះបដិសណ្ឋារកិច្ចដែលក្មួយៗបានធ្វើចំពោះពូ មិនខុសកាលពីមុនការបោះឆ្នោតទេ ស្ថានភាពនេះក៏នៅដូចគ្នាក្រោយការបោះឆ្នោត។ ការស្រឡាញ់រាប់អានរបស់ក្មួយៗចំពោះពូ ក៏បានបង្ហាញអំពី​អ្វីៗដែលបានកើតកាលពីថ្ងៃអាទិត្យកន្លងផុតទៅនេះ នោះគឺទាក់ទងនឹងការចូលរួមការបោះឆ្នោត ដែលខ្ញុំសូមយកឱកាសនេះ ពីលើវេទិកានេះ ដើម្បីអរគុណប្រជាជនកម្ពុជាទូទាំងប្រទេស និយាយជារួម​ និងនិយាយដោយឡែកចំពោះកម្មករ/ការិនី ដែលបានចូលរួមនៃដំណើរការប្រជាធិបតេយ្យ តាមរយៈការ​​អញ្ជើញ​ទៅបោះឆ្នោត។

យុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» បានបរាជ័យ

ចំណុចនេះមានអត្ថន័យធំធេងណាស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដោយសារតែវាពាក់ព័ន្ធជាមួយ​យុទ្ធនា​ការ «​​ម្រាមដៃស្អាត ដេកផ្ទះឈ្នះឯង»។ កុំថាឡើយទៅបោះឆ្នោត ឬមិនបោះឆ្នោត សូម្បីតែអ្នកឯងដេក រួចហើយ​ចង្រ្កានបាយនៅពីក្រោយ អ្នកឯងមិនព្រមទៅ​ វានៅតែអត់​បាយ​ស៊ីដូចគ្នាហ្នឹង។ ចេះតែនិយាយទៅរួច។ យុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» បានបរាជ័យ​រួចស្រេច​ទៅហើយ។ ប្រជាជនកម្ពុជានៅទូទាំងប្រទេសជាង ៨២% បានចេញទៅបោះឆ្នោត បង្ហាញឲ្យឃើញថា ប្រជាជ​ន​កម្ពុជាបាន​គាំទ្រនូវដំណើរការប្រជាធិបតេយ្យ​របស់ខ្លួនពេញលេញ។ អ្នកដែលបានធ្វើយុទ្ធនាការ ហើយក៏អាចចាត់​ទុកថា វាជា​ផ្នែក​​​មួយនៃការធ្វើប្រជាមតិ គឺជាការគិតលេខខុសហើយ។ នេះជាអំពើល្ងង់មួយ ក្នុងចំណោមអំពើល្ងង់ ដែលគេមិនអាចនឹងក្លាយ​ជាមេដឹក​នាំ​គណបក្ស​នយោបាយមួយដ៏ជោគជ័យបានទេ​។ ប្រសិនបើចរិតបែបនេះ កុំថាឡើយ​ដឹក​នាំគណបក្សន​យោ​បាយ​ឈានទៅរកជោគជ័យ និងកាន់កាប់គ្រប់គ្រងប្រទេស សូម្បីតែគ្រប់គ្រង​នូវរោងចក្រមួយ ក្រុមហ៊ុនមួយ ក៏មិនអាចធ្វើ​ទៅរួចបានដែរ។

កុំស្មាន សន្លឹកឆ្នោតដែលប្រជាពលរដ្ឋធ្លាប់បោះឆ្នោតឲ្យ ជាកម្មសិទ្ធិផ្ដាច់មុខ

ពួកគេគិតស្មានថា សន្លឹកឆ្នោត ដែលប្រជាពល​រដ្ឋធ្លាប់បោះឆ្នោតឲ្យគេ ជាកម្មសិទ្ធិផ្ដាច់មុខ​របស់គេ រហូតដល់ម្សិល​មិញ​គេ​និយាយថា “២ លាននាក់ គឺមិនទៅបោះឆ្នោត ហើយ ១ លាន នាក់ទៅបោះឆ្នោត ហើយគូសចោល​ទាំងអស់ ប៉ុន្ដែ បែរជាយើងយកតែពាក់កណ្ដាលយកមករាប់”។ កោតតែអាចនិយាយទៅរួច។ នៅឯប្រ​ទេស​ក្រៅសោះ … មកដឹងអ្នកណាទៅបោះឆ្នោតប៉ុន្មាន ពេល​ដែល​គេទៅបោះឆ្នោតគ្រប់គ្នា។ រួចហើយឥឡូវទៅចោទអ្នកទៅបោះឆ្នោតទាំងប៉ុន្មាន គឺអ្នកដែលត្រូវគេ​បង្ខិតបង្ខំ។ ក្មួយៗអើយ! យើងជាមនុស្ស មិនមែនជាសត្វទេ ហើយឥឡូវនេះ អ្នកដែលទៅបោះឆ្នោតត្រូវគេចោទ​ថាជា​វៀត​ណាមទៅទៀត​។ ហេតុផលត្រង់នេះហើយ ដែលពូធ្លាប់បាននិយាយថា បើពួកនេះនៅមានវត្ដមាន សង្គ្រាម​វានឹងផ្ទុះ ព្រោះយើងឃើញថា ចាញ់ប៉ុណ្ណឹងហើយ គេនៅលាបពណ៌សម្បុរគ្រប់បែបយ៉ាងតទៅទៀត។

ប្រជាជនទូទាំងប្រទេស ដោយឡែកកម្មករ/ការិនី បានចូលរួមគាំទ្រដំណើរការប្រជាធិបតេយ្យ

ក៏ប៉ុន្ដែ ប្រជាជនកម្ពុជាមិនល្ងង់ទេ ការចេញទៅបោះឆ្នោតអត្រារហូតដល់ ៨២% មិនមែនជារឿងធម្មតាទេ​ គឺ​ប្រជាជនពិតជាអនុវត្ដនូវសិទ្ធិរបស់ខ្លួន តាមរយៈការចេញទៅបោះឆ្នោត។ អត្រានៃការបោះឆ្នោត​តែងមាន​ឡើង​មានចុះ។ កាលពីមុនយើងនិយាយតែអត្រាការបោះឆ្នោតថ្នាក់ជាតិ យើងមិននិយាយដល់ការបោះ​ឆ្នោត​ថ្នាក់មូលដ្ឋាន​ទេ។ ប្រៀបធៀបការបោះឆ្នោតថា្នក់ជាតិមានឡើងរហូតទៅដល់ ៩០% ក៏មាន មានធ្លាក់​មក​ដល់ ៦៩% ជាងក៏មាន។ កាលពីឆ្នាំ ២០១៣, មានដល់ ជាង ៨០% ដែលចុងក្រោយនេះដល់ ៨២%  នេះជារឿង​ធម្មតាខ្លាំងណាស់។ ប៉ុន្ដែអ្វីដែលខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាជនទូទាំងប្រទេស គឺនិយាយជារួម និង​និ​យាយដោយឡែក ចំពោះកម្មករ/ការិនីរបស់យើង គឺបានចូលរួមគាំទ្រដំណើរការប្រជាធិបតេយ្យ … ទោះបីទៅគូសឲ្យបក្សណា ឬទៅគូសបង្ខូចសន្លឹកឆ្នោត ក៏ជា​សេរីភាព​។ គឺត្រូវមាន។

សូមកុំឲ្យមានការរើសអើងរវាងអ្នកបានទៅបោះឆ្នោត និងមិនទៅបោះឆ្នោត

ទោះបីយ៉ាងនេះក្ដី ខ្ញុំសូមអង្វរកដល់កម្មករ/ការិនី និងប្រជាពលរដ្ឋរបស់យើង​ មិនត្រូវមានការរើសអើង​រវាងអ្នក បានទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោតនោះទេ។ ​អ្នក​បានទៅបោះឆ្នោតមាន ៨២% អ្នកមិនបានទៅបោះមាន ១៨ % ដូច្នេះ សូមមេត្ដាខន្ដី សូមមេត្តាយោគយល់គ្នា។ ប៉ុន្ដែសូមអ្នក ១៨% សូមកុំប្រមាថចំពោះអ្នក ៨២% ថាជាជនជាតិបរទេស។ ឯអ្នក ៨២% ដែលបានទៅបោះឆ្នោត សូមកុំប្រកែ​ប្រ​កាន់ជាមួយអ្នកមិនបានទៅបោះឆ្នោតដោយហេតុផលផ្សេងៗ ទោះបីហេតុផលដោយកត្ដាធុរៈផ្ទាល់ខ្លួន ឬ​ដោយកត្ដានយោបាយក៏ដោយចុះ មេត្ដាសុំកុំធ្វើការរើសអើង និងស្អប់ខ្ពើមគ្នា ដែល​អាចបង្កើតឲ្យ​មានជម្លោះនៅតាមភូមិ/ឃុំ សហគមន៍ រាប់ទាំងជម្លោះនៅតាមរោងចក្រ ដែលបណ្ដាល​ឲ្យមើល​មុខ​គ្នាមិនត្រង់។

ថ្ងៃ ២០ ខែកញ្ញា ឆ្នាំ ២០១៨នឹងបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្ដិទី ៦

ខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្រ្ដីបច្ចុប្បន្ន និងជាអនាគតនាយករដ្ឋមន្ដ្រីអាណត្ដិក្រោយនេះ ដែលតាម​ការ​គ្រោងទុក (រាជរដ្ឋាភិបាលថ្មី)នឹងត្រូវបង្កើតឡើងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៨ ខាងមុខ … ព្រឹក​ថ្ងៃ​ទី ១៩ កញ្ញា នឹងត្រូវបើកប្រជុំសភាដំបូង ហើយល្ងាចថ្ងៃទី ១៩ ខែកញ្ញា សភាចូល​ស្បថ​កាន់​តំណែង។ ព្រឹកថ្ងៃទី ២០ នឹងបង្កើតរាជរដ្ឋាភិបាល ល្ងាចថ្ងៃទី ២០ ខែកញ្ញា នឹងត្រូវចូលស្បថកាន់​តំណែង។ ថ្ងៃទី ២១ ខែកញ្ញា នឹងត្រូវប្រជុំគណៈរដ្ឋមន្ដ្រីថ្មីលើកដំបូង។ នេះគ្រាន់តែបញ្ជាក់ដើម្បីឲ្យប្រជាជន​បានច្បាស់ពីកិច្ចដំណើរការ។ ហេតុ​អ្វីបានជាយើងត្រូវរង់ចាំ? បើដូចជាប្រទេសម៉ាឡេស៊ី បោះ​ថ្ងៃ​ហ្នឹងគឺបង្កើត(រដ្ឋាភិបាល)ថ្ងៃហ្នឹងតែម្ដង។ នៅជប៉ុនក៏ដូចគ្នា ហើយនៅប្រទេសច្រើនណាស់ក៏ដូចគ្នា បោះភ្លាម គឺបង្កើតរដ្ឋាភិបាលភ្លាម។

មុនពេល គជប ប្រកាសលទ្ធផលផ្លូវការ គ្មាននរណាអះអាងថាបានកៅអីប៉ុណ្ណោះប៉ុណ្ណោះទេ

ប៉ុន្ដែប្រទេសរបស់យើង គឺទុករយៈពេលតាមដំណាក់ៗ ដែលត្រង់នេះហើយ ដែល​ខ្ញុំសូម​យកឱកាស​នេះ​ដើម្បី​បញ្ជាក់ជូនថា នៅក្នុងពេលបិទយុទ្ធនាការនៃការឃោសនាបោះឆ្នោត ខ្ញុំបានអំពាវ​នាវ​ដល់​សមាជិក/ជិកា​របស់គណបក្សប្រជាជនកម្ពុជាជាង ៥ លាននាក់ ធ្វើយ៉ាងណាគោរពនូវច្បាប់ បទ​បញ្ជា និងនីតិវិធី នៃការបោះ​ឆ្នោត រហូតដល់ការបោះឆ្នោតចប់ជាស្ថាពរ។ ឥឡូវការបោះឆ្នោតមិនទាន់ចប់ជាស្ថាពរ​ទេ។ ការចប់ជាស្ថាពរ គឺនៅពេល​ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលជាផ្លូវការ និងបែងចែកអាសនៈ រួចហើយប្រកាសបេក្ខជនជាប់ឆ្នោត។ ដូច្នេះ ក្នុងរយៈពេលនេះគ្មានគណបក្សនយោ​បាយណាមួយ ដែលត្រូវអះអាងថា ខ្លួននឹងត្រូវបានកៅអីប៉ុណ្ណេះប៉ុណ្ណោះទេ។ ឥឡូវនេះ ស្ថិតក្នុង​ដំណាក់​កាល​នៃការដោះស្រាយ​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បន្ទាប់ពីដោះស្រាយបញ្ហារួចហើយ ប្រសិនបើមាន​បញ្ហាដោះ​ស្រាយមិនបាន គេត្រូវប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញ​ដោះ​ស្រាយរួចហើយ ទើប​បង្វិល​​បញ្ហាមកឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំពិនិត្យ ប្រកាស​លទ្ធ​ផលផ្លូវការ រួចហើយបែង​ចែកអាសនៈ រួចបន្តទៅប្រ​កាសបេក្ខជន​ជាប់ឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការ ចែកអាសនៈ ប្រកាសបេក្ខជនជាប់ឆ្នោត

ឥឡូវនេះ ទោះបីនៅលើ​វេទិកានេះ មានបេក្ខជន សូម្បីតែពូក៏ជាបេក្ខ​ជនជាប់ឆ្នោតដែរ ប៉ុន្ដែពូមិនទាន់ហ៊ានអះអាងថាពូជាបេក្ខជន​ជាប់ឆ្នោតនោះទេ ព្រោះត្រូវទុកលទ្ធភាពឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើកិច្ចការរបស់គេ។ ពិតមែនហើយ គណបក្សនយោបាយនីមួយៗសុទ្ធតែបានដឹងថា ខ្លួនបានសម្លេងប៉ុន្មាន ព្រោះសុទ្ធតែមានភ្នាក់ងារគណបក្ស ក្បាលម៉ាស៊ីនគណបក្ស ដឹងនូវតួលេខ ដែលយកចេញពីគណៈកម្មាធិការរៀបចំការបោះឆ្នោត ហើយគេគន់គូរបានប៉ុន្មាន … ប៉ុន្តែវាជាសិទ្ធិរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯណោះ ហើយចុងក្រោយវាទៅដល់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ បានមកដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដល់ពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការ បែងចែកអាសនៈ និងប្រកាសនូវបេក្ខជនជាប់ឆ្នោត ព្រះមហាក្សត្រ ព្រះអង្គត្រូវកោះប្រជុំសភាជាលើកដំបូង តែយើងអត់ទាន់មានប្រធានរដ្ឋសភាទេ គឺព្រះមហាក្សត្រព្រះអង្គនឹងឡាយព្រះហត្ថលេខាលើលិខិតអញ្ជើញបើកប្រជុំសភាជាលើកដំបូង ដែលរដ្ឋធម្មនុញ្ញរបស់យើងមិនអោយតិច​ជាង ៦០ ថ្ងៃ។

ត្រៀមរៀបចំដំណើរការរាជរដ្ឋាភិបាល គិតគូរទាំងពេលវេលាទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិ

ប៉ុន្តែករណីពូ ពូត្រូវមានផែន​ការគ្រោងទុក។ នេះជាផែនការរបស់រាជរដ្ឋាភិបាលដែលយើងបានដឹងហើយថា គេគ្រប់គ្នាបាននិយាយថាឈ្នះ ប៉ុន្តែឈ្នះប៉ុន្មាន គឺយើងមិននិយាយទេ។ ពូត្រូវមានការបរិច្ឆេទមួយ ដើម្បីត្រៀមរៀបចំសម្រាប់ដំណើរការរបស់ខ្លួន រាប់ទាំងយើងគិតគូរអំពីពេលវេលា ដែលត្រូវទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិ។ ខ្ញុំមិនអាចទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិបាន ដោយសារ ថ្ងៃបង្កើតរាជរដ្ឋាភិបាល និងប្រជុំរាជរដ្ឋាភិបាល គឺនៅថ្ងៃទី ២១ ទៅហើយៗ ថ្ងៃទី ២៥ មហាសន្និបាតអង្គការសហប្រជាជាតិនឹងចាប់ផ្តើម។ ដូច្នេះគ្មានលទ្ធភាពនឹងធ្វើដំណើរទៅទេ។  អញ្ចឹងទេ ហោចណាស់ ក៏ត្រូវបញ្ជូនរដ្ឋមន្ត្រីការបរទេសអាណត្តិ​ថ្មី ធ្វើដំណើរទៅកាន់ទីនោះ ដើម្បីថ្លែងការណ៍នៅឯអង្គការសហប្រជាជាតិ។

ខែតុលា ចូលរួមប្រជុំអាស៊ីអឺរ៉ុប, អាស៊ានអឺរ៉ុប, ទស្សនកិច្ចនៅទួរគី និងប្រជុំពាណិជ្ជកម្មអន្តរជាតិនៅស្វ៊ីស

ប៉ុន្តែខែ ១០ ហ្នឹង បើយោងទៅតាមប្រក្រ​តិទិន និងជម្រាបឲ្យហើយ ដើម្បីឲ្យអ្នកនៅខាងអឺរ៉ុបត្រៀមរៀបចំធ្វើបាតុកម្មប្រឆាំងខ្ញុំតទៅទៀត ហើយអ្នកដែលត្រូវមកជួបជាមួយខ្ញុំ ក៏ត្រៀមរៀបចំដើម្បីជួបខ្ញុំផងដែរ … សូមបញ្ជាក់ជូនអំពីកាលបរិច្ឆេទ ប្រធានស្នងការអឺរ៉ុប ប្រធានគណ

ៈកម្មការអឺរ៉ុប និងប្រធានស្នងការអឺរ៉ុបបានបញ្ជូនលិខិត ២ មកពូ។ ទី ១ អញ្ជើញចូលប្រជុំអាស៊ី-អឺរ៉ុប ទី ២ អញ្ជើញប្រជុំអាស៊ាន-អឺរ៉ុប។ ពូបានឆ្លើយយល់ព្រមហើយគ្រោងចេញដំណើរពីទីក្រុងភ្នំពេញឆ្ពោះទៅ ប្រ៊ុចសែល នៅល្ងាចថ្ងៃទី ១៧ ខែតុលា ថ្ងៃ ១៨ និង ១៩ គឺប្រជុំអាស៊ាន-អឺរ៉ុប និងអាស៊ី-អ៊ឺរ៉ុប។ ដល់ថ្ងៃទី ២០ និង ២២ គឺទស្សនកិច្ចនៅប្រទេស ទួរគី។ ថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ត្រូវបកទៅ ស្វ៊ីស ដើម្បីចូលរួមសន្និសីទអន្តរជាតិស្តីពីពាណិជ្ជកម្មនៅឯ ហ្ស៊ឺណែវ។ អញ្ចឹងសូមបងប្អូននៅ​អឺរ៉ុប ដែលពេលនេះមួយចំនួនមិនទាន់ភ្ញាក់ពីដេកទេ ក៏ប៉ុន្តែមួយចំនួនក៏បានដឹង ប្រាប់ផែនការទុកឲ្យហើយ ដើម្បីឲ្យដឹងការធ្វើដំណើរទៅអឺរ៉ុប។ មានប្រទេសមួយចំនួនដែលជាម្ចាស់ប្រទេស គេបានធុញទ្រាន់ជាមួយនឹងខ្មែរធ្វើបាតុកម្មនៅស្រុកគេហើយ។ ឯអ្នកដែលមកជួបជាមួយខ្ញុំ ក៏ត្រូវរៀបចំសណ្ឋាគារទទួល ព្រោះត្រូវមានជួលកន្លែងគេទុក។ សុទ្ធតែកក់កន្លែងគេទុក …។

អរគុណប្រជាពលរដ្ឋទាំងអស់ចូលរួមការបោះឆ្នោត

ការបោះឆ្នោតលើកនេះសំខាន់ខ្លាំងណាស់។ ទី ១ ប្រជាពលរដ្ឋបានចូលរួមដំណើរការប្រជាធិបតេយ្យ តាមរយៈការទៅចូលរួមបោះឆ្នោត ដែលមានអត្រាទៅដល់ជាង ៨២%។ អ្នកចង់និយាយបោកប្រាស់ យ៉ាងម៉េចអ្នកនិយាយទៅ … តាំងពីឆ្នាំ ១៩៩៨ រហូតមក អ្នកតែងតែឡាំប៉ាជានិច្ច ទៅលើលទ្ធផលនៃការបោះឆ្នោត។ ឥឡូវសូម្បីតែនៅក្រៅប្រទេស ក៏អ្នកអះអាងអំពីជោគជ័យរប​ស់អ្នកដែរ … (តើអ្នក)ចាត់ទុកថា ខ្មែរអ្នកបោះឆ្នោតឲ្យអ្នកកាលពីមុន ជាចំណាប់ខ្មាំងអោយអ្នក ឬអី? អ្នកមិនត្រូវមើលស្រាលចំពោះសិទ្ធិរបស់ពលរដ្ឋទេ។ សូម្បីតែគណបក្សប្រជាជន ដែលមានគ្រឹះនយោបាយរឹងមាំ តាំងពីជីដូនជីតារបស់ក្មួយៗ តាំងពីឪពុកម្តាយរបស់ក្មួយៗ រហូតមកដល់ក្មួយៗ បានរួមដំណើរជាមួយគណបក្សប្រជាជនជិត ៤០ ឆ្នាំរួចមកហើយ ក៏នៅមានពេលខ្លះសន្លឹកឆ្នោតនោះមិននៅជាមួយគណបក្សប្រជាជនទេ តែទៅនៅជាមួយគណបក្សផ្សេង។ នេះជាសិទ្ធិរបស់ពលរដ្ឋ។ ដោយសារការគិតលេខខុសរបស់អ្នកហ្នឹងហើយ បានជាអ្នកមិនធ្លាប់ទទួលជោគជ័យ មិនអាចទទួលជោគជ័យ ហើយក៏មិនអាចដឹកនាំបាន។ ដោយសារតែអ្នកមើលស្រាលគេមើលស្រាលឯង រហូតដល់សូម្បីតែ យប់មិញនេះ ក៏នៅចោទបណ្តាគណបក្សដទៃថា ជាគណបក្សរណប ជាគណបក្សមានតែក្បាលអត់ជើង ទៅចោទគណបក្ស ១៩ ផ្សេងទៀត សូមឲ្យគណបក្ស ១៩ ផ្សេងទៀត ពិចារណា … នេះជាចំណុចទី ១ ដែលពូសុំយកឱកាសនេះថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្លែងអំណរគុណចំពោះកម្មករ/ការិនី ដែលនៅទីនេះក្តី ក៏ដូចជានៅតាមរោងចក្រសហគ្រាសដទៃទៀតក្តី។

ចំណុចទី ២ ប្រជាជនកម្ពុជារបស់យើង និយាយជារួម និងនិយាយដោយឡែក កម្មករ/ការិនីរបស់យើង បានចូលរួមរក្សាសន្តិភាព និងការអភិវឌ្ឍ តាមរយៈការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកធានានូវសន្តិភាព និងការអភិវឌ្ឍនោះឯង អត្រាដែលបានបោះឆ្នោតជូនគណបក្សប្រជាជន ទោះ​បីជាពូគ្មានសិទ្ធិនិ​យាយពីចំនួនប៉ុន្មានអីប៉ុន្មាន ក៏ប៉ុន្តែគេបានប្រកាសទៅតាមទូរទស្សន៍ … វគ្គទី ១ គណបក្សណាបានប៉ុន្មានភាគរយ គណបក្សណាបានប៉ុន្មានភាគរយ គណបក្សប្រជាជនចាប់ពី ៦០ ឡើងលើ។ ដល់រាប់អស់ រាប់កាន់​តែច្រើន អត្រាភាគរយកាន់តែខ្ពស់។ អញ្ចឹង យើងក៏អាចដឹងបាន។ ការបោះឆ្នោតជូនគណបក្សប្រជាជន មានតម្លៃស្មើនឹងការចូលរួមរក្សាសន្តិភាព និងការអភិវឌ្ឍ។ ចំណុចនេះមានសារៈសំខាន់។ នៅពេលបិទយុទ្ធនាការ ប្រហែលជាមានមនុស្សមួយចំនួននៅក្នុងទីនេះ ទៅហែបិទយុទ្ធនាការ និងមានបងប្អូនប្រជាពលរដ្ឋនៅចាំថា ខ្ញុំបានប្រើពាក្យថា «សន្តិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់សន្តិភាព» នេះជាពាក្យស្លោកចុងក្រោយនៃថ្ងៃបិទយុទ្ធនាការ ដែលជាភាសាគន្លឹះរបស់ប្រធានគណបក្សប្រជាជន។

កម្លាំងបោះឆ្នោតជូនគណបក្សប្រជាជន ជាស្នូលនៃការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ

ឥឡូវប្រជាជនកម្ពុជាបានធ្វើការសម្រេចចិត្តបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីដឹកនាំប្រទេសបន្ត វាមានន័យស្មើនឹងការចូលរួមរក្សាសន្តិភាព និងការអភិវឌ្ឍ។ យើងបានវាយតម្លៃច្បាស់អំពីក្របខណ្ឌនយោបាយនៅក្នុងប្រទេសកម្ពុជា នោះជាខឿនការពារជាតិរបស់ប្រជាជន ក្នុងឋានៈជារដ្ឋដែលមានសន្តិភាព ដែលមានឯករាជ្យ និងអធិបតេយ្យភាព។ នេះជាចំណុចមួយដែលមានសារៈសំខាន់ខ្លាំងណាស់ ដែលខ្ញុំមានទឹកចិត្ត និងបន្តការខិតខំដើម្បីដឹកនាំព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្ររបស់យើងជាបន្តក្នុងរយៈពេល ៥ ឆ្នាំទៅខាងមុខបន្តទៀត។ ខ្ញុំជឿជាក់ទៅលើកម្លាំងដែលបានបោះឆ្នោតជូនគណបក្សប្រជាជន ដែលកម្លាំងនេះហើយ គឺជាស្នូលនៃការការពារសន្តិភាព ជាស្នូលនៃការការពារនូវឯករាជ្យ អធិបតេយ្យជាតិរបស់កម្ពុជា។ ប្រសិនបើប្រជាពលរដ្ឋមិនស្រឡាញ់សន្តិភាព ប្រជាពលរដ្ឋមិនស្រឡាញ់ការអភិវឌ្ឍ ប្រជាពលរដ្ឋមិនស្រឡាញ់នូវឯករាជ្យ អធិបតេយ្យភាពរបស់ប្រទេស ប្រហែលជាប្រជាពលរដ្ឋមិនសម្រេចចិត្តនៅក្នុងការបោះឆ្នោតជូនគណបក្សប្រជាជននោះទេ នេះមិនទាន់គិតដល់នៅក្នុងក្របខណ្ឌនៃគោលនយោបាយដទៃទៀតផង។

ចំណុចខុសគ្នារវាងការបោះឆ្នោត ២០១៣ និង ២០១៨

តើមានចំណុចអ្វីដែលមានការខុសគ្នា ប្រៀបធៀបទៅនឹងឆ្នាំ ២០១៣ និងឆ្នាំនេះ។ ចំណុចដែលខុសគ្នាគឺនៅត្រង់ថា ២០១៣ មុនបោះឆ្នោត រញ៉េរញ៉ៃ។ អ្នករកស៊ី រកស៊ីមិនបាន។ នៅពេលយុទ្ធនាការបោះឆ្នោត អ្នកផ្សារលក់ដូរមិនបានទេ បន្តិចបិទតូប បន្តិចរឿងនេះ បន្តិចរឿងនោះ។ ក្រោយការបោះឆ្នោត នៅចាំបានទេ ល្ងាចថ្ងៃបោះឆ្នោត ឆ្នាំ ២០១៣ គឺចាប់ផ្តើមវេចបង្វិច ទិញអង្ករ ចាក់សាំង បើកលុយ ATM ត្រៀមរត់។ ពេលនោះ ខ្ញុំសុំនិយាយ បើខ្ញុំគ្រប់គ្រងសភាពការណ៍មិនបាន ផ្ទុះអាវុធទៅហើយ។ សង្គ្រាមនឹងផ្ទុះ ដោយសារគេដុតឡាននៅស្ទឹងមានជ័យ ហើយម្យ៉ាងទៀត គេគ្រប់គ្រងស្ថានីយ៍បោះឆ្នោតមួយចំនួនតាំងពីម៉ោង ១២ ក៏ប៉ុន្តែខ្ញុំបានឲ្យរក្សាភាពស្ងប់ស្ងៀម កុំតបត ហើយបន្តពីនោះ តាំងពីខែ ៧ រហូតមកដល់ដើមខែមករា ២០១៤ ប្រជាជននៅបានសុខសប្បាយដូចថ្ងៃនេះទេ? អត់ទេ។ ដោយសារតែមេរោគបង្កើតសង្រ្គាម ពេលហ្នឹងវានៅ។ ឥឡូវវាអត់ …។

បញ្ហាការកាត់តវីដេអូរបស់លោកស្រី ម៉េង កែវពេជ្ជតា

ថ្ងៃនេះតារាចម្រៀង ម៉េង កែវពេជ្ជតា មកឬអត់? រឿងនេះ ខ្ញុំបានមើលពិតប្រាកដ។ វាអត់គួរកើតទេរឿងហ្នឹង … ពេលដែលកូន​liveតាមហ្វេសប៊ុក ពុកមើលផ្ទាល់តែម្តង។ ពេលហ្នឹងគ្នាទើបនឹងមកពីហែគណបក្សនៅឯ​ត្បូងឃ្មុំ។ មកដល់ផ្ទះliveវីដេអូ ក្នុងពេលដែលពាក់អាវគណបក្ស មានក្រមាបង់ក មានផ្លាកគណបក្សទៀត​។ គេកាត់ត (វីដេអូ)live នោះទៅជារឿងថា ម៉េង កែវពេជ្ជតា មើលងាយប្រជាជនខ្មែរថាល្ងង់ ថាក្រ … វាចូលមកជេរ​ បង្ហិនបង្ហោច។ តែ ម៉េង កែវពេជ្ជតា បាននិយាយទៅវិញថា និយាយបែបហ្នឹងមិនមែនឆ្កួតទេ គឺល្ងង់ …  រួចបាននិយាយថា គេមិនប្រើមនុស្សល្ងង់ដូចលោកឯងទេ ខាងណេះគេមានមនុស្ស មានអ្នកចេះដឹង។ ស្រាប់តែវាយកទៅកាត់តភ្លាម​ៗ បង្កើតបានរឿងមួយថ្មីធ្វើឲ្យស្អប់ចំពោះសិល្បករ/ការិនីរបស់យើង។ គ្រាន់តែរឿងប៉ុណ្ណឹង វាអាចបង្កើតទៅជាព្រឹត្តិការណ៍មួយធ្វើឲ្យអាប់អោនកិត្តិយស ដែលគ្រាន់តែសិល្បករ/ការិនីរបស់យើងប្រើសិទ្ធិខាងនយោបាយ។ អ្នកណាគាំទ្រគេ គេថាស្នេហាជាតិ អ្នកណាគាំទ្រគណបក្សប្រជាជន គឺក្បត់ជាតិទាំងអស់ …។

ភរិយាកំពុងដោះស្រាយការលំបាកនៃប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់

ព្រឹកមិញ ក្រោកមកអត់បានឃើញមុខប្រពន្ធទៀត។ … ថ្មើរនេះប្រ​ហែលជាប្រពន្ធកំពុងនៅត្បូងឃ្មុំ ដើម្បីនឹងដោះស្រាយបញ្ហាប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់។ ស្អែកនេះ នឹងទៅខេត្តកំពង់ចាម។ ដូច្នេះល្ងាចនេះ គឺគេសម្រាកនៅខេត្តកំពង់ចាមហើយ។ អញ្ចឹងវាលំបាកដែរ យើងជាមនុស្សចាស់ កូនៗគេមានកូនរបស់គេទៀត។ អញ្ចឹងទេ យើងនៅក្នុងបន្ទប់តែឯងហើយ។ ឧស្សាហ៍តែនិយាយលេងថា បងគង់ដឹងខ្លួនពេលអត់អូន។ ត្រឡប់ទៅវិញអញ្ចឹងទៅ ពេលបាយគេដួសបាយមកឲ្យយើង ជួនកាលអាក្រូចហ្នឹងគេហែក គេបេះ គេបកសំបកឲ្យយើងអីអញ្ចឹងទៅ។ យើងមិនមែនប្រើគេទេ ប៉ុន្តែប្រពន្ធរបស់ខ្ញុំគាត់ធ្វើការងារហ្នឹងតាំងពីដើមមក គាត់មិនទុកឲ្យប្តីគាត់ញ៉ាំបាយម្នាក់ឯងទេ។ អញ្ចឹងគ្រាន់តែលើករឿងនេះបន្តិច ប្រយ័ត្នក្មួយៗអ្នកដែលមិនបានដឹងរឿង ទៅជឿអាឃ្លីបវីដេអូ ដែលគេកាត់ត​ថា ម៉េង កែវពេជ្ជតា មើលងាយប្រជាជនខ្មែរ ថាល្ងង់ ថាក្រ។ ត្រូវមើលឃ្លីបដើម …

គណបក្សប្រជាជនមានការទទួលខុសត្រូវចំពោះសមាជិក/ជិកា និងអ្នកគាំទ្ររបស់ខ្លួន

… គណបក្សប្រជាជនត្រូវមានការទទួលខុសត្រូវចំពោះសមាជិក/ជិកា និងអ្នកគាំទ្ររបស់ខ្លួនដែរ មិនត្រូវទុកឲ្យគេប្រមាថទេ ហើយសមាជិកសិល្បករ/ការិនី ក៏បានចូលរួមច្រើនណាស់ យើងក៏មិនបានទុកឲ្យសិល្បករ/ការិនីរបស់យើង ដែលប្រជាជនរាប់លាននាក់និយមចូលចិត្ត ត្រូវគេប្រមាថ និងត្រូវគេភូតកុហកបោកប្រាស់ ឲ្យក្លាយទៅជារឿងសង្គមស្អប់ខ្ពើមទេ។ នេះគ្រាន់តែជាការនិយាយរឿងមួយក្នុងចំណោមរឿងជាច្រើន ដោយសារវាហួសចិត្តពេក។ គេនិយាយអញ្ចេះ វាកាត់តទៅអញ្ចុះ …។

ជាប្តី ត្រូវរក្សាកិត្តិយសរបស់ប្រពន្ធ និងកូន

ពូនិយាយសារជាថ្មីម្តងទៀត សូម្បីតែប្រពន្ធពូក៏ជាជនជាតិវៀតណាមដែរ កូនពូ ហ៊ុន ម៉ាណែត នេះជាកូនកាត់មិនមែនបានសេចក្តីថា ជាកូនបង្កើតរបស់ ហ៊ុន សែន ទេ គេថា ជាកូនរបស់ប្រពន្ធពូ (ជាកូន)ជាមួយនឹងអតីតប្តីរបស់គាត់។ សំណុំរឿងមួយនេះ អ្នកឯងជាមួយខ្ញុំ មិនចប់ទេ។ ត្រកូលហ៊ុន មិនយោគយល់ មិនអនុ​គ្រោះឲ្យអ្នកឯងទេ។ លើកមុនខ្ញុំ ដាក់កំណត់ឲ្យអ្នកឯងធ្វើការសុំទោស ដោយសាក់ព័ន្ធរអ្នកឯងចោទប្រពន្ធខ្ញុំថាវៀតណាម ហើយជាប្រពន្ធរបស់មេដឹកនាំវៀតណាម ប្រគល់មកឲ្យ ហ៊ុន សែន ហើយកើតបាន ហ៊ុន ម៉ាណែត ដែលគេថា ហ៊ុន ម៉ាណែត ថ្ងៃក្រោយ ក្លាយជានាយករដ្ឋមន្រ្តីបន្តពីហ៊ុនសែន។ គេវាយតាំងពីឥឡូវហើយ។ ខ្ញុំសុំបញ្ជាក់ទៅវិញ សំណុំរឿងមួយនេះ នៅក្នុង YouTube មានប៉ុន្មានឃ្លីបឯណោះ ដែល(ថា)ប្រពន្ធ(ខ្ញុំ)មានឈ្មោះជាវៀតណាម។ អញ្ចឹងបានថាសង្រ្គាមវាអត់ចប់ទេ វាត្រូវតែផ្ទុះ ព្រោះគេទ្រាំមិនបានអារឿងចោទគេនេះ។ ដើរចោទគេអា​​នេះសៀម អានេះយួន អានេះជនជាតិនេះ តើគេអត់អោនបានទេ? ខ្ញុំមិនលើកលែងឲ្យអ្នកឯងទេ (ចំពោះ)រឿងនេះមួយ។ ខ្ញុំសូមបញ្ជាក់។ ធ្វើអីធ្វើបាន ប៉ុន្តែនៅពេលដែលអ្នកឯងប្រមាថប្រពន្ធរបស់ខ្ញុំ ប្រមាថកូនរបស់ខ្ញុំ ខ្ញុំមិនអាចទ្រាំបានទេ ក្នុងឋានៈជាប្តីដែលមានកិត្តិយស ត្រូវរក្សាកិត្តិយសរបស់ប្រពន្ធខ្លួនដែរ ត្រូវរក្សាកិត្តិយសរបស់កូនរបស់ខ្លួនដែរ …។

អត្ថន័យ ២ នៃការទៅបោះឆ្នោត

អញ្ចឹង ខ្ញុំសូមបញ្ជាក់ឡើងវិញ អត្ថន័យនៃការបោះឆ្នោតលើកនេះ មានច្រើនចំណុចបន្តទៅទៀត ក៏ប៉ុន្តែ ជាបឋមខ្ញុំសូមវាយតម្លៃថា៖ ទី ១ ប្រជាជនបានចូលរួមដំណើរការប្រជាធិបតេយ្យដែលមានចំនួនច្រើនលើសលប់ រហូតទៅដល់ជាង ៨២%។ អ្នកបោះឆ្នោតគឺជាអ្នកគាំទ្រដំណើរការប្រជាធិបតេយ្យ តែខ្ញុំនៅតែបន្តអំពាវនាវ សុំកុំឲ្យមានការរើសអើងរវាងអ្នកបានទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត ១៨% សុំកុំចោទ ៨២% ថាជាអ្នកបំផ្លាញប្រជាធិបតេយ្យ ឬក៏ជាអាយ៉ងរបស់បរទេស ដែលភាគច្រើនគេហៅថា ជាអាយ៉ងវៀតណាមនោះ។ ឯអ្នក ៨២% ក៏មិនត្រូវនិយាយទៅអ្នក ១៨% ថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យដែរ។ សុំកុំឲ្យមានការរើសអើងនៅតាមមូលដ្ឋាន។ ន័យទី ១ និយាយរួមប្រជាជនបានចូលរួមដំណើរការប្រជាធិបតេយ្យយ៉ាងធំ នៅក្នុងប្រវត្តិនៃការបោះឆ្នោតរបស់យើង។

ទី ២ ប្រជាពលរដ្ឋបានចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍតាមរយៈនៃការបោះឆ្នោតជូនគណបក្សប្រជាជន ឲ្យក្លាយទៅជាគណបក្សបន្តការដឹកនាំប្រទេសបន្តទៅទៀត ដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះប្រជាជននៅក្នុងក្របខណ្ឌទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក អរគុណចំពោះកម្មករ និងកម្មការិនីទាំងអស់។ នេះជាអ្វីដែលខ្ញុំចង់និយាយដំបូងគេទៅកាន់ប្រជាពលរដ្ឋរបស់យើង តែខ្ញុំក៏សុំយកឱកាសនេះ ថ្លែងអំណរគុណសាជាថ្មីម្តងទៀត ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលស្ថិតនៅក្នុងគណៈកម្មាធិការឯកភាពសម្រាប់ការពារសន្តិសុខទៅលើការបោះឆ្នោត ដែលរៀបចំចាត់ចែងសម្រួលក្នុងទំនាក់ទំនង ដើម្បីឲ្យបណ្តាបក្សនយោបាយអាចធ្វើសកម្មភាពបាននៅក្នុងដំណាក់កាលនៃការបោះឆ្នោត (ដែល)មិនមានមនុស្សស្លាប់ ឬរបួសនៅក្នុងពេលយុទ្ធនាការ ក៏ដូចជាពេលបោះឆ្នោត និងក្រោយការបោះឆ្នោតនោះទេ។ គ្មានអំពើហឹង្សាណាមួយកើតក្នុងប្រទេសរបស់យើងទេ។

កោតសរសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោះស្រាយបញ្ហាគ្រោះទឹកជំនន់ ក្នុងរយៈពេលយុទ្ធនាការបោះឆ្នោត

ម្ខាងទៀត ខ្ញុំក៏សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានដោះស្រាយគ្រប់បញ្ហាគ្រោះទឹកជំនន់ ក្នុងរយៈពេលនៃយុទ្ធនាការបោះឆ្នោត។ ពិតមែនហើយក្នុងយុទ្ធនាការបោះឆ្នោត សូម្បីតែជំនួយកាកបាទក្រហមបានបញ្ជូនទៅដល់ហើយ ក៏មិនអាចចែកជូនបានដែរ។ ឥឡូវ ទើបចែកបាននៅស្ទឹងត្រែង​។ បានបញ្ជូនជំនួយទៅដល់ ប៉ុន្តែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអនុញ្ញាតឲ្យចែកជំនួយនោះទេ តែប្រជាពលរដ្ឋរបស់យើង អាជ្ញាធររបស់យើងបានជម្លៀសប្រជាជនមកកាន់ទីទួលសុវត្ថិភាព ទាំងនៅខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ នៅក្រុងភ្នំពេញ ខេត្តកណ្តាល ខេត្តស្ទឹងត្រែងនៅជិតព្រំដែនឡាវ នៅស្រុកសៀមប៉ាងបានធ្វើកិច្ចការដ៏ល្អ។ ឥឡូវនេះ សូមបន្តអំពាវនាវផ្នែកខាងណេះគឺបានដោះស្រាយហើយ តែខាងទន្លេមេគង្គ ទោះបីឥឡូវនេះ ទឹកចាប់ស្រកនៅខេត្តស្ទឹងត្រែង តែជំនន់ធ្លាក់ចុះ មិនទាន់អស់នៅឡើយទេ វាក៏នឹងមករាលដាលដល់ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងនៅតំបន់មួយចំនួនទៀតដែលទាមទារឲ្យមានការបន្តការយកចិត្តទុកដាក់។

ខួបគម្រប់មួយឆ្នាំ នៃការចុះជួបសំណេះសំណាលជាមួយកម្មករ

ឥឡូវនេះ ខ្ញុំវិលមកនិយាយជាមួយនឹងបញ្ហាដែលទាក់ទងជាមួយនឹងកម្មករម្តង។ អម្បាញ់មិញ វាជាសារនយោ​បាយមួយរបស់ខ្ញុំបន្ទាប់ពីការបោះឆ្នោត ប៉ុន្តែ ឥឡូវខ្ញុំមកនិយាយទាក់ទងជាមួយនឹងកម្មករ និយាយពីបញ្ហាទាក់​ទិនជាមួយនឹងរឿងយើងដែលធ្លាប់បានធ្វើ គិតមកដល់ពេលនេះ នៅសល់តែ ២ អាទិត្យទៀតទេ យើងនឹងគ្រប់មួយឆ្នាំគត់ នៃការចាប់ផ្តើមរបស់យើងនៅក្នុងការចុះជួបកម្មកររយៈពេលមួយឆ្នាំ ដែលចាប់ផ្តើមពីអាទិត្យ ទី ៣ នៃខែសីហា ឥឡូវយើងអាទិត្យទី ១ នៃខែសីហា។ ២ អាទិត្យទៀតគ្រប់មួយឆ្នាំហើយនៃការចុះជួបកម្មករ​… មកដល់ពេលនេះគឺការចុះជួប​បានជាង ៧០ ម៉ឺននាក់ តែត្រូវបានអាក់ខាននៅក្នុងរយៈពេល ៣ សប្ដាហ៍ នៃការឃោសនាបោះឆ្នោត។ ឥឡូវនេះ មានការហាមឃាត់ក្នុងចំណុចនិយាយទាក់​ទិនជាមួយនឹងលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែគឺចំណុចដទៃទៀត គឺមិនមានការហាមឃាត់នោះទេ ដែលត្រូវនិយាយ​។ ពូនឹងបន្តអាទិត្យនេះនៅថ្ងៃព្រហស្បតិ៍្ត តែអាទិត្យក្រោយនៅថ្ងៃពុធ តែមានថ្ងៃខ្លះទៅដល់អាទិត្យ។ ម្សិលមិញឲ្យប្ដូរថ្ងៃដោយសារមានគណៈប្រតិភូមួយមក ដូចជាអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស សុំជួបខ្ញុំនៅព្រឹកថ្ងៃទី ២២ … អញ្ចឹងកម្មវិធីជួបកម្មករត្រូវលើកទៅថ្ងៃ ២៣ ថ្ងៃព្រហស្បតិ៍។ អញ្ចឹងទេ ការជួបនឹងបន្តតទៅទៀត ហើយជួបវិលជុំ។ បន្ទាប់ពីការជួបរួមហើយ នៅបន្តជួបនៅតាមរោងចក្រ …។

មិនគិតថ្លៃការប្រើមធ្យាបាយដឹកជញ្ជូនផ្លូវទឹកឫស្សីកែវ/តាខ្មៅ និងផ្លូវដែកភ្នំពេញ/ប៉ោយប៉ែត ដល់ដាច់ ២០១៨

… យើងមានកិច្ចការច្រើនណាស់ដូចដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អំប្បាញ់មិញ ដែលខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់។ ម្សិលមិញបានពិនិត្យឡើងវិញ ព្រោះជាធម្មតាពូមិនមានឯកសារអីច្រើន គឺវាយចូល​ Note នៅក្នុងនេះហើយត្រូវ Update ឡើងវិញ។ គ្រាន់តែបញ្ជាក់អំពីចំណុចដែលនឹងត្រូវទទួលបាន ត្រូវតាមដាន និងបន្តការងារ ដែលយើងបានដាក់ចេញរួចមក ហើយបាន និងកំពុងអនុវត្ត។ ប៉ុន្តែមុននឹងដល់បញ្ហានេះ ក៏សូមប្រកាសជូនប្រជាជននៅទូទាំងប្រទេសឲ្យបានជ្រាបថា ម្សិលមិញនេះ ខ្ញុំបានទៅសម្ពោធជាផ្លូវការការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបញ្ចៀសនូវការស្ទះចរាចរណ៍ គឺការធ្វើដំណើរពីឫស្សីកែវទៅដល់តាខ្មៅ។ មុននេះគ្រោងចាប់ផ្តើមយកប្រាក់ពីថ្ងៃទី ១ (សីហា)ម្សិលមិញ ប៉ុន្តែឥឡូវនេះ (ទី ១) សូមប្រកាសជូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ រស់នៅខេត្តកណ្ដាល ឬអ្នកដែលត្រូវធ្វើដំណើរតាមទន្លេឲ្យបានជ្រាបថា ខ្ញុំ​បានសម្រេចឲ្យបន្តមិនយកប្រាក់ ពីពេលនេះរហូតដល់ដាច់ឆ្នាំ ២០១៨ តែម្ដង។ អញ្ចឹងដោយសារតែក្រសួងសាធារណការបានផ្ដល់អាហ្នឹងមកឲ្យគ្រប់គ្រងខាងផ្នែកដឹកជញ្ជូនរបស់សាលាក្រុងភ្នំពេញហើយ ត្រៀមប្រាក់ខាតប្រាក់អីទៅ។ ម្សិលមិញ បើសិនជាធ្វើដំណើរតាមឡាន ត្រូវការពេល ១ ម៉ោងប្លាយ … តែយើងជិះនាវាដឹកអ្នកដំណើរតែ ៤៥ នាទីតើ។ ដូច្នេះវាអត់ជាប់ឡានអាហ្នឹងទី ១។ ទី២ យើងបានតផ្លូវរថភ្លើងពីប៉ោយប៉ែត មកដល់ទីក្រុងភ្នំពេញ ពីភ្នំពេញទៅប៉ោយប៉ែត ក៏សូមប្រកាសជូនប្រជាពលរដ្ឋរបស់យើងផងដែរថា ការជិះរថភ្លើងរវាងភ្នំពេញ-កំពង់ឆ្នាំង កំពង់ឆ្នាំង-ពោធិ៍សាត់ ពោធិ៍សាត់-បាត់ដំបង បាត់ដំបង-ស៊ីសុផុន ស៊ីសុផុន-ប៉ោយប៉ែត ជិះរហូត ឬតាមដំណាក់ អត់យកលុយទេ រហូតដល់ដាច់ឆ្នាំ ២០១៨ ដែរ។

ពេលភ្ជុំបិណ្ឌ រថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុ កុំយកលុយ ៤ ថ្ងៃ, ដាក់រថយន្តក្រុងតាមផ្លូវជាតិ

ក្មួយៗជាកម្មករ/ការិនី នៅពេលភ្ជុំបិណ្ឌខាងមុខ ទៅភ្ជុំ កុំភ្លេចជិះរទេះភ្លើងក្មួយៗ។ ខ្ញុំនឹងចរចាជាមួយលោកឧកញ៉ា គិត ម៉េង ឲ្យគាត់កុំយកលុយក្នុងរយៈពេលភ្ជុំបិណ្ឌ លើផ្លូវដែកមួយខ្សែពីភ្នំពេញទៅក្រុងព្រះសីហនុ … ខ្ញុំនឹងស្នើគាត់យ៉ាងហោចណាស់ ៤ ថ្ងៃ។ ខាង(ភ្នំពេញ/ប៉ោយប៉ែត)នោះ ដឹងតែអត់មានយកលុយហើយ … ពេលហ្នឹង សុំគាត់កុំយកលុយ ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងធ្វើដំណើរតាមរថភ្លើង។ ក្រៅពីនេះសាលាក្រុងត្រូវត្រៀមរថយន្ត ដើម្បីដាក់រថយន្តទៅតាមផ្លូវជាតិនានា​ ទប់ទល់កុំឲ្យម្ចាស់រថយន្ត(ឈ្នួល)បន្តដំឡើងថ្លៃ ដូច​ដែលយើងធ្វើកាលពីពេលចូលឆ្នាំអញ្ចឹង … ដើម្បីសម្រាលបន្ទុកកម្មករ/ការិនី និងបងប្អូនដែលមករស់នៅទីក្រុងភ្នំពេញ ធ្វើដំណើរទៅតាមខេត្តងាយស្រួលជាង។ នេះគឺជាការបង្កើនការយកចិត្តទុកដាក់ ផ្ដល់ការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់កម្មករ ទៅលើការកាត់បន្ថយការចំណាយរបស់កម្មករ/ការិនី ​ … ខ្ញុំគិតថា ផ្លូវរថភ្លើងនេះ ចូលឆ្នាំត្រូវកាដូជូនគាត់ម្ដង ឡានក៏ត្រូវដាក់ឲ្យគាត់ ហើយពេលភ្ជុំម្ដងទៀត ទាំងផ្លូវដែកក៏មិនយកលុយ​។ ឆ្នាំនេះអត់យកទេពេលភ្ជុំ ប៉ុន្តែដល់ឆ្នាំក្រោយ រៀងរាល់ពេលចូលឆ្នាំ រៀងរាល់ពេលភ្ជុំបិណ្ឌ រាជរដ្ឋាភិបាលត្រូវចរចាជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីយើងអាចជួយបង់ថ្លៃខាតឲ្យពួកគាត់ខ្លះ …។

អរគុណម្ចាស់រោងចក្រ/ក្រុមហ៊ុន/ភោជនីយដ្ឋាន ឲ្យកម្មករ/ការិនីបានឈប់ដើម្បីទៅបោះឆ្នោត

យកឱកាសនេះ អរគុណចំពោះម្ចាស់រោងចក្រទាំងអស់ ម្ចាស់ក្រុមហ៊ុន ម្ចាស់ភោជនីយដ្ឋានដែលបានឲ្យកម្មករ/ការិនីរបស់ខ្លួន ខ្លះបានសម្រាក ១ ថ្ងៃ ខ្លះបានសម្រាក ២ ថ្ងៃ ខ្លះបានសម្រាក ៣ ថ្ងៃ ១ ថ្ងៃយ៉ាងតិច(ទៅបោះឆ្នោត)។ ភោជនីយដ្ឋានខ្លះអត់មានបើកទេ ព្រោះអត់មានចុងភៅអី អត់មានអ្នកបម្រើអី ព្រោះទៅអស់ហើយ ត្រូវអរគុណចំពោះគាត់ដែរ អរគុណចំពោះអ្នកទាំងអស់បានផ្ដល់ឱកាសអោយបុគ្គលិករបស់ខ្លួនបានឈប់សម្រាកទៅធ្វើការបោះឆ្នោត។ បន្ថែមលើនោះ ថ្ងៃមុននោះ ពេលបិទយុទ្ធនាការបោះឆ្នោត​ភ្លាម មកដល់ផ្ទះភ្លាមបើកមើល WhatsApp, Telegram, Line ដែលគេបញ្ជូនមក សល់ពេលបន្តិចបើកទៅ Facebook ចេញlive ពីរោងចក្រក្វាងទុង live ផ្ទាល់មកតែម្ដង កំពុងធ្វើកូដកម្មមិនដឹងរឿងអី។ គេបង្ហោះលេខទូរស័ព្ទមក។ យើងក៏ទាក់ទងទៅលេខទូរស័ព្ទហ្នឹងតែម្ដង ថាតើរឿងស្អីក្មួយ? សួរថាពូឯងជានរណា? ថាពូ ហ៊ុន សែន … បាននិយាយរឿងទៅដឹងរឿង ប្រាប់ទៅ អ៊ិត សំហេង ឲ្យចុះទៅ។ ប៉ុន្តែក៏បានសួរក្មួយហ្នឹង ថាក្មួយតើគេបានបើកប្រាក់ខែឲ្យទេ ឬក៏បុរេប្រទានឲ្យទេ? ថាខ្ញុំជាអ្នកស៊ីប្រាក់ខែប្រចាំខែ ដូច្នេះគេបើកឲ្យមុនដាច់ខែរួចហើយ ប៉ុន្តែអ្នកដែលកាត់ដេរ គឺគេបុរេប្រទានឲ្យ ៥០% … អញ្ចឹងក៏សូមអរគុណចំពោះរោងចក្រនានាដែលបានបុរេប្រ​ទានប្រាក់ ឬបើកប្រាក់បៀវត្សឲ្យកម្មករ/ការិនីរបស់យើង ដើម្បីបានប្រាក់មុនធ្វើដំណើរទៅកាន់ភូមិស្ថាន ដើម្បីទៅចូលរួមការបោះឆ្នោត។

មិនមែនអោយតែត្រកូល ហ៊ុន សុទ្ធតែធ្វើធំទេ

មិញក៏បានជួបសាច់ញាតិ ដែលមកពីស្រុកដែលមកធ្វើការនៅទីនេះដែរ។ អាហ្នឹងបើគិតទៅ ជីតារបស់វាជាជី​ទួតមួយរបស់ខ្ញុំ។ សូម្បីតែគ្រួសារសាច់ញាតិរបស់លោក ហ៊ុន សែន ក៏មិនមែនអ្នកណាសុទ្ធ​តែ​ធ្វើធំទាំងអស់ទេ។ មានធ្វើកម្មករ។ រហូតដល់ជីដូនមួយថ្ងៃមុន ទៅជួបនៅស្ទឹងមានជ័យ។ មិនមែនបានសេចក្ដីថា ឲ្យតែពូជត្រកូល ហ៊ុន ហើយ សុទ្ធតែធ្វើអ្នកធំ។ មិនមែនអញ្ចឹងទេ។ យើងត្រូវតែងតាំងទៅតាមសមត្ថភាព ទៅតាមលទ្ធភាពរបស់គេ មិនអាចចេះតែរើសមកដាក់នោះទេ … អរគុណណាស់រោងចក្របានផ្ដល់ពេលវេលាឈប់សម្រាក នឹងបានបើកប្រាក់បៀវត្ស ឬក៏បុរេប្រទានភាគច្រើន។ នេះគឺចំណុចដែលយើងត្រូវមើលឃើញថា យើងបានដោះស្រាយច្រើនហើយ ក៏ប៉ុន្តែនៅមានបញ្ហាចោទឡើងខ្លះៗ។ ជួនកាលកើតឡើង សួរទៅហ្នឹង ក្រែងរឿងហ្នឹងវារឿងរ៉ាំរ៉ៃយូរហើយ។ សួរថា រឿងហ្នឹងកើតឡើងយូរនៅ? ថាអត់ទេ លោកពូទើបកើតពីម្សិល។ ស្រាប់តែគេប្រកាសពីម្សិលអញ្ចឹងទៅ ពួកខ្ញុំអត់មិនបាន សួរទៅគេឆ្លើយមិនរួច ពួកខ្ញុំធ្វើកូដកម្មដើម្បីទាមទារឲ្យពួកគេឆ្លើយ ដើម្បីឲ្យក្រសួងការងារមកដោះស្រាយ។ តែ ២ ថ្ងៃទេ អញ្ចឹងកម្មករគេមិនសុខចិត្តគេធ្វើកូដកម្ម។ ថ្ងៃទី ២៧ ហ្នឹងតែម្ដង ថ្ងៃបិទយុទ្ធនាការបោះឆ្នោត។

អនុសាសន៍ ៩ ចំណុច បន្តពិនិត្យ និងដោះស្រាយដល់កម្មករ

ឥឡូវដល់ពេលដែលយើងត្រូវនិយាយអំពីបញ្ហា។ ទី ១ ខែនេះជាខែត្រូវចាប់ផ្ដើមចរចាប្រាក់ខែអប្បបរមាហើយក្មួយ យើងទើបនឹងនិយាយរួចប៉ុន្មានខែសោះ អំពីប្រាក់បៀវត្សឡើងពី ១៥៣ ដុល្លារ មក ១៧០ ដុល្លារ។ ឥឡូវ ដល់ពេលដែលត្រូវចាប់ផ្ដើមត្រូវចរចាដោយយន្តការត្រីភាគី ដើម្បីអនុវត្តសម្រាប់បៀវត្សអប្បបរមាឆ្នាំ ២០១៩។ រោងចក្រមួយ ខ្ញុំភ្ញាក់ផ្អើលដែរ ទៅដល់សួរក្មួយ ៗ ប្រាក់ខែប៉ុន្មាន? ប្រាក់ខែ ១៨០ ដុល្លារ។ បានសេចក្ដីថា គេឲ្យប្រាក់ខែលើសពីចំនួនប្រាក់ខែគោល ដែលមានការឯកភាពគ្នា។ អញ្ចឹងទេ សូមបញ្ជាក់ចំពោះក្មួយៗ នៅឆ្នាំនេះ ប្រាក់ខែអប្បបរមា អ្នកណាឲ្យ ១៧០ ដុល្លារ គឺត្រូវច្បាប់។ ឲ្យក្រោម ១៧០ ដុល្លារ គឺខុសច្បាប់។ ឲ្យលើស ១៧០ ដុល្លារ ត្រូវច្បាប់ទាំងអស់។​ អញ្ចឹង ១៧០ ដុល្លារក្នុងមួយខែនេះ គ្រាន់តែជាគោល បើអ្នកឯងឲ្យទាបជាង គឺខុស ប៉ុន្តែបើឲ្យលើស គឺត្រូវច្បាប់ទាំងអស់ហ្នឹង ហើយអបអរសាទរ។

ទន្ទឹមនឹងនោះ ត្រូវត្រៀមលក្ខណ

សម្បត្តិឲ្យបានគ្រប់គ្រាន់ ទៅលើការបើកផ្ដល់បៀវត្សក្នុងរយៈពេល ២ សប្ដាហ៍ម្ដង។ រោងចក្រមួយចំនួនបានអនុវត្តរួចហើយ នូវការបើកបៀវត្សរ៍ ២ អាទិត្យម្ដង។ ឥឡូវនេះ ចាប់ពីខែមករា ឆ្នាំ ២០១៩ តទៅ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ (បានទទួល)ដូចជាកម្មករនៅក្នុងវិស័យឯកជន ត្រូវបើកបៀវត្សរ៍ ២ អាទិត្យម្ដង។ ពិតហើយ ខ្ញុំបានទទួល WhatsApp ពីឯកឧត្តម អៀង ម៉ាលី ថា កម្មករចង់បើកប្រាក់ខែមួយខែម្ដង ព្រោះបើក ២ អាទិត្យម្ដង យកទៅចាយអស់ អត់មានលុយដោះបំណុលគេ។ អញ្ចឹងបានខ្ញុំវាយត្រឡប់ទៅវិញថា ដល់កម្រិតមិនចេះទុកដាក់លុយហើយ ចប់ហើយ។ ខ្ញុំប្រកាសនៅក្នុងយុទ្ធនាការ(ឃោសនាបោះឆ្នោត)ពីការបើកប្រាក់ខែមួយខែម្ដង មកកាន់ការបើកប្រាក់ប្រចាំសប្ដាហ៍ គឺជាជោគជ័យនៃដំណើរការការកែទម្រង់បៀវត្សរ៍។ ស្រាប់តែចង់វិលទៅខែមួយម្ដងវិញ។ ដាក់ក្នុងកូនជ្រូកទៅ បើខ្លាចចាយអស់។ តែយ៉ាងណា យើងស្ដាប់​។

ឥឡូវរវាងអ្នកបើកមួយខែម្ដង ដែលពីមុន យើងអត់សាច់ប្រាក់ យើងបើករហូតដល់ ៣ ខែម្ដង ២ ខែម្ដង ឬក៏មួយខែកន្លះម្ដង។ ឥឡូវ យើងបើកនៅសប្ដាហ៍ទីបី។ យើងមិនចង់ធ្វើដូច្នេះទៀតទេ យើងចង់ថា ថ្ងៃទី ១៤ ឬ ១៥ យើងបើកប្រាក់ខែម្ដង។ ថ្ងៃទី ២៩ ឬ ៣០ ឬ ៣១ បើកម្ដងទៀតទៅ។ អញ្ចឹងបើកពីរដងក្នុងមួយខែ។ ប្រ​ទេសដែលមានការជឿនលឿន ហើយមានសាច់ប្រាក់គ្រប់គ្រាន់ក្នុងការបើក គេក៏បើកយ៉ាងដូច្នេះ។ នេះជារបៀបដោះស្រាយមួយ ក្នុងចំណោមបញ្ហាដទៃទៀត ដើម្បីសម្រួល(សេចក្តីត្រូវការ)ឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអ្នកធ្វើការទាំងឡាយនៅក្នុងវិស័យឯកជន។ អញ្ចឹងទេ សូមត្រៀមលក្ខណសម្បត្តិនៅគ្រប់បណ្ដាក្រុមហ៊ុននៅក្នុងវិស័យឯកជន។ ឯផ្នែករដ្ឋ បានត្រៀមបម្រុងរួចហើយ។ ​មិនមានអ្វីជាការលំបាកទេ ព្រោះយើងបើកតាមធនាគារ …។

ទី ២ យើងត្រូវបន្ដពិនិត្យឲ្យបានដិតដល់ នូវការពិនិត្យព្យាបាលដោយមិនបង់ថ្លៃ។  សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានខិតខំទាក់ទងជាមួយនឹងការពិនិត្យព្យាបាលដោយមិនបង់ថ្លៃ។ យើងត្រូវបន្តខិតខំរឿងនេះ មិនអាចធ្វើមួយឆាវទេ ត្រូវធ្វើរៀងរហូត ព្រោះមានអ្នកខ្លះគេថា យើងធ្វើត្រឹមតែមុនបោះឆ្នោតទេ បោះឆ្នោតរួចហើយ គឺឈប់ហើយ​។ អត់ទេ ធ្វើរហូត រហូតដល់ពូឈប់ធ្វើនាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តីផ្សេង (គេមិនធ្វើ)​អាហ្នឹង រឿងរបស់គេទេ មិនមែនរឿងរបស់ពូទៀតទេ។

ទី ៣ ត្រូវតាមដានពិនិត្យឲ្យបានដិតដល់សម្រាប់កម្មការិនីឆ្លងទន្លេ ដែលត្រូវបានឈប់សម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្ស ១២០%។  ក្មួយៗ ឥឡូវចាប់ផ្ដើមបង្កើនសកម្មភាព៖ ទីមួយ សកម្មភាព(រៀប)ការ។ ទីពីរ សកម្មភាពយកកូន។ បានប្រាក់ហើយ បានសម្រាក ៣ ខែហើយ បានបៀវត្សរ៍រហូតដល់ ១២០% … មានប្រ​ទេសមិនច្រើនទេ អនុវត្តនូវគោលនយោបាយគាំពារសង្គមបែបកម្ពុជា។ អញ្ចឹង ត្រូវតាមដានពិនិត្យឲ្យបានដិតដល់ទៅលើបញ្ហានេះ។

ថ្ងៃមុន មានកម្មការិនីម្នាក់ ឆ្លងទន្លេនៅផ្ទះឈ្នួលមួយ នៅខាងស្ទឹងមានជ័យ នៅផ្លូវវេងស្រេង ដែលផ្ទះឈ្នួលនោះ គឺជាកូនធម៌​ដែលខ្ញុំឲ្យលុយទ សម្រាប់ធ្វើផ្ទះ។ ឯគ្នាប្រឹងប្រែងធ្វើផ្ទះ ក៏ច្នៃបានជាបន្ទប់ជួលមួយចំនួន។ ក្នុងពេលកន្លងទៅនេះ ក៏បានឲ្យកម្មការិនីសម្រាកដោយមិនយកប្រាក់រយៈពេលមួយខែ ប៉ុន្តែដល់ពេលកម្មការិនីម្នាក់គាត់ឆ្លងទន្លេ ក៏បញ្ជូនសារ(មកខ្ញុំ)ថា លោកពុក ឥឡូវមានកម្មការិនីម្នាក់បានឆ្លងទន្លេ ប៉ុន្តែ ពេលលោកពុកចូលមកជួបហ្នឹង គាត់អត់ទាន់មានផ្ទៃពោះធំ។ គាត់អត់បានជំនួយឧបត្ថម្ភនឹងគេ។ ខ្ញុំក៏ផ្ញើតាមវីង ១.០០០ ដុល្លារឲ្យទៅ។ មិនបានជួបផ្ទាល់ទេ ប៉ុន្តែបានជូនទៅតាមកូនធម៌មួយនេះ។

ទី ៤ ត្រូវតាមដានកម្មវិធីផ្ដល់សាច់ប្រាក់សម្រាប់កម្មការិនីឆ្លងទន្លេ បើកដោយបេឡាជាតិសន្ដិសុខសង្គម។ អម្បាញ់មិញនេះ ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ថា អ្នកឆ្លងទន្លេបានកើត ៣ ម៉ឺន ៣ ពាន់នាក់ជាងទេ ប៉ុន្តែដល់ទៅកូនជិត ៣ ម៉ឺន ៤ ពាន់នាក់ ដោយសារមានភ្លោះ។ ថ្ងៃមុន … ដូចជាកម្មការិនីរបស់យើង កើតបានកូនភ្លោះបី … ដែលថតឃើញមានភ្លោះបី អញ្ចឹងបានបីស្រោមសំបុត្រហើយ បូកជាមួយលុយខ្ញុំ ៥ លានរៀលទៀត ដើម្បីត្រៀម​ការឆ្លងទន្លេរបស់គាត់។ អញ្ចឹងកម្មវិធីផ្ដល់សាច់ប្រាក់របស់យើង ត្រូវតែធានាឲ្យបានច្បាស់។ ឆ្នាំនេះ គ្រោងទុកក្នុងថវិកាជាតិ ១០ លានដុល្លារ មកដល់ពេលនេះ ខែសីហាហើយ ទើបចាយអស់ជាង ៣ លានដុល្លារ។ អញ្ចឹងចាយវាមិនអស់ទេ ប៉ុន្តែទំនោរនេះនឹងចាយអស់នៅឆ្នាំក្រោយ ឬឆ្នាំក្រោយមួយទៀត ដោយសារតែម្នាក់ៗសម្រុកយកកូនហើយ។ សម្រុកទៅក្មួយៗ មិនខុសទេ។ តាមដានឲ្យដិតដល់ ព្រោះថវិកា អត់មានអីដែលហៅថាខ្វះទេ មិនមែនបញ្ហាថវិកាទេ គឺសាច់ប្រាក់តែម្ដង។ សាច់ប្រាក់ត្រូវមាននៅក្នុងបេឡាជាតិសន្ដិសុខសង្គម​ ទាបបំផុត ៧០%។ កាលណាចាយហើយ គឺទំលាក់ថែមៗ ចូលមកក្នុងបេឡាជាតិសន្ដិសុខសង្គម។ ដូច្នេះគ្មានអ្វីដែលហៅថា មិនទទួលបាននោះទេ។

ទី ៥ ត្រូវតាមដានឲ្យបានដិតដល់នូវរបបសន្ដិសុខសង្គម ផ្នែកថែទាំសុខភាព ដែលនិយោជកត្រូវបង់ជំនួស ១០០%  ដែលមុននេះ កម្មករ/ការិនីត្រូវបង់ ៥០% ម្ចាស់រោងចក្របង់ ៥០% ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៨ មក គឺម្ចាស់រោងចក្រត្រូវបង់ជំនួសកម្មករ ១០០% ដែលធ្វើឲ្យកម្មកររបស់យើងទទួលបាននូវប្រាក់ចំណេញ ពី ៨.០០០ ទៅ ១៣.០០០ រៀល ក្នុងមួយខែ។ នេះក៏ជាការបង្កើន ទន្ទឹមនឹងការបង្កើនប្រាក់ចំណូល ក៏យើងរកវិធីកាត់បន្ថយប្រាក់ចំណាយរបស់កម្មករ/ការិនីរបស់យើង។

ទី ៦ ត្រូវត្រួតពិនិត្យជាប្រចាំនូវការអនុវត្តថ្លៃឈ្នួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង។ សូមបញ្ជាក់នៅទីនេះថា ថ្លៃភ្លើងនឹងត្រូវចុះថែមទៀតនៅឆ្នាំ ២០១៩ ដែលនោះនឹងធ្វើឲ្យ ម្ខាងប្រជាពលរដ្ឋនៅទូទាំងប្រទេស ទទួលបាននូវការប្រើប្រាស់ថ្លៃភ្លើងថោកជាងមុន តែម្ខាងទៀត តាមរោងចក្រ សហគ្រាស តាមសណ្ឋាគារ តាមក្រុមហ៊ុននានា នឹងត្រូវបង់ថ្លៃភ្លើងតិចជាងមុន។ ថ្លៃភ្លើងតិចជាងមុននោះហើយ ដែលវានឹងនាំទៅដល់នូវផលចំណេញសម្រាប់រោងចក្រសម្រាប់ក្រុមហ៊ុន ហើយមានមួយផ្នែកត្រូវបែងចែកឲ្យកម្មករ និងបុគ្គលិករបស់ខ្លួន។ នេះជាផលចំណេញសម្រាប់ប្រជាជនទាំងអស់គ្នា មិនគ្រាន់តែការប្រើប្រាស់ទាំងប្រជាជននៅទីក្រុង និងជនបទ ពេលនេះ ដំណាក់កាលដុតចន្លុះ ចង្កៀងប្រេងកាត បានឆ្លងផុតហើយ ឈានដល់ដំណាក់កាលនៃការប្រើអគ្គិសនី។ នៅកន្លែងអគ្គិសនីទៅមិនទាន់ដល់ ដែលយើងត្រូវខិតខំធ្វើឲ្យដល់នៅឆ្នាំ ២០២០ ខាងមុខ​ ឲ្យបានភូមិទាំងអស់ គ្របដណ្ដប់ដោយបណ្ដាញអគ្គិសនី។ យើងត្រូវខិតខំ ប៉ុន្តែតម្លៃត្រូវឲ្យធូរថ្លៃ។ ខ្ញុំបានប្រកាសនូវតម្លៃនេះ នៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតហើយ។ ឆ្នាំ ២០១៨ ២០១៩ និង ២០២០ តែយើងនឹងបន្ដការសិក្សា បញ្ចុះថ្លៃអគ្គិសនីបន្តទៀតនៅពេលខាងមុខ។

ថ្លៃភ្លើងចុះ ថ្លៃទឹកក៏នឹងចុះដែរ។ អម្បាញ់មិញ ខ្ញុំក៏បានប្រាប់ឯកឧត្តម ចម ប្រសិទ្ធ ឲ្យហើយទៅ អនាគតបន្តជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពិនិត្យរៀបចំអំពីការទំលាក់ថ្លៃទឹក ព្រោះអគ្គិសនីចុះ … ខ្ញុំនិយាយថា តម្លៃភ្លើង ជាផ្នែកមួយនៃតម្លៃទឹក។ មិនមែនថ្លៃភ្លើងធ្លាក់ប៉ុនណា ថ្លៃទឹកធ្លាក់ប៉ុណ្ណោះទេ ព្រោះទឹកវាមានត្រូវប្រើជាតិក្លរ ប្រើស្អី។ ពីដើមហ្នឹង គឺរោងចក្រផលិតរបស់យើងគឺប្រើសាជូរ … វាមានកន្លែងខ្លះវាមានជាតិពុលហ្នឹងធ្ងន់ ត្រូវតែចម្រាញ់វាយ៉ាងម៉េច ដើម្បីឲ្យវាទៅជាទឹកស្អាត ដែលប្រជាជនប្រើប្រាស់ធានាសុខភាពរបស់ប្រជាពលរដ្ឋ។ អញ្ចឹងទេ យ៉ាងណាក៏ដោយពេលដែលតម្លៃភ្លើងចុះ តម្លៃទឹកក៏មានចំណែកនៃការចុះថ្លៃតាមទៅជា​មួយដែរ។ ដូច្នេះក្មួយៗជាកម្មករ និងកម្មការិនី ដែលរស់នៅតាមផ្ទះឈ្នួល នឹងទទួលបាននូវផលប្រយោជន៍នៃការចុះថ្លៃភ្លើង និងទទួលបាននូវផលប្រយោជន៍នៃការចុះថ្លៃទឹក បើមិនច្រើនក៏វាបានតិចតួចដែរ។ នេះជាចំ​ណែកដែលត្រូវតាមដានពិនិត្យមើលអំពីបញ្ហានេះ។

ការដាក់ឲ្យអនុវត្តនូវរបបសន្តិសុខសោធន នៅឆ្នាំ ២០១៩

ទី ៧ បន្តខិតខំរៀបចំអនុវត្តរបបសន្តិសុខសោធន ដែលត្រូវដាក់ឲ្យអនុវត្តនៅឆ្នាំ ២០១៩ ខាងមុននេះក្មួយៗនឹងមានប្រាក់ចូលនិវត្តន៍ ដូចមន្ត្រីរាជការស៊ីវិលផងដែរ។ យើងត្រូវធ្វើឲ្យប្រទេសរបស់យើងមានការធានា ចំពោះអនា​គតរបស់កម្មករ បន្ទាប់ពីចាស់ទៅ និងពេលដែលអស់ការងារធ្វើ។ យើងត្រូវធ្វើការងារនេះឲ្យខានតែបាន។ ឆ្នាំ ២០១៩ ត្រូវចាប់ផ្តើមហើយ ដែលកម្មករ/ការិនីនឹងត្រូវទទួលបាននូវប្រាក់ដែលគេហៅថា សោធននិវត្តន៍ ដែលគេនិយមហៅថា ប្រាក់រ៉ឺត្រែត នោះ …។

ដើម្បីទទួលបាននូវប្រាក់ចូលនិវត្តន៍ ត្រូវបំពេញគ្រប់លក្ខខណ្ឌដែលច្បាប់បានកំណត់, រក្សាសៀវភៅការងារ

ប៉ុន្តែសូមផ្តាំក្មួយៗទុកឲ្យហើយ ដើម្បីទទួលបាននូវប្រាក់ចូលនិវត្តន៍ ក្មួយៗត្រូវធ្វើការឲ្យគ្រប់ឆ្នាំ ដែលនឹងត្រូវទទួលបាន។ មិនមែនគ្រាន់តែចូលធ្វើការ ១ ខែ ឬ ២ ខែ ១ ឆ្នាំ ឬ ២ ឆ្នាំ រួចហើយបែរជាមកទារនូវប្រាក់ចូលនិវត្តន៍ទេ​ មន្ត្រីរាជការក៏ដូចគ្នាដែរ ខ្លះសូមចូលនិវត្តន៍មុនការកំណត់ ដូច្នេះបើចូលនិវត្តន៍មុនការកំណត់ តើគេត្រូវទទួលបានបៀវត្សរ៍ប៉ុន្មាន? ឯសម្រាប់កម្មករ/ការិនីរបស់យើងក៏ត្រូវបំពេញនូវលក្ខខណ្ឌ ដែលច្បាប់បានកំ​ណត់។ អញ្ចឹងទេ ត្រូវរក្សាទុកនូវសៀវភៅការងាររបស់ក្មួយៗ​ ដូចឥឡូវក្មួយៗធ្វើការនៅក្នុងរោងចក្រមួយ បានរយៈពេល ៥ ឆ្នាំ ស្រាប់តែរោងចក្រនោះត្រូវបិទ។ អញ្ចឹងក្មួយៗកាន់សៀវភៅការងារហ្នឹង ទៅរោងចក្រមួយផ្សេងទៀត គឺរោងចក្រនោះគេមិនមែនកត់ត្រាពី ១ ថ្ងៃ ឡើងទៅទេ គេកត់ត្រាពី ៥ ឆ្នាំ ១ ថ្ងៃ ឡើងទៅ។ ៥ ឆ្នាំ ក្រោយរោងចក្រនោះត្រូវបិទទៀត ក្មួយទៅរោងចក្រមួយទៀតគេមិនកត់ត្រាពី ១ ថ្ងៃ ទេ គេកត់ត្រាពី ១០ ឆ្នាំ ១ ថ្ងៃ ឡើង​ទៅ។ អញ្ចឹងបូកសរុបទាំងអស់នេះ ទើបបានបំពេញនូវកាតព្វកិច្ចទទួលបាននូវបៀវត្សរ៍ នៅពេលដែលខ្លួនអស់ការងារ អាយុចាស់ទៅ។

ប្រាក់អតីតភាពឲ្យកម្មករ គឺត្រូវទូទាត់ក្នុងរយៈពេល ៦ ខែម្តង

ចំណុចទី ៨ ត្រូវតាមដាននូវករណីដែលរោងចក្រ ម្ចាស់រោងចក្ររត់ចោល រឿងនេះត្រូវបានដោះស្រាយបញ្ចប់ហើយ។ គិតតាំងពី ឆ្នាំ ២០១២ រហូតដល់ឥឡូវ រាជរដ្ឋាភិបាលបានបញ្ចេញប្រាក់ ២២ លានដុល្លារ ដោះស្រាយ ឥឡូវអត់ទាន់សងមកវិញទេ។ វារត់ចោលរោងចក្រ វាជំពាក់កម្មករច្រើន ជំពាក់ខ្លះរហូតទៅដល់រោងចក្រខ្លះលេងដល់ ៣ លានដុល្លារ​ ឬ ៤ លានដុល្លារ ឬ ៥ លានដុល្លារ … រួចទៅដល់ទ្រព្យសម្បត្តិក្នុងរោងចក្របាន ៥០ ម៉ឺនដុល្លារ ដល់អញ្ចឹងសងម៉េចអស់? ប៉ុន្តែ ដើម្បីដោះស្រាយសម្រួលឲ្យកម្មករ/ការិនី យើងបានបញ្ចេញប្រាក់ជាង ២២ លានដុល្លារ ហើយមិនសង្ឃឹមថា យើងទទួលបានមកវិញទេ​ បើទោះបីឥឡូវនេះយើងកំ​ពុងដាក់ពាក្យប្តឹងតាមបណ្តាប្រទេស ឲ្យក្រុមហ៊ុនហ្នឹងសងបំណុលត្រឡប់មកវិញ។ ប៉ុន្តែមានជំនឿតិចណាស់ថានឹងទទួលបាន។ ដូច្នេះហើយបានជាយើងកែច្បាប់ធ្វើវិសោធនកម្មច្បាប់ តម្រូវឲ្យមានការទូទាត់នូវប្រាក់ទាំង​ឡាយឲ្យកម្មកររបស់យើងគឺត្រឹមតែ ៦ ខែ ត្រូវទូទាត់ មិនត្រូវទុកដល់ ៥ ឆ្នាំ ឬ ៦ ឆ្នាំ អញ្ចឹងទេ។ ដូច្នេះ បើសិនជាថៅកែរត់ចោល ក៏មិនមានការជំពាក់កម្មករច្រើនពេកទេ។ អាហ្នឹងគឺជារឿងដែលយើងត្រូវខិតខំ។

បង្កើនការយកចិត្តទុកដាក់ ទៅលើរថយន្តសម្រាប់ដឹកកម្មករ

ចំណុចទី ៩ ជាចំណុចថ្មី តែមិនមែនជាចំណុចចុងក្រោយទេ ជាចំណុចថ្មីដែលអាប់ដេតចូល បង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពនៃការដឹកជញ្ជូនកម្មករ។ នេះជារឿងមួយក្នុងចំណោមរឿង ដែលយើងត្រូវយកចិត្តទុកដាក់នៅគ្រប់ទីកន្លែងទាំងអស់ ព្រោះកន្លងទៅតែងមានឃើញភ្លូកឡាន តែងឃើញមានគ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករ ដូច្នេះសូមអំពាវនាវចំពោះគ្រប់ទីកន្លែងទាំងអស់ ជាពិសេសអ្នកជាម្ចាស់ដែលទទួល ដែលគេហៅថា ម៉ៅការក្នុងការដឹកជញ្ជូនកម្មករដោយរថយន្ត ត្រូវបង្កើនការយកចិត្តទុកដាក់។ ឥឡូវនេះយើងមានការផលិតរថយន្តសម្រាប់ដឹកកម្មករតែម្តង នៅខេត្តស្វាយរៀង។ ម្ចាស់រោងចក្រ ក៏បានបង្កើតធនាគារមួយដែលផ្តល់អាទិភាព ឲ្យអ្នកត្រូវការ​​ខ្ចីប្រាក់ដើម្បីទៅទិញរថយន្តរបស់គាត់ទៅដឹកជញ្ជូនកម្មករ។ បើដូច្នោះវាកាន់តែងាយស្រួលសម្រាប់អ្នកដែលទទួលខុសត្រូវទៅលើការដឹកជញ្ជូនកម្មករ។ ត្រូវខិតខំធានាសុវត្ថិភាពលើបញ្ហានេះ។ ពេលគ្រោះថ្នាក់ម្តងៗ នៅពេលជិះរថយន្តចង្អៀតគ្នាណែន បើកប្រជែងគ្នា ឬរថយន្តខ្វះសុវត្ថិភាពគឺនឹងធ្វើឲ្យប៉ះពាល់ទៅដល់សុខទុក្ខរបស់កម្មករ ធ្វើឲ្យរបួស ឬរហូតទៅដល់ស្លាប់ទៀតផង សម្រាប់កម្មកររបស់យើង។

បន្តការដោះស្រាយលើ បញ្ហាពលករនៅក្រៅប្រទេស

ឯចំណុចចុងក្រោយត្រូវបន្តដោះស្រាយ ពលករដែលកំពុងធ្វើការនៅក្រៅប្រទេស។ យើងបានបញ្ចប់រួចហើយក្មួយៗជាកម្មករ ​បងប្អូនជាកម្មករនៅឯប្រទេសថៃ សូមបងប្អូនកុំយល់ច្រឡំ។ ការយល់ច្រឡំទី ១ គឺបងប្អូនគិតថាបងប្អូនធ្វើចំណាកស្រុក គឺជារឿងមិនត្រឹមត្រូវ។ មិនមែនតែកម្ពុជាទេ ប្រទេសថៃខ្លួនឯងក៏មានអ្នកធ្វើចំណាក​ស្រុក ដែលសព្វថ្ងៃនេះថៃមានពលករច្រើនណាស់ នៅប្រទេសកូរ៉េ ថៃមានពលករច្រើនណាស់នៅកោះតៃវ៉ាន់ ថៃមានពលករច្រើនណាស់នៅបណ្តាប្រទេសមជ្ឈិមបូព៌ា។ គេបញ្ជូនពលកររបស់គេទៅយកប្រាក់ខែ ដែលមានប្រាក់ខែតម្លៃខ្ពស់ តែគេបានបញ្ចូលត្រឡប់មកវិញនូវកម្មករពីប្រទេសកម្ពុជា ពីប្រទេសមីយ៉ាន់ម៉ា និងពីប្រទេសឡាវដើម្បីធ្វើការក្នុងប្រទេសថៃ។ អញ្ចឹងទេ មិនមែនមានតែកម្ពុជាទេ។ ឯនៅប្រទេសហ្វីលីពីនមានកាន់តែច្រើនទៅទៀត រាប់ទាំងនៅកម្ពុជាក៏មានជនជាតិហ្វីលីពីនដល់ទៅម៉ឺននាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសរបស់យើង​។

មួយទៀតក្មួយៗត្រូវដឹងថា រាជរដ្ឋាភិបាលខិតខំខ្លាំងណាស់ ដើម្បីឲ្យប្រទេសថៃផ្តល់ភាពស្របច្បាប់ឲ្យ​ក្មួយៗបានធ្វើការនៅទីនោះ បងប្អូនបានធ្វើការនៅទីនោះ។ ឥឡូវនេះ ពេលយើងបានបញ្ចប់ហើយ។ ក្មួយៗខិតខំធ្វើការក្នុងប្រទេស ដែលកំពុងខ្វះកម្មករ ជាពិសេស នៅក្នុងវិស័យកសិកម្ម។ ដូច្នេះការទៅដោយខុសច្បាប់ យើងខិតខំសម្រួលឲ្យស្របច្បាប់ ប៉ុន្តែឥឡូវរយៈពេលនៃការសម្រួលឲ្យស្របច្បាប់នោះវាបានផុតហើយ។ ដូច្នេះនៅពេលដែលចូលទៅ គឺថៃចាប់បញ្ជូនត្រឡប់មកវិញ។ ត្រង់នេះសូមយោគយល់ ព្រោះថៃក៏មានច្បាប់របស់ថៃ ឯយើងក៏មានច្បាប់របស់យើង។ យើងមិនអាចទៅរំលោភច្បាប់ថៃតាមរយៈមេខ្យល់នាំបងប្អូនទៅកាន់ប្រទេសថៃនោះទេ។ យើងត្រូវបន្តការរកការងារធ្វើនៅឯប្រទេសកូរ៉េ ការរកការងារធ្វើនៅឯប្រទេសជប៉ុន ការរកការងារធ្វើនៅឯមជ្ឈិមបូព៌ា។

ជម្រុញការផលិតអាហារហាឡាល់ នាំចេញទៅប្រទេសឥស្លាម

យើងកំពុងតែទំនាក់ទំនងជាមួយ ប្រទេសអារ៉ាប់មួយចំនួន ដើម្បីបញ្ជូនកម្មកររបស់យើងដែលជាបងប្អូនមូស្លីម ទៅកាន់ប្រទេសអារ៉ាប់ដោយស្របច្បាប់ ដែលមុននេះ ត្រូវបានពួកគេបោក ហើយត្រូវបានឯកឧត្តម អូស្មាន់ ហាសាន់ បានយកក្មួយៗនេះត្រឡប់មកវិញ ដែលខ្លះទៅបាត់ដំណឹង ១០ ឆ្នាំ ហើយ ត្រូវបានយកត្រឡប់មកវិញ​។ ឥឡូវ យើងត្រូវខិតខំរកការងារធ្វើឲ្យបងប្អូននៅទីនោះ បន្ថែមដោយការនាំទំនិញហៅថាម្ហូបហាឡាល់ (Halal) ព្រោះឥស្លាមត្រូវការសម្លេះដោយជនជាតិឥស្លាមខ្លួនឯង។ យើងត្រូវមានផលិតនៅក្នុងប្រទេសរបស់យើង នូវម្ហូបអាហារនេះដូចជា សម្លេះមាន់ ដូចជាគោ ពពែ ដែលត្រូវជាម្ហូបអាហារនេះទៅកាន់បណ្តាប្រទេសអារ៉ាប់។ ទាំងអស់នេះសុទ្ធតែប្រធានបទ ដែលយើងបាននឹងកំពុងធ្វើមិនរង់ចាំបង្កើតរដ្ឋាភិបាលថ្មីទេ ធ្វើក្នុងដំ​ណាក់កាលរដ្ឋាភិបាលចាស់។ រដ្ឋាភិបាលថ្មីក៏ត្រូវបន្តការខិតខំ។

បម្រើ​ប្រជាជនល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងបានផលចំពោះប្រជាជនច្រើនជាងមុន

ខ្ញុំសូមអំពាវនាវចំពោះសមាជិក/ជិកាគណបក្សប្រជាជនទាំងអស់ បន្ទុកយើងកាន់តែធ្ងន់ មួយជាពីរសម្រាប់អា​ណត្តិទី ៦ នេះ។ ត្រូវខិតខំបម្រើប្រជាជនដោយស្មោះត្រង់បំផុត។ ត្រូវធ្វើជាខ្ញុំបម្រើប្រជាជនដោយស្មោះត្រង់បំផុត​។ ប្រជាជនបានផ្តល់ការជឿទុកចិត្តទៅលើគណបក្សប្រជាជន ដូច្នេះមិនត្រូវការរង់ចាំបង្កើតរដ្ឋាភិបាល​ថ្មីទេ។ ចាប់ពីឥឡូវ ត្រូវត្រឡប់ទៅមូលដ្ឋានវិញ បម្រើប្រជាជន ដោះស្រាយបញ្ហាឲ្យប្រជាជន។ នៅក្នុងពេលនេះ នៅតំបន់ខ្លះកំពុងតែលិចលង់ដោយជំនន់ទឹកភ្លៀង ឬដោយជំនន់មេគង្គ។ ប្រជាជនកំពុងត្រូវការសេវាសាធារណៈ​ កំពុងត្រូវការនេះត្រូវការនោះ។ យើងមិនត្រូវអង្គុយគិតថា ឈ្នះហើយជិះសេះលែងដៃ ហើយប្រព្រឹត្តអំពើមិនគប្បីណាមួយចំពោះប្រជាពលរដ្ឋនោះទេ។ ខ្ញុំសូមដាស់តឿនក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជន ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តីក្នុងតំណែង​នៃនីតិកាលទី ៥ ហើយនិងជាអនាគតនាយករដ្ឋមន្រ្តី​ នៃអាណត្តិទី ៦ ខ្ញុំសូមអំពាវនាវ និងធ្វើការដាស់តឿន ហើយក៏ដូចជាការដាក់ចេញនូវបទបញ្ជា ឲ្យមន្រ្តីទាំងអស់ចុះបម្រើ​ប្រជាជន ហើយឲ្យបានល្អជាងមុន ធ្វើឲ្យកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងបានផលចំពោះប្រជាជនច្រើនជាងមុន។ គណបក្សប្រជាជនគ្មានទម្លាប់ចាំពេលបោះឆ្នោតបានចេញមុខទេ។ ដូច្នេះ មានអ្នកខ្លះគេឌឺថា យើងបានឃោសនាមុនពេលបោះឆ្នោត តាមរយៈ​ដូចជាខ្ញុំដើរជួបជាមួយកម្មករ។ តែខ្ញុំសូមប្រាប់ទៅវិញថា តើក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំមានសិទ្ធិធ្វើទេ ជាមួយនឹងការដាស់តឿនបែបនេះ? ខ្ញុំមានសិទ្ធិបម្រើប្រជាជន ខ្ញុំមានសិទ្ធិអំពាវនាវឲ្យប្រជាជនគាំទ្ររាជរដ្ឋាភិបាល ក៏ដូចជាគាំទ្របក្សកាន់អំណាច តើខ្ញុំមានសិទ្ធិធ្វើទេ?

បងប្អូនតាមផ្សារថា “អត់ពួកចង្រៃ រកស៊ីស្រួល”

ឥឡូវមិនមែនជាពេលយុទ្ធនាការទេ។ ក្រោយបោះឆ្នោតហើយ ខ្ញុំមានសិទ្ធិនិយាយទេ? ខ្ញុំពិតជាមានសិទ្ធិ។ សុំយល់ឲ្យច្បាស់ពី ហ៊ុន សែន។ ហ៊ុន សែន មិនដែលខកខាននូវពេលវេលាណាមួយ ហើយចាំដល់ពេលបោះឆ្នោតទេ។ ក្រោយបោះឆ្នោតភ្លាម ហ៊ុន សែន បានវត្តមានភ្លាម។ កាលពីឆ្នាំ ២០១៣ នៅពេលថ្ងៃ ២៨ បោះឆ្នោត ថ្ងៃ ៣០ ខ្ញុំចុះទៅពិនិត្យការដ្ឋានស្ពានអាកាសស្ទឹងមានជ័យ។ ថ្ងៃ ៣១ ខ្ញុំទៅខ្សាច់កណ្តាលដើម្បីដោះស្រាយទឹកឲ្យប្រជាជននៅពេលនោះ។ ពេលនោះ វាខុសគ្នានឹងពេលឥឡូវ។ ពេលនោះ ពេលរាំងស្ងួត ឥឡូវពេលទឹកជំនន់។​ រឿងវាខុសគ្នា។ ប៉ុន្តែ អ្វីដែលខុសធំជាងគេ​ មុនបោះឆ្នោត ដីនៅតែឡើងថ្លៃ ហើយពន្យុះគ្នាទៀតថា ទិញឲ្យហើយទៅ តែមិនទិញទេ ​ក្រោយបោះឆ្នោតឡើងថ្លៃហើយ។ អញ្ចឹងបានជាប្រាក់ចំណូលពន្ធដារនៅក្នុងយុទ្ធនាការបោះឆ្នោត អត់មានការថយចុះអីទាំងអស់ ទាំងក្នុងពេលវេលានៃការបោះឆ្នោត អត់មានការថយចុះទេ ពន្ធដារដែលយើងទទួលបាន។ ចំណុចនេះ ហើយ​បងប្អូននៅតាមផ្សារមួយចំនួនថា អស់ពួកអាចង្រៃហ្នឹងទៅ អញស្រួលរកស៊ី លក់នៅតែដាច់រហូត។ ឥឡូវនេះ គាត់និយាយថា អត់មានចាំបាច់រវល់អី រៀបរើតូបត្រៀមបង្វិចឯណា … គាត់ប្រើពាក្យដល់ប៉ុណ្ណឹង។ នេះភាសាប្រជាពលរដ្ឋទេណា ព្រោះកាលពីមុន​ គាត់វេចបង្វិច ទ្រល់ចុះទ្រល់ឡើងៗ តែឥឡូវស្ងប់ស្ងាត់ហើយ …។

ធ្វើឲ្យរោងចក្រក្លាយជាកន្លែងសុខសាន្ត គ្មានបងធំបងតូច និងក្រុមគ្រឿងញៀន

ប៉ុណ្ណឹងហើយ នៅចាត់ទុកថា ២ លាន ទៅនេះ ១ លានទៅនោះ … សង្ឃឹមថា យើងទាំងអស់គ្នានឹងបន្តការខិត​​ខំតទៅទៀត ហើយសុំអំពាវនាវចំពោះកម្មករ/ការិនីរបស់យើង ជាមួយនឹងម្ចាស់រោងចក្រ ត្រូវខិតខំសាមគ្គីភាពគ្នា អ្វីដែលខ្ញុំបានប្រកាសកន្លងទៅ គឺការធ្វើសុខដុមបនីយកម្មឲ្យក្លាយទៅជារោងចក្រមួយ ជាទីកន្លែងសុខសាន្តមួយ។ យើងបន្តអនុវត្តភូមិឃុំមានសុវត្ថិភាព យើងក៏ចង់បានរោងចក្រមួយ ដែលមានសុវត្ថិភាព មានភាពសុខសាន្ត គ្មានបងតូចបងធំ គ្មានក្រុមគ្រឿងញៀន គ្មានថៅកែជិះជាន់ មើលងាយចំពោះកម្មករ គ្មានកម្មករធ្វើការបះបោរ ដោយរំខាន ដោយបំពានទៅលើច្បាប់ការងារ។ សុំឲ្យភាគីទាំងពីរធ្វើកិច្ចសហការគ្នា ចាត់ទុកថាជាឆ្នាំងបាយរួមរបស់យើងទាំងអស់គ្នា។

ហ៊ុន សែន ជាមនុស្សរបស់សាធារណៈ អោប/ថើបបាន មិនអីទេ

នេះជាអ្វីដែលខ្ញុំនិយាយ ហាក់ដូចជាបានវែងឆ្ងាយបន្តិចហើយ ជិត ២ ម៉ោងហើយ ប៉ុន្តែ យើងបាន​ប្រើពេលប្រ​ហែលជា ៥០ នាទី ពីត្រឹមនោះមកត្រឹមនេះ … ​អ្នកខ្លះក៏បានថើប អ្នកខ្លះក៏បានអោប ឥឡូវខ្ញុំជារបស់សាធារណៈហើយ មិនអីទេ។ សុំប្រាប់ក្មួយ មីងអត់ដែលប្រចណ្ឌអីបន្តិចទេ បើសិនជាមកអញ្ចឹង ទោះបីឃើញបញ្ចាំងតាមទូរទស្សន៍ ឃើញក្មួយៗថើបពូ ក៏មីងអត់ថាអីដែរ ហើយពេលត្រឡប់ទៅផ្ទះវិញ បើទោះមានក្រែមនៅនឹងអាវក៏អត់ថាអីដែរ។ ប៉ុន្តែ ប្រយ័ត្នតែអត់មានកម្មវិធីអញ្ចឹង ស្រាប់តែមានក្រែមជាប់អាវ រឿងហើយ។ ម្ទេសណាមិនហឹរ សួរ ម៉េង កែវពេជ្ជតា ទៅ ឬក៏អ្នកចម្រៀង ដូចជា ឱក សុគន្ធកញ្ញា ច្រៀងបទហ្នឹង … ទាល់តែទៅសួរ យាយ​ ប៉ែន រ៉ន ម្ទេសណាមិនហឹរនោះ​។ តែកុំបារម្ភ ពូចាស់ហើយ។

ក្មួយៗធ្វើកាយវិការដាក់ពូនេះ មិនមែនត្រឹមតែរវាងមេដឹកនាំ ជាមួយនឹងអ្នកដឹកនាំប្រទេសទេ ក៏ប៉ុន្តែ ឥរិយាបទរបស់ក្មួយៗបានបង្ហាញពីទឹកចិត្ត ដែលវាជាទឹកចិត្តនៃទំនាក់ទំនងរវាងឪពុក និងកូន ជីតា និងចៅ ឬឪពុកមា និងក្មួយ ក្នុងរង្វង់ក្រុមគ្រួសារ ព្រោះរយៈពេលជិត ៤០ ឆ្នាំ កន្លងទៅ ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ បាននៅជាមួយពូ តាំងពីដើមរៀងរហូតមក ដែលពូនៅតែបន្តការដឹងគុណគាត់។ គាត់បានអប់រំចំពោះកូនគាត់ អប់រំចៅគាត់ឲ្យបន្តការគាំទ្រគណបក្សប្រជាជន។

ស្ទើរទប់ទឹកភ្នែកមិនបាន ដោយសារឃើញចាស់ៗមួយចំនួនខិតខំទៅបោះឆ្នោត ទាំងឈឺ ទាំងលំបាក

កាន់តែអណោចអធម កាន់តែអរគុណរហូតដល់យើងមិនអាចទប់ទឹកភ្នែកបាន នៅត្រង់ថា ចាស់ៗធ្វើដំណើរទៅកាន់កន្លែងបោះឆ្នោត តែគាត់(នៅតែខំ)ទៅ។ ច្បាស់ណាស់ ភាគច្រើនទៅសំដៅបោះឆ្នោតជូនគណបក្សប្រ​ជាជន។ មានហ្វេសប៊ុកមួយបានផ្សាយ ម្តាយចាស់ចូលពេទ្យនៅកាល់ម៉ែត្រ ទារទៅបោះឆ្នោត កូនត្រូវបំពេញចិត្តម្តាយ ដើម្បីដឹកម្តាយទៅបោះឆ្នោត ហើយត្រឡប់មកធ្វើការវះកាត់វិញនៅពេទ្យកាល់ម៉ែត្រ។ មានរឿងរ៉ាវច្រើនណាស់ … មានលោកយាយម្នាក់គាត់និយាយថា បោះឲ្យពីណា? បោះឲ្យ ហ៊ុន សែន។ ម៉េចបានបោះឲ្យ ហ៊ុន សែន? កាលជំនាន់ អាពត នោះ បានស្បថថា ឲ្យមានអ្នកណាមកជួយ ដឹងគុណបម្រើមួយជីវិត អញ្ចឹងអញមិនភ្លេចគុណ អញទៅបោះ(ឲ្យ)។ គាត់​និយាយអញ្ចឹង។

មិនមែនមានតែចាស់ៗទេ យុវជនភាគច្រើនក៏គាំទ្រគណបក្សប្រជាជន

អញ្ចឹងបានជាមានហ្វេសប៊ុកមួយរបស់ សោ ចាន់ដេត ដែលនៅខាងបាត់ដំបង គេបង្ហោះ ត្រូវបាន Fresh News យកមកផ្សាយបន្ត។ គេគិត អត្រាយុវជនកើតប៉ុណ្ណេះ អ្នកចាស់ៗស្លាប់ទៅប៉ុណ្ណេះ អញ្ចឹង គេគិតថា ឲ្យតែអ្នកចាស់ គឺគាំទ្រគណបក្សប្រជាជនទាំងអស់ បានជាអ្នកវាយបកត្រឡប់ទៅវិញ គេថា នេះជាអំពើអកត្តញ្ញូ លោកឯងបន់ឲ្យតែម៉ែឪខ្លួនឯងងាប់ បន់ឲ្យតែមនុស្សចាស់ងាប់ ព្រោះគេដឹងថា ​មនុស្សចាស់ទាំងឡាយនៅដឹងគុណគណបក្សប្រជាជន ព្រោះគាត់បានរងគ្រោះក្នុងរបប ប៉ុល ពត។ ពួកគាត់បានស្បថស្បែរ បានលើកដៃប្រ​ណម្យទេវតា រកអ្នកណាក៏ដោយឲ្យតែមកជួយ នឹងដឹងគុណអស់មួយជីវិត អញ្ចឹងបានជាពួកបក្សប្រឆាំង គឺមិនចូលចិត្តមនុស្សចាស់ទេ។ ពិតមែនហើយ គេដាក់ចេញនូវគោលនយោបាយសម្រាប់មនុស្សចាស់នូវប្រាក់ប៉ុណ្ណេះប្រាក់ប៉ុណ្ណោះ ក៏ប៉ុន្តែ គេបានដឹងច្បាស់ណាស់ថា ពិបាកកែគំនិតមនុស្សចាស់ … ប៉ុន្តែ មិនស្មានថាអ្នកនយោបាយមួយចំនួន បែរជាលេងថា យុវជនឲ្យ​តែកើតឡើង គឺដឹងតែគាំទ្រគេ។ ក្នុងហ្នឹង ​ហ្វេសប៊ុកមួយដែលធ្វើការឆ្លើយតប បានធ្វើការប្រៀបធៀបថា អ្នកឯងត្រូវយល់ថា ពេលដែលយុវជនកើតឡើង មិនមែនមានតែយុវជនគាំទ្រអ្នកឯងទេ (តែក៏មាន)យុវជនគាំទ្រគណបក្សប្រជាជន។

និយាយលេងរឿង KTV

គេលើកឧទាហរណ៍ ហ៊ុន សែន កាលពីឆ្នាំ ១៩៩៣ បោះឆ្នោតតែ ២ នាក់ទេ ប៉ុន្តែ ដល់ ហ៊ុន សែន នៅពេលនេះ មានអ្នកបោះឆ្នោតរាប់សិបនាក់ឯណោះ ទាំងកូន ទាំងចៅ។ ចៅឆ្នាំនេះ បោះឆ្នោតដែរ ដល់អាយុបោះឆ្នោតហើយ។ ដល់អាណត្តិក្រោយនេះ បោះកាន់តែច្រើន ពេញក្រមុំ/កម្លោះអស់ហើយ។ នៅតែអាល្អិតប៉ុន្មានទេ ចាំមើលបន្តិចទៀត ពិបាកកុងត្រូលវាបន្តិច តែវាខឹងម្តាយវា វារត់ទៅផ្ទះជីតា ដល់ជីតាឃុំគ្រងវាមិនបាន វាទៅខារ៉ាអូខេបាត់ទៅ។ ខ្ញុំទើបនឹងស្គាល់ KTV ទេ … ទៅវាយ(កូនហ្គោល)នៅ Grand Phnom Penh ប្រហែលជា ១ ឆ្នាំទៅចុះ ស្គាល់ KTV។ អត់ដែលស្គាល់ KTV ជាស្អី ព្រោះអញ្ចេះ មាន caddie មួយ។ សួរគាត់ថា ម្តាយធ្វើការអី? ថា គាត់អត់ធ្វើការអីទេ គាត់មើលកូនឲ្យគេ។ មើលកូនឲ្យគេនៅឯណា? អត់ទេ គេយកមកផ្ទះ ចុះត្រូវយកកូនឲ្យគេពេលណា ថាអត់ទេ គេយកមក/យកទៅខ្លួនឯង។ ម៉េចអញ្ចឹង? ពេលណាទៅ? ថាពេលយប់​។ ហ្អាក! ចុះឪពុកម្តាយគេធ្វើការអី? ថា ធ្វើការនៅ KTV។ ដល់អញ្ចឹងស្រែកសួរ ម៉ន ថា KTV ហ្នឹងរបស់អ្នកណា? ស្រាប់ក្មេង caddie ថា KTV ហ្នឹង ខារ៉ាអូខេ ​… ពូមិនសូវពូកែទេ។ គិតថា ថ្ងៃណាមួយ បបួលប្រពន្ធចូល KTV នឹងគេ ប៉ុន្តែ KTV តែពីរនាក់ប្រពន្ធបានហើយ។

អំណោយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ មេឃដូចជាល្អគួរសម។ ក្មួយៗកម្មករ/ការិនី ចំនួន ១៤.៦៩៧ នាក់ មកពី ២៤ រោងចក្រ នៅក្នុងខណ្ឌមានជ័យ ពូមានចំណងដៃតូចតាចទេ ត្រឹម ២ ម៉ឺនរៀល ក្នុងម្នាក់តែប៉ុណ្ណោះជាចំណងដៃ។ សម្រាប់ក្មួយៗមានផ្ទៃពោះ ក្រៅពី ២ ម៉ឺនហ្នឹង ពូនឹងចែកស្រោមសំបុត្រមួយ ដោយមិនប្រកាសថាប៉ុន្មានទេ តែសូមកុំភ្លេចថា អ្នកណាមានកូនភ្លោះប្រាប់ថាមានកូនភ្លោះ ពូនឹងជូន ២ កញ្ចប់តែម្តង។ ចំពោះសិល្បៈ ក៏នៅ ៥ លានរៀលដដែល ហើយកុំភ្លេច ពេជ្ជតា មកថ្ងៃនេះ កុំភ្លេចចម្រៀងប្រចាំត្រកូលរបស់ខ្ញុំ ទៅណាក៏ដោយ «ពាមកោះស្នា វាចាប្រុសស្នេហ៍» អាហ្នឹងធ្វើឲ្យនឹកឃើញរឿងកាលពីតូច ហើយរឿងហ្នឹង វាជារឿងពិតត្រង់ន័យថា ចម្ការដីដុះ កាលប្រុសពីក្មេង អូនធ្លាប់ចូលលេង ជួយកាច់ពោតបង។ នៅនោះវាមានរឿងអញ្ចឹង។ ប្រវត្តិរបស់អ្នកពាមកោះស្នា។ ប៉ុន្តែ ឥឡូវ កន្លែងចម្ការដីដុះនោះវាបាក់(ច្រាំង)ជិតអស់ហើយ បាក់ជិតមកដល់ផ្ទះខ្ញុំកើតទៅទៀត។ សំណាងល្អ មកដល់កន្លែងហ្នឹង វាstopត្រឹមហ្នឹងទៅ កុំអីវាដោយទាំងផ្ទះ ទាំងវត្ត ទាំងស្អីៗ ហើយវត្តបទុមកេសរហ្នឹងបានបាក់ចូលទៅក្នុងទន្លេហើយ​ ប៉ុន្តែមានបទុមកេសរមួយថ្មីដែរ។ អញ្ចឹងទេ អ្នកចម្រៀងថ្ងៃនេះនាំគ្នាលេងមួយអស់ចិត្តទៅ។ ក្មួយៗបើសិនជាចង់មកច្រៀងអបអរសាទរ ជោគជ័យនៃការបោះឆ្នោតរបស់យើង សូមចេញមកមុខ ច្រៀងរាំបណ្តោយទៅ … ហើយចុងបញ្ចប់ហើយ សូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស ក្មួយៗកម្មករ/ការិនីទាំងអស់ សូមប្រកបបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕